- ឯកឧត្តម ឌីមេទ្រី មេដវេឌេវ, ប្រធានគណបក្សរួបរួមរុស្សី និងជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខនៃសហព័ន្ធរុស្ស៊ី,
- ឯកឧត្តមប្រធាន និងតំណាងគណបក្សនៃបណ្តាប្រទេសអាស៊ាន,
- ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!
[ចាប់ផ្ដើមប្រសាសន៍ក្រៅបទអន្តរាគមន៍]
មុននឹងចាប់ផ្ដើមចូលដល់របៀបវារៈ អនុញ្ញាតឱ្យខ្ញុំបាននិយាយបន្តិចថា ថ្ងៃនេះ ពេលនេះខ្ញុំកំពុងជាប់នៅក្នុងចត្តាឡីស័ក ដែលការចាប់ផ្ដើមចត្តាឡីស័កតាំងពីថ្ងៃទី ១៩ រហូតមកដល់ថ្ងៃនេះ មានរយៈពេល ១០ ថ្ងៃរួចមកហើយ នៅសល់តែ ៤ ថ្ងៃទៀតប៉ុណ្ណោះទេ។ ប៉ុន្តែដើម្បីបានជួបជាមួយនឹងជំនួបកំពូលតុមូលរបស់យើង ខ្ញុំបានខិតខំថា ដើម្បីដោះស្រាយជាមួយនឹងវិស័យសុខាភិបាលទាក់ទងនឹងបញ្ហាចត្តាឡីស័ក ដោយក្នុងនោះពុំមានអ្នកអមដំណើរខ្ញុំនៅក្នុងការប្រជុំនេះ ហើយម្យ៉ាងទៀតអ្នកដែលចូលថតនៅនេះសុទ្ធតែបានពាក់នូវឯកសណ្ឋានពេទ្យទាំងអស់ ដើម្បីឱ្យចៀសវាងនូវការថ្លោះធ្លោយណាមួយ ដែលយើងមិនអាចដឹង។ នៅសល់ ៤ ថ្ងៃទៀត ទើបខ្ញុំអាចរួចផុតពីការធ្វើចត្តាឡីស័ក និងត្រូវទៅធ្វើតេស្ដ។ នេះជាដំណាក់កាលកូវីដ–១៩ ដែលវាមិនស្គាល់នាយករដ្ឋមន្រ្តី ឬប្រធានគណបក្សនោះទេ។
ក្នុងពេលនេះដែរ អនុញ្ញាតឱ្យខ្ញុំបានស្វាគមន៍ចំពោះឯកឧត្ដម Manny Pacquiao ដែលជាប្រធានគណបក្សរបស់ហ្វីលីពីន ដែលបានចូលរួមជាមួយយើង។ ឯកឧត្ដមមិនគ្រាន់តែជាអ្នកជោគជ័យក្នុងវិស័យកីឡាទេ ប៉ុន្តែក្នុងឋានៈជាអ្នកជោគជ័យក្នុងវិស័យនយោបាយផងដែរ។
[ចប់ប្រសាសន៍ក្រៅបទអន្តរាគមន៍]
ជាបឋម, ខ្ញុំសូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណបក្សរួបរួមរុស្ស៊ី ដែលបានរៀបចំឡើងនូវសន្និសីទតុមូលនេះ ក្រោមប្រធានបទ «តួនាទី និងការទទួលខុសត្រូវនៃកម្លាំងគណបក្សនយោ បាយរុស្សី និងអាស៊ាន ក្នុងការពង្រឹងនិមាបនកម្មសន្តិសុខ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក»។
ជាការពិត, ការឆ្លងរាលដាលដ៏ធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ បានកើតឡើងក្នុងអំឡុងពេលដ៏លំបាកមួយ ដែលនិន្នាការពហុភាគីនិយមកំពុងតែស្ថិតនៅក្រោមការគំរាមកំហែង ពីសំណាក់ការកើនឡើងនៃនិន្នាការ ឯកតោភាគីនិយម, ប្រជានិយម និងគាំពារនិយម។ ការប្រកួតប្រជែងរវាងប្រទេសមហាអំណាចធំៗ បានធ្វើឱ្យស្ថានភាពនេះកាន់តែមានភាពស្មុគស្មាញ ខណៈពេលដែលស្មារតីល្បែងផលបូកសូន្យនៃសង្រ្គាមត្រជាក់ថ្មីកំពុងលេចឡើង ហើយសណ្តាប់ធ្នាប់ពិភពលោកកំពុងត្រូវបានបែងចែក ដោយសារសង្រ្គាមពាណិជ្ជកម្ម, សង្រ្គាមបច្ចេកវិទ្យា និងសង្គ្រាមដោយតួអង្គតំណាងដ៏ក្តៅគគុកមួយចំនួនទៀត។
