ដកស្រង់ប្រសាសន៍ជាសារសំឡេងស្ដីពីការបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់កុមារចាប់ពីអាយុ ៦ ឆ្នាំ ដល់ ១២ ឆ្នាំ

សម្តេច ឯកឧត្តម លោកជំទាវ យើងបានសម្រេចចិត្តថានឹងចាក់វ៉ាក់សាំងឲ្យក្មេងពីអាយុ ៦ ឆ្នាំទៅ ១២ ឆ្នាំ។ ប្រសិនបើយើងមិនចាក់ជូនកុមារពីអាយុ ៦ ឆ្នាំទៅ ១២ ឆ្នាំទេ យើងមិនអាចឈានទៅបើកសាលាបឋមសិក្សាបានទេ ព្រោះអាយុនេះ គឺអាយុក្នុងក្របខណ្ឌបឋមសិក្សា ហើយយើងបែរជាបើកតែអនុវិទ្យាល័យ វិទ្យាល័យ ដូច្នេះធ្វើឲ្យមានបញ្ហាលំបាក។ ម្យ៉ាងទៀត វ៉ាក់សាំងក៏បានសិក្សាតាមប្រទេសនានា ហើយគេក៏បានចាក់ប្រើប្រាស់សម្រាប់ក្មេងដែលមានអាយុក្រោម ១២ ឆ្នាំរួចមកហើយដែរ។ ដូច្នេះបញ្ហាវ៉ាក់សាំងមិនមែនជាបញ្ហាលំបាកទេ ម្ខាងគឺវ៉ាក់សាំងអនុញ្ញាតឲ្យចាក់ ហើយម្ខាងទៀតយើងមានវ៉ាក់សាំងក្នុងដៃរួចជាស្រេច ហើយចំនួនកុមារតាមស្ថិតិជាបឋមដែលឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន បានផ្តល់ឲ្យអំពីស្ថិតិនោះគឺត្រឹមតែ ១ លាន ៨ សែននាក់ជាងប៉ុណ្ណោះ​។ ដូច្នេះ ខ្ញុំសម្រេចថា នឹងបើកយុទ្ធនាការថ្មីមួយទៀតនៅថ្ងៃសុក្រ ដើម្បីចាក់វ៉ាក់សាំងជូនកុមារអាយុ ៦ ឆ្នាំ​ ទៅ ១២ ឆ្នាំ បន្ទាប់ពីយើងចាក់ជិតរួចរាល់សម្រាប់កុមារ និងយុវវ័យដែលមានអាយុពី ១២ ទៅ ១៧ និង១៨ ឆ្នាំ។ ឥឡូវយើងបើកយុទ្ធនាការបន្តដោយចាប់ផ្តើមពីអាយុ ៦ ឆ្នាំ ទៅ…

សារពិសេស ពាក់ព័ន្ធ ការបើកសាលារៀនឡើងវិញនៅតាមតំបន់ដែលគ្មានការឆ្លង និងមានការឆ្លងតិច នៃជំងឺកូវីដ-១៩

  ផ្ញើជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្តម លោកជំទាវ អភិបាលខេត្ត-រាជធានី! ការបិទសាលានាពេលកន្លងមក ដើម្បីការពារអាយុជីវិតគ្រូបង្រៀន សិស្សានុសិស្សពីជំងឺកូវីដ-១៩ កន្លងទៅខ្ញុំបានផ្តល់មតិខ្លះៗ ជូនទៅឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ ពាក់ព័ន្ធជាមួយនឹងបញ្ហាការបើកសាលារៀនឡើងវិញ។ កន្លងទៅយើងបានបិទសាលារៀនរបស់យើង គឺសំដៅការពារចំពោះគ្រូបង្រៀន ក៏ដូចជា កុមារា/រី សិស្សានុសិស្សរបស់យើង នៅក្នុងក្របខណ្ឌទូទាំងប្រទេស។ នេះជាការចាំបាច់ ដើម្បីនឹងការពារអាយុជីវិត សម្រាប់គ្រូបង្រៀន យុវជន/នារី និងកុមាររបស់យើង ប៉ុន្តែ អាស្រ័យដោយពិនិត្យឃើញថា នៅទូទាំងប្រទេសរបស់យើងជំងឺកូវីដ-១៩ បានឆ្លងដាច់ដោយដុំ ហើយប្រមូលផ្តុំនៅតាមទីក្រុង (និង/ឬ)ទីប្រជុំជនភាគច្រើន។ ឯតំបន់ជនបទ គឺហាក់ដូចជាបានកើតឡើងតិចតួចណាស់ ហើយខេត្តខ្លះស្ទើរតែពុំមានទៀតផង ប៉ុន្តែ សាលាទាំងនោះយើងក៏បានបិទផងដែរ។ ស្នើរដ្ឋមន្ត្រីក្រសួងអប់រំពិភាក្សាជាមួយបណ្តារាជធានី-ខេត្ត បើកសាលានៅទីតាំងដែលពុំមានការឆ្លង ខ្ញុំស្នើឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ធ្វើការពិភាក្សាជាមួយនឹងបណ្តាខេត្ត-រាជធានី ដើម្បីកំណត់បើកសាលារៀននៅតាមទីតាំងមួយចំនួន ដែលពុំមានជំងឺឆ្លងកើតឡើង។ យើងកំពុងចាក់វ៉ាក់សាំង សម្រាប់កុមារ និងយុវវ័យអាយុពី ១២ ឆ្នាំ-១៨ ឆ្នាំ។ ស្ថានភាពចាក់វ៉ាក់សាំងមកដល់ពេលនេះ ក្នុងចំណោមកុមារ និងយុវវ័យ ដែលមានអាយុពី…

សុន្ទរកថា និងសេចក្តីដកស្រង់ប្រសាសន៍ ក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំងកូវីដ-១៩ ជំនួយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន

ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ (Mikami Masahiro), ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា, សម្តេច, ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី! ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្តីសោមនស្សក្រៃលែង ដោយបានមកចូលរួមផ្ទាល់ ក្នុងឋានៈជាប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងពិធីប្រគល់ទទួលវ៉ាក់សាំងកូវីដ-១៩ ជើងទី ១ ចំនួន ៣៣២ ០០០ ដូស នៃវ៉ាក់សាំង AstraZeneca សរុបចំនួន ១ លានដូស ដែលជាជំនួយដ៏ថ្លៃថ្លា ប្រកបដោយសប្បុរសធម៌ និងសន្តានចិត្តល្អពីសំណាក់រដ្ឋាភិបាល និងប្រជាជនជប៉ុន ជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងឆ្លងរាលដាលនៅគ្រប់ប្រទេស និងដែនដីទាំងអស់នៅលើសកលលោក។ ជាការពិត ក្នុងឆ្នាំ ២០២១ នេះ ស្ថានភាពនៃការឆ្លងជំងឺកូវីដ-១៩ ក៏នៅតែបន្តវិវឌ្ឍយ៉ាងលឿន ជាពិសេស តាមរយៈការបំប្លែងខ្លួនជាប្រភេទវីរុសកូវីដ-១៩ ថ្មី  ដែលមានសមត្ថភាពចម្លង និងបង្កគ្រោះថ្នាក់កាចសាហាវជាងមុនច្រើនដង ដល់អាយុជីវិតមនុស្ស។ ដោយឡែកសម្រាប់កម្ពុជា ទោះបីជារាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងឥតឈប់ឈរ ក្នុងស្មារតីបុរេសកម្ម និងម៉ឺងម៉ាត់ ដើម្បីគ្រប់គ្រងការហូរចូល…