(១) ព្រះរាជតម្រិះព្រះបរមរតនៈកោដិ ផ្ដើមគំនិតដាក់អង្គរវត្ដជាបេតិកភណ្ឌពិភពលោកតាំងពីឆ្នាំ ១៩៩១
ថ្ងៃនេះគឺជាថ្ងៃបិណ្ឌទី ៣ នៃពិធីសាសនារបស់យើង ហើយក៏ជាថ្ងៃមួយដែលបងប្អូនប្រជាពលរដ្ឋរបស់យើងអាចមកជួបជុំគ្នានៅទីនេះ។ ខ្ញុំសូមយកឱកាសនេះ អរគុណចំពោះប្រជាពលរដ្ឋរបស់យើង ដែលយល់ពីអ្វីដែលយើងគួរធ្វើ។ អរគុណចំពោះឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ជាសុផារ៉ា ដែលបានដឹកនាំគណៈកម្មាការ តម្រង់ទិសដោះស្រាយបញ្ហានៅក្នុងតំបន់អង្គរ ក៏ដូចតំបន់ទីក្រុងសៀមរាបក្នុងរយៈពេលកន្លងទៅ។ ទោះបីថ្ងៃនេះ បងប្អូនប្រជាពលរដ្ឋដែលចេញពីទីក្រុងសៀមរាបមកតាំងទីលំនៅ នៅរុនតាឯកនេះ មិនមានវត្ដមានជួបជុំនៅទីនេះ ក៏ប៉ុន្ដែខ្ញុំគួរនិយាយប្រាប់និងអរគុណចំពោះបងប្អូនទាំងអស់នោះ ហើយក៏មានក្របខណ្ឌគោលនយោបាយដូចបងប្អូននៅទីនេះផងដែរ ដែលបន្ដិចទៀតខ្ញុំនឹងនិយាយដល់។
ខ្ញុំសូមអរគុណ … ចំពោះមន្ដ្រីនានា មានកម្លាំងរហូតទៅដល់ជិត ២ ពាន់នាក់ ដែលបានចូលរួមធ្វើការងារនេះ ហើយការដោះស្រាយបញ្ហារបស់យើងនៅពេលនេះ គឺត្រូវដោះស្រាយជាមូលដ្ឋាន។ យើងមិនអាចបន្ដអង្គុយបក់ផ្សែងតទៅទៀតទេ គឺត្រូវពន្លត់ភ្លើងតែម្ដង។ បើមិនដូច្នោះទេ អ្វីដែលយើងនឹងទទួលការខាតបង់គឺធំធេង។ ប្រជាពលរដ្ឋខ្លួនឯងមិនអាចដោះស្រាយបានបញ្ហានិងមិនអាចពង្រីកនូវសិទ្ធិអំណាចរបស់ខ្លួនក្នុងការកាន់កាប់សិទ្ធិស្របច្បាប់ទៅលើដីធ្លី ឬការកសាងផ្ទះសម្បែង ហើយរស់នៅដោយមានការភ័យខ្លាច។ ខ្ញុំគួរតែនិយាយដើម្បីពន្យល់បងប្អូនដែលនៅទីនេះ ក៏ដូចជាបងប្អូនដែលរស់នៅទីកន្លែងដទៃ និងដើម្បីការយល់ដឹង ចៀសវាងការឃោសនាដ៏អកុសលរបស់ជនមួយក្រុមតូច ដែលគេតែងតែប្រឆាំងនូវអ្វីដែលរាជរដ្ឋាភិបាលបានធ្វើ។
… ប្រសិនបើមិនមានការចាំបាច់សម្រាប់ប្រទេសជាតិ តើចាំបាច់ទៅឈឺក្បាលធ្វើអ្វី ព្រោះប្រជាពលរដ្ឋបានទៅរស់នៅទីនោះទៅហើយ។ ប៉ុន្ដែខ្ញុំគួរតែបញ្ជាក់ «តំបន់រមណីយដ្ឋានប្រាសាទអង្គររបស់យើងត្រូវបានដាក់ចូលជាបេតិកភណ្ឌពិភពលោក»។ ខ្ញុំគួរតែរំលឹកបន្ដិចពីប្រវត្ដិបញ្ហានោះ។ ព្រះករុណាព្រះបិតាជាតិ សម្ដេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដិ ព្រះអង្គបានប្រឹងប្រែងខ្លាំងណាស់តាំងពីដំណាក់កាល SNC ចាប់ផ្ដើម។ ប្រជុំនៅប៉ាតាយ៉ា ព្រះអង្គបានដើរសួរសុខទុក្ខតាមគណៈប្រតិភូនិមួយៗ ប៉ុន្ដែព្រះអង្គបានឲ្យអាទិភាពចំពោះគណៈប្រតិភូទៅពីរដ្ឋកម្ពុជា។ ព្រះអង្គបានមកសួរសុខទុក្ខខ្ញុំនិងសហការី ដែលជាសមាជិក SNC ពីរដ្ឋកម្ពុជានៅបន្ទប់របស់ខ្ញុំផ្ទាល់។ ពេលនោះព្រះអង្គបានពិគ្រោះយោបល់ថា «ឯកឧត្តម! យើងគួរតែដាក់ប្រាសាទអង្គររបស់យើងជាបេតិកភណ្ឌពិភពលោក»។
នេះជាអ្វីដែលខ្ញុំចាំច្បាស់ … តាំងពីឆ្នាំ ១៩៩១ ឯណោះ។ ពេលនោះ ខ្ញុំបានបង្ហាញពីការគាំទ្រចំពោះព្រះអង្គសម្រាប់ការដាក់ប្រាសាទអង្គរនេះទៅជាបេតិកភណ្ឌពិភពលោក។ ទន្ទឹមគ្នានោះដែរ បន្ទាប់ពីបានដឹងថា ខ្ញុំមានការយល់ព្រមទៅលើការដាក់ប្រាសាទអង្គរទៅជាបេតិកភណ្ឌពិភពលោក សម្ដេចបវរ សេនា សឺន សាន ដែលជាប្រធាននៃចលនារណៈសិរ្សរំដោះជាតិខ្មែរ គាត់ឆ្លាតជ្រុល។ និយាយដើមគាត់បន្ដិចទៅចុះ។ គាត់ទទួលមរណកាលទៅហើយ ប៉ុន្ដែនិយាយឲ្យដឹងពីប្រវត្ដិ។ គ្រាន់តែដឹងថាខ្ញុំយល់ព្រមដាក់ប្រាសាទអង្គរវត្ដទៅជាបេតិកភណ្ឌពិភពលោក គាត់បានស្នើសុំដាក់តំបន់ទាំងអស់នៅក្នុងនេះ ជាតំបន់អត់កងទ័ព អត់យោធា។នៅក្នុងអង្គប្រជុំ ខ្ញុំចង្អុលមុខ សឺន សាន (និងនិយាយ)យ៉ាងច្បាស់ថា ឯកឧត្តមកុំឆ្លាតពេកមើល។ ពេលណាដែលខ្ញុំដកកងទ័ពចេញពីតំបន់ហ្នឹង កងទ័ពរបស់ឯកឧត្តម មុខតែជ្រៀតចូលតំបន់អង្គរហើយ។
(២) ដោយការខិតខំរបស់ព្រះបរមរតនកោដ្ឋ និងការយោគយល់របស់មិត្តភក្ដិ ពិសេសអង្គការយូណេស្កូ ប្រាសាទអង្គរត្រូវបានបញ្ចូលជាបេតិកភណ្ឌពិភពលោកនៅឆ្នាំ ១៩៩២
ឥលូវ (អភិបាលខេត្ត ទៀ) សីហា មកនៅទីនេះប៉ុន្មានឆ្នាំ ស្គាល់ត្រីញ័រហើយនៅ? នៅស្រុកណា? ស្រុកពួក។ ឃុំត្រីញ័រនេះ ក្នុងរង្វង់ឆ្នាំ ១៩៨៩ -១៩៩០ យើងបានចាប់កម្លាំងរបស់សឺនសាន ៧២ នាក់ ដែលចេញពីតំបន់ទន្លេសាបទៅព្រំដែនថៃវិញ ដោយឆ្លងកាត់ឃុំត្រីញ័រស្រុកពួក។ ខ្ញុំថាពួកឯកឧត្តម កុំខូចពេកណា។ ពួកខ្ញុំមិនបានទៅបំផ្លាញអង្គរវត្ដទេ។ ខ្ញុំត្រូវមានភារកិច្ចការពារតំបន់នេះ។ អញ្ចឹងខ្ញុំយល់ស្របនឹងការដាក់ប្រាសាទអង្គរជាបេតិកភណ្ឌពិភពលោក តែដាក់ទៅជាតំបន់អត់យោធាគឺខ្ញុំមិនព្រមទេ។ គាត់បបួលដាក់តាំងពីប្រាសាទកោះកេរ្តិ ភ្នំគូលែននោះ។ ព្រះករុណាបិតា គឺព្រះអង្គត្រឹមតែមានបំណងទៅលើបញ្ហាការដាក់ប្រាសាទអង្គរវត្ដទៅជាបេតិកភណ្ឌពិភពលោក។
តាមរយៈនៃការខិតខំរបស់ព្រះអង្គនិងការយោគយល់របស់មិត្តភក្ដិរបស់យើង ជាពិសេសអង្គការយូណេស្កូ បានយល់ព្រមទទួលយកនូវប្រាសាទអង្គរជាបេតិកភណ្ឌពិភពលោកនៅឆ្នាំ ១៩៩២។ តាំងពីពេលនោះ បើនិយាយពីរចនាសម្ព័ន្ធនៃការគ្រប់គ្រង ក្នុងរយៈកាលអន្ដរកាលនៃការចុះកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងមកទល់ការបោះឆ្នោត និងមានសភាធម្មនុញ្ញ បង្កើតរដ្ឋាភិបាលថ្មី … SNC តំណាងឲ្យឯករាជ្យភាព អធិបតេយ្យភាពរបស់កម្ពុជា ហើយគេចាត់ទុក SNC ថាជាក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ជាប្រភពអំណាចតែមួយគត់។ ប៉ុន្ដែគេក៏បានបែងចែក ផ្តល់ការទទួលស្គាល់ដល់រដ្ឋបាលនៅនឹងកន្លែង។ ត្រង់ហ្នឹងហើយដែល ខៀវ សំផន មានការខកចិត្តយ៉ាងខ្លាំង។ គេមើលត្រឹមថា SNC ជាប្រភពអំណាចតែមួយគត់ ប៉ុន្ដែគេភ្លេចមើលឧបសម្ព័ន្ធអំពីរដ្ឋបាលនៅនឹងកន្លែង។
ពេលដែលមកប្រជុំ ខៀវ សំផន បបួលបង្កើតចៅហ្វាយក្រុងភ្នំពេញចតុភាគី ចាហ្វាយខេត្តទាំងអស់ចតុភាគី ក្រសួងទាំងអស់ចតុភាគី។ អញ្ចឹងបាន(ខ្ញុំ)ថា ឯកឧត្តម មើលឲ្យច្បាស់ឡើងវិញ។ គេអត់និយាយដល់បញ្ហារចនាសម្ព័ន្ធអីទេ នៅខាងក្រោម SNC ជាប្រភពអំណាចតែមួយគត់ ក៏ប៉ុន្ដែមានរដ្ឋបាលនៅនឹងកន្លែង។ ឯកឧត្តមគ្រប់គ្រងដីប៉ុន្មានគីឡូម៉ែត្រ គ្រប់គ្រងទៅ។ ខ្ញុំគ្រប់គ្រងដី ៩០% នៃផ្ទៃប្រទេស រដ្ឋបាលរបស់ខ្ញុំ ក្រសួងរបស់ខ្ញុំ ខ្ញុំគ្រប់គ្រង មិនឲ្យឯកឧត្តមចូលទេ … ខ្ញុំបញ្ជាក់ឡើងវិញ នេះជាព្រះរាជតម្រិះដែលចាប់ផ្ដើមដោយព្រះករុណាព្រះបិតាជាតិ។ ឥលូវនេះ ព្រះរាជបុត្ររបស់ព្រះអង្គកំពុងគ្រងរាជ្យបន្ដ គឺព្រះមហាក្សត្ររបស់យើងគឺ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុន្នី និងមាននាយករដ្ឋមន្ដ្រីដែលជារាជរដ្ឋាភិបាល គឺខ្លួនខ្ញុំនេះឯងបន្ដវេនមកដល់ពេលនេះ។
(៣) លក្ខខណ្ឌសម្បត្ដិវប្បធម៌មនុស្សជាតិ ធ្វើអោយទទួលបានការគាំទ្រទាំងហិរញ្ញវត្ថុទាំងបច្ចេកទេស ដើម្បីជួលជុល ថែទាំ និងអភិរក្សប្រាង្គប្រាសាទនានាដែលបានចុះក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក
ប៉ុន្ដែបញ្ហាស្ថិតនៅត្រង់ថា ដើម្បីបានចូលនៅក្នុងបេតិកភណ្ឌពិភពលោក យើងត្រូវទទួលយកលក្ខខណ្ឌទាំងឡាយដែលអង្គការយូណេស្កូតម្រូវ។ ចំណុចនេះ យើងត្រូវដោះស្រាយ ត្រូវគោរពលក្ខខណ្ឌ។ បើយើងមិនដោះស្រាយទេ នៅពេលក្រោយនេះ អង្គរវត្ដរបស់យើងនឹងត្រូវដកចេញពីសម្បត្ដិបេតិកភណ្ឌពិភពលោក ព្រោះវាបាត់បង់លក្ខណៈសម្បត្ដិរបស់វា។ មនុស្សទៅតាំងទីលំនៅខុសច្បាប់ ឬកន្លែងដែលពាក់ព័ន្ធហេដ្ឋារចនាសម្ព័ន្ធចំាបាច់ ធ្វើអោយយើងមិនអាចតម្រូវទៅនឹងលក្ខខណ្ឌបច្ចេកទេស។ សូម្បីប្រាសាទព្រះវិហារ យើងត្រូវយកភូមិមួយដែលមានជិត ២ ពាន់ គ្រួសារចេញពីតំបន់ស្វាយជ្រុំ ដែលជាប់នឹងប្រាសាទព្រះវិហារ ព្រោះវាពាក់ព័ន្ធនឹងបារាយណ៍នៅខាងក្រោម។ ចំណុចនេះ (បើមិនបានដោះស្រាយទេ) យើងខាតបង់ទាំងអស់គ្នា។ កម្ពុជាបាត់បង់លក្ខណៈសម្បត្ដិជាបេតិកភណ្ឌពិភពលោក (ហើយអាចនឹងប្រឈមការ)ដែលត្រូវបណ្ដេញចេញ។
