សេចក្តីដកស្រង់សារជាសម្លេង ណែនាំឱ្យយកចិត្តទុកដាក់ក្នុងការធ្វើចត្តាឡីស័ក ក្រោយពីរកឃើញករណីឆ្លង កូវីដ១៩ លើអង្គរក្សការពារផ្ទាល់រដ្ឋមន្រ្តីហុងគ្រី

ខ្ញុំសូមជម្រាបថ្នាក់ដឹកនាំរបស់យើង ក៏ដូចជាមន្រ្តីពាក់ព័ន្ធទាំងអស់ឱ្យបានជ្រាបថា ខ្ញុំបានទទួលព័ត៌មានដ៏គួរឱ្យសោកស្ដាយ។ ឥឡូវនេះ បញ្ហាបានមកដល់ហើយ។ អង្គរក្សដែលការពារផ្ទាល់សម្រាប់រដ្ឋមន្រ្តីការបរទេសហុងគ្រី ត្រូវបានពិនិត្យឃើញថាមានវិជ្ជមាន កូវីដ១៩ ។ តាមរយៈនេះ ខ្ញុំសូមអំពាវនាវចំពោះបងប្អូនទាំងអស់ ដែលមានការទាក់ទងផ្ទាល់ ជាពិសេស បានចាប់ដៃ និងទាក់ទងផ្ទាល់ជាមួយនឹងរដ្ឋមន្រ្តីការបរទេសហុងគ្រី គឺយកចិត្តទុកដាក់មែនទែនទៅលើការធ្វើចត្តាឡីស័ក និងការប៉ះពាល់ទៅលើអ្នកដទៃ។ អ្នកដែលមានការពាក់ព័ន្ធផ្ទាល់ ឬដែលចូលទៅកៀកផ្ទាល់ ក៏ដូចជាបានមកដល់ជួបជុំក្រុមគ្រួសារ ទើបដឹងព័ត៌មាន ក៏ត្រូវតែគ្រប់គ្រងកូនចៅឱ្យបានហ្មត់ចត់ ចៀសវាងការចល័តពីកន្លែងមួយទៅកាន់កន្លែងមួយ ធ្វើឱ្យមានបញ្ហាឆ្លងចូលទៅក្នុងសហគមន៍។ ខ្ញុំចាត់ទុកថានេះជាបញ្ហាធ្ងន់ធ្ងរសម្រាប់រាជធានីភ្នំពេញរបស់យើង ដែលខ្ញុំសូមស្នើឱ្យអាជ្ញាធររាជធានីភ្នំពេញ  ក៏ដូចជាវិស័យសុខាភិបាល ដែលក្ដាប់បានមុខសញ្ញា និងអំពាវនាវចំពោះក្រសួង/ស្ថាប័ន ដែលគ្រប់គ្រងមន្រ្តីបុគ្គលិក ក៏ដូចជាស្ថាប័នព័ត៌មានទាំងឡាយ ដែលគ្រប់គ្រងបុគ្គលិក ត្រូវយកចិត្តទុកដាក់បន្ថែមទៀត តាមដានចំពោះអ្នកដែលត្រូវធ្វើចត្តាឡីស័កឱ្យបានហ្មត់ចត់។ បើមិនដូច្នោះទេ ហានិភ័យនឹងមានខ្ពស់បំផុតចំពោះប្រទេសយើងនៅក្នុងកាលៈទេសៈនេះ។ នេះជាបញ្ហាដ៏ធំនៅក្នុងវិស័យសុខភាពសាធារណៈរបស់យើង ដែលមិនធ្លាប់មានក្នុងរយៈពេលជាង ១០ ខែកន្លងទៅនេះ […] ដូច្នេះ ខ្ញុំសូមស្នើឱ្យយកចិត្តទុកដាក់ប្រុងប្រយ័ត្ន។ ខ្ញុំមិនប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្នទាំងស្រុង ឬផ្នែកណាមួយនោះទេ ហើយខ្ញុំក៏មិនរារាំងទៅលើដំណើររបស់អ្នកដែលមិនមានការពាក់ព័ន្ធដែរ។ ប៉ុន្តែ ខ្ញុំស្នើឱ្យអ្នកណាក៏ដោយយកចិត្តទុកដាក់ទៅលើការការពារសុខភាពនៅក្នុងកាលៈទេសៈ ដែលយើងមិនទាន់មានភាពច្បាស់លាស់នេះ ធ្វើការពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពឱ្យបានហ្មត់ចត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ សូមរួមគ្នាចាប់ផ្ដើមពាក់ម៉ាស រៀបចំអនាម័យនៅក្នុងរយៈពេល ២…