ចែករំលែកនូវពរជ័យ បានពីការបួងសួង
ដំបូង អនុញ្ញាតអោយខ្ញុំសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ចំពោះក្មួយៗកម្មករ/ការិនី ថ្នាក់ដឹកនាំ សហជីព ក៏ដូចជាម្ចាស់រោងចក្រ។ សូមឆ្លៀតយកឱកាសនេះ តាមរយៈនៃពិធីបួងសួងសុំសេចក្ដីសុខ សម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលធ្វើ(កាលពី)ប៉ុន្មានថ្ងៃមុននេះ នៅឯអង្គរវត្ត (ខេត្តសៀមរាប) ខ្ញុំសុំ យកឱកាសនេះ ដើម្បីចែករំលែកនូវពរជ័យទាំងឡាយ ដែលទទួលបានពីការបួងសួងនេះ ជូនចំពោះ ក្មួយៗ កម្មករ/ការិនី និងអ្នកចូលរួមទាំងអស់ សូមបានប្រកបដោយសេចក្ដីសុខ សេចក្ដីចម្រើន និងពរ ទាំងប្រាំប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ។
អរគុណចំពោះម្ចាស់រោងចក្រទាំងឡាយ ឲ្យកម្មករឈប់សម្រាកក្រោយជំនួប
ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយណាស់។ អម្បាញ់មិញ មិនមានការចាំបាច់ដើម្បីអោយខ្ញុំធ្វើ ការស្នើសុំទៅ ម្ចាស់រោងចក្រទៀតទេ ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានធ្វើការទំនាក់ទំ នងជាមួយនឹងម្ចាស់រោងចក្ររួចស្រេចទៅហើយ។ បន្ទាប់ពីជំនួបជាមួយគ្នានេះទៅ ក្មួយៗនឹងទទួលបាន នូវការសម្រាកនៅពេលល្ងាចនេះ ដោយទទួលបានបៀវត្ស(ធម្មតា)។ ការជួបជុំរបស់យើង ក៏អាចចាត់ទុក ថា ជាថ្ងៃនៃការរីករាយមួយ ដោយម្ខាងគឺយើងបានរួមគ្នាមកជួបជុំ ដើម្បីសំណេះសំណាលជាមួយគ្នា និង ម្ខាងទៀត យើងក៏បានទទួលការឈប់សម្រាកនៅក្នុងរយៈពេលមួយព្រឹកដើម្បីមកជួបជុំសំណេះសំណាល នៅទីនេះ និងម្ខាងទៀត នៅពេលល្ងាច យើងក៏បានសម្រាក …។
សុខដុមភាវូបនីយកម្មរវាងរដ្ឋ ម្ចាស់រោងចក្រ និងកម្មករ ជាមុំចង្ក្រាននៃការអភិវឌ្ឍប្រទេស
នេះ គឺជាផ្នែកដ៏សំខាន់មួយនៃសុខដុមភាវូបនីយកម្មរវាងម្ចាស់រោងចក្រ កម្មករ/ការិនី ក៏ដូចជាផ្នែករាជរដ្ឋាភិបាល ដែលអាចចាត់ទុកថា ជាមុំចង្ក្រាននៃការអភិវឌ្ឍសម្រាប់ប្រទេសរបស់យើង។ មុំចង្រ្កាននោះមាន៖ ទី ១ គឺផ្នែករដ្ឋ។ ដែលតំណាងដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ឯផ្នែកទី ២ គឺតំណាងដោយផ្នែកឯកជន។ ឯទី ៣ គឺមានកម្មករ/ការិនីរបស់យើងនេះតែម្ដង។ ទាំង ៣ ផ្នែកនេះ គឺមិនអាចបាត់បង់ផ្នែកណាមួយនោះបានទេ ប៉ុន្តែផ្នែកដែលសំខាន់ជាងគេ គឺទាក់ទងទៅនឹងផ្នែករបស់រដ្ឋតែម្ដង។ បើរដ្ឋដួលរលំ រដ្ឋអស្ថេរភាពហើយនោះ គឺបានសេចក្ដីថា មុំ ២ ទៀត គឺមុំក្នុងវិស័យកម្មករ និងមុំក្នុងវិស័យឯកជនដែលធ្វើការវិនិយោគ គឺច្បាស់ជាមិនអាចគង់វង្សបាននោះទេ។
ថ្ងៃនេះ ខ្ញុំពិតជាមានការសប្បាយរីករាយជាមួយនឹងការពេញចិត្ត ហើយអរគុណចំពោះក្មួយទាំងឡាយ ដែលផ្ដល់នូវការស្រឡាញ់រាប់អានចំពោះពូ។ អម្បាញ់មិញ ក្នុងការធ្វើដំណើរមកកាន់ទីនេះ គឺប្រមាណជា ១០០ ម៉ែត្រ ប្រើរយៈពេល ១ ម៉ោង ហើយមិនទាន់គ្រប់គ្រាន់សម្រាប់ការថតរូបនោះផងទេ។ ប៉ុន្តែសង្ឃឹមថា ក្មួយៗអាចនឹងចាំទទួលតាមរយៈនៃការបង្ហោះចេញនៅតាមហ្វេសប៊ុកមួយ ដែលក្មួយៗអាចនឹងទាញយករូបថតរបស់ក្មួយៗ តាមរយៈហ្វេសប៊ុករបស់លោក ដួង តារា ដែលជា admin ហ្វេសប៊ុករបស់ពូផង … ម្យ៉ាងទៀត ក៏មានការផ្សាយបន្តផ្ទាល់ ដែលអាចទាញយករូបថតនោះបាន។
នេះហើយដែលគេហៅថា ពិធីសំណេះសំណាលនោះ ពិធីសំណេះសំណាលវាមានអញ្ចឹង។ វាត្រូវមានការជួបជុំ ការសួរសុខទុក្ខ។ វាមានរឿងច្រើន ប៉ុន្តែមិនមែនសំណេះសំណាលគ្រាន់តែសំណេះសំណាលទេ។ យើងស្វែងយល់ ដើម្បីដោះស្រាយបញ្ហាសម្រាប់ក្មួយៗ ដូចដែលយើងធ្លាប់បានធ្វើកន្លងទៅ ហើយលទ្ធផលក៏បានចេញមកហើយ។
ដំឡើងបៀវត្សគោលទៅ ១៧០ ដុល្លារ ចាប់ពីថ្ងៃទី ១ មករា ២០១៨
ថ្ងៃនេះ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសំដែងនូវការអបអរសាទរចំពោះក្មួយៗកម្មករ/ការិនីទាំងអស់ ដែលនឹងត្រូវដំឡើងបៀវត្សចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៨ ទៅ គឺកើនពី ១៥៣ ដុល្លារ ទៅដល់ ១៧០ ដុល្លារសហរដ្ឋអាមេរិក។ នេះគឺជាការខិតខំរបស់រាជរដ្ឋាភិបាល របស់គណបក្សប្រជាជន ដើម្បីរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ក្នុងហ្នឹង ក៏មាននៅក្នុងចំណោមកម្មករ/ការិនីរបស់យើង ដែលកាលពីមុននោះ យើងធ្វើនៅក្នុងឆាំ្ន ១៩៩៧ មានត្រឹមតែ ៤០ ដុល្លារសហរដ្ឋអាមេរិក(ក្នុងមួយខែ)តែប៉ុណ្ណោះ។ មុនឆ្នាំ ១៩៩៧ តាមដែលខ្ញុំចាំ គឺ(ប្រាក់ខែ)មានក្នុងរង្វង់ ៣៥ ដុល្លារសហរដ្ឋអាមេរិក ឬលើបន្តិចបន្តួចតែប៉ុណ្ណោះ។ ប៉ុន្តែឥឡូវនេះ បៀវត្សយើងកំពុងតែអនុវត្ត ១៥៣ ដុល្លារសហរដ្ឋអាមេរិក ហើយនៅសល់តែ ២៥ ថ្ងៃទៀតតែប៉ុណ្ណោះ គឺយើងនឹងឈានទៅអនុវត្តនូវប្រាក់បៀវត្ស ១៧០ ដុល្លារសហរដ្ឋអាមេរិក។ ក្មួយៗអាចរកក្នុងមួយខែបានទៅដល់ជាង ២០០ ដុល្លារសហរដ្ឋអាមេរិក សម្រាប់ប្រធានក្រុម ប្រធានផ្នែក ប្រធានរដ្ឋបាល ថ្នាក់ប្រធានក្រុម តាមដែលខ្ញុំសួរថ្ងៃមុននៅឯកោះពេជ្រ គឺបាន ២៥០ ដុល្លារឡើង។ ថ្នាក់ប្រធានផ្នែកបានខ្ពស់ជាងហ្នឹង។ ប្រធានរដ្ឋបាលបានខ្ពស់ជាងហ្នឹង។ អញ្ចឹងទេ បានជាឥឡូវ យើងប្រឹងប្រែងដើម្បីបង្កើនឡើងនូវសមត្ថភាពរបស់យើង ដើម្បីយើងទទួលផលនៅថ្ងៃក្រោយ។
ទឹកចិត្តស្រឡាញ់រាប់អាន បង្ហាញពីការទទួលស្គាល់នូវអ្វីដែលសម្តេចបានធ្វើសម្រាប់ប្រទេសជាតិ
ពូពិតជាអរគុណជាមួយនឹងទឹកចិត្តស្រឡាញ់រាប់អាន ដែលក្មួយៗបានធ្វើចំពោះពូ។ អារម្មណ៍មួយនេះ ក៏បានឆ្លុះបង្ហាញអោយឃើញថា ក្មួយៗមិនមែនទើបនឹងស្គាល់ពូនៅថ្ងៃនេះទេ។ ក្មួយៗពិតជាបានស្គាល់ពូតាំងពីពេលដែលក្មួយៗនៅតូច នោះឆ្លងកាត់ពីដំណាក់កាលដែលជីដូនជីតា និងឪពុកម្ដាយរបស់ក្មួយបានស្គាល់ពូ និងរួមចំណែកជាមួយពូតាំងពីដំណាក់កាលដំបូង នៅពេលវេលាដែលយើងលំបាកបំផុត។ ពូពិតជាអាចយល់បានថា មនុស្សបើគ្រាន់តែស្គាល់គ្នាត្រឹមមួយថ្ងៃ ឬឮឈ្មោះត្រឹមតែមួយថ្ងៃ គឺវាមិនគ្រប់គ្រាន់ដើម្បីបង្កើតនូវភាពជិតស្និតនោះទេ។ មិនត្រឹមតែមួយថ្ងៃទេ មួយឆ្នាំ ឬពីរឆ្នាំ ឬរហូតទៅដល់មួយជីវិត ប្រសិនបើមិនបានធ្វើអ្វីសម្រាប់ប្រទេសជាតិ ប្រហែលជានឹងគ្មានរឿងរាក់ទាក់ ព្រោះភាពសោះអង្គើយ និងភាពរាក់ទាក់ វាបង្ហាញចេញមកខុសគ្នា តាមរយៈការកាយវិការ ទឹកមុខ និងសកម្មភាពផ្សេងៗ។ ចំណុចនេះ ក៏សុំយកឱកាសនេះ ថ្លែងនូវការអរគុណ តាមរយៈក្មួយៗទៅចំពោះជីដូនជីតា ឪពុកម្ដាយរបស់ក្មួយៗ ដែលរួមចំណែកជាមួយពូ និងនៅក្នុងថ្នាក់ដឹកនាំគណបក្សប្រជាជនតាំងពីដំណាក់កាលលំបាកបំផុត។
២ ធ្នូ ថ្ងៃបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា
ថ្ងៃនេះ គឺថ្ងៃទី ៦ ខែធ្នូ។ បើនិយាយពីខែធ្នូនេះ ពូគ្រាន់តែរំលឹកបន្ដិច មានព្រឹត្តិការណ៍ប្រវត្តិសាស្រ្តច្រើនណាស់។ ២ ធ្នូ កាលពី ៣៩ ឆ្នាំមុន ពេលនោះ ពូនៅក្នុងឯកសណ្ឋានជាកងទ័ព ដើម្បីដឹកនាំការប្រយុទ្ធផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ បណ្ដាលកងវរសេនាតូច ដែលពូកសាងដោយផ្ទាល់ដៃ ហើយដែលមកឈរមួយចំនួនដើម្បីជាថ្ងៃបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជានៅស្រុកស្នូល ដែលគេបានឃើញតាមរូបភាពនៃខ្សែភាពយន្ត និងវីដេអូដែលបន្សល់ទុករហូតមកដល់ពេលនោះ។ គេបានឃើញសម្ដេច ហេង សំរិន, សម្ដេច ជា ស៊ីម និងខ្លួនពូ ទៅសួរសុខទុក្ខបណ្ដាកងទ័ពទាំងនោះ។ កងទ័ពទាំងនោះហើយ ជាកងទ័ពដែលពូកសាងឡើងដោយផ្ទាល់ដៃ។ ពេលនោះ ពូទើបនឹងមានអាយុ ២៦ ឆ្នាំតែប៉ុណ្ណោះ។ នេះគឺជារឿងប្រវត្តិដែលទាក់ទងនឹង ៣៩ ឆ្នាំមុន ដែលជាថ្ងៃបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា។ ពេលនោះ យើងកំពុងតែតាមដាននូវព្រឹត្តិការណ៍ទាំងឡាយ ដែលកងទ័ពរបស់យើង គឺបានកំពុងធ្វើសកម្មភាពវាយលុកចូលផ្ទៃក្នុងប្រទេស។
២ ធ្នូ ១៩៨៧ នៃជំនួបចរចារវាង សីហនុ-ហ៊ុន សែន ហ្វែរអង់តាដឺន័រ
