សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ សំណេះសំណាលជាមួយប្រជាពលរដ្ឋតាំងទីលំនៅថ្មីនៅតំបន់ រុនតាឯក (លើកទី ៣) ស្រុកបន្ទាយស្រី ខេត្តសៀមរាប

​​(១) មក រុនតាឯក លើកទី៣ ជួបជុំដំណាក់កាលចុងក្រោយនៃការចាប់ផ្តើម, ប្រជាពលរដ្ឋដូរទីលំនៅចេញពីតំបន់អង្គរដើម្បីគោរពលក្ខខណ្ឌតម្រូវដោយ UNESCO ថ្ងៃនេះគឺមានការរីករាយដែលបានមកជួបបងប្អូននៅរុនតាឯកសាជាថ្មីម្តងទៀត ប៉ុន្តែជួបអ្នកថ្មីដែលមិនទាន់បានជួប។ មុននឹងខ្ញុំនិយាយតទៅទៀតខ្ញុំគួរតែជម្រាបថានៅនឹងមុខបងប្អូនដែលបានមានរួចទៅហើយនោះមាននំបុ័ង មានទឹកសុទ្ធ មានទឹកក្រូច។ អញ្ចឹងទេ ពេលដែលខ្ញុំនិយាយបងប្អូនអាចទទួលទាននំបុ័ង អាចទទួលទានទឹកក្រូច ទឹកអីតាមចិត្តចង់។ ឯអ្នកដែលអត់គឺខ្ញុំ ប៉ុន្តែខ្ញុំក៏មានទឹកដែរ។ ថ្ងៃនេះជាពេលវេលាទី៣ ហើយក៏ខ្ញុំចាត់ទុកថាសម្រាប់ រុនតាឯក ជាការជួបជុំដំណាក់កាលចុងក្រោយនៃការចាប់ផ្តើម ប៉ុន្តែមិនមែនជាដំណាក់កាលចុងក្រោយនៃពេលអភិវឌ្ឍទេ។ យើងនឹងមានឱកាសជួបគ្នានៅ រុនតាឯក ជាបន្តបន្ទាប់ទៀត នៅពេលដែលបងប្អូនយើងមករស់នៅទីនេះ។ ខ្ញុំសូមអរគុណចំពោះឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដែលបានដឹកនាំសម្របសម្រួលជាមួយនឹងបណ្តាស្ថាប័ននានា ក្នុងឋានៈជាក្រុមការងារតម្រង់ទិសនៅទីនេះ។ អម្បាញ់មិញឯកឧត្តម ជា សុផារ៉ា បានរាយការណ៍ជូនបងប្អូន ជូនយើងទាំងអស់គ្នានៅទីនេះ អំពីវឌ្ឍនភាពដែលសម្រេចបានដែលធ្វើឡើងដោយស្ថាប័ននានាទាំងផ្នែកទឹក ទាំងផ្នែកអគ្គិសនី ទាំងផ្លូវថ្នល់ ទាំងការកសាងសាលារៀន ទាំងការកសាងវត្តអារាម ការកសាងផ្នែកដទៃទៀតសម្រាប់ដំណើរការនៅក្នុងតំបន់ រុនតាឯក របស់យើងនេះ។ នៅទីនេះ ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដែលបានធ្វើរួចមកហើយដូចជាសាលារៀន និងកំពុងតែសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ដែលក្រោយនេះ អាចនិយាយបានដូចច្នោះថានឹងក្លាយជាកូនក្រុងរណបមួយបាន នៅពេលក្រោយទៅទៀត។ ខ្ញុំសូមអរគុណជាមួយស្ថាប័នទាំងអស់ ដែលបានខិតខំប្រឹងប្រែងធ្វើឱ្យមានវឌ្ឍនភាពនៃកិច្ចការងារនេះ។ ខ្ញុំដឹងច្បាស់ណាស់ថា…

សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន សំណេះសំណាលជាមួយប្រជាពលរដ្ឋបានចាប់ឆ្នោតរើសទីតាំងលំនៅដ្ឋានថ្មី នៅភូមិធម្មជាតិ រុនតាឯក

