សេចក្តីដកស្រង់ប្រសាសន៍ ពិធីជួបជុំសំណេះសំណាលជាមួយប្រជាពលរដ្ឋ ពលករ និងនិស្សិតខ្មែរ កំពុងស្នាក់នៅ/ធ្វើការ/សិក្សានៅសាធារណរដ្ឋកូរ៉េ
ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ក្មួយៗ បងប្អូនទាំងអស់ ដែលជា ពលករ ពលការិនី និស្សិត ក៏ដូចជាក្មួយៗដែលមានក្រុមគ្រួសារនៅប្រទេសកូរ៉េ ដែលបានចូលរួមនៅក្នុងពេលនេះ។ គ្រាន់តែគ្រួសារមិនស្រឡាញ់ផង តើអ្នកទៅស្រឡាញ់ប្រជាជនយ៉ាងម៉េច? ថ្ងៃនេះ យើងបានជួបគ្នាពិតប្រាកដ ខុសប្លែកកាលពីឆ្នាំទៅ។ ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ថ្លែងនូវការសុំអធ្យាស្រ័យអំពីការអាក់ខានកាលពីឆ្នាំកន្លងទៅនេះ។ ពេលនោះ ពិតជាមានការលំបាកមែន ត្រៀមនឹងរៀបចេញដំណើរទៅហើយ ក៏ប៉ុន្តែដោយសារជំងឺ(ម្ដាយក្មេក)ធ្ងន់ពេក នៅក្នុងស្ថានភាពសង្រ្គោះបន្ទាន់ ដែលយើងមិនអាចដឹងបានថា តើគាត់អាចរស់ ឬស្លាប់។ សម្រាប់យើងជាកូន ត្រូវសម្រេចចិត្តបែបណា ម្ខាងការងារប្រទេសជាតិ តែម្ខាងទៀតគឺកិច្ចការទាក់ទងជាមួយនឹងម្ដាយក្មេក។ ម្ដាយក្មេក និងម្ដាយបង្កើត អត់មានអ្វីខុសគ្នាទេ។ រឿងនេះ អ្នកខ្លះបានធ្វើអត្ថាធិប្បាយចូលមកនិយាយនៅក្នុងហ្វេសប៊ុករបស់ខ្ញុំ អំពីបញ្ហាដែលថា គិតអំពីគ្រួសារច្រើនជាងគិតពីប្រទេសជាតិ។ ពេលនោះ ខ្ញុំក៏បានឆ្លើយតបត្រឡប់ទៅវិញថា បើសិនជាអ្នកឯងគ្រាន់តែគ្រួសារមិនស្រឡាញ់ផង តើអ្នកទៅស្រឡាញ់ប្រជាជនយ៉ាងម៉េច? រឿងហ្នឹង និយាយឱ្យពិតអញ្ចឹង។ ការងារប្រទេសជាតិ យើងធ្វើហើយ យើងមានអ្នកជំនួសដោយឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីការបរទេស។ ក៏ប៉ុន្តែ សម្រាប់យើងជាកូន នៅពេលដែលម្ដាយទទួលមរណកាល…