សុន្ទរកថា និងសេចក្ដីអត្ថាធិប្បាយ ក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំរបស់ក្រសួងការបរទេស និងសហប្រតិបតិ្តការអន្តរជាតិ និងពិធីប្រកាសជាផ្លូវការ នៃការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី ១៣ ឆ្នាំ ២០២០

• […] ខ្ញុំមិនមែនយកវេទិកានេះ ដើម្បីនិយាយពីអ្វីសំដៅទៅលើការទិតៀនអឺរ៉ុបទេ ប៉ុន្តែ ខ្ញុំចង់ឱ្យបណ្តាប្រទេសអាស៊ាន ដែលកម្ពុជាជាតួអង្គមួយដ៏សំខាន់នៅក្នុងនោះដែរ ដកពិសោធន៍អំពីគោលការណ៍កុងសង់ស៊ីស និងការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងគ្នា។ គោលការណ៍កុងសង់ស៊ីស គឺជាគោលការណ៍គ្រឹះដែលធ្វើឱ្យ អាស៊ានមានឯកភាព បើទោះបីមានការលំបាកបន្តិចក្នុងការឈានទៅរកការសម្រេចណាមួយ។ ប៉ុន្តែ វាមិនបាននាំមកការបែកបាក់នៅក្នុងក្របខណ្ឌអាស៊ាននោះទេ ដោយសារតែត្រូវរកវិធីសម្របសម្រួលគ្នាជាជាងតាមវិធីនៃការបោះឆ្នោត […]

• […] អាស៊ានក៏មានគំនិតផ្ដួចផ្ដើមរបស់ខ្លួន អំពីទស្សនទានឥណ្ឌូ-ប៉ាស៊ីហ្វិករបស់ខ្លួនហើយដែរ។ យើងចង់ធ្វើសំយោគទាំងអស់ នូវគំនិតផ្ដួចផ្ដើមនៅក្នុងតំបន់នេះ រាប់ទាំង «ខ្សែក្រវាត់ និងផ្លូវ» និងបណ្ដាគំនិតផ្ដួចផ្ដើមដទៃទៀត ហើយក្នុងនោះ និយាយពីនយោបាយរបស់ឥណ្ឌាកាលពីពេលមុន នៅក្នុងរដ្ឋាភិបាលរបស់ Manmohan Singh ត្រឹមតែលើកឡើងទាក់ទិនជាមួយនឹងនយោបាយសម្លឹងមកទិសខាងកើត។ ប៉ុន្តែ ចូលមកដល់រដ្ឋាភិបាលរបស់ Narendra Modi គាត់បាននិយាយទៅដល់សកម្មភាពមកទិសខាងកើត នោះគឺជាផ្នែកមួយដែលយើងត្រូវឈោងចាប់យក។ ឯកូរ៉េខាងត្បូងក៏មាននយោបាយសម្លឹងមកទិសខាងត្បូង ដែលយើងត្រូវធ្វើសំយោគនូវនយោបាយ ដើម្បីអាស៊ានទទួលផលប្រយោជន៍ និងធ្វើជាមជ្ឈមណ្ឌលនៃសាមគ្គីភាពរវាងបណ្ដារដ្ឋ តាមរយៈនៃតួអង្គ ដែលខ្លួនមាន អាស៊ានបូកមួយ អាស៊ានបូកបី និងការប្រជុំអាស៊ីបូព៌ា […]

• […] នៅក្នុងផ្ទៃក្នុងរបស់យើង ប្រៀបធៀបទៅនឹងប្រទេសក្នុងតំបន់ មានប្រទេសជាច្រើនដែលបានបង្កើតឡើងនូវ ក្រសួងវិទ្យាសាស្រ្ត បច្ចេកវិទ្យា។ ដូច្នេះ ខ្ញុំបានសម្រេចឱ្យមានការតែតម្រូវក្រសួងឧស្សាហកម្ម និងសិប្បកម្ម ទៅជាក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលឯកឧត្តម ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធិ នឹងដឹកនាំធ្វើកិច្ចការងារនេះ ហើយនឹងកែប្រែច្បាប់នៅឯរដ្ឋសភា ជាមួយនឹងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងនោះ ដោយបង្កើតនូវអង្គភាពទាក់ទិននឹងការសិក្សា ស្រាវជ្រាវ វិទ្យាសាស្រ្ត បច្ចេកទេស និងប្រមូលផ្ដុំឱ្យបាន តាមឱ្យទាន់នូវសភាពការណ៍ ដែលកំពុងវិវឌ្ឍ និងប្រែប្រួល […] ដើរឱ្យទាន់សម័យកាលនៃបដិវត្តន៍ឧស្សាហកម្មទី ៤ […]

• […] ខ្ញុំនៅបន្តនិយាយថា មិនត្រូវឱ្យអ្នកណាមកដឹកច្រមុះរបស់យើង ហើយក៏មិនត្រូវយកអធិបតេយ្យជាតិរបស់យើង ទៅដោះដូរជាមួយនឹងការអនុគ្រោះ ឬជំនួយណាទាំងអស់។ ពិតជាគ្មានតម្លៃ ហើយថោកទាបផង ប្រសិនបើច្បាប់របស់យើងមិនអាចអនុវត្តបាន ហើយតម្រូវឱ្យធ្វើទៅតាមការបង្ខិតបង្ខំរបស់អ្នកដទៃ តើយើងជាប្រទេសមានឯករាជ្យ និងអធិបតេយ្យទេ? ជំនាន់មុន ការហ៊ុមព័ទ្ធសេដ្ឋកិច្ចមានគ្រប់ទិស នៅសល់តែសហភាពសូវៀត និងអឺរ៉ុបខាងកើត ដែលហៅថា COMECON នោះ បូកជាមួយ វៀតណាម ឡាវ ឥណ្ឌា តែប៉ុណ្ណោះ ដែលផ្តល់នូវការគាំទ្រសម្រាប់កម្ពុជារស់រានមានជីវិត។ ឥឡូវនេះ យើងមានដៃគូច្រើន ដែលរកស៊ីជាមួយគ្នា […]

