សូមថ្វាយបង្គំព្រះថេរានុរត្ថរៈគ្រប់ព្រះអង្គជាទីសក្ការៈ!
សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី!
បងប្អូន កូនក្មួយ ចៅៗ ជនរួមជាតិទាំងអស់ជាទីស្រឡាញ់រាប់អាន!
ថ្ងៃនេះ ជាឱកាសដ៏នក្ខត្ដឫក្សសម្រាប់ប្រជាជនអាស៊ានទាំងអស់ ខណៈដែលយើងប្រារព្ធខួបលើកទី ៥៤ នៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថាអាស៊ាន ប្រកបដោយមោទនភាព។ យើងទាំងអស់គ្នាបានធ្វើដំណើរមកអស់កាលដ៏វែងឆ្ងាយ និងបានរីកចម្រើនគួរជាទីគាប់ចិត្ត ក្នុងគោលដៅ ជំរុញវឌ្ឍនភាពនៃអង្គការថ្នាក់តំបន់មួយនេះឲ្យទៅជានីតិបុគ្គលមួយ ដែលមានភាពស្អិតរមួតផ្ទៃក្នុង និងយកប្រជាជនជាធំ។ ក្នុងថេរវេលាជាង ៥ ទស្សវត្សរ៍ មកនេះ អាស៊ានបានពង្រីកសមាជិកភាពរបស់ខ្លួនដោយបានរួមបញ្ចូលគ្រប់ប្រទេសទាំងអស់ លើកលែងតែប្រទេសមួយគត់ក្នុងតំបន់ និងបានលើកកម្ពស់ការធ្វើសមាហរណកម្មផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម ក្នុងចំណោមប្រទេសជាសមាជិក និងជាមួយដៃគូនានា។ អាស៊ានក៏បានបន្ដពង្រឹងកិត្យានុភាពជាអង្គការតំបន់មួយពោរពេញដោយថាមវ័ន្ដ និងភាពរស់រវើកបំផុត ក្នុងសាកលលោកលើទិដ្ឋភាពសក្ដានុពលសេដ្ឋកិច្ច និងគុណប្រយោជន៍ប្រៀបធៀប។ ក្នុងឆ្នាំនេះ ប្រទេសព្រុយណេដែលជាប្រធានប្ដូរវេនរបស់អាស៊ាន មានឆន្ទៈជំរុញដំណើរអាស៊ានឆ្ពោះទៅមុខបន្ថែមទៀត ក្រោមមូលបទ «យើងយកចិត្តទុកដាក់ យើងត្រៀមលក្ខណៈ យើងរីកចម្រើន» ដែលសក្ដិសមបំផុតជាមួយនឹងបញ្ហាប្រឈមដ៏ស្រួចស្រាល់ផ្នែកភូមិសាស្ដ្រនយោបាយ និងសេដ្ឋកិច្ចសង្គម នាពេលបច្ចុប្បន្ន ដើម្បីឈានឆ្ពោះទៅរកការសម្រេចទស្សនៈវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥។
អាស៊ាន ត្រូវបានបង្កើតឡើងដើម្បីថែរក្សា និងជំរុញការអភិវឌ្ឍប្រកបដោយភាពសុខសាន្ដ និងដើរតួនាទីជាវេទិកាលើកកម្ពស់សុខុមាលភាព និងជីវភាពប្រជាជនក្នុងតំបន់។ ស្មារតីនៃការគោរពគ្នាទៅវិញទៅមកលើឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពដែនដី សមភាព និងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ដែលប្រទេសជាសមាជិកអាស៊ានទាំងអស់បានលើកស្ទួយតាំងពីឆ្នាំ ១៩៦៧ ព្រមទាំងគោលការណ៍កុងសង់ស៊ីស នៅតែបន្តជាគោលការណ៍មាគ៌ាជាមូលដ្ឋានសម្រាប់ដំណើរការកសាងសហគមន៍របស់យើង។ ឈរលើហេតុផលនេះ ជានិច្ចជាកាល អាស៊ានគឺជាផ្នែកមួយដ៏សំខាន់ និងមិនអាចកាត់ផ្តាច់បាននៃនយោបាយការបរទេសរបស់កម្ពុជា។ តាមរយៈក្របខណ្ឌអាស៊ាន យើងមានលទ្ធភាពពង្រីកជាអតិបរមានូវកាលានុវត្តភាព ដើម្បីបង្កើនទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនៅក្នុងតំបន់ និងដៃគូខាងក្រៅទូទាំងសាកលលោក ក្នុងបុព្វហេតុលើកកម្ពស់សន្តិភាពយូរអង្វែង សន្តិសុខ វិបុលភាព និងការអភិវឌ្ឍជាតិលើគ្រប់ទិដ្ឋភាព។
