ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយណាស់ ដែលបានមកជួបជាមួយនឹង ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា ពិសេសចំពោះនិស្សិត គរុនិស្សិតកម្រិតឧត្តម និងគរុសិស្សកម្រិតមូលដ្ឋាន នៃវិទ្យា ស្ថានជាតិអប់រំ ចំនួន ៨៨៤ នាក់។ បើគិតរាប់ពីដំបូងមក នេះគឺលើកទី ១៩ ដែលខ្ញុំមកកាន់ទីនេះ … យើងមិនដែលមានថាអាក់ខានពេលណានោះទេ ព្រោះជាមានតម្រូវការអោយធ្វើការផ្តាំផ្ញើ មុននឹងពេលដែល អស់លោក លោកស្រី នាងកញ្ញា ទៅបង្រៀននៅតាមមូលដ្ឋាន។
ការដាំធនធានមនុស្សត្រូវការពេលយូរជាងដាំដើមឈើ
ដូចដែល ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន បានលើកឡើងនៅក្នុងរបាយការណ៍អម្បាញ់មិញ អំពីវឌ្ឍន ភាពនៃវិស័យអប់រំរបស់យើង ហើយស្ថានភាពនេះ បើយើងក្រឡេកមើលទៅខាងក្រោយវិញ យើងបានដើរ ឆ្ងាយចេញពីចំណុចចេញដំណើរមកហើយ ប៉ុន្តែ យើងក៏ត្រូវព្យាករមើលទៅអនាគតថា យើងក៏ត្រូវមានដំណើរវែងឆ្ងាយ និងត្រូវការវិនិយោគបន្ថែមទៀត ទៅលើវិស័យអប់រំនេះ។ ប្រៀបធៀបជាមួយនឹងការដាំដុះ និងការទទួលផលពីការដាំដុះ គឺខុសគ្នាឆ្ងាយណាស់។ ការដាំដុះស្រូវ ដំណាំកសិផលផ្សេងៗ ឬដំណាំ ឧស្សាហកម្ម បើនិយាយពីកៅស៊ូ យើងប្រើត្រឹមកម្រិតតែ ៥ ឆ្នាំ ឥឡូវ ពូជគេថ្មីៗត្រឹមតែ ៤-៥ ឆ្នាំ គឺអាច ចាក់ជ័រកៅស៊ូបានហើយ។ តែបើប្រៀបធៀបទៅនឹងវិស័យអប់រំ ចំណាយលើបញ្ហាកាប់ព្រៃ លើការកាប់រណ្តៅ ដើម្បីដាំកូនកៅស៊ូ និងថែទាំកូនកៅស៊ូឲ្យលូតលាស់សម្រាប់ការទទួលផលនោះ គឺរយៈពេល ៥ ឆ្នាំ ហើយចំណាយដើមទុនក៏វាមិនធំពេកដែរ។ ប៉ុន្តែ សម្រាប់ការដាំមនុស្សវាមិនដូច្នោះទេ។ ដើម្បីទទួលបានបរិញ្ញា(បត្រ) គឺយើងត្រូវប្រើពេល ១៦ ឆ្នាំ ហើយនិងសម្រាប់ចេញទៅធ្វើគ្រូបង្រៀនសាស្រ្តាចារ្យនៅទីនេះ យើងត្រូវថែម ១ ឆ្នាំ ទៀត (ត្រូវជា) ១៧ ឆ្នាំ ទើបអាចទៅរួច …។
ត្រូវបង្កើនការយកចិត្តទុកដាក់លើហេដ្ឋារចនាសម្ព័ន្ធទាក់ទងនឹងវិស័យអប់រំ
