សុន្ទរកថា និងសេចក្តីដកស្រង់សង្កថា សម្តេចតេជោ ហ៊ុន សែន បិទព្រឹត្តិការណ៍កីឡាជាតិ លើកទី ៣ និងកីឡាជាតិជនពិការលើកទី ១

[សុន្ទរកថា] ថ្ងៃ​នេះ ​ខ្ញុំ​មាន​សេចក្ដីរីក​រាយ ​ដោយ​បាន​​ចូល​រួម​ជាថ្មីជាមួយ​ សម្ដេច​ ឯកឧ​ត្ត​ម ​លោ​ក​​ជំទាវ លោក​ លោក​ស្រី​ប្រតិ​ភូ​កីឡា​​ ​ក្មួយៗកីឡា​ករ កីឡា​ការិ​នី ក្នុង​ពិធី​បិទការប្រកួតកីឡា​ជាតិ ​លើក​ទី ៣ និងកីឡាជនពិការជាតិលើកទី ១ នាពេល​នេះ​។​ ការ​ប្រកួតនេះបាន​ប្រព្រឹត្ត​ទៅ​ដោយរលូន និង​​ជោគ​ជ័យក្រោម​បរិយាកាស​សប្បាយ​រីក​រាយ​​ ចំពោះ​លទ្ធផល ដែល​ក្មួយៗកីឡា​ករ កីឡា​ការិ​នីទទួលបាន​ផ្អែកតាមសមត្ថភាព និងទេពកោសល្យជាក់ស្តែងរៀងៗខ្លួន​។ ខ្ញុំសូមអបអរសាទរដល់ជ័យលាភី ដែលបានខិតខំហ្វឹកហាត់ និងខិតខំប្រឹងប្រែង​ក្នុងការ​ប្រកួត​រហូត​ដល់ទទួលបាន​ជ័យជំនះជាទីមោទនៈនេះ។ ជាមួយគ្នានេះដែរ ខ្ញុំក៏សូមឆ្លៀតឱកាសនេះ អបអរសាទរនូវការដាក់បញ្ចូលក្បាច់គុនល្បុក្កតោជាបេតិកភណ្ឌអរូបីរបស់មនុស្សជាតិ នៃអង្គការយូណេស្កូ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។ [ចាប់ផ្តើមសេចក្តីអធិប្បាយ] ៣ ចំណុច សំខាន់ទាក់ទងជាមួយនឹងមោទនភាពជាតិ ក្នុងឱកាសនេះ អនុញ្ញាតឱ្យខ្ញុំព្រះករុណាខ្ញុំ បានថ្លែងទៅកាន់ព្រះសង្ឃ និងប្រជាពលរដ្ឋនៅទូទាំងប្រទេស បន្ថែមទៅលើសារដែលខ្ញុំបានផ្ញើជូនប្រជាជាតិកម្ពុជា។ ក្នុងនាមរាជរដ្ឋាភិបាល នាឱកាសនេះ សូមលើកឡើង ចំណុច ៣ សំខាន់ ដែលទាក់ទងជាមួយនឹងមោទនភាពជាតិរបស់យើង។ ដំបូង (១) “ផឹកទឹក ត្រូវនឹកដល់ប្រភពទឹក”។ យើងគួរតែមានការអរគុណយ៉ាងជ្រាលជ្រៅទៅដល់ដូនតារបស់យើងគ្រប់ជំនាន់ ដែលបានខិតខំបន្សល់ស្នាដៃទុកឱ្យយើងក្មេងជំនាន់ក្រោយ។…