សារក្នុងទិវាជាតិនៃការចងចាំ ២០ ឧសភា ២០២០

ថ្ងៃនេះ ជាទិវាជាតិនៃការចងចាំ ២០ ឧសភា! ថ្ងៃនេះ ជាថ្ងៃទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត។ ទិវានេះ ជាការរំលឹកដល់វិញ្ញាណក្ខន្ធជនរងគ្រោះជាង ៣ លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់ អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត ៣ ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។ ដើម្បីកុំឱ្យរបបនេះវិលត្រឡប់មកវិញ ចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្ដល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ…

សេចក្តីដកស្រង់ប្រសាសន៍ ពិធីស្រោចស្រពសុគន្ធវារី ប្រគេន សម្តេច ព្រះសង្ឃនាយករងទាំង ៣ ព្រះអង្គ

[…] សិស្សគណ ពុទ្ធបរិស័ទចំណុះជើងវត្ត ក៏ដូចជាពុទ្ធបរិស័ទមានជំនឿលើពុទ្ធសាសនាក៏បានមកចូលរួមដើម្បីអបអរសាទរក្នុងពិធីស្រោចសុគន្ធវារី ថ្វាយប្រគេនចំពោះព្រះសង្ឃនាយករងទាំង ៣ ព្រះអង្គ។ នេះបង្ហាញឲ្យឃើញពីជំនឿទុកចិត្តចំពោះព្រះពុទ្ធសាសនារបស់យើងក្នុងរយៈពេលកន្លងទៅ […]

[…] ចាប់ផ្តើមពីសន្តិភាពនេះ ទើបយើងមានសភាពការណ៍ដូចសព្វថ្ងៃ។ ព្រះសង្ឃមានភារកិច្ចចូលរួមថែរក្សានូវសន្តិភាពរបស់ប្រទេស […] ឆ្លងកាត់ដំណាក់កាលសង្គ្រាមដ៏យូរលង់ ធ្វើឱ្យទឹកដីរបស់យើងបែងចែក ព្រះសង្ឃខ្លះនៅភាគីនេះ ព្រះសង្ឃខ្លះនៅភាគីនោះ ព្រះសង្ឃខ្លះនៅក្នុងតំបន់ដែលមានសង្គ្រាម។ យើងមិនគប្បីបណ្តែតបណ្តោយឱ្យប្រទេសជួបនូវការបែកបាក់ ដែលនាំទៅដល់សង្គ្រាមវិនាសកម្ម […]

[…] ការគ្រប់គ្រងរដ្ឋមួយ ទាមទារឱ្យយើងធ្វើសុខដុមបនីយកម្មរវាងជាតិសាសន៍ និងសាសនា […] នេះជាបញ្ហាដ៏ធំ ហើយ(ធ្វើបានដូចនេះ)វាមិនក្លាយទៅជាការបែកបាក់ជាតិ […]

[…] កន្លែងនេះកាលពីដើមជាទឹកដីរបស់ខេត្តកណ្តាលទេ ក៏ប៉ុន្តែដោយសារតែភ្នំពេញគឺត្រូវការរីកចម្រើន ដូច្នេះបានជាកាត់ […] យកបញ្ចូលមកភ្នំពេញថែមទៀត […] អាហ្នឹងត្រូវធ្វើស្ពាន ២ ទៀត ស្ពានមួយបានសុំកូរ៉េ ពីជ្រោយចង្វារ ទៅអរិយក្សត្រទៅ ហើយមួយទៀតពីផ្លូវជាតិលេខមួយឆ្លងកាត់ពីក្តីតាកុយ ទៅខាងល្វាអែម […] សម័យនេះគឺជាសម័យដែលយើងត្រូវខិតខំជម្រុញការអភិវឌ្ឍ […]

សម្ដេចតេជោ ហ៊ុន សែន, ពិធីស្រោចសុគន្ធវារីថ្វាយប្រគេនចំពោះព្រះសង្ឃនាយករងទាំង ៣ ព្រះអង្គ, ២៨ កុម្ភៈ ២០២០

សេចក្តីដកស្រង់ប្រសាសន៍ ពិធីសម្ពោធ និងប្រគល់-ទទួលផ្សារគំរូព្រំដែនកម្ពុជា ផ្សារដារ

“… សូមថ្លែងការអរគុណចំពោះការឧបត្ថម្ភរបស់ប្រិយមិត្ត និង រដ្ឋាភិបាលវៀតណាម ដែលបានផ្តល់ឱ្យកម្ពុជានូវផ្សារព្រំដែននេះ ដែលជាចំណុចដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរ … ផ្សារព្រំដែននេះនឹងបង្កលក្ខណៈងាយស្រួលឱ្យប្រជាពលរដ្ឋរបស់យើងរកស៊ីជាមួយគ្នាដោយស្របច្បាប់ និងបង្កើតបាននូវស្ថានភាពឈ្នះឈ្នះនៃទំនាក់ទំនងរវាងពាណិជ្ជកម្មព្រំដែន … រវាងប្រទេសជិតខាង …”

“… សូមឯកឧត្តម ជីញ ឌិញស៊ុង (TRINH DINH DUNG) ឧបនាយករដ្ឋមន្រ្តី និងឯកឧត្តម រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម ពិនិត្យមើល(ទំហំទំនិញ)ដែលវៀតណាមនាំចូលមកកម្ពុជា និងទំនិញដែលកម្ពុជានាំចូលទៅវៀតណាម … ខ្ញុំស្នើដោយទទូចឱ្យវៀតណាមបង្កើនការទិញពីកម្ពុជា ក្នុងនោះវៀតណាមបាន និងកំពុងទិញអង្ករពីកម្ពុជាចំនួន ៣០ ម៉ឺនតោន និងផលិតផលមួយចំនួនផ្សេងទៀត ដែលកម្ពុជាមាន …”

“… ពីមុននេះ ផ្លោងដាក់គ្នាទៅវិញទៅមកដោយគ្រាប់កាំភ្លើង ហើយទល់ដែនទាំងសងខាងសម្បូរគ្រាប់មីន។ ឥឡូវនេះ ផ្លោងទៅវិញទៅមកដោយទំនិញ ខាងវៀតណាមបញ្ជូនទំនិញមកលក់ឱ្យកម្ពុជា កម្ពុជាបញ្ជូនទំនិញទៅលក់ឱ្យវៀតណាម ហើយយើងខិតខំបំផ្លាញចោលគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ … បន្តទៅទៀត ខ្ញុំចង់ចង្អុលបង្ហាញគ្រោងធ្វើ(ផ្សារ)នៅក្នុង ខេត្តកំពត និងស្វាយរៀង ២ ខេត្តនេះ គប្បីប្រើថវិកាជាតិធ្វើតែម្តងទៅ។ កាលពីមុនយើងអត់មាន(លទ្ធភាព) អញ្ចឹងយើងសុំមិត្ត …”

សម្ដេចតេជោ ហ៊ុន សែន, សម្ពោធផ្សារដោះដូរទំនិញកម្ពុជា-វៀតណាម (ផ្សារដារ) នៅខេត្តត្បូងឃ្មុំ, ២៤ ធ្នូ ២០១៩