សារតាមហ្វេសប៊ុកផេច ស្តីពីការធ្វើតេស្តអវិជ្ជមាន កូវីដ១៩ ជាលើកទី ៣

នៅព្រឹកថ្ងៃទី ១៤ វិច្ឆិកា ឆ្នាំ ២០២០ នេះ ក្រុមគ្រូពេទ្យបានយកសំណាក(របស់ខ្ញុំ និងភរិយា ព្រមទាំងអ្នកនៅបំរើការក្នុងផ្ទះរបស់ខ្ញុំ)ទៅធ្វើតេស្តជាលើកទី ៣។ ជាលទ្ធផល ទាំងខ្ញុំ និងភរិយា ក៏ដូចជាបងប្អូននៅជុំវិញ គឺ(មានលទ្ធផល)អវិជ្ជមាន កូវីដ-១៩ ទាំងអស់។ ខ្ញុំកំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្តរបស់បងប្អូនផ្សេងទៀតដែលពាក់ព័ន្ធជាមួយ ព្រឹត្តិការណ៍ ៣ វិច្ឆិកាហើយសង្ឃឹមថាលទ្ធផលនឹងអវិជ្ជមានទាំងអស់គ្នា។ ទោះយ៉ាងណាក៏ដោយ ខ្ញុំនឹងបន្តធ្វើចត្តាឡីស័ករហូតដល់ថ្ងៃទី ១៨ វិច្ឆិកា ដែលនឹងត្រូវធ្វើតេស្តលើកទី ៤ និងជាលើកចុងក្រោយ ដែលខ្ញុំសង្ឃឹមថា​ ទាំងខ្ញុំ និងភរិយា ព្រមទាំងបងប្អូនប្រមាណជាង ១០០០ នាក់ ដែលធ្វើចត្តាឡីស័កក្នុងពេលជាមួយគ្នាពីថ្ងៃទី ៤ វិច្ឆិកា ២០២០ នឹងមានលទ្ធផលអវិជ្ជមាន ដែលនឹងធ្វើឱ្យការព្រួយបារម្ភអំពី កូវីដ-១៩ ត្រូវបានកាត់បន្ថយនៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល និងដែលអាចឈានទៅបើកសាលារៀនឡើងវិញសម្រាប់ការសិក្សារបស់កូនចៅយើង។ ខ្ញុំនិងភរិយាសូមថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិ ដែលបារម្ភអំពីសុខភាព និងជូនពរដល់ខ្ញុំនិងភរិយា៕

សេចក្តីដកស្រង់ប្រសាសន៍តាម ហ្វេសប៊ុកផេច ស្តីពីលទ្ធផលតេស្តរកជំងឺ កូវីដ១៩ និងបទបញ្ជាស្តីពីចត្តាឡីស័ក

ថ្ងៃនេះ ៩ វិច្ឆិកា ២០២០ ក្រុមគ្រូពេទ្យបានយកសំណាកពីខ្ញុំ និងភរិយា ព្រមទាំងអ្នកនៅជាមួយ និងអ្នកនៅជាប់ខ្ញុំទាំងអស់ទៅធ្វើតេស្តជាលើកទី ២។ លទ្ធផលគឺអវិជ្ជមានទាំងអស់។ គឺជាលទ្ធផលល្អសម្រាប់ដំណាក់កាលទី ២ ក្នុងចំណោម ៤ ដំណាក់កាល។ ខ្ញុំត្រូវធ្វើចត្តាឡីស័កបន្តទៀត និងរង់ចាំការធ្វើតេស្តជាលើកទី ៣ នៅថ្ងៃទី ១៤ វិច្ឆិកា និងលើកទី ៤ នៅថ្ងៃទី ១៨ វិច្ឆិកា។ ខ្ញុំកំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្តបងប្អូនជិត ៩០០ នាក់ផ្សេងទៀត ដែលបានប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលពីព្រឹត្តិការណ៍ដែលខ្ញុំសូមដាក់ឈ្មោះថា “ព្រឹត្តិការណ៍ ៣ វិច្ឆិកា”។ “ព្រឹត្តិការណ៍ ៣ វិច្ឆិកា” នឹងត្រូវបិទបញ្ចប់ នៅក្រោយពេលដែលមនុស្សប្រមាណ ៩០០ នាក់ដឹងថាវិជ្ជមានឬអវិជ្ជមាន ដោយត្រូវការពេលប្រមាណ ៣ សប្តាហ៍ទៀត។ ដើម្បីកម្រិតកុំឱ្យ(មាន)មនុស្ស(ឆ្លង)កើនឡើង តម្រូវឱ្យអ្នកដែលបាន និងកំពុងធ្វើចត្តាឡីស័ក កុំចេញទៅជួបជាមួយមនុស្សផ្សេងទៀត។ ប្រសិនជួបជាមួយអ្នកណា ត្រូវយកអ្នកនោះមកធ្វើតេស្ត និងធ្វើចត្តាឡីស័កថែមទៀត ដែលនឹងធ្វើឱ្យកាន់តែលំបាកប្រើពេលកាន់តែយូរ និងមនុស្សកាន់តែច្រើន។ ដើម្បីបញ្ចៀសករណីដូចដែលខ្ញុំលើកឡើងខាងលើ ខ្ញុំសុំចេញបទបញ្ជាឱ្យក្រសួងសុខាភិបាល…