ប្រទេសដែលត្រូវបានបណ្ដេញចេញ មិនមែនគេខ្លាចថាប្រទេសធំឬតូចទេ។ អាល្លឺម៉ង់ក៏ធ្លាប់បណ្ដេញចេញ។ ប្រទេសមួយចំនួននៅលោកខាងលិចគេឲ្យចេញតែម្ដង ព្រោះវាបាត់បង់លក្ខណៈសម្បត្ដិរបស់វា។ អញ្ចឹងទេ បើសិនយើងមិនកំណត់តំបន់ជា តំបន់មួយ ជាតំបន់ពីរ ជាតំបន់បី តាមលក្ខខណ្ឌដូចដែលគេបានបែងចែក …យើងនឹងបាត់បង់នូវលក្ខណៈសម្បត្ដិដែលជាបេតិកភណ្ឌពិភពលោក ហើយក៏ជាការបាត់បង់របស់ជាតិ ។ ការដែលយើងទទួលបាននូវលក្ខខណ្ឌសម្បត្ដិវប្បធម៌របស់មនុស្សជាតិ (ធ្វើអោយ)យើងទទួលបាននូវការគាំទ្រពីមិត្តភក្ដិបរទេសទាំងហិរញ្ញវត្ថុទាំងបច្ចេកទេស ដើម្បីជួលជុលថែទាំនិងអភិរក្សនូវប្រាង្គប្រាសាទនានាដែលបានចុះក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោកដូចជា ប្រាសាទអង្គរ តំបន់រមណីយដ្ឋានអង្គរ សម្បូរព្រៃគុក និងប្រាសាទព្រះវិហារ។
យើងនឹងត្រៀមខ្លួនដាក់នូវប្រាសាទដទៃទៀតទៅជាសម្បត្តិវប្បធម៌ពិភពលោក។ សម្រាប់ប្រជាជនដែលរស់នៅតំបន់នេះ ក៏ធ្វើអីអត់កើត សូម្បីតែពង្រីកផ្ទះក៏ពង្រីកអត់បានដែរ។ ឥឡូវអ្នកដែលរស់នៅតំបន់ ២ ឬតំបន់ ១ ឬតំបន់ស្អីហ្នឹង ផ្ទះឱ្យមានតែមួយដំបូលទេ។ ចង់អ្នកឯងកើតប៉ុន្មានគ្រួសារទៀតក៏ឱ្យធ្វើតែមួយដំបូលហ្នឹងដែរ។ អញ្ចឹងទេបានជាយើងត្រូវរៀបចំនៅតំបន់រុនតាឯក។ ខ្ញុំនឹងចង្អុលទិសដើម្បីរៀបចំនៅតំបន់ផ្សេងដើម្បីត្រៀមរៀបចំសម្រាប់ការបែកគ្រួសារ ពេលដែលបែកគ្រួសារត្រូវផ្តល់ដីធ្លី និងគោលនយោបាយ។
(៤) គាំទ្រអ្នកដែលអាចដឹកនាំគណបក្សប្រជាជនបាន ដែលអាចដឹកនាំកម្ពុជាបាន
ការដោះស្រាយថ្ងៃនេះ (ជាការ)ដោះស្រាយជាក្របខ័ណ្ឌគោលនយោបាយតែម្តង។ មិនដោះស្រាយតាមរបៀបម្តងម្កាលទេ។ ខ្ញុំនឹងកំណត់ជាគោលនយោបាយ ដើម្បីឱ្យក្រោយពីខ្ញុំទៅ អ្នកជំនាន់ក្រោយគេនឹងបន្តដោះស្រាយតាមគោលនយោបាយនោះ។ ឬក៏នៅក្នុងដំណាក់កាលខ្ញុំ។ ខ្ញុំមិនទាន់ទៅណាទេ។ មនុស្សរបស់ខ្ញុំមិនងាយងាប់ទេ។ បើទោះបីជាខ្ញុំឈប់ពីអំណាច ក៏មិនមានគណបក្សណាផ្សេងក្រៅពីគណបក្សប្រជាជនកាន់អំណាច។ ខ្ញុំក៏គួរតែនិយាយ។ វាទាស់តែ ម៉ាណែត វាកើតមកជាកូនខ្ញុំទេ។ ខ្ញុំត្រូវតែបញ្ជាក់ថា បើទោះបី ហ៊ុន ម៉ាណែត ជាកូនអ្នកណាក៏ដោយ ក៏ខ្ញុំនៅតែគាំទ្រ ហ៊ុន ម៉ាណែត ដែរ ព្រោះលក្ខណៈរបស់វាគ្រប់គ្រាន់។ មិនមែនគាំទ្រកូនខ្លួនឯងឯណា។ ខ្ញុំគាំទ្រអ្នកណាដែលអាចដឹកនាំគណបក្សប្រជាជនបាន ដែលអាចដឹកនាំកម្ពុជាបាន។
អញ្ចឹងកុំនិយាយថាអ្នកនេះកូន ហ៊ុន សែន។ ឥឡូវ ហ៊ុន ម៉ាណែត ត្រូវកាត់ផ្តាច់ពីខ្ញុំទៅជារបស់ ជា សុផារ៉ា ឬកូនរបស់ ចម ប្រសិទ្ធ ឬកូន ថោង ខុន ក៏ដោយចុះ ខ្ញុំនៅតែតាមគាំទ្រ ព្រោះលក្ខណៈសម្បត្តិវាគ្រប់។ វានៅមានអ្នកដទៃទៀត ដែលមួយថ្ងៃៗ (អាមួយនោះ)លឺ(និយាយពីការ)តែផ្ទេរអំណាចឱ្យកូន។ អញមិនមែនបណ្តុះបណ្តាលឱ្យវាធ្វើមេចោរឯណា? បើវាមានលទ្ធភាពធ្វើនាយករដ្ឋមន្ត្រីឱ្យវាធ្វើទៅ។ ខ្ញុំបានបញ្ជាក់ហើយ បើសិនជាកូនខ្ញុំមិនគ្រប់លក្ខណៈសម្បត្តិ ក៏ខ្ញុំមិនគាំទ្រដែរ។ ខ្ញុំមិនឱ្យប្រទេសនេះបំផ្លាញដោយស្នាដៃកូនរបស់ខ្ញុំទេ។ ឪពុកខំកសាង កូនប្រឹងបំផ្លាញ មិនមែនអញ្ចឹងទេ ហើយក៏មិនមែនកូនស៊ីពែរបស់ឪដែរ …។
(៥) ផលប្រយោជន៍ ២៖ ប្រទេសជាតិការពារបេតិកភ័ណ្ឌដែលដូនតាយើងបានធ្វើនិងទុកអោយរាប់ពាន់ឆ្នាំហើយៗ ដែលយើងបានដាក់ចូលទៅជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក និងពីរស់នៅដោយមិនស្របច្បាប់ ប្រជាពលរដ្ឋ ទទួលបានដីជាកម្មសិទ្ធិស្របច្បាប់
ថ្ងៃមុន គ្រាន់តែជាការដោះស្រាយឆក់កណ្តៀត។ មុននេះយើងមិនទាន់មានគោលនយោបាយជាក់លាក់។ តែថ្ងៃនេះ ខ្ញុំដាក់ចេញនូវគោលនយោបាយជាក់លាក់សម្រាប់ការដោះស្រាយ … ប្រជាពលរដ្ឋរបស់យើងនៅក្នុងតំបន់ដែលត្រូវហាមឃាត់ដោយលក្ខខណ្ឌរបស់អង្គការ UNESCO ក៏មិនអាចធ្វើអីបានដែរ។ សូម្បីតែផ្ទះមួយដែលធ្លាប់នៅតែមួយគ្រួសារ ដល់រៀបការហើយក៏មិនអាចឱ្យកសាងផ្ទះថ្មីនៅក្បែរហ្នឹងដែរ … អញ្ចឹងបានជាយើងគួរតែនឹកទៅដល់សម្តេច វិបុលបញ្ញា សុខ អាន ដែលគាត់បានស្នើមកខ្ញុំទិញដីនៅរុនតាឯកនេះ សម្រាប់ដោះស្រាយការចាកចេញរបស់ប្រជាពលរដ្ឋដែលត្រូវរើចេញពីតំបន់អង្គរនិងការដែលត្រូវបែកគ្រួសារ។ ប៉ុន្តែយើងដោះស្រាយបានត្រឹមតែរុនតាឯកទេ។ ឥឡូវនេះ យើងត្រូវការដីច្រើនពីរុនតាឯកទៀត។ ពេលនោះ សម្តេច វិបុលបញ្ញា សុខ អាន បានឱ្យឯកឧត្តម សៀង ណាំ ទិញចំនួន ១០០០ ហិកតា ប៉ុន្តែស្រាប់តែអត់បានទូទាត់លុយឱ្យ។
ឥឡូវខ្ញុំសូមយក ១០០០ ហិកតា ហ្នឹង ឥឡូវជាង ៥០០(ហិកតា) ខ្ញុំយកអាជាង ៥០០(ហិកតា)។ ប៉ុន្តែយើងអាចទិញបានថែមទេ។ ឥឡូវនៅសល់ប៉ុន្មាន? ជាង ៥០០(ហិកតា) គឺយកអាជាង ៥០០(ហិកតា) ហ្នឹងប្រគល់ឱ្យអប្សរាគ្រប់គ្រង ដើម្បីត្រៀមទុកឱ្យក្រុមគ្រួសារដែលត្រូវបែកនោះ ត្រូវបានទទួលគោលនយោបាយដីធ្លីនៅកន្លែងនោះ និងគោលនយោបាយផ្សេងទៀតសម្រាប់ការដោះស្រាយទៅតាំងទីលំនៅថ្មី។ ខ្ញុំនឹងដាក់ចេញនៅថ្ងៃនេះសម្រាប់ជាបន្ទាត់នៃគោលនយោបាយនៃការដោះស្រាយនៅពេលក្រោយ។ អត់ពីខ្ញុំទៅអ្នកបន្តវេណក៏ត្រូវបន្តដោះស្រាយតាមរបៀបនេះ អញ្ចឹងការដោះស្រាយនេះវាមានផលប្រយោជន៍ទាំង២ទិស។
ទិសទី១ គឺប្រទេសជាតិទាំងមូលនឹងទទួលបានផលប្រយោជន៍អំពីការការពារបេតិកភ័ណ្ឌ ដែលដូនតាយើងរាប់ពាន់ឆ្នាំហើយបានធ្វើឱ្យយើងទុកនៅទីនេះ ហើយដែលយើងបានដាក់ចូលទៅជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក ហើយដែលត្រូវបានអន្តរជាតិជួយ និងផ្នែកជាតិរបស់យើង។ ឯចំពោះប្រជាពលរដ្ឋរស់នៅដោយមិនស្របច្បាប់មកមានដីស្របច្បាប់ ទទួលបានដីជាស្របច្បាប់ ជាកម្មសិទ្ធិស្របច្បាប់របស់ខ្លួន។ អញ្ចឹងជ្រើសរើសទៅ។ សូមប្រជាពលរដ្ឋរបស់យើង ជ្រើសរើសរវាងការរស់នៅដោយមិនមានភាពច្បាស់លាស់ មិនដឹងថាថ្ងៃណាគេដេញ ហើយពង្រីកគ្រួសារ ពង្រីកផ្ទះក៏មិនកើត ធ្វើអីក៏មិនកើត ចាកចេញពីទីកន្លែងដែលរស់មិនស្របច្បាប់ មកតាំងទីលំនៅកន្លែងស្របច្បាប់ និងទទួលបានកម្មសិទ្ធិ ជ្រើសរើសទៅ។ ជាការទទួលផលប្រយោជន៍របស់ប្រជាពលរដ្ឋរបស់យើង។ ខ្ញុំសូមអរគុណ និងកោតសរសើរចំពោះប្រជាពលរដ្ឋចំនួន ៥៩៤គ្រួសារ ដែលបានមករស់នៅឯហ្នឹង ប្រឡោះណា អម្បាញ់មិញយើងចូលមកតាមប្រឡោះណា? (ខាងនេះ) ខ្ញុំតែមិនស្រួលវង្វេង ហើយសាលានេះឈ្មោះអី? ឥឡូវត្រូវត្រៀមធ្វើសាលានៅឯហ្នឹងទៀត។
ស្ថានភាពកាលពីមុននេះប្រជាពលរដ្ឋត្រូវរើពីស្ទឹងសៀមរាប និងនៅតាមផ្លូវក្នុងក្រុងសៀមរាបចំនួន ៥៩៤គ្រួសារ។ ឥឡូវពួកគាត់បានមករស់នៅកន្លែងនេះ។ ពីមុនគាត់នៅក្នុងតាមដងស្ទឹងសៀមរាប សូម្បីតែអនាម័យក៏វាគ្មានផង។ ឥឡូវដងស្ទឹងសៀមរាបរបស់យើងត្រូវបានដោះស្រាយជាមូលដ្ឋាន ទោះបីអ្នកទាំងនេះបានគោលនយោបាយតិច ឬបានគោលនយោបាយច្រើន ក៏ប៉ុន្តែខ្ញុំគួរតែអរគុណបងប្អូនទាំងនេះ។ ថ្ងៃនេះខ្ញុំប្រកាសផ្តល់នូវអ្វីដែលផ្តល់ឱ្យបងប្អូននៅទីនេះ ក៏ត្រូវផ្តល់ឱ្យបងប្អូននៅទីនោះដែរ។ ទោះបីគាត់មករស់នៅក៏ដោយ ក៏ប៉ុន្តែគាត់បានស្ម័គ្រចិត្តមករស់នៅទីនេះជាមួយនឹងកាយវិការយោគយល់ ដើម្បីកសាងទីក្រុងសៀមរាបមួយដោយល្អ។ កាលពីមុនគាត់ទៅរស់នៅតាមដងស្ទឹងសៀមរាប ដែលបាត់អនាម័យធ្វើឱ្យគឺថាពិបាកមែនទែន ទាំងលើខ្នងទំនប់ ផ្លូវខ្នងទំនប់ហ្នឹង … តំបន់នេះជាតំបន់វាយគ្នា។ សៀមរាបទើបនឹងផុតវាយគ្នាឆ្នាំ ១៩៩៣ ទេតើ។
