ការដកស្រង់សេចក្ដីអធិប្បាយ សម្ដេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា ជុំវិញខេត្តសៀមរាប-ឧត្តមានជ័យ

“… ហេតុអ្វីបានជាអ្នកសារព័ត៌មានថៃ ផ្សព្វផ្សាយនូវអ្វីដែលជាការមិនពិត? … វាមានឃ្លីបវីដេអូទាំងស្រុងទៅទៀត។ វាបង្កើតទៅជាការភាន់ច្រលំដោយនាយករដ្ឋមន្ត្រី អានុធិន តាំងពីនៅហាណូយ ថា លោក ហ៊ុន សែន ត្រៀមនឹងដណ្តើមយកដីហ្នឹងត្រឡប់មកវិញ ទាំងមធ្យោបាយសន្តិវិធីនិងមធ្យោបាយយោធា។ វាទៅជាអញ្ចេះបាត់ទៅ។ អញ្ចឹង សូមផ្ដាំផ្ញើទៅអ្នកកាសែតថៃទាំងឡាយ សូមមើលឲ្យច្បាស់។ (ការផ្សាយមិនពិត)នេះបង្កើតនូវការភាន់ច្រលំដ៏ធំមួយ ដែលគួរឲ្យកើតមានតាមរយៈអ្នកសារព័ត៌មានទេ? ម្សិលមិញ ខ្ញុំបានលើកឡើងអំពីបញ្ហារវាងម្ខាងដំណោះស្រាយយោធា និងម្ខាងទៀតដំណោះស្រាយសន្តិវិធី។ ខ្ញុំសួរទៅប្រជាពលរដ្ឋថា តើចង់ដោះស្រាយដោយយោធាឬទេ? ព្រោះជម្រើសរបស់យើងវាមានតែពីរទេ។ រឺមួយយើងត្រូវដណ្តើមដីរបស់យើងមកវិញដោយប្រើកម្លាំងយោធា រឺមួយយើងដណ្តើមដីរបស់យើងមក​វិញតាមមធ្យោបាយសន្តិវិធី។ ប្រជាពលរដ្ឋបានលើកដៃគ្រប់ៗ គ្នា មិនចង់បានយោធាទេ។ កាលពីមុន នាយករដ្ឋមន្ត្រីក៏ដូចជាគ្រប់តួអង្គពាក់ព័ន្ធតែងតែនិយាយថាដោះស្រាយដោយសន្តិវិធី។ លើកនេះ ខ្ញុំបានពន្យល់ច្បាស់​ទៅកាន់ប្រជាពលរដ្ឋឲ្យយល់អំពីផលវិបាកនៃការប្រើប្រាស់កម្លាំងយោធា។ ខ្ញុំគិតថានេះគ្រាន់តែជាការពន្យល់បន្ថែមទេ។ សំខាន់សូមឲ្យអ្នកសារព័ត៌មានថៃបើកមើលវីដេអូហ្នឹងឡើងវិញ​ឲ្យច្បាស់។ ខ្ញុំបាននិយាយថា ប្រសិនជាប្រើប្រាស់ដំណោះស្រាយយោធា ឧទាហរណ៍ថាយើងវាយកាន់កាប់ត្រឡប់មកវិញនូវទឹកដីនោះ។ គ្រាប់ទីមួយគឺជាបរាជ័យរបស់កម្ពុជាលើកិច្ចការនយោបាយនិងការទូត។ ព្រោះអ្វី? (គឺ)យើង(នឹងក្លាយ)ជាអ្នកបំពានបទឈប់បាញ់។ យើងបំផ្លាញអស់នូវអ្វីដែលហៅថាជំនឿទុកចិត្តពីអន្តរជាតិចំពោះយើង។ ក្នុងពេលនេះ អន្តរជាតិគ្មានអ្នកណាជឿថាកម្ពុជាទៅឈ្លានពានថៃទេ។ ហ្នឹងនិយាយឲ្យពិត។ វាគ្មានប្រទេសតូចឯណាទៅវាយប្រទេសធំដួលទេ។ ថៃខ្លួនឯងក៏ធ្លាប់បានប្រកាសដែរ។ កងទ័ពជើងគោកថៃប្រកាសច្បាស់ណាស់ថា ដោយសារកម្ពុជាបានទៅនៅលើដីថៃ៣០ ឬ៤០ឆ្នាំហើយ ដូច្នេះថៃត្រូវប្រើប្រាស់កម្លាំងដើម្បីយកត្រឡប់ទៅវិញ។ ហ្នឹងមានន័យថាម៉េច? ពេលផ្ទុះអាវុធនៅខែកក្កដាឆ្នាំ២០២៥…

សេចក្ដីអធិប្បាយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជួបសំណេះសំណាលសួរសុខទុក្ខជនភៀសសឹក នៅទីទួលសុវត្ថិភាព វត្តពោធិ៥០០០ ដើម

