សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន សំណេះសំណាលជាមួយកម្មករ នៅរោងចក្រ Wing Star Shoe ស្រុកគងពិសី ខេត្តកំពង់ស្ពឺ

មុនចាប់ផ្ដើម ខ្ញុំចង់សួរ ២-៣សំណួរសិន។ ទី១ យប់មិញនេះ មានប៉ុន្មាននាក់ ដែលបានតាមដានមើលការបើកអាស៊ានប៉ារ៉ាហ្គេមនៅទីក្រុងភ្នំពេញ តាមរយៈទូរទស្សន៍ ឬតាមរយៈហ្វេកប៊ុក? … សំណួរទី២ តើមានប៉ុន្មាននាក់ទៅបានចាក់វ៉ាក់សាំង? ចាក់ទាំងអស់គ្នា។ អ្នកមានផ្ទៃពោះបានចាក់វ៉ាក់សាំងគ្រប់ដូសហើយ បានចាប់ផ្ដើមយកកូន … ឯសំណួរមួយទៀត កាលដែលមកជួបនៅឆ្នាំ២០១៨ មានប៉ុន្មាននាក់ទៅដែលបានជួបកាលនោះ?​ ច្រើនតើ អ្នកដែលបានជួបកាលពីឆ្នាំ២០១៨។ សូមថែមមួយសំណួរទៀត ឆ្នាំ២០១៨ រហូតដល់ឥឡូវ៥ ឆ្នាំហើយ តើពូនេះចាស់ជាងមុន ឬក៏ក្មេងជាងមុន? ក្មេងជាងមុនទៀត។ ឥឡូវលែងចង់បង្ហោះរូបភាពហើយ។ ថ្ងៃមុនទៅការចៅ ថតម្នាក់ឯងក៏មាន ថតជាមួយនឹងប្រពន្ធក៏មាន ជាមួយចៅក៏មាន។ មានគេបញ្ជូនរូបភាពហ្នឹងមកវិញមិនដឹងអ្នកណាគេបង្ហោះ។ ហ្នឹងជាកាយសម្បទា ប៉ុន្តែយ៉ាងណាក៏ដោយ អាយុគឺ(ច្រើន)។ ប៉ុន្តែជឿតាមគេវិញថាអាយុគ្រាន់តែជាតួលេខ។ (១) ស្រុកគងពិសី មកច្រើនជាងគេ ថ្ងៃនេះ សប្បាយរីករាយណាស់ដែលបានវិលមកជួបបងប្អូនកម្មករ/ការិនីនៅខេត្តកំពង់ស្ពឺសាជាថ្មីទៀត ពិ​សេសនៅស្រុកគងពិសី។ គងពិសីជាស្រុកមួយដែលខ្ញុំមកញឹកញាប់ជាងគេ។ បើនិយាយអំពីស្ថានភាពនៅ គ្រប់ស្រុកដែលខ្ញុំបានដើរ ស្រុកគងពិសីហ្នឹងបានមកច្រើនជាងគេ។ ក្នុងហ្នឹងពាក់ព័ន្ធនឹងការកសាងសាលារៀន ការកសាងប្រឡាយទឹក។ ទាក់ទងនឹងការជំនួបជាមួយនឹងកម្មករ ដែលកាលពីឆ្នាំ២០១៨ គឺយើងបានជួបគ្នា ហើយក្នុងនេះ ក៏មានកម្មករ/ការិនីមួយចំនួន​ក៏ធ្លាប់បានជួបរួចមកហើយ។…

សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបុណ្យទន្លេលើកទី ៧ នៅខេត្តកំពង់ធំ

(១) បើគ្មានសន្តិភាព សុំកុំនិយាយដល់ប្រជាធិបតេយ្យឬសិទ្ធមនុស្ស … ខ្ញុំចង់សង្កត់ធ្ងន់នៅទីនេះថា យើងនៅតែបន្តផ្តល់អាទិភាពទៅលើកិច្ចខិតខំប្រឹងប្រែងរក្សាសន្តិភាពក្នុងប្រ​ទេសយើង។ យើងមិនខ្វល់ថា(ការរក្សាសន្តិភាពនេះ នឹង)មានអ្វីកើតឡើងនោះទេ។ អ្នកណាក៏ដោយដែលមានបំណងឬធ្វើសកម្មភាពបំផ្លាញសន្តិភាពនៅក្នុងប្រទេស យើងនឹងមិនញញើតនឹងប្រើគ្រប់មធ្យោបាយ ចាត់វិធានការ ទោះដោយតម្លៃណាក៏ដោយ ដើម្បីរក្សានូវសន្តិភាព ធានាដល់ការអភិវឌ្ឍន៍ប្រទេស។ សន្តិភាពត្រូវដើរមុនអ្វីៗ ទាំងអស់។ បើគ្មានសន្តិភាព សុំកុំនិយាយដល់ប្រជាធិបតេយ្យឬសិទ្ធមនុស្ស។ យើងត្រូវគិតទៅដល់សិទ្ធរស់រានមានជីវិតជាមុន។ ខ្ញុំរំពឹងថាប្រជាពលរដ្ឋកម្ពុជាដែលបានឆ្លងកាត់នូវទុក្ខសោកនៃសង្គ្រាម ក៏ដូចជារបបប្រល័យពូជសាសន៍ អាចនឹងយល់បាននូវវិធានការដែលរាជរដ្ឋាភិបាលបានប្រើប្រាស់ក្នុងរយៈពេលកន្លងទៅដើម្បីរក្សានូវសន្តិភាព … (២) បញ្ជូនអាវុធតាមសំណូមពរអភិបាលខេត្ត ដូ សូហាន់ ទប់ទល់នឹងខ្មែរក្រហម អស់លោក លោកស្រី ឯកឧត្តម លោកជំទាវមួយចំនួនក៏មានវ័យចំណាស់ ហើយមួយចំនួនក៏បានមរណកាលទៅហើយ ដូចជាសម្តេច ដូ សូហាន់ និងឯកឧត្តម កែវ ហន ពេលនោះមួយជាលេខាបក្សនិងមួយជាប្រ​ធានខេត្ត។ ខ្ញុំមកកាន់ទីនេះ។ ខ្ញុំបាននាំកូន ៤ ក្នុងចំណោមកូន ៥ មកទីនេះ។ ប្រហែលជាកូនស្រីច្បងអាចនៅចងចាំ។ ពេលនោះ ម៉ាណែតមិនបានមកទេ។ ភរិយារបស់ខ្ញុំទៅប្រទេសឡាវ។ ខ្ញុំបាននៅសម្រាកប៉ុន្មានយប់ឯណោះ។ ប្រហែលជាសម្តេចពិជ័យសេនា ទៀ បាញ់ នៅចាំ…