ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី
ដោយសារតែគ្នាយើងមិនច្រើនពេក ខ្ញុំគិតថាសុន្ទរកថាព្រៀងទុករបស់ខ្ញុំទុកចែកជូនអស់លោក លោកស្រី ជាក្រោយ។
ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយដោយសារតែជាប្រទេសអាស៊ីទី ១ ដែលបានចូលរួមនៅក្នុងយន្តការថ្មីរបស់យើង។ ពិតណាស់ហើយ បញ្ហាប្រឈមធំនៃប្រទេសកំពុងអភិវឌ្ឍន៍ ឬប្រទេសដែលកំពុងងើបឡើង គឺពាក់ព័ន្ធធំជាងគេលើបញ្ហាហេដ្ឋារចនាសម្ព័ន្ធនេះឯង។ បើសិនជាយើងពិនិត្យមើលទៅលើគម្រោងដែលយើងធ្លាប់មានពីបណ្តាប្រទេសនានា ប្រហែលជានៅមានគំនរផែនទីយ៉ាងធំ យ៉ាងខ្ពស់នៅក្នុងឃ្លាំង តែគេពុំមានថវិកាគ្រប់គ្រាន់ដើម្បីនឹងធ្វើនោះទេ។ យើងគ្រាន់តែលើកអំពីបញ្ហាទាក់ទងនឹងអាស៊ី គឺថា មាន Highway អាស៊ី មាន Highway អាស៊ាន មានផ្លូវដែកអាស៊ាន សាំងហ្គាពួរ-គួនមីង។ បើយើងនិយាយពីប្រមូលសុន្ទរកថារបស់ប្រមុខរដ្ឋៗ នៃបណ្តាប្រទេស និងផែនទីដែលបានគូសគម្រោងការផ្លូវនោះ គឺប្រហែលជាយើងមាន ២ ទៅ ៣ ឃ្លាំងឯណោះ ក៏ប៉ុន្តែ បញ្ហាធំតើវានៅត្រង់ណា? គឺត្រង់ហិរញ្ញប្បទាន ដែលនឹងត្រូវផ្តល់សម្រាប់ការអនុវត្តគម្រោងនោះឯង។ ជាភ័ព្វសំណាង នៅប្រទេសមួយចំនួនដែលចិនបានដាក់ចេញ នូវខ្សែក្រវ៉ាត់មួយ-ផ្លូវមួយ ហើយដែលបន្ថែមនូវមូលនិធិផ្លូវសូត្រ ជាថវិកា ៤០ ពាន់លានដុល្លារអាមេរិកតែម្តង បន្ថែមទៅដោយការបង្កើតឡើងនូវធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី។ ប៉ុន្តែ បញ្ហានេះ ខ្ញុំគិតថាវាមិនគ្រប់គ្រាន់ទេ វាទាមទារនូវការចូលរួមនូវវិស័យឯកជន ទើបអាចប្រមូលនូវធនធានធ្វើហេដ្ឋារចនាសម្ព័ន្ធបានគ្រប់គ្រាន់។
ដោយមើលឃើញនូវសារសំខាន់ នៃការចូលរួមពីវិស័យឯកជន ទៅលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាពនេះហើយ បានជាថ្ងៃនេះ យើងសម្រេចចិត្តនឹងចុះហត្ថលេខាទៅលើហិរញ្ញវត្ថុរួម ដែលនឹងត្រូវដាក់ឲ្យប្រើចាប់ពីពេលនេះទៅ។ នេះជាគម្រូហិរញ្ញប្បទានរួមថ្មីមួយ ដែលនឹងបង្កើតឡើងនៅលើសេណារីយោឈ្នះឈ្នះរបស់យើង។
សូមអរគុណចំពោះការយកចិត្តទុកដាក់ស្តាប់ ហើយខ្ញុំត្រៀមឆ្លើយនឹងសំណួរ បើសិនជាមាន។
សំណួរ៖ តើសម្តេចអាចជម្រាបបានទេថា តើសម្តេចមានបំណងចង់បានការវិនិយោគពីវិនិយោគិនបរទេសទៅលើផ្នែក ឬគម្រោងជាក់លាក់ណាខ្លះ សម្រាប់ប្រទេសកម្ពុជា? ហើយសម្តេចបានជ្រាបហើយថាឆ្នាំនេះជាខួបទី ៥០ នៃអាស៊ាន តើសម្តេចមានគម្រោងថានឹងពង្រីកទំនាក់ទំនងបន្ថែមជាមួយប្រទេសនានានៅអាស៊ី រួមទាំងកូរ៉េ ដែរឬទេ?