ក្នុងនាមជាអង្គការតំបន់ អាស៊ានទទួលបានជោគជ័យនាពេលកន្លងមក ក្នុងការធានាបានជូនប្រជាជនរបស់ខ្លួននូវសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍជាបន្តបន្ទាប់។ ខាងផ្នែកសេដ្ឋកិច្ច អាស៊ានសម្រេចបាននូវវឌ្ឍនភាពយ៉ាងធំធេង ដោយបានប្រែក្លាយខ្លួនទៅជាអំណាចសេដ្ឋកិច្ចដ៏ធំលំដាប់ទី ៣ នៅទ្វីបអាស៊ី និងលំដាប់ទី ៦ នៅក្នុងសកលលោក។ តែនៅពេលនេះអាស៊ានកំពុងប្រឈមមុខនឹងឧបសគ្គយ៉ាងធំនៅក្នុងដំណើររបស់ខ្លួន។ ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដែលបង្កឡើងដោយការផ្ទុះជំងឺរាតត្បាតកូវីដ-១៩ ចាប់តាំងពីដើមឆ្នាំ ២០២០ មកបានទាញសេដ្ឋកិច្ចតំបន់ និងសាកលលោកឲ្យធ្លាក់ចូលក្នុងវិបត្តិយ៉ាងធ្ងន់ធ្ងរ និងបានបង្កផលបំះពាល់យ៉ាងខ្លាំងដល់ការរស់នៅរបស់ប្រជាជន។ ទន្ទឹមនឹងនេះ កំណើននៃការប្រកួតប្រជែងផ្នែកភូមិសាស្រ្តនយោបាយ និងការប្រឈមមុខដាក់គ្នារវាងប្រទេសមហាអំណាចដែលបានរីករាលដាលទៅជាសង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា បាននិងកំពុងដាក់សម្ពាធកាន់តែធ្ងន់ធ្ងរថែមទៀតដល់សន្តិភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់ទាំងមូល។ នេះយើងមិនទាន់រាប់បញ្ចូលទាំងបញ្ហាប្រឈមមិនប្រពៃណីដែលមានស្រាប់ និងកំពុងលេចឡើងមួយចំនួនទៀតអាស៊ានកំពុងតែជួបប្រទះ មានដូចជាបញ្ហានៃការវិវត្តផ្លាស់ប្តូរដ៏ឆាប់រហ័សផ្នែកបច្ចេកវិទ្យា ការប្រែប្រួលអាកាសធាតុ ការបំផ្លាញបរិស្ថាន ឧក្រិដ្ឋកម្មឆ្លងដែន រួមបញ្ចូលទាំងការជួញដូរគ្រឿងញៀន ជួញដូរមនុស្ស និងបញ្ហាភេរវកម្ម។ល។
គឺក្នុងបរិបទនេះហើយ ដែលមិនដល់ ៥ ខែទៀតទេ កម្ពុជានឹងទទួលជាប្រធានប្តូរវេនរបស់អាស៊ានជាលើកទី ៣ គិតចាប់តាំងពីបានចូលរួមក្នុងសមាគមនេះក្នុងឆ្នាំ ១៩៩៩។ ក្នុងអំឡុងពេលធ្វើជាប្រធានអាស៊ានឆ្នាំ ២០២២ កម្ពុជានឹងបន្តខិតខំប្រឹងប្រែងលើកកម្ពស់យន្តការ ដែលផ្តោតសំខាន់លើការពង្រឹងសកម្មភាពរួមគ្នាជាក់ស្តែង ដោយឈរជាមូលដ្ឋានភាពបើកចំហ ស្មោះត្រង់ សុចរិត សុឆន្ទៈ សាមគ្គីភាពគ្នា និងភាពសុខដុមរមនា នៅក្នុងអាស៊ាន ដើម្បីដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវបញ្ហាប្រឈមរួម ដែលតំបន់យើងទាំងមូលកំពុងជួបប្រទះ។ កាន់តែសំខាន់ជាងនេះទៅទៀត ដោយមានការគាំទ្រ និងសាមគ្គីយ៉ាងរឹងមាំរបស់ប្រទេសសមាជិកអាស៊ាន និងដៃគូខាងក្រៅ កម្ពុជានឹងខិតខំធានាឲ្យបាននូវការផ្តល់ផលប្រយោជន៍ជាក់ស្តែងជូនប្រជាជននៅក្នុងតំបន់ទាំងមូល ដោយមិនទុកអ្នកណាម្នាក់ចោលឡើយ។