ខ្ញុំបានធ្វើដំណើរទៅតាមខេត្តនានាតាមរថយន្ត ហើយភាគច្រើនបំផុត ខ្ញុំចុះទៅតាមសាលារៀន។ ខ្ញុំបាន សង្កេតឃើញសាលារៀនមួយចំនួន ដល់ពេលវេលាដែលត្រូវ មិនគ្រាន់តែជាការជួសជុលទេ តែត្រូវវាយសំណង់នោះចោល ដើម្បីធានានូវសុវត្ថិភាពសិស្ស និងគ្រូ ហើយត្រូវដាក់ទុនកសាងថ្មីបន្ថែមតែម្តង។ ដូចជាសាលាមួយចំនួន ដែលខ្ញុំបានបញ្ជូនកសាងនៅក្នុងឆ្នាំ ១៩៩៥-១៩៩៦ ជាពិសេស នៅក្នុងតំបន់សមាហរណកម្ម មិនអាចទុកឲ្យបន្តប្រថុយប្រថានតទៅទៀតទេ។ ពេលនោះយើងលំបាកដឹកសម្ភារៈសំណង់ចូលទៅទីនោះ ហើយជាងនៅពេលនោះ មានកន្លែងខ្លះគ្រុនចាញ់ រហូតគ្រោះថ្នាក់ដល់ជីវិតក៏មានដែរ។ អញ្ចឹង យើងធ្វើតាំងពីពេលនោះ មកដល់ពេលនេះរយៈពេល ២០ ឆ្នាំ វាល្មម។ កន្លែងខ្លះក៏នៅប្រើបាន កន្លែងខ្លះក៏ប្រើលែងបាន។ អញ្ចឹង តម្រូវការនៃការបោះទុនចូល ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ សម្រាប់សេចក្តីត្រូវការនៃវិស័យអប់រំ នៅតែមានជាបន្ត ទាំងត្រូវការកសាងថែម និងកសាងថ្មី ជួសជុលជំនួសអគារចាស់។
អគារខ្លះដែលបន្សល់ទុកតាំងពីមុនសង្គ្រាមឆ្នាំ ១៩៧០ ដូចជានៅខេត្តក្រចេះ ខ្ញុំទៅតាមទាន់ ២ កន្លែង។ ខេត្តក្រចេះ និងខេត្តកំពង់ចាម ខ្ញុំគិតថា ជាការប្រថុយប្រថាននឹងគ្រោះថា្នក់ពេកហើយ។ ប៉ុន្តែ នៅកំពង់ចាម បឹងកុកហ្នឹង ខ្ញុំទៅសម្ពោធប៉ុន្មានថ្ងៃមុននោះ គឺបានដោះស្រាយរួចហើយ គឺថាពេលនោះ សាស្រ្តាចារ្យ ដែលចេញពីវិទ្យាស្ថានយើងហ្នឹង គាត់ក៏ជាសាស្រ្តាចារ្យបរិញ្ញាបូកមួយ ធ្លាប់ទទួលសញ្ញាបត្រពីខ្ញុំ ២ ដងដែរ ព្រោះខ្ញុំធ្លាប់ប្រគល់សញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញម្តង និងផ្តល់នៅនេះ(វិទ្យាស្ថានជាតិអប់រំ)ម្តង។ ថ្ងៃនោះ ស្រាប់តែគាត់ចូលមក comment ក្នុងហ្វេសប៊ុករបស់ខ្ញុំ គាត់ថា សម្តេច! អញ្ជើញសម្តេចមកមើលសំណង់អនុវិទ្យាល័យបឹងកុកផង។ អញ្ចឹង ខ្ញុំចុះពីលើផ្ទះមក អ្នកខាងក្រោមអត់ដឹងទេ គេរៀបចំផ្លូវមួយផ្សេងឲ្យខ្ញុំទៅប្រជុំ។ ខ្ញុំថា ឥឡូវទៅអនុវិទ្យាល័យ បឹងកុក។ គេនាំខ្ញុំ មិនទៅទីនោះ ទៅចេញនៅពុទ្ធិកវិទ្យាល័យឯណោះ។ ខ្ញុំវាយតបទៅជាមួយនឹងលោកនាយកសាលាហ្នឹងថា