ឯ ២ ធ្នូមួយទៀត ប្រហែលជានៅលើវេទិកានេះ មានឯកឧត្តមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ នៅជាមួយខ្ញុំ។ ឆ្នាំនេះ គឺជាខួបលើកទី ៣០ នៃជំនួបចរចារវាង សីហនុ-ហ៊ុន សែន ដែលគេហៅកាត់ថា សីហនុ-ហ៊ុន សែន ហ្វែរអង់តាដឺន័រ ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ១៩៨៧។ ខ្ញុំនៅចាំបានថា ការចរចាគឺថ្ងៃទី ២ ថ្ងៃទី ៣ គឺចុះហត្ថលេខានៅហ្វែរអង់តាដឺន័រ។ រួចហើយប្រមាណជាថ្ងៃទី ៥ យើងធ្វើដំណើរចេញមកមូស្គូ។ ពេលនោះយើងបាត់ខោអាវ ដោយគេផ្ញើច្រឡំមកសាំងហ្គាពួរ។ អញ្ចឹងទេ ការធ្វើដំណើរពីប៉ារីសដល់មូស្គូ ពីមូស្គូមកដល់ភ្នំពេញ គឺខោអាវតែមួយកំប្លេទេ។ អញ្ចឹងទេ ប្រហែលជាកន្លះខែក្រោយ បានយើងរកឃើញនូវខោអាវរបស់យើងវិញ។ ខោអាវនោះក៏ត្រូវបានសម្លាប់មេរោគ ដោយយើងក៏មានកង្វល់អំពីបញ្ហាសុខមាលភាពរបស់យើង តើសម្លៀកបំពាក់របស់យើង ត្រូវបានគេដាក់ថ្នាំអ្វីនៅទីនោះ? ដូច្នោះ បានជាពេលនោះ វេជ្ជបណ្ឌិតជាច្រើនដែលការពារសុខភាពរបស់យើង ក៏យកសម្លៀកបំពាក់នោះទៅស្ងោរ ចៀន អាំង ដើម្បីអោយអស់មេរោគ ព្រោះយើងមិនដឹងថា វ៉ាលីសរបស់យើងត្រូវគេបើក ដាក់មេរោគអ្វីចូលទៅក្នុងខោអាវទាំងនោះ។ នេះគឺជាការប្រុងប្រយ័ត្នអំពីបញ្ហាសុខភាពរបស់យើងម្នាក់ៗ។
២ ធ្នូនោះ គឺជា ២ ធ្នូ ដើម្បីចរចាស្វែងរកដំណោះស្រាយបញ្ហាកម្ពុជា គឺស្វែងរកសន្ដិភាពសម្រាប់ប្រជាជាតិរបស់យើង ហើយក៏សម្រាប់ក្មួយៗនៅពេលនេះ។ ពេលនោះ ពូស្ថិតនៅម្ខាងនៅសមរភូមិផង ដើម្បីសួរសុខទុក្ខកងទ័ព និងដោះស្រាយបញ្ហាលំបាករបស់ប្រជាជន ក៏ដូចជាកងទ័ពនៅឯសមរភូមិ។ ឯម្ខាងទៀត គឺត្រូវស្វះស្វែងដើម្បីដំណើរការចរចាស្វែងរកដំណោះស្រាយ ដោយសន្ដិវិធីលើបញ្ហាកម្ពុជា កុំអោយកម្ពុជាមានចម្បាំងរាំងជល់បន្តទៀត។
២ ធ្នូ នៃការដាក់ចេញនូវយុទ្ធសាស្រ្តត្រីកោណនៅឆ្នាំ ១៩៩៨
ឯ ២ ធ្នូមួយទៀត គឺជា ២ ធ្នូ នៃការដាក់ចេញនូវយុទ្ធសាស្រ្តត្រីកោណនៅឆ្នាំ ១៩៩៨។ បើគិតរហូតមកដល់ពេលនេះ យុទ្ធសាស្រ្តត្រីកោណរបស់យើងមានអាយុកាល ១៩ ឆ្នាំ។ ១៩ ឆ្នាំមុន គឺជាការដាក់ចេញនូវយុទ្ធសាស្រ្តត្រីកោណនៅក្នុងការប្រជុំគណៈរដ្ឋមន្រ្តីលើកដំបូង បន្ទាប់ពីគណបក្សប្រជាជនឈ្នះឆ្នោត។ គណៈរដ្ឋមន្រ្តីមួយត្រូវបានបង្កើតឡើង ហើយការប្រជុំនៅថ្ងៃទី ២ ធ្នូ ១៩៩៨។ យុទ្ធសាស្រ្តត្រីកោណមានមុំបី៖ មុំទី ១ គឺការធ្វើសន្ដិភាវូបនីយកម្មនៅផ្ទៃក្នុងប្រទេស។ ដែលពេលនោះ ថ្នាក់ដឹកនាំរបស់យើងដែលមានសម្ដេចពិជ័យសេនា ទៀ បាញ់ និងថ្នាក់ដឹកនាំកងទ័ពដទៃទៀត បានខិតខំយ៉ាងខ្លាំង ដើម្បីបញ្ចប់នូវដំណាក់កាលចុងក្រោយ សម្រេចទាំងស្រុងនូវការមកដល់ផ្ទះពូនៅពេលនោះនៃមេដឹកនាំជាន់ខ្ពស់បំផុតរបស់ខ្មែរក្រហម រួមមាន៖ ខៀវ សំផន, នួន ជា និងថ្នាក់ដឹកនាំដទៃទៀត។
ការធ្វើសន្ដិភាវូបនីយកម្មនេះ មិនមែនគ្រាន់តែជាការចាប់ផ្ដើម នេះជាដំណាក់កាលចុងក្រោយ ដែលយើងត្រូវធ្វើ ព្រោះនៅពេលនោះ ក៏មាននៅសេសសល់កងទ័ពរបស់ខ្មែរក្រហមខ្លះដែរ បន្ទាប់ពីការធ្វើសមាហរណកម្មនៅតំបន់ឱរ៉ាល់ ដោយដឹកនាំដោយ កែវ ពង្ស ការធ្វើសមាហរណកម្មនៅតំបន់ប៉ៃលិន ម៉ាឡៃ និងតំបន់ដទៃទៀត ដែលដឹកនាំដោយ អ៊ី ឈាន និង សុខ ភាព។ យើងបន្តធ្វើសមាហរណកម្មនៅឯអន្លង់វែងនៅដើមឆ្នាំ ១៩៩៨ ក៏ប៉ុន្តែប្រទេសរបស់យើងមិនទាន់មានសន្ដិភាពពេញលេញទេ ដែលតម្រូវអោយខ្លួនខ្ញុំផ្ទាល់ដាក់ចេញនូវយុទ្ធសាស្រ្តត្រីកោណនេះ ដើម្បីបញ្ចប់ទាំងស្រុងនូវសង្រ្គាមនេះ នាំមកនូវការឯកភាពជាតិ ឯកភាពទឹកដីជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្ត។
ឯមុំទី ២ នៃយុទ្ធសាស្រ្តត្រីកោណរបស់យើងនៅក្នុងដំណាក់កាលនោះ គឺការធ្វើសមាហរណកម្មឆាប់បំផុតទៅក្នុងសហគមន៍អន្តរជាតិ។ ដែលក្នុងហ្នឹង ក្នុងអាណត្តិនោះ យើងទទួលជោគជ័យ ការកាន់កាប់ឡើងវិញនូវអាសនៈកម្ពុជាទាំងអស់នៅឯអង្គការពិភពលោក ដែលអាសនៈអស់ទាំងនេះ ត្រូវបានដណ្ដើមប្រញាយគ្នាតាំងពីឆ្នាំ ១៩៧០ បន្ទាប់ពីរដ្ឋប្រហារទំលាក់សម្ដេចព្រះនរោត្តម សីហនុ។ គ្រាន់តែកៅអីនៅអង្គការសហប្រជាជាតិ ក៏ជួបការលំបាកណាស់ទៅហើយ។
សភាពការណ៍ឆ្នាំ ១៩៩៧ កៅអីនៅអង្គការសហប្រជាជាតិ ត្រូវរង្គោះរង្គើ។ យើងត្រូវប្រញាប់ប្រញាល់កាន់កាប់កៅអីនេះត្រឡប់មកវិញ។ យើងត្រូវប្រឹងប្រែងចូលក្នុងក្របខណ្ឌអាស៊ាន ចូលក្នុងក្របខណ្ឌអាស៊ីអឺរ៉ុប និងចូលបណ្ដាអង្គការអន្តរជាតិដទៃទៀត រាប់ទាំងជោគជ័យរបស់យើង ដែលដឹកនាំដោយឯកឧត្តមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ដែលរដ្ឋមន្រ្តីពាណិជ្ជកម្មពេលនោះ ចរចាចូលអង្គការពាណិជ្ជកម្មពិភពលោក។ តាមរយៈនោះហើយ ដែលជាឱកាសសម្រាប់កម្ពុជានៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ខ្លួន។ នេះជាយុទ្ធសាស្រ្តមួយនៅក្នុងចំណោមយុទ្ធសាស្រ្តបី គឺបានសេចក្ដីថា មុំមួយនៅក្នុងមុំបី។ ផ្ទៃក្នុងត្រូវធ្វើសន្ដិភាវូបនីយកម្ម គឹបានសេចក្ដីថា សន្ដិភាពទាំងអស់ ឯខាងក្រៅត្រូវធ្វើសមាហរណកម្មឆាប់បំផុតនៅក្នុងវេទិកាតំបន់ និងអន្តរជាតិ។
ឯមុំទី ៣ ផ្អែកលើកត្តាអនុគ្រោះនៃសភាពការណ៍ផ្ទៃក្នុង និងសភាពការណ៍អន្តរជាតិ។ កត្តាទី ១ និងកត្តាទី ២ ដែលរួមមានបញ្ហាផ្ទៃក្នុង និងបញ្ហាអន្តរជាតិ យើងត្រូវប្រមូលផ្ដុំការខិតខំទាំងអស់ ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ តើនេះ វាជាចក្ខុវិស័យមួយឬមិនមែន? មិនមែនជាការដឹកនាំដោយចៃដន្យទេ។ ពិតណាស់ ក្មួយៗអាចយល់ អាចដឹងតាមរយៈអ្វីដែលជាជីវភាពផ្ទាល់របស់ជីដូនជីតា ដែលជាជីវភាពផ្ទាល់របស់ឪពុកម្តាយ ហើយមកដល់ពេល នេះជាជីវភាពផ្ទាល់របស់ក្មួយៗតែម្តង។ មុននឹងឈានមកដល់ដំណាក់កាលយុទ្ធសាស្ត្រចតុកោណ យើងមានជោគជ័យនៃយុទ្ធសាស្ត្រត្រីកោណរួចស្រេច ទាំងផ្ទៃក្នុង ទាំងផ្នែកអន្តរជាតិ និងការប្រមូលផ្តុំការខិតខំទាំងអស់ ដើម្បីឧទ្ទិសចំពោះការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។
អ្វីៗដែលមានសព្វថ្ងៃ បានមកពី ២ ធ្នូ ទាំង ៣ នេះ
ចំណុចនេះគឺជាចំណុចដែលក្មួយៗអាចមើលឃើញអំពីការខិតខំ មិនមែនមួយថ្ងៃ ឬមួយពេល ឬមួយឆ្នាំ ត្រឹមតែការស្រែកទេ ប៉ុន្តែនេះជាសកម្មភាពជាក់ស្តែងដែលក្មួយៗបាន និងកំពុងទទួលផលសព្វថ្ងៃនេះ។ ក្មួយៗ ត្រូវយល់ឲ្យបានច្បាស់ថា ប្រទេសរបស់យើងកំសត់ណាស់ វេទនាណាស់ មុននឹងឈានមកដល់សព្វថ្ងៃនេះ។ ក្មួយៗមិនចាំបាច់ជឿពូទេ ប្រសិនបើចាំបាច់ ក្មួយៗលួចសួរចំពោះឪពុកម្តាយ លួចសួរជីដូនជីតា និងអ្នកចាស់ទុំ តើពួកគាត់ជួបប្រទះនូវស្ថានភាពយ៉ាងណាខ្លះ? មិនមែនគ្រាន់តែមានការងារធ្វើទេអត់ការងារធ្វើហើយ ត្រូវរត់លូនចោលដីស្រែចំការ រោងចក្រត្រូវបានបំផ្លាញក្នុងសម័យសង្គ្រាម និងរបបប្រល័យពូជសាសន៍។ ប្រជាជនត្រូវដកហូតកម្មសិទ្ធិទាំងអស់ កុំថាឡើយការទាមទារនូវប្រាក់ខែដ៏ខ្ពស់មួយនោះ ត្រឹមតែទាមទារស៊ីតែមួយរស់ក៏មិនបានផង។
នេះជាសោកនាដកម្មដែលក្មួយៗត្រូវមើលឲ្យឃើញអំពីការឆ្លងកាត់ដ៏លំបាក មិនមែនគ្រាន់តែជាបញ្ហាពូដាច់ដោយឡែកទេ ក៏ប៉ុន្តែវាជាបញ្ហារបស់ជីដូនជីតា វាជាបញ្ហារបស់ឪពុកម្តាយរបស់ក្មួយៗ ដែលខិតខំរួមចំណែកកសាងប្រទេសពីបាតដៃទទេ ពីភាពខ្ទេចខ្ទាំ។ កម្មសិទ្ធិសមរម្យគឺស្បោងមួយតូច នៅក្នុងដំណាក់កាលនៃរបប ប៉ុល ពត តើមានអ្វីខ្លះទៅបន្ទាប់ពីការបាយរួមនៅកន្លែងសហករ។ ជីដូនជីតា ឪពុកម្តាយ របស់ក្មួយៗលំបាកណាស់ ប៉ុន្តែ ថ្ងៃនេះអ្វីដែលក្មួយៗបាន និងកំពុងមាន គឺបានមកពីការខិតខំរបស់អ្នកជំនាន់មុន គឺអ្នកជំនាន់ ២ ធ្នូនោះឯង។ វាមាន ២ ធ្នូ បង្កើតរណសិរ្ស ដើម្បីផ្តួលរំលំរបបប៉ុលពត។ ២ ធ្នូ ៣០ ឆ្នាំមុន ចរចារកដំណោះស្រាយ និង ២ ធ្នូ ១៩ ឆ្នាំមុន ដើម្បីដាក់ចេញនូវយុទ្ធសាស្ត្រត្រីកោណ ដើម្បីនាំមកនូវស្ថានភាពនៅថ្ងៃនេះ។ មិនមែនជាការអួតក្អេងក្អាង ឬក៏ការអំពាវនាវ តាមរយៈការឃោសនាណាមួយទេ ក៏ប៉ុន្តែយើងបានធ្វើសកម្មភាពជាក់ស្តែង។ ដូច្នេះហើយ បានជាពូមានអារម្មណ៍ថា នៅពេលដែលក្មួយៗបានបង្ហាញនូវភាពស្និទ្ធស្នាលចំពោះពូ ពូពិតជាមានអារម្មណ៍ថា ក្មួយៗបានយល់ដឹងអំពីបញ្ហានេះ នូវទង្វើជាក់ស្តែងដែលពូបាន និងកំពុងធ្វើរយៈពេលកន្លងទៅ។
ខិតខំធ្វើកិច្ចការទាំងឡាយសម្រួលដល់ពលករចំណាកស្រុក
ថ្ងៃនេះខ្ញុំមានការចាំបាច់ ដើម្បីដោយសារតែមានបញ្ហាជនជាតិរបស់យើង ដែលកំពុងរស់នៅសហរដ្ឋអាមេរិក។ ខ្ញុំចង់និយាយបញ្ហានេះបន្តិច អម្បាញ់មិញ ខ្ញុំបានហៅទូរស័ព្ទពិគ្រោះជាមួយនឹងសម្តេចក្រឡាហោម ស ខេង។ ជនជាតិខ្មែរយើងបានទៅរស់នៅក្រៅប្រទេសច្រើនណាស់ ប៉ុន្តែ មានពលរដ្ឋកម្ពុជារបស់យើងក៏បានធ្វើការនៅក្រៅប្រទេស។ ម្សិលមិញ ខ្ញុំបានជួបជាមួយអគ្គរដ្ឋទូតរបស់សាធារណរដ្ឋកូរ៉េ នៅកូរ៉េមានព័ត៌មានល្អ ដែលគេបានចាត់ទុកថា កម្មករ/ការិនីរបស់កម្ពុជាមានស្តង់ដាខ្ពស់ណាស់ មានកម្រិតវិន័យខ្ពស់ណាស់ មានវិជ្ជាជីវៈខ្ពស់ណាស់។ ដូច្នេះ ឆ្នាំក្រោយនេះ ភាគីកូរ៉េនឹងពិគ្រោះយោបល់ជាមួយភាគីកម្ពុជា។ ឯកឧត្តម អ៊ិត សំហេង ត្រូវធ្វើកិច្ចការងារនេះ ដើម្បីបង្កើនកូតាដើម្បីយកពលកររបស់យើងទៅធ្វើការនៅកូរ៉េ។ នៅឯប្រទេសថៃ យើងកំពុងខិតខំនឹងធ្វើកិច្ចការទាំងឡាយ ទាក់ទិនជាមួយនឹងកម្មកររបស់យើងដែលរស់នៅទីនោះ។ អ្នកដែលស្របច្បាប់ ហើយប្រឹងប្រែងធ្វើការជាមួយនឹងភាគីថៃ ដើម្បីឲ្យពួកគាត់បានទទួលអត្ថប្រយោជន៍ដូចជាកម្មកររបស់ថៃ។
