សុន្ទរកថា និងសេចក្តីដកស្រង់សង្កថា សម្តេចតេជោ ហ៊ុន សែន បិទសន្និបាតបូកសរុបការងារអប់រំ យុវជននិងកីឡា ឆ្នាំសិក្សា ២០២០-២០២១ និងទិសដៅសម្រាប់ឆ្នាំសិក្សា ២០២២-២០២៣
ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដែលបានមកចូលរួម ក្នុងពិធីបិទសន្និបាត បូកសរុបការងារអប់រំ យុវជន និង កីឡា ឆ្នាំសិក្សា ២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២១-២០២២ ដែលក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំឡើង ៣ ថ្ងៃ តាមរយៈប្រព័ន្ធអនឡាញ និងសកម្មភាពចូលរួមផ្ទាល់ ។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអង្គសន្និបាត ដែលទទួលបានសមិទ្ធផលគួរជាទីមោទនៈលើការងារអប់រំ, ការអភិវឌ្ឍយុវជន, ការអប់រំកាយ និងកីឡា ជាមួយនឹងកម្មវិធីកែទម្រង់អប់រំស៊ីជម្រៅ ៨ ចំណុច ស្របតាមបរិការណ៍ថ្មីៗ នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ទាំងក្នុងតំបន់ និងពិភពលោក ជាពិសេស ការរក្សាបាននូវសុខសន្តិភាព, ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច, ការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមគន្លងប្រក្រតីភាព ជាមួយនឹងការអភិវឌ្ឍប្រកបដោយចីរភាព ទាំងបច្ចុប្បន្ម និងអនាគត។ ខ្ញុំមានមោទនភាព ចំពោះក្រសួងអប់រំ យុវជន និងកីឡា ក្រោមការដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ដែលបានធ្វើកិច្ចសហការជិតស្អិតជាមួយថ្នាក់ដឹកនាំ, បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់,…