សេចក្តីដកស្រង់ប្រសាសន៍ សន្និសីទសារព័ត៌មានពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺ Covid-19

សង្រ្គាមប្រឆាំងនឹង Covid-19 គ្មានពាក្យថា វាយលុក និងចំណេញ ថ្ងៃនេះ ខ្ញុំមានការចាំបាច់ ដើម្បីនឹងថ្លែងទៅកាន់ប្រជាពលរដ្ឋរបស់យើង ក៏ដូចជាផ្ដល់ឱកាសឱ្យអ្នកសារព័ត៌មានរបស់យើងបានសាកសួរផងដែរ តើយើងត្រូវធ្វើកិច្ចការងារមួយចំនួនបន្តទៀត។ ប្រជាពលរដ្ឋរបស់យើងបានដឹងហើយថា យើងកំពុងស្ថិតនៅក្នុងដំណាក់កាលនៃសង្រ្គាមប្រឆាំងនឹង Covid-19​ ដែលជាជំងឺរីករាលដាលជាសកល។ មកដល់ពេលនេះ សង្រ្គាមមួយនេះស្ថិតនៅក្នុងស្ថានភាពទប់ទល់តែប៉ុណ្ណោះ គ្មានទេពាក្យថា វាយលុក ព្រោះយើងមិនដឹងថា សត្រូវពិតប្រាកដវានៅទីណានោះទេ ខុសគ្នាជាមួយនឹងផ្នែកយោធា ដែលមានវាយទប់ទល់ផង និងមានការវាយលុក ឬមានការដកថយ។ សម្រាប់យើង គ្មានទេពាក្យវាយលុក ហើយក៏គ្មានទេនូវពាក្យដែលហៅថា ឈ្នះទៅលើសង្រ្គាមមហន្តរាយបែបនេះ។ គ្មានទេពាក្យថាចំណេញ មានតែខាត។ គ្រាន់តែខាតតិច ឬខាតច្រើនតែប៉ុណ្ណោះ។ នេះជាចំណុចដែលយើងត្រូវដឹងជាមុន អំពីនិយមន័យនៃសង្រ្គាមប្រឆាំងនឹង Covid-19 នេះ។ ខ្ញុំប​ញ្ជាក់ឡើងវិញថា សង្រ្គាមនេះ គឺគ្រាន់តែមានត្រឹមកម្រិតទប់ទល់ ហើយគ្មានទេ អ្វីដែលហៅថាឈ្នះ គឺមានតែការខាតបង់ គ្រាន់តែខាតតិច ឬខាតច្រើន។ ដូចជាប្រទេសខ្លះ គឺស្លាប់ប្រជាជនច្រើន ប្រទេសខ្លះស្លាប់ប្រជាជនតិច ប្រទេសខ្លះមិនទាន់មានប្រជាជនស្លាប់ទេ ប៉ុន្តែភាគច្រើនមានមនុស្សឆ្លងរួចទៅហើយ។ សង្រ្គាមប្រឆាំងនឹង Covid-19 នេះ យើងត្រូវដាក់ទៅក្នុងក្របខណ្ឌយុទ្ធសាស្រ្តរយៈពេលវែង ព្រោះជំងឺឆ្លងនេះមិនទាន់ឃើញសញ្ញាថយចុះនៅឡើយទេ ហើយក៏មិនទាន់មានថ្នាំព្យាបាលដែរ។…