ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារ របស់ក្រសួងការបរទេស

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ក្រសួងការបរទេស។ ពិធីបិទសន្និបាតនេះធ្វើឡើងវិមានសន្តិភាព។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ បានបើកសន្និបាត និងនៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ បានបិទសន្និបាតបូកសរុបការងារសម្រេច បានក្នុងឆ្នាំ២០១៩ និងលើកទិសដៅការងារ ដែលត្រូវអនុវត្តន៍បន្តក្នុងឆ្នាំ២០២០។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន វាយតំលៃខ្ពស់និងកោតសរសើរចំពោះសមិទ្ធផលសំខាន់ៗជាច្រើន ដែលថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិករបស់ក្រសួងការបរទេស សម្រេចបានក្នុងឆ្នាំកន្លងទៅ ក្នុងការបំពេញបេសកកម្មការទូតដ៏ស្វិតស្វាញ ខណៈដែលពិភពលោកកំពុងឆ្លងកាត់ដំណាក់កាលនៃការប្រែប្រួលដ៏ជ្រាលជ្រៅ មិនប្រាកដប្រជា និងស្មុគស្មាញ។ * សម្តេចតេជោ ហ៊ុន សែន បានប្រកាសយកប្រធានបទធំ៣ មកវិភាគ វាយតំលៃ និងណែនាំ, ទី១, អំពីពិភពលោកយើង ទី២, សម្ពាធមកលើប្រព័ន្ធនៃរបៀបរបបដែល…

សុន្ទរកថា និងសេចក្ដីអត្ថាធិប្បាយ ក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំរបស់ក្រសួងការបរទេស និងសហប្រតិបតិ្តការអន្តរជាតិ និងពិធីប្រកាសជាផ្លូវការ នៃការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី ១៣ ឆ្នាំ ២០២០

• […] ខ្ញុំមិនមែនយកវេទិកានេះ ដើម្បីនិយាយពីអ្វីសំដៅទៅលើការទិតៀនអឺរ៉ុបទេ ប៉ុន្តែ ខ្ញុំចង់ឱ្យបណ្តាប្រទេសអាស៊ាន ដែលកម្ពុជាជាតួអង្គមួយដ៏សំខាន់នៅក្នុងនោះដែរ ដកពិសោធន៍អំពីគោលការណ៍កុងសង់ស៊ីស និងការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងគ្នា។ គោលការណ៍កុងសង់ស៊ីស គឺជាគោលការណ៍គ្រឹះដែលធ្វើឱ្យ អាស៊ានមានឯកភាព បើទោះបីមានការលំបាកបន្តិចក្នុងការឈានទៅរកការសម្រេចណាមួយ។ ប៉ុន្តែ វាមិនបាននាំមកការបែកបាក់នៅក្នុងក្របខណ្ឌអាស៊ាននោះទេ ដោយសារតែត្រូវរកវិធីសម្របសម្រួលគ្នាជាជាងតាមវិធីនៃការបោះឆ្នោត […]

• […] អាស៊ានក៏មានគំនិតផ្ដួចផ្ដើមរបស់ខ្លួន អំពីទស្សនទានឥណ្ឌូ-ប៉ាស៊ីហ្វិករបស់ខ្លួនហើយដែរ។ យើងចង់ធ្វើសំយោគទាំងអស់ នូវគំនិតផ្ដួចផ្ដើមនៅក្នុងតំបន់នេះ រាប់ទាំង «ខ្សែក្រវាត់ និងផ្លូវ» និងបណ្ដាគំនិតផ្ដួចផ្ដើមដទៃទៀត ហើយក្នុងនោះ និយាយពីនយោបាយរបស់ឥណ្ឌាកាលពីពេលមុន នៅក្នុងរដ្ឋាភិបាលរបស់ Manmohan Singh ត្រឹមតែលើកឡើងទាក់ទិនជាមួយនឹងនយោបាយសម្លឹងមកទិសខាងកើត។ ប៉ុន្តែ ចូលមកដល់រដ្ឋាភិបាលរបស់ Narendra Modi គាត់បាននិយាយទៅដល់សកម្មភាពមកទិសខាងកើត នោះគឺជាផ្នែកមួយដែលយើងត្រូវឈោងចាប់យក។ ឯកូរ៉េខាងត្បូងក៏មាននយោបាយសម្លឹងមកទិសខាងត្បូង ដែលយើងត្រូវធ្វើសំយោគនូវនយោបាយ ដើម្បីអាស៊ានទទួលផលប្រយោជន៍ និងធ្វើជាមជ្ឈមណ្ឌលនៃសាមគ្គីភាពរវាងបណ្ដារដ្ឋ តាមរយៈនៃតួអង្គ ដែលខ្លួនមាន អាស៊ានបូកមួយ អាស៊ានបូកបី និងការប្រជុំអាស៊ីបូព៌ា […]

• […] នៅក្នុងផ្ទៃក្នុងរបស់យើង ប្រៀបធៀបទៅនឹងប្រទេសក្នុងតំបន់ មានប្រទេសជាច្រើនដែលបានបង្កើតឡើងនូវ ក្រសួងវិទ្យាសាស្រ្ត បច្ចេកវិទ្យា។ ដូច្នេះ ខ្ញុំបានសម្រេចឱ្យមានការតែតម្រូវក្រសួងឧស្សាហកម្ម និងសិប្បកម្ម ទៅជាក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលឯកឧត្តម ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធិ នឹងដឹកនាំធ្វើកិច្ចការងារនេះ ហើយនឹងកែប្រែច្បាប់នៅឯរដ្ឋសភា ជាមួយនឹងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងនោះ ដោយបង្កើតនូវអង្គភាពទាក់ទិននឹងការសិក្សា ស្រាវជ្រាវ វិទ្យាសាស្រ្ត បច្ចេកទេស និងប្រមូលផ្ដុំឱ្យបាន តាមឱ្យទាន់នូវសភាពការណ៍ ដែលកំពុងវិវឌ្ឍ និងប្រែប្រួល […] ដើរឱ្យទាន់សម័យកាលនៃបដិវត្តន៍ឧស្សាហកម្មទី ៤ […]

• […] ខ្ញុំនៅបន្តនិយាយថា មិនត្រូវឱ្យអ្នកណាមកដឹកច្រមុះរបស់យើង ហើយក៏មិនត្រូវយកអធិបតេយ្យជាតិរបស់យើង ទៅដោះដូរជាមួយនឹងការអនុគ្រោះ ឬជំនួយណាទាំងអស់។ ពិតជាគ្មានតម្លៃ ហើយថោកទាបផង ប្រសិនបើច្បាប់របស់យើងមិនអាចអនុវត្តបាន ហើយតម្រូវឱ្យធ្វើទៅតាមការបង្ខិតបង្ខំរបស់អ្នកដទៃ តើយើងជាប្រទេសមានឯករាជ្យ និងអធិបតេយ្យទេ? ជំនាន់មុន ការហ៊ុមព័ទ្ធសេដ្ឋកិច្ចមានគ្រប់ទិស នៅសល់តែសហភាពសូវៀត និងអឺរ៉ុបខាងកើត ដែលហៅថា COMECON នោះ បូកជាមួយ វៀតណាម ឡាវ ឥណ្ឌា តែប៉ុណ្ណោះ ដែលផ្តល់នូវការគាំទ្រសម្រាប់កម្ពុជារស់រានមានជីវិត។ ឥឡូវនេះ យើងមានដៃគូច្រើន ដែលរកស៊ីជាមួយគ្នា […]

សម្ដេចតេជោ ហ៊ុន សែន,
បិទសន្និបាតក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ៣១ មករា ២០២០។