សារលើហ្វេសប៊ុក ស្តីពី «ស្ថានភាពល្អប្រសើរ នៃនយោបាយ សង្គម និងសេដ្ឋកិច្ចកម្ពុជា»

សុខសប្បាយជាទេបងប្អូនជនរួមជាតិ ស្ថានភាពនយោបាយ សង្គម និងសេដ្ឋកិច្ច នៅក្នុងប្រទេសជាតិសព្វថ្ងៃ គឺកំពុងឆ្ពោះទៅរកភាពកាន់តែល្អប្រសើរ។ ចំពោះចំណូលពន្ធ គឺបានកើនឡើងជាបន្តបន្ទាប់។ សេដ្ឋកិច្ចកម្ពុជាដែលពីមុនហ៊ុមព័ទ្ធដោយទារុណកម្ម និងការគាបសង្កត់ ប៉ុន្តែពេលនេះគឺបានងើបលូតលាស់ និងកាន់តែរឹងមាំ។ សូមអរគុណដល់បងប្អូនអាជីវករ ពាណិជ្ជករ និងវិនិយោគិន ដែលបានបំពេញកាតព្វកិច្ចបង់ពន្ធ និងបានពង្រីកទំហំពាណិជ្ជកម្ម និងវិនិយោគអោយកាន់តែធំឡើងនៅក្នុងប្រទេសជាតិ។ ប្រទេសយើងពីមុនដែលធ្លាប់ជាប្រទេសក្រីក្រធ្លាក់ដល់បាតាល ប៉ុន្តែឥឡូវគឺបានងើបលេចធ្លោរួចផុតពីភាពក្រីក្រជាមួយនឹងកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧%។ ដោយសារចំណូលពន្ឋកាន់តែខ្ពស់ ការព្យាកររបស់យើងទៅថ្ងៃអនាគត គឺកម្ពុជានឹងក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។ កម្ពុជាមិនអាចរំពឹងលើជំនួយបរទេសតែមួយមុខទេ ហើយកម្ពុជាក៏មិនត្រូវយកឯករាជ្យភាព និងអធិបតេយ្យភាពរបស់ខ្លួនទៅដោះដូរជាថ្នូរនឹងអ្វីមួយនោះដែរ។ ប៉ុន្តែយើងចង់ធ្វើជាមិត្តល្អជាមួយបណ្តាប្រទេសដៃគូនានាដែលចង់ឃើញកម្ពុជាកាន់តែរីកចម្រើនទៅមុខពិតប្រាកដ ដោយគ្មានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសជាតិ។ អរគុណសាជាថ្មីដល់វិស័យឯកជនទាំងអស់នៅកម្ពុជា ដែលបានរួមចំណែកអភិវឌ្ឍប្រទេស នឹងពង្រឹងសេដ្ឋកិច្ចជាតិអោយបានរឹងមាំមកទល់សព្វថ្ងៃ និងអរគុណបងប្អូនជនរួមជាតិ និងក្មួយៗយុវជន ដែលបានចូលរួមថែរក្សាការពារសន្តិភាពសម្រាប់ប្រទេសជាតិយើង៕

