សុន្ទរកថា និងសេចក្ដីអត្ថាធិប្បាយ ក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំរបស់ក្រសួងការបរទេស និងសហប្រតិបតិ្តការអន្តរជាតិ និងពិធីប្រកាសជាផ្លូវការ នៃការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី ១៣ ឆ្នាំ ២០២០

• […] ខ្ញុំមិនមែនយកវេទិកានេះ ដើម្បីនិយាយពីអ្វីសំដៅទៅលើការទិតៀនអឺរ៉ុបទេ ប៉ុន្តែ ខ្ញុំចង់ឱ្យបណ្តាប្រទេសអាស៊ាន ដែលកម្ពុជាជាតួអង្គមួយដ៏សំខាន់នៅក្នុងនោះដែរ ដកពិសោធន៍អំពីគោលការណ៍កុងសង់ស៊ីស និងការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងគ្នា។ គោលការណ៍កុងសង់ស៊ីស គឺជាគោលការណ៍គ្រឹះដែលធ្វើឱ្យ អាស៊ានមានឯកភាព បើទោះបីមានការលំបាកបន្តិចក្នុងការឈានទៅរកការសម្រេចណាមួយ។ ប៉ុន្តែ វាមិនបាននាំមកការបែកបាក់នៅក្នុងក្របខណ្ឌអាស៊ាននោះទេ ដោយសារតែត្រូវរកវិធីសម្របសម្រួលគ្នាជាជាងតាមវិធីនៃការបោះឆ្នោត […]

• […] អាស៊ានក៏មានគំនិតផ្ដួចផ្ដើមរបស់ខ្លួន អំពីទស្សនទានឥណ្ឌូ-ប៉ាស៊ីហ្វិករបស់ខ្លួនហើយដែរ។ យើងចង់ធ្វើសំយោគទាំងអស់ នូវគំនិតផ្ដួចផ្ដើមនៅក្នុងតំបន់នេះ រាប់ទាំង «ខ្សែក្រវាត់ និងផ្លូវ» និងបណ្ដាគំនិតផ្ដួចផ្ដើមដទៃទៀត ហើយក្នុងនោះ និយាយពីនយោបាយរបស់ឥណ្ឌាកាលពីពេលមុន នៅក្នុងរដ្ឋាភិបាលរបស់ Manmohan Singh ត្រឹមតែលើកឡើងទាក់ទិនជាមួយនឹងនយោបាយសម្លឹងមកទិសខាងកើត។ ប៉ុន្តែ ចូលមកដល់រដ្ឋាភិបាលរបស់ Narendra Modi គាត់បាននិយាយទៅដល់សកម្មភាពមកទិសខាងកើត នោះគឺជាផ្នែកមួយដែលយើងត្រូវឈោងចាប់យក។ ឯកូរ៉េខាងត្បូងក៏មាននយោបាយសម្លឹងមកទិសខាងត្បូង ដែលយើងត្រូវធ្វើសំយោគនូវនយោបាយ ដើម្បីអាស៊ានទទួលផលប្រយោជន៍ និងធ្វើជាមជ្ឈមណ្ឌលនៃសាមគ្គីភាពរវាងបណ្ដារដ្ឋ តាមរយៈនៃតួអង្គ ដែលខ្លួនមាន អាស៊ានបូកមួយ អាស៊ានបូកបី និងការប្រជុំអាស៊ីបូព៌ា […]

• […] នៅក្នុងផ្ទៃក្នុងរបស់យើង ប្រៀបធៀបទៅនឹងប្រទេសក្នុងតំបន់ មានប្រទេសជាច្រើនដែលបានបង្កើតឡើងនូវ ក្រសួងវិទ្យាសាស្រ្ត បច្ចេកវិទ្យា។ ដូច្នេះ ខ្ញុំបានសម្រេចឱ្យមានការតែតម្រូវក្រសួងឧស្សាហកម្ម និងសិប្បកម្ម ទៅជាក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលឯកឧត្តម ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធិ នឹងដឹកនាំធ្វើកិច្ចការងារនេះ ហើយនឹងកែប្រែច្បាប់នៅឯរដ្ឋសភា ជាមួយនឹងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងនោះ ដោយបង្កើតនូវអង្គភាពទាក់ទិននឹងការសិក្សា ស្រាវជ្រាវ វិទ្យាសាស្រ្ត បច្ចេកទេស និងប្រមូលផ្ដុំឱ្យបាន តាមឱ្យទាន់នូវសភាពការណ៍ ដែលកំពុងវិវឌ្ឍ និងប្រែប្រួល […] ដើរឱ្យទាន់សម័យកាលនៃបដិវត្តន៍ឧស្សាហកម្មទី ៤ […]