ឯអ្នកមិនទាន់ស្របច្បាប់ យើងខិតខំធ្វើការដើម្បីឲ្យពួកគេមានស្ថានភាពស្របច្បាប់ និងទទួលបានអត្ថប្រយោជន៍ពីការខិតខំប្រឹងប្រែង នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃ។ នៅម៉ាឡេស៊ីក៏ដូចគ្នា។ ឯនៅជប៉ុន យើងត្រូវបញ្ជូនជនជាតិកម្ពុជារបស់យើងទៅធ្វើការនៅទីនោះ ហើយនេះសុទ្ធមិនមែនគ្រាន់តែជាបញ្ហាថាយើងទៅធ្វើខ្ញុំគេទេ ប៉ុន្តែ ពិភពលោកបច្ចុប្បន្នគឺជាពិភពលោកដែលធ្វើសមាហរណកម្ម។ អាស៊ានបានចេញសេចក្តីថ្លែងការណ៍ ពាក់ព័ន្ធជាមួយនឹងការការពារនូវពលករចំណាកស្រុក។
កម្ពុជានឹងទទួលយកបងប្អូនដែលជាប់គុកនៅអាមេរិក និងអ្នកដែលទៅរស់នៅក្រោយឆ្នាំ ១៩៩៤
ប៉ុន្តែ ទន្ទឹមនឹងយើងបញ្ជូនពលកររបស់យើងទៅធ្វើការនៅក្រៅប្រទេស ទន្ទឹមនឹងយើងធ្វើការបញ្ជូននិស្សិតរបស់យើងទៅសិក្សានៅក្រៅប្រទេសកាន់តែច្រើនទៅៗ យើងមានរឿង ដែលអកុសល ប៉ុន្តែយើងត្រូវតែទទួលក្នុងឋានៈយើងជាជនជាតិកម្ពុជា ពីសហរដ្ឋអាមេរិក។ ចំនួនជាង ៦០០ នាក់ហើយ ដែលបានបញ្ជូនត្រឡប់មកកម្ពុជាវិញ។ យើងមានកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក។ កិច្ចព្រមព្រៀងនេះ យើងបន្តអនុវត្ត។ ពិតមែនហើយសម្រាប់យើង យើងបានគិតគូរអំពីបញ្ហាទាក់ទងជាមួយនឹងមនុស្សធម៌ ទាក់ទងជាមួយនឹងសិទ្ធិមនុស្ស ប៉ុន្តែយើងក៏មិនទាន់មានការកែប្រែណាមួយពី (ការ)មិនព្រមអនុវត្តនូវកិច្ចព្រមព្រៀងនោះទេ។ យើងបានធ្វើសំភាសន៍ជាមួយបងប្អូនជនភៀសខ្លួន បងប្អូនមួយចំនួនដែលជាប់ទោសនៅអាមេរិក ត្រូវអាមេរិកបញ្ជូនចេញមកហើយ។ យើងបានធ្វើសំភាសន៍មួយចំនួន ឯមួយចំនួនកំពុងមានជំងឺ។ យើងស្នើសុំឲ្យរដ្ឋបាលរបស់អាមេរិកជួយព្យាបាលឲ្យជាសិន ចាំវិលត្រឡប់មកកម្ពុជា។ ប៉ុន្តែឥឡូវនេះ ខាងភាគីអាមេរិកក៏បានស្នើសុំឲ្យយើងទទួលយកជនជាតិកម្ពុជាដែលបានទៅរស់នៅអាមេរិក នៅក្រោយឆ្នាំ ១៩៩៤ ថែមទៀត។
ខ្ញុំនិយាយអំពីស្ថានភាពមុន។ ចង់និយាយអំពីជនជាតិកម្ពុជា យើងដែលបានភៀសខ្លួនទៅអាមេរិក ឬក៏ស្នាក់នៅអាមេរិក នៅក្នុងរយៈកាលទសវត្សរ៍ ៧០ ឬទសវត្សរ៍ ៨០ ដែលរត់ភៀសខ្លួនទៅអាមេរិក នៅពេលដែលជាប់ទោសហើយនោះ គឺពួកគេត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញ។ ប៉ុន្តែក៏មានជនជាតិកម្ពុជាយើងបានទៅរស់នៅសហរដ្ឋអាមេរិកនៅក្នុងក្រោយឆ្នាំ ១៩៩៤ ឥឡូវអាមេរិកចង់បញ្ជូនអ្នកទាំងនេះត្រឡប់មកវិញ។ ខ្ញុំបានប្រាប់សម្តេចក្រឡាហោម ស ខេង ថា យើងត្រូវពិចារណា ហើយអាចទៅដល់កិច្ចព្រមព្រៀងមួយជាមួយសហរដ្ឋអាមេរិក ដើម្បីទទួលយកបងប្អូនរបស់យើងមកកាន់មាតុប្រទេសវិញ។ សូមផ្តាំបងប្អូនដែលរស់នៅអាមេរិក ហើយបងប្អូនដែលមិនទាន់ទៅនៅអាមេរិក សូមកុំប្រថុយប្រថានជាមួយនឹងដំណើរដ៏គ្រោះថ្នាក់ដែលទៅរស់នៅសហរដ្ឋអាមេរិក។
មុននេះមានមួយចំនួនទៅរស់នៅតាមទូក ទៅតាមទូក ទៅអូស្ត្រាលី ក៏ត្រូវគេចាប់បញ្ជូនមកវិញ ឬអូស្ត្រាលីឲ្យទៅ។ ប៉ុន្តែអូស្ត្រាលីឥឡូវនេះបានមានកិច្ចព្រមព្រៀងជា មួយកម្ពុជា ឲ្យកម្ពុជាជួយទទួលយកជនភៀសខ្លួននៅ Papua New Guinea។ ឥឡូវហ្នឹងគឺរដ្ឋាភិបាលអូស្ត្រាលីកំពុងបង្ខំបិទជំរុំនៅ Papua New Guinea។ ថ្ងៃមុន នៅពេលស៊ីបាយជាមួយគ្នា នាយករដ្ឋមន្ត្រីអូស្ត្រាលី (Malcolm) Turnbull ខ្ញុំបានសួរគាត់ថា តើយើងបន្តនូវកិច្ចព្រមព្រៀងអំពីការដែលកម្ពុជាទទួលយកជនភៀសខ្លួនមកកាន់កម្ពុជាទេ? គាត់បាននិយាយថា បញ្ហាសំខាន់គ្មានអ្នកណាចង់មកនៅកម្ពុជា។ វាត្រូវហើយ គេចង់មកនៅអូស្រ្តាលី ហើយឲ្យមកនៅកម្ពុជាម៉េច។ អាហ្នឹងត្រូវ។ ប៉ុន្តែកម្ពុជាបានបង្ហាញកាយវិការ ហើយក៏បានទទួលយកជនភៀសខ្លួនមួយចំនួនមកកាន់កម្ពុជា។ គាត់បាននិយាយថា បក្សប្រឆាំងរបស់គាត់បាននិយាយថា នៅពេលដែលគេឈ្នះ នៅពេលខាងមុខ គឺអ្នកទាំងនេះនឹងត្រូវអនុញ្ញាតឲ្យទៅនៅអូស្ត្រាលី(វិញ)។
ដូច្នេះ ចំណុចនេះហើយ គឺជាចំណុចដែលយើងត្រូវឃើញ។ យើងក៏ត្រូវគិតមួយជំហានមុនថា ប្រសិនបើសហរដ្ឋអាមេរិកបណ្តេញប្រជាជនរបស់យើងមកកាន់កម្ពុជាវិញ តើយើងទទួលឬមិនទទួល? ក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមប្រកាសទទួលយកបងប្អូនត្រឡប់មកកាន់កម្ពុជាវិញ មិនឲ្យគេធ្វើបាបនោះទេ។ អញ្ចឹងក្រសួងមហាផ្ទៃ និងក្រសួងការបរទេសកម្ពុជា អាចនឹងចាប់ផ្តើមធ្វើការចរចាជាមួយនឹងសហរដ្ឋអាមេរិក។ ប៉ុន្តែ ការចរចានោះ អាមេរិកក៏ត្រូវយល់ដឹងអំពីការលំបាករបស់កម្ពុជាដែរ នៅត្រង់ថា កម្ពុជាគ្មានសំបុត្រយន្តហោះឲ្យជិះទេ។ បើចង់បញ្ជូនមក គឺកម្ពុជាអាចទទួលនៅនឹង(ព្រលាន)ពោធិ៍ចិនតុង ប៉ុន្តែអាមេរិកក៏ត្រូវធានាថា ពលរដ្ឋកម្ពុជាដែលត្រូវបញ្ជូនត្រឡប់មកវិញ ត្រូវឲ្យគេមានប្រាក់ទទួលទាន ប្រាក់ចិញ្ចឹមស្អី ប៉ុន្មានខែ ឬមួយឆ្នាំស្អីផង។
នេះជាកាយវិការរបស់រាជរដ្ឋាភិបាលដែលនឹកគិតទៅដល់ជនជាតិរបស់ខ្លួន ដែលរស់នៅមិនស្របច្បាប់នៅក្នុងប្រទេសដទៃ។ នេះជាសេរីភាពរបស់បងប្អូនទេ ប៉ុន្តែសេរីភាពនោះមិនអាចទៅបំពានច្បាប់របស់ប្រទេសមួយបានទេ។ នៅសហរដ្ឋអាមេរិក (មាន)បញ្ហាអន្តោប្រវេសន៍។ ឥឡូវ សហរដ្ឋអាមេរិកកំពុងតែដកខ្លួនចេញទៀត ពីអង្គការអន្តោប្រវេសន៍អន្តរជាតិ។ ដូច្នេះយើងត្រូវយល់អំពីនយោបាយរបស់រដ្ឋាភិបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំម៍ យើងក៏ត្រូវគិតអំពីប្រជាពលរដ្ឋរបស់យើងដែលអាចនឹងទទួលការរងគ្រោះ(ពីការ)ត្រូវចាប់បញ្ជូនចេញ។ យើងក៏ត្រូវត្រៀមខ្លួននឹងទទួលយកនូវបងប្អូនទាំងនោះត្រឡប់មកកម្ពុជាវិញ។ សូមឲ្យក្រសួងមហាផ្ទៃ និងក្រសួងការបរទេស និងផ្នែកពាក់ព័ន្ធធ្វើការសិក្សា និងពិភាក្សាជាមួយនឹងសហរដ្ឋអាមេរិក ដើម្បីធានាថា អ្នកទាំងនោះមិនត្រូវបញ្ជូនទៅកាន់តំបន់កោះ ដាក់នៅលើកោះនេះ កោះនោះ ដូចដែលប្រជាពលរដ្ឋមួយចំនួន នៅប្រទេសដទៃទេ ទៅនៅកោះដែលមិនស្របច្បាប់ នៅក្នុងជំរុំ Papua New Guinea។ ខ្ញុំមិនចង់ឲ្យជនជាតិកម្ពុជារបស់យើងមានជោគវាសនាដូចជាប្រជាជននៅប្រទេសមួយចំនួន ដែលត្រូវទៅនៅលើកោះ Papua New Guinea ហើយត្រូវគេបិទជំរុំបណ្តេញចេញថែមទៀត។ ហើយបណ្តេញចេញថា គេត្រូវហែលទឹកត្រឡប់ទៅប្រទេស ឬយ៉ាងម៉េច? ប៉ុន្តែសម្រាប់ជនជាតិកម្ពុជា យើងមានការទទួលខុសត្រូវចំពោះជនជាតិរបស់យើង។
នេះគឺជាសារដែលខ្ញុំចង់បញ្ជាក់ ទី១ ថាយើងបញ្ជូននិស្សិតកាន់តែច្រើនទៅៗ ជាមួយនឹងពលករកាន់តែច្រើនទៅៗ ដើម្បីរកការងារធ្វើ និងបង្កើនការចេះដឹង យកជំនាញនោះត្រឡប់មកប្រទេស។ មួយផ្នែកទៀត ប្រជាជនយើងដែលទៅក្រៅមិនស្របច្បាប់ យើងខិតខំធ្វើការឲ្យស្របច្បាប់ ប៉ុន្តែសម្រាប់សហរដ្ឋអាមេរិកគឺអាចនឹងបណ្តេញបងប្អូនខ្មែរយើងដែលទៅរស់នៅក្រោយឆ្នាំ ១៩៩៤ ដែលអគ្គរដ្ឋទូតសហរដ្ឋអាមេរិកបានលើកជាមួយនឹងសម្តេចក្រឡាហោម ស ខេង ហើយបានរាយការណ៍មកឲ្យខ្ញុំ។ ខ្ញុំគិតថា បើយើងបណ្តែតបណ្តោយ ប្រជាជនរបស់យើង ខ្ញុំគិតថា គេអាចយកទៅដាក់នៅកោះនេះ កោះនោះ ឬបញ្ជូនចេញទៅប្រទេសផ្សេងវាមិនល្អទេ។ អញ្ចឹងទេ ជាការល្អ ដែលយើងត្រូវត្រៀមមួយជំហានមុន។ សង្ឃឹមថា ស្ថានទូតសហរដ្ឋអាមេរិកនឹងបញ្ជូនសារនេះទៅកាន់ទីក្រុងវ៉ាស៊ីនតោន ស្តីពីការបន្ត ទី ១ បន្តអនុវត្តនូវកិច្ចព្រមព្រៀងដែលមានរួចមកហើយ ដែលកម្ពុជាទទួលយកនូវបងប្អូនខ្មែរដែលជាប់គុកនៅអាមេរិក ហើយត្រូវបញ្ជូនត្រឡប់មកវិញ។ យើងនឹងបន្តទទួលតាមកិច្ចព្រមព្រៀងនោះដដែល។
ទី ២ អ្នកដែលទៅរស់នៅក្រោយឆ្នាំ ១៩៩៤ យើងត្រៀម ខ្លួនទទួលយកបងប្អូនទាំងនោះ ត្រូវធ្វើការចរចាគ្នា (អំពី)ការដឹកជញ្ជូនត្រឡប់មកវិញ ការចិញ្ចឹមប៉ុន្មានខែដំបូង រាជរដ្ឋាភិបាលកម្ពុជាគឺមានការលំបាកក្នុងការចិញ្ចឹមបងប្អូនទាំងនេះ មានចំណែកទទួលខុសត្រូវ ក៏ប៉ុន្តែសុំឲ្យសហរដ្ឋអាមេរិកពិចារណាផ្តល់ជំនួយឧបត្ថម្ភសម្រាប់អ្នកទាំងនេះ ដើម្បីពួកគេអាចកវែក កឆ្នាំង សាឡើងវិញ។ តាមរយៈនោះ យើងក៏អាចពិនិត្យពីលទ្ធភាពទាំងឡាយ ដើម្បីបង្កលក្ខណៈឲ្យបងប្អូនទាំងនោះ អាចធ្វើសមាហរណកម្មខ្លួន ចូលទៅក្រុមគ្រួសារវិញ ឬក៏ទៅមានកន្លែងដែលគេអាចស្នាក់អាស្រ័យបាន។
មានរបាយការណ៍ថា កម្ពុជារួចផុតពីភាពក្រីក្រ ត្រូវពិនិត្យមើលថាពិតប្រាកដឬទេ?
