- លោកជំទាវបណ្ឌិត ដេវីយ៉ានី ខូប្រាហ្គដ ( Devyani Khobragade) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង ពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា;
- សម្តេច, ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!
ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្តីសោមនស្សក្រៃលែង ដោយបានមកចូលរួមជាមួយ លោកជំទាវបណ្ឌិត ឯកអគ្គរដ្ឋទូត ដេវីយ៉ានី ខូបហ្គេដ ដើម្បីទទួលវ៉ាក់សាំងកូវីដ-១៩ ប្រភេទកូវីស្យែល (COVISHIELD) ចំនួន ៣២៥ ០០០ (បីសែនពីរម៉ឺនប្រាំពាន់) ដូស ដែលជាអំណោយសប្បុរសធម៌ដ៏ថ្លៃថ្លារបស់ប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា ក្រោមគំនិតផ្តួចផ្តើមចតុភាគី (QUAD Initiative) ជូនចំពោះប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា។អំណោយដ៏ថ្លៃថ្លានេះ គឺជាសក្ខីភាពដ៏ពិតប្រាកដនៃចំណងមិត្តភាព និងសាមគ្គីភាពរវាង កម្ពុជា ឥណ្ឌា និងសមាជិកដទៃទៀតនៃគំនិតផ្តួចផ្តើមនេះ ដែលរួមមានសហរដ្ឋអាមេរិក ជប៉ុន និង អូស្ត្រាលី។
កម្ពុជាសូមសម្ដែងនូវអំណរគុណ និងការកោតសរសើរ ជូនដល់សមាជិកនៃគំនិតផ្តួចផ្តើមចតុភាគី ក៏ដូចជាបណ្ដាប្រទេសនានានៅជុំវិញសកលលោក ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ទាំងក្នុងប្រទេស តំបន់ និងសកលលោកទាំងមូល ដើម្បីធានាបាននូវការងើបឡើងវិញយ៉ាងឆាប់រហ័សនៃសកម្មភាពសង្គម-សេដ្ឋកិច្ច។ ទោះជាយ៉ាងនេះក្តី ក្នុងស្ថានភាពបច្ចុប្បន្ននេះ យើងមិនត្រូវភ្លេចខ្លួន ដោយប្រទេសជាច្រើននៅបន្តទទួលរងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងមិនទាន់អាចបើកដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ចពេញលេញឡើងវិញបាននៅឡើយ។ ការអូសបន្លាយនៃការឆ្លងរាលដាល គឺជាហានិភ័យវិបត្តិសង្គម-សេដ្ឋកិច្ច ក្នុងស្មារតីនេះ កម្ពុជា សូមលើកទឹកចិត្តឱ្យការជំរុញ និងពន្លឿនការចាក់វ៉ាក់សាំង បង្កើតភាពសុំសហគមន៍ ដែលជាវិធានការឆ្លើយតបដ៏ត្រឹមត្រូវ និងមានប្រសិទ្ធភាពបំផុត។
ជាក់ស្តែង, ជាមួយស្មារតីបុរេសកម្ម និងកិច្ចខិតខំខ្នះខ្នែង ក្នុងការស្វែងរកវ៉ាក់សាំង និងការបើកយុទ្ធនាការជាតិចាក់វ៉ាក់សាំង កាលពីខែកុម្ភៈ ឆ្នាំ២០២១ កម្ពុជាអាចសម្រេចបាននូវភាពសុំសហគមន៍ពេញលេញ ក្នុងរយៈពេលត្រឹមប្រមាណ ៨ ខែប៉ុណ្ណោះ។ សមិទ្ធផលដ៏ត្រចះត្រចង់នេះ អនុញ្ញាតឱ្យកម្ពុជាបើកប្រទេសឡើងវិញលើគ្រប់វិស័យ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ និងអាចរក្សាដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ចជាប្រក្រតីរហូតមកទល់ពេលនេះ ទោះបីជាមានការគំរាមកំហែងជាបន្តបន្ទាប់ពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មី ប្រភេទអូមីក្រុង (Omicron) ដែលបានចម្លងចូលទៅក្នុងសហគមន៍កម្ពុជា នៅដើមឆ្នាំ២០២២ នេះ ក៏ដោយ។ ការណ៍នេះ ឆ្លុះបញ្ចាំងឱ្យឃើញពីប្រសិទ្ធភាពនៃវ៉ាក់សាំង ដែលអនុញ្ញាតឱ្យកម្ពុជាអាចរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាព ប្រកបដោយភាពរឹងមាំ និងសុវត្ថិភាព។ ជាលទ្ធផលនាពេលថ្មីៗនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងក្នុងអត្រា ៥,៣% នៅក្នុងឆ្នាំ២០២២ និង ៦,៥% នៅក្នុងឆ្នាំ២០២៣។
- សម្ដេច , ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!
ក្នុងនាមប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមសម្ដែងនូវអំណរគុណដល់សាធារណរដ្ឋឥណ្ឌ ដែលជាមិត្តយល់ចិត្តថ្លើមរបស់កម្ពុជា។ វត្តមានរបស់ឥណ្ឌា តាំងពីឆ្នាំ១៩៨១ ក្រោយការបិទបញ្ចប់របបខ្មែរក្រហម បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយស្ដារសង្គម-សេដ្ឋកិច្ចកម្ពុជាឡើងវិញ តាមរយៈជំនួយមនុស្សធម៌ ការជួយគាំទ្រវិស័យពាណិជ្ជកម្ម និងវប្បធម៌ និង ការផ្តល់កម្ចីហិរញ្ញប្បទាន ជាដើម ទាំងក្នុងក្របខណ្ឌទ្វេភាគី និង ពហុភាគី។ ជាលទ្ធផល ទំនាក់ទំនងសង្គម-សេដ្ឋកិច្ច, ពាណិជ្ជកម្ម និងការវិនិយោគរវាង កម្ពុជា-ឥណ្ឌា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ បើទោះបីជាមានការថមថយបន្តិចបន្តួចក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ។
ក្នុងបរិការណ៍ដែលការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានថមថយ និងជារួមដោយយើងបានគ្រប់គ្រងស្ថានការណ៍នៃការឆ្លងរាលដាលបានយ៉ាងល្អប្រសើរ ខ្ញុំសូមលើកទឹកចិត្តឱ្យមានការពង្រឹងចំណងមិត្តភាព ការជំរុញកិច្ចសហប្រតិបត្តិការ និងការពង្រឹងទំនាក់ទំនងបន្ថែមទៀតរវាងកម្ពុជា និងសមាជិកនៃគំនិតផ្តួចផ្តើមចតុភាគី ជាពិសេសរវាងកម្ពុជា-ឥណ្ឌា ពាក់ព័ន្ធពាណិជ្ជកម្ម ការវិនិយោគ បច្ចេកវិទ្យាព័ត៌មាន ការបន្ធូរបន្ថយលក្ខខណ្ឌធ្វើដំណើរ និងការតភ្ជាប់ជើងហោះហើរត្រង់ និងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍។
ជាកិច្ចបញ្ចប់ ខ្ញុំសូមក្រើនរំលើកដល់ប្រជាជនកម្ពុជា ឱ្យបន្តអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅថ្ងៃទី១៤ ១៥ និង ១៦ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះ។ សូមទេវតាឆ្នាំថ្មីប្រសិទ្ធពរជ័យដល់សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ឱ្យមានសិរីសួស្តី ជ័យមង្គល និងវិបុលសុខមហាប្រសើរ៕
សូមអរគុណ!