សុន្ទរកថា និងការដកស្រង់សេចក្ដីអធិប្បាយ ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១៦ និងលើកទិសដៅការងារឆ្នាំ ២០១៧ របស់ក្រសួងមហាផ្ទៃ
ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយដោយបានមកចូលរួមនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ ២០១៦ និងលើកទិសដៅការងារឆ្នាំ ២០១៧ របស់ក្រសួងមហាផ្ទៃនាឱកាសនេះ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អាជ្ញាធរ រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ត្រីរាជការស៊ីវិល កងកម្លាំងនគរបាលជាតិ ក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងរួមគ្នាសម្រេចបាននូវសមិទ្ធផលនានាជាច្រើន ជូនប្រទេសជាតិ និងប្រជាជន ពិសេសការថែរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងការចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ទោះបីជាស្ថានភាពក្នុងតំបន់ និងពិភពលោកបាន និងកំពុងជួបប្រទះនូវបញ្ហាប្រឈមជាច្រើន និងក្នុងផ្ទៃក្នុងជាតិ មានក្រុមជ្រុលនិយមមួយចំនួនបានខិតខំរិះរកគ្រប់វិធីប៉ុនប៉ងបង្កឱ្យមានចលាចលវឹកវរក្នុងសង្គម និងការឃោសនាបំប៉ោងសភាពការណ៍ បំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិថា កម្ពុជាកំពុងមានអស្ថិរភាពនយោបាយយ៉ាងណាក្តី ប៉ុន្តែពួកគេមិនឤចសម្រេចបាននូវឧបាយកលនេះឡើយ។ ជារួម កម្ពុជាកំពុងទទួលបាននូវការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ដែលការណ៍នេះបានធ្វើឱ្យកម្ពុជាយើងកំពុងដើរតួនាទីយ៉ាងសកម្មទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ។ ជាក់ស្តែង ក្នុងឆ្នាំ ២០១៦ កំណើនសេដ្ឋកិច្ចកម្ពុជាសម្រេចបានក្នុងរង្វង់ ៧,១% ហើយផលិតផលក្នុងស្រុកសរុបគិតជាមធ្យមសម្រាប់មនុស្សម្នាក់ៗ កើនពី ៧៦០ ដុល្លារ ក្នុងឆ្នាំ ២០០៨ ដល់ ប្រមាណជាង ១៣០០ ដុល្លារឤមេរិក ក្នុងឆ្នាំ ២០១៦ ដោយបានផ្លាស់ប្តូរស្ថានភាព…