សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបុណ្យទន្លេលើកទី ៧ នៅខេត្តកំពង់ធំ

(១) បើគ្មានសន្តិភាព សុំកុំនិយាយដល់ប្រជាធិបតេយ្យឬសិទ្ធមនុស្ស … ខ្ញុំចង់សង្កត់ធ្ងន់នៅទីនេះថា យើងនៅតែបន្តផ្តល់អាទិភាពទៅលើកិច្ចខិតខំប្រឹងប្រែងរក្សាសន្តិភាពក្នុងប្រ​ទេសយើង។ យើងមិនខ្វល់ថា(ការរក្សាសន្តិភាពនេះ នឹង)មានអ្វីកើតឡើងនោះទេ។ អ្នកណាក៏ដោយដែលមានបំណងឬធ្វើសកម្មភាពបំផ្លាញសន្តិភាពនៅក្នុងប្រទេស យើងនឹងមិនញញើតនឹងប្រើគ្រប់មធ្យោបាយ ចាត់វិធានការ ទោះដោយតម្លៃណាក៏ដោយ ដើម្បីរក្សានូវសន្តិភាព ធានាដល់ការអភិវឌ្ឍន៍ប្រទេស។ សន្តិភាពត្រូវដើរមុនអ្វីៗ ទាំងអស់។ បើគ្មានសន្តិភាព សុំកុំនិយាយដល់ប្រជាធិបតេយ្យឬសិទ្ធមនុស្ស។ យើងត្រូវគិតទៅដល់សិទ្ធរស់រានមានជីវិតជាមុន។ ខ្ញុំរំពឹងថាប្រជាពលរដ្ឋកម្ពុជាដែលបានឆ្លងកាត់នូវទុក្ខសោកនៃសង្គ្រាម ក៏ដូចជារបបប្រល័យពូជសាសន៍ អាចនឹងយល់បាននូវវិធានការដែលរាជរដ្ឋាភិបាលបានប្រើប្រាស់ក្នុងរយៈពេលកន្លងទៅដើម្បីរក្សានូវសន្តិភាព … (២) បញ្ជូនអាវុធតាមសំណូមពរអភិបាលខេត្ត ដូ សូហាន់ ទប់ទល់នឹងខ្មែរក្រហម អស់លោក លោកស្រី ឯកឧត្តម លោកជំទាវមួយចំនួនក៏មានវ័យចំណាស់ ហើយមួយចំនួនក៏បានមរណកាលទៅហើយ ដូចជាសម្តេច ដូ សូហាន់ និងឯកឧត្តម កែវ ហន ពេលនោះមួយជាលេខាបក្សនិងមួយជាប្រ​ធានខេត្ត។ ខ្ញុំមកកាន់ទីនេះ។ ខ្ញុំបាននាំកូន ៤ ក្នុងចំណោមកូន ៥ មកទីនេះ។ ប្រហែលជាកូនស្រីច្បងអាចនៅចងចាំ។ ពេលនោះ ម៉ាណែតមិនបានមកទេ។ ភរិយារបស់ខ្ញុំទៅប្រទេសឡាវ។ ខ្ញុំបាននៅសម្រាកប៉ុន្មានយប់ឯណោះ។ ប្រហែលជាសម្តេចពិជ័យសេនា ទៀ បាញ់ នៅចាំ…