សន្និសីទសារព័ត៌មានរួមគ្នា ជាមួយប្រធានាធិបតី ម៉ាល់ឌីវ ក្នុងពេលបំពេញទស្សនកិច្ចនៅសាធារណរដ្ឋម៉ាល់ឌីវ

(១) អញ្ជើញប្រធានាធិបតីម៉ាល់ឌីវបំពេញទស្សនកិច្ចនៅកម្ពុជាវិញម្ដង ជាមួយនឹងកិច្ចពង្រឹងថែមទៀតនៃចំណងទាក់ទងរបស់យើង ខ្ញុំក៏សូមយកឱកាសនេះថ្លែងសាជាថ្មីអំពីការសួរសុខទុក្ខរបស់ព្រះមហាក្សត្រ ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អមដោយការអញ្ជើញចំពោះឯកឧត្ដមប្រធានាធិបតីសម្រាប់ទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ហើយប្រសិនបើអាចធ្វើទៅបាន គឺអញ្ជើញ(ឯកឧត្តមធ្វើ)ទស្សនកិច្ចនៅកម្ពុជា ក្នុងពេលដែលកម្ពុជាប្រារព្ធការបើក SEA Games នៅខែឧសភា នៃឆ្នាំនេះ។ (២) រំលឹកខួបទី២៨ នៃទំនាក់ទំនងការទូត … ជ្រើសរើសនិងដាក់ឈ្មោះផ្លូវមួយខ្សែនៅក្រុងព្រះសីហនុ “ផ្លូវមិត្តភាពកម្ពុជា–ម៉ាល់ឌីវ” អម្បាញ់មិញ ឯកឧត្ដមប្រធានាធិបតីបានលើកអំពីការពិភាក្សា(របស់ប្រទេសទាំងពីរ)។ ខ្ញុំអាចរំលេចបញ្ហាខ្លះបន្ថែមទៀត។ ស្ដីពីទំនាក់ទំនងខាងនយោបាយ ឆ្នាំនេះជាខួបលើកទី២៨ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ប្រទេសទាំងពីរបានព្រមព្រៀងគ្នាដើម្បីជូនអគ្គរដ្ឋទូតពីទីក្រុងបាងកកទៅជូនសារតាំងនៅទីក្រុងភ្នំពេញ ហើយកម្ពុជាបញ្ជូនអគ្គរាជទូតពីទីក្រុង New Delhi មកជូនសារតាំងនៅឯម៉ាល់ឌីវ។ ជាមួយគ្នានេះ ដើម្បីបង្ហាញអំពីការយកចិត្តទុកដាក់របស់យើងអំពីចំណងមិត្តភាពរវាងប្រទេសទាំងពីរ កម្ពុជាបានសម្រេចចិត្ត​ ជ្រើសរើសផ្លូវមួយខ្សែ​នៅទីក្រុងទេសចរណ៍មាត់សមុទ្ររបស់កម្ពុជា ដាក់ឈ្មោះថាផ្លូវមិត្តភាពកម្ពុជា-ម៉ាល់ឌីវ ដែលនេះបង្ហាញអំពីចរិតប្រវត្តិសាស្រ្តនៃទំនាក់ទំនងរបស់យើងដោយចាប់ផ្ដើមពីទស្សនកិច្ចរបស់ខ្ញុំនៅទីនេះ។ (៣) អាហារូបករណ៍កម្ពុជា/ម៉ាល់ឌីវ ជាកិច្ចសហប្រតិបត្តិការកម្រិតនយោបាយនិងការបណ្ដុះបណ្ដាល​ធនធានមនុស្ស ខ្ញុំអរគុណចំពោះការដែលឯកឧត្តមប្រធានាធិបតីបានផ្ដល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ផ្ដល់នូវការហ្វឹកហាត់សម្រាប់អ្នកហែលទឹករបស់កម្ពុជា និងផ្តល់នូវមន្ត្រីដែលត្រូវធ្វើបដិសណ្ឋារកិច្ចចំនួន២០នាក់ ដែលពួកគេនឹងទទួលបាននូវការបណ្តុះបណ្តាល សម្រាប់ការជំរុញវិស័យទេសចរណ៍នៅកម្ពុជា។ ខ្ញុំក៏សុំយកឱកាសនេះបញ្ជាក់ជូនថា កម្ពុជាបានផ្តល់ឱកាសផ្តល់អាហារូបករណ៍ចំនួន១០រូប សម្រាប់និស្សិតរបស់ម៉ាល់ឌីវ ដើម្បីសិក្សានៅថ្នាក់ឧត្តមសិក្សានៅកម្ពុជា។ នៅក្នុងពេលកំពុ​ងតែរង់ចាំមកកាន់ទីនេះ ខ្ញុំបានជួបជាមួយនឹងប្រ​ធានសាលារួចហើយ ដែលពេលនេះគាត់ជារដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។…

