សេចក្ដីថ្លែងការណ៍ ក្នុងឱកាសកិច្ចពិភាក្សា ទូទៅនៃមហាសន្និបាត អង្គការសហប្រជាជាតិ លើកទី ៧៥
ឯកឧត្តម វ៉ុលកាន បូសគារ ( Volkan Bozkir ) ប្រធានអង្គមហាសន្និបាត អង្គការសហប្រជាជាតិ ឯកឧត្តម អង់តូនីយ៉ូ ហ្គូទែរ៉េស ( Antonio Gouterres ) អគ្គលេខាធិការអង្គការសហប្រជាជាតិ ឯកឧត្តម លោកជំទាវ លោក លោកស្រី ! មហាសន្និបាតនៅឆ្នាំនេះ គឺជាព្រឹត្តិការណ៍ដ៏ពិសេសមួយ ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិរបស់អង្គការសហប្រជាជាតិ ដោយសារមហាសន្និបាតនេះមិនគ្រាន់តែត្រូវបានរៀបចំឡើងជាលើកដំបូង តាមរយៈប្រព័ន្ធវីដេអូប៉ុណ្ណោះទេ ប៉ុន្តែប្រព្រឹត្តទៅក្នុងអំឡុងពេលដែលពិភពលោកបាន និងកំពុងគ្របដណ្តប់ដោយវិបត្តិ និងភាពមិនប្រាកដប្រជាច្រើន។ ជាការពិត ពិភពលោកកំពុងប្រឈមនឹងការគំរាមកំហែងខ្ពស់មិនធ្លាប់ជួបប្រទះក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយនេះ បង្កឡើងដោយឥទ្ធិពលរួមបញ្ចូលគ្នានៃបញ្ហាជាច្រើន រួមមានលទ្ធភាពឈានទៅរក សង្រ្គាមត្រជាក់បែបថ្មី ដែលអាចនាំឱ្យមានការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅក្នុងទិដ្ឋភាពភូមិសាស្ត្រនយោបាយជាសកល ការបន្តរីករាលដាលនៃជំងឺកូវីដ-១៩ ការប្រែប្រួលអាកាសធាតុ និងបរិស្ថាន បញ្ហាភេរវកម្មមិនមែនរដ្ឋ និងភាពអត់ឃ្លាន ទុក្ខវេទនា និងការកេងប្រវ័ញ្ច ដែលធ្វើឱ្យមនុស្សរាប់លាននាក់រងគ្រោះ។ល។ ជាងនេះទៅទៀត អ្វីដែលពិភពលោកកំពុងប្រឈម គឺការផ្លាស់ប្តូរមិនអាចបកក្រោយទៅរក ប្រព័ន្ធពហុប៉ូល ដែលត្រូវបានលេចឡើងតាមរយៈការប្រកួតប្រជែង ឈានទៅរកអារិភាពដ៏តានតឹង រវាងមហាអំណាចធំៗ អមជាមួយនឹងការងើបឡើងនៃមហាអំណាចថ្នាក់កណ្តាលនានា ដែលបោះជំហានយ៉ាងលឿនឆ្ពោះទៅជួរមុខនៃនយោបាយតំបន់។…