ឆ្នាំ ១៩៩៣ នេះ (មានការ)វាយចូលបន្ទាយអ៊ុនតាក់។ ខ្ញុំនៅចាំ ពេលដែលខ្មែរក្រហមវាយកាត់ពីព្រលានយន្តហោះចូលទៅទីក្រុងសៀមរាប (ប្រមុខ UNTAC) យ៉ាស៊ូស៊ី អាកាស៊ី ស្រែកសុំឱ្យកងទ័ពរដ្ឋកម្ពុជាចេញទៅជួយអន្តរាគមន៍។ ខ្ញុំបានប្រាប់ត្រឡប់ទៅវិញថា បើសិនជាអ្នកឯងគ្រប់គ្រង អេរិច ហ្វល់ អ្នកនាំពាក្យរបស់អ៊ុនតាក់មិនបានទេ ខ្ញុំមិនឱ្យកងទ័ពខ្ញុំចេញជួយវាយទេ។ នៅពេលដែលខ្មែរក្រហមចូលវាយយើងសោះ អេរិច ហ្វល់ និយាយថា “ខ្មែរក្រហមនិងរដ្ឋកម្ពុជារំលោភលើកិច្ចព្រមព្រៀមឈប់បាញ់”។ ឯងជាអ្នករងគ្រោះពីគេមកវាយ គាត់ទម្លាក់កំហុសឱ្យទាំងពីរ … ខ្ញុំប្រាប់ឱ្យកងទ័ពយើងត្រៀមខ្លួន ប៉ុន្តែកុំអាលចូលវាយ … ខ្ញុំមិនឱ្យអន្តរាគមន៍ … អញ្ចឹងបានយោធភូមិភាគទី៤ វាយកាត់បណ្តេញខ្មែរក្រហមចេញពីក្រុង។
ប្រវត្តិវាដូច្នេះ។ ពេលនោះខ្មែរក្រហមវាអត់ស្គាល់បេតិកភ័ណ្ឌពិភពលោកជាអង្គរវត្តទេ។ អញ្ចឹងបានជាខ្ញុំអត់ព្រមជាមួយ សឺន សាន ដាក់តំបន់ហ្នឹងតែតំបន់អត់កងទ័ព។ បើយើងអត់មានកងទ័ពនៅក្នុងតំបន់ហ្នឹង ហើយលេងប៉ុន្មានរយម៉ែត្រការ៉េ តាំងពីភ្នំគូលែន តាំងពីបន្ទាយស្រី តាំងពីស្អីៗ អត់មានកងទ័ពផងអានេះជ្រៀតចូលយកបណ្តាយ … ខ្ញុំសូមបញ្ជាក់ឡើងវិញបងប្អូន ការធ្វើនេះគឺជាកិច្ចការដែលចាំបាច់តម្រូវ ដើម្បីការពារនូវបេតិកភ័ណ្ឌប្រវត្តិសាស្ត្រ នូវកេរ្តិ៍មរតកដូនតាយើង ទើបយើងរៀបចំដីនៅកន្លែងនេះ។ ឥឡូវបញ្ជាក់ ឯកឧត្តម សៀង ណាំ ត្រូវប្រគល់ដីនោះ។ ប៉ុន្តែកាលទិញ ១ ម៉ែត្រការ៉េ តែ ១ដុល្លារ ទេ។ ឥឡូវប៉ុន្មានឆ្នាំក្រោយក៏ខ្ញុំនៅតែឱ្យ ១ ដុល្លារ វិញដែរ ប្រាប់ឱ្យហើយ សម្រាប់ចែកជូនឱ្យប្រជាជន …។
ខ្ញុំបញ្ជាក់ចំណុចនេះឡើងវិញ សៀង ណាំ សល់ប៉ុន្មានគឺប្រគល់មក រួចហើយ (សេង) ទៀង រៀបចំនីតិវិធីសម្រាប់ការទូទាត់ និយាយរួមរៀបចំនីតិវិធីផ្នែកអប្សរា … ប៉ុន្តែខ្ញុំគិតថា ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន គាត់មើលហើយ។ ទូទាត់លុយហ្នឹង … ៥ លានដុល្លារ។ វាត្រូវដោះស្រាយហើយ ព្រោះតែរុនតាឯក តែឯងប៉ុន្មានហិកតា? ១៣០០ហិកតា។ ឥឡូវយើងនៅសល់ បើសរុបទៅ រុនតាឯកនេះដាក់បានត្រឹមតែ ៦០០០ ឡូដី អញ្ចឹងអាហ្នឹងជាង ១០០០ ហិកតា។ បើអញ្ចឹង ៥០០ ហិកតា នៅកន្លែងរបស់ សៀង ណាំ វានឹងបានជិត ៣០០០ ឡូដី … អ្នកដែលត្រូវរើចេញមកនេះ ប៉ាន់ស្មានប្រហែលជា ៦០០០ គ្រួសារ ឬលើសបន្តិចបន្តូច។ យើងទៅធ្វើនៅតំបន់ថ្មី ដើម្បីឱ្យគាត់មានមូលដ្ឋាន។
(៦) គោលនយោបាយជាមូលដ្ឋាន ៥ និងការអំពាវនាវ ១ សំរួលដល់ការតាំងទីលំនៅថ្មីនៅអនាគតក្រុង រុនតាឯក និងភូមិពាក់ស្នែង
អញ្ចឹងទេ ខ្ញុំពិតជាអរគុណ អរគុណទាំងអ្នកដែលចេញពីតំបន់កខ្វក់ក្នុងក្រុងសៀមរាប មកកាន់ទីតាំងថ្មី។ ខ្ញុំក៏សូមប្រកាសជូននូវអ្វីដែលផ្តល់ជូនថ្ងៃនេះ។ ខ្ញុំនឹងឱ្យបងប្អូនដឹកមកប្រគល់ឱ្យទាំងបងប្អូន ៥៩៤ គ្រួសារ ចៅហ្វាយខេត្តក្តាប់បានអាហ្នឹង។ ឥឡូវនេះ ទាក់ទងនឹងបញ្ហាគោលនយោបាយ តើយើងគួរដោះស្រាយរបៀបម៉េច? ទី១៖ លើបញ្ហាការដឹកជញ្ជូនបងប្អូនត្រូវការឱ្យជួយដឹកជញ្ជូនពីទីកន្លែងចាស់មកកន្លែងថ្មី។ ខ្ញុំសូមប្រគល់ការងារនេះឱ្យយោធភូមិភាគទី៤ និងកងពលធំទី២ ប្រើប្រាស់មធ្យោបាយដើម្បីជួយដឹកជញ្ជូន។ ឯណាមេបញ្ជាការកងពលធំទី២ និងមេបញ្ជាការយោធភូមិភាគ? … ឡើងមកទទួលបទបញ្ជា។ ទាំង ២ នាក់សុទ្ធតែអនុជើងគោកស្រាប់ហើយ។ ប្រើប្រាស់មធ្យោបាយនៅហ្នឹងកន្លែងដើម្បីជួយដឹកជញ្ជូនពួកគាត់ មកកាន់ទីកន្លែងដែលត្រូវសាងសង់។
ដីដែលត្រូវទីកន្លែងសាងសង់ត្រូវបានឈូសឆាយរួចរាល់ទើបដឹកពួកគាត់មក។ បើមិនទាន់ឈូសឆាយទេកុំអាលដឹក។ អញ្ចឹង បងប្អូននៅទីនេះត្រូវដឹងខ្លួនថា ដីដែលយើងបានចាប់ឆ្នោតហើយ ត្រូវតែជាដីដែលបានឈូសឆាយហើយ។ ដីដែលបានឈូសឆាយហើយនេះ ត្រូវជួយដឹកជញ្ជូនគាត់មកដាក់ចំកន្លែងដីដែលគាត់ចាប់ឆ្នោតបាន … វិធីសាស្ត្រ ហ៊ុន សែន បញ្ជាទ័ព អត់ចាំបញ្ជាផ្ទាល់ ដូចថាអគ្គបញ្ជាការបានខ្ញុំបញ្ជា រដ្ឋមន្ត្រីការពារជាតិបានខ្ញុំបញ្ជា។ អត់ទេ។ ជួបមេកងពល បញ្ជាមេកងពល ជួបមេភូមិភាគ បញ្ជាមេភូមិភាគ។ អញ្ចឹងហើយបានជាគ្រប់គ្រងកម្លាំងបាន …។
អញ្ចឹងត្រូវចាំត្រូវទាមទារលក្ខខណ្ឌហ្នឹងឱ្យខានតែបាន គឺដីត្រូវតែបានឈូសឆាយហើយ និងទទួលបន្ទុកដឹកជញ្ជូនជាសមត្ថកិច្ចរបស់កងទ័ព ដែលបច្ចុប្បន្ននេះប្រើប្រាស់យោធភូមិភាគទី៤ និងកងពលធំទី២។ បើសិនជាអ្នកទាំងពីរខ្វះមធ្យោបាយត្រូវបញ្ជូនទៅទីបញ្ជាការកងទ័ពជើងគោក។ គេមានកងពលដឹកជញ្ជូនមួយមកជួយដឹកជញ្ជូន។ ប៉ុន្តែខ្ញុំគិតថា វាមិនដល់ថ្នាក់ដឹកម្តងរាប់ពាន់ រាប់រយគ្រួសារទេ មួយថ្ងៃ ២ ៣ គ្រួសារ ៤ ១០ គ្រួសារ ថាប៉ុណ្ណឹងទៅចុះ ហ្នឹងជាចំណុចទី១ ដែលត្រូវកត់ត្រាទុក។
ទី២៖ ការជួយជាសាច់ប្រាក់ និងការឧបត្តម្ភជំហានដំបូងត្រូវទទួលបាន ដែលខ្ញុំសូមបញ្ជាក់ការឧបត្តម្ភថ្ងៃនេះគឺរួមមាន អង្ករ ៥០គីឡូ មី ១កេសធំ … ត្រីខ ១ កេសធំ … ថវិកា ២០ម៉ឺនរៀល និងសុំជូន ១ គ្រួសារ ១ លានរៀលរួមចំណែកកសាងលំនៅដ្ឋាន … ហើយក៏នៅមានបន្ថែមទៀតគឺ សង្ក័សីចំនួន ៣០សន្លឹក … កន្លងទៅមានសប្បុរសជន ឧកញ៉ា ឡេង ណាវ៉ាត្រា បានជួយ។ ប៉ុន្តែក្រៅពីគាត់ជួយហើយនោះគឺយើងត្រូវទិញខ្លួនឯង ដើម្បីយកមកចែកឱ្យបានគ្រប់ៗគ្នា … មានខ្លះបានទទួលមកពីឧកញ៉ា ឡេង ណាវ៉ាត្រា ហើយ ប៉ុន្តែយើងក៏ត្រូវទិញបន្ថែមដើម្បីចែកឱ្យវាគ្រប់។ អញ្ចឹងនៅទីនេះ បញ្ជាក់ឡើងវិញ ទទួលបានថវិកាសរុបទាំងអស់គឺ ១២០ម៉ឺនរៀល ជាមួយនឹងសង្ក័សី ៣០ សន្លឹក … គោលនយោបាយនេះត្រូវបន្តរហូតទៅ សម្រាប់ការអនុវត្តទៅមុខទៀតសម្រាប់អ្នកចាកចេញដែលបែកគ្រួសារ។ ឥឡូវឧទាហរណ៍៖ គ្រួសារខ្លះការកូនហើយនៅពេញលើហ្នឹង អញ្ចឹងទេគាត់ត្រូវបែកគ្រួសារគាត់ យើងត្រូវត្រៀមបម្រុងដីលើទុក ហើយពេលដែលការអនុវត្តត្រូវចាប់ផ្តើម តាមយន្តការគ្រប់គ្រងដោយអាជ្ញាធរអប្សរា បូកនឹងចៅហ្វាយខេត្ត ដែលត្រូវសហការគ្នាដើម្បីធ្វើកិច្ចការងារហ្នឹង។
គោលនយោបាយទី៣៖ បងប្អូនទាំងអស់ដែលយល់ព្រមចាកចេញពីកន្លែងមិនស្របច្បាប់ មកនៅទីកន្លែងស្របច្បាប់ ត្រូវទទួលបានប័ណ្ណក្រីក្រនិងប័ណ្ណស្ត្រីមានផ្ទៃពោះ។ ខ្ញុំបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន ដាក់បញ្ជូលបងប្អូនទាំងអស់នេះទទួលបាននូវប័ណ្ណក្រីក្រ និងប័ណ្ណទទួលបានថវិកាក្នុងសម័យកូវីដ-១៩។ ខ្ញុំសុំសួរនៅកន្លែងនេះ តើអ្នកដែលមានប័ណ្ណក្រីក្រមានប៉ុន្មាននាក់? ច្រើន។ មួយសន្ធឹកហើយ។ អ្នកដែលបានទទួលប័ណ្ណក្រីក្រហ្នឹងបានសេចក្តីថា បន្ថែមដោយថវិកាសម្រាប់ផ្គត់ផ្គង់កូវីដ-១៩ ដែល ១ខែ ជិត ៤០ម៉ឺន។ ឥឡូវអ្នកណាដែលមិនទាន់មានបញ្ជូលទាំងអស់។ ប៉ុន្តែនិយាយគ្នាឱ្យច្បាស់គ្រប់លក្ខខណ្ឌទើបឱ្យ មិនមែនបន្លំខ្លួនចេញពីកន្លែងព្រះព្រហ្មមកទទួលដែរទេណា … លក្ខខណ្ឌអ្នកឯងនៅកន្លែងហ្នឹងឥឡូវត្រូវរើមកទទួលបានការចាប់ឆ្នោតបានហើយ បានអោយ។