សុន្ទរកថា និងសេចក្តីដកស្រង់សង្កថា សម្តេចតេជោ ហ៊ុន សែន បិទព្រឹត្តិការណ៍កីឡាជាតិ លើកទី ៣ និងកីឡាជាតិជនពិការលើកទី ១

[សុន្ទរកថា] ថ្ងៃ​នេះ ​ខ្ញុំ​មាន​សេចក្ដីរីក​រាយ ​ដោយ​បាន​​ចូល​រួម​ជាថ្មីជាមួយ​ សម្ដេច​ ឯកឧ​ត្ត​ម ​លោ​ក​​ជំទាវ លោក​ លោក​ស្រី​ប្រតិ​ភូ​កីឡា​​ ​ក្មួយៗកីឡា​ករ កីឡា​ការិ​នី ក្នុង​ពិធី​បិទការប្រកួតកីឡា​ជាតិ ​លើក​ទី ៣ និងកីឡាជនពិការជាតិលើកទី ១ នាពេល​នេះ​។​ ការ​ប្រកួតនេះបាន​ប្រព្រឹត្ត​ទៅ​ដោយរលូន និង​​ជោគ​ជ័យក្រោម​បរិយាកាស​សប្បាយ​រីក​រាយ​​ ចំពោះ​លទ្ធផល ដែល​ក្មួយៗកីឡា​ករ កីឡា​ការិ​នីទទួលបាន​ផ្អែកតាមសមត្ថភាព និងទេពកោសល្យជាក់ស្តែងរៀងៗខ្លួន​។ ខ្ញុំសូមអបអរសាទរដល់ជ័យលាភី ដែលបានខិតខំហ្វឹកហាត់ និងខិតខំប្រឹងប្រែង​ក្នុងការ​ប្រកួត​រហូត​ដល់ទទួលបាន​ជ័យជំនះជាទីមោទនៈនេះ។ ជាមួយគ្នានេះដែរ ខ្ញុំក៏សូមឆ្លៀតឱកាសនេះ អបអរសាទរនូវការដាក់បញ្ចូលក្បាច់គុនល្បុក្កតោជាបេតិកភណ្ឌអរូបីរបស់មនុស្សជាតិ នៃអង្គការយូណេស្កូ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។ [ចាប់ផ្តើមសេចក្តីអធិប្បាយ] ៣ ចំណុច សំខាន់ទាក់ទងជាមួយនឹងមោទនភាពជាតិ ក្នុងឱកាសនេះ អនុញ្ញាតឱ្យខ្ញុំព្រះករុណាខ្ញុំ បានថ្លែងទៅកាន់ព្រះសង្ឃ និងប្រជាពលរដ្ឋនៅទូទាំងប្រទេស បន្ថែមទៅលើសារដែលខ្ញុំបានផ្ញើជូនប្រជាជាតិកម្ពុជា។ ក្នុងនាមរាជរដ្ឋាភិបាល នាឱកាសនេះ សូមលើកឡើង ចំណុច ៣ សំខាន់ ដែលទាក់ទងជាមួយនឹងមោទនភាពជាតិរបស់យើង។ ដំបូង (១) “ផឹកទឹក ត្រូវនឹកដល់ប្រភពទឹក”។ យើងគួរតែមានការអរគុណយ៉ាងជ្រាលជ្រៅទៅដល់ដូនតារបស់យើងគ្រប់ជំនាន់ ដែលបានខិតខំបន្សល់ស្នាដៃទុកឱ្យយើងក្មេងជំនាន់ក្រោយ។…

ដកស្រង់ប្រសាសន៍សង្កថា សម្តេចតេជោ ហ៊ុន សែន សំណេះសំណាលជាមួយប្រជាពលរដ្ឋ ស្ម័គ្រចិត្តរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅតាំងទីលំនៅថ្មីនៅភូមិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប

