ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដែលបានមកចូលរួម ក្នុងពិធីបិទសន្និបាត បូកសរុបការងារអប់រំ យុវជន និង កីឡា ឆ្នាំសិក្សា ២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២១-២០២២ ដែលក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំឡើង ៣ ថ្ងៃ តាមរយៈប្រព័ន្ធអនឡាញ និងសកម្មភាពចូលរួមផ្ទាល់ ។
ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអង្គសន្និបាត ដែលទទួលបានសមិទ្ធផលគួរជាទីមោទនៈលើការងារអប់រំ, ការអភិវឌ្ឍយុវជន, ការអប់រំកាយ និងកីឡា ជាមួយនឹងកម្មវិធីកែទម្រង់អប់រំស៊ីជម្រៅ ៨ ចំណុច ស្របតាមបរិការណ៍ថ្មីៗ នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ទាំងក្នុងតំបន់ និងពិភពលោក ជាពិសេស ការរក្សាបាននូវសុខសន្តិភាព, ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច, ការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមគន្លងប្រក្រតីភាព ជាមួយនឹងការអភិវឌ្ឍប្រកបដោយចីរភាព ទាំងបច្ចុប្បន្ម និងអនាគត។
ខ្ញុំមានមោទនភាព ចំពោះក្រសួងអប់រំ យុវជន និងកីឡា ក្រោមការដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ដែលបានធ្វើកិច្ចសហការជិតស្អិតជាមួយថ្នាក់ដឹកនាំ, បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់, លោកគ្រូ, អ្នកគ្រូ, មាតាបិតា, សហគមន៍ និងឤជ្ញាធរដែនដី ក្នុងការស្តារ និងអភិវឌ្ឍវិស័យអប់រំឱ្យមានការរីកចម្រើនស្របតាមតួនាទីភារកិច្ចរៀងៗខ្លួន ជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់។ ខ្ញុំក៏សូមអរគុណ និងវាយតម្លៃខ្ពស់ ចំពោះដៃគូអភិវឌ្ឍ, អង្គការជាតិ-អន្តរជាតិ និងស្ថាប័នពាក់ព័ន្ធ ដែលបានចូលរួមសហការ និងផ្តល់ការឧបត្ថម្ភគាំទ្រ ទាំងសម្ភារៈ, ថវិកា និងបច្ចេកទេស។
កម្មវិធីកែទម្រង់ និងវិធានការគន្លឹះ ដែលអង្គសន្និបាតបានដាក់ចេញ ដោយឈរលើមូលដ្ឋាន នៃសមិទ្ធផលបច្ចុប្បន្ន និងកំណត់ទិសដៅការកែទម្រង់ ពិតជាមានសារៈសំខាន់ ជាពិសេស ការចាប់យកកាលានុវត្តភាពថ្មីៗ ចេញពីវិបត្តិកូវីដ-១៩ រួមទាំងការផ្តល់ឤទិភាពក្នុងការជ្រើសរើស និងបណ្តុះបណ្តាលគ្រូបង្រៀន ដើម្បីបំពេញបន្ថែមនូវតម្រូវការគ្រូបង្រៀន និងជំនួសគ្រូ ដែលចូលនិវត្តន៍, ការកៀរគរ និងការផ្តល់ធនធានបន្ថែមទៀត សម្រាប់គាំទ្រការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន, ការអនុវត្តការកែទម្រង់សាលារៀន, ការអភិវឌ្ឍ និងការលើកកម្ពស់បំណិនសតវត្សទី ២១ ដល់យុវជន, ការអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, ការជំរុញការអប់រំឌីជីថល, ការកែទម្រង់សាលាគរុកោសល្យ, ការលើកកម្ពស់សុខភាពសិក្សា និងការបង្កើតមជ្ឈមណ្ឌលឧត្តមភាពនៅគ្រឹះស្ថានឧត្តមសិក្សា។
ជានិច្ចកាល រាជរដ្ឋាភិបាលតែងតែផ្តល់អាទិភាពទី ១ លើការអភិវឌ្ឍធនធានមនុស្ស ដើម្បីលើកស្ទួយ និងអភិវឌ្ឍវិស័យអប់រំកម្ពុជា។ ដូច្នេះ ដើម្បីលើកទឹកចិត្ត និងយកចិត្តទុកដាក់លើកិច្ចការដ៏មានសារៈសំខាន់នេះ ខ្ញុំសូមផ្តល់អនុសាសន៍សំខាន់ៗ សម្រាប់អនុវត្តបន្តដូចខាងក្រោម៖
ទី ១. បន្តពង្រឹងប្រព័ន្ធអប់រំឱ្យមានភាពធន់, បុរេសកម្មឆ្លើយតបទៅនឹងបរិការណ៍ជាតិ-អន្តរជាតិ ដែលកំពុងមានការប្រែប្រួល។ បន្តធានានូវសេវាអប់រំ ដែលមានគុណភាព ប្រកបដោយសមធម៌ និងបរិយាប័ន្ន ព្រមទាំងលើកកម្ពស់ឱកាសការសិក្សាពេញមួយជីវិត សម្រាប់ទាំងអស់គ្នា និងដោះស្រាយការខាតបង់ការរៀនសូត្ររបស់សិស្សានុសិស្ស និងយុវជន ដែលរងផលប៉ះពាល់ដោយសារកូវីដ-១៩។
ទី ២. កសាងប្រព័ន្ធ និងអភិវឌ្ឍសមត្ថភាពប្រព័ន្ធអប់រំ តាមរយៈធានាភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងរបស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ រួមមានការកែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ, ការលើកកម្ពស់ប្រសិទ្ធភាពហិរញ្ញប្បទានសហប្រតិបត្តិការ, ការកសាងគោលនយោបាយ និងផែនការអប់រំ, ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ សម្រាប់បុគ្គលិកអប់រំ និងគ្រូបង្រៀន។
ទី ៣. បន្តអភិវឌ្ឍការអប់រំឌីជីថល សម្រាប់ការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងបរិការណ៍បរិវត្តកម្មសង្គម និងសេដ្ឋកិច្ចឌីជីថល តាមរយៈការធ្វើសមាហរណកម្មបច្ចេកវិទ្យាឌីជីថល ទៅក្នុងគ្រប់កម្រិតកម្មវិធីសិក្សា, បំពាក់បន្ទប់ពិសោធន៍ឌីជីថលនៅតាមគ្រឹះស្ថានសិក្សា, លើកកម្ពស់សមត្ថភាពគ្រូបង្រៀនផ្នែកឌីជីថល, ផលិតវីដេអូបង្រៀន និងមាតិកាឌីជីថល លើមុខវិជ្ជាគោល សម្រាប់ថ្នាក់ប្រឡង, ព្រមទាំងផ្សព្វផ្សាយការងារទាំងនេះឱ្យកាន់តែទូលំទូលាយ។
ទី ៤. បន្តអនុវត្តឱ្យកាន់តែសកម្មលើការងារកាយរឹទ្ធ និងយុវជន ដោយប្រកាន់ខ្ជាប់នូវទង្វើវិជ្ជមានក្នុងសង្គម តាមរយៈការបំផុសចលនា “កូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ” កម្មវិធីយុវជនស្ម័គ្រចិត្តចុះជួយមូលដ្ឋាននៅតាមសហគមន៍ ជាមួយនឹងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងជំនាញទន់ដល់យុវជន ដើម្បីឆ្លើយតបទាន់ពេលវេលាទៅនឹងឱកាសការងារនៅក្នុងសង្គម។