ឥឡូវវិលមកការងាររបស់យើង ក្មួយៗការងារដែលក្មួយៗមានសព្វថ្ងៃនេះ មិនមែនបានឡើងដោយសារការស្រែករបស់អ្នកណាមួយទេ តែបានមកពីការខិតខំរបស់ជីដូនជីតា របស់ឪពុកម្តាយរបស់ក្មួយៗ ដែលបានគាំ ទ្រគណបក្សប្រជាជន គាំទ្រចំពោះពូក្នុងការដឹកនាំប្រទេសរយៈពេលកន្លងទៅ។ ក្នុងវ័យ ២៥ ឆ្នាំ បានចាប់ ផ្តើមចលនាតស៊ូមួយ នៅក្នុងពេលនេះ ៣៩ ឆ្នាំមុន នៅក្នុងវ័យ ២៦ ឆ្នាំ ពូបាន និងកំពុងតាមដាននូវសភាពការណ៍ទាំងឡាយទាក់ទងនឹងការរំដោះប្រទេស ប៉ុន្តែ ៣៩ ឆ្នាំក្រោយ ពូមានឱកាសនឹងសំណេះសំណាលជាមួយក្មួយៗកម្មករ/ការិនី ដែលកំពុងទទួលបាននូវការងារធ្វើ និងប្រាក់ចំណូលកាន់តែច្រើន។ ខ្ញុំមិនទាន់ប្រាកដទេ ឲ្យឯកឧត្តម ចម ប្រសិទ្ធិ ស្រាវជ្រាវអម្បាញ់មិញ តើវាជារឿងពិតទេ? ព្រោះអញ្ចេះ ម្សិលមិញនៅស្ថានីយ៍ទូរទស្សន៍មួយ គឺទូរទស្សន៍ CNC ព្រឹកមិញខ្ញុំហៅទូរស័ព្ទទៅឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ប៉ុន្តែប្រហែលជាហៅព្រឹកពេក គាត់មិនបានលើកទូរស័ព្ទ ហើយខ្ញុំប្រើលេខថ្មីផង។ មានការផ្សាយថា ប្រភពរបស់ធនាគារពិភពលោក កម្ពុជាបានស្ថិតនៅក្នុងចំណោមប្រទេស ដែលរួចចាកពីភាពក្រីក្រ។ តើព័ត៌មាននេះ វាជាព័ត៌មានពិតឬទេ? ប្រសិនបើវាជាព័ត៌មានពិត វាជាការចំអកមួយចំពោះអ្នកដែលទៅបំផុសនៅខាងក្រៅថា កម្ពុជាកំពុងស្ថិតនៅក្នុងស្ថានភាពដែលប្រជាជនរកតែបាយច្រកឆ្នាំងមិនបាន។ជាការចំអកមួយម្យ៉ាង។
បើសិនកម្ពុជារួចផុតពីភាពក្រីក្រពិតប្រាកដមែន ក៏សូមកុំតម្លើងការប្រាក់លើកម្ពុជា
តែម្យ៉ាងទៀត ប្រហែលជាមិនទាន់ឆ្លុះបញ្ចាំងនូវការពិតប្រាកដ។ បើសិនវាជារឿងពិត ក៏ខ្ញុំសូមយកឱកាសនេះអំពាវនាវស្ថាប័នអន្តរជាតិនានា ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ដូចជា ធនាគារអភិវឌ្ឍន៍អាស៊ី ដូចជាធនាគារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដូចជាប្រទេសដែលឲ្យប្រាក់កម្ចីមកកាន់កម្ពុជា សុំកុំតម្លើងអត្រាការប្រាក់ឲ្យសោះ។ កម្ពុជាមិនទាន់ឆ្លងផុតពីស្ថានភាពលំបាកដែលត្រូវមានអត្រាការប្រាក់ពាណិជ្ជកម្មទេ។ កម្ពុជានៅបន្តស្នើសុំឲ្យមានអត្រាការប្រាក់សម្បទាន (ចំពោះទឹកប្រាក់)ដែលយើងខ្ចីពីគេ។ យើងមិនទាន់អាចមានលទ្ធភាពខ្ចីតាមរយៈអត្រាការប្រាក់ពាណិជ្ជកម្ម(ទេ) ព្រោះប្រទេសដែលរួចចាកផុតពីភាពក្រីក្រ គឺត្រូវទទួលនូវលក្ខខណ្ឌមួយផ្សេង។ អាជំនួយក៏បាត់ អាខ្ចីប្រាក់គេ ពីមុនការប្រាក់មួយភាគរយ វាទៅជាការប្រាក់ ៥ ភាគរយ។ អញ្ចឹងទេ អាហ្នឹងគេហៅថា សុំពិនិត្យមើលអាហ្នឹងបន្តិចមើល។ ទាក់ទងទៅ អូន ព័ន្ធមុន្នីរ័ត្នបន្តិចមើល ឬក៏ វង្សី វិសុទ្ធ។ តើវាជាព័ត៌មានពិត ឬអត់? …
លើកលែងអ្នកខ្លះគេថា វាមានដំណាក់កាលដែលគេនិយាយ ពេលខ្លះគេនិយាយ គេថាខ្មែរអត់បាយរហូតដល់ស្លាប់។ ដល់យើងសួរទៅ គាត់អាយុ ៨៦ ឆ្នាំហើយ។ អញ្ចឹងបានសេចក្តីថា មិនថាគេ ថាយើងទេ តែដល់ឈឺធ្ងន់ជិតងាប់ គឺវាត្រូវតែងាប់ហើយ អត់ស៊ីបាយទេ។ … នៅចាំបានទេ សេរី កុសល ពេលដែលយើងទៅជីកប្រឡាយនៅកំពង់ស្ពឺ។ អង្កាលហ្នឹង វិទ្យុអាស៊ីសេរីនេះ ថាខ្មែរអត់បាយ។ ដល់ឲ្យបញ្ជាក់ សួរបញ្ជាក់ថា ៨៦ ឆ្នាំ ហើយគាត់ឈឺយូរហើយ … ឥឡូវទូរទស្សន៍ផ្សាយអញ្ចឹង ដាក់រត់អក្សរក្នុង CNC ទៅទៀត។ តើវាច្បាស់ហើយឬនៅ? បើសិនជាវាមិនច្បាស់ គឺត្រូវបញ្ជាក់ឲ្យច្បាស់។ ព្រោះ(រឿង)នេះមានតែក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុទេ ដែលអាចយល់អំពីបញ្ហានេះ។ ប៉ុន្តែ បើទោះបីវាច្បាស់ ឬមិនច្បាស់ កម្ពុជាមិនស្ថិតក្នុងស្ថានភាពអត់អាហារដូចនៅសូម៉ាលី ម៉ាលី ស៊ូដង់ ឬដូចប្រជាជនរ៉ូហ៊ីនយ៉ា ភៀសខ្លួនទៅបង់ក្លាដេសនោះទេ។ អត់ទេ មិនស្ថិតក្នុងស្ថានភាពបែបនេះនោះទេ។
ការពារសន្តិភាព ការពារស្ថេរភាពនយោបាយ ធានាការអភិវឌ្ឍ ធានាស្ថេរភាព និងសុវត្ថិភាពការងារ
ឥឡូវ រយៈពេលកន្លងទៅនេះ ក្មួយៗទាំងឡាយបានដឹងជាបន្តបន្ទាប់រួចមកហើយ ពូគិតថាគ្រាន់តែជាការរំលឹកប៉ុណ្ណោះ។ អ្វីដែលមានក្នុងដៃរួចមក ហើយត្រូវការពារវាឲ្យបាន។ ដើម្បីការពារវាឲ្យបាន កិច្ចការដំបូងបំផុត ត្រូវការពារសន្តិភាព ការពារស្ថេរភាពនយោបាយ ដើម្បីធានាការអភិវឌ្ឍប្រទេសជាតិរបស់យើង ដើម្បីធានា នូវស្ថេរភាពការងារ និងសុវត្ថិភាពការងារ របស់ក្មួយៗនៅតាមរោងចក្រសហគ្រាសនានា។ កិច្ចការនេះ ក្មួយៗប្រជាជនទាំងអស់ត្រូវមានចំណែកការពារនូវសន្តិភាពនេះ។
បើកងទ័ពបះបោរ សង្រ្គាមនឹងផ្ទុះ បាត់បង់ ការងារ លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍ
ម្សិលមិញ មានការប្រកាសសង្គ្រាមពីជនក្បត់ជាតិ ដែលជាការក្បត់ជាតិតជំនាន់។ ឪពុកក៏ក្បត់ជាតិ ដែលសម្តេចព្រះបិតាជាតិព្រះអង្គទ្រាំមិនបាន ហើយទីចុងបំផុតជនក្បត់ជាតិនេះក៏ត្រូវស្លាប់តៃហោង។ ឥឡូវ មកដល់កូនក៏បង្កើតឲ្យមានរឿងក្បត់ជាតិនេះបន្តទៀត។ អំពាវនាវឲ្យកងទ័ពធ្វើការបះបោរ។ បើសិនជាកងទ័ពបះបោរ សួរថាអ្វីនឹងកើតឡើង? សុំផ្តាំទៅជនក្បត់ជាតិឯងថា អ្នកឯងស្គាល់សភាពការណ៍កម្ពុជាតិចពេកហើយ។ អ្នកស្គាល់កម្លាំងប្រដាប់អាវុធនៅកម្ពុជាតិចពេកហើយ ហើយអ្នកស្គាល់ប្រជាជនកម្ពុជាតិចពេកហើយ។ ប្រជាជនកម្ពុជាបើទោះបីនៅលំបាក ប៉ុន្តែប្រជាជាតិមួយនេះស្រលាញ់សន្តិភាព មិនលុះដោយអំពើញុះញង់អកុសលរបស់អ្នកទេ។ ឥឡូវ សាកល្បងគិតមើល ប្រសិនបើមានការបះបោរដោយកងទ័ពណាមួយ សង្គ្រាមវានឹងផ្ទុះ តើអ្នកទាំងអស់គ្នាបានទទួលផលអ្វីទៀត។ ខ្ញុំគ្រាន់តែបញ្ជាក់ថា ការងារ ឬលទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍ វាមិនចាប់(កំណើត)ក្នុងផ្ទៃនៃសង្គ្រាមទេ។ វាចាប់តែក្នុងផ្ទៃ ដែលមានសន្តិភាពតែប៉ុណ្ណោះ។ សុំមើលអតីតកាលរបស់យើង ជីដូនជីតា ជីទួតរបស់ក្មួយៗ ឪពុកម្តាយរបស់ក្មួយៗបានឆ្លងកាត់របៀបណា? វេទនាណាស់ ទម្រាំមានឱកាសដូចសព្វថ្ងៃនេះ។ អញ្ចឹងទេ រក្សាសន្តិភាពបាន ទើបរក្សានូវការងាររបស់យើងបាន រក្សាស្ថេរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់សង្គមបាន ទើបរក្សាបាននូវសុវត្ថិភាពការងារ ដែលក្មួយៗបានមាន។
រក្សានូវសុខដុមបនីយកម្មក្នុងរោងចក្រ
ហើយក៏មិនត្រូវ ឲ្យកើតមានបងតូច បងធំ នៅតាមរោងចក្រ មានជើងកាងនៅតាមរោងចក្រ ហើយមានក្រុមគ្រឿងញៀននៅតាមរោងចក្រ។ សុំក្មួយៗខិតខំបន្តរួមចំណែក ដើម្បីធ្វើឲ្យមានសុវត្ថិភាពនៅក្នុងរោងចក្រ។ ការធ្វើសុខដុមបនីយកម្មរវាងម្ចាស់រោងចក្រ ជាមួយនឹងអ្នកគ្រប់គ្រងគ្រប់កម្រិត ដែលនៅទីនេះ មានជាង ១០០ នាក់ ហើយបានទៅជួបជាមួយពូ រដ្ឋបាល ជំនួយការ ប្រធានផ្នែក ប្រធានក្រុម វាជាផ្នែកមួយនៃការសុខសាន្តនៅក្នុងចំណោមរោងចក្រ ដែលយើងបាន និងកំពុងធ្វើការ។ សង្ឃឹមថាក្មួយៗនឹងបន្តការចូលរួមចំណែក។
ញុះញង់ឲ្យកងទ័ពបះបោរ ជាទោសក្បត់ជាតិ