អាទិភាពចំពោះមុខរបស់យើងនៅពេលនេះ គឺការធានាឲ្យបាននូវលទ្ធផលជាទីគាប់ចិត្តបន្ថែមទៀត ពីកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ដើម្បីងើបចេញឲ្យផុតពីវិបត្តិវីរុសកូវីដ-១៩ ជាមួយនឹងភាពធន់កាន់តែរឹងមាំខ្លាំងក្លា។ ការងារបន្ទាន់របស់យើងគឺបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តនូវវិធានការនានា ដែលស្ថិតក្រោមយុទ្ធសាស្រ្តទូលំទូលាយទាំង ៥ នៃក្របខណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន ដែលរួមមាន៖ (១) ការពង្រឹងប្រព័ន្ធសុខាភិបាល (២) ការពង្រឹងសន្តិសុខមនុស្សជាតិ (៣) ការពង្រីកសក្ដានុពលទីផ្សារក្នុងតំបន់អាស៊ាន និងសមាហរណកម្មសេដ្ឋកិច្ចកាន់តែទូលំទូលាយ (៤) ការពន្លឿនផ្នែកព័ត៌មានឌីជីថលប្រកបដោយបរិយាប័ន្ន និង (៥) ការបោះជំហានឆ្ពោះទៅរកអនាគតប្រកបដោយចីរភាព និងភាពធន់រឹងមាំ។
កម្ពុជាមានគោលបំណងជំរុញដំណើរការកសាងសហគមន៍អាស៊ាន ដោយផ្ដោតលើការសម្រេចឱ្យបាននូវគោលដៅ និងគំនិតផ្ដួចផ្ដើមសំខាន់ៗដែលបានឯកភាពរួចហើយ ក្រោមផែនការលម្អិតនៃសហគមន៍ទាំងបីរបស់អាស៊ាននៅឆ្នាំ ២០២៥ ក្នុងនោះរួមមានផែនការមេស្ដីពីការតភ្ជាប់អាស៊ានឆ្នាំ ២០២៥ និងផែនការការងារដំណាក់កាលទី ៤ នៃគំនិតផ្ដួចផ្ដើមសម្រាប់សមាហរណកម្មអាស៊ាន។ ទន្ទឹមនេះ យើងប្ដេជ្ញាធ្វើឱ្យអាស៊ាននៅតែជាតំបន់ដែលមានសារៈសំខាន់សម្រាប់ពាណិជ្ជកម្ម វិនិយោគ និងខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក តាមរយៈការបង្កើតនូវផលប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់ និងកិច្ចព្រមព្រៀងស្ដីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលទើបបានចុះហត្ថលេខាកាលពីពេលថ្មីៗនេះ។
នៅពេលដែលយើងត្រៀមការងារមូលដ្ឋាន សម្រាប់រៀបចំចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥ កម្ពុជានឹងបន្តជំរុញឱ្យសហគមន៍អាស៊ានកាន់តែមានភាពរស់រវើក និងសុខដុមរមនាថែមទៀត។ យើងនឹងព្យាយាមលើកកម្ពស់ការពារពលករចំណាកស្រុក និងបង្កើនការគាំទ្រសម្រាប់របៀបវារៈស្ដីពីការអភិវឌ្ឍបៃតង និងប្រកបដោយបរិយាប័ន្ន។ ការផ្លាស់ប្ដូរទៅរកការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) និងសហគ្រិនភាពស្ត្រី និងយុវជន គឺជាវិស័យដែលយើងត្រូវយកចិត្តទុកដាក់។ សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចក្នុងតំបន់របស់យើង ហើយតំណាងឱ្យ ៩៩% នៃស្ថាប័នធុរកិច្ចទាំងអស់ ដែលភាគច្រើនជាកម្មសិទ្ធិរបស់ស្ត្រី (៦០% នៅក្នុងប្រទេសកម្ពុជា) និងបានផ្ដល់ការងារសម្រាប់កម្លាំងពលកម្មជាង ៨០% នៅក្នុងបណ្ដាប្រទេសសមាជិកអាស៊ាន។ ដូច្នេះ ការគាំទ្រដល់វិស័យទាំងនេះ មិនត្រឹមតែជួយដល់ការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយធានាមិនឱ្យយើងមានការខកខានក្នុងការសម្រេចនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។