ខ្ញុំកំពុងធ្វើដំណើរទៅហើយ។ ប៉ុន្តែ ដោយសារថ្ងៃនេះជាថ្ងៃអាទិត្យផង គាត់រវល់បោសសម្អាតផ្ទះអីជាដើម គាត់មិនបានមើលការឆ្លើយតបរបស់ខ្ញុំ។ អញ្ចឹង យើងទៅដល់ជួបគ្រូអី បានរៀបចំវាយសំណង់ហ្នឹងចោល ឡើងសំណង់ថ្មី ៣ ជាន់។ អញ្ចឹងឥឡូវបានដាក់បង្កើតពីអនុវិទ្យាល័យ ទៅជាវិទ្យាល័យហើយ។
សំណង់ទាក់ទងនឹងវិស័យអប់រំ ត្រូវបានធ្វើវិមជ្ឈការទៅកាន់ថ្នាក់មូលដ្ឋាន
នៅក្រុងក្រចេះ កាន់តែធ្ងន់ធ្ងរទៀត។ ពេលហ្នឹងចេះគាប់ជួនជិះឡានទៅមើលផ្សារ ខ្ញុំក៏ចូលទៅក្នុងអនុវិទ្យា ល័យហ្នឹង ដោយសាលានោះមានអគាររបស់ខ្ញុំ ១ ខ្នង ២ ជាន់ នៅក្នុងហ្នឹងស្រាប់។ តែមកមើលខាងណេះ ស្ទើរតែបាក់។ ហើយបើសិនជាបាក់ ងាប់ក្មេងរាប់សិបរាប់រយនាក់។ អញ្ចឹងទេបាន ជាខ្ញុំតម្រូវធ្វើកន្លែងហ្នឹង គឺថា ឲ្យ ១ ខ្នង ៣ ជាន់។ រៀបចំដូចជាអក្សរ U ដូចជា ៦០ ជាងបន្ទប់។ ថ្ងៃ ២៧ នេះនឹងទៅសម្ពោធ។ អញ្ចឹង កន្លែងខ្លះគឺត្រូវតែពិនិត្យ ហើយសូមអំពាវនាវឲ្យមានការទទួលខុសត្រូវមួយ អំពីបញ្ហាទាក់ទិននឹងសំណង់ពាក់ព័ន្ធនឹងការសិក្សា។ កន្លែងណាដែលអាចបញ្ជៀសបាន គឺបញ្ជៀស។ ខិតខំអាទិភាពវិនិយោគទៅកាន់កន្លែងដែលត្រូវការមុន។ មិនអាចទុកឲ្យប្រថុយប្រថានអញ្ចឹងទេ។
យើងបានធ្វើវិមជ្ឈការរឿងនេះ ទៅថ្នាក់មូលដ្ឋានហើយ ក៏សូមអំពាវនាវដល់ថ្នាក់មូលដ្ឋាន បើទោះបីមិនបានធ្វើវិមជ្ឈការ ឬវិសហមជ្ឈការ ដែលផ្ទេរអំណាចទៅថ្នាក់មូលដ្ឋានក៏ដោយចុះ អាជ្ញាធរដែនដី អាជ្ញាធរថ្នាក់ក្រោមជាតិ ក៏ត្រូវមានការទទួលខុសត្រូវទៅលើសំណង់ទាក់ទងនឹងវិស័យអប់រំ។ តែយ៉ាងណាក៏ដោយ ខ្ញុំមើលឃើញថា តម្រូវការ និងជំហានរីកចម្រើន ផ្សារភ្ជាប់ជាមួយនិងតម្រូវការធនធានមនុស្សរបស់យើង បានវិវឌ្ឍមកដល់ដំណាក់កាលថ្មីមួយ ដែលជាដំណាក់កាលកម្ពុជាមានមោទនភាព។ ទន្ទឹមនឹងបញ្ហាប្រឈមដែលនៅសេសសល់ ដែលយើងត្រូវដោះស្រាយ យើងពិតជាមានមោទនភាព ដោយសារយើងមានធនធានមនុស្សឆ្លើយតបទៅនឹងតម្រូវការនៃកិច្ចការក្នុងប្រទេសផង កិច្ចការក្នុងតំបន់ផង និងកិច្ចការក្នុងក្របខណ្ឌអន្តរជាតិផង។