អញ្ចឹងរដ្ឋមន្ត្រីសង្គមកិច្ច (និងតំណាងក្រសួងសង្គមកិច្ច)មានអ្នកណាមកឬអត់? អត់មានទេ។ ឥឡូវស្ដាប់តាមបទបញ្ជានេះ ឱ្យមន្ត្រី(ខាងក្រសួងសង្គមកិច្ច)ចុះមកធ្វើការភ្លាម ជាពិសេសគឺខេត្ត។ ខេត្តមានមន្ទីរសង្គមកិច្ចមកទេ? មន្ទីរសង្គមកិច្ចធ្វើកិច្ចការងារនេះ បញ្ចូលបងប្អូនទាំងមួយពាន់(គ្រួសារ)ដែលនៅសេសសល់ ក្នុងចំណោម ១ ១១៧ គ្រួសារ និងបូកជាមួយ ៥៩៤(គ្រួសារ) នៅខាងក្រៅនេះ ទទួលបានគោលនយោបាយដូចគ្នា បានសេចក្ដីថាគោលនយោបាយនៅទីនេះ គឺមាន២ផ្នែក៖ ១គឺប័ណ្ណក្រីក្រ ដែលកំពុងទទួលផលប្រយោជន៍អំពីថវិកា កូវីដ-១៩ ដែលរាជរដ្ឋាភិបាលចិញ្ចឹមប្រមាណជាជិត ៧០ម៉ឺនគ្រួសារ ស្មើនិងមនុស្សជិត ៣លាននាក់។
អ្នកដែលមិនទាន់បានទទួលត្រូវទទួល អាចថាចាប់ពីខែ ១០ ទៅ ដោយសារខែ ០៩ នេះយើងកំពុងដំណើរការបើកហើយ។ អញ្ចឹងចាប់ពីខែ ១០ ទៅក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ត្រូវបង្កើនថវិកានេះអោយទៅ … ឥឡូវយើងមានប្រហែលជា ១ ១១៧ គ្រួសារ។ ខ្ញុំថាប្រហែលជា ១ ភាគ ៣ នៃចំនួនគ្រួសារបានទទួល ឬក៏ជិតពាក់កណ្ដាលបានទទួល បូកជាមួយនោះទៀតខ្ញុំថាអោយ ២ ពាន់គ្រួសារទៅចុះ ហើយនិងកើនឡើងបន្តទៀត ឡើងដល់កម្រឹតប្រហែលជា ៦ ពាន់គ្រួសារ។ គ្មានអីដែលត្រូវខ្លាចទេ ព្រោះយើងកំពុងចិញ្ចឹមដល់ជិត ៧០ម៉ឺនគ្រួសារ រឿងអីទៅខ្លាចថែម ៦ពាន់ គ្រួសារ។ លែងជាមួយអ្នកណាលែងជាមួយ តេជោ សែន អត់បានទេ។
ព្រះមហាក្សត្រទ្រង់ប្រទានគោរមងារ តេជោ មិនមែនជារឿងសាមញ្ញទេ។ ឈ្មោះថា តេជោ សម័យអង្គរមាន បើតាមការស្រាជ្រាវ … សម័យជាបន្តបន្ទាប់ក៏មាន តេជោ ប៉ុន្តែ តេជោ សតវត្សទី ២១ គឺមានតែម្នាក់គត់ គឺតេជោ សែន។ ប្រហែលជាព្រះមហាក្សត្រព្រះអង្គទ្រង់ឈ្វេងយល់ថា ហ៊ុន សែន គឺមានលក្ខណៈគ្រប់គ្រាន់ជាមួយហ្នឹងគោរមងារ តេជោ។ ព្រះសង្ឃរាជទៅជួយ(រកឈ្មោះ) សុទ្ធតែសម្ដេច ទៅជួយរកនាមដាក់ ហើយព្រះរាជាព្រះអង្គប្រទានគោរមងារ។ អម្បាញ់មិញ ខ្ញុំនិយាយពីអ្នកបានទទួលផល ឯស្ត្រីមានផ្ទៃពោះគឺយើងចាប់ផ្ដើម(ពីពេលដែលគាត់)មានផ្ទៃពោះភ្លាម។ មុនឆ្លងទន្លេ ត្រូវជួយ ៤ដង បានសេចក្ដីថាមុនឆ្លងទន្លេត្រូវពិនិត្យផ្ទៃពោះ ទៅពិនិត្យម្ដងទទួលបានលុយម្ដង ដល់ពេលឆ្លងទន្លេត្រូវជួយឧបត្ថមម្ដងទៀត អាហ្នឹងឧបត្ថមច្រើនបន្តិច ដល់ឆ្លងទន្លេហើយត្រូវឧបត្ថម ៨ ដង ទៀតទាល់តែកូនអាយុ គ្រប់ ២ ឆ្នាំ។ នៅក្នុងហ្នឹងច្បាស់ជាមានហើយ។
អញ្ចឹងយើងត្រូវធានានូវសុវត្ថិភាពនៃការគាំពារសង្គម សម្រាប់អ្នកដែលស្ម័គ្រ(ចិត្ត)មករស់នៅទីនេះដែលគ្រប់លក្ខខណ្ឌដើម្បីអោយកុមារនៅទីនេះបានទទួលនៅអាហាររូបត្ថម មាតានិងទារកទទួលបាននូវអាហាររូបត្ថមគ្រប់គ្រាន់។ ត្រូវកត់ត្រាអោយច្បាស់ ហើយយកចេញ សជណ ទៀត។ ទោះបីថាថ្ងៃនេះខ្ញុំអត់មានធ្វើស្អីទេ ខ្ញុំមកតាមឧទ្ធមភាគចក្រ ហើយមកពីព្រលានយន្តហោះ អោយ (លី) រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយ៍កម្មនិងសំណង់ ចេះតែនិយាយទៅ ហើយខ្ញុំចេះតែ Note ថែម ដើម្បីពាក់ព័ន្ធនឹងគោលនយោបាយយូរអង្វែងដែលត្រូវដោះស្រាយ។ ក្នុងចំណោមយើងថា ៦ ពាន់គ្រួសារ អាចនឹងមួយឆ្នាំមានប្រហែលជា ២០០នាក់ទៅចុះ ឆ្លងទន្លេ ប៉ុន្តែអាឆក់កណ្ដៀតកូនរហ័ស។
ខ្ញុំនិយាយបន្តិចដូចជាហែកកេរ្តិ៍ខ្លួនឯង។ ការហើយបានតែ ៧ ថ្ងៃទេ ត្រូវ ប៉ុល ពត បំបែក រួចហើយបានឆ្លៀតទៅជួបប្រពន្ធ អាឆក់កណ្ដៀតកូនភ្លាមមួយទៅ តែកូននេះក៏បានស្លាប់ទៅជំនាន់ ប៉ុល ពត ដែលខ្ញុំតែងតែ ថ្ងៃ ១០ ខែ វិច្ចកា រៀងរាល់ឆ្នាំ ខ្ញុំតែងតែបង្ហោះសារ នេះជារឿងដែលឈឺចាប់។ បន្ទាប់ទៅអាឆក់កណ្តៀតហ្នឹងកើតបានកូនមួយទៀត ៥ខែ ខ្ញុំចាកចេញ ត្រឡប់មកវិញកូនហៅពូ ដែលជាអនាគតនាយករដ្ឋមន្ត្រីជំនួសខ្ញុំថ្ងៃក្រោយ។ ដល់ពេលមកភ្នំពេញ កើតបានកូន ៤ ទៀត សុទ្ធតែឆក់កណ្ដៀត។ ឆក់កណ្ដៀតយ៉ាងម៉េចធ្វើរដ្ឋមន្ត្រីការបរទេសមិនទាន់ដោះក្រវ៉ាត់ករផងប្រពន្ធមានផ្ទៃពោះបាត់។ (ចម)ប្រសិទ្ធ នេះគឺយ៉ាប់ ពេលដែលដើរជាមួយខ្ញុំបានតែ គ្រឹស្នា មួយបន្ថែម បានតែ ២នាក់ ហ្នឹង។ ដើរជាមួយគ្នាដែរ ក៏ប៉ុន្តែមិនស្វាក់ដូចខ្ញុំ។
ខ្ញុំសូមបញ្ជាក់ អ្នកដែលរស់នៅក្នុងតំបន់នេះក្នុងរយៈពេល ១០ ឆ្នាំ ត្រូវបានទទួលនូវរបបគោលនយោបាយនេះ បើទោះបីជាជីវភាពកើនឡើងបន្តិច ក៏ប៉ុន្តែត្រូវស្ថិតនៅក្នុងលក្ខខណ្ឌនៃការទទួលបានប័ណ្ណក្រីក្រនិងប័ណ្ណទទួលបានការបំប៉នលើករណីមានផ្ទែពោះ ឆ្លងទន្លេនិងរហូតដល់កូន ២ ខែ។ ខ្ញុំសុំធានាថាការដាក់ចេញគោលនយោបាយដែលអ្នកទាំងនេះទទួលបានរយៈពេល ១០ ឆ្នាំ។ អញ្ចឹងវាសម្រាលបន្ទុកអោយបងប្អូនដែលបាត់បង់ហើយចាកចេញពីទីនោះ ហើយក៏ជាការផ្ដល់ផលចំនេញសម្រាប់ជាតិផងនិងសម្រាប់ផ្ទាល់ខ្លួនផង។
ចំណុចទី៤ អប្បាញ់មិញបាននិយាយខ្លះហើយ ត្រៀមដោះស្រាយដោយគោលនយោបាយដូចគ្នា សម្រាប់អ្នកបែកគ្រួសារ … អញ្ចឹងអ្នកទាំងនេះពេលដែលត្រូវបែកទៅត្រូវបានទទួលគោលនយោបាយដូចគ្នា។ អញ្ចឹងដី រុនតាឯក អស់ហើយ ត្រូវទៅរៀបចំប្លង់សម្រាប់សាងសង់នៅតំបន់របស់ សៀង ណាំ។ អញ្ចឹងខាងអាជ្ញាធរអប្សារាត្រូវរៀបចំចុះហត្ថលេខាដើម្បីផ្ទេរទៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអប្សារា ហើយទូទាត់លុយអោយទៅ ហើយបើទិញបានទៀតអាហ្នឹងបន្ថែមទៀត យើងរក្សាទុកដី … យើងត្រូវដោះស្រាយបន្ថែម ជាពិសេសក្នុងតំបន់ដែលហាមឃាត់ការសាងសង់ ត្រូវរើចេញពីហ្នុង។
ចំណុចទី៥៖ ហេដ្ឋារចនាសម័្ពន្ធត្រូវបានសាងសង់ ក្នុងនេះហេដ្ឋារចនាសម្ព័ន្ធដែលបានសាងសង់រួចហើយ ផ្លូវមកកាន់ទីនេះត្រូវតែចាក់កៅស៊ូ … ជាង ២គីឡូ … ធ្វើម៉េចប្រាំងនេះមុនចូលឆ្នាំខ្មែរអោយរួចផ្លូវកៅស៊ូ … បើថាចាក់កៅស៊ូ មកដល់សាលាមកដល់កន្លែងមន្ទីរពេទ្យរបស់យើង។ ហេដ្ឋារចនាសម្ព័ន្ធត្រូវបានរៀបចំក្នុងនោះមានផ្លូវ … ឥឡូវនេះ ផ្លូវសម្រាប់តភ្ជាប់តាមភូមិត្រូវឈូសឆាយ។ យើងបានធ្វើចំនួន ១៨ គីឡូម៉ែត្រហើយ ក្នុងចំណោម ១៤០ គីឡូម៉ែត្រ។ ខ្ញុំសំណូមពរទាមទារអោយមានការចាក់កៅស៊ូ តភ្ជាប់ពីផ្លូវចាក់កៅស៊ូចូលមកក្នុងតំបន់នេះ ជាបឋម រួចហើយបន្តទៅ យើងនឹងចាក់បេតុងមួយចំនួននៅក្នុងនេះ … ការដោះស្រាយទឹក យើងយកប្រភពទឹកប្រើប្រាស់ពីត្រង់ណាមកកន្លែងនេះ? ជីកអណ្ដូងមួយគ្រួសារមួយ។ ឥឡូវសុំប្រគល់អោយឯកឧត្តម ចម ប្រសិទ្ធ សិក្សាមើលអំពីប្រភពទឹកស្អាតផ្គត់ផ្គង់មកទីកន្លែងនេះតើវិធីសាស្ត្រផ្គត់ផ្គង់មករបៀបម៉េច?… ឥឡូវខ្ញុំសម្រេចគម្រោងរបស់យើងគម្រោងរបស់យើងតទឹកពីសៀមរាបតទៅដល់ព្រលានយន្តហោះថ្មី ហើយមកដល់កន្លែងនេះផ្សារអង្រងនេះរុញមករុនតាឯក ១៧ គីឡូម៉ែត្រ។ យល់ព្រមអនុម័ត្រគម្រោងអោយតទឹកស្អាតចូលមក រៀបចំដើម្បីធ្វើរុនតាឯក អោយក្លាយជាកូនក្រុងថ្ងៃក្រោយដាក់ក្រុង រុនតាឯក។ ឥឡូវហ្នឹងជីកអណ្ដូងគឺជីកអណ្ដូងទៅ ប៉ុន្តែប្រភពទឹកស្អាតនឹងត្រូវមកដល់តែ ១៧ គីម៉ែត្រទេដែលត្រូវដាក់ទុយោហើយតម្លៃវាត្រឹមតែ ៣ លានទេ(ដុល្លារ) ដើម្បីអោយប្រពលរដ្ឋនៅកន្លែងនេះមានមូលដ្ឋានទឹក។ យកទឹកស្អាតយកមកប្រើ ផ្គត់ផ្គង់តំបន់នេះមិនតិចចូលដល់ពាន់គ្រួសារហើយ។ កូនក្រុងមួយហើយ។ បន្តិចទៀតឡើងដល់ ៦ពាន់ គ្រួសារ ហើយនៅតំបន់ជិតខាងនឹងថែមទៀត ដូច្នេះវាក្លាយទៅជាតំបន់មួយថ្មី ដែលទីក្រុងនេះនឹងរីក។
