សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន សំណេះសំណាលជាមួយប្រជាពលរដ្ឋ និងពិនិត្យការដ្ឋានសំណង់វារីអគ្គិសនីស្ទឹងពោធិ៍សាត់ ១ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់

(១) កោតសរសើរគ្រប់តួអង្គពាក់ព័ន្ធ ដែលបានធ្វើកិច្ចការដ៏ល្អក្នុងរយៈពេលកន្លងទៅ ថ្ងៃនេះ ខ្ញុំរីករាយ ដែលបានមកពិនិត្យមើលអំពីវឌ្ឍនភាពនៃការកសាងវារីអគ្គិសនីស្ទឹងពោធិ៍សាត់ ១ ដែលខ្ញុំយកឱកាសនេះ អរគុណ និងកោតសរសើរ ចំពោះក្រសួងរ៉ែ និងថាមពល អគ្គិសនីកម្ពុជា គណៈអភិបាលខេត្ត ក៏ដូចជា ក្រុមហ៊ុន លោក តឹង ជុនអ៊ីម ដែលបានធ្វើកិច្ចការដ៏ល្អក្នុងរយៈពេលកន្លងទៅនេះ។ លោក តឹង ជុនអ៊ីម គឺជាជនជាតិកូរ៉េខាងត្បូង ដែលបានមកវិនិយោគនៅកម្ពុជាយូរហើយ។ បើគិតមកដល់ពេលនេះ គឺមានរយៈពេលប្រមាណជា ២៥ ឆ្នាំ នៃវត្តមានរបស់គាត់ តាំងពីការចាប់ផ្តើមនៃទំនាក់ទំនងការទូតរវាងកម្ពុជានិងសា​ធារណរដ្ឋកូរ៉េឯណោះ។ នៅទីនេះ យើងបានផ្តល់សម្បទានសម្រាប់ការវិនិយោគជូនចំពោះក្រុមហ៊ុនរបស់គាត់។ (២) ការដោះស្រាយផលប៉ះពាល់តាមស្ដង់ដារសេសានក្រោម ២ អ្វីដែលខ្ញុំនៅចាំបានច្បាស់ (គឺ)ការបញ្ជាឱ្យដោះស្រាយនូវផលប៉ះពាល់សម្រាប់ប្រជាពលរដ្ឋ ដែលយកស្តង់ដារប្រហាក់ប្រហែលគ្នាដូចនៅស្ទឹងសេសាន(ក្រោម)២ នៅខេត្តស្ទឹងត្រែង។ នៅកន្លែងនេះ ដូចជាការផ្តល់ផ្ទះ/ដី ហើយដីនេះទៀតសោត គឺសុទ្ធតែផ្តល់ហើយត្រូវតែឈូសឆាយ (និង/ឬ)ភ្ជួរឱ្យរួច ព្រោះបើកម្លាំងបងប្អូន គឺពិបាកក្នុងការភ្ជួរសម្អាតដី (ដើម្បី)បង្កបង្កើនផល។ ខ្ញុំអរគុណចំពោះការដំណើរការ។ បើទោះបីថាវាយឺតបន្តិច ក៏ប៉ុន្តែមានវឌ្ឍនភាព ជាពិសេសការដោះស្រាយផលប៉ះពាល់ ដែលឯកឧត្តម ខូយ រីដា…

សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន សំណេះសំណាលនិងផ្តល់ដំបូន្មានដល់ប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម មុនចេញទៅប្រកួតនៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី

(១) ធ្វើប្រធានគណៈកម្មាធិការប៉ារ៉ាអូឡាំពិក លើកទឹកចិត្តឱ្យជនពិការងើបឈរឡើង ថ្ងៃនេះ ​ខ្ញុំរីករាយ ដែលបានជួបសំណេះសំណាលនិងជូនដំណើរ មុនពេលដែលកីឡាករ/ការិនីរបស់យើងចាកចេញពីប្រទេសដើម្បីទៅចូលរួមការប្រកួតអាស៊ានប៉ារ៉ាហ្គេម នៅឯប្រទេសឥណ្ឌូនេស៊ី។ ដូចលោកអគ្គលេខាធិ ការរង តំណាងឱ្យ ឯកឧត្តម យី វាសនា ដែលពេលនេះកំពុងតែមានបញ្ហា(ឆ្លងជំងឺ)កូវីដ-១៩​ បន្ទាប់ពីវិលត្រឡប់ពីប្រទេសឥណ្ឌូនេស៊ី អម្បាញ់មិញបានឱ្យដឹងហើយថា ខ្ញុំគឺជាប្រធានប៉ារ៉ាអូឡាំពិចរបស់កម្ពុជា។ ហេតុអ្វីបានជាខ្ញុំត្រូវធ្វើជាប្រធាន? នេះជាចំណុចងាយយល់ គឺជាការរួមចំណែកលើកទឹកចិត្ត សម្រាប់ការខិតខំរបស់ជនពិការរបស់យើង។ វាមិនមែនគ្រាន់តែជាបញ្ហាប្រធានដើម្បីការប្រកួតនោះទេ ក៏ប៉ុន្តែប្រធាននៅទីនេះ គឺសំ ដៅទៅដល់ការលើកទឹកចិត្តអោយមានការចូលរួមទាំងអស់។ ខ្ញុំក៏ជាជនពិការម្នាក់។ ជនពិការក៏មានលទ្ធភាពអាចធ្វើជានាយករដ្ឋមន្រ្តី ហើយក៏មិនមែនជានាយករដ្ឋមន្រ្តីត្រឹមតែកញ្ឆក់កណ្ដៀត កន្លះឆ្នាំមួយឆ្នាំពីរឆ្នាំនោះទេ ក៏ប៉ុន្តែ(ក្លាយជានាយករដ្ឋមន្រ្តី)ជិត ៤ ទសវត្សរ៍រួចស្រេចទៅហើយ។ បើយើងគិតពីឆ្នាំ១៩៨៥ រហូតមកដល់ឆ្នាំ​១៩៩៧ ខ្ញុំទើបនឹងធ្វើជានាយករដ្ឋមន្រ្តីបាន ១២ ឆ្នាំ។ ការលើកទឹកចិត្តអោយមានការចូលរួមនិងផ្ដល់ក្ដីសង្ឃឹម សម្រាប់ជនពិការរបស់យើងគឺជាការចាំបាច់។ លើសពីនេះ យើងក៏ត្រូវបន្តការខិតខំដើម្បីលើកស្ទួយវិស័យកីឡារបស់យើង ដែលខ្ញុំយល់ឃើញថា អ្វីដែលយើងអាចធ្វើទៅរួចគឺយើងធ្វើ។ យើងធ្លាប់ធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាបាល់ទះជនពិការកម្រិតពិភពលោក ដែលមកធ្វើការប្រ​កួតនៅទីក្រុងភ្នំពេញ ទោះបីថាចំណាត់ថ្នាក់វាមិនល្អសម្រាប់យើង គឺបានត្រឹមតែលេខ៣, លេខ​៤ ប៉ុន្តែលេខនេះក៏បង្ហាញថា កម្ពុជាជាប្រទេសមិនអន់ទេ ក្នុងចំណោមប្រទេសជាច្រើន ដែលមានកីឡាបាល់ទះនៅក្នុងពិភពលោក។ នោះគឺជាមោទនភាពមួយ។ ខ្ញុំក៏សង្ឃឹមថា…

សេចក្ដីដកស្រង់ប្រសាសន៍សម្ដេចតេជោ សម្ពោធកំណាត់ផ្លូវជាតិលេខ ៧ ប្រវែង ៩៣,៦៤ គីឡូម៉ែត្រ ពីរង្វង់មូលខ្លាស្ទុះ ទៅឃុំរមាត ខេត្តក្រចេះ

មិនរង់ចាំការបង្កើតរដ្ឋាភិបាល ឆ្នាំ ២០០៣/៤ ចិនជួយការតភ្ជាប់ទៅកាន់តំបន់ឦសាន ថ្ងៃនេះ ខ្ញុំមានការរីករាយ ដែលបានរួមជាមួយឯកឧត្តម វ៉ាង វិនធាន ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងបងប្អូនជនរួមជាតិ ដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់នូវផ្លូវជាតិលេខ ៧ ប្រវែង(ជាង) ៩៣ គីឡូម៉ែត្រ ពីរង្វង់មូលខ្លាស្ទុះ ទៅដល់ឃុំរមាត ខេត្តក្រចេះ។ អម្បាញ់មិញ ឯកឧត្តម វ៉ាង វិនធាន បាននិយាយទៅដល់ឆ្នាំ ខាល, ឆ្នាំ ខ្លា ហើយយើងមកចំកន្លែងខ្លាស្ទុះហ្នឹងទៀត។ តាមពិតទៅ ឆ្នាំចិន ឬវៀតណាម បានចូលដល់ឆ្នាំខាល រួចស្រេចទៅហើយ ប៉ុន្តែសម្រាប់ខ្មែរយើង ការចែកឆ្នាំគឺនៅខែមេសា។ អ្នកដែលមានទំលាប់កាន់ប្រពៃ​ណី​ខ្សែស្រឡាយចិន ទើបនឹងចូលឆ្នាំរួចមកហើយនេះ គឺតែងចែកឆ្នាំនៅក្នុងរង្វង់នៃខែកុម្ភៈ ដែលទើបនឹងចូលឆ្នាំនេះ។ កម្ពុជាចែកឆ្នាំនៅក្នុងខែមេសា ភាគច្រើននៅថ្ងៃទី ១៣ ឬ ១៤ នោះតែម្ដង គឺទេវតាឆ្នាំថ្មី នឹងចុះមកជំនួសទេវតាឆ្នាំចាស់។ ខ្ញុំមិនដឹងថា តើឆ្នាំនេះ ត្រូវឆុងជាមួយនឹងឆ្នាំណាទេ ក៏ប៉ុន្តែសម្រាប់ខ្ញុំ ឆ្នាំនាគរាជ…