ថ្ងៃនេះ ខ្ញុំដឹងថា អគ្គបញ្ជាការកងទ័ពកម្ពុជា កងយោធពលខេមរភូមិន្ទ រួមនឹងនាយទាហានដទៃទៀត នឹងដាក់ពាក្យបណ្តឹងទៅកាន់តុលាការ ព្រោះនេះជាបទល្មើសក្បត់ជាតិ ជាបទល្មើសញុះញង់ឲ្យកងទ័ពមិនគោរពបទបញ្ជា។ ប៉ុន្តែ សុំផ្តាំទៅអ្នកឲ្យបានជ្រាបថា នេះហើយដែលខ្ញុំតែងនិយាយថា កម្ពុជានឹងមានសង្គ្រាម។ ឥឡូវវាកាន់តែច្បាស់ហើយ អ្វីដែលយើងបានចាត់វិធានការណ៍កន្លងទៅ គឺដើម្បីការបញ្ចៀសសង្គ្រាមនេះឯង ព្រោះមនុស្សអស់នេះ គឺជាអ្នកបង្កើតសង្គ្រាមតែម្តង។ យើងកាន់តែមានមូលហេតុសមស្រប ដើម្បីបញ្ជាក់ថា ចំណាត់ការតាមផ្លូវច្បាប់ ឈានទៅដល់ការរំលាយបក្សនយោបាយ និងកាត់ទោសជនក្បត់ជាតិ គឺជាចំណាត់ការត្រឹមត្រូវ។ (ដោយសារ)អំពើក្បត់ជាតិនេះហើយ ដែលយើងតែងនិយាយថា បើពួកនេះនៅគឺវានឹងមានសង្គ្រាម។ ដូច្នេះហើយ បានជាយើងមានការប្រុងប្រយ័ត្ន ឥឡូវនេះការជាក់ស្តែង ឆ្នាំ ២០១១ គេធ្វើអញ្ចឹង ឥឡូវម្សិលមិញ គេធ្វើអញ្ចឹងទៀត។ អញ្ចឹងទេ សុំផ្តាំទៅ ហើយបើខ្លាំង មកខ្លួនឯងមក។ អញ្ជើញមក។ បញ្ចេញទ័ពឲ្យអស់មក។ ទ័ពកន្លែងណាខ្លះ ដែលវាបះ(បោរ) … បើសិនជាមានជំនួយបរទេស ក៏សុំបញ្ចេញមកឲ្យអស់មក។
មាន ហ៊ុន សែន នៅ កុំបារម្ភពីសង្គ្រាម
ប៉ុន្តែ ខ្ញុំក៏សុំនិយាយជាមួយប្រជាជនកម្ពុជាទាំងឡាយ នៅពេលដែលមានវត្តមាន ហ៊ុន សែន នៅទីនេះ សុំកុំបារម្ភពីសង្រ្គាមកើតឡើងឲ្យសោះ ហ៊ុន សែន រួមជាមួយនឹងថ្នាក់ដឹកនាំ នៃគណបក្សប្រជាជន គឺជាអ្នកធានាតែមួយគត់ អំពីសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសនេះជាបន្ត ព្រោះមនុស្សម្នាក់នេះ បានឈរនៅជាបង្គោល ជាមួយនឹងថ្នាក់ដឹកនាំដទៃទៀត តាំងពីរំដោះវាយ ប៉ុល ពត ទប់ស្កាត់ការវិលត្រឡប់របស់ ប៉ុល ពត ស្វែងរកសន្តិភាព និងទប់ស្កាត់សង្គ្រាមដែលគេបង្កមិនចេះចប់ មិនចេះហើយ។ ជាពិសេស ទប់ស្កាត់បដិវដ្តពណ៌នៅឆ្នាំ ២០១៣ និងដើមឆ្នាំ ២០១៤ និងជាបន្តបន្ទាប់។ ដូច្នេះហើយ បានជាការវាយប្រហារចំពោះ ហ៊ុន សែន មិនមែនជារឿងចំឡែកទេ ព្រោះបើ(ហ៊ុន សែន)ម្នាក់នេះគឺជាឧបសគ្គ នៃដំណើរឆ្ពោះទៅដណ្តើមអំណាចរបស់ពួកគេតាមផ្លូវងងឹត។ ដូច្នេះ មានវត្តមានរបស់ ហ៊ុន សែន គឺមានវត្តមានសន្តិភាព នេះគឺជារឿងពិត មិនមែនជារឿងក្លែងក្លាយ ហើយលើកខ្លួនឯងនោះទេ។
កម្មករមានសិទ្ធិបញ្ចេញការមិនពេញចិត្តលើការងាររបស់ខ្លួន តែមិនត្រូវធ្វើជាឧបសគ្គដល់ប្រជាជនដទៃ
ក្មួយៗត្រូវបន្តរួមចំណែករក្សាសន្តិភាព។ ថ្ងៃនេះ ពូគួរតែសុំពីក្មួយៗកម្មករ/ការិនី នៅទីនេះ ក៏ដូចជាកម្មករ/ការិនីនៅទូទាំងប្រទេសទាំងអស់។ ក្មួយៗអាចមានសិទ្ធិនឹងមិនពេញចិត្តជាមួយរឿងនេះ ឬរឿងនោះ ជាក្របខណ្ឌរួម ឬជាក្របខណ្ឌដោយឡែកនៅតាមរោងចក្រ នៅទីកន្លែងធ្វើការរបស់ក្មួយៗ ក៏ប៉ុន្តែ អ្វីដែលក្មួយៗ ត្រូវចៀសវាង ក្មួយៗមិនត្រូវធ្វើជាឧបសគ្គសម្រាប់ប្រជាជននោះទេ។ ដូចជាប៉ុន្មានថ្ងៃមុននោះ គ្រាន់តែផ្អើលថា ដូរថៅកែនៅរោងចក្រមួយនោះ ស្រាប់តែនាំគ្នាទៅបិទផ្លូវ។ រឿងបិទផ្លូវ គឺជារឿងខុសច្បាប់។ រឿងខុសច្បាប់ រឿងមួយហើយ ប៉ុន្តែវាទាស់ជាមួយនឹងទឹកចិត្តរបស់ប្រជាពលរដ្ឋ។ ឧទាហរណ៍ ស្រាប់តែមានស្រ្តីមានផ្ទៃពោះ ត្រូវការធ្វើដំណើរប្រញាប់បំផុត ទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះ ឬក៏អ្នកជំងឺត្រូវសង្គ្រោះ ប៉ុន្តែ ផ្លូវត្រូវស្ទះ តើនេះវាជាសោកនាដកម្ម ឬទេ? មនុស្ស ២ ឬ ៣ នាក់ ដែលញុះញង់ឲ្យក្មួយទៅបិទផ្លូវ វាមិនមែនគ្រាន់តែបំផ្លាញថៅកែរោងចក្រទេ តែនេះគឺបំផ្លាញប្រជាពលរដ្ឋ មានការចាំបាច់ធ្វើដំណើរទទួលផលប្រយោជន៍ពីផ្លូវ។ រឿងនេះយើងបានស្នើសុំឲ្យសម្រួលកិច្ចការទាំងឡាយ ក្នុងក្របខណ្ឌនៃលក្ខខណ្ឌការងារ ក៏ប៉ុន្តែ ក្មួយៗមិនត្រូវលង់ទៅដោយការញុះញង់របស់មនុស្ស ២ ឬ ៣ នាក់ ដែលនាំក្មួយៗ ៤០០ ទៅ ៥០០ នាក់ បិទផ្លូវ។ គ្រាន់តែរឿងពាក់ព័ន្ធជាមួយនឹង ឮថាគេប្តូរថៅកែ ដល់ដូរថៅកែ ទៅសុំបើកប្រាក់ផ្តាច់។ ចុះបើសិនជាថៅកែគាត់ធ្វើមែន ឧទាហរណ៍ទេ ថៅកែគាត់ធ្វើមែន គាត់សុខចិត្តមួយខែគាត់ខាត គាត់ឲ្យលុយតែម្តង ប៉ុន្តែគាត់រើសកម្មករថ្មី អញ្ចឹង ៥០០ នាក់នេះ គឺអត់ការងារធ្វើ។ បើកប្រាក់ខែហើយចប់។ នេះជាការខាតបង់។ ត្រូវរកដំណោះស្រាយ។ អ្នកដែលនៅសម្រុះសម្រួលចុងក្រោយ នឹងផ្តល់នូវសំណង គឺនៅមាន មិនមែនគ្រាន់តែថៅកែទេ គឺពាក់ព័ន្ធជាមួយនឹងអាជ្ញាធរ។ ពូធ្លាប់បញ្ចេញប្រាក់រាប់លានដុល្លារសហរដ្ឋអាមេរិក បើកសងទៅឲ្យក្មួយៗកម្មករ/ការិនី នៅឯតាខ្មៅ តាំងពីឆ្នាំ ២០០៧-២០០៨ …។
ក្មួយៗកុំទៅបិទផ្លូវ ទារអាប្រាក់ហ្នឹង។ បិទផ្លូវវាកើតឡើងនូវសោកនាដកម្មសម្រាប់ប្រជាពលរដ្ឋទៅវិញទេ … នេះជាការស្នើសុំ។ ក្មួយៗត្រូវខិតខំធ្វើយ៉ាងម៉េច រួមចំណែក កុំឲ្យរោងចក្ររបស់យើងមានគ្រឿងញៀន រោងចក្ររបស់យើងមានបងតូច បងធំ ជាពិសេសជើងកាង។ យើងគោរពសិទ្ធិនៃការធ្វើកូដកម្ម ក៏ប៉ុន្តែ អ្នកធ្វើកូដកម្ម ឧទាហរណ៍រោងចក្រមួយមាន ១ ពាន់នាក់។ ធ្វើកូដកម្ម ៥០ នាក់ យើងត្រូវគោរពសិទ្ធិ ៥០ នាក់ធ្វើកូដកម្ម ប៉ុន្តែ ៥០ នាក់ ក៏ត្រូវតែគោរពសិទ្ធិ ១ ពាន់នាក់ដែលត្រូវធ្វើការ។ ដូចជារូបភាពបានបង្ហាញហើយ ប្រធានបក្សនយោបាយមួយ ចូលទៅក្នុងរោងចក្រ បើកទម្លាយទ្វារដើម្បីអោយគេចេញមកធ្វើបាតុកម្ម តើនេះជារឿងខុសច្បាប់ ឬត្រូវច្បាប់? ថៅកែឈរឱបដៃ ទៅទាញថៅកែគេទៀត នេះជាទោសមួយដែលមិនអាចអត់ឱនបានទេ។
វិធានប្រកួតតាមលទ្ធិប្រជាធិបតេយ្យ មិនខុសពីវិធានប្រកួតកីឡា
សុំបញ្ជាក់វិធានប្រកួត តាមលទ្ធិប្រជាធិបតេយ្យ វាមិនខុសពីវិធានប្រកួត នៃកីឡានោះទេ។ សុំស្តាប់ឲ្យច្បាស់។ ប្រទេសកម្ពុជាអត់ពីអ្នក ប្រទេសកម្ពុជាក៏នៅតែចាត់តាំងការបោះឆ្នោត នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០១៨ ជ្រើសតាំងព្រឹទ្ធសភា និងនៅតែធ្វើការបោះឆ្នោតរដ្ឋសភា នៅថ្ងៃទី ២៩ កក្កដា ឆ្នាំ ២០១៨។ ទោះបីអ្នកចូលរួម ឬមិនចូលរួម វាជារឿងរបស់អ្នក។ ស្ថានភាពនេះវាមិនខុសពីកីឡា កីឡាយើងមើលឃើញហើយ មានអ្នកដែលទាត់ខុសរបៀប ត្រូវកាតក្រហម បណ្តេញចេញ ហាមឃាត់មិនឲ្យចូលប្រកួតប៉ុន្មានប្រកួត។ អ្នកដែលមានទោសធ្ងន់ រហូតគេហាមឃាត់មិនឲ្យលេងកីឡាមួយជីវិត ដូចជាអ្នកប្រើថ្នាំប៉ូវកម្លាំងជាដើម នៅពេលដែលគេធ្វើតេស្តទឹកនោមឃើញហើយ គេហាមឃាត់ការប្រកួតមួយជីវិតតែម្តង។ កីឡាបាល់ទាត់ ក្រុមកីឡាបាល់ទាត់ ឬក្រុមអត្តពលកម្មស្អីៗគ្រប់ផ្នែកទាំងអស់។ ប៉ុន្តែ សួរថា តើគេរុះស្តាតហ្នឹងចោលទេ? គេអត់រុះទេ។ គេមានក្រុមផ្សេងទៅប្រកួតនៅកន្លែងនោះ។ កីឡាវាយ tennis ឬកីឡាអីដទៃទៀត អត្តពលកម្ម ហាមឃាត់កីឡាមួយចំនួន មិនឲ្យចូលប្រកួតមួយជីវិត ឬក៏ ៥ ឆ្នាំ ឬក៏ ៣ ឆ្នាំ សួរថាតើគេបិទកន្លែងប្រកួតហ្នឹងទេ? អត់ទេ។ វិធាននៃប្រទេសប្រជាធិបតេយ្យ សេរី ពហុបក្ស ប្រៀបដូចជាកីឡាដូច្នោះឯង។ បាល់ទះ បាល់ទាត់ អត់ពីក្រុមហ្នឹង វាមានក្រុមផ្សេងទៀត ប្រកួត។ បោះឆ្នោតអត់អាក្រុមហ្នឹង អត់អាបក្សហ្នឹង វាមានបក្សផ្សេងចូលប្រកួត។ រឿងវាដូច្នេះ អញ្ចឹងត្រូវមើលព្រៃទាំងមូលមិនមែនមើលឈើមួយដើមៗទេ សម្រាប់ប្រទេសយើង។
