្រធានាធិបតីចិន ស៊ី ជីនភីង បាននិយាយកាលពីថ្ងៃសុក្រថា ចិន និងកម្ពុជា បានបង្ហាញតាមរយៈការខិតខំប្រឹងប្រែងរួមគ្នាជាក់ស្តែង ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ថាសហគមន៍ចិននិងកម្ពុជា ដែលមានអនាគតរួមគ្នា មិនអាចបំបែកបាន។
ប្រធានាធិបតី ស៊ី ក្នុងនាមជាអគ្គលេខាធិការគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តចិនផងដែរ បានធ្វើការកត់សម្គាល់នៅក្នុងសារលិខិតផ្ញើជូន (សម្តេចតេជោ) ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា។
ប្រធានាធិបតី ស៊ី បានមានប្រសាសន៍ ថ្លែងអំណរគុណចំពោះ (សម្ដេចតេជោ) ហ៊ុន សែន ដែលបានផ្ញើលិខិតអបអរខួបលើកទី ៩៩ នៃការបង្កើតគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនិស្តចិន នាពេលកន្លងទៅ ដែលបានបង្ហាញពីបំណងប្រាថ្នា និងទស្សនៈរបស់គណបក្សប្រជាជនកម្ពុជា ស្តីពីការធ្វើអោយកាន់តែស៊ីជំរៅ
ទំនាក់ទំនងរវាងគណបក្ស និងប្រទេសទាំងពីរ។
ដោយហៅ ចិននិងកម្ពុជា ថាជាអ្នកជិតខាង និងដៃគូល្អ ដែលជួយ និងគាំទ្រគ្នាទៅវិញទៅមក ប្រធានាធិបតី ស៊ី បានកត់សម្គាល់ថា ចាប់តាំងពីការចាប់ផ្ដើម នៃការរីករាលដាលនៃជំងឺ កូវីដ១៩ ភាគីទាំងពីរបានរក្សាការគាំទ្រគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ហើយសំរេចបាននូវវឌ្ឍនភាពដ៏សំខាន់ ក្នុងការប្រយុទ្ធរួមគ្នាប្រឆាំងនឹងជំងឺបណ្តាលពីវីរុសកូរ៉ូណានេះ។
ប្រធានាធិបតី ស៊ី បានបន្ថែមថា ការបំពេញទស្សនកិច្ចរបស់(សម្តេចតេជោ) ហ៊ុន សែន ទៅកាន់ប្រទេសចិន នៅពេលដែលស្ថានភាពរាតត្បាតនៃជំងឺនៅមានសភាពធ្ងន់ធ្ងរនោះ បានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅ សំរាប់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន រដ្ឋាភិបាល និងប្រជាជនចិន ព្រមទាំងខ្លួនលោកផងដែរ។
ដោយសង្កត់ធ្ងន់ថា ប្រទេសចិនផ្តល់សារសំខាន់យ៉ាងធំធេងចំពោះការអភិវឌ្ឍចំណងទាក់ទងទ្វេភាគី ប្រធានាធិបតី ស៊ី បាននិយាយថា លោកត្រៀមខ្លួនធ្វើការជាមួយ (សម្ដេចតេជោ) ហ៊ុនសែន ដើម្បីពង្រឹងការណែនាំនយោបាយសម្រាប់ទំនាក់ទំនងរវាងគណបក្ស និងប្រទេសទាំងពីរ ធ្វើឱ្យកាន់តែស៊ីជម្រៅ ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការដទៃទៀតរវាងបក្ស និងលើកកម្ពស់ការកសាងសហគមន៍ចិន-កម្ពុជា មានអនាគតរួមគ្នា ដើម្បីជាប្រយោជន៍ដល់ប្រទេស និងប្រជាជនទាំងពីរ។
ជាមួយគ្នានេះ ប្រធានាធិបតី ស៊ី បាននិយាយថា លោករីករាយ ដែលបានឃើញថា ក្រោមការដឹកនាំដ៏រឹងមាំរបស់ព្រះមហា ក្សត្រខ្មែរ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី និងរាជរដ្ឋាភិបាលកម្ពុជា ដែលមាន (សម្ដេចតេជោ) ហ៊ុន សែន ជាប្រមុខ កម្ពុជាសម្រេចបាននូវសមិទ្ធផលគួរឲ្យអបអរសាទរក្នុងវិស័យជាច្រើន។
លោកបានបន្ថែមថា ប្រទេសចិនគាំទ្រយ៉ាងមុតមាំដល់ប្រទេសកម្ពុជា ក្នុងការដើរលើមាគ៌ាអភិវឌ្ឍន៍មួយ សមស្របទៅនឹងលក្ខខណ្ឌជាតិរបស់ខ្លួន ហើយជឿជាក់ថា ក្រោមការដឹកនាំរបស់ (សម្ដេចតេជោ) ហ៊ុន សែន កម្ពុជានឹងពិតជាសម្រេចបាននូវសមិទ្ធផលថ្មីៗ ក្នុងបុព្វហេតុកសាងជាតិ និងចូលរួមចំណែកវិជ្ជមានក្នុងការលើកកម្ពស់ស្ថេរភាព និងការអភិវឌ្ឍក្នុងតំបន់។ (Xinhua)