• […] ខ្ញុំនៅបន្តនិយាយថា មិនត្រូវឱ្យអ្នកណាមកដឹកច្រមុះរបស់យើង ហើយក៏មិនត្រូវយកអធិបតេយ្យជាតិរបស់យើង ទៅដោះដូរជាមួយនឹងការអនុគ្រោះ ឬជំនួយណាទាំងអស់។ ពិតជាគ្មានតម្លៃ ហើយថោកទាបផង ប្រសិនបើច្បាប់របស់យើងមិនអាចអនុវត្តបាន ហើយតម្រូវឱ្យធ្វើទៅតាមការបង្ខិតបង្ខំរបស់អ្នកដទៃ តើយើងជាប្រទេសមានឯករាជ្យ និងអធិបតេយ្យទេ? ជំនាន់មុន ការហ៊ុមព័ទ្ធសេដ្ឋកិច្ចមានគ្រប់ទិស នៅសល់តែសហភាពសូវៀត និងអឺរ៉ុបខាងកើត ដែលហៅថា COMECON នោះ បូកជាមួយ វៀតណាម ឡាវ ឥណ្ឌា តែប៉ុណ្ណោះ ដែលផ្តល់នូវការគាំទ្រសម្រាប់កម្ពុជារស់រានមានជីវិត។ ឥឡូវនេះ យើងមានដៃគូច្រើន ដែលរកស៊ីជាមួយគ្នា […]

សម្ដេចតេជោ ហ៊ុន សែន,
បិទសន្និបាតក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ៣១ មករា ២០២០។

សន្និសីទសារព័ត៌មានរួមគ្នា រវាងសម្តេចតេជោ និងឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី មហាធៀរ មហាម៉ាត់

ឯកឧត្ដម លោកជំទាវ លោក លោកស្រី ​អ្នកសារព័ត៌មានជាទីមេត្រី! ខ្ញុំ និងឯកឧត្តមបណ្ឌិត មហាធៀរ មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ទើបនឹងបានបញ្ចប់កិច្ចពិភាក្សាទ្វេភាគី ក្រោមបរិយាកាសរីករាយ ស្និទ្ធស្នាល និងភាតរភាព។ ជាបឋម ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមនាយករដ្ឋមន្រ្តី មហាធៀរ មហាម៉ាត់ ដែលបានផ្ដល់កិត្តិយសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការក្នុងថ្ងៃនេះ ដែលជាទស្សនកិច្ចផ្លូវការលើកទីមួយរបស់ឯកឧត្ដមនៅព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិបច្ចុប្បន្ន។ ខ្ញុំមានសេចក្ដីរីករាយ និងសូមវាយតម្លៃខ្ពស់ចំពោះទស្សនកិច្ចផ្លូវការជាប្រវត្តិសាស្រ្តនាពេលនេះ។ ទស្សនកិច្ចនេះ គឺជាតឹកតាង​បង្ហាញពីមិត្តភាព សាមគ្គីភាព និងភាពរឹងមាំ នៃទំនាក់ទំនងទ្វេភាគីកម្ពុជា-​ម៉ាឡេស៊ី។ ខ្ញុំសូមអបអរសាទរយ៉ាងកក់ក្តៅចំពោះសមិទ្ធផលដ៏ធំធេង ដែលប្រទេសម៉ាឡេស៊ីសម្រេចបានក្រោមមាគ៌ាដឹកនាំដ៏ក្លៀវក្លារបស់ឯកឧត្ដមនាយករដ្ឋមន្រ្តី។ ខ្ញុំជឿជាក់ថា ជាមួយនឹងសន្ទុះនៃការអភិវឌ្ឍ និងគោលដៅទំនើបកម្ម ព្រមទាំងគោលនយោបាយអភិវឌ្ឍន៍លើគ្រប់វិស័យ ប្រទេសម៉ាឡេស៊ីនឹងសម្រេចបានគោលដៅឈានទៅរកឋានៈជាប្រទេសអភិវឌ្ឍន៍ ជាខ្លាសេដ្ឋកិច្ចក្នុងតំបន់អាស៊ី ហើយនិងចូលរួមដើរតួនាទីកាន់តែសកម្ម និងសំខាន់ថែមទៀតនៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។ ឆ្លៀតក្នុងឱកាសនេះផងដែរ ខ្ញុំសូមអបអរសាទរផងដែរ ទិវាបុណ្យជាតិ​​ឯករាជ្យលើកទី ៦២ របស់ម៉ាឡេស៊ី ក៏ដូចជាទិវាផ្សារភ្ជាប់ទំនាក់ទំនងការទូតរវាងកម្ពុជា និងម៉ាឡេស៊ី ដែលជាព្រឹត្តិការណ៍កើតឡើងនៅថ្ងៃតែមួយ គឺ ៣១ ខែ សីហា ឆ្នាំ…