បន្តតំណែងជានាយករដ្ឋមន្ត្រី មិនតិចជាង ១០ ឆ្នាំ ទៅមុខទៀត
អញ្ចឹងសន្តិភាព វាមានតម្លៃខ្លាំងណាស់ អញ្ចឹងសូមឲ្យក្មួយៗចូលរួមជាមួយរាជរដ្ឋាភិបាល ជាមួយនឹងពូ ដែលពូបានប្រកាសហើយថា នឹងបន្ដតំណែងជានាយករដ្ឋមន្ត្រីជាប់ឆ្នោតក្នុងរយៈពេលមិនតិចជាង ១០ ឆ្នាំទៀត។ វត្តមានរបស់ពូ ដើម្បីធានាថា ប្រទេសនេះវិវឌ្ឍទៅតាមដំណើរសន្តិភាព និងប្រជាធិបតេយ្យសេរីពហុបក្សជាទៀតទាត់។ ហើយមិនមែនគ្រាន់តែជាលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សទេ ប៉ុន្តែប្រជាធិបតេយ្យដោយភ្ជាប់ទៅជាមួយនូវនីតិរដ្ឋ ដែលជាប្រជាធិបតេយ្យមួយមានការគោរពច្បាប់ មានប្រព័ន្ធនៃការគោរពច្បាប់ត្រឹមត្រូវ។ ប្រទេសមួយដែលមានការអភិវឌ្ឍជាបន្ត កំណើនសេដ្ឋកិច្ចមានកម្រិតខ្ពស់។
ប៉ុន្មានថ្ងៃនេះ ក្មួយបានដឹងហើយ ពូទៅកាន់ប្រទេសចិន ទៅប្រធានបទចចារផ្អែកលើអីសំខាន់? ប្រទេសចិនជាទីផ្សារធំណាស់សម្រាប់យើង ចរចាផ្តោតធំជាងគេលើពាណិជ្ជកម្ម វិនិយោគទេសចរណ៍។ ឥឡូវ បើនិយាយពីទេសចរណ៍ អាចនឹងបន្ដិចទៀតចិនអាចនឹងក្លាយជាទេសចរទី ១ ខ្ញុំគ្រាន់តែចង់បានទេសចរចិនស្មើ ០,០១% ប៉ុណ្ណោះ ដោយសារប្រទេសចិនមានប្រជាជន ៣០០ លាន នាក់ជាង បើយើងសម្រេចបាន ០.០១% យើងនឹងបាន(ទេសចរ) ១ លាន ៣ សែន នាក់។ អញ្ចឹង តើយើងដោះស្រាយការងារឲ្យកម្មកររបស់យើងនៅក្នុងផ្នែកសណ្ឋាគារ ភោជនីយដ្ឋាន និងដោះស្រាយការលក់ទំនិញ លក់កសិផល ដើម្បីបម្រើឲ្យសណ្ឋាគារប៉ុណ្ណា សម្រាប់ឲ្យប្រជាជន? ម្សិលមិញ យើងបានទទួលព័ត៌មានដ៏ល្អពីអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េថា ផ្លែស្វាយរបស់កម្ពុជានឹងអាចនាំចូលទៅកាន់ទីផ្សាររបស់កូរ៉េ។ នេះជាព័ត៌មានល្អសម្រាប់អ្នកដែលដាំស្វាយ។ យើងមិនមែននាំចេញតែសម្លៀកបំពាក់ទេ យើងនាំចេញអង្ករ យើងនាំចេញនូវកសិផលដទៃទៀត និងនាំចេញនូវអ្វីដែលយើងមាន។ យើងមិនមែនគ្រាន់តែជាប្រទេសផលិតបម្រើសេចក្តីត្រូវការផ្ទាល់នោះទេ តែយើងបង្កើនការនាំចេញទៅក្រៅប្រទេស។
រក្សាការងារចាស់ និងបង្កើតការងារថ្មីលើគ្រប់វិស័យ
ឯកិច្ចការទី ២ ដែលក្មួយត្រូវបន្ដការខិតខំនោះគឺ រក្សាការងារចាស់ និងបង្កើតការងារថ្មី។ ចំណុចនេះ វាសំខាន់ខ្លាំងណាស់សម្រាប់យើង ក្មួយៗត្រូវរក្សាការងារនេះឲ្យបាន។ ការឆ្កឹះឆ្កៀលណាមួយ ដែលបង្កើតឡើងនូវស្ថានភាពមិនប្រក្រតីសម្រាប់ក្មួយៗ គឺមិនត្រូវស្ដាប់ វង្វេងដោយការញុះញង់នោះទេ ដោយរយៈពេលកន្លងទៅបង្កើតនូវរឿងសោកស្ដាយនូវការបិទផ្លូវ។ ហើយប្រសិនបើថៅកែគាត់សុខចិត្តខាតមួយខែ កម្មករ ៥០០ នាក់ ដែលធ្វើបាតុកម្មបិទផ្លូវហ្នឹង (ថៅកែ)គាត់សុខចិត្តសងលុយតែម្ដង គាត់លេងមួយចាន គាត់សង។ រួចហើយគាត់ដំណើរការរោងចក្រ ហើយរើសកម្មករថ្មីទាំងអស់។ អញ្ចឹងកម្មករត្រូវបាត់បង់ការងារធ្វើជាស្វ័យប្រវត្តិ ព្រោះយើងទទួលប្រាក់ផ្តាច់ចេញពីហ្នឹងទៅហើយ។ អញ្ចឹង ការងារនេះយើងត្រូវរួមគ្នា ទាំងថៅកែរោងចក្រ ទាំងកម្មករ ដើម្បីបង្កើតឡើងនូវស្ថានភាពល្អប្រសើរ។
ការងារចាស់មិនគ្រាន់តែត្រូវរក្សាឲ្យបានទេ ត្រូវលើកកម្រិត(គុណភាព)ផលិតកម្មកាន់តែខ្ពស់។ កន្លងទៅ ខ្ញុំបានឆ្លៀតពេលកាលពីអាទិត្យមុន ក្រោយពីជួបកម្មករហើយ ខ្ញុំបានហោះទៅសាំងហ្គាពួរមួយភ្លែត។ ពេលនោះ ខ្ញុំទិញសុទ្ធតែខោអាវកីឡា (ខោអាវ)ពាក់កណ្ដាលផលិតនូវកម្ពុជា ព្រោះខ្ញុំត្រូវហាត់កីឡា។ ទិញនៅកម្ពុជាវាមានហើយ ប៉ុន្តែខ្ញុំចង់អាម៉េច ទិញតែខោអាវកីឡាហ្នឹងតែម្តង ចេញពី Adidas មកកន្លែងមួយទៀត ពាក់កណ្ដាលផលិតនៅកម្ពុជា។ អញ្ចឹងទឹកដៃជនជាតិកម្ពុជាយើងល្អប្រសើរ អញ្ចឹងក្មួយៗត្រូវប្រឹង ដើម្បីបង្កើននូវផលិតភាពការងារឡើង។ តាមរយៈនោះក្មួយៗ នឹងមានឱកាសបង្កើននូវប្រាក់ចំណូលកាន់តែច្រើន។ ប្រាក់ចំណេញ ដែលថៅកែរោងចក្រទទួលបាន នឹងបានជាផលប្រយោជន៍សម្រាប់ឲ្យកម្មករ/ការិនីរបស់យើង។
ជាមួយគ្នានឹងការរក្សាការងារចាស់ ត្រូវខិតខំបង្កើនការងារថ្មីទៀត ដែលនោះមិនមែនតែគ្រាន់តែក្នុងវិស័យមួយទេ។ វិស័យ និងអនុវិស័យច្រើនណាស់ដែលយើងត្រូវធ្វើ ទាំងក្នុងវិស័យឧស្សាហកម្ម សិប្បកម្ម កសិកម្ម ទាំងក្នុងវិស័យសេវា ដែលយើងត្រូវទាក់ទាញវិនិយោគថែមទៀត ដើម្បីដោះស្រាយការងារធ្វើអោយពលរដ្ឋកម្ពុជារបស់យើង។ យើងបានដឹងហើយ ក្នុង ១ ឆ្នាំៗ យុវជនកម្ពុជាយើងចូលទៅក្នុងទីផ្សារពលកម្មពី ២៥ ទៅ ៣០ ម៉ឺននាក់។ ដូច្នេះ យើងមានតម្រូវការងារដោះស្រាយអោយពួកគេធ្វើនៅក្នុងក្របខណ្ឌកសិកម្មក្ដី ឧស្សាហកម្មក្តី ក្នុងក្របខណ្ឌសេវាក្ដី។ រាជរដ្ឋាភិបាលមានភារកិច្ចសំខាន់ ២ គឺ ១ ទាក់ទាញអ្នកវិនិយោគមកវិនិយោគបន្ថែម មួយទៀតពង្រីកទីផ្សារនៅក្រៅប្រទេសឲ្យបានកាន់តែច្រើន ដើម្បីនាំផលិតផល ដែលផលិតនៅកម្ពុជាចេញទៅប្រទេសក្រៅ។ សូម្បីតែយើងជាមួយបង់ក្លាដេស ក្នុងការចរចាពីម្សិលម៉្ងៃ ទោះបីយើងមានទំនិញដូចគ្នា ក៏ប៉ុន្តែ មានទំនិញខ្លះវាខុសគ្នា យើងទិញទំនិញខ្លះពីបង់ក្លាដេស បង់ក្លាដេសក៏ទិញទំនិញខ្លះពីកម្ពុជា។ ដូចជាការចុះហត្ថលេខា លក់អង្ករទៅបង់ក្លាដេសដោយក្រុមហ៊ុន ហ្រ្គីនត្រេដ របស់កម្ពុជា ជាមួយអាជ្ញាធរស្បៀងរបស់បង់ក្លាដេស ដែលនឹងអាចនាំចេញទៅដល់ ១ លានតោន។ នេះរាជរដ្ឋាភិបាលប្រឹងប្រែងធ្វើកិច្ចការនេះ ជាមួយការខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធអោយកាន់តែល្អប្រសើរ ផ្លូវ ស្ពាន អាកាសយានដ្ឋាន អគ្គិសនី។
បង្កើនប្រាក់ចំណូល/ចំណេះដឹង, ការចំណាយថយចុះលើថ្លៃភ្លើង ទឹក និងផ្ទះ ជិះឡានក្រុងឥតគិតថ្លៃ
ឯកិច្ចការទៀតបន្តទត្រូវបង្កើនប្រាក់ចំណូល និងបង្កើនការចេះដឹងក្នុងចំណោមកម្មកររបស់យើង។ បៀវត្ស ២០១៨ មិនមែនឡើងត្រឹមតែឆ្នាំ ២០១៨ ទេ។ ឆ្នាំ ២០១៩ ឆ្នាំ ២០២០ ឡើងជារៀងរាល់ឆ្នាំ មិនអាចងាប់ក្រឡាត្រឹម ១៧០ ដុល្លា នោះទេ។ ជាមួយប្រាក់ចំណូលកាន់តែខ្ពស់ ការចំណាយរបស់ក្មួយៗកាន់តែតិច តម្លៃទឹក តម្លៃភ្លើង ដែលមុននេះក្មួយត្រូវបង់តម្លៃខ្ពស់ ឥឡូវត្រូវបានបន្ថយមកទាបជាងមុន។ អនុញ្ញាតឲ្យខ្ញុំសុំទោសមុននេះ ខ្ញុំនិយាយ ៤៨០ រៀល អ្នកប្រើក្រោម ១០ គីឡូវ៉ាត់។ ប៉ុន្តែ អ្នកប្រើក្រោម ៥០ គីឡូ ៦១០ រៀល ដែលមុននេះម្ចាស់ផ្ទះបានឲ្យបង់ថ្លៃខ្ពស់ជាង តែឥឡូវភ្លើងរដ្ឋទៅដល់ តម្លៃអគ្គិសនីត្រូវធ្លាក់ចុះ។ ទឹករដ្ឋទៅដល់តម្លៃត្រូវធ្លាក់ចុះ ដែលឥឡូវកំពុងតែអនុវត្ដ ៨០០ រៀល ក្នុងមួយម៉ែត្រគូប ដែលជាតម្លៃមួយកាត់បន្ថយការចំណាយរបស់ក្មួយផងដែរ។
ខាងមុខ យើងត្រូវស្វែងរកដំណោះស្រាយនានា ដើម្បីធានាថាកម្មករ/ការិនីរបស់យើងមិនត្រូវបានទទួលនូវការបង់ថ្លៃខ្ពស់នោះទេ។ ដូចជាកន្លងទៅ យើងបានប្រកាសរួចហើយទាក់ទិនជាមួយនឹងការឲ្យជិះឡានក្រុងដោយមិនចាំបាច់បង់ថ្លៃ។ បានសេចក្តីថា ជិះសេរីតែម្ដង(សម្រាប់)រយៈពេលមិនតិចជាង ២ ឆ្នាំ។ ខ្ញុំមិនដឹងថានៅទីនេះ មានកម្មករ/ការិនីរបស់យើងប៉ុន្មាននាក់ទៅ ដែលបានជិះឡានក្រុង? សូមលើកដៃបន្ដិចបានប៉ុន្មានអ្នកហើយ? ក្រែលដែរតើ។ ក្មួយៗឯងជិះទៅ! ហើយអ្នកដែលមិនទាន់បានជិះក៏គួរតែទៅសាកដែរ។ សាកទៅ មិនចាំបាច់តែជិះមកធ្វើការទេ ជិះទៅលេងម្ដាយក្មេកក៏ជិះទៅ ជិះទៅជួបសង្សារក៏ជិះទៅ។ ថ្ងៃខានស្អែក រងាខ្លាំង … អ្នកត្រៀមចូលរោងការសូមលើកដៃ… ខែនេះ គឺខែវិបត្ដិអាចារ្យ វិបត្តិភ្លេងការ …។