ពិភពលោកក៏កំពុងតែជួបប្រទះនូវការប្រកួតប្រជែងដ៏តឹងតែង រវាងប្រព័ន្ធគោលនយោបាយអន្តរ-ជាតិផ្សេងគ្នា ដែលមានភាពដាច់ដោយឡែក រួមជាមួយនឹងការកើនឡើងនូវការប៉ះទង្គិច និងការប្រកួតប្រជែងរវាងគុណតម្លៃ ក្នុងការដឹកនាំពិភពលោក ស្របគ្នាទៅនឹងការប្រឈមមុខផ្នែកយោធា ឬការប្រណាំងប្រជែងអាវុធថ្មីតែម្តង។ និន្នាការដ៏គួរឱ្យព្រួយបារម្ភនេះ នៅមិនទាន់បានរាប់បញ្ចូលនូវទិដ្ឋភាពមនុស្សធម៌ នៃវ៉ាក់-សាំងកូវីដ-១៩ ដែលប្រទេសជាច្រើនកំពុងតែដណ្តើមគ្នា ក្រោមស្លាកស្មារតីជាតិនិយម, គាំពារនិយម និងការរើសអើងរៀងៗខ្លួន បើទោះបីជាការពិតបង្ហាញយ៉ាងច្បាស់ថា ភាគច្រើននៃប្រជាជនគ្រប់រូបនៅលើពិភពលោកត្រូវការវ៉ាក់សាំងនេះបំផុត ដើម្បីសង្រ្គោះអាយុជីវិតរបស់ពួកគេ។
ទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ កំពុងត្រូវបានកំណត់ដោយការបែងចែកភូមិសាស្ត្រនយោបាយ។ ភាពមិនពិតប្រាកដប្រជានៃខ្សែបន្ទាត់ភូមិសាស្ត្រនយោបាយនេះ បានជំរុញឱ្យមានការដាក់គំនាបលើខ្លួនឯង ពីសំណាក់រដ្ឋមួយចំនួន នៅពេលដែលពួកគេព្យាយាមលើកកម្ពស់ការធ្វើពិពិធកម្ម និងកិច្ចសហប្រតិបត្តិការ ពហុទិស។ សម្ពាធនេះបានរារាំងសិទ្ធិក្នុងការសម្រេចចិត្តដោយខ្លួនឯង និងសិទ្ធិក្នុងការជ្រើសរើសផ្លូវឆ្ពោះទៅកាន់ការអភិវឌ្ឍដែលសមស្របនឹងបរិបទនៃប្រទេសទាំងនោះ។
ស្ថិតក្នុងស្ថានការណ៍នេះ, សន្និសីទតុមូលនេះពិតជាត្រូវបានរៀបចំឡើងទាន់ពេលវេលា ក្នុងការបញ្ជ្រាបតួនាទីយ៉ាងសំខាន់របស់គណបក្សនយោបាយ ក្នុងការថែរក្សាសណ្តាប់ធ្នាប់ពិភពលោក ដែលឱ្យតម្លៃទៅលើកិច្ចសហប្រតិបត្តិការ ជៀសជាងការប្រឈមមុខដាក់គ្នា, សាមគ្គីភាពជៀសជាងការបែកបាក់គ្នា និងការអភិវឌ្ឍជៀសជាងការបំផ្លិចបំផ្លាញ។ សន្និសីទតុមូលនេះ ជាវេទិកាដ៏សំខាន់មួយសម្រាប់ឱ្យយើងទាំងអស់គ្នា រួបរួម និងបង្ហាញនូវសារមួយយ៉ាងម៉ឺងម៉ាត់ ក្នុងការទាត់ចោលនូវស្មារតីសង្គ្រាមត្រជាក់ថ្មី និងកិច្ចខំប្រឹងប្រែងក្នុងការបង្កើតលំហសម្រាប់កិច្ចសហប្រតិបត្តិការ ដែលមានវិសាលភាពធំជាងការបែងចែកនៃភូមិសាស្ត្រនយោបាយ។
- ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!
