សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ពិធីចែកសញ្ញាបត្រជូននិស្សិត/គរុនិស្សិត នៃវិទ្យាស្ថានជាតិបណ្តុះបណ្ដាលបច្ចេកទេស

ចាប់ពីនេះទៅ សម្រាប់ស៊ីហ្គេម ២០២៣ យើងនៅសល់ ៦៧ ថ្ងៃទៀត គឺ(ដល់)ថ្ងៃដែលយើងទន្ទឹងរង់ចាំ បន្ទាប់ពីការ​ទន្ទឹងរង់ចាំអស់រយៈពេល ៦៤ ឆ្នាំរួចមកហើយ។ ប៉ុន្ដែ ពេលនេះ យើងសល់តែ ៦៧ ថ្ងៃ តែប៉ុណ្ណោះ។ សូមទាំងអស់គ្នាអបអរសាទរ។ សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក/ស្រី (ក៏ដូចជា) ជ័យលាភី ដែលទទួលវិញ្ញាបនបត្រ/សញ្ញាបត្រនៅថ្ងៃ​នេះ ជាទីស្រឡាញ់! ការបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ខ្ញុំពិតជាមានសេចក្ដីរីករាយ ដែលបានត្រឡប់មក(សាជាថ្មីម្ដងទៀត) ដើម្បីជួបជុំជាមួយនឹងនិស្សិតជ័យលាភីរបស់យើងនៅថ្ងៃនេះ ជាមួយនឹងវឌ្ឍនភាពគួរឱ្យកត់ម្គាល់ ដូចដែល ឯកឧត្តម អ៊ិត សំហេង បានធ្វើរបាយការណ៍​អំបាញ់​មិញ ​ទាក់ទងនឹងការបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ សម្រាប់ការអភិវឌ្ឍប្រទេសជាតិរបស់យើង។ ឯកឧត្តម អ៊ិត សំហេង បានរំលឹកទៅដល់ឆ្នាំ ១៩៩៦ ពេលដែលខ្ញុំទៅចែកជូនសញ្ញាបត្រនៅពេលនោះគឺសិស្សមានត្រឹម​តែជាង ២០០ នាក់ តែប៉ុណ្ណោះ ហើយពិបាកនឹង(រក)ការងារធ្វើទៀតផង ហេតុអីបានជាដំណាក់កាលនោះវាស្ថិតក្នុង(ស្ថានភាព)បែបនេះ? សង្គ្រាមមិនទាន់បានបញ្ចប់ទេ ជាមួយនឹងការវិនិយោគនៅតិចតួចណាស់ ដូច្នេះ ការ​បណ្ដុះបណ្ដាលនៅទីនោះស្ទើរតែគ្មានសិស្សតែម្ដង ដោយសារតែការដោះស្រាយការងារធ្វើ គឺជួបការលំបាក​ ដោយ​យើងមិនមានមូលដ្ឋានគ្រប់គ្រាន់…

សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន សំណេះសំណាលនិងចែកពូជស្រូវជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ខេត្តកំពង់ធំ

(១) មានស្រូវពូជល្អប្រើប្រាស់ ម្ខាងទទួលបានផល ម្ខាងទៀតមានទីផ្សារ, គណបក្សប្រជាជនបាននិងកំពុងរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់ពេលវេលា, គ្រោះជំនន់ធ្ងន់ធ្ងរលាតសន្ធឹងដល់ ២០ ខេត្ត/រាជធានី ថ្ងៃនេះ អាចចាត់ទុកថា ខ្ញុំមកកាន់ទីនេះយឺតបន្តិច។ ខ្មែរយើងប្រើពាក្យថា “មកយឺតប្រសើរជាងអត់បានមក”។ ខ្ញុំបានទទួលដំណឹងជាបន្តបន្ទាប់ តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី ១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានចុះមកខេត្តកំពង់ធំជាញឹកញាប់ ជាមួយនោះក៏បានជួបជាមួយនឹងឯកឧត្តម ងួន រតនៈ អភិបាលខេត្ត ដែលបានធ្វើរបាយការណ៍អម្បាញ់មិញ ហើយក៏បានផ្ញើជូននូវសំភារៈ ស្បៀងអាហារ ស្រូវពូជ ឲ្យចែកមុន។ មុននឹងចូលបន្តទៅទៀត អនុញ្ញាតឲ្យខ្ញុំយកឱកាសនេះ ដើម្បីពាំនាំមកនូវព្រះរាជបណ្តាំសួរសុខទុក្ខពីសំណាក់ ព្រះករុណាព្រះមហាក្សត្រ ក៏ដូចជាសម្តេចម៉ែ ដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ ចំពោះសុខទុក្ខរបស់ប្រជារាស្ត្រ។ ថ្ងៃនេះ គឺជាខួបលើកទី ១៨ នៃថ្ងៃគ្រងរាជ្យរបស់ព្រះមហាក្សត្ររបស់យើង។ ១៨ ឆ្នាំ បានកន្លងផុត ជាមួយនឹងការរីកលូតលាស់របស់ប្រទេសជាតិនិងប្រជាជន ជាមួយនឹងការយកព្រះទ័យទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាជនរបស់ព្រះមហាក្សត្រ។ ចេញពីទីនេះ ជាមួយនឹងការថ្លែងនូវការអបអរសាទរនូវខួបអនុស្សាវរីយ៍ ១៨ ឆ្នាំនៃការគ្រងរាជ្យ ទូលព្រះបង្គំជាខ្ញុំសូមថ្វាយព្រះពរចំពោះព្រះករុណាព្រះមហាក្សត្រ សូមព្រះអង្គមានព្រះរាជសុខភាពល្អ ព្រះជន្មានុយឺនយូរ ដើម្បីគង់ប្រថាប់នៅ​ជាម្លប់របស់ប្រជារាស្ត្រតរៀងទៅ។ ងាកមកការជួបជុំ…