ពង្រឹងធនធានមនុស្សបន្ត ឆ្លើយតបជាមួយតម្រូវការដទៃទៀត
ដូចជាឥឡូវនេះ នៅក្នុងទីក្រុងសៀមរាប យើងកំពុងតែដឹកនាំការប្រជុំ ជាប្រទេសសម្របសម្រួលនៃប្រទេស អភិវឌ្ឍន៍តិចតួច ក្រោមក្របខណ្ឌនៃអង្គការពាណិជ្ជកម្មពិភពលោក ហើយមានភារកិច្ចដើម្បីនឹងជួយទៅ ដល់ប្រទេសទីម័រលេស្ត ដើម្បីរៀបចំខ្លួនចូលក្នុងអង្គការពាណិជ្ជកម្មពិភពលោក។ ជាមួយគ្នានេះ ធនធាន មនុស្សរបស់យើង ក៏បានឆ្លើយតបទៅនឹងតម្រូវការរបស់អង្គការសហប្រជាជាតិ ដែលមានតម្រូវការទាក់ ទងនឹងការរក្សាសន្តិភាព ការបំផ្លាញចោលគ្រាប់មីន ការត្រួតពិនិត្យ បទឈប់បាញ់ និងការស្តារហេដ្ឋារចនាសម្ព័ន្ធនៅតាមប្រទេសខ្លះ រាប់ទាំងព្រលានយន្តហោះ ដូចជានៅប្រទេសម៉ាលីជាដើម។ ធនធានមនុស្សរបស់យើង ឆ្លើយតបបានកម្រិតរហូតទៅដល់យើងមានមន្ទីរពេទ្យកម្រិត ២ ដែលមិនគ្រាន់តែផ្តល់នូវការព្យាបាលសម្រាប់ប្រជាជននៅស៊ូដង់ខាងត្បូងទេ ក៏ប៉ុន្តែ បានក្លាយទៅជាកន្លែងព្យាបាលសម្រាប់ជនបរទេស ដែលទៅធ្វើការនៅស៊ូដង់ខាងត្បូងផងដែរ។
យើងមានធនធានមនុស្ស ដើម្បីឆ្លើយតបជាមួយតម្រូវការដទៃទៀត និយាយយ៉ាងដូច្នេះ មិនមែនបានសេចក្តីថា គ្រប់យ៉ាងយើងមានទាំងអស់ទេ។ យើងនៅខ្វះ។ យើងត្រូវការពង្រឹងបន្តទៅទៀត។ ប៉ុន្តែ បើប្រៀបធៀបនៅពេលដែលចេញដំណើរ គឺមានការលំបាកណាស់។ ថ្ងៃមុនខ្ញុំជួបជាមួយនឹងមន្រ្តីការទូត ដែលឯកឧត្តមទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស អញ្ជើញអ្នកការទូតមកចូលរួមប្រជុំនៅទីក្រុងភ្នំពេញ ខ្ញុំរំលឹកអំពីការចាប់ផ្តើមរបស់យើងវាយ៉ាងណា។ ក្រសួងការបរទេសមួយកសាងក្នុងមនុស្សតែ ៣ នាក់ តែប៉ុណ្ណោះ។ ឥឡូវ យើងមានមន្រ្តីការទូតច្រើន ដែលពង្រាយជាអ្នកការទូត ធ្វើការជាមួយដៃគូក្នុងក្របខណ្ឌតំបន់ និងពិភពលោក ហើយយើងធ្វើការជាមួយដៃគូនៅក្នុងប្រទេស។
