ដកស្រង់ប្រសាសន័សង្កថា សម្តេចតេជោ ហ៊ុន សែន ប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យ អាស៊ី-អឺរ៉ុប
(១) គ្រប់វិស័យមានការជឿនលឿនផ្នែកឌីជីថល ដោយឡែកវិស័យអប់រំមានការប្រើប្រាស់ទូលាយជាងគេ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានក្ដីរំភើបរីករាយ ដែលបានមកចូលរួមចែកសញ្ញាបត្រ សម្រាប់ជ័យលាភីនៅក្នុងសាកលវិទ្យាល័យ អាស៊ី-អឺរ៉ុប ដែលយើងខ្ញុំបានអាក់ខានអស់រយៈពេល ២ ឆ្នាំកន្លងទៅ។ នេះជាលើកទី ២ បន្ទាប់ពីសាកលវិទ្យាល័យពុទ្ធិសាស្ដ្រ ហើយពេលនេះយើងចូលដល់សាកលវិទ្យាអាស៊ី-អឺរ៉ុប ដែលមាននិស្សិតរហូតដល់ ៣,០៧៥ នាក់ ដែលនឹងត្រូវទទួលសញ្ញាបត្រនៅថ្ងៃនេះ។ ខ្ញុំសូមយកឱកាសនេះ សម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានខិតខំប្រឹងប្រែងក្នុងការដឹកនាំក្នុងវិស័យអប់រំ យុវជននិងកីឡា ទាំងគ្រឹះស្ថានសិក្សារបស់រដ្ឋ/ឯកជនក៏មានបញ្ហាប្រឈមដូចៗគ្នា នៅក្នុងដំណាក់កាលដ៏លំបាកលំបិននៃកូវីដ-១៩។ តាមរយៈនោះ ដូចដែលខ្ញុំព្រះករុណាខ្ញុំ បាននិយាយពីសប្ដាហ៍មុន ជាមួយនឹងវិបត្ដិដែលបានកើត វាក៏មានកាលានុវត្ដន៍ភាពដែលផ្ដល់ឱ្យយើងនៅត្រង់ថាបច្ចេកវិទ្យាព័ត៌មានបានឈានទៅមុខយ៉ាងលឿនតាមរយៈការរៀនសូត្រតាមប្រព័ន្ធអនឡាញ ដែលអាចចាត់ទុកថាជាផ្នែកមួយយ៉ាងសំខាន់រុញដំណើរការនេះ។ វាមិនមែនតែវិស័យអប់រំមួយមុខនោះទេ ប៉ុន្ដែគ្រប់វិស័យទាំងអស់សុទ្ធតែមានការជឿនលឿនផ្នែកឌីជីថល ប៉ុន្ដែ ផ្នែកដែលមានការប្រើប្រាស់ច្រើនជាងគេ គឺក្នុងវិស័យអប់រំនេះតែម្ដង។ ក្នុងរយៈកាល នៃវិបត្ដិនេះ ក្រសួងអប់រំ យុវជន និងកីឡា បានខិតខំជាមួយនឹងផ្នែកពាក់ព័ន្ធ ក្នុងនោះទូរទស្សន៍ជាតិកម្ពុជាក៏បានដើរតួនាទី(ជួយផ្សព្វផ្សាយ) ហើយសាកលវិទ្យាល័យនីមួយៗ គ្រឹះស្ថានសិក្សានីមួយៗ ក៏សុទ្ធតែបានចូលរួមចំណែកពង្រឹងសមត្ថភាពប្រព័ន្ធអប់រំរបស់ខ្លួន ដើម្បីជូននិស្សិតនៅពេលដែលយើងចាំបាច់ត្រូវបិទសាលារៀន។ ក្នុងទិដ្ឋភាពដោយឡែក គឺសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប នៅតែបន្ដសកម្មភាព ដូចដែល ឯកឧត្តម…