ថ្ងៃនេះល្អហើយដែលរដ្ឋមន្ត្រីទទួលបន្ទុកខាងផ្នែក ទឹកមកជាមួយ ឯកឧត្តម ចម ប្រសិទ្ធ ប្រពន្ធអ្នកសៀមរាប … អគ្គិសនីគេទាញដល់ណាហើយ? ខាងក្រសួងរ៉ែនិងថាមពលមកឬអត់? … មកពីអញ្ចេះទេ មិនមែនបានសេចក្ដីថារដ្ឋមន្ត្រីរបស់យើងគាត់មិនយកចិត្តទុកដាក់ទេ តែរឿងទើបនឹងនិយាយពីថ្ងៃយប់ផង ហើយប្រុងប្រៀបជួបពេលល្ងាច ផ្លាស់ប្ដូរមកពេលព្រឹក។ ព្រឹកមិញក្រោកម៉ោង ៥ ហោះមុនម៉ោង ៦ ទៀត បានមកជួបគ្នាដល់ម៉ោងប៉ុណ្ណឹង ដើម្បីអោយបានមកជួបគ្នាហើយដោះស្រាយបញ្ហា។ ឥឡូវអោយសុំទាក់ទងទៅអគ្គិសនីកម្ពុជា ដើម្បីអោយតភ្លើងចូលមកក្នុ្ងងតំបន់រុនតាឯក។ អញ្ចឹងមានផ្លូវកំពុងធ្វើហើយ ទឹកនឹងសាងសង់ ភ្លើងនឹងបន្តទាញ(ប្រហែល១គីឡូដល់) អញ្ចឹងទេឯកឧត្តម កែវ រតនៈ ទាញបន្តមកព្រោះយើងដាក់ភូមិទាំងអស់ត្រូវតែគ្របដណ្ដប់ដោយមានអគ្គិសនីប្រើប្រាស់។ អញ្ចឹងត្រឹមតែជាង ១ គីឡូ វាមិនមានអីពិបាកទេ សីហា នាំគ្នាធ្វើជាមួយនឹងអគ្គសនីកម្ពុជាទៅ។
សាលារៀនបានត្រៀមរៀបចំហើយ យើងមានសាលាបឋមហើយ គម្រោងធ្វើនៅពេលខាងមុខនេះនឹងធ្វើ។ ឥឡូវខ្ញុំសុំសួរ យើងគ្រោងបង្កើតត្រឹមតែអនុវិទ្យាល័យទេ? ឃ្លាតពីនេះទៅវិទ្យាល័យនៅឆ្ងាយទេ? ឥឡូវអញ្ចេះកសាងនៅកន្លែងនេះអោយមានអនុវិទ្យាល័យហើយ មានវិទ្យាល័យតែម្ដង ដើម្បីធានាការបណ្ដុះបណ្ដាលមួយមិនបាច់ចាំដើរឆ្ងាយ ហើយដីរបស់មានគ្រប់គ្រាន់ដើម្បីធ្វើហើយ។ បឋមមានហើយ គម្រោងកសាងបន្ថែមអគារសិក្សា ១ខ្នង ៣ជាន់ ១៨បន្ទប់ ទីចាត់ការមួយខ្នង ៣ បន្ទប់ រៀបចំទៅជាអនុវិទ្យាល័យនិងវិទ្យាល័យ អញ្ចឹងទេដូច្នេះភាពចាំបាច់របស់យើងនៅពេលនេះ ប៉ុណ្ណឹងគ្រប់គ្រាន់ហើយ … អញ្ចឹងទេគឺសុំច្បាប់ទៅក្រសួងអប់រំយុវជននិងកីឡា បង្កើតទៅជាអនុវិទ្យាល័យនិងវិទ្យាល័យ។ អញ្ចឹងក៏ត្រូវសម្រុកសាងសង់ …ដើម្បីទាញគ្រូអោយមកបង្រៀននៅកន្លែងនេះ ចាំបាច់ត្រូវធ្វើផ្ទះគ្រូយ៉ាងហោចណាស់ ១២ បន្ទប់ដែរ។
ឥឡូវសុំជូនផ្ទះសម្រាប់គ្រូបង្រៀន ១ ខ្នង ២ជាន់ ២០ បន្ទប់ សម្រាប់ ២០នាក់។ ដូច្នេះ នៅទីនេះមានកន្លែងសម្រាប់សិស្សរៀនថ្នាក់បឋម អនុវិទ្យាល័យ ហើយមានអន្ទេវាសិកសម្រាប់គ្រូបង្រៀនស្នាក់នៅកន្លែងនេះ។ អញ្ចឹងជួនកាលកូនចៅរបស់អ្នករុនតាឯកគាត់មកបង្រៀននៅហ្នឹង គាត់នៅផ្ទះរបស់គាត់ទៅ ប៉ុន្តែគ្រូដែលមកពីចំងាយអត់ផ្ទះគឺមកស្នាក់នៅកន្លែងនេះ។ ពេទ្យគឺធ្វើមណ្ឌលសុខភាព ៣ខ្នង ដែលមានមួយខ្នងគឺជំងឺទូទៅ មួយខ្នងអគារសម្ភពនិងមួយខ្នងទៀតអគារស្នាក់នៅ ដែលមាន២០បន្ទប់។ អញ្ចឹងគ្រូពេទ្យក៏មានកន្លែងនៅដែរ ដោយគ្រូពេទ្យនៅបាន ២០ នាក់។ អញ្ចឹងបានសេចក្ដីថានៅកន្លែងនេះមានមជ្ឍមណ្ឌលសុខាភិបាលនៅកន្លែងនេះ ដោយមានទាំងជំងឺទូទៅផងនិងអគារសម្ភពផង ក្រៅពីនោះគឺនៅមានការកសាងក្នុងតំបន់នេះមានផ្សារ ៨ ខ្នង តាមគម្រោង សម្រាប់អ្នកលក់ដូរនៅកន្លែងនេះ ផ្សាររុនតាឯក … បង្កើតកន្លែងលក់ដូរមានកាហ្វេ នៅកន្លែងហ្នឹង មនុស្សមកពីចំងាយមកលេងភូមិ រុនតាឯក មើល ភូមិថ្មីសម័យតេជោ។ សេវាទូរស័ព្ទនិងអ៊ីនធឺណិត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ទទួលខុសត្រូវ …។
ដូចអស់ហើយមានគ្រប់ហើយ ឥឡូវជួយរំលឹកខ្ញុំមាននៅខ្វះអីទៀត ប្រព័ន្ធផ្នែកខាងធ្វើផ្លូវ ត្រូវរៀបចំប្រព័ន្ធលូ ប្រយ័ត្នស្រាប់តែអាចម៍ចេញពីនេះមក ត្រូវតែរៀបចំប្រព័ន្ធលូតាមផ្លូវ ដើម្បីបង្ហូរវា (ជាសុ)ផារ៉ា ដឹកនាំអាហ្នឹងផង ត្រូវរៀបចំដើម្បីអាហ្នឹងផងព្រោះថ្ងៃក្រោយ រុនតាឯក មិនមែនជាជនបទទៀតទេ រុនតាឯកនឹងក្លាយទៅជាភូមិអភិវឌ្ឍន៍។ ឥឡូវហ្នឹងគឺថាក្រសួងបរិស្ថានកំពុងតែនឹងជួយកូនឈើ (សម្តេចនិយាយលេងរឿងដើមឈើ)។
… (សម្តេចមានប្រសាសន៍សួរនាំជាមួយបងប្អូនប្រជាពលរដ្ឋ)។ ចុងក្រោយ ខ្ញុំអំពាវនាវ ចំពោះម្ចាស់មីក្រូហិរញ្ញវត្ថុ ជួយផ្តល់ប្រាក់កម្ចីឱ្យប្រជាពលរដ្ឋ ដែលបានមករស់នៅក្នុងតំបន់រុនតាឯកនេះ ដោយអត្រាការប្រាក់ទាប និងដោយការអនុគ្រោះ ព្រោះបងប្អូនប៉ុន្មានពាន់គ្រួសារនេះអាចនឹងមានមួយចំនួនត្រូវការទុន ដើម្បីនឹងបង្កើត នូវមុខរបរ។ ដូច្នេះ ខ្ញុំអំពាវនាវឱ្យសេវាមីក្រូហិរញ្ញវត្ថុយោគយល់ ចំពោះការផ្តល់ឥណទាន និងអាទិភាពការផ្តល់ ឥណទានឱ្យខ្ចី សម្រាប់ប្រជាពលរដ្ឋ ដែលរស់នៅ(តំបន់)រុនតាឯក ហើយដែលមានអាទិភាព នៃការប្រាក់ដែល អាចទាបជាងការប្រាក់ដែលឱ្យគោលដៅដទៃខ្ចី។ ខ្ញុំអត់មានសិទ្ធិដាក់(បទ)បញ្ជាទេ ខ្ញុំមានសិទ្ធិដាក់(បទ)បញ្ជា ទៅលើអ្វី ដែលស្ថិតនៅក្នុងសមត្ថកិច្ចរបស់ខ្ញុំ ដូចបញ្ជាលុយឱ្យចេញទៅលើការទិញដី/ការធ្វើផ្លូវថ្នល់/ការធ្វើបណ្ដាញទឹកស្អាត/សាលារៀន/មន្ទីរពេទ្យ អាហ្នឹងជាសមត្ថកិច្ចខ្ញុំៗបញ្ជាបាន។ ប៉ុន្តែ ដល់ទៅមីក្រូហិរញ្ញវត្ថុ ឬធនាគារ អាហ្នឹងផ្នែកឯកជន។ អាចម្កួតមួយចំនួនស្អីក៏ ហ៊ុន សែន ដែរ។ វាស្អប់កុំម្មុយនីស តែវាទាមទារឱ្យ ខ្ញុំធ្វើកុំម្មុយនីស។ មានតែកុំម្មុយនីសទេ ដែលរដ្ឋចេញបញ្ជាទៅវិស័យឯកជន តែនេះខ្ញុំអត់មានសិទ្ធិចេញ(បទ)បញ្ជាទេ។ ខ្ញុំអំពាវនាវឱ្យមីក្រូហិរញ្ញវត្ថុ ផ្តល់ការយោគយល់សម្រាប់អ្នកដែលបានមករស់នៅ(តំបន់)រុនតាឯក (ចំពោះ)អ្នកមិនទាន់បានមករស់នៅ(តំបន់រុនតាឯក) គឺកុំទាន់អាលឱ្យខ្ចី ព្រោះមិនដឹងថាទៅណា។ ខ្ចីហើយទៅបាត់។ ប៉ុន្តែ អ្នកដែលមករស់នៅ(តំបន់)រុនតាឯក (ដែល)គ្រប់លក្ខខណ្ឌមករស់នៅ គឺសុំឱ្យទទួលបាននូវសេវា មីក្រូហិរញ្ញវត្ថុនេះ ហើយផ្តល់ការយោគយល់ សម្រាប់អ្នក(រស់)នៅទីនេះ។
(សម្រាប់)តំបន់ដែលត្រូវដោះស្រាយ អ្នកដែលបានមក(រស់នៅ)រួចហើយ(មានចំនួន) ៥៩៤ គ្រួសារ ចេញពីទីក្រុងសៀមរាប។ អ្នកដែលបានចាប់ឆ្នោតថ្មីនៅទីនេះមាន(ចំនួន) ១ ១១៧ គ្រួសារ។ ប៉ុន្តែ យើងបានដឹង(ថា) បារាយណ៍ខាងកើត គឺមានប្រជាជន ២ ៨២៥ គ្រួសារ។ ថ្ងៃក្រោយអ្នកវិទ្យាសាស្ត្រព្យាករណ៍អាចនឹងមានផលប៉ះពាល់ដល់អង្គរ ដោយយើងមានបារាយណ៍ខាងលិច/កើត។ អញ្ចឹងទេ តាមដឹងអ្នកដែលនៅ(ខាង)លើខ្នងទំនប់នោះ ចង់មករស់នៅតំបន់រុនតាឯកដែរ។ តាមរយៈគោលនយោបាយនេះ យើងក៏ត្រូវដោះស្រាយនៅតំបន់បារាយណ៍ខាងកើត ដែលត្រូវស្តុកទឹកបាន ៣០ លានម៉ែត្រគីប ដូនតាយើងបានធ្វើបារាយណ៍នេះ ដើម្បីដោះស្រាយទឹកផង និងអាចមានលំនឹងណាមួយទាក់ទិនជាមួយនឹងគ្រឹះអង្គរ។ នេះជាបញ្ហាដែលយើងត្រូវគិត។ ក្រៅពីនោះបារាយណ៍លលៃ ដែលឥឡូវនេះមានប្រជាជន(ចំនួន) ១ ០០៩ គ្រួសារ ហើយកន្លែងនោះស្តុកទឹកបាន ៣ លានម៉ែត្រគីប។ នៅមានភូមិមួយទៀត ហៅថា ភូមិវាល មាន(ប្រជាពលរដ្ឋចំនួន) ២ ០២៦ គ្រួសារ (សម្តេចសួរនាំ ឯកឧត្តម ជាសុផារ៉ា) យើងអត់ទាន់បានធ្វើអ្នកទាំងនោះ ប៉ុន្តែយើងនឹងបន្ត …។
ខ្ញុំសូមអំពាវនាវឱ្យបណ្តាបក្សនយោបាយ កុំប្រើប្រាស់នូវអ្វីដែល ហ៊ុន សែន កំពុងដោះស្រាយ ដែលជាតម្រូវការ របស់ជាតិ ធ្វើជាអាវុធ ដើម្បីវាយ ហ៊ុន សែន យកសន្លឹកឆ្នោតនៅពេលខាងមុខ។ ខ្ញុំយល់ដឹង(អំពីគំនិត)ពួកអ្នកឯង។ អ្នកឯងតែងធ្វើរឿងនេះនៅមុនការបោះឆ្នោតជានិច្ច។ ប៉ុន្តែ អ្នកឯងត្រូវយល់ នៅពេលខ្ញុំប្រើប្រាស់ផ្លូវច្បាប់ដើម្បីចាត់ការអ្នកឯង អ្នកឯងកុំចាត់ទុកថារឿងនេះជារឿងនយោបាយ តែនេះតម្រូវការរបស់ជាតិ។ គ្រាន់តែ ដោះស្រាយមួយប្រឹបអម្បាញ់នេះអស់ប៉ុន្មានលាន(ដុល្លារ)ទៅហើយ ងាកទៅដីលឺថាអស់ជាង ៥ លាន(ដុល្លារ) ងាកមកទឹកអស់ ៣ លាន(ដុល្លារ) នៅសាលារៀន និងផ្លូវចាក់កៅស៊ូ និងនៅផ្សារស្អីៗនេះ មួយប្រឹបនេះ (គឺអស់មិនតិចលានដុល្លារទេ) ហើយនៅបន្តគោលនយោបាយនានា ដែលត្រូវមកនេះក៏វាមិនច្រើនទេ ១ គ្រួសារ ១ លាន(រៀល) (ឬក៏) ២០ ម៉ឺន(រៀល) និងអង្ករប៉ុណ្ណឹងមិនអាច្រើនទេ។