ឆ្នាំនេះ គឺជាឆ្នាំដ៏ពិសេសមួយ ដែលយើងអបអរសាទរខួបលើកទី ២៥ នៃទំនាក់ទំនងសន្ទនាអាស៊ាន-រុស្ស៊ី។ កម្ពុជា ពិតជាមានមោទនភាពចំពោះភាពរឹងមាំ និងវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាង រុស្ស៊ី និងអាស៊ាន។ ជាការពិត, រុស្ស៊ី គឺជាដៃគូដ៏សំខាន់ក្នុងការរក្សាសន្តិភាព, សន្តិសុខ និងស្ថិរភាព ក្នុងតំបន់។ ជាមួយគ្នានេះ, រុស្ស៊ី គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់អាស៊ាន ដែលស្ថិតក្នុងលំដាប់ទី ៨ ។ ចលនាការវិជ្ជមាននៃការធ្វើពាណិជ្ជកម្ម និងវិនិយោគ ត្រូវបានបង្ហាញឱ្យឃើញយ៉ាងជាក់ស្តែងក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាងនេះទៅទៀត, គំនិតផ្តួចផ្តើមជាច្រើនក្នុងផ្នែក ហិរញ្ញវត្ថុ, អប់រំ, ទំនាក់ទំនងធុរកិច្ចនិងធុរកិច្ច និងកម្មវិធីផ្លាស់ប្តូរយុវជន ក៏ត្រូវបានអនុវត្តជាបន្តបន្ទាប់ និងបានផ្តល់តម្លៃបន្ថែម ដល់កិច្ចសហប្រតិបត្តិការរបស់យើង លើការតភ្ជាប់រវាងប្រជាជននិងប្រជាជន។ ឈរលើមូលដ្ឋានដ៏រឹងមាំនៃកិច្ចសហប្រតិបត្តិការនេះ ខ្ញុំសូមស្នើសុំការអនុញ្ញាតចែករំលែកទស្សនៈមួយចំនួនរបស់ខ្ញុំ អំពីវិធីដែលគណបក្សនយោបាយរបស់អាស៊ាន និងរុស្ស៊ី អាចជះឥទ្ធិពលទៅលើនិមាបនកម្មសន្តិសុខ និងកិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក៖
ទីមួយ. យើងត្រូវផ្តោតលើកិច្ចការចំពោះមុខដែលចាំបាច់បំផុត, ពោលគឺការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ យើងត្រូវចាត់ទុកកិច្ចការនេះជាបេសកកម្មរួមរបស់មនុស្សជាតិ ដើម្បីជួយសង្គ្រោះអាយុជីវិតប្រជាជនពីការរាតត្បាតនៃជំងឺដ៏សាហាវនេះ ហើយយើងក៏គួរចៀសវាងនូវរាល់ផលរំខានផ្នែកនយោបាយទាំងឡាយណា ដែលអាចកើតមានឡើង។
ទីពីរ. ក្រោយពេលវិបត្តិជំងឺកូវីដ-១៩, យើងត្រូវរួមគ្នាជំរុញការងើបឡើងវិញប្រកបដោយភាពធន់ទាំងអស់គ្នា។ ខ្ញុំមានសុទិដ្ឋិនិយមខ្ពស់ថា រុស្ស៊ី និងអាស៊ាន អាចរួមគ្នាជាធ្លុងមួយក្នុងការសម្រេចបាននូវគោលបំណង តាមរយៈការជំរុញរំហូរពាណិជ្ជកម្ម, វិនិយោគ និងទេសចរណ៍ រួមទាំងសកម្មភាពផ្សេងៗទៀត។ ទន្ទឹមនេះ, ខ្ញុំសូមគូសបញ្ជាក់អំពីសារៈសំខាន់នៃការចូលរួមរបស់រុស្ស៊ី ជាមួយនឹងអាស៊ាន ជាពិសេសលើការគាំទ្រការអនុវត្តយុទ្ធសាស្ត្រទាំង ៥ នៃ ក្របខ័ណ្ឌការស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន (ASEAN Comprehensive Recovery Framework – ACRF)។
