- ឯកឧត្តម លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន;
- ឯកឧត្តម, លោកជំទាវ ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល;
- ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី;
ជាបឋម, ខ្ញុំសូមសម្តែងនូវសេចក្តីរីករាយ និងត្រេកអរយ៉ាងក្រៃលែង ដោយបានចូលរួមថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ និងសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែលបានរៀបចំ វេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាប ថៃយាន ឆ្នាំ ២០២១ ក្រោមមូលបទ «ថាមពល អាកាសធាតុ បរិស្ថាន» ដ៏មានសារៈសំខាន់នេះឡើង។
ក្នុងបរិការណ៍ដែលពិភពលោកទាំងមូល បាននិងកំពុងប្រយុទ្ធនឹងជំងឺកូវីដ-១៩, ការរៀបចំវេទិកានេះ គឺជាការក្រើនរំលឹកកុំឱ្យយើងទាំងអស់គ្នា បំភ្លេចចោលនូវបញ្ហាថាមពល អាកាសធាតុ និងបរិស្ថាន ដែលទាមទារឱ្យបន្តមានការយកចិត្តទុកដាក់ និងការទទួលខុសត្រូវ តាមរយៈការគិតគូរជាប់ជានិច្ច ក្នុង ការស្វែងរកដំណោះស្រាយសកលរួម។ ក្នុងបរិការណ៍ដែលបណ្តាប្រទេសជាច្រើន បាននិងកំពុងគិតគូររៀបចំផែនការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ, ការរៀបចំវេទិកានេះ នឹងបង្កើតជាកាលានុវត្តភាពដ៏ល្អមួយ ក្នុងការជំរុញសន្ទុះនៃការអភិវឌ្ឍថាមពលកាបូនទាប សំដៅដោះស្រាយបញ្ហាថាមពល អាកាសធាតុ និង បរិស្ថាន និងឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងគោលដៅនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីការប្រែប្រួលអាកាសធាតុ។
ជាការពិត បញ្ហាថាមពល អាកាសធាតុ និងបរិស្ថាន ជាពិសេសការប្រែប្រួលអាកាសធាតុ នៅតែជាបញ្ហាប្រឈមដ៏ចម្បង និងក្ដៅគគុក សម្រាប់មនុស្សជាតិទាំងមូល ដែលបន្តគំរាមកំហែងដល់សុខភាពមនុស្ស សន្តិសុខស្បៀង ហេដ្ឋារចនាសម្ព័ន្ធសង្គម-សេដ្ឋកិច្ច និងប្រព័ន្ធអេកូឡូស៊ីជារួម ជាពិសេសតាមរយៈការបង្កនូវគ្រោះធម្មជាតិ ដូចជាគ្រោះទឹកជំនន់ និងភ្លើងឆេះព្រៃ ជាដើម។ ការណ៍នេះ ឆ្លុះបញ្ចាំងឱ្យឃើញពីភាពចាំបាច់នៃ «ការធ្វើបដិវត្តថាមពល ឱ្យបានលឿន និងប្រកបដោយយុត្តិធម៌ និងសមធម៌ ដើម្បីផ្លាស់ប្តូរពីការផលិត និងប្រើប្រាស់ថាមពលដែលបញ្ចេញកាបូនច្រើនទៅក្នុងបរិយាកាស ឆ្ពោះទៅការផលិត និងប្រើប្រាស់ថាមពលស្អាត, អាចកកើតឡើងវិញ និងមានប្រសិទ្ធភាពជាងមុន»។ ជាមួយគ្នានេះ ការអភិវឌ្ឍថាមពលកាបូនទាប ដូចជាបច្ចេកវិទ្យាធ្យូងថ្មស្អាត ការប្រើប្រាស់បច្ចេកវិទ្យាស្តុកទុកកាបូន ការប្រើបច្ចេកវិទ្យាផលិតអុីដ្រូហ្សែនពីធ្យូងថ្ម ជាដើម នឹងក្លាយជាវិធីសាស្ត្រដ៏ចាំបាច់ក្នុងការប្រយុទ្ធនឹងការប្រែប្រួលអាកាសធាតុក្នុងទ្រង់ទ្រាយធំ។
- ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!