ថ្វាយបង្គំព្រះសង្ឃគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ បងប្អូនជូនរួមជាតិ ជាទីគោរពស្រលាញ់ ខ្ញុំព្រះករុណាខ្ញុំ ជាមួយថ្នាក់ដឹកនាំផ្សេងទៀត បានមានឱកាសមកកាន់ទីនេះ។ ពីមុន នាយករដ្ឋមន្រ្តីក៏បានមកជួបបងប្អូននៅទីនេះ។ ឥឡូវ ឪពុករបស់នាយករដ្ឋមន្រ្តី ក៏មកដល់ទីនេះដែរ ដើម្បីសួរសុខទុក្ខបងប្អូន។ បើទោះបីជាខ្ញុំមិនបំពេញភារកិច្ចជានាយករដ្ឋមន្រ្តីទៀតក៏ដោយ ក៏ប៉ុន្តែ ខ្ញុំនៅមានការទទួលខុសត្រូវ ក្នុងឋានៈជាមេដឹកនាំកម្ពុជាម្នាក់ និងក្នុងឋានៈជាពលរដ្ឋកម្ពុជាម្នាក់។ អនុញ្ញាតឱ្យខ្ញុំបានពាំនាំនូវព្រះរាជបណ្ដាំសួរសុខទុក្ខពីសំណាក់ព្រះមហាក្សត្រជាទីសក្ការៈ និងសម្ដេចម៉ែ ព្រះមាតាជាតិជាទីសក្ការៈ ចំពោះបងប្អូនរួមជាតិទាំងអស់ដែលបានភៀសសឹកមកកាន់ទីនេះ។ ព្រះមហាក្សត្រ ព្រះមាតាជាតិរបស់យើង ព្រះអង្គតែងតែគិតគូរ ខ្វល់ខ្វាយចំពោះសុខទុក្ខរបស់កងទ័ព ក៏ដូចជាប្រជាពលរដ្ឋនៅតាមព្រំដែន។ ព្រះអង្គក៏បានចូលរួមចំណែកជាថវិកាផ្ទាល់របស់ព្រះអង្គ ដើម្បីគាំទ្រមកដល់កងទ័ពនៅឯជាយដែន ក្នុងពេលដែលបំពេញភារកិច្ចការពារទឹកដី។ ព្រះអង្គក៏ធ្លាប់បានបញ្ជូនក្រុមរបស់ព្រះបរមរាជវាំង មកផ្ដល់ជំនួយនៅទីនេះផងដែរ។ (១) កម្ពុជារងគ្រោះពីការឈ្លានពានរបស់កងទ័ពថៃ ដែលចិញ្ចឹមចិត្តម្ដងហើយម្ដងទៀតដណ្ដើមទឹកដី មកដល់ទីនេះ ខ្ញុំនឹកឃើញនូវអ្វីដែលថា “សន្តិភាព” (និង)អ្វីដែលហៅថា “សង្រ្គាម”​។ ពិតជាអាណោចអាធ័ម នឹកទៅដល់រឿងអតីតកាល ដ៏ជូរចត់របស់យើង​។ មិននឹកស្មានថា អតីតកាលប្រកបទៅដោយការឈឺចាប់នោះ វាបានវិលត្រឡប់មកវិញ តាមរយៈនៃការឈ្លានពានរបស់អ្នកជិតខាង។ យើងគ្មានការប៉ងប្រាថ្នាអ្វីក្រៅពីធ្វើ(ឱ្យ)មានមិត្តភាព និងធ្វើជាអ្នកជិតខាងល្អគ្នានោះទេ។ សូមឱ្យអន្តរជាតិមើលឱ្យឃើញថា តើប្រទេសកម្ពុជា ឬថៃ អ្នកណាឈ្លានពានអ្នកណា?​ តើថៃ បានជម្លៀសប្រជាជនរបស់ខ្លួនចេញពីព្រំដែនទេ?…

សម្តេចតេជោ៖ វាយតម្លៃខ្ពស់ចំពោះលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលមានសេចក្តីក្លាហានចេញដឹកនាំពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ

យើងគួរតែវាយតម្លៃខ្ពស់ចំពោះលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលមានសេចក្តីក្លាហានចេញដឹកនាំពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដោយចាប់​ផ្តើមពីបណ្តាញព័ត៌មានដែលផ្តល់ថវិកាដោយរដ្ឋាភិបាលអាមេរិកជាមុន។ នេះជាការរួមចំណែកដ៏ធំដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ ព័ត៌មានភូតកុហក លាបពណ៌ អុជអាល ញុះញង់ បង្កចលាចលស្ទើរពេញពិភពលោក ដែលចេញមកពីក្បាលម៉ាស៊ីនឃោសនាដែលលោកប្រធានាធិបតី ត្រាំ បញ្ឈប់ការផ្តល់ថវិកា។ ដូចខ្ញុំបានជំរាបអង្គប្រជុំអាស៊ាន អាមេរិកចំពោះមុខលោកប្រធានាធិបតី ត្រាំ នៅហ្វីលីពីនឆ្នាំ២០១៧ថា ការមិនទុកចិត្តលើអាមេរិកដោយប្រទេសមួយចំនួន វាក៏មានចំណែកចេញមកពីប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដែលធ្វើឲ្យប្រទេសទាំងនោះយល់ច្រឡំថា ជាគោលជំហររដ្ឋាភិបាលអាមេរិក។ ចរិតមាយាទ និងសំដីនៃអ្នកយកព័ត៌មាន និងអ្នកនិយាយព័ត៌មានមួយចំនួនតូចនៃបណ្តាញព័ត៌មាននេះឫកធំជាងប្រមុខរដ្ឋ ឬប្រមុខរដ្ឋាភិបាលទៅទៀត គ្មានគុណធម៌ និងសីលធម៌ទេ។ សូមកោតសរសើរ និងសូមអរគុណលោកប្រធានាធិបតី ដូណាល់ ត្រាំ៕