- សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានាព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាសហប្រធានអង្គប្រជុំ
- សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងជាសហប្រធានអង្គប្រជុំ
- លោកជំទាវ ហេឌី អូតតាឡា (Heidi Hautala) អនុប្រធានសភាអឺរ៉ុប តំណាងឯកឧត្ដមប្រធានសភាអឺរ៉ុប
- ឯកឧត្ដម លោកជំទាវ លោក លោកស្រី!
ជាកិច្ចចាប់ផ្ដើម ខ្ញុំពិតជាមានកិត្តិយស និងក្ដីសោមនស្សក្រៃលែងដែលបានចូលរួមថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី ១១ នេះ។ ខ្ញុំក៏សូមវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ស្អិតរមួតនៃភាពជាដៃគូអាស៊ី-អឺរ៉ុប ហើយខ្ញុំជឿជាក់ថា មិត្តភាពរបស់យើងនឹងបន្តលូតលាស់ រឹងមាំ និងគង់វង្សយូរអង្វែង ដើម្បីជាថ្នាលសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការ និងការដោះស្រាយនូវវិបត្តិុរួមនានា ដែលយើងនឹងប្រឈមនាពេលអនាគត។
ជាការពិតណាស់ ជំងឺកូវីដ-១៩ ពិតជាបានផ្លាស់ប្ដូរនូវបទដ្ឋាន និងឥរិយាបថនៃការបំពេញកិច្ចការ និងការរស់នៅប្រចាំថ្ងៃរបស់យើង ដែលនេះអាចចាត់ទុកបានថាជាវិញ្ញាសាសាកល្បងដល់ការប្ដេជ្ញាចិត្តរវាងអាស៊ី និងអឺរ៉ុប ក្នុងការរក្សាបាននូវកិច្ចសហប្រតិបត្តិការមួយប្រកបដោយភាពជឿទុកចិត្តគ្នា។ ទោះបីជាវិបត្តិកូវីដ-១៩ នេះ បានគំរាមកំហែងដល់និន្នាការនយោបាយពហុភាគីនិយមសកលក៏ដោយ ក៏ការប្ដេជ្ញាចិត្តរបស់យើងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ពុំបានរង្គោះរង្គើឡើយ។ ផ្ទុយទៅវិញ កិច្ចសហប្រតិបត្តិការដ៏រឹងមាំនៃភាពជាដៃគូអាស៊ី-អឺរ៉ុបនឹងធ្វើឲ្យយើងចាកចេញ និងងើបចេញពីវិបតិ្តសកលនេះជាមួយគ្នា ដោយមិនបោះបង់ និងមិនទុកចោលប្រទេសណាមួយនោះឡើយ។
ស្ថិតក្នុងបរិការណ៍ដ៏លំបាកនេះ កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប គឺជាយន្តការស្នូលដ៏សំខាន់មួយសម្រាប់តភ្ជាប់ប្រជាជន និងប្រជាជន រវាងទ្វីបទាំងពីរនៃយើង ហើយលទ្ធផលនៃកិច្ចប្រជុំនេះ នឹងក្លាយជាធាតុចូល និងអនុសាសន៍ដ៏មានតម្លៃសម្រាប់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប។ ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី ១៣ អាទិភាពរបស់កម្ពុជា គឺផ្ដោតសំខាន់ទៅលើការលើកកម្ពស់ពហុភាគីនិយមឲ្យកាន់តែរឹងមាំ ដើម្បីជំរុញកំណើនរួមគ្នាក្នុងការស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់ នៅក្រោយវិបត្តិ។
- សម្ដេច ឯកឧត្ដម លោកជំទាវ លោក លោកស្រី!
សន្តិភាព និងសន្តិសុខសកល កំពុងស្ថិតនៅក្រោមសម្ពាធ និងកាន់តែពិបាកស្មានដោយសារការកើនឡើងនៃការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ។ ខ្សែបន្ទាត់ភូមិសាស្រ្តនយោបាយនានា កំពុងត្រូវបានគូសវាសរួចទៅហើយ និងបានដាក់គំនាបឲ្យរដ្ឋតូចៗជ្រើសរើសរបៀបវារៈនយោបាយមូួយ ដែលមិនឆ្លុះបញ្ចាំងអំពីឆន្ទៈ និងផលប្រយោជន៍នៃប្រជាជាតិរបស់ខ្លួន។ នៅក្នុងបរិបទនៃការប្រកួតប្រជែងភូមិសាស្រ្តនយោបាយដ៏តានតឹងនេះ មានតែភាពជាដៃគូប្រកបដោយភាពជឿទុកចិត្តគ្នានោះទេ ទើបអាចឲ្យយើងបន្តរក្សាបាននូវយន្តការពហុភាគីនិយមមួយ ដែលនឹងធានាបាននូវសន្តិភាព ស្ថេរភាព វឌ្ឍនភាព និងវិបុលភាពរបស់សកលលោក។ ក្នុងស្មារតីនេះ យើងទាំងអស់គ្នាចាំបាច់ត្រូវបន្តរក្សាឲ្យបាននូវគុណតម្លៃនៃសន្តិភាព ព្រមទាំងរិះរកជានិច្ចនូវយន្តការចាំបាច់នានា សំដៅសម្រេចឲ្យបាននូូវគោលដៅដ៏ឧត្ដុង្គឧត្ដមនេះ។