ប្រសាសន៍ ក្នុងកម្មវិធីសំណួរ/ចម្លើយ បន្ទាប់ពីសន្និសីទអន្តរជាតិលើកទី ២៥ ស្តីពី «អនាគតអាស៊ី» នៅទីក្រុងតូក្យូ ប្រទេសជប៉ុន

[ចម្លើយ ចំពោះ សំណួរទី ១] សង្គ្រាមពាណិជ្ជកម្មប៉ះពាល់ដំបូងគេ គឹប្រទេសដែលពាក់ព័ន្ធនោះ​ឯង … សូមអរគុណចំពោះសំណួរនេះ។ យើងបានដឹងហើយថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ សង្គ្រាមពាណិជ្ជកម្មបានកើតឡើង។ យើងសង្កេតមើលឃើញថា តើអ្នកដែលខូចខាតនោះគឺជា​អ្នកណា? ដំបូងបំផុត គឺប្រ​ទេសដែលមានសង្គ្រាមពាណិជ្ជកម្មជាមួយគ្នានោះឯងជាអ្នកទទួលរងនូវផលប៉ះពាល់។ ឧទាហរណ៍ សហរដ្ឋអាមេរិកវាយពន្ធទៅលើទំនិញរបស់ចិន ហើយចិនវាយពន្ធតវិញទៅលើទំនិញរបស់សហរដ្ឋអាមេរិក តើនរណាជាអ្នកទទួលរងគ្រោះមុនគេ? គឺប្រជាជនអាមេរិកនោះឯងដែលជាអ្នកទិញទំនិញ។ ឧទា​ហរណ៍ថា សម្ភារៈមួយដែលមានតម្លៃត្រឹមតែ ១០០ ដុល្លារទេ ប៉ុន្តែ ត្រូវវាយពន្ធទៅដល់ ២០% ដូច្នេះ វានឹងត្រូវបង្កើនប្រាក់ចំណាយសម្រាប់(ទិញ)របស់មួយដដែល គឺពី ១០០ ទៅ ១២០ (ដុល្លារ) ត្រឡប់មកវិញ ចិនក៏នឹងមានករណីដូចគ្នានោះដែរ។ ដូច្នេះ សង្គ្រាមពាណិជ្ជកម្មនេះ វាមានផលប៉ះពាល់ផ្ទាល់តែម្តងសម្រាប់ប្រ​ទេស និងប្រទេស ដែលគេមានបញ្ហាជាមួយគ្នា។ ពិភពលោកទទួលផលប៉ះពាល់ពីសង្គ្រាមពាណិជ្ជកម្មផង និងពីការដាក់ទណ្ឌកម្មផង ​ច្បាស់ណាស់ថា ពិភពលោកក៏នឹងទទួលផលប៉ះពាល់ដូចគ្នានេះដែរ ដោយសារតែមានភាពបត់បែននៅក្នុងបញ្ហាមិនច្បាស់លាស់មួយចំនួន។ បញ្ហាទណ្ឌកម្មនេះទៀតសោត យើងត្រូវឃើញថា មិនមែនគ្រាន់តែ(ត្រូវបានធ្វើ)នៅក្នុងក្របខណ្ឌប្រទេស និងប្រទេសទេ (វាមាន)សូម្បីតែទណ្ឌកម្ម ដែលចេញពីក្រុមប្រឹក្សាសន្តិសុខ (ដែល)វាមិនមែនជាប់ពាក់ព័ន្ធតែជាមួយប្រទេសណាមួយ(ដោយចំពោះ)ទេ ក៏ប៉ុន្តែ វាពាក់ព័ន្ធនឹងប្រទេសទាំងអស់។…