ថ្ងៃនេះ ៩ វិច្ឆិកា ២០២០ ក្រុមគ្រូពេទ្យបានយកសំណាកពីខ្ញុំ និងភរិយា ព្រមទាំងអ្នកនៅជាមួយ និងអ្នកនៅជាប់ខ្ញុំទាំងអស់ទៅធ្វើតេស្តជាលើកទី ២។
លទ្ធផលគឺអវិជ្ជមានទាំងអស់។ គឺជាលទ្ធផលល្អសម្រាប់ដំណាក់កាលទី ២ ក្នុងចំណោម ៤ ដំណាក់កាល។ ខ្ញុំត្រូវធ្វើចត្តាឡីស័កបន្តទៀត និងរង់ចាំការធ្វើតេស្តជាលើកទី ៣ នៅថ្ងៃទី ១៤ វិច្ឆិកា និងលើកទី ៤ នៅថ្ងៃទី ១៨ វិច្ឆិកា។
ខ្ញុំកំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្តបងប្អូនជិត ៩០០ នាក់ផ្សេងទៀត ដែលបានប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលពីព្រឹត្តិការណ៍ដែលខ្ញុំសូមដាក់ឈ្មោះថា “ព្រឹត្តិការណ៍ ៣ វិច្ឆិកា”។
“ព្រឹត្តិការណ៍ ៣ វិច្ឆិកា” នឹងត្រូវបិទបញ្ចប់ នៅក្រោយពេលដែលមនុស្សប្រមាណ ៩០០ នាក់ដឹងថាវិជ្ជមានឬអវិជ្ជមាន ដោយត្រូវការពេលប្រមាណ ៣ សប្តាហ៍ទៀត។ ដើម្បីកម្រិតកុំឱ្យ(មាន)មនុស្ស(ឆ្លង)កើនឡើង តម្រូវឱ្យអ្នកដែលបាន និងកំពុងធ្វើចត្តាឡីស័ក កុំចេញទៅជួបជាមួយមនុស្សផ្សេងទៀត។ ប្រសិនជួបជាមួយអ្នកណា ត្រូវយកអ្នកនោះមកធ្វើតេស្ត និងធ្វើចត្តាឡីស័កថែមទៀត ដែលនឹងធ្វើឱ្យកាន់តែលំបាកប្រើពេលកាន់តែយូរ និងមនុស្សកាន់តែច្រើន។
ដើម្បីបញ្ចៀសករណីដូចដែលខ្ញុំលើកឡើងខាងលើ ខ្ញុំសុំចេញបទបញ្ជាឱ្យក្រសួងសុខាភិបាល អាជ្ញាធររាជធានីភ្នំពេញ និងខេត្តកណ្តាល ពិនិត្យតាមដានគ្រប់មនុស្សដែលបាន និងកំពុងធ្វើចត្តាឡីស័ក។ ប្រសិនពួកគាត់អនុវត្តមិនបានត្រឹមត្រូវក្នុងការធ្វើចត្តាឡីស័កតាមផ្ទះទេ សូមអញ្ជើញពួកគាត់ទៅធ្វើចត្តាឡីស័កតាមទីកន្លែងដែលរៀបចំដោយក្រសួងសុខាភិបាល និងដោយមានការយាមកាមពីកម្លាំងនគរបាលឬកងរាជអាវុធហត្ថឱ្យបានហ្មត់ចត់។
នេះគឺជាគន្លឹះក្នុងការឈានទៅបញ្ចប់ “ព្រឹត្តិការណ៍ ៣ វិច្ឆិកា” ឱ្យបានឆាប់ តាមរយៈ(ការយកវិធានការ)កុំឱ្យកើនចំនួនមនុស្សពាក់ព័ន្ធ ដែលនាំដល់ការអូសពេលវេលាកាន់តែវែង។ សូមកុំឱ្យកំទេចភ្លើងក្លាយជាអគ្គីភ័យ តាមរយៈការធ្វេសប្រហែសរបស់យើង។ សូមជួយពន្លត់ភ្លើង និងសុំកុំអង្គុយបក់ផ្សែង។
“ព្រឹត្តិការណ៍ ៣ វិច្ឆិកា” នឹងបញ្ចប់ក្នុងខែវិច្ឆកានេះ ដោយមិនត្រូវពន្យារពេល។ សូមជូនពរបងប្អូនជនរួមជាតិឃ្លាតឆ្ងាយពី កូវីដ១៩ ៕