ខណៈដែលមានការទទួលស្គាល់កាន់តែច្រើនថា ស្ដ្រីមានតួនាទីលើសពីការងារអភិវឌ្ឍសេដ្ឋកិច្ចសង្គម កម្ពុជានឹងជំរុញការគាំទ្រលើរបៀបវារៈស្ដីពីស្ត្រី សន្ដិភាព និងសន្ដិសុខ។ លើសពីនេះទៀត យើងប្រាថ្នាលើកកម្ពស់កិត្តិនាមរបស់អាស៊ានក្នុងឆាកអន្តរជាតិ និងការចូលរួមចំណែកយ៉ាងសកម្មក្នុងប្រតិបត្តិការរក្សាសន្តិភាព និងការកសាងសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាតិតាមរយៈសកម្មភាពនានា ដូចជាសកម្មភាពមនុស្សធម៌លើវិស័យមីន ដែលមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន អាចដើរតួនាទីសំខាន់។
កម្ពុជាពេញចិត្តថែបំប៉នអាស៊ាន ក្នុងនាមជាអង្គការដែលមានទស្សនៈសម្លឹងឆ្ពោះទៅពិភពខាងក្រៅ។ នៅពេលដែលយើងខិតខំផ្សារភ្ជាប់ប្រជាជាតិអាស៊ីអាគ្នេយ៍ទាំងអស់ឱ្យក្លាយជាគ្រួសារដ៏រឹងមាំមួយ យើងក៏នឹងខិតខំបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយថែមទៀតជាមួយដៃគូខាងក្រៅផងដែរ ដោយឈរលើស្មារតីសមភាព ផលប្រយោជន៍ និងការគោរពគ្នាទៅវិញទៅមក។ កម្ពុជានឹងខិតខំស្វែងរកលទ្ធភាពក្នុងការលើកកម្ពស់ភាពជាដៃគូជាមួយដៃគូសន្ទនាអាស៊ានដែលមានស្រាប់ និងពង្រីកបញ្ជីដៃគូខាងក្រៅរបស់អាស៊ាន ដោយផ្អែកលើគោលការណ៍នានារបស់អាស៊ាន រួមទាំងនៅក្នុងទស្សនវិស័យអាស៊ានស្ដីពីឥណ្ឌូ-ប៉ាស៊ីហ្វិក។ ដើម្បីជម្នះនូវនិន្នាការភូមិសាស្រ្តនយោបាយអវិជ្ជមាន យើងប្ដេជ្ញាលើកកម្ពស់របៀបវារៈ ដែលជំរុញស្មារតីសហប្រតិបត្តិការ និងគាំទ្រដល់មជ្ឈភាពអាស៊ាន ក៏ដូចជាភាពស្ងប់ក្សេមក្សាន្ត និងវឌ្ឍនភាពក្នុងតំបន់។
ខ្ញុំព្រះករុណាខ្ញុំ សង្ឃឹមថា ពេលដែលយើងបង្ហូតទង់អាស៊ាននៅថ្ងៃនេះ គ្រប់គ្នានឹងចងចាំនូវដំណើរវែងឆ្ងាយដែលយើងបានឆ្លងកាត់អស់ជាងពាក់កណ្ដាលសតវត្សរ៍កន្លងមកនេះ និងមានមោទនភាពក្នុងនាមជាប្រជាជនអាស៊ាន ចាប់តាំងពីការកកើតអង្គការនេះមក។ នៅពេលដែលយើងបន្តដំណើររួមគ្នាទៅមុខ ខ្ញុំមានជំនឿជឿជាក់ថា អាស៊ានត្រៀមលក្ខណៈបានយ៉ាងល្អ ក្នុងការជម្នះរាល់បញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមក ដើម្បីគូសបញ្ជាក់សាជាថ្មថា យើងមានការប្ដេជ្ញាចិត្ត និងសមត្ថភាព ក្នុងការពង្រឹង និងលើកកម្ពស់សន្តិភាព ស្ថិរភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់សម្រាប់សុខុមាលភាពប្រជាជនរបស់យើង។
ជាទីបញ្ចប់ ទូលបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមប្រគេន ថ្វាយ និងជូនពរដល់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ សម្ដេច ឯកឧត្ដម លោកជំទាវ លោក លោកស្រៅ បងប្អូន កូនក្មួយ ចៅៗ ជនរួមជាតិទាំងអស់ សូមឲ្យប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។