ទី ៥. បន្តត្រៀមលក្ខណៈឱ្យបានពេញលេញ ដើម្បីធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៊ីហ្គេម ឆ្នាំ ២០២៣ ដោយសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ក្នុងការអភិវឌ្ឍសមាគមកីឡាមហាជន, សហព័ន្ធកីឡា, បំប៉ន និងហ្វឹកហាក់កីឡាករជម្រើសជាតិ និងកីឡាករថ្នាលឱ្យបានដិតដល់, ជំរុញសកម្មភាពអប់រំកាយ និងកីឡា នៅតាមគ្រឹះស្ថានសិក្សាឱ្យបានផុសផុល។
ទី ៦. បន្តលើកកម្ពស់សុខភាពអនាម័យនៅតាមគ្រឹះស្ថានសិក្សា ដោយបន្តអនុវត្តអភិក្រម “៣ កុំ និង ៣ ការពារ” ហើយចូលរួមទប់ស្កាត់ការឆ្លងចូលគ្រឹះស្ថានសិក្សា រួមទាំងបង្កើនការអប់រំ អំពីសុវត្ថិភាពសុខភាពសិក្សា, ការរក្សាគម្លាតសុវត្ថិភាព និងសុវត្ថិភាពចំណីអាហារដល់បុគ្គលិកអប់រំ និងសិស្សានុសិស្ស។ បន្តយកចិត្តទុកដាក់គាំទ្រសុខភាពផ្លូវចិត្ត និងផ្លូវកាយសិស្សានុសិស្ស ដែលទទួលរងផលប៉ះពាល់ដោយផ្ទាល់ ឬប្រយោល ដោយសារជំងឺកូវីដ-១៩។
[ចាប់ផ្តើមសេចក្តីអធិប្បាយ]
ដកកាតព្វកិច្ចពាក់ម៉ាស រក្សា “៣កុំ ៣ការពារ” ជាវិធានការចាំបាច់
អ្វីទៅដែលហៅថា “៣ កុំ ៣ ការពារ”? “៣ ការពារ” ក្នុងនោះ ពាក់ម៉ាស គឺជាបញ្ហាទី ១ ត្រូវបានដក។ ប៉ុន្តែ សុំបញ្ជាក់ ខ្ញុំនៅតែចាត់ទុកថា “៣កុំ ៣ការពារ” ជាវិធានការចាំបាច់។ នៅក្នុងការថ្លែងសាររបស់ខ្ញុំម្សិលមិញ ជូនជនរួមជាតិ អំពីការមិនមានការចាំបាច់តម្រូវឱ្យជាកាតព្វកិច្ចនូវការពាក់ម៉ាស ប៉ុន្តែនៅទីនោះ ខ្ញុំក៏បានលើកទឹកចិត្តផងដែរឱ្យមានការពាក់ម៉ាស។ ចំណុចនេះ យើងនៅតែបន្តនិយាយ អំពីបញ្ហា “៣កុំ ៣ការពារ” តទៅទៀត។ “៣ការពារ” រួមមាន៖ ពាក់ម៉ាស លាងដៃ និងរក្សាគម្លាត។ អញ្ចឹង បើទោះបីជាកាតព្វកិច្ចពាក់ម៉ាសត្រូវបានលើកលែង ប៉ុន្តែយើងនៅតែលើកទឹកចិត្តឱ្យមានការពាក់ម៉ាស។
មិនទាន់ឈ្នះសង្គ្រាមប្រឆាំងកូវីដ-១៩ ទាំងមូល គ្រាន់តែយកឈ្នះសមរភូមិតូចៗ
ខ្ញុំសុំយកឱកាសនេះ ថ្លែងនូវការកោតសរសើរ ចំពោះបងប្អូនជនរួមជាតិ ដែលពីម្សិលនិងថ្ងៃនេះ ទាំងពេលព្រឹកនិងពេលល្ងាច ក្នុងធ្វើដំណើរមកទីនេះ ខ្ញុំសង្កេតឃើញថាបងប្អូនប្រជាពលរដ្ឋរបស់យើងប្រមាណមិនតិចជាង ៦០% ទេ នៅបន្តពាក់ម៉ាសធ្វើដំណើរតាមដងផ្លូវ។ នេះជាចំណុចល្អ។ មិនមែនបានសេចក្តីថា ទាល់តែដោះម៉ាស ទើបជាការគោរពដល់នាយករដ្ឋមន្ត្រី ដល់រាជរដ្ឋាភិបាលនោះទេ។ នៅពេលដែលយើងនិយាយពីកាតព្វកិច្ចមិនចាំបាច់ពាក់ម៉ាសតទៅទៀតនៅតាមទីសាធារណៈ យើងនៅបន្តការលើកទឹកចិត្តឱ្យមានការពាក់ម៉ាស ដែលបងប្អូនរបស់យើងកំពុងធ្វើដំណើរតាមដងវិថីនៅពាក់ម៉ាសនៅឡើយ។ បានសេចក្តីថា ប្រជាពលរដ្ឋរបស់យើងបានយល់ដឹង និងវិធីការការពារខ្លួន។ ចំណុចនេះហើយ ដែលយើងយកឈ្នះលើសង្គ្រាម/សមរភូមិ។ ខ្ញុំចង់និយាយ យើងមិនទាន់ឈ្នះសង្គ្រាមទាំងមូលទេ យើងគ្រាន់តែយកឈ្នះសមរភូមិតូចៗប៉ុណ្ណោះឯង។ ដូច្នេះ វិធានការដែលយើងត្រូវគ្រប់គ្រងកូវីដ-១៩ បន្ត គឺជារឿងចាំបាច់ខ្លាំងណាស់។
អ្វីទៅដែលហៅថា សមរភូមិ? អ្វីទៅដែលហៅថា សង្គ្រាម? យើងមិនទាន់មានលទ្ធភាពបញ្ចប់សង្គ្រាមនេះទេ … នៅលើពិភពលោក មិនទាន់មានប្រទេសណាមួយដែលគ្មានការឆ្លងនៅឡើយទេ លើកលែងតែកូរ៉េខាងជើង ដែលយើងមិនអាចដឹងបាន ថាតើមានឬអត់? ប្រទេសនៅលើពិភពលោកនៅមានកូវីដ-១៩ នៅឡើយ។ បើនៅមានកូវីដ-១៩ នៅឡើយ លទ្ធភាពនៃការបន្តមានកូវីដ-១៩ នៅក្នុងប្រទេសយើង ក៏នៅតែមានបន្តដែរ គ្រាន់តែថាក្នុងដំណើរវិវដ្តនៃដំណើរកូវីដ-១៩ ក្នុងរយៈពេលកន្លងទៅនេះ យើងបានធ្វើតាមដំណាក់មួយៗ តាមស្ថានការណ៍ជាក់ស្តែង ដោយមិនគម្ពីរនិយម ហើយក៏វិវដ្តទៅតាមស្ថានភាពអនុញ្ញាត(អនុគ្រោះ)ឱ្យយើង។
បន្តការវិវត្តបន្ទាប់ពីដកកាតព្វកិច្ចពាក់ម៉ាស និងពាក់ម៉ាសឡើងវិញនៅពេលមានការចាំបាច់
តួយ៉ាងដូចជាយើងបានបញ្ចប់នូវកាតព្វកិច្ចពាក់ម៉ាស មិនមែនបានសេចក្តីថាបញ្ចប់(ស្ថានភាពកើតមានកូវីដ១៩)ទេ។ បើសិនជាមានអ្វីកើតឡើង យើងអាចវិលត្រឡប់ទៅរកកាតព្វកិច្ចពាក់ម៉ាសឡើងវិញ។ អញ្ចឹងទេ បានជា “៣កុំ ៣ការពារ” នៅតែចាំបាច់សម្រាប់យើង ក្នុងការឆ្លើយតបទៅនឹងការរីករាលដាលនៃកូវីដ-១៩។ យើងបានយកឈ្នះទម្រង់ Alpha, Delta, Omicron គឺចាត់ទុកថាជាការឈ្នះសមរភូមិទេ។ នៅមានទម្រង់ដទៃទៀត … (ដែល)យើងមិនដឹងថាវាកើតមានឬអត់។ ចំណុចនេះយើងកំពុងតាមដាន។
ពេលនេះ ទោះបីជាយើងកំពុងតែបានដកកាតព្វកិច្ចពាក់ម៉ាស ប្រជាពលរដ្ឋនៅតែមានការប្រុងប្រយ័ត្ន ហើយយើងក៏នៅមានការតាមដានដោយម៉ត់ចត់។ ថ្ងៃនេះ ត្រឹមម៉ោង ១២ ថ្ងៃត្រង់ យើងទើបរកឃើញ ២ ករណីដែលបានកើតនៅទីក្រុងភ្នំពេញ។ ម៉ោង ៣ រសៀលនេះ លោកជំទាវ យក់ សម្បត្ដិ បានវាយជូនមកខ្ញុំ មិនទាន់មានមន្ទីរពិសោធន៍ណាមួយរកឃើញវិជ្ជមានថ្មីនោះទេ។ អញ្ចឹង ថ្ងៃនេះអាចថាវាធ្លាក់នៅទាបដដែល។ យើងតាមដានការវិវដ្ត បន្ទាប់ពីយើងដោះកាតព្វកិច្ចពាក់ម៉ាសនេះចេញ។
