កម្ពុជាស្នើសុំឲ្យបណ្តារដ្ឋដែលគោរពច្បាប់ លើកទឹកចិត្តភាគីថៃ ដំណើរការក្តីតាមផ្លូវតុលាការយុត្តិធម៌អន្តរជាតិ ICJ លើសំណុំរឿងព្រំដែនជាមួយកម្ពុជា

បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! មិត្តភក្តិបរទេសជាទីរាប់អាន! មកដល់ពេលនេះបងប្អូនជនរួមជាតិ និងមិត្តភក្តិបរទេសប្រហែលជាអាចយល់បានហើយថា ហេតុអ្វីបានជាខ្ញុំសម្រេចចេញបញ្ជាឲ្យក្រសួងការបរទេស និងតំណាងកម្ពុជាយើងដែលចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ បោះឆ្នោតប្រឆាំងរុស្សុី ដែលវាយចូលប្រទេសអ៊ុយក្រែនកាលពីឆ្នាំ២០២២ ដែលធ្វើឲ្យប្រទេសជាច្រើនមានការភ្ញាក់ផ្អើលអំពីឥរិយាបទរបស់កម្ពុជា។ ខ្ញុំគិតថាថ្ងៃណាមួយ ថៃនឹងធ្វើសកម្មភាពដូចកាលពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ទៀតហើយ។ ពេលនេះភាពគឃ្លើនមិនគោរពច្បាប់បានបង្ហាញចេញមកហើយ។ ដូចនេះគេអាចពន្យល់បានហើយអំពីការគិតរបស់ខ្ញុំសម្រាប់ពិភពលោក ដែលគោរពច្បាប់ផង និងសម្រាប់អនាគតកម្ពុជា ជាមួយប្រទេសថៃ ផង។ កម្ពុជាអំពាវនាវដល់បណ្តារដ្ឋដែលអនុវត្តនយោបាយការបរទេសផ្អែកលើច្បាប់ លើកទឹកចិត្តដល់ភាគីទាំងពីរដោះស្រាយបញ្ហាដោយសន្តិវិធី និងគោរពតាមច្បាប់។ សំណូមពររបស់កម្ពុជា គឺស្នើសុំឲ្យបណ្តារដ្ឋ ដែលគោរពច្បាប់ លើកទឹកចិត្តភាគីថៃ ដំណើរការក្តីតាមផ្លូវតុលាការយុត្តិធម៌អន្តរជាតិ ICJ លើសំណុំរឿងព្រំដែនជាមួយកម្ពុជាលើ៤ចំណុច៖ ទី១ តំបន់មុំបីនៃព្រំដែនកម្ពុជា-ឡាវ-ថៃ ទី២ ប្រាសាទតាមាន់ធំ ទី៣ ប្រាសាទតាមាន់តូច និង ទី៤ ប្រាសាទតាក្របី។ កម្ពុជាមិនស្នើសុំអាវុធ-គ្រាប់ ដើម្បីវាយប្រយុទ្ធបង្ហូរឈាមគ្នារវាងកម្ពុជានិងថៃនោះទេ តែកម្ពុជាស្នើសុំឲ្យលើកទឹកចិត្តដោះស្រាយដោយសន្តិវិធីតាមរយៈការចរចា តាមយន្តការទ្វេភាគីផង និងតាមផ្លូវតុលាការផង។ ព្រំដែនកម្ពុជា-ថៃមានប្រវែងជាង៨០០គីឡូម៉ែត្រ កម្ពុជាលើកតែ៤ចំណុច ដែលជាចំណុចក្តៅ​ និងរសើប ដែលងាយនឹងផ្ទុះអាវុធវាយប្រហារគ្នាប្តឹងទៅតុលាការដោះស្រាយជាមុន។ ៤ចំណុចដូចបានរៀបរាប់ខាងលើ មិនអាចរកការស្រុះស្រួលគ្នាតាមយន្តការទ្វេភាគីបានឡើយ សូម្បីតែ១០០ឆ្នាំទៀតក៏មិនអាចដោះស្រាយបានដែរ។ ដូចនេះមានតែតុលាការយុត្តិធម៌អន្តរជាតិ ICJ ប៉ុណ្ណោះ ទើបអាចដោះស្រាយបាន។ ការដោះស្រាយតាមផ្លូវតុលាការមិនមែនជាការបង្កហេតុបង្កសង្រ្គាមនោះឡើយ…

សេចក្ដីអត្ថាធិប្បាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ស្ដីពី បញ្ហាព្រំដែនកម្ពុជា-ថៃ ថ្លែងនៅក្នុងសមាជរដ្ឋសភា-ព្រឹទ្ធសភា