ទីបី. យើងត្រូវពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់យើងឱ្យបានទ្វេដង ក្នុងការលើកកម្ពស់ប្រព័ន្ធអន្តរជាតិមួយ ដែលមានអង្គការសហប្រជាជាតិជាស្នូល (UN-Centered International System) និងការស្ថាបនាឡើងនូវនិមាបនកម្មតំបន់ ដែលមានភាពបើកចំហ, យុត្តិធម៌, ស្ថិរភាព និងភាពអាចប៉ាន់ប្រមាណបាន នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយផ្អែកលើគោលការណ៍នៃការគោរព និងយោគយល់គ្នាទៅវិញទៅមក, ការមិនជ្រៀតជ្រែក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ ក្នុងន័យនេះ, ខ្ញុំសូមបញ្ជាក់ជាថ្មីម្តងទៀតនូវការប្រកាន់ខ្ជាប់ទាំងស្រុងរបស់យើង ចំពោះគោលនយោបាយមជ្ឈភាពអាស៊ាន ដែលជាគោលការណ៍មិនអាចខ្វះបាន ក្នុងការជំរុញទំនាក់ទំនងការទូតពហុភាគីនៅក្នុងតំបន់នេះ។
ទីបួន. យើងត្រូវតែជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងទៅលើកិច្ចការនានា ដែលរួបរួមយើងជាធ្លុងមួយ ហើយចៀសវាងនូវរាល់បញ្ហាណាដែលអាចបំបែកបំបាក់យើង ខណៈពេលយើងត្រូវទទួលស្គាល់អំពីតម្រូវការនៃការរក្សាវេទិកាសន្ទនាដែលបើកចំហ និងសេរី ចំពោះភាពខុសគ្នារបស់យើង។ យើងចាំបាច់ត្រូវតែផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការដែលជំរុញឱ្យមានការជឿទុកចិត្តគ្នា និងបង្កើនទំនុកចិត្ត ព្រោះចំណងយុទ្ធសាស្រ្តនេះ ត្រូវបានកសាងឡើងពីការជឿទុកចិត្ត ដែលមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការឆ្លើយតបទៅនឹងស្មារតីនៃសង្រ្គាមត្រជាក់។ ការងារមួយចំនួនទៀត ដូចជា ប្រតិបត្តិការរក្សាសន្តិភាព, សន្តិសុខអ៊ីនធឺណិត, ការគ្រប់គ្រងគ្រោះធម្មជាតិ និងការប្រែប្រួលអាកាសធាតុ គឺជាចំណុចមួយដ៏ល្អសម្រាប់ចាប់ផ្តើមកិច្ចសហប្រតិបត្តិការទាំងនេះ។
ទីប្រាំ. ចំពោះទិដ្ឋភាពវប្បធម៌, ខ្ញុំសូមផ្តល់ការគាំទ្រទាំងស្រុងចំពោះ «ម៉ារ៉ាតុងវប្បធម៌» ដែលជាគំនិតផ្តួចផ្តើមរបស់គណបក្សរួបរួមរុស្ស៊ី និងមានភាពស៊ីចង្វាក់ទៅនឹងចក្ខុវិស័យរបស់កម្ពុជា ក្នុងការកសាង «ច្រករបៀងវប្បធម៌» ដើម្បីលើកកម្ពស់សន្តិភាព, សុខដុមភាព និងវិបុលភាពរបស់យើង។
ជាកិច្ចបញ្ចប់, ខ្ញុំសូមបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តដ៏មោះមុតរបស់កម្ពុជា ក្នុងការជំរុញទំនាក់ទំនងសន្ទនារវាងអាស៊ាន និងរុស្ស៊ី ជាពិសេសនៅពេល ដែលកម្ពុជានឹងដើរតួជា ប្រទេសសម្របសម្រួល សម្រាប់ទំនាក់ទំនងសន្ទនានេះ ចាប់ផ្តើមពីខែ សីហា ឆ្នាំ ២០២១ នេះតទៅ។ កម្ពុជាសង្ឃឹមថា គណបក្សនយោបាយទាំងឡាយរបស់អាស៊ាន និងរុស្ស៊ី នឹងដោះស្រាយឧបសគ្គជាមួយគ្នា និងបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើតឡើងនូវពិភពលោកមួយ ដែលដ៏ល្អជាងមុន សម្រាប់មិត្តភាព, កិច្ចសហប្រតិបត្តិការ, សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
ខ្ញុំសូមជូនពរ ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី នូវសុខភាពល្អ, សុភមង្គល និងជោគជ័យចំពោះគ្រប់ភារកិច្ច។
សូមអរគុណ !