សុន្ទរកថា ក្នុងពិធីទទួលគោរមងារជា «សាស្រ្តាចារ្យកិត្តិយស ផ្នែកទំនាក់ទំនងអន្តរជាតិ» ពីសាកលវិទ្យាល័យប៉េកាំង ប្រទេសចិន

ឯកឧត្តម ធៀន សៀជុន (Tian Xuejun) អនុរដ្ឋមន្រី្តក្រសួងអប់រំនៃសាធារណរដ្ឋប្រជាមានិតចិន, លោក ឈីវ សួយភីង (Qiu Shuiping), ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យប៉េកាំង, លោកបណ្ឌិតសាស្ត្រាចារ្យ ហ៊ាវ ភីង(Hao Ping), សាកល​វិទ្យាធិការនៃសាកលវិទ្យាល័យប៉េកាំង ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, អង្គពិធីទាំងមូលជាទីមេត្រី! ថ្ងៃនេះ ខ្ញុំពិតជាមានមោទនភាព និងមានកិត្តិយសដ៏ខ្ពង់ខ្ពស់ ដែលក្រុមប្រឹក្សាភិបាលនៃសាកល​វិទ្យាល័យ​ប៉េកាំង​ដ៏ល្បី នៃសាធារណរដ្ឋប្រជាមានិតចិនបានសម្រេចផ្តល់គោរមងារដល់ខ្ញុំជា «សាស្ត្រាចារ្យ​កិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិ»។ ខ្ញុំសូមស្វាគមន៍ និងថ្លែងអំណរគុណយ៉ាង​ជ្រាលជ្រៅ​ចំពោះក្រុម​ប្រឹក្សា និងគណៈគ្រប់គ្រងសាកលវិទ្យាល័យ ជាពិសេស ឯកឧត្តម ឈីវ សួយភីង ប្រធានក្រុមប្រឹក្សាភិបាល  ឯកឧត្តមសាកលវិទ្យា​ធិការ ហ៊ាវ ភីង ដែលបានសម្រេចផ្តល់ គោរមងារដ៏ឧត្តុង្គឧត្តមនេះដល់រូបខ្ញុំ និងសូមអរគុណដល់ការចូលរួមអបអរសាទរ និងគាំទ្រ ពីឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា តំណាងសាស្រ្តាចារ្យ និងនិស្សិតនៃសាកល​វិទ្យាល័យ​ប៉េកាំង ក្នុងកម្មវិធីនៅថ្ងៃនេះ។ ខ្ញុំសូមអរគុណសាកលវិទ្យាល័យប៉េកាំង ដែលបានធ្វើការសិក្សាយ៉ាងច្បាស់លាស់អំពីសកម្មភាពទំនាក់ទំនងអន្តរជាតិរបស់កម្ពុជា តាមបន្ទាត់នយោបាយការបរទេសរបស់រាជរដ្ឋាភិបាល ដែលមាន…