គោលនយោបាយបន្ត ត្រូវឱ្យខាងផ្នែកសង្គមកិច្ចចុះមក (ដើម្បីធ្វើការ)ចុះបញ្ជីបងប្អូន(ទាំង)នេះ ប៉ុន្តែ សុំបញ្ជាក់លក្ខខណ្ឌ៖ ទី (១) ឱ្យគ្រប់លក្ខខណ្ឌ ដើម្បីមករស់នៅ(តំបន់)រុនតាឯក ឬតំបន់ពាក់ស្នែង (សម្តេចសួរនាំ ឯកឧត្តម សៀង ណាំ អំពីតំបន់ពាក់ស្នែង) ឥឡូវ យើងប្រតិបត្តិការពីរតំបន់ រៀបចំ Master plan មួយនៅខាងណុងភ្លាម រួចហើយគ្រឿងចក្ររបស់យើងអាចចុះទៅឈូសនៅខាងណុង ខ្លះស្ម័គ្រចិត្តមករុនតាឯក/ពាក់ស្នែង។ ខ្ញុំគ្រាន់តែជម្រាបជូន នេះជាកម្មវិធីដោះស្រាយបញ្ហាជាតិ មិនមែនដោះស្រាយបញ្ហាគណបក្ស ហើយបង្កឱ្យបក្សដទៃយកធ្វើជាអាវុធនោះទេ។ ក្នុងចំណោមបងប្អូន ចំនួន ៥៩៤ គ្រួសារនេះ កាលពីមុនមាន ១៨ គ្រួសារ អត់ព្រមចេញ ដែលគាំពារដោយគណបក្សយុវជន របស់ឯកឧត្តម ពេជ្រ ស្រស់។ ខ្ញុំបានប្រាប់ទៅគាត់ថា ឯកឧត្តមឈប់ ព្រោះរឿងនេះមិនមែនរឿងគណបក្ស (និង/ឬ)រឿងនយោបាយទេ (ជា)រឿងទាក់ទិនជាមួយនឹងការរៀបចំសណ្តាប់ធ្នាប់នៅក្នុងតំបន់សៀមរាប។ ឥឡូវ ចាកចេញមកនៅទីហ្នឹងដែរ ឬក៏ទៅទីណាផ្សេង? មកហើយ។ បើគាត់នៅទីនោះ គាត់នៅតែអត់ស្របច្បាប់។ តែគាត់មកទីនេះគាត់ស្របច្បាប់ អញ្ចឹងឬទេ ឯកឧត្តម ពេជ្រ ស្រស់? ឃើញថាគាត់បានទទួលផលប្រយោជន៍ទេ? បើគាត់នៅទីនោះគាត់នៅតែជាមនុស្សអត់ស្របច្បាប់រហូតហ្នឹង។ អញ្ចឹង បណ្តាបក្សនយោបាយនានា សូមកុំលូកលាន់ កុំយកអាហ្នឹងធ្វើជាអាវុធ ដើម្បីវាយប្រហារគណបក្សប្រជាជន ហើយនឹងធ្វើឱ្យអ្នកដែលប្រុងទទួលផល អត់ទទួលផល។
ខ្ញុំអរគុណណាស់ ដែលបងប្អូនយោគយល់ ចំពោះកិច្ចការដែលរាជរដ្ឋាភិបាលត្រូវធ្វើ ដើម្បីការពារបេតិកភណ្ឌប្រវត្តិសាស្ត្ររបស់យើង។ ខ្ញុំសូមសួរយោបយល់ទៅមើល តើនៅមានអ្វីដែលខ្ញុំនិយាយខ្វះ? ខ្ញុំចង់សួរលោកពូ ពាក់វ៉ែនតា ឆ្នាំអី? ឆ្នាំថោះ។ (ឆ្នាំ)ថោះ (និង)ឆ្នាំរោង បងគ្នាតែ ១ ឆ្នាំទេតើ! អាយុ ៧២ (ឆ្នាំ) ត្រូវគ្នាហើយ ទន្សាយនឹងនាគរាជអត់អីទេ។ ការដោះស្រាយបែបនេះតើអាចគ្រប់គ្រាន់ហើយឬនៅ ឬនៅខ្វះចំណុចណា? នៅខ្វះបង្គន់ ឥឡូវ ខ្ញុំសូមជូន ២០ ម៉ឺន(រៀល)/គ្រួសារ ថែមទៀតធ្វើបង្គន់ … (រឿងឈូសឆាយដី) គេសិក្សារួចហើយ ដីនៅតំបន់នេះ មិនមែនជាដីតំបន់ទំនាបទេ ជាតំបន់ខ្ពស់។ ដូច្នេះ គ្មានការចាំបាច់ ដើម្បីនឹងចាក់បន្ថែមទេ។ បើសិនជាចាក់បន្ថែម គឺបងប្អូនអាចលៃលកចាក់ខ្លួនឯងទៅ។ ប៉ុន្តែឈូសឆាយ (គឺ)ឈូសឆាយឱ្យ។ បានសេចក្តីថា ភារកិច្ចឈូសឆាយ គឺខាងកងវិស្វកម្មធ្វើឱ្យ តែឥឡូវកងវិស្វកម្មរវល់ជាមួយនឹងរឿងធ្វើផ្លូវនេះ។ អម្បាញ់មិញនេះខ្ញុំដាក់លក្ខខណ្ឌ ដីបានឈូសឆាយរួចហើយ (អា)ហ្នឹងចំណុចទី (១)។ ចំណុចទី (២) ទាល់តែអ្នកឯងជួយដឹកខ្ញុំ បានខ្ញុំមក។ ទាមទារអាពីរហ្នឹងឱ្យបានចាំមក …។
ឥឡូវនេះ គ្រឿងចក្រកំពុងសម្រុកធ្វើផ្លូវ ក្នុងពេលដែលផ្លូវហ្នឹងក៏កំពុងជួបការលំបាកដែរ ឯសម្រាប់ការឈូសឆាយ គឺទឹកវានៅ ការឈូសឆាយវាមិនទាន់បានធ្វើ។ ប៉ុន្តែ លក្ខខណ្ឌរបសខ្ញុំដែលតម្រូវ ទី (១) ឈូសឆាយឱ្យ ហើយ ទី (២) ត្រូវមានអ្នកដឹក ទើបយើងព្រមមក។ អញ្ចឹង បានប្រគល់ភារកិច្ចហើយ ផ្នែកឈូសឆាយ គឺ(កង)វិស្វកម្មនៅទីនេះ ឯការដឹកជញ្ជូន (គឺខាង)យោធភូមិភាគទី ៤ និងកងពលលេខ ២ គឺខាងកងទ័ពជួយដឹកជញ្ជូន។ ឥឡូវ ចំនួនថវិកាដែលទទួលបាន គឺឡើងទៅដល់ ១ លាន ៤ សែន(រៀល)/គ្រួសារ អាហ្នឹងក៏ត្រូវឱ្យទៅសម្រាប់ ៥៩៤ គ្រួសារហ្នឹងដែរ ក្រែងលោគាត់មិនទាន់មានបង្គន់ បើគាត់មានបង្គន់ហើយក្រែងលោគាត់ខ្ចីលុយ គេធ្វើ។
(៧) បើទោះបីចេញពីតួនាទីជានាយករដ្ឋមន្ត្រី ក៏នៅជាប្រធានគណបក្សប្រជាជន ដែលមានសិទ្ធិត្រួតពិនិត្យលើសកម្មភាពរបស់នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីនានា
… នេះជាគោលនយោបាយ ដែលដាក់ចេញ កុំឱ្យអនុវត្តទៅកញ្ឆក់កណ្តៀត ម្តងធ្វើម្តងអត់ធ្វើ។ អញ្ចឹង ដាក់ទៅជាដំណើរការគោលនយោបាយរយៈពេលវែង។ ខ្ញុំសុំប្រើរយៈពេល ១០ ឆ្នាំ នូវគោលនយោបាយនេះ។ ខ្ញុំសង្ឃឹមថា ក្នុងករណីដែលខ្ញុំចាកចេញពីតំណែង នាយករដ្ឋមន្ត្រីៗក្រោយ ដែលចេញពីគណបក្សប្រជាជន គឺនឹងបន្តអនុវត្តនូវគោលនយោបាយនេះ។ សព្វថ្ងៃនេះ យើងត្រូវចេញក្នុងចន្លោះ ៣០-៤០ លានដុល្លារ/ខែ ដើម្បីចិញ្ចឹមប្រជាជន ដែលមានផលប៉ះពាល់ចេញពីកូវីដ-១៩។ អញ្ចឹង ការដោះស្រាយនៅកន្លែងនេះវាតូចតាចទេ បន្ថែមប៉ុន្មានពាន់គ្រួសារទៀត ឯកឧត្តម វង សូត្រ រៀបចំចាប់ឧបត្ថម្ភពីខែក្រោយទៅ។ ខ្ញុំសុំបញ្ជាក់ឡើងវិញ អម្បាញ់មិញ មើលមិនច្បាស់ អ្នកដែលមានសៀវភៅក្រីក្រដែលទទួលបានការឧបត្ថម្ភហើយមានប៉ុន្មាន (សូម)លើកដៃ (ថាមាន) ២០-៣០%។ អ្នកដែលអត់ទាន់បានមានប៉ុន្មានភាគរយ? យើងថា ៧០-៨០% មួយនោះ ២០-៣០% អត់អីទេ។ ដាក់ទៅ។ ទោះបីអ្នកឯងមានគ្រាន់បើ ប៉ុន្តែដោយសារតែតម្រូវការនៃការរើផ្ទះសម្បែង ប្រាក់ចំណូលក៏ត្រូវធ្លាក់ចុះ។ ដូច្នេះ ត្រូវទទួលផលពីកម្មវិធីគាំពារសង្គម។
សូមផ្ញើសារទៅកាន់អ្នកចាំតែរិះគន់ តើនយោបាយនេះជានយោបាយប្រជាភិថុតរបស់ ហ៊ុន សែន ឬ ហ៊ុន សែន ដោះស្រាយឱ្យប្រជាជន? អ្នកឯងគិតមើលទៅ។ នេះជាគោលនយោបាយរយៈពេលវែង ហើយជាគោលនយោបាយរបស់គណបក្សប្រជាជនរយៈពេលមិនតិចជាង ១០ ឆ្នាំ។ បើទោះបីខ្ញុំចាកចេញពីតួនាទីជានាយករដ្ឋមន្ត្រី ខ្ញុំនៅតែធ្វើជាប្រធានគណបក្សប្រជាជនដដែល។ ខ្ញុំមានសិទ្ធិត្រួតពិនិត្យលើសកម្មភាពរបស់នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីនានា បើធ្វើមិនត្រូវដកចេញ។ ប្រធានបក្សដកចេញ (គឺ)ចប់។ និយាយអញ្ចឹងថា ទេ! អានេះត្រៀមបញ្ជាទៅនាយករដ្ឋមន្ត្រីតាមក្រោយ។ បោះឆ្នោតនៅកម្ពុជាគេបោះឱ្យបក្ស រួចហើយបានបក្សទទួលបន្តទៅនាយករដ្ឋមន្ត្រី តែងតាំងនាយករដ្ឋមន្ត្រី។
មើលនៅប្រទេសអស់គ្លេសអស់លោកអ្នកដែលប្រឆាំងនឹងការកែ រដ្ឋធម្មនុញ្ញ តើអង់គ្លេសគេធ្វើម៉េច? បោះឆ្នោតដំបូងគេបោះឆ្នោតនៅក្នុងបក្សរបស់គេ (ជ្រើសរើស)តំណាងរាស្ត្រ/សមាជិកសភា។ បន្ទាប់ទៅគេយកទៅបោះនៅក្នុងសមាជិកបក្សរបស់គេ។ ដល់ជាប់ហើយ គេអត់ទៅឆ្លងកាត់សភាទេ។ គេទៅគាល់ព្រះមហាក្សត្រីយានី (Elizabeth II) ប៉ុន្មានម៉ោងមុនពេលដែលព្រះអង្គសោយទិវង្គត។ បន្ទាប់ទៅគេក្លាយទៅជានាយករដ្ឋមន្ត្រី។ ឥឡូវ អត់ឃើញគេនាំគណៈរដ្ឋមន្ត្រីទៅសុំការទុកចិត្តពីសភាផង។ ឯចំពោះយើងម៉េចបានយើងធ្វើខុស? យើងគ្រាន់តែជាគណបក្សដែលមានអាសនៈច្រើនជាងគេ ទៅសុំការតែងតាំងនាយករដ្ឋមន្ត្រីពីព្រះមហាក្សត្រ។ ព្រះមហាក្សត្រទ្រង់ចាត់តាំងនាយករដ្ឋមន្ត្រីហើយ នាយករដ្ឋមន្ត្រីនោះទៅសុំការទុកចិត្តពីសភា។ អង់គ្លេសអត់ទៅសុំការទុកចិត្តពីសភា ម៉េចអស់លោកមិនទៅតិះទៀនអង់គ្លេស? ឯខ្ញុំ ត្រូវទៅសុំការទុកចិត្តពីសភា បើសុំការទុកចិត្តពីសភាអត់បានទេ ការតែងតាំងនាយករដ្ឋមន្ត្រីដោយព្រះមហាក្សត្រក៏អត់មានន័យ។
បើអស់លោកមិនច្បាស់/យល់ អស់លោកគួរស្តាប់គេផង។ អស់លោកតែងចង់ឱ្យយើងធ្វើតាមអង់គ្លេស ធ្វើតាមប្រទេសជឿនលឿន តែដល់យើងធ្វើតាម អស់លោកថាអញ្ចេះ/អញ្ចុះ។ អស់លោកឃើញប្រទេសអស់គ្លេសទេ? ជាភ័ព្វសំណាងប្រទេសអស់គ្លេសហើយ ដែលនាយករដ្ឋមន្ត្រីថ្មីចូលកាន់ដំណែងបានត្រឹមតែប៉ុន្មានម៉ោង មហាក្សត្រីយានី (Elizabeth II) សោយទិវង្កត។ ប៉ុន្តែ ឱ្យឧទាហរណ៍ទៅអស់លោកបានភ្លឺភ្នែក។ របបរាជានិយមអាស្រ័យសភា គឺគេធ្វើបែបហ្នឹង។ កម្ពុជាផ្តល់អំណាចយ៉ាងធំទៅជូនសភា ជាមួយនឹងតួអង្គព្រះមហាក្សត្រក្នុងការតែងតាំងនាយករដ្ឋមន្ត្រី ប៉ុន្តែនៅតែត្រូវស្នើសុំការទុកចិត្តពីសភា។ តើអស់លោកចង់បានអីទៀត?