ខ្ញុំត្រូវការបញ្ជាក់បន្ថែម។ សម្ដេចនាយករដ្ឋមន្ត្រីបានលើកឡើងរួចហើយ។ ខ្ញុំចង់ឲ្យអង្គសមាជធ្វើសេចក្ដីថ្លែងការណ៍គាំទ្ររាជរដ្ឋាភិបាល ក្នុងការនាំយកបញ្ហាអធិបតេយ្យជាតិនៅមុំបី ប្រាសាទតាមាន់ធំ តាមាន់តូច និងតាក្របី ទៅតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ (ICJ)។ នៅទីនេះ អ្វីដែលខ្ញុំចង់បញ្ជាក់បន្ថែមលើអ្វីដែលនាយករដ្ឋមន្ត្រីបានមានយោបល់រួចហើយនៅត្រង់ថា ត្រូវបន្តការចរចាតាមយន្តការដែលមានស្រាប់។ មិនមែនបានសេចក្ដីថា យើងទៅតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ (ICJ) ហើយបោះបង់ចោលនូវយន្តការនៃការចរចានោះទេ។ គណៈកម្មការព្រំដែននៃប្រទេសទាំងពីរ នៅបន្តការចរចា និងយន្តការដទៃទៀតនៅរក្សាទាំងអស់ រួមទាំងយន្តការជួបពិភាក្សារវាងរដ្ឋមន្ត្រីមហាផ្ទៃជាមួយបណ្ដាខេត្ត រវាងរដ្ឋមន្ត្រីការពារជាតិ គឺនៅរក្សាទាំងអស់។ ប៉ុន្តែ គ្រាន់តែលើកនេះ យើងដាក់ទៅក្នុងរបៀបវារៈបបួលភាគីថៃ យកបញ្ហាទាំងប៉ុន្មាន ទៅតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ (ICJ)។ យើងបបួល(គ្នាទៅជាមួយគ្នា)បែបនេះ វាជាការគួរសមរបស់យើង។ មិនមែនមានតែកម្ពុជាទេ។ បើតាមយើងដឹង មានប្រទេសច្រើនដែលបានបបួលគ្នាបែបនេះ ដូចជាករណីសិង្ហបុរីនិងម៉ាឡេស៊ី គេក៏បបួលគ្នាទៅអញ្ចឹងដែរ។ យប់ម៉ិញ ក្រោយពីបង្ហោះសាររបស់នាយករដ្ឋមន្ត្រី និងសាររបស់ខ្ញុំ មានអ្នកចូលមកសួរថា បើជាយើងបបួលគេ តែគេមិនទៅ តើយើងធ្វើយ៉ាងម៉េច? ខ្ញុំបានឆ្លើយត្រឡប់ទៅវិញ បើមិនព្រមទៅ មានន័យថាយើងត្រូវតែប្ដឹង ព្រោះបើសិនជាបបួលគ្នាទៅ វាជាការល្អ។ ជាការទុកមុខមាត់ឲ្យគ្នាទៅវិញទៅមក។ ម្យ៉ាងទៀត ខ្ញុំក៏ចង់និយាយរឿងនេះជូនប្រជាពលរដ្ឋកម្ពុជា ​ក៏ដូចជាពលរដ្ឋថៃឲ្យបានជ្រាបថា បើយើងមិនពឹងផ្អែកភាគីទីបី គឺតុលាការយុត្តិ​ធម៌អន្តរជាតិទីក្រុងឡាអេ (ICJ)ដោះស្រាយទេ ជម្លោះបែបនេះ…

សុន្ទរកថានិងសេចក្តីអធិប្បាយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធ​សភា​នៃព្រះរាជាណាចក្រកម្ពុជា ស្ដីពី​​ «ដំណើរកម្ពុជាពីរបបប្រល័យពូជសាសន៍ និងភាពក្រីក្រ ឆ្ពោះទៅសេរីភាព និងការរីកចម្រើន»

ឯកឧត្តម ចូហ្សេ រ៉ាម៉ូស ហតតា ប្រធានាធិបតី សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេឯកឧត្តម ហ្សាណាណា ហ្គូសម៉ៅ នាយករដ្ឋមន្ត្រីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ រដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេអស់លោក លោកស្រី អ្នកនាងកញ្ញា ជាភ្ញៀវកិត្តិយសទាំងអស់! ថ្ងៃនេះ ខ្ញុំពិតជាមានក្តីសោមនស្សរីករាយក្រៃលែង ដោយមានឱកាសមកចែករំលែកបទពិសោធផ្ទាល់ខ្លួនស្តីពី មេរៀនរបស់ខ្ញុំ៖ ដំណើរកម្ពុជាពីរបបប្រល័យពូជសាសន៍ និងភាពក្រីក្រ ឆ្ពោះទៅរកសេរីភាព និងការរីកចម្រើន​។ ខ្ញុំសូមថ្លែងអំណរគុណចំពោះឯកឧត្តម ប្រធានាធិបតី ចូហ្សេ រ៉ាម៉ូស ហតតា និងឯកឧត្តមនាយករដ្ឋមន្ត្រី ហ្សាណាណា ហ្គូសម៉ៅ ដែលបានរៀបចំកម្មវិធីបាឋកថាជាពិសេស ក្នុងឱកាសទស្សនកិច្ចរបស់ខ្ញុំនៅទីនេះជាលើកទី២។ ទស្សនកិច្ចលើកទី១ គឺក្នុងឆ្នាំ២០១៦ ដែលកាលនោះ ខ្ញុំនៅជានាយករដ្ឋមន្រ្តី។ ខ្ញុំបានសរសេរ និងចែករំលែកយ៉ាងក្រាស់ក្រែលអំពីដំណើរជីវិតរបស់ខ្ញុំ ដែលពាក់ព័ន្ធនឹងជោគវាសនានៃមាតុភូមិកម្ពុជា។ ថ្មីៗនេះ ក្នុងឱកាសកិច្ចប្រជុំសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាពលើកទី១១ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ខ្ញុំបានលើកចំណុចសំខាន់ៗជា​ច្រើនអំពីការកសាងសន្តិភាព និងការអភិវឌ្ឍជាតិតាម នយោបាយឈ្នះ-ឈ្នះ។ ពីម្សិលមិញ ខ្ញុំក៏បានធ្វើបាឋកថាលើប្រធានបទនេះដែរ ក្នុងសិក្ខាសាលារៀបចំឡើងដោយវិទ្យាស្ថាន​សេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) នៅក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។…