ចម្លើយ៖ អរគុណចំពោះសំណួរនេះ ដែលខ្ញុំសូមបញ្ជាក់ជូនថា កម្ពុជាមានអាទិភាពដែលបានប្រកាន់យក តាំងពីឆ្នាំ ១៩៨៧ រហូតមកដល់ពេលនេះ គឺ ៣០ ឆ្នាំហើយ ហើយខ្ញុំគិតថា ទៅពេលខាងមុខ ក៏នៅតែជាអាទិភាពរបស់កម្ពុជា។ អាទិភាពទីមួយ គឺទាក់ទងនឹងការអភិវឌ្ឍធនធានមនុស្ស ដែលជាកត្តាចាំបាច់របស់យើង។ ផ្នែកនេះ គឺយើងពិតជាមានចំណែកដែលវិស័យឯកជនបានចូលរួមយ៉ាងច្រើន ដែលក្នុងនោះ កម្ពុជាមានជាង ១០០ សាកលវិទ្យាល័យ ដែលវិស័យឯកជនចូលរួមវិនិយោគបង្កើតនូវសាកលវិទ្យាល័យ។ ទីពីរ គឺទាក់ទិនជាមួយនឹងបញ្ហាធនធានទឹក ដោយសារប្រទេសយើងជាប្រទេសកសិកម្ម ដែលត្រូវផ្តល់អាទិភាពសម្រាប់ប្រព័ន្ធស្រោចស្រព។ វិស័យនេះ ជាវិស័យដែលមិនទាន់សូវមានវិស័យឯកជនចូលរួមច្រើនប៉ុន្មានទេ គឺតិចតួចណាស់បើសិនជាមាន។ ចំណុចទីបី ទាក់ទងនឹងបញ្ហាអគ្គិសនី ដែលយើងត្រូវការទុនវិនិយោគយ៉ាងធំនៅក្នុងការបង្កើតឲ្យមាននូវការវិនិយោគ ពិសេសគឺវារីអគ្គិសនី។ យើងបានទទួលទុនពីក្រុមហ៊ុនឯកជនចូលរួមក្នុងវិស័យអគ្គិសនី និងបណ្តាញតភ្ជាប់អគ្គិសនីនេះ។ ឯទីបួន ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទូរគមនាគមន៍។ បើសម្រាប់អ្នកមកពីកូរ៉េ ក៏ដូចជាផ្នែកដទៃទៀត យើងតែងតែទៅរកសុំខ្ចីឥណទានរបស់គេ តែមិនទាន់មានវិស័យឯកជនចូលរួមនៅឡើយ។ ឥឡូវ យើងកំពុងមានគម្រោង ២ ដែលកំពុងចុះហត្ថលេខា ដែលគម្រោង ៣ ដែលបានចុះហត្ថលេខារួចហើយ គឺទី ១ គម្រោងព្រលានយន្តហោះថ្មី និងមួយទៀតគឺផ្លូវល្បឿនលឿនពីភ្នំពេញ ទៅខេត្តព្រះសីហនុ និងមួយទៀត ពីភ្នំពេញទៅព្រំដែនជាមួយវៀតណាម។ ឥឡូវ តម្រូវការដែលធំរបស់យើង គឺតម្រូវការទុនសម្រាប់ធ្វើទំនើបកម្មផ្លូវដែករបស់កម្ពុជា។
ហើយសូមស្វាគមន៍ជាមួយតំណាងមកពីប្រទេសអាហ្វ្រិកខាងត្បូង ដែលខ្ញុំសូមជម្រាបថា អតីតប្រធានាធិបតីរបស់ឯកឧត្តម គឺឯកឧត្តម Thabo Mbeki បានទស្សនកិច្ចនៅកម្ពុជាឆ្នាំ ២០០២ ហើយពេលនោះក៏បានចូលរួមប្រជុំអាស៊ាន និងអាហ្វ្រិក ដែលតំណាងឲ្យអាហ្វ្រិកខាងត្បូង៕