ខ្ញុំគិតថា នេះក៏ជារបោយមួយដើម្បីឱ្យអ្នកវិភាគទាំងឡាយមានឱកាសស្វែងរកវិទ្យុផ្សាយសម្លេង ដើម្បីនឹងនិយាយ។ ខ្ញុំដឹងតើ ឱ្យតែ ហ៊ុន សែន និយាយ គឺខាងនោះចាប់ផ្តើមមានការងារធ្វើហើយ វិទ្យុនេះ/នោះហៅផ្សាយ។ ឥឡូវហ្នឹង(វិទ្យុ)អាស៊ីសេរី, Cambodia Dailly, VOA, RFI គឺកំពុងតែតាមហើយ ប៉ុន្តែ វាមានអ្នកដែលគេចេញមកវិភាគត្រូវ មានអ្នកចេញមកវិភាគខុស។ វិភាគចុះ/ឡើងកូន ហ៊ុន សែន កំពុងដណ្តើមគ្នាធ្វើនាយករដ្ឋមន្ត្រី នែ! វាទៅឆ្កុយ។
ចំណុចខ្លាំងរបស់គណបក្សប្រជាជន ឬអាចនិយាយបានថា ចំណុចខ្លាំងរបស់ ហ៊ុន សែន ដែលគេធ្វើមិនកើត គឺអ្នកឯងវាយតម្លៃ ហ៊ុន សែន អត់ត្រូវទាំងអស់ … ផ្តាំទៅអ្នកឯង បើអ្នកឯងវាយក្រឡា ហ៊ុន សែន អត់ត្រូវហើយ អ្នកឯងយកឈ្នះ ហ៊ុន សែន អត់បាន(ទេ) … អរគុណហើយ ដែលអ្នកឯងប៉ាន់ស្មានខ្ញុំមិនត្រូវ ហើយអ្នកឯងនៅតែប៉ាន់ស្មានមិនត្រូវមួយជីវិត។ ដៃគូរបស់ខ្ញុំទាំងអស់អត់ដែលប៉ាន់ស្មានខ្ញុំត្រូវទេ រាប់ទាំងអ្នកធ្វើការជាមួយ អត់ដឹងថា តេជោ ទៅខាងណាទេ … បើអ្នកឯងល្ងង់ណាស់ សូមបន្តល្ងង់ទៀតទៅចុះ ខ្ញុំលើកទឹកចិត្តឱ្យអ្នកឯងបន្តល្ងង់។
(៨) ពង្រឹងបន្ថែមសមត្ថភាពទាក់ទាញនិងការអភិវឌ្ឍនៅតំបន់តារារះទិសឧត្តរ, មិនឲ្យម្ចាស់បោះឆ្នោតខកចិត្តចំពោះគណបក្សប្រជាជន, ឯកឧត្តម ខឹម វាសនានិងអ្នកគាំទ្រ គប្បីឆ្លើយតប ខណៈគេចោទថាខ្ញុំជាអ្នកបញ្ជាឲ្យ ខឹម វាសនា បង្កើតព្រឹត្តិការណ៍, អ្នកណាប្រឆាំងនឹងអង្គរក្សការពារនាយករដ្ឋមន្ត្រី គឺអ្នកឯងប៉ុនប៉ងធ្វើរដ្ឋប្រហារ, សង្ឃឹមថាបងប្អូនបន្តបោះឆ្នោតឲ្យគណបក្សប្រជាជននៅថ្ងៃ ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខ
មន្ត្រីគណបក្សប្រជាជន ត្រូវតែមានសមត្ថភាពធ្វើការវិភាគ ព្រោះអំណាចរបស់ខ្ញុំត្រូវការសម្រេច ឧទាហរណ៍៖ អម្បាញ់មិញបងប្រុសថាខ្វះបង្គន់។ ជូន ២០ ម៉ឺន(រៀល) ភ្លាមធ្វើបង្គន់ តែអាហ្នឹងអំណាចរបស់នាយករដ្ឋមន្ត្រីចាយលុយ។ ប៉ុន្តែដល់មីក្រូហិរញ្ញវត្ថុ ខ្ញុំអត់មានសិទ្ធិបញ្ជាគេទេ។ ខ្ញុំអំពាវនាវឲ្យគេយោគយល់។ ប៉ុន្តែក្នុងអំណាចខ្ញុំ គឺខ្ញុំមានសិទ្ធិបញ្ជា … នេះអាចចាត់ទុកថា ខ្ញុំមកថ្ងៃនេះ មកពង្រឹងបន្ថែមនូវសមត្ថភាពទាក់ទាញ និងការអភិវឌ្ឍន៍នៅតំបន់តារារះនៅទិសឧត្តរ។ យើងមានតារារះនៅទិសនិរតី ដែលរួមគ្របដណ្តប់កំពត កែប ខេត្តព្រះសីហនុ កោះកុង ប៉ុន្តែយើងក៏មានតារារះនៅទិសឧត្តរ គឺនៅខេត្តសៀមរាប ដែលអាចគ្រប់ដណ្តប់ជាមួយនឹងខេត្តឧត្តរមានជ័យ ព្រះវិហារ និងកំពង់ធំ ប៉ុន្តែចំណុចស្នូលគឺនៅហ្នឹងសៀមរាប ដែលយើងកសាងអាកាសយានដ្ឋានថ្មី ឥឡូវកំពុងតែបន្តទុយោទឹកទៅហ្នឹង ទាញខ្នែងវាពត់មកនេះតែប៉ុន្មានដប់គីឡូ មានទឹកស្អាតប្រើប្រាស់បាត់។ អគ្គិសនីនៅសល់តែជាង ១ គីឡូតមកបាន ផ្លូវអីគ្រប់គ្រាន់។
ឥឡូវនេះ ហើយខ្ញុំសុំអរគុណចំពោះមន្ត្រីដែលបានមកចូលរួមវាស់វែង ១៩៣៨ នាក់ ដែលមកចូលរួមវាស់វែងនៅកន្លែងនេះ អរគុណ។ ហើយក៏សុំកោតសរសើរចំពោះអាជ្ញាធរអប្សរា កោតសរសើរចំពោះសាលាខេត្តសៀមរាប ក៏ដូចជាស្រុក និងមូលដ្ឋាន ដែលបានចូលរួមសហការធ្វើឲ្យគម្រោងនេះ លេចចេញជារូបរាង ហើយនឹងឈានទៅអភិវឌ្ឍន៍មួយដោយល្បឿនលឿន។ ថ្ងៃនេះផ្តល់ឱកាសឲ្យខ្ញុំដាក់ចេញនូវក្របខណ្ឌគោលនយោបាយរយៈពេលវែង សម្រាប់ដោះស្រាយកំណើនប្រជាជនក្នុងតំបន់អង្គរ ត្រូវចាកចេញពីលំនៅដ្ឋាន ត្រូវមានដីឲ្យគេ អញ្ចឹងត្រៀមបម្រុងដីទុក ដើម្បីកសាងបំបែកគ្រួសារទៅទៀត។
ថ្ងៃនេះ សម្រាប់ប្រជាពលរដ្ឋដែលមកចូលរួមនៅទីនេះ និយាយរួមដែលបានចាប់ឆ្នោតហើយ បើមិនទាន់បានចាប់ឆ្នោតគឺអត់ផ្តល់ជំនួយអីទាំងអស់ ទាល់តែចាប់ឆ្នោតហើយ តែបើចាប់ឆ្នោតហើយមិនមក ក៏អត់ដែរ … អត់បានទទួលគោលនយោបាយទាំងប៉ុន្មាន អត់ទទួលទេ … ត្រូវមានលក្ខខណ្ឌត្រឹមត្រូវ។ ចៅហ្វាយខេត្តត្រូវទទួលខុសត្រូវ។ ឥឡូវនេះ ១៧១៧ គ្រួសារ ដែលបានចាប់ឆ្នោតហើយ បូកជាមួយនឹង ៥៩៤ គ្រួសារ ដែលមកតាំងទីលំនៅហើយ ទទួលបានមីចំនួន ១ កេសធំ ដែលមាន ៦ កេសតូច ត្រីខចំនួន ១ កេសធំ ដែលមាន ១០០ កំប៉ុង អង្ករមួយប៉ាវទំងន់ ៥០ គីឡូក្រាម ថវិកា ២០ ម៉ឺនរៀល ស័ង្កសី ៣០ សន្លឹក និងថវិកាបន្ថែមសម្រាប់សាងសង់ផ្ទះ និងបង្គន់ ១ លាន ២ សែនរៀល។ សរុបទាំងអស់ ១ លាន ៤ សែន។
ជូនក្រុមអ្នកបច្ចេកទេសវាស់ដីចំនួន ១៩៣៨ នាក់ ក្នុងម្នាក់ៗថវិកា ៥ ម៉ឺនរៀលសម្រាប់ភ្ជុំដាក់បិណ្ឌ។ ជូនកងវិស្វកម្មតេជោសែនសៀមរាប ថវិកា ២០ លានរៀល។ ជូនសិស្សានុសិស្ស ១០២ នាក់ ក្នុងម្នាក់ៗ សៀវភៅ ២ ក្បាល ប៊ិច ១ ដើម ថវិកា ១ ម៉ឺនរៀល។ ជូនលោកគ្រូ អ្នកគ្រូ ចំនួន ៦ នាក់ ក្នុងម្នាក់ៗថវិកា ៥ ម៉ឺនរៀល។ ជូនសាលាបឋមសិក្សាហ៊ុន សែន រុន តាឯក ១ លានរៀល។ ជូនក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធីចំនួន ៣ លានរៀល។ ជូនសាលាស្រុកបន្ទាយស្រី ២ លានរៀល។ ជូនសាលាស្រុកប្រាសាទបាគង ថវិកា ២ លានរៀល។
ថ្ងៃនេះ ខ្ញុំមក ខ្ញុំសម្រាកនៅសៀមរាបមួយយប់ ស្អែកហ្នឹងខ្ញុំត្រូវបើកការប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ដែលយើងយកសៀមរាបធ្វើកន្លែងប្រជុំ ព្រោះយើងធ្វើប្រធានអាស៊ាន អានសុន្ទរកថាហើយគឺខ្ញុំនឹងត្រឡប់ទៅទីក្រុងភ្នំពេញវិញ ដោយមានការងារនៅទីក្រុងភ្នំពេញ ប៉ុន្តែជួនកាលការងារអាចបន្តក៏ថាបាន។ តាមរយៈបងប្អូនដែលយកទេយ្យទានបានអាហ្នឹងយកទៅ ច្បាស់ជាទៅវត្តហើយ មិនអត់ទេ។ អ្នកខ្លះអាចថាប្រគេនលោកហើយ ដាក់បណ្តាសារហ៊ុន សែន អ្នកខ្លះប្រគេនលោកហើយ ឧទ្ទិសកុសលឲ្យដល់សម្តេច ហ៊ុន សែន ផង គ្រាន់ឲ្យអាហ្នឹងបានមកខ្ញុំព្រះករុណាខ្ញុំបានមកធ្វើបុណ្យ។ ខ្ញុំនេះ ឆ្នាំនេះ អត់បាននៅភ្ជុំទេ ថ្ងៃទី ២១ បិណ្ឌ ១១ ដល់ថ្ងៃភ្ជុំទៅនៅគុយប៉ា អត់បានភ្ជុំទេ ហ្នឹងជាភារកិច្ចដែលខានមិនបាន ក៏ប៉ុន្តែខ្ញុំសប្បាយរីករាយនឹងបានឃើញប្រជាពលរដ្ឋរបស់យើង ឆ្នាំទៅដាក់បានបិណ្ឌ ១ បិណ្ឌ ២ ស្រាប់តែលេងផ្ទុះតាមវត្តតែម្តង អត់ទេ សំណូមពរថាឥឡូវគឺធ្វើម៉េចការងារឲ្យធ្វើបុណ្យបានផង និងការពារបានផង។ អញ្ចឹងបងប្អូនអត់មានបានដឹកចង្ហាន់ទៅប្រគេនលោកណា ដឹកចង្ហាន់យកទៅទេ្យយទានអីយកទៅដាក់នៅខាងក្រៅ រួចហើយលោកចេញមកទទួលទៅ។
ឆ្នាំនេះ ដោយសារយើងស្រោចវ៉ាក់សាំង … ឆ្នាំទៅបងប្អូនអាចខឹងខ្ញុំ។ ប៉ុន្តែឆ្នាំនេះ បងប្អូនបានយល់ពី ហ៊ុន សែន ច្បាស់ហើយ។ ការដែលមិនឲ្យបងប្អូនចូលឆ្នាំ គឺដើម្បីការពារជីវិតបងប្អូន ដើម្បីប្រារព្ធចូលឆ្នាំកន្លងទៅ។ ចូលឆ្នាំកន្លងទៅនេះ មនុស្សដូចសមុទ្រ ព្រោះខានសប្បាយ ២ ឆ្នាំទៅហើយ ដល់សប្បាយ សប្បាយឲ្យអស់ចិត្តតែម្តង មនុស្សដូចសមុទ្រ អត់មានឆ្លង។ អញ្ចឹងទាល់តែការពារជីវិតបាន ទើបបានចូលឆ្នាំ ឆ្នាំក្រោយ បងប្អូនយើងនៅទូទាំងប្រទេស ការពារជីវិតបានកាលពីភ្ជុំឆ្នាំទៅ ដោយហ៊ុន សែន បានស្នើសុំឲ្យខិតខំរក្សា រហូតទៅដល់មិនបានយកទៅប្រគេនលោកផ្ទាល់។ ប៉ុន្តែការពារជីវិតបាន ដោយសារបានផលជីវិតនោះហើយ ទើបបានមកដាក់បិណ្ឌ ដើរបាចបាយបិណ្ឌរាល់ថ្ងៃ ទៅដាក់បិណ្ឌ ទៅដល់ភ្ជុំ។