ខ្ញុំមានការកោតសរសើរប្រជាពលរដ្ឋរបស់យើងដែលធ្វើដំណើរតាមដងផ្លូវ ឬមិនធ្វើដំណើរ ទោះបីគាត់នៅឈរនៅតាមចិញ្ជើមផ្លូវ គាត់នៅបន្ដពាក់ម៉ាស។ អញ្ចឹង ចំណុចអស់ទាំងនេះបានបង្ហាញថា ប្រជាពលរដ្ឋរបស់យើងបានយល់ដឹងច្រើនអំពីរបៀបការពារខ្លួន។ យើងលើកលែងកាតព្វកិច្ចពាក់ម៉ាស ដើម្បីសម្រួលឱ្យប្រជាពលរដ្ឋរបស់យើង ដែល(ធ្លាប់)ត្រូវចំណាយច្រើនលើការទិញម៉ាសយកមកពាក់ (អាច)កាត់បន្ថយការចំណាយ … ពាក់ព័ន្ធការប្រើប្រាស់ម៉ាសនេះ។ ប៉ុន្ដែ យើងនៅតែត្រូវរក្សាវា(ពាក់ម៉ាសឡើងវិញនៅពេលមានការចាំបាច់) … (ដោយ)យើងត្រូវបន្ដតាមដានឱ្យបានម៉ត់ចត់មែនទែនគ្រប់ទីកន្លែងទាំងអស់។
លោតចូលទឹក ដើម្បីរៀនហែលទឹក … មានជំនឿជាក់ទៅលើវ៉ាក់សាំង
ខ្ញុំសូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរ និងអរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា លោក/អ្នកគ្រូ ដែលបានខិតខំការពារខ្លួនឯងផង ការពារកូនសិស្សដែលជាកូនចៅប្រជាជន ដែលជាសិស្សានុសិស្សតាមរយៈការគ្រប់គ្រងនៅតាមសាលា តាមរយៈការជម្រុញឱ្យសិស្សចាក់វ៉ាក់សាំង ដែលនោះជាជោគជ័យធំបំផុតនៅក្នុងប្រទេសរបស់យើងលើការយកឈ្នះសមរភូមិទាំងបី គឺសមរភូមិ Delta, Alpha, Omicron ហើយដែលបានផ្ដល់ឱកាសឱ្យយើង(អាចប្រារព្ធពិធី)ចូលឆ្នាំ(បាន)។ ខ្ញុំគិតថា ចូលឆ្នាំក្នុងឆ្នាំនេះ ប្រជាជន(ចេញដើរកំសាន្ត)បាក់ទឹកបាក់ដី។ (បរិយាកាស)គឺថាមហាសប្បាយ ហើយមនុស្សដូចសមុទ្រអញ្ចឹង … អារម្មណ៍របស់ខ្ញុំរបៀបម៉េចនៅពេលដែលខ្ញុំបើកទូរទស្សន៍ ព្រោះមានការធ្វើការប្រគំតន្ដ្រីនៅតាមបណ្ដាលខេត្ត? បើនៅក្រុងព្រះសីហនុមាន ៣ កន្លែង។ នៅខេត្តបាត់ដំបង និងខេត្តដទៃទៀតមានមនុស្សកកកុញ គ្មានអ្វីដែលហៅថាការរក្សា (គម្លាតនិង)ពាក់ម៉ាស។
យើងលើកលែងការពាក់ម៉ាសនៅខេត្តរតនៈគិរី/មណ្ឌលគិរី/ស្ទឹងត្រែងនិងព្រះវិហារឯណោះ ប៉ុន្ដែអ្នកដែលមិនពាក់ម៉ាសនៅឯកន្លែងលេងកម្សាន្ដគ្រប់ទីកន្លែង … ពេលនោះ ខ្ញុំចោទសួរខ្លួនឯងថា តើការសម្រេចចិត្តរបស់ខ្ញុំត្រូវឬខុស ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋសប្បាយរីករាយ? ប៉ុន្ដែ ខ្ញុំនៅមានភាពជឿជាក់ ដោយលើកឡើងថា បើមិនលោតទៅក្នុងទឹក គឺមិនចេះហែលទឹកទេ … ខ្ញុំបានលើកអំពីចំណុចខេត្តទាំងបួន ហើយសូមឱ្យឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំការប្រជុំ តើមានវិធានការអ្វីបន្ថែមទេសម្រាប់ខេត្តទាំងបួនហ្នឹង។ ក្នុងនោះ មានការលើកឡើង ត្រូវធ្វើអញ្ចេះ/អញ្ចុះទៀត។ ខ្ញុំបានចារត្រឡប់ទៅវិញថា បើធ្វើអញ្ចឹងដដែល ធ្វើម៉េចរកឃើញតើវាឆ្លងឬមិនឆ្លង និងថាវាចេញពីកន្លែងណា។ អញ្ចឹង ព្រលែងវាចោលទាំងអស់ទៅ។ បើសិនជាយើងចង់ចេះហែលទឹក គ្មានវិធីណាមួយក្រៅពីលោតចូលក្នុងទឹក។ មិនមែនខ្ញុំយកជីវិតប្រជាជនទៅសាកល្បងទេ ប៉ុន្តែដោយសារខ្ញុំមានជំនឿជាក់ទៅលើវ៉ាក់សាំង ដែលបានចាក់ គឺខ្ញុំយកការទទួលខុសត្រូវមួយ លើការសម្រេចដកកាតព្វកិច្ចពាក់ម៉ាស។
ខាងក្រៅលែងឆ្លង អនុវត្តការមិនពាក់ម៉ាសក្នុងបន្ទប់ដែរ
នេះជាការទទួលខុសត្រូវរបស់យើង។ បើមិនហ៊ាន ក៏យើងមិនអាចរកឃើញនូវភាពសុំាំសហគមន៍បានដែរ។ ខ្ញុំនឹងបន្តជំហាននេះ។ នៅពេលដែលខាងក្រៅអត់មានឆ្លងហើយនិងឈានចូលខាងក្នុងដែរ។ ព្រឹកមិញនេះខ្ញុំធ្វើតែម្តងក្នុងវិមានសន្តិភាពទទួលភ្ញៀវអត់ឱ្យពាក់ម៉ាស រួមហើយបាយជាមួយអតីតមេបញ្ជាការ UNTAC John Sonderson គឺថា អត់ចាំបាច់ពាក់ម៉ាស។ ភ្ញៀវមកជួប ខ្ញុំអត់ឱ្យពាក់ម៉ាសទេ។ អញ្ចឹងទេ យើងគ្រាន់តែនៅសល់ថា ពាក់ម៉ាសនៅទីកន្លែងដែលបិទជិត។ ពេលខ្លះយើងបើកបង្អួចឱ្យវាចំហខ្លះទៅ។ អញ្ចឹង វាមិនមែនទៅជាបិទជិតទេអាហ្នឹង។
កន្លងទៅនេះ សាលាបានក្លាយទៅជាកន្លែងធ្វើចត្តាឡីស័ក ក្នុងពេលដែលយើង(ជួប)គ្រោះអាសន្ន។ អញ្ចឹង បានសេចក្តីថា ពេលនោះ លោក/អ្នកគ្រូក៏មិនអាចចូលបង្រៀនបាន កូនសិស្សក៏មិនអាចចូលទៅរៀនបាន។ យើងប្រើប្រាស់សាលារៀនរបស់យើងច្រើនកន្លែង ដើម្បីធ្វើចត្តាឡីស័ក។ មនុស្សរាប់ម៉ឺននាក់ ដែលត្រូវចត្តាឡីស័ក រឿងមិនតូចទេ។ សង្គ្រាមប្រឆាំងកូវីដ-១៩ ជាសង្គ្រាមមួយដែលពិបាកបញ្ជាបំផុត បើប្រៀបធៀបជាមួយនឹងខ្ញុំបញ្ជាទ័ពច្រើនសមរភូមិ គ្រប់គ្រងការបញ្ជាទ័ពនៅក្នុងសមរភូមិជាក់ស្តែង និងការបញ្ជាទ័ពលើផ្ទៃប្រទេសទាំងមូល។ (ការបញ្ជា)លើទាហានក្នុងការប្រយុទ្ធ ធៀបជាមួយនឹងការបញ្ជាលើការគ្រប់គ្រងកូវីដ-១៩ គឺខុសគ្នាដាច់ស្រឡះ (ហេតុផលគឹនៅត្រង់)មួយមើលឃើញ ហើយមួយទៀតមើលអត់ឃើញ។
ត្រូវមានអភិក្រមត្រឹមត្រូវក្នុងដំណើការចាក់វ៉ាក់សាំងដើម្បីបង្កើតភាពស៊ាំសហគមន៍
សង្គា្រមនេះ គឺពិបាកប្រយុទ្ធណាស់។ អញ្ចឹង ជម្រើសរបស់យើងគឺមានតែប្រើយុទ្ធសាស្ត្រវ៉ាក់សាំងហ្នឹង។ យុទ្ធសាស្ត្រវ៉ាក់សាំង ក៏មិនប្រាកដថា អ្នកមានវ៉ាក់សាំងគ្រប់គ្រាន់ អាចយកជ័យជម្នះបានទេ។ ចេញដំណើរខុសគឺច្បាស់ជាខុស។ ខ្ញុំសុខចិត្តឱ្យបងប្អូនប្រជាពលរដ្ឋរបស់យើងមួយចំនួនស្តីបន្ទោសខ្ញុំមុន ប៉ុន្តែពេលនេះ លទ្ធផលបានឃើញជាក់ស្តែងហើយ។ ម៉េចបានអញ្ចឹង? ពេលកើតឡើងនូវកូវីដ-១៩ អស់លោកអភិបាលខេត្តជាច្រើនបានស្នើសុំយកទៅចាក់។ ខ្ញុំបានឆ្លើយតបថា អត់ទេ ដរាបណាមិនទាន់ស្រោចជោគជាំនៅទីក្រុងភ្នំពេញ និងខេត្តកណ្តាល គឺមិនទាន់អនុញ្ញាតឱ្យចេញទេ។