(១) ផ្តល់ការសំរេចលើ (១) ការរៀបចំបណ្ដាញទឹកជូនទៅការអភិវឌ្ឍនៅតំបន់ពាក់ស្នែង និង(២) មិនគាំទ្រការកាត់យកទឹកដីអ៊ុយក្រែនបញ្ចូលទៅរុស្ស៊ី ថ្ងៃនេះ ខ្ញុំពិតជាសប្បាយរីករាយដែលបានវិលត្រឡប់មកជួបបងប្អូនសាជាថ្មីម្ដងទៀត បន្ទាប់ពីជួបជាង ១០០០ គ្រួសារលើកមុន។ ដំណើរមកដល់របស់ខ្ញុំនេះ ក្នុងគោលដៅជំរុញដោះស្រាយដែលខ្ញុំបានលើកឡើងកាលពីពេលមុន។ យើងលែងអង្គុយបក់ផ្សែង។ យើងត្រូវដុតភ្លើងតាមរយៈការរៀបចំក្នុងទ្រង់ទ្រាយធំតែម្ដង។ ថ្ងៃនេះ នៅពេលដែលខ្ញុំមានយោបល់ ម្សិលមិញ ខ្ញុំបានឱ្យសហការី អ្នកធ្វើការជាមួយនឹងខ្ញុំ រៀបចំទឹកសុទ្ធ នំប៉័ងនិងទឹកក្រូច។ គោលបំណង មិនមែនសំដៅឱ្យយកទៅផ្ទះនោះទេគឺឱ្យទទួលទាននៅនឹង។ (ខណៈ)ខ្ញុំនិយាយ បងប្អូន(ពិសារ)នំប៉័ងហ្នឹងទៅ។ សួរថា ម៉េចក៏មានទឹកតែមួយដប? ទឹកមួយដបល្មមហើយ ប៉ុន្តែបញ្ហាគួរឱ្យឆ្ងល់ ម៉េចក៏ទឹកក្រូចដាក់តែ ០២ កំប៉ុង? ខ្ញុំមិនចង់ដាក់ ០៣ កំប៉ុងទេ កុំឱ្យមានស្នេហាត្រីកោណ។ ខ្ញុំឱ្យដាក់មួយគូ ដើម្បីបង្ហាញជានិមិត្តរូបថា ប្ដីប្រពន្ធយើងមួយគូៗ។ ជិតដល់ខែរៀបការហើយ។ ឥឡូវភ្ជុំរួចហើយ បន្ដិចទៀតចេញវស្សា។ តែចេញវស្សាហើយគឺរៀបការហើយ សំឡេងភ្លេងការកងរំពងហើយ។ មួយឆ្នាំៗ ត្រូវកើតយ៉ាងតិច ៣០ ម៉ឺននាក់សម្រាប់ប្រទេសរបស់យើង។ ឥឡូវប្រទេសរបស់យើងមានដល់ប្រជាជនដល់ទៅ ១៧ លាននាក់។ កាលពីឆ្នាំ ១៩៧៩ ប្រជាជនកម្ពុជាមានប្រមាណ…

សុន្ទរកថា និងសេចក្តីដកស្រង់សង្កថា សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ដំណើរទេសចរណ៍ពានរង្វាន់បាល់ទាត់ពិភពលោក (FIFA WORLD CUP) ឆ្លងកាត់ព្រះរាជាណាចក្រកម្ពុជាជាលើកដំបូង

– សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី កីឡាករ កីឡាការិនី លោក គ្រីសជាន ការឹមប៊ែរ(Christian Karember) តំណាងបេសកជនពិសេស ហ្វីហ្វា (FIFA)! ខ្ញុំពិតជាមានមោទនភាព និងសេចក្តីរីករាយក្រៃលែង ដោយបានមកចូលរួមទទួលស្វាគមន៍ និងលើកពានរង្វាន់បាល់ទាត់ពិភពលោក  (FIFA World Cup Trophy Tour) ជាលើកដំបូងជាមួយ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី កីឡាករ កីឡាការិនី នាឱកាសនះ។ ពានរង្វាន់មាសសុទ្ធទម្ងន់ ៦,១ គីឡូក្រាម ពិតជាមានអត្ថន័យ សម្រាប់វិស័យកីឡាកម្រិតពិភពលោក ដែលអនុញ្ញាតឱ្យតែប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃបណ្តាប្រទេសមួយចំនួន ដែលក្បួនត្រូវបានហែឆ្លងកាត់ទីលានវេទិកា ទើបអាចមានឱកាសកាន់ប៉ះដោយផ្ទាល់ នូវពានរង្វាន់ដ៏មានតម្លៃ និងសារៈសំខាន់នេះ។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំពិតជាមានមោទនភាព ដូចប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលជាច្រើន ដែលបានកាន់ និងលើកពានរង្វាន់បាល់ទាត់ពិភពលោកដ៏មានអត្ថន័យនេះ។ ជាការពិត​ ពាននេះក៏ជានិមិត្តរូបតំណាងឱ្យមនុស្សជាតិលើពិភពលោកទាំងមូលផងដែរ ពីព្រោះពានរង្វាន់នេះ តំណាងឱ្យ​ប្រជាជន…