សន្និសីទកាសែត ស្តីពីការបើកឲ្យប្រើប្រាស់ កម្មវិធីមូលនិធិហិរញ្ញវត្ថុរួមគ្នា

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដោយសារតែគ្នាយើងមិនច្រើនពេក ខ្ញុំគិតថាសុន្ទរកថាព្រៀងទុករបស់ខ្ញុំទុកចែកជូនអស់លោក លោកស្រី ជាក្រោយ។ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយដោយសារតែជាប្រទេសអាស៊ីទី ១ ដែលបានចូលរួមនៅក្នុងយន្តការថ្មីរបស់យើង​។ ពិតណាស់ហើយ បញ្ហាប្រឈមធំនៃប្រទេសកំពុងអភិវឌ្ឍន៍ ឬប្រទេសដែលកំពុងងើបឡើង គឺពាក់ព័ន្ធធំជាងគេលើបញ្ហាហេដ្ឋារចនាសម្ព័ន្ធនេះឯង។ បើសិនជាយើងពិនិត្យមើលទៅលើគម្រោងដែលយើងធ្លាប់មានពីបណ្តាប្រទេសនានា ប្រហែលជានៅមានគំនរផែនទីយ៉ាងធំ យ៉ាងខ្ពស់នៅក្នុងឃ្លាំង តែគេពុំមានថវិកាគ្រប់គ្រាន់ដើម្បីនឹងធ្វើនោះទេ។ យើងគ្រាន់តែលើកអំពីបញ្ហាទាក់ទងនឹងអាស៊ី គឺថា មាន Highway អាស៊ី មាន Highway អាស៊ាន មានផ្លូវដែកអាស៊ាន សាំងហ្គាពួរ-គួនមីង។ បើយើងនិយាយពីប្រមូលសុន្ទរកថារបស់ប្រមុខរដ្ឋៗ នៃបណ្តាប្រទេស​ និងផែនទីដែលបានគូសគម្រោងការផ្លូវនោះ គឺប្រហែលជាយើងមាន ២ ទៅ ៣ ឃ្លាំងឯណោះ ក៏ប៉ុន្តែ បញ្ហាធំ​តើវានៅត្រង់ណា? គឺត្រង់ហិរញ្ញប្បទាន ដែលនឹងត្រូវផ្តល់សម្រាប់ការអនុវត្តគម្រោងនោះឯង។ ជាភ័ព្វសំណាង នៅប្រទេសមួយចំនួនដែលចិនបានដាក់ចេញ នូវខ្សែក្រវ៉ាត់មួយ-ផ្លូវមួយ ហើយដែលបន្ថែមនូវមូលនិធិផ្លូវសូត្រ ជាថវិកា ៤០ ពាន់លានដុល្លារអាមេរិកតែម្តង បន្ថែមទៅដោយការបង្កើត​ឡើងនូវធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី។ ប៉ុន្តែ បញ្ហានេះ ខ្ញុំគិតថាវាមិនគ្រប់គ្រាន់ទេ វាទាមទារនូវការចូលរួមនូវវិស័យឯកជន ទើបអាចប្រមូលនូវធនធានធ្វើហេដ្ឋារចនាសម្ព័ន្ធបានគ្រប់គ្រាន់។…

សុន្ទរកថា ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីតំបន់មេគង្គ, ពិធីបើកកិច្ចប្រជុំពេញអង្គ «ការស្វែងរកថាមភាពសំយោគ៖ ថ្នាក់ដឹកនំាតំបន់ចែករំលែកនូវចក្ខុវិស័យសម្រាប់តំបន់មេគង្គ»

– ឯកឧត្តម ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc) នាយករដ្ឋមន្ត្រីវៀតណាម – ឯកឧត្តមប្រមុខដឹកនំារដ្ឋ, រដ្ឋាភិបាល មីយ៉ាន់ម៉ា, ថៃ និងឡាវ, -លោក វីឆាត សាមានស៍ (Richard Samans), នាយកប្រតិបត្តិ/ប្រធានមជ្ឈមណ្ឌលសម្រាប់ររៀបវារៈ សកល និងជាសមាជិកគណៈកម្មាធិការប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក, – ឯកឧត្តម លោកជំទាវ លោក លោកស្រី! ខ្ញុំមានសេចក្តីរីករាយ និងកិត្តិយសដ៏ឧត្តុង្គឧត្តម ដោយបានចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពី តំបន់មេគង្គលើកទី ១ នៅទីក្រុងហាណូយនាពេលនេះ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់ ប្រជាជន និងរដ្ឋាភិបាលវៀតណាម ចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ដែលបានផ្តល់ជូន​គណៈប្រតិភូកម្ពុជា។ សម្រាប់ប្រធានបទនៃវេទិកាយើងថ្ងៃនេះ ខ្ញុំសូមចែករំលែកទស្សនៈមួយចំនួន ពាក់ព័ន្ធនិងចក្ខុវិស័យរួម និង ទិសដៅអភិវឌ្ឍន៍សម្រាប់តំបន់មេគង្គដូចតទៅ៖ ទី១-ខ្ញុំប្រមើលឃើញអំពី«សក្តានុពលនៃតំបន់មេគង្គ ក្នុងការប្រែក្លាយជាមជ្ឈមណ្ឌលផលិតកម្មធំមួយក្នុង តំបន់ និងពិភពលោក» ក្នុងរយៈពេលមួយទៅពីរទសវត្សរ៍ខាងមុខ។ តំបន់មេគង្គ ស្ថិតក្នុងភូមិសាស្ត្រសេដ្ឋ- កិច្ច និងនយោបាយមួយអំណោយផលនៅចំកណ្តាលបេះដូងនៃអាស៊ាន ស្ថិតក្នុងតំបន់អាស៊ី ដែលមាន…