អញ្ចឹង បានយើងឃើញស្ថានភាពកូវីដ-១៩ នៅប្រទេសយើង ប្រទេសដទៃគេចាក់បានច្រើនណាស់ដែរ ប៉ុន្តែហេតុអីបានជាចាប់ផ្តើមនៅបន្តការឆ្លងនិងការស្លាប់? បញ្ហាគឺវាអត់បង្កើតទៅជាភាពសុំាំសហគមន៍កើត ត្រង់អី? ឧទាហរណ៍៖ ប្រទេសមួយបានទទួលវ៉ាក់សាំងមកស្មើនឹងប្រជាជន ១០% អញ្ចឹង គាត់ចែក ១០% ទៅតាមខេត្តនេះ/នោះ គ្រប់គ្នាទៅ។ អញ្ចឹងអា ១០% នេះ យកទៅចាក់ដូចថា រដ្ឋធានីក៏ចាក់បាន ១០% ខេត្តក៏ចាក់បាន ១០% បើអញ្ចឹងមនុស្ស ១០០ នាក់ ចាក់បានតែ ១០ នាក់។ ដល់ពេលចូលប្រជុំ មិនមានអ្នកអត់ចាក់វ៉ាក់សាំងច្រើនជាង។ អញ្ចឹង វាអត់បង្កើតភាពសុំាំសហគមន៍ទៅកើតទេ។ ប្រទេសខ្លះទៀតបានវ៉ាក់សាំង ១ លានដូស មកចាក់ ១ លាននាក់តែម្តង ដោយរំពឹងទៅលើ ១ លានដូស មកតាមក្រោយ។ ដល់ទៅ ១ លានដូសមកតាមក្រោយ មកអត់ដល់ ១ លានដូសទៅមុនវាអស់ (ធ្វើអោយមាន)គម្លាត ដែល ១ លានដូស មុននោះ វាអត់បាន(ប្រយោជន៍)។
ឯករណីយើង អត់ទេ។ ខ្ញុំប្រាប់លោកជំទាវ ឱ វណ្ណឌីន យ៉ាងច្បាស់។ យើងធ្វើ ១ លានដូស មកគឺចាក់ឱ្យតែ ៤៥ ម៉ឺន(នាក់)ទេ ព្រោះយើងត្រៀមការខូចខាតរហូតដល់ ១០% ឯណោះ ក្រែងលោវាខាតបង់ ៤៥ ម៉ឺន។ ត្រូវធានាថា (អ្នកទទួលបានដូសទី ១ ត្រូវតែមាន) ដូសទី ២ … បើមិនអញ្ចឹងទេ … គិតថាចុះកុងត្រាជាមួយគេ ប៉ុន្តែស្រាប់តែគេផលិតអត់បាន ឬក៏យន្តហោះដឹកជញ្ជូនមកវាធ្លាក់ វាកើតរឿងនេះ/នោះ វ៉ាក់សាំងមកមិនដល់ធ្វើយ៉ាងម៉េច? អញ្ចឹង ការបញ្ជានៅទីនេះមិនសាមញ្ញ ហើយក៏មិនធម្មតា។ បើសិនជាខ្ញុំដោយរោយទៅតាមការទាមទារទាំងការភ័យខ្លាចតាមខេត្ត ប្រហែលជាភាពសុំាំសហគមន៍របស់យើងលំបាកស្វែងរក។
ការចាក់វ៉ាក់សាំងគ្មានប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ និងសាសនា
… យើងស្រោចជោគនៅទីក្រុងភ្នំពេញហើយ យើងឃើញហើយតួលេខ(អ្នកដែល)បានចាក់លើសចំនួនប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញនិងខេត្តកណ្តាល។ មូលហេតុអី? (គឺមាន)ប្រជាពលរដ្ឋមកពីខាងក្រៅ។ គឺឱ្យតែមកចាក់ៗ (ជូន)មិនចាំរកសំបុត្រទេ។ (ការចាក់វ៉ាក់សាំងនៅ) ប្រទេសរបស់យើងជោគជ័យនៅត្រង់ណា? បើយោងទៅលើអ្វីដែលជាការឃោសនារបស់ជនពាល ដែលថាវ៉ាក់សាំងចាក់សម្លាប់មនុស្ស មិនសមដែលយើងមានប្រជាជនរហូតទៅដល់ ១៤ លាន ៩ សែននាក់ហើយ ក្នុងចំណោមប្រជាជន ១៦ លាននាក់ បាន(អញ្ជើញទៅ)ចាក់ទេ? នេះបើយោងទៅលើអ្វីដែលជាការឃោសនា។ ក៏ប៉ុន្តែ ប្រជាពលរដ្ឋរបស់យើងមានការជឿជាក់ ចំពោះរាជរដ្ឋាភិបាល។
យើងមិនរើសអើង(ក្នុងារចាក់វ៉ាក់សាំងនេះថែមទៀត)។ យើងបានបញ្ជាក់យ៉ាងច្បាស់ថា អ្នកណាក៏ដោយឱ្យតែនៅលើទឹកដីកម្ពុជា គឺចាក់ទាំងអស់។ ម្សិលម្ង៉ៃស្តាប់សុន្ទរកថារបស់អគ្គរាជទូតអ៊ីតាលី ដែលគាត់ផ្តល់វ៉ាក់សាំងឱ្យយើង គាត់និយាយពីការចាក់ដោយគ្មានការរើសអើង រាប់ទាំងជនជាតិអ៊ីតាលី ដែលចាត់ទុកកម្ពុជាជាមាតុភូមិទីពីររបស់គេ។ អញ្ចឹង យើងអត់បានរើសអើងទេ។ ទូតបារាំងត្រូវចាក់ឱ្យជនជាតិបារាំងដូចជាបាន ៣០០០ នាក់។ គាត់សុំយើងនាំចូល។ បើសិនជាយើងគ្មានទេ គាត់សុំនាំចូល។ ពេលហ្នឹងយើងមាន Pfizer បានមកពីអូស្ត្រាលី។ ខ្ញុំបានប្រាប់ថា ចាក់ជូនគាត់ទៅ ត្រូវការប៉ុន្មានចាក់ប៉ុណ្ណឹង។ យើងអត់មានរើសអើងទេ។ នៅក្នុងប្រទេសរបស់យើងៗ អត់មានចំណុចណាមួយទាក់ទិននឹងការរើសអើងខាងនយោបាយថែមទៀត អត់មានទេ។
មនុស្សដែលបោះឆ្នោតឱ្យគណបក្សប្រជាជនមិនមាន(ចំនួន)រហូតទៅដល់ប៉ុណ្ណឹងទេ។ មនុស្សចាក់ជាង ១០ លាននាក់។ អ្នកដែលមានអាយុគ្រប់បោះឆ្នោតជាង ១០ លាននាក់ មិនមែនជាសមាជិកគណបក្សប្រជាជនទាំងអស់ទេ។ អញ្ចឹងចំណុចនេះ ជាជោគជ័យបំផុតរបស់កម្ពុជាលើការចាក់វ៉ាក់សាំង ដោយគ្មានការរើសអើងទាំងនិន្នាការនយោបាយទាំងជាតិសាសន៍ និងសាសនា គឺអត់ទេ។ នេះហើយវាជាចំណែកមួយ នៃជោគជ័យ នៃភាពសុំាំសហគមន៍ ដែលយើងរួមគ្នាបង្កើតឡើង។
អ្វីដែលគួរឱ្យចាប់ចិត្តទៅទៀត ពេលដែលតេស្តរហ័សបានមកដល់ ឥឡូវហ្នឹងម្នាក់ៗ ចេះធ្វើតេស្តខ្លួនឯងទៀត មិនចាំបាច់ខ្វល់ទៅឱ្យពេទ្យ(ធ្វើតេស្តឱ្យទេ)។ ឥឡូវហ្នឹង តែព្រឹបឡើង ដាក់មើលមួយឆ្នូត ឬពីរឆ្នួត គេប្រើភាសាហ្នឹង ឬខ្លះគេថា ប្រឡងធ្លាក់ ឬប្រឡងជាប់។ ប្រឡងជាប់ មានន័យថា វិជ្ជមានហើយ។ ប្រឡងធ្លាក់ គឺមួយឆ្តត។ ប្រឡងជាប់ គឺពីរឆ្នូត។
សាស្រ្តាចារ្យ៊គ្រូបង្រៀន តាមដានឱ្យជាប់ការវិវដ្តនៃជំងឺកូវីដ-១៩ ក្នុងសាលា
ជោគជ័យដែលយើងមានថ្ងៃនេះ គ្រាន់តែជាការឈ្នះសមរភូមិតែប៉ុណ្ណោះ ក៏ប៉ុន្តែសង្រ្គាមទាំងមូលមិនទាន់ឈ្នះទេ។ យើងត្រូវបន្តការយកចិត្តទុកដាក់ទៅលើបញ្ហានេះបន្តទៅទៀត ហើយត្រូវយកចិត្តទុកដាក់ធ្វើម៉េចធានាថាការបើកសាលារៀនគឺត្រូវរក្សាសុវត្ថិភាពសម្រាប់លោក/អ្នកគ្រូ សិស្សានុសិស្ស/និស្សិតរបស់យើង។ ខ្ញុំថ្ងៃទី ៣ (ឧសភា) ខាងមុខ ខ្ញុំនឹងជួបសិស្សនិទ្ទេស A ឡើងវិញ។ យើងបានត្រៀមជួបហើយ ប៉ុន្តែ Omicron បានមកបំផ្លាញយើង។ អញ្ចឹង យើងផ្អាក។ ខ្ញុំនៅជំពាក់បំណុលសិស្សនិទ្ទេស A។ យើងមិននឹកស្មានថាសិស្សនិទ្ទេស A របស់យើងឆ្នាំនេះឡើងទៅដល់ ១ ៧០០ នាក់។ ប្រឡងបាក់ឌុបជាប់ហើយ និទ្ទេស A រហូតទៅដល់ជាង ១ ៧០០ នាក់ ដែលមុននោះត្រឹមតែ ៤០០-៥០០ នាក់ប៉ុណ្ណឹង។ ឥឡូវ កើនឡើងច្រើន។
