សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន សំណេះសំណាលជាមួយកម្មករ នៅខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ (ថ្ងៃទី២)

សំណួរសំណេះសំណាលជាមួយកម្មករ/ការិនី ចង់ទន់ជង្គង់ មកពីត្រឹមនេះអម្បាញ់មិញស្មើនឹងវាយកូនហ្គោល ប្រាំឡូត៍។ ចុះបើពូម្នាក់ឯង ហើយក្មួយៗ ១៨ ០០០ នាក់ បែកញើសជោគ ឯណាអោបផង ឯណាថើបផង ប្រសិនបើមានជំងឺកូវីដ-១៩ អី ​គឺផ្ដាំអញ្ចេះ ប្រសិនបើពូកើតកូវីដអី អាហ្នឹងមិនមែនមកពីឆ្លងពីក្មួយទេ អាហ្នឹងមកពីពូមានជំងឺ។ ប៉ុន្ដែប្រសិនបើក្មួយកើតកូវីដ​-១៩ វិញ អាហ្នឹងចាត់ទុកថាឆ្លងពីពូទៅចុះ។ អរគុណដែលក្មួយៗផ្ដល់នូវការស្រឡាញ់រាប់អានតាមរយៈការស្វាគមន៍​។ មុនចូលដល់អ្វីដែលខ្ញុំគួរនិយាយ ខ្ញុំគួរសួរសំណួរដ៏លំបាកមួយ មិនថាមួយសំណួរទេ ប្រហែលជាច្រើនសំណួរ​។ សួរថានៅក្នុងចំណោមភាគច្រើននៅក្នុងរោងចក្រសហគ្រាសរបស់យើងនេះភាគច្រើនស្ដ្រីច្រើន​ជាបុរស។ ចង់សួរថា អ្នកដែលមានគ្រួសារហើយមានប៉ុន្មាន (មិនតិចទេ ច្រើនណាស់)។ សុំសួរសំណួរដ៏លំបាកមួយ អ្នកដែលប្រចណ្ឌប្ដីមានប៉ុន្មាន?(កុំខ្លាចនឹងលើកដៃ ហើយខាងអ្នកមានផ្ទៃពោះអត់ប្រចណ្ឌ​ប្ដីទេ​នោះ)​។ បើយើងមិនប្រចណ្ឌប្ដី បានន័យថាយើងមិនស្រឡាញ់ប្ដីទេ។ សួរថាអ្នកនៅលីវប៉ុន្មានទៅ?​ សំណួរ​ធម្មតា គឺចង់សួរថាអ្នកដែលចាក់វ៉ាក់សាំងមានប៉ុន្មាន សុំលើកដៃមើល? ហើយអ្នកដែលមិនទាន់បានចាក់? ​ព្រោះអ្នកខ្លះគ្រូពេទ្យតម្រូវថាមិនអាចចាក់បានទេ អញ្ចឹងយើងក៏ចង់ដឹងពីបញ្ហានេះ។ ជំនួបសំណេះសំណាលដើម្បីស្វែងរកបញ្ហានិងដំណោះស្រាយ ថ្ងៃនេះ សប្បាយរីករាយដែលបានវិលមកទីនេះម្ដងទៀត។ ម្សិលមិញក៏មកទីនេះ។ ហេតុអ្វីបានមិនធ្វើម្ដងធ្វើឲ្យចប់? ប្រសិនបើដាក់ម្ដង ១៨ ០០០ បូកពីរដង ៣៦ ០០០ នាក់គឺច្រើនពេក។…