ប៉ុន្តែគ្រាន់តែដើរមកមិញ ខ្ញុំគិតថាយើងមាន ១៥.០០០ នាក់ ចូលរួមថ្ងៃនេះ មកពី ១៥ រោងចក្រ។ ខ្ញុំគ្រាន់តែគិតតម្លៃទូរស័ព្ទមួយតែ ២០ ដុល្លារទេ វាស្មើ ២០ ម៉ឺនដុល្លារនោះ។ សូមអ្នកមានទូរស័ព្ទប្រើលើកដៃ ប៉ុន្មានទៅ? ទាំងអស់ទៅហើយក្មួយអើយ! ជំនាន់ដើម គេហៅជំនាន់វាយខ្សែលួស ហើយបន្តមកទៀត អារវៃ។ ប៉ុន្តែ ឥឡូវ អត់អីទេ ទៅដល់កន្លែងណាមួយ គ្រាន់តែយើងចង់ស្ដាប់វិទ្យុ មិនចាំបាច់យកវិទ្យុទៅជាមួយទេ ទូរស័ព្ទបើកស្ដាប់ ទៅដល់ក្រហែងណា ក៏បើកស្ដាប់បានអោយតែមានអ៊ិនធើណែត …។
របបសន្ដិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់កម្មករ/ការិនី រោងចក្រជាអ្នកបង់
យើងក៏មានការងារជាច្រើនត្រូវធ្វើតទៅទៀត ឥឡូវពូគ្រាន់តែរំលឹកឡើងវិញតែប៉ុណ្ណោះ ព្រោះជារឿងដែលបានសម្រេចរួចហើយ។ នោះគឺទាក់ទងរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាព ដែលជាចំណុចសំខាន់សម្រាប់ក្មួយៗ នៅត្រង់ថា ចាប់ពីខែមករា ឆ្នាំ ២០១៨ តទៅ ប្រាក់ថែទាំសុខភាពដែលក្មួយៗធ្លាប់បង់ ៥០% ថៅកែរោងចក្របង់ ៥០% ប៉ុន្តែ ចាប់ពីខែមករា ឆ្នាំ២០១៨ តទៅ ក្មួយៗមិនចាំបាច់បង់ទៀតទេ គឺម្ចាស់រោងចក្រជាអ្នកបង់ជំនួសទាំងអស់។ ការធ្វើបែបនេះគឺធ្វើអោយកម្មករ/ការិនីរបស់យើងចំណេញប្រាក់ក្នុងរង្វង់ពី ៨ ពាន់ ទៅ ១ ម៉ឺន ៣ ពាន់ រៀល ក្នុងមួយខែ។ នេះហើយជាការបង្កើនប្រាក់ចំណូល ប៉ុន្តែប្រាក់ចំណាយត្រូវបានថយចុះ តាមរយៈនៃការបង់ថ្លៃទឹក ថ្លៃភ្លើង ធ្លាក់ចុះដោយសារឆ្នាំ ២០១៨។ ម្ចាស់ផ្ទះបានយល់ព្រមមិនតម្លើងថ្លៃឈ្នួលផ្ទះនៅឆ្នាំ ២០១៨។ ពូចង់ដឹងថា ក្មួយៗទទួលបានប្រាក់ចំណូលបែបណា នៅពេលតម្លៃផ្ទះ តម្លៃទឹក តម្លៃភ្លើង មិនត្រូវបានឡើង បន្ថែមទៅដោយការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋទាំងអស់មិនត្រូវបានបង់ថ្លៃនោះទេ កម្មករទាំងក្នុងប្រព័ន្ធ ទាំងក្រៅប្រព័ន្ធ ត្រូវដាក់នៅក្រោមកម្មវិធីសមធម៌ ដែលរដ្ឋត្រូវបង់ថ្លៃជំនួសឲ្យក្មួយៗ ប៉ុន្តែ សូមបញ្ជាក់គឺត្រឹមមន្ទីរពេទ្យរដ្ឋ។ បើក្មួយៗទៅមន្ទីរពេទ្យ ឬគ្លីនិកឯកជនត្រូវបង់ថ្លៃអោយគេ។ ជិះឡានរដ្ឋ ជិះឡានក្រុង គឺមិនចាំបាច់បង់ថ្លៃទេ ប៉ុន្តែបើជិះតាក់ស៊ីត្រូវបង់ថ្លៃឲ្យគេ … សេវារបស់រដ្ឋកំពុងត្រូវបានបំពេញបន្ថែម ដើម្បីឆ្លើយតបជាមួយចំនួនដែលត្រូវកើនឡើង(នឹង)បានទទួល។
កម្មការិនីឆ្លងទន្លេ សម្រាក ៣ ខែ បៀវត្ស ១២០% និងទទួលបានសាច់ប្រាក់ ៤០ ម៉ឺនរៀលក្នុងកូនមួយ
សម្រាប់កម្មការិនី ដែលឆ្លងទន្លេ ក្មួយៗនឹងទទួលបានការសម្រាកចំនួន ៣ ខែ ជាមួយបៀវត្ស ១២០% ត្រូវធ្វើឲ្យប្រាកដប្រជារឿងនេះ ដើម្បីធានាអោយបានផលប្រយោជន៍កម្មការិនីរបស់យើង។ កម្មវិធីសាច់ប្រាក់ក៏ត្រូវបានផ្តល់ចាប់សូន្យម៉ោងថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៨ ទៅ។ អម្បាញ់មិញ សួរក្មួយខែណេះថាទើបបាន ៥ ខែ មួយទៀត ៦ ខែ សល់តែប៉ុន្មានថ្ងៃទៀតទេ។ បើកូនហ្នឹងវានៅចាំ វានឹងទទួលបាន អ្នកកើតកូនមួយ ទទួលបាន ៤០ ម៉ឺនរៀល ស្មើ ១០០ ដុល្លារ។ កូន ២ ភ្លោះ បាន ៨០ ម៉ឺនរៀល បានកូនភ្លោះ ៣ ទទួលបាន ១ លាន ២ សែន រៀល ប៉ុន្តែ អ្នកទទួលបានកូនភ្លោះ ៣ នឹងទទួលពីគ្រួសារពូដោយផ្ទាល់ ៥ លានរៀលផ្សេងទៀត។ ឯងបានកូនម្ដងមួយៗ ពិបាកចង់ស្លាប់ទៅហើយ គ្រាន់តែកូនវាញឹក ទម្រាំគ្នាកើតម្ដងដល់ទៅ ៣ វាគួរតែបានច្រើនអញ្ចឹងហើយ។ (ករណី)ពូនេះ ១៣ ខែ កូនមួយ ដឹងតែអញ្ចឹងតែម្ដង ដោះតែក្រវ៉ាត់កចេញ ប្រពន្ធមានផ្ទៃពោះបាត់។ អញ្ចឹងបានគេប្រើពាក្យថា បងគង់ដឹងខ្លួនពេលអត់ពីអូន។
សម័យថ្ងៃមួយ គ្រួសាររបស់ពូទៅវៀងចន្ទន៍ ដឹកនាំគណៈប្រតិភូស្រ្តី ដែលថ្នាក់ដឹកនាំកម្ពុជាទៅប្រទេសឡាវ ពេលនោះ កូនតូចៗវានៅទាំងអស់។ ពេលព្រលឹមឡើង វានាំគ្នាទៅរៀន យើងមិនបានផ្តល់លុយឲ្យវា។ យើងក្រោកវាមិនទាន់។ វាខ្សិបៗ ទៅយកលុយនៅក្នុងកាបូបហ្នឹង។ យកទាំងអស់។ បាត់ទាំងកាបូបដល់រាល់ថ្ងៃ។ មួយទៀត នាងពៅ វាឃ្លានបៅ ហើយជំនាន់នោះគ្មានមេដោះទេ ទោះបីធ្វើជានាយករដ្ឋមន្រ្តី ធ្វើរដ្ឋមន្រ្តី ធ្វើឧបនាយករដ្ឋមន្រ្តី ប៉ុន្តែ អត់មានមេដោះទេ ខ្លាចទឹកក្តៅរលាកកូន ទៅខំឆុងឯណោះ ទៅចាក់ទឹកនៅក្នុងកែវឯណោះ ដល់ងាកមកក្រោយវិញ អាមួយនេះស៊ីខ្ទេចម្សៅទឹកដោះគោ។ ហ្នឹងហើយ កូនញឹកវាអញ្ចឹង … មួយឆ្នាំមួយៗ ខែ ៩ ឆ្នាំ ១៩៨០ កើតមួយ ខែ ១០ ឆ្នាំ ១៩៨១ កើតមួយ ខែ ១១ ឆ្នាំ ១៩៨២ កើតមួយ ខែ ១២ ឆ្នាំ ១៩៨៣ កើតមួយ ហើយរឿងអីវាមិនច្រើន(យ៉ាងម៉េច)។
កម្មករ កីឡាករ សិល្បៈករ ទទួលការពិនិត្យ និងព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ ដោយឥតបង់ថ្លៃ
ត្រូវធ្វើឲ្យប្រាកដនៃការធានារ៉ាប់រងលើបញ្ហាសុខភាព។ កម្មករ/ការិនីទាំងអស់ ទាំងក្នុង និងក្រៅប្រព័ន្ធ នៅពេលដែលមានតម្រូវការពិនិត្យ និងព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ គឺមិនត្រូវបង់ថ្លៃអ្វីទាំងអស់។ ហើយមិនដឹងថាវាអស់ប៉ុន្មានទេ ដឹងតែមួយជាតែប៉ុណ្ណឹង។ ជាមួយនោះ នៅផ្នែកដទៃ ក៏នឹងទទួលបាននូវអត្ថប្រយោជន៍នេះដែរ ដូចជា កីឡាករ/ការិនី សិល្បៈករ/ការិនី ដែលមានក្របខណ្ឌ ដែលគាត់បានទទួលនូវអត្ថប្រយោជន៍ អំពីអ្វីដែលជាផ្នែករបស់រដ្ឋរួចស្រេចទៅហើយ។ មន្រ្តីរាជការ ដែលជាស្រ្តី កងកម្លាំងប្រដាប់អាវុធដែលជាស្រ្តី ក៏នឹងទទួលបានអត្ថប្រយោជន៍ពីនយោបាយសាច់ប្រាក់នៅក្នុងការផ្តល់ជូនសំរាប់ការអនុវត្តនូវនយោបាយគាំពារសង្គម។
ពង្រីក/ពង្រឹងគិលានដ្ឋាន កន្លែងហូបបាយ បំបៅកូនតាមរោងចក្រ, កម្មការិនីមានផ្ទៃពោះចេញមុនម៉ោង
យើងត្រូវខិតខំទាំងអស់គ្នា ហើយសូមអំពាវនាវតាមបណ្តារោងចក្រ សហគ្រាសទាំងអស់ កន្លែងដែលមានគិលានដ្ឋានហើយ ត្រូវពង្រឹងសមត្ថភាពគិលានដ្ឋាននោះ។ កន្លែងដែលមិនទាន់មាន ក៏នឹងត្រូវធ្វើឲ្យមាន។ កន្លែងហូបបាយ និងកន្លែងបំបៅកូន ក៏ដូចជាកន្លែងដទៃទៀត ក៏ត្រូវធ្វើឲ្យបានដិតដល់។ សុំសួរក្មួយៗ ឥឡូវហ្នឹង បានចេញមុនប៉ុន្មាននាទី? ១៥ នាទី ហើយ។ ចុះកាលពីមុន? តែ ១០ នាទីទេ។ ១៥ នាទីទាំងអស់គ្នា? បានទាំងអស់គ្នា។ ហើយកាលពីមុនមាន ៥ នាទីទេ? ១០ នាទីប៉ុន្មាននាក់? អញ្ចឹងពីមុននេះមាន ៥ នាទី មាន ១០ នាទី មាន ១៥ នាទី មាន ៣០ នាទី។ តែឥឡូវ ខ្ញុំបានសំណូមពររឿងនេះ ឲ្យរោងចក្រ សហគ្រាសទាំងអស់ អនុញ្ញាតឲ្យស្រ្តីដែលមានផ្ទៃពោះបានចេញមុន ១៥ នាទី។ ប៉ុន្តែ ក៏សូមបញ្ជាក់ដែរ ចេញមុន ១៥ នាទី ត្រូវគោលការណ៍ ហើយបើចេញមុនតិចជាង ១៥ នាទី អាហ្នឹងគឺខុស ប៉ុន្តែ បើឲ្យចេញមុនលើសពី ១៥ នាទី ត្រូវទាំងអស់។ អញ្ចឹងប្រសិនបើម្ចាស់រោងចក្រដឹងពីសុខទុក្ខរបស់កម្មករ អាចផ្តល់ឲ្យលើសពី ១៥ នាទី ខ្ញុំកាន់តែអរ ហើយនិងមានកម្មវិធីប្រឡងប្រណាំងច្រើននៅពេលក្រោយ កន្លែងណាយកចិត្តទុកដាក់សុខមាលភាពកម្មករយ៉ាងម៉េច ត្រូវមានសៀវភៅតាមដាន។ យើងមានកម្មវិធីប្រឡងប្រណាំងសម្រាប់រោងចក្រ ដែលអនុវត្តល្អទៅលើលក្ខខណ្ឌការងារ ដែលជួយទៅដល់សុខមាលភាពរបស់កម្មករ។