អញ្ចឹង ការរៀនតាមអនឡាញនិងការខិតខំបង្រៀនកូននៅតាមផ្ទះ គឺបានជួយដោះស្រាយបញ្ហាក្នុងដំណាក់កាលកូវីដ-១៩ ក៏ប៉ុន្តែវាក៏ត្រូវពិនិត្យថាក៏មានករណីខ្លះ គឺបោះបង់ចោលសាលា ក៏មិនបានទទួលការរៀនសូត្រផងដែរ ព្រោះអារៀនតាមអនឡាញវាទាល់តែកន្លែងមាន Internet បើអត់មាន Internet ទេ រៀនមិនបានទេ។ នៅឯទីជនបទ កុមារ/សិស្សរបស់យើង ក៏នៅបន្តការខិតខំរកឱកាសដើម្បីរៀន។ នោះហើយគឺជាចំណុចល្អ ដែលជាការចូលរួមពីវិស័យអប់រំនៅក្នុងការគ្រប់គ្រងកូវីដ-១៩។ ក្នុងវិស័យអប់រំ កូនសិស្សរបស់យើងច្រើនណាស់។ មិនតិចទេណា។ រាយប៉ាយទូទាំងប្រទេស។ ឥឡូវ យើងត្រូវយកចិត្តទុកដាក់ ហើយរៀបចំយ៉ាងម៉េច ដើម្បីឱ្យសាស្រ្តាចារ្យ គ្រូបង្រៀន យកចិត្តទុកដាក់តាមដានឱ្យជាប់ទៅលើការវិវដ្តនៃជំងឺកូវីដ-១៩ ដោយយើងមិនប្រើវិធីសាស្រ្តមុនសម័យវ៉ាក់សាំងទេ។ មុនសម័យវ៉ាក់សាំងគេធ្វើផ្សេង។
ប្រជាពលរដ្ឋជឿលើការប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការការពារជីវិតខ្លួន
… ម្សិលមិញ គឺថ្ងៃទី ២៦ មេសា យើងប្រកាសដកកាតព្វកិច្ចពាក់ម៉ាស ប៉ុន្តែ ថ្ងៃទី ២៦ មេសា ឆ្នាំទៅ គឺជាថ្ងៃបិទក្រុងភ្នំពេញ ថ្ងៃចាប់ផ្តើម Lockdown ក្រុងភ្នំពេញ និងខេត្តកណ្តាល។ មួយឆ្នាំនៃការប្រយុទ្ធ(ជាមួយកូវីដ-១៩) គឺមិនមែនជារឿងធម្មតា។ វាលំបាកណាស់។ ក៏ប៉ុន្តែ ប្រជាពលរដ្ឋរបស់យើង ចូលរួមជាមួយរាជរដ្ឋាភិបាល គឺជាការគួរឱ្យកោតសរសើរ ទោះបីជាមានជំនឿលើបក្សណាក៏ដោយ។ ឧទាហរណ៍៖ វ៉ាក់សាំងដែលចាក់ជិត ១៥ លាននាក់នេះ តើមនុស្សទាំងអស់ហ្នឹងគាំទ្រគណបក្សប្រជាជនទាំងអស់ទេ? អត់ទេ។ គាំទ្របក្សណាក៏ដោយ ក៏ប៉ុន្តែគេជឿជាក់ទៅលើរដ្ឋាភិបាល ក្នុងការស្វែងរកវ៉ាក់សាំងការពារជីវិតរបស់ពួកគាត់។ ខ្ញុំសុំអរគុណ ទោះអ្នកគាំទ្រឬមិនគាំទ្ររាជរដ្ឋាភិបាល ក៏ប៉ុន្តែអ្នកទទួលបានវ៉ាក់សាំងការពារជីវិត គឺធ្វើឱ្យយើងងាយស្រួល។
ឆ្នាំទៅ ពេលនេះ វេលានេះ ខ្ញុំបានប្រកាសឱ្យត្រៀមរៀបចំ ធ្វើឱ្យបានឆាប់បំផុត តាមដែលអាចធ្វើទៅបាន ទាំងប៉ាឆា ទាំងរកដីកប់សាកសព ទាំងក្តារមឈូស រហូតដល់គេមកដៀលខ្ញុំថា ប្រមាថជីវិតប្រជាជន។ ប៉ុន្តែ យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋកម្ពុជារបស់យើង មិនចូលទៅក្នុងស្ថានភាពស្លាប់ហើយគ្មានក្តារមឈូសនោះទេ គ្មានទីកន្លែងបូជា គ្មានទីកន្លែងកប់សាកសពទេ រាប់ទាំងបងប្អូនឥស្លាម ដែលមានការស្លាប់ ក៏បានបញ្ចុះទៅតាមប្រពៃណីរបស់បងប្អូនឥស្លាមផងដែរ។ បងប្អូនជនជាតិភាគតិចក៏មានដី សម្រាប់បញ្ចុះទៅតាមប្រពៃណីផងដែរ ព្រោះកន្លែងខ្លះអត់តម្រូវឱ្យដុតទេ។
បើទោះបីជាកើតរាប់ម៉ឺន(នាក់)ឡើងជាគំហុក យើងអត់ឱ្យប្រជាពលរដ្ឋដេកតាមចិញ្ចើមផ្លូវទេ។ វិស័យឯកជន បានផ្តល់ឱ្យយើង សូម្បីតែកោះពេជ្រ កន្លែងអាគារកំសាន្ត (អាគារ)គេការ យើងមានគ្រែរៀបចំឱ្យបងប្អូនប្រជាពលរដ្ឋរបស់យើង។ យើងរួមគ្នាឆ្លងកាត់នូវការលំបាកលើកនេះ មិនមែនគ្រាន់តែជាការលំបាករបស់នាយករដ្ឋមន្រ្តីទេ។ នាយករដ្ឋមន្រ្តីគ្រាន់តែជាការគិតទេ ក៏ប៉ុន្តែយើងរួមគ្នាទាំងប្រជាជន ទាំងគ្រប់បក្សនយោបាយ គ្រប់និន្នាការ គ្រប់ជាតិសាសន៍ ដែលនៅក្នុងប្រទេសកម្ពុជា។ បើនិយាយពីការចូលរួមវិញ តាំងពីព្រះមហាក្សត្រ និងហ្លួងម៉ែ ដែលព្រះអង្គដឹកនាំជាចលករដ៏ធំនៃការចូលរួមចំណែក។
ប្រទេសដ៏តូចតាចមួយនេះ ថវិកាប្រមាណជាជាង ១០០ លានដុល្លារ ដែលចូលរួមចំណែកនៅក្នុងយុទ្ធនាការនេះ។ ថវិកា ៥៧ លានដុល្លារ សម្រាប់ទិញវ៉ាក់សាំង។ ថវិកាទិញមន្ទីរពេទ្យ (និង)ថវិកាដទៃទៀត។ ខ្ញុំសូមជម្រាប ថវិកាដែលនៅសល់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កំពុងទូទាត់ឱ្យត្រឡប់មកវិញ។ យើងទុកបម្រើបន្ត សម្រាប់ការចាក់វ៉ាក់សាំងទៅវិញ។ ប៉ុន្តែ នៅមានតម្រូវការដទៃទៀត យើងក៏ប្រើប្រាស់ថវិកាហ្នឹង។
វិស័យឯកជនបានរួមចំណែកក្នុងជោគជ័យលើសមរភូមិកូវីដ-១៩
តើវិស័យឯកជននៅក្នុងប្រទេសដទៃ គេបានចូលរួមក្នុងចំណែកប៉ុណ្ណា? យើងមិននិយាយបង្អាប់ប្រទេសដទៃទេ ប៉ុន្តែនៅកម្ពុជា វិស័យឯកជនកម្ពុជាបានចូលរួមចំណែកធំណាស់ នៅក្នុងការជោគជ័យលើសមរភូមិកូវីដ-១៩ កន្លងទៅនេះ … បងប្អូនខ្លះមិនយល់។ អាចថាសណ្ឋាគារ Intercontinantal ពីដើម ឬក៏កោះពេជ្យ ឬក៏កន្លែងសែនសុខ ថាសុទ្ធតែគេជួល។ អត់មានជួលមួយសេន មួយរៀលទេ។ អញ្ចឹងបានថា យើងស្រុះគ្នាណាស់។ ភាពស្រុះគ្នានេះហើយ ដែលបង្កើតនូវជោគជ័យ។
ខ្ញុំគិតថាកាសែតទាំងឡាយ ដែលប្រមាថកម្ពុជាមុននេះ គួរត្រូវបានកែតម្រូវ។ មើលអ្នកនិយាយពាក់ព័ន្ធនឹងការប្រមាថថាយើងគឺជាប្រទេសដែលមានប្រព័ន្ធសុខាភិបាលទន់ខ្សោយ ងាយរងគ្រោះ។ ផ្ទុយទៅវិញ ដោយការប្រមាថនេះ យើងប្រឹងងើបឈរឡើង។ យើងមិនទាន់បានចំណាត់ថ្នាក់អីខ្ពស់ទេ ក៏ប៉ុន្តែយើងការពារប្រជាជនយើងបាន។ យើងបានដោះស្រាយបញ្ហាដែលជារឿងគ្រោះថ្នាក់ ដែលខ្ញុំស្រែកនៅក្នុងពេលយប់មួយថា យើងកំពុងស្ថិតនៅក្បែជ្រោះមរណៈហើយ តើយើងគួរបន្តទៀតឬយ៉ាងម៉េច?