ស្ថាប័នសភាអាស៊ី-អឺរ៉ុប នឹងដើរតួនាទីដ៏សំខាន់នៅក្នុងការពង្រឹងទំនុកចិត្ត ការបញ្ចៀសបញ្ហា តាមរយៈការទូតរវាងសភា និងសភា (Parliamentary Preventive Diplomacy) និងសំខាន់បំផុតនោះ គឺការធានាឲ្យបាននូវទំនុកចិត្តបែបយុទ្ធសាស្រ្ត ជាពិសេសលើបញ្ហាសន្តិសុខ និងស្ថេរភាព ដែលកាន់តែមានភាពស្មុគស្មាញ និងចាក់ស្រេះខ្លាំងឡើង។ ឈរលើមូលដ្ឋាននេះ កម្ពុជាប្ដេជ្ញាប្រកាន់ខ្ជាប់នូវគោលការណ៍នៃការគោរពគ្នា ការរៀនសូត្រពីគ្នា ការយោគយល់គ្នា ការទុកចិត្តគ្នា និងការផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ដើម្បីកសាងបាននូវគ្រឹះដ៏ចាំបាច់មួយ សម្រាប់ការអនុវត្តគោលនយោបាយការបរទេសពហុភាគីនិយមរបស់យើង។ ប្រសិនបើគ្មានយន្តការពហុភាគីនិយមមួយដែលរឹងមាំ នោះយើងក៏ពុំអាចដោះស្រាយបញ្ហាទាំងអស់នេះជារួមបានដែរ។
យើងមិនមានពេលវេលាច្រើននោះទេ ពោលគឺយើងនៅសល់ពេលត្រឹមតែ ៩ ឆ្នាំទៀតប៉ុណ្ណោះ ដើម្បីសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព តាមការគ្រោងទុក។ នាកាលៈទេសៈបច្ចុប្បន្ននេះ មានតែការកៀរគរ និងការបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ធនធាន ក្រោមសាមគ្គីភាពជាធ្លុងមួយ ជាមួយគ្រប់ភាគីពាក់ព័ន្ធប៉ុណ្ណោះ ទើបយើងអាចសម្រេចបាននូវការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់ មុននឹងឈានទៅដល់ការសម្រេចបានគោលដៅអភិវឌ្ឍន៍នេះ។ ការណ៍នេះ ក៏នឹងទាមទារឲ្យមានចាំបាច់នូវស្មារតីសេរីភាវូបនីយកម្មដ៏ស្វាហាប់លើផ្នែកពាណិជ្ជកម្ម និងការវិនិយោគ ក៏ដូចជាការរក្សាបាននូវលំនឹងខ្សែច្រវាក់ផ្គត់ផ្គង់ និងផលិតកម្ម សំដៅតភ្ជាប់ និងជំរុញសមាហរណកម្មនៃសេដ្ឋកិច្ចនៅក្នុងតំបន់ និងអន្តរតំបន់ ឲ្យកាន់តែមានភាពស៊ីជម្រៅបន្ថែមទៀត។
នៅរាល់វិបត្តិដែលកើតមានឡើង តែងតែបង្កប់នូវកាលានុវត្តភាព ដែលយើងមិនត្រូវមើលរំលងនោះឡើយ។ ជំងឺកូវីដ-១៩ គឺជាច្រកនៃកាលានុវត្តភាពសម្រាប់កែទម្រង់លើប្រព័ន្ធសេដ្ឋកិច្ច ក៏ដូចជាអាទិភាពនានាសម្រាប់ដំណើរការអភិវឌ្ឍរបស់យើង។ ជាក់ស្ដែង យើងសង្កេតឃើញថា ការផ្លាស់ប្ដូរនៃខ្សែច្រវាក់ផ្គត់ផ្គង់ និងផលិតកម្ម សន្ទុះដ៏លឿននៃបរិវត្តកម្មឌីជីថល សេដ្ឋកិច្ចចក្រា និងកំណើនបៃតង គឺជាកាលានុវត្តភាពសេដ្ឋកិច្ចនៅក្នុងគន្លងប្រក្រតីភាពថ្មី ដែលប្រទេសទាំងអស់ត្រូវតែចាប់យកឲ្យខាងតែបាន។ ក្នុងន័យនេះ ការស្ដារនិងជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជាឡើងវិញ ក្នុងបរិបទនៃការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី នឹងបញ្ចូលនូវនិន្នាការទាំងនេះជារបៀបវារៈនៃការកែទម្រង់របស់យើង ហើយយើងមានសុទិដ្ឋិនិយមថា និន្នាការទាំងនេះនឹងក្លាយទៅជាអត្តសញ្ញាណរួម នៃការងើបឡើងវិញរបស់ពិភពលោក នៅក្រោយវិបត្តិនេះ។
- សម្ដេច ឯកឧត្ដម លោកជំទាវ លោក លោកស្រី!
កិច្ចប្រជុំភាពជាដៃគូអាស៊ី-អឺរ៉ុប នាថ្ងៃនេះ គឺជាសញ្ញាដ៏រឹងមាំមួយ ដែលសបញ្ជាក់ថា យើងបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ឈានឆ្ពោះទៅរករបៀបវារៈជាអាទិភាពនៃយន្តការពហុភាគីនិយម ហើយខ្ញុំជឿជាក់ថា គណៈប្រតិភូទាំងអស់នឹងបញ្ចេញនូវគតិបណ្ឌិត មតិយោបល់ និងគំនិតផ្ដួចផ្ដើមនានា ដើម្បីជំរុញឲ្យកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបនេះ ទទួលបាននូវលទ្ធផលជោគជ័យជាទីមោទកភាព។ ជាទីបញ្ចប់ ខ្ញុំសូមជូនពរសម្ដេច ឯកឧត្ដម លោកជំទាវ លោក និងលោកស្រី មានសុខភាពល្អបរិបូណ៌ ជោគជ័យចំពោះគ្រប់ភារកិច្ច និងការរីកចម្រើនរុងរឿងទៅមុខជានិរន្តរ៍៕
សូមអរគុណ!