របបសោធននិវត្តន៍វិស័យឯកជន ចាប់អនុវត្តពី ២០១៩
ចាប់ពីឆ្នាំ ២០១៩ ទៅ នឹងចាប់អនុវត្តនូវប្រាក់សោធននិវត្តន៍សម្រាប់កម្មករ/ការិនី ក្នុងវិស័យឯកជន។ ចំណុចនេះ គឺជាចំណុចល្អប្រសើរណាស់ ដែលប្រទេសរបស់យើងត្រូវខិតខំធ្វើឲ្យខានតែបាននូវរឿងនេះ។ ពេលនោះ វានឹងគ្មានការខុសគ្នារវាងកម្មករ/ការិនី ជាមួយមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទៀតទេដោយសារតែនៅក្នុងជួរកម្មករ/ការិនីមានប្រាក់សោធននិវត្តន៍ដូចគ្នា។ ក្មួយៗតែងតែគិតបារម្ភថាពេលដែលឈឺ តើមានអ្វីមកដោះស្រាយ បើប្រាក់ខែអញប៉ុណ្ណឹង? កន្លែងខ្លះ ពេលឈឺខ្វះការធានា គឺត្រូវប្រើអស់នូវប្រាក់សន្សំ រហូតទៅដល់ជំពាក់គេទៀត។ ប៉ុន្តែ ពេលនេះ រាជរដ្ឋាភិបាលយកការទទួលខុសត្រូវមួយ សម្រាប់កម្មករ/ការិនីរបស់យើង។ ក្មួយៗតែងគិតថា នៅពេលដែលអញចូលនិវត្តន៍ទៅ អត់មានការងារធ្វើ តើបានអ្វីចិញ្ចឹមខ្លួន? នោះជាគោលដៅដែលរាជរដ្ឋាភិបាល នឹងដាក់ឲ្យអនុវត្តនៅឆ្នាំ ២០១៩ ដើម្បីឲ្យក្មួយៗពេលដែលអស់ការងារធ្វើទៅ គឺមានប្រាក់ដើម្បីចិញ្ចឹមខ្លួន។ ប៉ុន្តែ ដើម្បីឲ្យមានប្រាក់ចិញ្ចឹមខ្លួន ក្មួយៗក៏ត្រូវតែខិតខំធ្វើការងារ ដើម្បីឲ្យគ្រប់លក្ខខណ្ឌតម្រូវ សម្រាប់ពេលដែលចូលនិវត្តន៍ មានប្រាក់បៀវត្ស។ មិនមែនធ្វើតែ ២-៣ ឆ្នាំ បានគ្រប់ទេ មន្រ្តីរាជការក៏ដូចគ្នា បើធ្វើមិនគ្រប់លក្ខខណ្ឌទេ ក៏មិនបាន។ ប្រាក់បៀវត្សកាន់តែខ្ពស់ នៅពេលដែលចូលនិវត្តន៍ នៅសល់ប្រាក់សោធននិវត្តន៍ក៏កាន់តែខ្ពស់ដែរ …។
ក្រសួង និងកម្មករ ត្រូវមានទំនួលខុសត្រូវលើសៀវភៅការងារ
ទន្ទឹមនឹងនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងផ្នែកការងារគ្រប់ថ្នាក់ ក៏ត្រូវមានការទទួលខុសត្រូវ ឯក្មួយៗក៏ត្រូវទទួលខុសត្រូវលើសៀវភៅការងារខ្លួនឯង។ មិនអាចឲ្យសៀវភៅការងារខ្លួនឯងនេះបាត់បង់ទេ។ ឧទាហរណ៍ យើងធ្វើកម្មកររោងចក្រនេះ ៥ ឆ្នាំ រោងចក្រនេះត្រូវបិទ ក្មួយៗត្រូវទៅធ្វើការនៅរោងចក្រមួយទៀត គឺគេមិនគិតពីថ្ងៃទី ១ ទេ គេគិតពី ៥ ឆ្នាំឡើងទៅ។ ធ្វើការរោងចក្រហ្នឹង ៥ ឆ្នាំទៀត រោងចក្រហ្នឹងបិទទៀត ទៅធ្វើការរោងចក្រថ្មីមួយទៀត មិនអាចគិតពីថ្ងៃទី ១ ទេ គេគិតពី ១០ ឆ្នាំឡើងទៅ។ អញ្ចឹងត្រូវឲ្យមានសុវត្ថិភាព នៃសៀវភៅការងារនេះ ទើបអាចទទួលបាននូវប្រាក់ចូលនិវត្តន៍ ដែលខ្មែរយើងនិយមហៅថា ប្រាក់រឺត្រែត នោះ។
កម្មការិនីត្រូវតែរើសប្តីបន្តិចហើយ ឯយុវជនត្រូវខំប្រឹងប្រែងទើបគេព្រមយកធ្វើប្តី
ខ្ញុំគិតថាបញ្ចប់ត្រឹមប៉ុណ្ណឹងទៅចុះ ហើយសង្ឃឹមថា អ្នកដែលជិតរៀបការ បន្តិចទៀតនឹងលឺសម្លេងភ្លេងការ ហើយការចំខែរងារនេះល្អណាស់។ ប៉ុន្តែ អ្នកខ្លះ ថ្ងៃមុន សួរ ២ នាក់ សុទ្ធតែលើកទៅឆ្នាំក្រោយទាំងអស់។ ម៉េចបានលើកយូរម៉េះ? ថាឆុងឆ្នាំ អាចារ្យដេញឆ្នាំទៅវាត្រូវអញ្ចឹង។ ប៉ុន្តែ ក្មួយៗ ឥឡូវហ្នឹង យើងកើតឆ្នាំអី? បានឥឡូវគេថាប្រពន្ធឆ្នាំខ្លា កើតឆ្នាំអីក៏ដោយ ឲ្យតែមានប្តីហើយ ដឹងតែកើតឆ្នាំខ្លាទាំងអស់។ កុំកាចពេកអីហ្អី! ប៉ុន្តែ ឥឡូវគេថាអញ្ចេះ កម្មការិនីតាមរោងចក្ររើសប្តីណាស់។ ត្រឹមត្រូវ ពូគាំទ្រឲ្យរើសប្តី ព្រោះឥឡូវឧទាហរណ៍ ទៅយកប្តីកើតអេដស៍ យកមកមិនងាប់ខ្លួន? ប្តីអត់មានការងារធ្វើ ផឹកស្រវឹង ខំធ្វើការយកលុយមកឲ្យវាទៅផឹក ត្រឡប់មកវិញ វាវាយទៀត រើសបន្តិចទៅ។ ពាក្យខ្មែរគេថា «ធ្វើស្រែឲ្យមើលស្មៅ ទុកដាក់កូនចៅ ឲ្យមើលផៅសន្តាន»។ ក្មួយៗជាស្រ្តី ខុសម្តង គឺខុសមួយជីវិតហើយ បុរសៗគឺប៉ុន្មានដង គឺរឿងរបស់បុរស។ ប៉ុន្តែ យើងគឺថា ស្រ្តីខ្មែរខុសពីស្រ្តីបរទេស។ ស្ត្រីបរទេសខ្លះ យើងមិនដឹងថាប្រទេសណាខ្លះទេ គេថា មនុស្សស្រីហ្នឹងទាល់តែមានប្រុសច្រើន ទើបជាស្រ្តីល្អ។ វាទៅជាអញ្ចេះទៅវិញ។
គេថា បើស្រីហ្នឹងអត់មានប្រុសច្រើន គឺជាស្រីមិនល្អ ព្រោះគ្មាននរណាស្រឡាញ់។ ដល់ស្រីដែលមានប្រុសច្រើន គេថាស្រីល្អ ព្រោះមានប្រុសស្រឡាញ់ច្រើន ទៅជាអញ្ចេះ។ តែខ្មែរយើងអត់អញ្ចឹងទេ ស្ថានភាពនេះ។ អញ្ចឹងទេ ការរើសប្តីគឺជារឿងធម្មតា ហើយបុរសរើសប្រពន្ធក៏ជារឿងធម្មតា។ ហ្នឹងក៏ជាការជូនសារមួយទៅកាន់យុវជនដែរ កសាងខ្លួនឲ្យល្អ ប្រឹងរៀន ប្រឹងសូត្រ ប្រឹងរកការងារធ្វើ ហើយកុំស៊ីផឹក កុំញៀននឹងល្បែង កុំសេពគ្រឿងញៀន ទើបក្រមុំៗរោងចក្រគេទទួលយកយើងជាប្តី។ ដល់ពេលគេយកប្តីចោល ខ្លួនឯងមិនកើត គេទៅរកប្តីផ្សេង ធ្លាប់តែដៀងភ្នែកដាក់គេ ដល់គេទៅយកអ្នកផ្សេង ចាប់ផ្តើមច្រៀង «រំដួលដូរដី» រួចហើយ «កម្លោះស្រុកយើងរៀបការអស់ហើយ គេមិនចាំឡើងរំដួលចាកទង»។
… ក៏ផ្ញើសាររំលឹកដល់នារី ក៏រំលឹកដល់យុវជនដែរ ថាធ្វើខ្លួនឲ្យល្អ ទើបស្ត្រីរោងចក្រគេយក ព្រោះក្មួយៗមានប្រាក់ចំណូលទាបបំផុតក៏ជាង ២ ពាន់ដុល្លារសហរដ្ឋអាមេរិកដែរ ក្នុងមួយឆ្នាំ។ មានអ្នករកបានរហូតទៅដល់ ១ ម៉ឺនដុល្លារជាង។ ថ្ងៃមួយនោះ គាត់អត់ហ៊ាននិយាយលឺទេ យើងហៅមកសួរ មានត្រឹមតែ ៤៥០ និង ៩០០ ប៉ុន្តែ មានម្នាក់មកខ្សឹបប្រាប់ ១.៦០០ ដុល្លារ។ ដូច្នេះ បានជាង ១ ម៉ឺនដុល្លារក្នុងមួយឆ្នាំ រឿងអីទៅយកប្តីផ្តេសផ្តាស តែគាត់កំពុងមានផ្ទៃពោះ អញ្ចឹងទេ ប្តីក៏ត្រូវថ្នាក់ថ្នមប្រពន្ធ។ ថ្ងៃនេះ ក្មួយៗ ៣០៨ នាក់ ដែលមកចូលរួមនៅទីនេះ សង្ឃឹមថា ក្មួយៗពេលឆ្លងទន្លេ នឹងជួបនូវសេចក្តីសុខ និងបានកូនប្រុសស្រីជាទីស្រឡាញ់ …។
កម្មករ ថៅកែរោងចក្រ និងរាជរដ្ឋាភិបាល ជាមុំចង្រ្កាន តែរាជរដ្ឋាភិបាលជាអ្នកដើរតួគន្លឹះ
ប៉ុន្តែ ក្មួយៗត្រូវចាំ ចង្ក្រានយើងមានមុំ ៣៖ ក្មួយៗជាមុំមួយ ថៅកែជាមុំមួយ ឯរាជរដ្ឋាភិបាលគឺជាមុំមួយ។ ទាំង ៣ នេះ ត្រូវបំពេញឲ្យគ្នាទៅវិញទៅមក។ ប៉ុន្តែ អ្នកដើរតួគន្លឹះ គឺរាជរដ្ឋាភិបាល។ បើរាជរដ្ឋាភិបាលមិនសម្រេចទេ មិនផ្តល់ឱកាសទេ គឺគ្មានទេសម្រាប់ការងារ គ្មានទេសម្រាប់អ្នកវិនិយោគ គ្មានទេសម្រាប់រោងចក្រឲ្យកម្មករ/ការិនីធ្វើ។ ដូច្នេះ ភារកិច្ចចំបងរបស់ក្មួយៗ គឺត្រូវរួមចំណែករក្សានូវសន្តិភាព ដើម្បីធានានូវការងារធ្វើ និងប្រាក់ចំណូលដែលក្មួយៗ បាន និងកំពុងមាន។ ហើយល្មមដល់ទីបញ្ចប់ហើយ ថ្ងៃនេះ ដោយសារកុំតែមាន selfie ទេណា កុំអីមិនដឹងថាខ្លួនឯងពាក់អាវខុសទេ។ ពីល្ងាច ហាត់ប្រាណដល់ម៉ោងជិត ៩ ព្រោះទទួលភ្ញៀវ ទម្រាំបានហាត់ម៉ោង ៥ ហើយ។ ត្រូវដើរ ២ ម៉ោង ជិះកង់ ១ ម៉ោងទៀត អញ្ចឹងម៉ោងជិត ៩។ ដល់ចុះមកវិញ មុជទឹករួចហើយបាយ។ បាយហើយរៀបចំទាញខោមកដាក់ខ្សែក្រវាត់អីទុកមុន បើមិនរៀបចំខ្លួនឯង នរណាទៅរៀបឲ្យ? ទៅទាញអាវមកថាអាវពណ៌ខៀវលាតទេ ដល់ពេល selfie ទៅឃើញអាវហ្នឹងទេ? ប៉ុន្តែ វាមិនអីទេ អត់ទាស់ខុសអីទេ មួយឈុតដែរ …៕