(១) ព្រះរាជតម្រិះព្រះបរមរតនៈកោដិ ផ្ដើមគំនិតដាក់អង្គរវត្ដជាបេតិកភណ្ឌពិភពលោកតាំងពីឆ្នាំ ១៩៩១ ថ្ងៃនេះគឺជាថ្ងៃបិណ្ឌទី ៣ នៃពិធីសាសនារបស់យើង ហើយក៏ជាថ្ងៃមួយដែលបងប្អូនប្រជាពលរដ្ឋ​រ​បស់យើងអាចមកជួបជុំគ្នានៅទីនេះ។ ខ្ញុំសូមយកឱកាសនេះ អរគុណចំពោះប្រជាពលរដ្ឋរបស់យើង ដែលយល់ពីអ្វីដែលយើងគួរធ្វើ។ អរគុណចំពោះឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី​ ជា​សុផារ៉ា​ ដែលបានដឹកនាំគណៈកម្មាការ តម្រង់ទិសដោះស្រាយបញ្ហានៅក្នុងតំបន់អង្គរ ក៏ដូចតំបន់​ទីក្រុងសៀមរាបក្នុងរយៈពេលកន្លងទៅ។ ទោះបីថ្ងៃនេះ បងប្អូនប្រជាពលរដ្ឋដែលចេញពី​ទីក្រុងសៀមរាបមកតាំងទីលំនៅ នៅរុនតាឯកនេះ មិនមានវត្ដមានជួបជុំនៅទីនេះ ​ក៏ប៉ុន្ដែខ្ញុំគួរនិយាយប្រាប់​និងអរគុណចំពោះបងប្អូនទាំងអស់នោះ ហើយក៏មានក្របខណ្ឌគោលនយោបាយដូចបងប្អូននៅទីនេះផងដែរ ដែលបន្ដិចទៀតខ្ញុំនឹងនិយាយដល់។ ខ្ញុំសូមអរគុណ … ចំពោះ​មន្ដ្រីនានា មានកម្លាំងរហូតទៅដល់ជិត ២ ពាន់នាក់ ដែលបានចូលរួមធ្វើការងារនេះ ហើយការដោះស្រាយបញ្ហារបស់យើងនៅពេលនេះ គឺត្រូវដោះស្រាយជាមូលដ្ឋាន។ យើងមិនអាចបន្ដ​អង្គុយបក់ផ្សែងតទៅទៀតទេ គឺត្រូវពន្លត់ភ្លើងតែម្ដង។ បើមិនដូច្នោះទេ អ្វីដែលយើងនឹងទទួលការ​ខាត​បង់គឺធំធេង។ ប្រជាពលរដ្ឋខ្លួនឯងមិនអាចដោះស្រាយបានបញ្ហានិងមិនអាចពង្រីកនូវសិទ្ធិ​អំណាចរបស់ខ្លួនក្នុងការកាន់កាប់សិទ្ធិស្របច្បាប់ទៅលើដីធ្លី ឬការកសាងផ្ទះសម្បែង ហើយរស់នៅដោយមានការភ័យខ្លាច។ ខ្ញុំគួរតែនិយាយដើម្បីពន្យល់បងប្អូនដែលនៅទីនេះ ក៏ដូចជាបង​​ប្អូនដែលរស់នៅទីកន្លែងដទៃ និងដើម្បីការយល់ដឹង ចៀសវាងការឃោសនាដ៏អកុសលរបស់ជន​មួយក្រុមតូច ដែលគេតែងតែប្រឆាំងនូវអ្វីដែលរាជរដ្ឋាភិបាលបានធ្វើ។ … ប្រសិនបើមិនមានការចាំបាច់សម្រាប់​ប្រទេសជាតិ តើចាំបាច់ទៅឈឺក្បាលធ្វើអ្វី​ ព្រោះប្រជាពលរដ្ឋបានទៅរស់នៅទីនោះទៅហើយ។ ប៉ុន្ដែខ្ញុំគួរតែបញ្ជាក់ «តំបន់រមណីយ​ដ្ឋានប្រាសាទអង្គររបស់យើងត្រូវបានដាក់ចូលជាបេតិកភណ្ឌពិភពលោក»។ ខ្ញុំគួរតែរំលឹកបន្ដិចពីប្រវត្ដិបញ្ហា​នោះ។ ព្រះករុណាព្រះបិតាជាតិ សម្ដេចព្រះ នរោត្ដម…