ប្រារព្ធពិធីបុណ្យចូលវស្សា ស្របនឹងការពារខ្លួនពីកូវីដ ១៩

ខ្ញុំព្រះករុណា និងភរិយាសូមផ្ញើសេចក្តីនឹករឮកដល់បងប្អូនជនរួមជាតិ និងព្រះសង្ឃគ្រប់ព្រះអង្គដែលកំពុងគង់ចាំព្រះវស្សាចាប់ពីថ្ងៃទី ៥ ខែ កក្កដា ដល់ថ្ងៃទី ៣ ខែ តុលា ឆ្នាំ ២០២០។ សូមអរគុណបងប្អូនប្រជាពលរដ្ឋ ឧបាសក ឧបាសិកា ដែលបាននាំយកទៀនព្រះវស្សា និងទេយ្យទានចង្ហាន់ជាច្រើនទៀតប្រគេនដល់ព្រះសង្ឃនៅតាមវត្តអារាម ជាពិសេសវត្តនៅតាមតំបន់ឆ្ងាយដាច់ស្រយាល។ ជាមួយគ្នានេះដែរ សូមអរគុណសម្តេច ឯកឧត្តម លោកជំទាវ មន្រ្តីសមាជិករាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា និងមន្រ្តីសមាជិកសមាជិកាគណបក្សប្រជាជន ដែលបានចូលរួមចែករំលែកនូវអំណោយជាអង្ករ មី ត្រីខ ម៉ាស សាប៊ូ ចឹល ក្រមា និងថ្នាំពេទ្យចែកជូនដល់បងប្អូនក្រីក្រ ដែលកំពុងខ្វះខាតនៅទូទាំងប្រទេស។ ទន្ទឹមនឹងនេះដែរ សូមបងប្អូនបន្តប្រុងប្រយ័ត្នការពារសុវត្ថិភាពសុខភាពកុំអោយឆ្លងជំងឺកូវីដ១៩ ដោយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬចឹល ហើយពាក់ម៉ាសការពារខ្លួនឲ្យបានត្រឹមត្រូវ។ មកទល់ពេលនេះ ពិភពនៅមិនទាន់មានថ្នាំព្យាបាល កូវីដ ១៩ នៅឡើយទេ ហើយចំនួនអ្នកឆ្លងរោគរាតត្បាតនេះ គឺបានកើនឡើងគួរឲ្យព្រួយបារម្ភខ្លាំងណាស់។ នៅពេលរសៀលនេះ ខ្ញុំ និងភរិយាគ្រោងនឹងនាំទេយ្យទានមួយចំនួនទៅប្រគេនព្រះសង្ឃ ដែលកំពុងគង់ចូលព្រះវស្សានៅវត្តចំពុះក្អែក។ ខ្ញុំ និងភរិយា សូមប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ…

ប្រធានាធិបតី ស៊ី ជីនភីង និយាយថា ការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ១៩ បង្ហាញឲ្យឃើញនូវសហគមន៍ចិន-កម្ពុជា រួមអនាគតដែលមិនអាចបំបែកបាន (សារព័ត៌មាន ស៊ិនហួ)

្រធានាធិបតីចិន ស៊ី ជីនភីង បាននិយាយកាលពីថ្ងៃសុក្រថា ចិន និងកម្ពុជា បានបង្ហាញតាមរយៈការខិតខំប្រឹងប្រែងរួមគ្នាជាក់ស្តែង ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ថាសហគមន៍ចិននិងកម្ពុជា ដែលមានអនាគតរួមគ្នា មិនអាចបំបែកបាន។ ប្រធានាធិបតី ស៊ី ក្នុងនាមជាអគ្គលេខាធិការគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តចិនផងដែរ បានធ្វើការកត់សម្គាល់នៅក្នុងសារលិខិតផ្ញើជូន (សម្តេចតេជោ) ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា។ ប្រធានាធិបតី ស៊ី បានមានប្រសាសន៍ ថ្លែងអំណរគុណចំពោះ (សម្ដេចតេជោ) ហ៊ុន សែន ដែលបានផ្ញើលិខិតអបអរខួបលើកទី ៩៩ នៃការបង្កើតគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនិស្តចិន នាពេលកន្លងទៅ ដែលបានបង្ហាញពីបំណងប្រាថ្នា និងទស្សនៈរបស់គណបក្សប្រជាជនកម្ពុជា ស្តីពីការធ្វើអោយកាន់តែស៊ីជំរៅ ទំនាក់ទំនងរវាងគណបក្ស និងប្រទេសទាំងពីរ។ ដោយហៅ ចិននិងកម្ពុជា ថាជាអ្នកជិតខាង និងដៃគូល្អ ដែលជួយ និងគាំទ្រគ្នាទៅវិញទៅមក ប្រធានាធិបតី ស៊ី បានកត់សម្គាល់ថា ចាប់តាំងពីការចាប់ផ្ដើម នៃការរីករាលដាលនៃជំងឺ កូវីដ១៩ ភាគីទាំងពីរបានរក្សាការគាំទ្រគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ហើយសំរេចបាននូវវឌ្ឍនភាពដ៏សំខាន់ ក្នុងការប្រយុទ្ធរួមគ្នាប្រឆាំងនឹងជំងឺបណ្តាលពីវីរុសកូរ៉ូណានេះ។…

ការធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រ និងជនងាយរងគ្រោះ ដើម្បីទទួលបាន “កម្មវិធីផ្ដល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩” ត្រូវធ្វើដោយត្រឹមត្រូវ និងខ្ជាប់ខ្ជួន

កាលពីពេលថ្មីៗកន្លងមកនេះ ខ្ញុំបានប្រកាសដាក់ឲ្យប្រើជាផ្លូវការនូវ “កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺ កូវីដ-១៩ ”។ ដើម្បីធានាថាបងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលកំពុងជួបបញ្ហាលំបាកពិតប្រាកដទទួលបាននូវជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាល គឺការងារធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រ និងជនងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នេះមានសារៈសំខាន់ខ្លាំងណាស់។ ការងារនេះគឺត្រូវពឹងផ្អែកស្ទើរតែទាំងស្រុងលើអាជ្ញាធរមូលដ្ឋាន គឺមេភូមិ និងក្រុមប្រឹក្សាឃុំ/សង្កាត់ដែលត្រូវតែធ្វើឲ្យបានច្បាស់លាស់ និងហ្មត់ចត់បំផុត។ ដូច្នេះដើម្បីធានាឲ្យបាននូវតម្លាភាព និងសុច្ចរិតភាពក្នុងការផ្តល់សេវាសម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ ខ្ញុំសូមចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពិសេសចំពោះអ្នកអនុវត្តផ្ទាល់នៅតាមឃុំសង្កាត់ទាំងអស់ គឺត្រូវផ្តោតការយកចិត្តទុកដាក់បំពេញការងារនេះឲ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួនបំផុត គឺត្រូវចៀសវាងដាច់ខាតនូវការឃុំឃិតគ្នាដាក់បញ្ចូលសាច់ញាតិបងប្អូនកូនក្មួយខ្លួនឯង ដែលមិនមែនជាគ្រួសារក្រីក្រ និងងាយរងគ្រោះពិតប្រាកដដើម្បីទទួលបាននូវប្រាក់ឧបត្ថម្ភនេះ។ ខ្ញុំនឹងចាត់វិធានការក្តៅ ហើយនឹងមិនមានការលើកលែងឡើយ ប្រសិនបើរកឃើញថានៅក្នុងភូមិ និងឃុំ/សង្កាត់មួយណាមានករណីមិនប្រក្រតីនេះកើតមានឡើង៕