បានចេញពីមាត់ជ្រោះហើយ មិនត្រូវវិលទៅជ្រោះគ្រោះថ្នាក់ជាថ្មីទេ
ពេលនេះ យើងបានចេញពីមាត់ជ្រោះនោះហើយ ប៉ុន្តែ យើងអត់ត្រូវវិលត្រឡប់ទៅដល់ជ្រោះដែលនាំគ្រោះថ្នាក់សាជាថ្មីទេ។ អញ្ចឹង “៣កុំ ៣ការពារ” នៅតែជាប្រធានបទសំខាន់ដដែល។ ខ្ញុំនៅតែលើកទឹកចិត្តថា បើទោះបីកាតព្វកិច្ចវ៉ាក់សាំង កាតព្វកិច្ចម៉ាស ត្រូវបានដក តែយើងក៏បន្តឱ្យពាក់ម៉ាស ដោយទុកសិទ្ធិសម្រេចឱ្យប្រជាពលរដ្ឋ។ បើគាត់យល់ថាត្រូវពាក់ក៏ពាក់ទៅ។ ខ្ញុំក៏មានដែរ ខ្ញុំដាក់ក្នុងហោប៉ៅខ្ញុំអញ្ចឹងទៅ។ បើថាអត់ស្រួលទេ ពាក់ភ្លាមទៅ។ ព្រឹកមិញ ខ្ញុំមកទីស្ដីការគណៈរដ្ឋមន្ត្រី ខ្ញុំក្រឡេកឃើញប៉ុន្មាន(នាក់ពាក់ម៉ាស) ប៉ុន្មាន(នាក់មិនពាក់ម៉ាស) បានឃើញថា នៅសល់មិនទាបជាង ៦០% ទេ ដែលនៅពាក់។ នោះហើយជាចំណុចល្អ។ ឥឡូវ អាស្រ័យលើប្រជាពលរដ្ឋទទួលខុសត្រូវខ្លួនឯង។
ពីមុននេះ … ដំណាក់កាលដំបូង ក្នុងមួយភូមិឆ្លងតែ២-៣ នាក់ lockdown មួយភូមិ។ យកប្រជាពលរដ្ឋមួយភូមិមកធ្វើតេស្ដ រហូតដល់ពេលមួយខ្ញុំឱ្យឈប់ធ្វើតេស្ដរហ័ស។ ប្រជាពលរដ្ឋនៅកន្លែងខ្លះថាពេទ្យទំនេរណាស់ បានដើរតែរុកច្រមុះគេ។ ខ្ញុំថាអត់ស្រួលទេអាហ្នឹង ដូចអត់ត្រូវ។ ក្នុងផ្សារមួយមាន ១ ពាន់តូប ឆ្លងតែ ១០ តូប បិទផ្សារទាំងមូលគ្រឹប។ នៅចាំបានទេជំនាន់ ឆែម សាវុធ គ្រាន់តែអ្នកមួយចំនួនដើរកាត់(ផ្សារ) Aeon១ បិទផ្សារ Aeon១ រហូតដល់ខាងស្ថានទូតជប៉ុនស្នើសុំអន្តរាគមន៍ឱ្យបើកឡើងវិញ។ យើងធ្វើដល់កម្រិតហ្នឹង គឺថា តាមស្រាវជ្រាវកន្លែងណាខ្លះមនុស្សហ្នឹងបានឆ្លងកាត់។ ប៉ុន្តែ ដំណាក់កាលនោះ វាទាមទារឱ្យយើងធ្វើជំហ៊ានបែបនោះ បើមិនអញ្ចឹងប្រសេចប្រសាច។
ដោះម៉ាស ជំហានទី ២ បន្ទាប់ពីពិនិត្យឃើញមិនមានកំនើនការឆ្លងក្រោយចូលឆ្នាំខ្មែរ
យើងអត់បានចូលឆ្នាំ ២ ឆ្នាំ។ អញ្ចឹង បានជាឆ្នាំនេះមហាសប្បាយ កក្រើកមេឃ/ដីតែម្ដង។ ពេលនោះ អារម្មណ៍ខ្ញុំចេះតែ(សួរខ្លួនឯង)ថា តើខ្ញុំសម្រេចចិត្តខុសឬត្រូវ? ក្រោយចូលឆ្នាំឆ្លងកើនឡើងឬអត់? សង្កេតមើលអត់(មានឆ្លង)។ ហ្នឹងហើយបានជាយើងចាប់ចូលជំហានទី ២។ ផ្ញើសារសម្លេងឱ្យ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន និងឯកឧត្តម ម៉ម ប៊ុនហេង ដឹកនាំការប្រជុំ គឺខ្ញុំនៅឯជប៉ុន។ តើគួរយកវិធានការបែបម៉េច? ខ្ញុំដាក់ជាការចង្អុលបង្ហាញ។ អញ្ចឹងទេ ក៏ឃើញថាបងប្អូនក៏យល់ស្របគ្នាធ្វើវិធានការហ្នឹងទៅ។
ម្សិលមិញ លោកជំទាវ ភឿង សកុណា ក៏បានធ្វើលិខិតទៅស្នើសុំឱ្យរោងភាពយន្តមួយៗ គឺទទួលមនុស្សពេញ ១០០%។ អូខេ! អត់អីទេ ធ្វើទៅ។ ប៉ុន្តែ ក្នុងករណីដែលយើងរកឃើញថាស្ថានភាពនោះវាមិនល្អ យើងក៏ចល័តភ្លាមទៅកុំងាប់ក្រឡា។ ឯកឧត្តម សៅ សុខា ក៏បានធ្វើ(សំណើ)ទៅខ្ញុំ អំពីបាល់ទាត់ថាសុំឱ្យដាក់ ១០០%។ ថាដាក់ទៅ។ បើយើងមិនហ៊ានលោតទឹក ធ្វើម៉េចចេះហែលទឹក។ បើយើងមិនហ៊ានដោះម៉ាស ធ្វើម៉េចយើងដឹងថា វ៉ាក់សាំងមានប្រសិទ្ធភាពអាចទប់ស្កាត់ជំនួសម៉ាសឬអត់។ ប៉ុន្តែ យោងទៅលើបញ្ហានេះ ខ្ញុំគួរតែអំពាវនាវបន្ថែមជូនប្រជាពលរដ្ឋ អំពីការបន្តទទួលយកវ៉ាក់សាំងដូសជម្រុញ ជាពិសេសដូសទី ៣ ដែលនៅសល់ប្រហែលជា ៦ លាន ៦ សែននាក់ ឬ ៦ លាន ៧ សែននាក់ទៀត … ហើយដូសទី ៤ ត្រូវបន្ត។
ដំណាក់កាលទី ១ ជំនួយវ៉ាក់សាំងមានតិច កម្ពុជាទិញវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ
ព្រឹកម៉ិញខ្ញុំ ដោយសារបានទទួលព័ត៌មានថា ខាងអូស្ត្រាលីនឹងត្រៀមផ្ដល់ឱ្យយើងនូវវ៉ាក់សាំង Pfizer សម្រាប់កូនក្មេង … ខ្ញុំឯកភាពតាម លោកជំទាវ ឱ វណ្ណឌីន ត្រូវការឱ្យមកនៅខែ មិថុនា។ សម្រាប់បញ្ហានឹងបាន អត់អីទេ។ តែគេរង់ចាំលិខិតពីខាងសុខាភិបាល។ ធ្វើហើយឬនៅ? (ធ្វើ)ហើយ។ អញ្ចឹងទេ យើងត្រូវទទួលវ៉ាក់សាំងមកទៀត។ យើងមិនលោភលន់ទេ។ បើសិនគេឱ្យ យើងនៅទទួល។ ទោះបីឱ្យ ១០០ ដូស ក៏ខ្ញុំចេញទទួលដែរ អាហ្នឹងជំនួយទ្វេរភាគី ប៉ុន្តែបើតាម COVAX គឺរដ្ឋមន្ត្រីក្រសួងសុខាភិបាលចេញទទួលទៅ។
ឥឡូវឮថាអេស្បាញក៏នឹងត្រៀមបញ្ជូនវ៉ាក់សាំងមកដែរ ឮលោកជំទាវ យក់ សម្បិត្ត ប្រាប់ខ្ញុំ។ អូស្ត្រាលីច្បាស់ហើយ។ ព្រឹកមិញខ្ញុំបញ្ជាក់ហើយ គឺគាត់នឹងបញ្ជូនមកឱ្យយើងទៅតាមកាលបរិច្ឆេទដែលយើងចង់បាន។ បើយកមករហ័សពេក ក៏យើងចាក់អត់ទាន់ដែរ ព្រោះយើងនៅសល់ ១១ លាន(ដូស) នៅក្នុងឃ្លាំង។ អញ្ចឹង យើងកំពុងមានវ៉ាក់សាំងដែលបានសន្យាហើយ។ ចិននៅសល់ ១៥ លានដូស។ អញ្ចឹង ត្រូវរុញទៅចុងឆ្នាំចាំទទួល។ ធ្វើផែនការរុញទៅចុងឆ្នាំ។