សម្ដេចតេជោ ហ៊ុន សែន,
បិទសន្និបាតក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ៣១ មករា ២០២០។

សេចក្តីដកស្រង់ប្រសាសន៍ ចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា

អាក់ខានចូលរួមប្រជុំអាស៊ានមេគង្គ-កូរ៉េ និងជំនួបទ្វេភាគីជាមួយកូរ៉េ ដោយសារសុខភាពរបស់ម្តាយ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ រីករាយ ដែលបានមកចូលរួមចែកសញ្ញាបត្រ សម្រាប់និស្សិតនៅសាកលវិទ្យាល័យឯកទេស នៃកម្ពុជា ចំនួន ៦ ៧៦២ នាក់ ហើយក៏ជាថ្ងៃចាប់ផ្តើមចេញមុខដំបូងជាសាធារណៈ បន្ទាប់ពី ការអាក់ខានអស់រយៈពេល ២ សប្តាហ៍ ដោយសារជំងឺរបស់ម្តាយក្មេក។ ប្រហែលជាព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អស់លោក/ស្រី នាងកញ្ញា បានជ្រាបហើយថា ការលុបចោលដំណើរចូលរួមប្រជុំនៅអាស៊ានមេគង្គ-កូរ៉េ និងជំនួបទ្វេរភាគីជាមួយកូរ៉េ គឺជាការអាក់ខានដែលតម្រូវ ដោយសារសុខភាពរបស់ម្តាយ។ ជាមួយ(គ្នា)នោះ កម្មវិធីផ្ទៃក្នុងមួយចំនួនក៏ត្រូវបានជំនួសដោយសម្តេច ឯកឧត្តម លោកជំទាវ ជាឧបនាយករដ្ឋមន្រ្តីនៅក្នុងប្រទេស ប៉ុន្តែ ពីម្សិលមិញ និងថ្ងៃនេះ គឺផ្តល់ឱកាសឱ្យខ្ញុំព្រះករុណាខ្ញុំបានមកកាន់ទីនេះ ទោះបីថា សុខភាពម្តាយក្មេកស្ថិតក្នុងបន្ទប់សង្គ្រោះបណ្ណោះអាសន្ននៅឡើយ ប៉ុន្តែ ចេញផុតពីស្ថានភាពគ្រោះថ្នាក់។ វឌ្ឍនភាពសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដោយសារយើងឃើញនូវវឌ្ឍនភាព នៃសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ដូចដែល ឯកឧត្តម ស្តើង…

សុន្ទរកថា និងសេចក្តីអធិប្បាយ ផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ (ផយអជ) ២០១៩-២០២៣

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ ១] ជិតខ្លាយទៅជាឆ្អឹងដែកស្បែកស្ពាន់ហើយ។ ខែតុលានិងវិច្ចកានេះ គឺជាខែដែលប្រមូលផ្ដុំការងារ។ ឆ្នាំនេះខែតុលា គឺទៅក្រៅប្រទេសច្រើន អឺរ៉ុបនិងអាស៊ី ហើយប៉ុន្មានថ្ងៃនេះ ៣ ថ្ងៃនៅបាងកក។ មានមួយថ្ងៃនោះពាក់ស្បែកជើងតាំងពីម៉ោង ៦ ព្រឹក ដោះស្បែកជើងវិញម៉ោង ១១ យប់។ ម្សិលមិញសៀមរាប។ ថ្ងៃនេះភ្នំពេញ។ ប៉ុន្តែ ចាប់ពីថ្ងៃស្អែកទៅ សុំទោសមិនបានទទួលទេ។ ឯកសារធ្វើធម្មតា ប៉ុន្តែយើងអស់ពេលហើយ។ ថ្ងៃខាន​ស្អែកចាប់ផ្ដើមចូលដល់បុណ្យជាតិ ហើយចូលបុណ្យអុំទូក បន្ទាប់ទៅត្រូវផែនការទៅបើកការដ្ឋានផ្លូវនៅកំពង់សោម បន្ទាប់ទៅត្រូវហោះទៅកូរ៉េខាងត្បូងទៀត មានជំនួបអាស៊ាននិងកូរ៉េ។ បើសិនជាមិនមានការហ្វឹកហាត់តាំងពីក្មេង ប្រហែលជារត់មិនរួចទេ។ ប៉ុន្តែមិនអីទេ។ [ចប់សេចក្ដីអធិប្បាយ ១] ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយដោយបានមកចូលរួមក្នុងពិធី ផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្ត្រ អភិវឌ្ឍជាតិ ២០១៩-២០២៣ ដែលបានប្រារព្វឡើងយ៉ាងឱឡារិក នាពេលនេះ ។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមវាយតម្លៃខ្ពស់និងសូមកោត- សរសើរ ជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមកិត្តិសេដ្ឋា- បណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ ព្រមទាំង ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងផែនការ ដែលបានរួមគ្នាយ៉ាង សកម្មក្នុងការរៀបចំឯកសារផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ២០១៩- ២០២៣ ដ៏មានសារៈសំខាន់នេះ ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះ ក្រសួង-ស្ថាប័នញក់ព័ន្ធ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍ អង្គការជាតិ-អន្តរជាតិ សង្គមស៊ីវិល…