ថ្វីត្បិតតែកម្ពុជាជាប្រទេស ដែលមានកម្រិតនៃការអភិវឌ្ឍទាប រាជរដ្ឋាភិបាលកម្ពុជាមានការប្តេជ្ញាចិត្តខ្ពស់ និងកំណត់យកបញ្ហាថាមពល អាកាសធាតុ និងបរិស្ថាន ជារបៀបវារៈគោលនយោបាយដ៏សំខាន់ និងសម្រាប់រយៈពេលវែង ក្រោមអភិក្រម “ជាបញ្ហារួម ប៉ុន្តែការអនុវត្តផ្សេងៗគ្នាទៅតាមការទទួលខុសត្រូវ និងសមត្ថភាពរៀងៗខ្លួន”។ ជាក់ស្តែង, កាលពីថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០, កម្ពុជាបានដាក់ជូនលេខាធិការដ្ឋាននៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ នូវ របាយការណ៍បច្ចុប្បន្នភាពនៃការចូលរួមចំណែករបស់ជាតិ ដោយបានកំណត់គោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបានប្រមាណ ៦៤,៦ លានតោនសមមូលឧស្ម័នកាបូនិក ត្រឹមឆ្នាំ ២០៣០ នៅក្នុងវិស័យព្រៃឈើ ថាមពល ឧស្សាហកម្ម កសិកម្ម និងការគ្រប់គ្រងសំណល់។ បន្ថែមលើនេះ កម្ពុជាក៏បាននិងកំពុងខិតខំរៀបចំយុទ្ធសាស្ត្ររយៈពេលវែង ប្រកបដោយអព្យាក្រឹតភាពកាបូន ដោយរំពឹងថានឹងចប់សព្វគ្រប់នៅចុងឆ្នាំ ២០២១ នេះ។
ការដោះស្រាយបញ្ហាថាមពល អាកាសធាតុ និងបរិស្ថាន គឺជាកិច្ចការដ៏លំបាកមួយ ដែលទាមទារឱ្យមានការចូលរួម ប្រកបដោយស្មារតីទទួលខុសត្រូវ និងការប្តេជ្ញាចិត្តខ្ពស់ ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ ក្នុងន័យនេះ ខ្ញុំសូមអំពាវនាវឱ្យមានការពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងគ្រប់ភាគីពាក់ព័ន្ធ ក្នុងគោលបំណងបង្កើតឱ្យបាននូវអនាគតបៃតងរួមគ្នាមួយ ប្រកបដោយចីរភាព ដោយមិនទុកនរណាម្នាក់ចោលនោះឡើយ។ ខ្ញុំក៏សូមអំពាវនាវផងដែរ ឱ្យមានការប្តេជ្ញាចិត្តផ្នែកនយោបាយ ក្នុងការចូលរួមឱ្យអស់លទ្ធភាពពីគ្រប់ប្រទេសទាំងអស់ នៅតាមដំណាក់កាលនៃការអភិវឌ្ឍប្រទេសនីមួយៗរបស់ខ្លួន ក្នុងការជំរុញកំណើនបៃតង ការកាត់បន្ថយការបញ្ចេញកាបូន និងការធានាឱ្យប្រជាពលរដ្ឋគ្រប់រូប ទទួលបាននូវថាមពលនិរន្តរភាព ក្នុងតម្លៃសមរម្យ និងមានការបញ្ចេញកាបូនទាប។ ជាមួយគ្នានេះ ខ្ញុំក៏សូមលើកទឹកចិត្តឱ្យមានការជួយគ្នាទៅវិញទៅមក ប្រកបដោយស្មារតីសាមគ្គីភាព ជាពិសេសតាមរយៈ ការផ្ទេរបច្ចេកវិទ្យា និងការផ្តល់ហិរញ្ញប្បទាន ជាពិសេសទៅដល់បណ្តាប្រទេសដែលមានធនធានទាប។
ទន្ទឹមនេះ កម្ពុជាក៏បានកត់សម្គាល់ដោយយកចិត្តទុកដាក់ផងដែរ នូវគំនិតផ្តួចផ្តើមបង្កើតផែនការពាណិជ្ជកម្មទីផ្សារជួញដូរកាបូននៅក្នុងប្រទេសចិន។ ប្រទេសកម្ពុជាទទួលបានជោគជ័យក្នុងការចូលរួម ទីផ្សារកាបូនស្ម័គ្រចិត្តក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ ហើយកម្ពុជាកំពុងរៀបចំការងារមួយចំនួនបន្ថែមទៀតនៅក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ។ កម្ពុជាចាត់ទុកឥណទានកាបូនជាប្រភពធនធានហិរញ្ញប្បទានប្រកបដោយចីរភាពដ៏សំខាន់មួយ សម្រាប់សកម្មភាពកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ហើយកម្ពុជាបើកចំហទទួលការចូលរួមនូវក្នុងភាពជាដៃគូជាមួយបណ្តាប្រទេស និងវិស័យឯកជននានាដែលមានចំណាប់អារម្មណ៍។
ជាទីបញ្ចប់ ខ្ញុំសូមជូនពរឱ្យវេទិកានេះប្រព្រឹត្តទៅ ប្រកបដោយភាពជោគជ័យ និងសូមជូនពរឱ្យឯកឧត្តម លោកជំទាវ លោក លោកស្រី មានសុខភាពល្អបរិបូរណ៍ និងទទួលបានជោគជ័យចំពោះគ្រប់ភារកិច្ច។
សូមអរគុណ!