ពីសហរដ្ឋអាមេរិក តាមរយៈ COVAX ៧ លាន ៥ សែនដូសថែមទៀត។ ប៉ូឡូញត្រូវរង់ចាំព័ត៌មាន ព្រោះគេថា គេឱ្យ AstraZeneca ប៉ុន្តែ AstraZeneca គឺដឺឡេវាខ្លីពេក។ អញ្ចឹង គឺយើងស្នើសុំប្រភេទផ្សេង។ យើងមិនលោភលន់ទេ។ ប៉ុន្តែ យើងត្រូវការមានឧបករណ៍ក្នុងដៃ។ ខ្ញុំសុំបញ្ជាក់ថា ដំណាក់កាលទី ១ ជំនួយមកសំរាប់យើងគឺតិចទេ។ យើងទិញខ្លួនឯងរហូតទៅដល់ ២៨ លាន ៥ សែនដូស។ បើយើងគិតចាក់ ២ ដូស/នាក់ ចំនួនប្រជាជនដែលយើងចាក់កន្លងទៅ គឺយើងចាក់ដោយលុយខ្លួនឯង។ យើងហ៊ានលែងទៅលើកន្លែងហ្នឹង។
ខ្ញុំប្រាប់ថា្នក់ដឹកនាំរបស់យើង ឱ្យតែចិនព្រមលក់វ៉ាក់សាំងឱ្យទិញភ្លាម គឺអត់មានចាំបាច់ចរចាអីយូរទេ។ គឺតម្លៃប៉ុន្មានគឺយកប៉ុណ្ណឹង។ ដឹកមកភ្លាម។ ចុះមកដល់ដី បានយើងកត់ត្រាថា វ៉ាក់សាំងដល់ហើយ។ អត់មានថាស្អែក ឬខានស្អែក ឬអញ្ចេះ/អញ្ចុះ។ ចេះតែបូកបញ្ចូលបញ្ជី។ អត់ទេ។ លើសមរភូមិវាយគ្នា ហ្នឹងរឿងមួយផ្សេង បញ្ជាការលើការប្រយុទ្ធជាមួយកូវីដ-១៩ គឺមិនមែនជារឿងតូចតាចទេ។ រឿងស្មុគស្មាញ ហើយរឿងមិនធម្មតា។ ទាក់ទងជាមួយការបិទខ្ទប់។
ដូសជំរុញ ឬ ដូសទី ៣ ជាការតម្រូវឬកាតព្វកិច្ច តែគ្មានច្បាប់ដាក់ទោសទណ្ឌឬផាកពិន័យទេ
រឿងបិទខ្ទប់ ជារឿងបិទបាន ប៉ុន្តែដំណោះស្រាយជាមួយពលរដ្ឋរបស់យើងយ៉ាងម៉េច។ គ្រាន់តែបិទខ្ទប់នៅខេត្តព្រះសីហនុ ឡានអង្គរក្សត្រូវបិទប៉ុន្មានយប់ឯណោះ ដូចជាជិត៤ ម៉ឺនគ្រួសារ ដើម្បីចែកឱ្យប្រជាពលរដ្ឋ។ នៅទីក្រុងភ្នំពេញក៏ត្រូវចែកឱ្យប្រជាពលរដ្ឋ ព្រោះបើបិទខ្ទប់គាត់ទៅណារួច? អញ្ចឹង ត្រូវយកម្ហូបអាហារទៅឱ្យគាត់។ ឥឡូវ វ៉ាក់សាំងមានហើយមិនចាំបាច់បិទខ្ទប់ទេ។ ឧទាហរណ៍ សាលារៀនមួយកូនសិស្សឆ្លង ឱ្យកូនសិស្ស ១-២ នាក់ហ្នឹង ទៅព្យាបាលជំងឺទៅ ហើយបាញ់ថ្នាំសម្អាតវាទៅ រួចបន្តរៀនទៀតទៅ។ ខុសគ្នាកាលពីពេលមុន។
ខ្ញុំគួរតែបញ្ជាក់ឡើងវិញ អំពីភាពចាំបាច់ នៅតែ(ត្រូវអនុវត្ត) “៣ការពារ ៣កុំ” … ខ្ញុំមិនមែនហាមមិនឱ្យពាក់ម៉ាសទេ គ្រាន់តែមិនមែនជាកាតព្វកិច្ច។ ពីមុនមិនពាក់ម៉ាស មានច្បាប់ផាកពិន័យ។ រឿងដូសទី ៣ ខ្ញុំសុំបញ្ជាក់ បើទោះបីថាជាតម្រូវការ ឬក៏ជាកាតព្វកិច្ច គ្មានច្បាប់ណាសម្រាប់ការផាកពិន័យ ឬ(ដាក់)ទណ្ឌកម្ម ចំពោះគាត់ទេ។ វាជាការតម្រូវនៃ(ការប្រឈមនឹងជំងឺឆ្លង)កូវីដ-១៩ និយាយអញ្ចេះទៅចុះ។ អាកូវីដ-១៩ វាទាមទារថាទាល់តែចាក់ដូចទី ៣ បានវាអត់ឆ្លងយើង។ ប្រជាពលរដ្ឋរបស់យើងមួយចំនួនយល់ថា ២ ដូស គ្រប់គ្រាន់ហើយ។ ឥឡូវអត់មានឆ្លង/ស្លាប់ អញ្ចឹង គាត់ដូចជាពន្យាដែរ។ តែយើងត្រូវមើលអំពីបញ្ហាហ្នឹង។
៣ ខែដើមឆ្នាំ ពន្ធដារសំរេចបាន ៤៤% នៃផែនការ, ការនាំចេញកើន ៣៣”% ទៅទីផ្សារធំៗ
បើសិនជាភាពស៊ាំក្នុងប្រជាពលរដ្ឋយើងម្នាក់ៗបានហើយនោះ ការជម្រុញដំណើរការសេដ្ឋកិច្ច-សង្គមរបស់យើងនឹងបន្ត។ ឆ្នាំនេះ យើងមានមោទនភាពដោយសារប្រាក់ចំណូលក្នុង ៣ ខែ ដើមឆ្នាំ ផ្នែកពន្ធដារសំរេចបាន ៤៤% នៃផែនការ។ តែបួនខែទេ ផ្នែកពន្ធដារអាចសម្រេចបានដល់ទៅ ៥០%។ ម្សិលមិញនេះ គឺចំនួននៃប្រាក់ចំណូល ឡើងដល់ ២២០ ប៉ុន្មានលានដុល្លារឯណោះ។ អញ្ចឹង គិតជាភាគរយនៃច្បាប់ សម្រាប់គ្រប់គ្រងថវិកាឆ្នាំ ២០២២ នឹងអាចទទួលផលបានល្អ។ ការនាំចេញរបស់យើងកើនប្រមាណ ៣៣%។ ការនាំចេញ ៣ ខែដើមឆ្នាំ កើន ៣៣% មិនមែនជាបញ្ហាតូចតាចទេ។ ហ្នឹងបណ្តាលមកពីយើងគ្រប់គ្រងបានល្អនូវសកម្មភាពសេដ្ឋកិច្ច-សង្គម។ គ្រប់គ្រងកូវីដ-១៩ បានល្អ វាឈានទៅជះឥទ្ធិពលភ្លាមទៅលើផលិតកម្ម ហើយកំណើនការនាំចេញ ៣៣% នោះ ក៏កើនទៅកាន់ទីផ្សារធំៗ ថែមទៀតផង …។
គាំទ្រតួនាទីអគ្គលេខាធិការអង្គការសហប្រជាជាតិ ធ្វើការសម្រុះសម្រួលរវាងក្រុងម៉ូស្គូ និងក្រុងគៀវ
កូវីដ-១៩ វាយប្រហារម្ខាង ឥឡូវ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន កំពុងវាយប្រហារពិភពលោកទាំងមូល សឹងតែស្មើ នឹងសង្គ្រាមលោកលើកទី ៣ ទៅហើយ។ បើនិយាយពីបញ្ហាសេដ្ឋកិច្ច វាស្មើសង្គ្រាមលោកលើកទី ៣ (ដោយសារ)ផលប៉ះពាល់វាធំធេងពេកណាស់។ ឥឡូវ គ្រប់ប្រទេសទាំងអស់ … IMF ទម្លាក់ការព្យាករសេដ្ឋកិច្ចថាធ្លាក់រាល់ថ្ងៃ។ អតិផរណានៅអាមេរិកក្តី នៅអឺរ៉ុបក្តី នៅក្នុងតំបន់របស់យើងក្តី គឺមានការកើនឡើង។ ចំណុចនេះហើយ ដែលយើងរួមចំណែកអំពាវនាវឱ្យមានការសម្រុះសម្រួលដើម្បីបញ្ចប់សង្គ្រាមនៅទីនោះឱ្យបានឆាប់។ យើងគាំទ្រដល់តួនាទីរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលចង់ធ្វើការសម្រុះសម្រួលរវាងម្ខាងគឺទីក្រុងម៉ូស្គូ និងម្ខាងទីក្រុងគៀវ។
