ដោយភារកិច្ចខានមិនបានក្នុងការចូលរួមប្រជុំអាស៊ាននាថ្ងៃទី ២៤ មេសា ២០២១ ខាងមុខនៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី។ កិច្ចការដែលខ្ញុំត្រូវធ្វើដើម្បីការពារការឆ្លងកូវីដ-១៩ ស្របតាមវិធានការសុខាភិបាល ដំបូងខ្ញុំត្រូវចាក់វ៉ាក់សាំងដូសទី ២ នៅថ្ងៃទី ២០ មេសា ២០២១ ដែលមុននោះគ្រោងចាក់នៅថ្ងៃទី ២៩ មេសា ២០២១។ ថ្ងៃទី ២៣ មេសា ២០២១ ត្រូវយកសំណាកពិនិត្យដើម្បីទទួលលិខិតបញ្ជាក់សម្រាប់ឲ្យអាជ្ញាធរសុខាភិបាលឥណ្ឌូណេស៊ី។
ព្រឹកថ្ងៃទី ២៤ មេសា ២០២១ ចេញដំណើរទៅហ្សាកាតា។ ពេលទៅដល់ត្រូវយកសំណាកពិនិត្យម្តងទៀត។ ពេលរសៀលការប្រជុំចាប់ផ្តើម ពេលចប់មិនថាថ្ងៃឬយប់ខ្ញុំត្រូវត្រឡប់មកវិញ។ ពេលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ខ្ញុំត្រូវយកសំណាកពិនិត្យម្តងទៀត។ មកដល់ផ្ទះខ្ញុំត្រូវធ្វើចត្តាឡីស័ក ១៤ ថ្ងៃជាមួយនឹងការពិនិត្យសំណាក ២ ទៅ ៣ ដងទៀត។
ដើម្បីធានាសុវត្ថិភាពសម្រាប់ភរិយា កូន និងចៅ ខ្ញុំត្រូវឲ្យភរិយាខ្ញុំនាំកូន និងចៅ ទៅសម្រាកនៅទីកន្លែងផ្សេង។ សមាជិកប្រតិភូដែលធ្វើដំណើរជាមួយខ្ញុំ ត្រូវយកសំណាក និងធ្វើចត្តាឡីស័ក ១៤ ថ្ងៃដូចគ្នា។ មានអ្នកឲ្យយោបល់ខ្ញុំថា ដោយសារខ្ញុំចាក់វ៉ាក់សាំងរួចហើយ ខ្ញុំគួរធ្វើចត្តាឡីស័ក ៧ ថ្ងៃបានហើយ តែខ្ញុំបានប្រាប់ទៅពួកគាត់វិញថា ខ្ញុំចង់ធ្វើឲ្យប្រាកដថា ខ្ញុំមិនមានវិជ្ជមានកូវីដ-១៩ នោះទេ ព្រោះខ្ញុំត្រូវធ្វើការជាមួយមនុស្សច្រើនគ្នា ពិសេសចៅៗរបស់ខ្ញុំទាំងតូចទាំងធំតែងមកលេងច្របាច់ជើង និងគេងលើគ្រែព្រមទាំងរត់លេងក្នុងបន្ទប់របស់ជីតា៕