បើការពារជីវិតមិនបានទេ កុំនិយាយទៅដល់រឿងសិទ្ធិប្រជាធិបតេយ្យ លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស សិទ្ធិធំជាងគេ សិទ្ធិរស់រានមានជីវិតនោះឯង។ ក្រឡេកឃើញទេ បងប្រុសនោះនាឡិកាម៉ាកអី? យី នៅឡូយតើ។ កុំសូវពេក។ ទើប ៧៣ មានទៅណា បងខ្ញុំ ១ ឆ្នាំហ្នឹង។ តែខ្ញុំមិនបបួលធ្វើក្លើទេ។ កើតខែអី? អត់បានចេះទេ យ៉ាងច្រើនបងខ្ញុំតែប៉ុន្មានខែទេ ឆ្នាំថោះមែន។ ក៏ប៉ុន្តែជួនកាលឆ្នាំថោះកើតចុងឆ្នាំ ដូចជាមុនចូលឆ្នាំតែ ២ ខែអី បើចឹងបងខ្ញុំតែប៉ុន្មានខែតើ ប៉ុន្តែយ៉ាងណាក៏ដោយ ខ្ញុំគោរពជាបង ខ្ញុំអត់បបួលធ្វើក្លើទេ។ ឈ្មោះអី? ដួង ចែម ម៉ែអើយឈើខ្លឹម អូយាយហ្នឹង យាយព្រះជន្មប៉ុន្មាន? ៧០ អត់អីទេ ប៉ុណ្ណឹងល្អ។ យាយឆ្នាំអី? ចឹងឆ្នាំម្សាញ់ ថោះនិងម្សាញ់ ត្រូវគ្នាអត់អីទេ ពស់ចឹកទន្សាយ។ អញ្ជើញអង្គុយចុះ។
ខ្ញុំសុំបញ្ជាក់ឡើងវិញ ជោគជ័យនៃការគ្រប់គ្រង Covid-19 តាមរយៈដែលប្រជាជនទទួលយក គោរពនូវការអំពាវនាវរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ៣ កុំ ៣ ការពារ ជាពិសេស ទទួលយកការចាក់វ៉ាក់សាំង ធ្វើឲ្យប្រជាពលរដ្ឋរបស់យើង រស់រានមានជីវិតមកដល់សព្វថ្ងៃ និងបានធ្វើបុណ្យធ្វើទាន។ លោកបងចាក់ដូសទីប៉ុន្មានហើយ? វ៉ាក់សាំង ៤ ដូស អង្គុយចុះ។ ស្រុកខ្លះអត់ទាន់បាន ២ ដូសទេ។ កម្ពុជាអ្នកជនបទ តិចទៀតក្លាយទៅជាអ្នករុនតាឯក អនាគតអ្នករុនតាឯក បាន ៤ ដូសរួចហើយ។ កុំសូវលេង។ ខ្ញុំមិនឲ្យប្រជាពលរដ្ឋខកចិត្តដោយសារការបោះឆ្នោតឲ្យគណបក្សប្រជាជន ឲ្យ ហ៊ុន សែន ធ្វើនាយករដ្ឋមន្ត្រីទេ ហើយខ្ញុំក៏មិនឲ្យព្រះមហាក្សត្រជាទីសក្ការៈរបស់យើង ដែលព្រះអង្គចាត់តាំងខ្ញុំជានាយករដ្ឋមន្ត្រី ហើយប្រទានព្រះរម្យងារឲ្យខ្ញុំជាតេជោ ខកព្រះទ័យទេ។ ខ្ញុំត្រូវរកសន្តិភាពឲ្យប្រជាជនឲ្យបាន បន្តរក្សាសន្តិភាពនេះ និងបន្តការអភិវឌ្ឍន៍ ពេល Covid-19 កើនឡើងដោយតម្លៃណាក៏ដោយ រកវ៉ាក់សាំងចាក់ឲ្យប្រជាពលរដ្ឋ ព្រោះយើងដឹងច្បាស់ គឺមានតែវ៉ាក់សាំងមួយគត់ ដែលអាចធានាថា កុំឲ្យឆ្លង ឬឆ្លងហើយ មិននាំទៅដល់ការស្លាប់។ ឥឡូវអ្នកសៀមរាបក៏មានកើតដែរ តែកើតតិច ហើយកើតហ្នឹងព្យាបាលនៅផ្ទះ។ ជិត ៥ ខែហើយដែលយើងអត់មានមនុស្សស្លាប់ មានមួយពេល ៥២ ថ្ងៃ យើងអត់មានមនុស្សឆ្លង សូម្បីតែ ១ នាក់ ឥឡូវមានការឆ្លង ម្សិលមិញដូចជាឆ្លងឡើងប៉ុន្មាន ដូចជា ២០ ប្លាយ …។
ខ្ញុំផ្តាំទៅ ឯកឧត្តម ខឹម វាសនា ដែលតាំងខ្លួនជាព្រះព្រហ្ម មានការជម្រុញលើកទឹកចិត្ត វាយប្រហារខ្ញុំថាហេតុអ្វីមិនបង្ក្រាប មិនចាប់ ខឹម វាសនា ដាក់គុក? ឲ្យ ខឹម វាសនា ទៅធ្វើសមាធិនៅក្នុងគុកក៏បានដែរ វាទៅអញ្ចេះ។ វាឲ្យអនុសាសន៍ឯង ទៅចាប់ ខឹម វាសនា ទៅឲ្យធ្វើសមាធិ។ អញ្ចឹងវាចង់ប្រើកម្លាំងយើងទៅបង្រ្កាប។ បងប្អូន នេះគ្រាន់តែជាអបិយជំនឿទេ។ ការប្រមូលផ្តុំ ខ្ញុំមិនយកកម្លាំងទៅបង្ក្រាបកម្លាំងដែលគ្រាន់តែមកជំនឿខុសរឿង … គេបាននិយាយថា ខ្ញុំជាអ្នកបញ្ជាឯកឧត្តមដើម្បីធ្វើរឿងហ្នឹង។ អញ្ចឹងឯកឧត្តមគួរតែឆ្លើយតប ឬអ្នកគាំទ្រឯកឧត្តម ខឹម វាសនា ឆ្លើយតប។ បើ ហ៊ុន សែន បញ្ជាព្រះព្រហ្មបានហើយ អាហ្នឹងគឺល្អហើយ។ អញ្ចឹងខ្ញុំមិនធំជាងព្រះព្រហ្ម ខឹម វាសនា … ខ្ញុំអំពាវនាវទៅឯកឧត្តម ខឹម វាសនា និងអ្នកគាំទ្រ ឆ្លើយតបត្រឡប់ទៅវិញ ព្រោះគេចោទថាខ្ញុំជាអ្នកបញ្ជាឲ្យ ខឹម វាសនា បង្កើតព្រឹត្តិការណ៍ហ្នឹង …។
អញ្ចឹង … តើឯកឧត្តមសុខចិត្តឲ្យគេចោទថាឯកឧត្តមជាអាយ៉ងរបស់ខ្ញុំ អ្នកគាំទ្ររបស់ឯកឧត្តមជាអាយ៉ងរបស់ខ្ញុំ ឬក៏ឯកឧត្តមចេញមុខបដិសេធ។ ខ្ញុំគ្រាន់តែលើកប៉ុណ្ណឹងទេ។ ប្រជាពលរដ្ឋនិយាយគ្នាបានតើ។ ឥឡូវបញ្ហាដែលនៅសេសសល់គឺរឿងកូនមិនស្គាល់ឪពុក ប្តីប្រពន្ធខ្លះបែកបាក់គ្រួសារដោយសារតែរឿងជំនឿស៊ប់នេះ។ ខ្ញុំក៏សុំអំពាវនាវសុំឲ្យមានការយោគយល់។ ប្រពន្ធយោគយល់ដល់ប្តី ប្តីយោគយល់ដល់ប្រពន្ធ កូនយោគយល់ដល់ម្តាយ ម្តាយយោគយល់ដល់កូន ប៉ុណ្ណឹងទៅចប់រឿងហើយ។ បើធ្វើតាមការញុះញង់របស់អ្នកទាំងនោះ ក្រុម ខឹម វាសនា ហ្នឹងមិនដឹងចូលគុកអស់ប៉ុន្មានហើយ មិនដឹងទៅបួសងាប់អស់ប៉ុន្មានដែរ ព្រោះនៅក្បែរខាងមានអីពិបាក ដីត្រឹមតែប៉ុន្មានដប់ហិកតាហ្នឹងមានអីពិបាក បើសិនជាថាប្រើចុងកាំភ្លើង ប៉ុន្តែរឿងហ្នឹងមិនមែនជាជម្រើសរបស់ ហ៊ុន សែន ត្រូវប្រើទេ។
ជម្រើស ហ៊ុន សែន ប្រើប្រាស់កម្លាំងប្រដាប់អាវុធ អ្នកណាចង់ផ្តួលរំលំ អ្នកហ្នឹងត្រូវទទួលរងនូវការប្រតិកម្មពីកម្លាំងប្រដាប់អាវុធ អាហ្នឹងនិយាយឲ្យច្បាស់ ព្រោះអ្នកឯងចង់ផ្តួលខ្ញុំហើយ រឿងអីខ្ញុំទុក … ខ្លះថា អង្គរក្សការពារនាយករដ្ឋមន្ត្រីខុស សុំផ្តាំទៅអ្នកឯង អ្នកណាក៏ដោយប្រឆាំងនឹងអង្គរក្សការពារនាយករដ្ឋមន្ត្រី គឺអ្នកឯងប៉ុនប៉ងធ្វើរដ្ឋប្រហារ និយាយប្រាប់អ្នកឯងចឹងឲ្យច្បាស់។ គេត្រូវការពារ បើការពារនាយករដ្ឋមន្ត្រីមិនបាន ប្រទេសហ្នឹងគឺវាច្របូកច្របល់ភ្លាម។ គ្រាន់តែអតីតនាយករដ្ឋមន្ត្រីជប៉ុនមួយ ស៊ីនស៊ូ អាបេ ត្រូវគេធ្វើឃាត ឥឡូវសូម្បីតែមេប៉ូលីសក៏សុំលាលែងពីតំណែង … នេះគ្រាន់តែជាអតីតនាយករដ្ឋមន្ត្រី ទម្រាំដល់នាយករដ្ឋមន្ត្រីនៅក្នុងតំណែងត្រូវគេធ្វើឃាតយ៉ាងម៉េចទៅវិញ។ ប៉ុន្តែ អ្នកណាដែលប៉ុនប៉ងរំលាយកម្លាំងអង្គរក្សដែលការពារខ្ញុំ គឺអ្នកនោះប៉ុនប៉ងធ្វើរដ្ឋប្រហារ ឬប៉ុងប៉ងសម្លាប់ខ្ញុំ រឿងវាតែប៉ុណ្ណឹង … ដោយខ្ញុំជួបគេធ្វើរដ្ឋប្រហារ និងគេប៉ុនប៉ងធ្វើឃាតជាច្រើនលើកពេក នៅពេលដែលបុណ្យកងទ័ពជើងគោក ខ្ញុំបាននិយាយ ខ្ញុំត្រូវគេធ្វើរដ្ឋប្រហារចាប់ឃុំក្នុងផ្ទះម្តង ធ្វើរដ្ឋប្រហារ ៣ ដង និងការប៉ុនប៉ងសម្លាប់ខ្ញុំថ្ងៃ ២៤ ខែកញ្ញា ឆ្នាំ ១៩៩៨ នៅសៀមរាប។ ដូច្នេះបានជាខ្ញុំតាំងចិត្តថា ដរាបណា ហ៊ុន សែន នៅក្នុងតំណែង ដរាបនោះ មិនអនុញ្ញាតឲ្យអ្នកណាធ្វើរដ្ឋប្រហារដាច់ខាត។
… កម្លាំងប្រដាប់អាវុធមានសិទ្ធិទទួលការពារជាតិ ការពារប្រជាជន ក្នុងហ្នឹងមួយចំណែកណាត្រូវទទួលបន្ទុកការពាររាជធានីភ្នំពេញ ការពារក្បាលម៉ាស៊ីនដឹកនាំ ក្នុងហ្នឹងក៏មាននាយករដ្ឋមន្ត្រីដែរ។ កម្លាំងនេះមានតែនាយករដ្ឋមន្ត្រីមួយគត់ ដែលមានសិទ្ធិបញ្ជា អត់ឲ្យអ្នកណាមានសិទ្ធិបញ្ជានោះទេ។ អាហ្នឹងនិយាយគ្នាឲ្យច្បាស់។ ប្រទេសណាក៏គេធ្វើចឹងដែរ … សូម្បីតែប្រទេសធំៗ គឺថាលេខកូដមីស៊ីលប៉ារ៉ាម៉ាណូ សុទ្ធតែគ្រប់គ្រងដោយប្រធានាធិបតី មិនអាចអ្នកណាចេះតែគ្រប់គ្រងលេខកូដនោះបានទេ។
ខ្ញុំនិយាយច្រើនហើយ ហើយក៏ល្មមឃ្លានបាយដែរ ល្មមត្រឡប់ទៅវិញ ប៉ុន្តែមានដឹកជញ្ជូនទេ ដឹកជញ្ជូនបងប្អូន ឡានក្រុង ធ្វើម៉េចដឹកជញ្ជូនទៅផ្ទះ ទៅដល់ផ្ទះ កុំឲ្យអញក្តៅណាស់ ស្តាប់ហ្អែងយូរ ឥឡូវហេវបាយ។ ហេវបាយមានមីហ្នឹងហែកមីដាក់សិនទៅ របស់យើងហើយតើ។ លុយទទួលបាន ២០ ម៉ឺនទៅមុន ឯ ១២០ ម៉ឺនទៀត បញ្ជូនតាមក្រោយ តែប៉ុណ្ណឹងទេ ហើយក្រៅពីហ្នឹងត្រូវបញ្ជូនបន្ទាន់ឲ្យ ៥៩៤ គ្រួសារ។
ហើយចុងបញ្ចប់ហើយ អរគុណដែលបានអញ្ជើញមកចូលរួម អរគុណដែលប្រឹងស្តាប់ ហើយអរគុណចំពោះប្រជាពលរដ្ឋនៅទូទាំងប្រទេសដែលបានគាំទ្រគណបក្សប្រជាជន។ ខ្ញុំសង្ឃឹមថា បងប្អូនទាំងអស់គ្នានៅទីនេះ នឹងបន្តបោះឆ្នោតឲ្យគណបក្សប្រជាជនតទៅទៀត ដែលនឹងត្រូវធ្វើនៅថ្ងៃ ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខ តើបោះឆ្នោតឲ្យឬមិនបោះ? អរគុណជាមួយនឹងការដែលបានគាំទ្រ និងបន្តគាំទ្រតទៅទៀត ហើយខ្ញុំក៏នឹងធ្វើកិច្ចការងារនេះ តទៅទៀត បន្ទាប់ពីខ្ញុំទៅក៏នៅមានអ្នកបន្តវេន បន្តកិច្ចការរបស់ខ្ញុំ ដែលមិនបំផ្លាញចោលទេ ផ្ទុយទៅវិញ គេអាចធ្វើល្អជាងយើងទៅទៀត។
ជូនពរចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាពិសេសបងប្អូនជនរួមជាតិដែលមកកាន់ទីនេះ សុំប្រកបតែនឹងពុទ្ធពរ និងពរទាំង ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ។
សុំអរគុណ!