យើងគាំទ្រការស្វែងរកដំណោះស្រាយ។ មិនអាចយកសង្គ្រាមទៅបញ្ចប់សង្គ្រាមបានទេ។ រុស្ស៊ីក៏មិនអាចនឹងកម្ទេចអ៊ុយក្រែនបាន អ៊ុយក្រែនក៏មិនអាចកម្ទេចរុស្ស៊ីបាន។ ដូច្នេះ វិធីចុងក្រោយគឺមានតែចរចា(ស្វែងរក)សន្តិភាពតែប៉ុណ្ណោះ។ នេះជាការបញ្ចៀសនូវផលប៉ះពាល់ដែលកើតចេញមកពីសង្គ្រាម។ ទោះបីកើតនៅឆ្ងាយពី ប្រទេសយើងរាប់ម៉ឺនគីឡូ ប៉ុន្តែផលប៉ះពាល់របស់វាធំណាស់ ជាពិសេសប្រេង និងឧស្ម័ន។ ឥឡូវនេះ យើងកំពុងតែរង់ចាំមើលរឿងទណ្ឌកម្ម … ម្សិលមិញលឺថា រុស្ស៊ីចាប់ផ្តើមបិទការផ្គត់ផ្គង់ឧស្ម័នទៅឱ្យប៉ូឡូញ ដោយសារប៉ូឡូញមិនព្រមទូទាត់ជាប្រាក់រូប្លិ។ អឺរ៉ុបនិយាយថា ដល់ឆ្នាំ ២០២៧ ទើបអាចឈប់ប្រើឧស្ម័នរបស់រុស្ស៊ីបាន។ ចុះបើរុស្ស៊ីបិទពីថ្ងៃស្អែកទៅគិតយ៉ាងម៉េច? មិនធ្វើឱ្យអឺរ៉ុបកាប់ឧសយកមកដុតចម្អិនអាហារ? អឺរ៉ុបកាប់ឈើខ្ទេច។ ហើយរដូវរងារ គឺរងារដល់ងាប់។ ត្រូវតែកាប់ឧសដុតហើយពេលហ្នឹង កាប់ព្រៃកាប់អីខ្ទេចខ្ទីហើយ។ អញ្ចឹង បានជាបញ្ហានេះមិនមែនអារឿងតូចតាចទេ សម្រាប់ចរន្តសេដ្ឋកិច្ចពិភពលោក។ សង្វាក់ផ្គត់ផ្គង់លើពិភពលោក គឺជួបការលំបាកឡើងវិញដោយសារបញ្ហាសង្គ្រាម។
ធម្មនុញ្ញសហប្រជាជាតិ មិនកំណត់ឱ្យសេចក្តីសម្រេចរបស់មហាសន្និបាតមានចរិតចាប់បង្ខំអនុវត្តទេ
ម្សិលមិញមានការអនុម័តនៅអង្គការសហប្រជាជាតិ គឺនៅត្រង់ថា បើក្រុមប្រឹក្សាសន្តិសុខមិនអាចសម្រេចបាន ទេ គឺជម្រុញឱ្យប្រធានមហាសន្និបាតអង្គការសហប្រជាជាតិសម្រេចទៅវិញ។ ប៉ុន្តែ រវាងក្រុមប្រឹក្សាសន្តិសុខ និងមហាសន្និបាតខុសគ្នា។ សេចក្តីសម្រចរបស់ក្រុមប្រឹក្សាសន្តិសុខ មានចរិតចាប់បង្ខំត្រូវអនុវត្ត ដូចជាសេចក្តីសម្រេចដាក់ទណ្ឌកម្មលើកូរ៉េខាងជើង មិនប៉ះពាល់តែកូរ៉េខាងជើងឯណា? ប៉ះពាល់ទាំងយើងទៅទៀត។ ក្រុមហ៊ុនកូរ៉េខាងជើងទាំងប៉ុន្មាន ត្រូវចាកចេញពីកម្ពុជាទាំងអស់។ សូម្បីតែគ្រូកីឡាកូរ៉េខាងជើងនៅកម្ពុជា ក៏ត្រូវចេញដែរ។ ហ្នឹងជាសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ។
ប៉ុន្តែ នៅក្នុងក្រុមប្រឹក្សាសន្តិសុខមានរុស្ស៊ីនៅក្នុងហ្នឹង។ គាត់តែងតែវេតូ។ ដើម្បីបញ្ចៀសសិទ្ធិវេតូរបស់រុស្ស៊ី គេថា បើសិនជាក្រុមប្រឹក្សាសន្តិសុខមិនអាចសម្រេចបាន គឺជាស្វ័យប្រវត្តិឱ្យប្រធានមហាសន្និបាតអង្គការសហប្រជាជាតិដាក់ចេញសេចក្តីសម្រេច។ ប៉ុន្តែនៅក្នុងធម្មនុញ្ញសហប្រជាជាតិ មិនកំណត់ឱ្យសេចក្តីសម្រេចរបស់មហាសន្និបាតមានចរិតចាប់បង្ខំអនុវត្តទេ។ រឿងវាអញ្ចឹងទៅទៀត។ ច្របូកច្របល់ទៅដល់សណ្តាប់ធ្នាប់នៃស្ថាប័នពិភពលោកថែមទៀតផង។ យើងក៏កំពុងតែតាមដាន។ រឿង(សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន)ហ្នឹង វាជារឿងមួយ ដែលវាជះឥទ្ធិពលមកលើយើង។ កូវីដ-១៩ ម្យ៉ាងហើយ។ យើងទើបនឹងរើបៗ (ចរន្តសេដ្ឋកិច្ច សង្វាក់ផ្គត់ផ្គង់លើពិភពលោក ជួបការលំបាកឡើងវិញដោយសារបញ្ហាសង្គ្រាម)នោះមកដល់ទៀត។ ដូចជាត្រូវមួយក្រញ៉ថែមទៀត។
កសិកម្មនៅតែជាវិស័យធានាថាកម្ពុជាមានអង្ករច្រកឆ្នាំង
ប៉ុន្តែ យើងគ្មានវិធីណាផ្សេងក្រៅពីប្រឹងទេ។ វិស័យកសិកម្មនៅតែជាវិស័យគន្លឹះ ដើម្បីធានាថាខ្មែរនៅតែមានអង្ករច្រកឆ្នាំង។ និយាយគ្នាឱ្យច្បាស់លើរឿងហ្នឹង។ ឆ្នាំនេះ យើងមានអតិរេកស្រូវ។ សង្ឃឹមថា ឆ្នាំនេះកសិកម្មរបស់យើងនឹងមានផលល្អតទៅទៀត ដោយសារទឹកភ្លៀងក៏ផ្តល់ឱ្យយើងល្អផងដែរ។ ខ្ញុំហាក់ដូចជានិយាយ ច្រើនបន្តិច ក៏ប៉ុន្តែក៏ជាឱកាសមួយដើម្បីជម្រាបជូនទៅប្រជាពលរដ្ឋថា យើងបន្តការគ្រប់គ្រងកូវីដ-១៩ តទៅទៀត។ បើចង់មាននិរន្តរភាពលើវិស័យអប់រំ វាទាល់តែកូវីដ-១៩ ហ្នឹងកុំរាតត្បាត ធ្វើម៉េចកុំឱ្យឆ្លងចូលសាលារៀន ដែលវា(អាច)សម្លាប់ដល់កូនសិស្ស/និស្សិត/គ្រូបង្រៀនរបស់យើង។ ខ្ញុំសង្ឃឹមថា អនុសាសន៍ទាំង ៦ ដែលខ្ញុំបានលើកនឹងក្លាយទៅជាធាតុចូលសម្រាប់អ្នកដែលបានចូលរួមនៅទីនេះ ហើយអ្វីដែលខ្ញុំបាននិយាយបន្ថែមទៅលើការប្រយុទ្ធជាមួយកូវីដ-១៩ ក៏បានក្លាយទៅជាការចង្អុលបង្ហាញ សម្រាប់ការចូលរួមរបស់ប្រជាពលរដ្ឋផងដែរ។
[បញ្ចប់សេចក្តីអធិប្បាយ]
ខ្ញុំមានសុទិដ្ឋិនិយម ចំពោះសមិទ្ធផលអង្គសន្និបាត និងអនុសាសន៍សំខាន់ៗ ដែលខ្ញុំបានលើកឡើង នឹងក្លាយជាមូលដ្ឋាន និងជាធាតុចូលប្រកបដោយតម្លាភាព និងប្រសិទ្ធភាព សម្រាប់អនុវត្តក្មុងវិស័យអប់រំកម្ពុជា នៅឆ្នាំសិក្សាថ្មី និងឆ្នាំសិក្សាបន្តបន្ទាប់។
នៅទីបញ្ចប់, ជាមួយនឹងការប្រកាសបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២១-២០២២, ខ្ញុំសូមជូនពរ សម្តេច ឯកឧត្តម លោកជំទាវ, លោក លោកស្រី បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ និងអង្គសន្និបាត សូមប្រកបដោយពុទ្ធពរទាំង ៤ ប្រការ៖ ឤយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត៕