ឥឡូវ យើងមានអ្នកជំនាញការរបស់យើងនៅក្រៅប្រទេស ដូចជានៅទីម័រលេស្ត។ នៅពេលដែលខ្ញុំទស្សនកិច្ច បងប្អូនខ្មែរយើងមួយចំនួន ដែលជាជំនាញការ ហើយដែលត្រូវអង្គការអន្តរជាតិនានា ជួលទៅអោយធ្វើជាជំនាញការនៅទីនោះ បានជួបគួរសមជាមួយខ្ញុំ។ ពីមុនយើងត្រូវការអ្នកដទៃជួយយើង ឥឡូវយើងត្រូវប្រឹងប្រែងដើម្បីកាត់បន្ថយ ហើយគេប្រើប្រាស់នូវជនជាតិរបស់យើងដើម្បីធ្វើការ។ ឯយើងក៏មានតម្រូវការធនធានមនុស្សរបស់យើង ដើម្បីនឹងធ្វើការដែរ …។
មន្ត្រីរាជការស៊ីវិល កុំច្រណែនជាមួយគ្រូបង្រៀន និងគ្រូពេទ្យ ដែលមានប្រាក់ខែខ្ពស់ជាង
ថវិកាពីមួយឆ្នាំទៅមួយឆ្នាំ យើងបង្កើនទៅតាមទំហំនៃអាទិភាពសម្រាប់វិស័យអប់រំ ជាពិសេស គឺវិស័យធនធានមនុស្សនេះតែម្តង។ ខ្ញុំអាចនិយាយបានថា អម្បាញ់មិញ គឺឯកឧត្តម ហង់ ជួនណារ៉ុន បានលើកឡើងហើយពាក់ព័ន្ធជាមួយនឹងបញ្ហាបៀវត្សរ៍ ដែលខ្ញុំសុំយកឱកាសនេះ អំពាវនាវឲ្យខាងប្រដាប់អាវុធ ឬក៏ផ្នែកដទៃទៀត កុំច្រណែនជាមួយនឹងគ្រូបង្រៀន ព្រោះគ្រូបង្រៀន និងគ្រូពេទ្យ ប្រាក់ខែខ្ពស់ជាងគេ។ ប៉ុន្តែ ខ្ញុំគិតថា កងកម្លាំងប្រដាប់អាវុធ ជាកងទ័ពក្តី ជានគរបាលក្តី និងមន្រ្តីរាជការក្តី មិនច្រណែនជាមួយគ្រូបង្រៀន និងគ្រូពេទ្យទេ ដោយសារតែកូនចៅរបស់គាត់ ក៏ត្រូវការគ្រូបង្រៀនកូនរបស់គាត់ និងចៅរបស់គាត់ក៏ត្រូវការគ្រូពេទ្យដែរ។ អញ្ចឹងទេ នៅពេលខាងមុខ ខ្ញុំនិយាយពីរឿងមន្រ្តីរាជការស៊ីវិល ប្រាក់ខែកាលពីឆ្នាំ ២០១៦ ៧០០.៥០០ រៀល ឥឡូវឡើងដល់ ៧៥៣.៥០០ រៀល ហើយដល់ខែ មេសា ខាងមុខនេះ នៅប៉ុន្មានថ្ងៃទៀតនេះ។ ស្អែកនេះចាប់ផ្តើមបើកលុយបាន ថ្ងៃទី ២៣ ។
… ខ្ញុំនិយាយអំពីបញ្ហា តើរាជរដ្ឋាភិបាលត្រូវគិតប៉ុនណា? ព្រោះទំហំសាច់ប្រាក់ចេញទៅវាខ្លាំងពេក ទំហំសាច់ប្រាក់ចេញទៅយ៉ាងម៉េច? បើកចុងខែ ៣ ចាប់ពីថ្ងៃ ២៣ បើកលុយបានហើយ។ ដល់ថ្ងៃ ២៨ បានចប់។ ដល់ខែនេះចូលឆ្នាំ ឯណាឡើងបៀវត្សរ៍ផង ឯណាប្រាក់ឧបត្ថម្ភម្នាក់ ៥ ម៉ឺន(រៀល)ផង ឯណាបើកមុនចូលឆ្នាំទៀតផង។ អញ្ចឹង អាហ្នឹងប្រាក់ហូរចូលទីផ្សារវាធំ។ ដូច្នេះ វិធានការទប់ទល់វាត្រូវតែមាន ដើម្បីចៀសវាងនូវប្រាក់ចុះថោក។ ប៉ុន្មានថ្ងៃនេះ យើងចំណាំមើលក្រឹត្យក្រមរបស់វា ហេតុអីបានជាយើងយកពេលហ្នឹងដើម្បីតម្លើងប្រាក់មុខងារ? ដោយសារពេលហ្នឹងជាពេលវេលា នៃតម្រូវការសាច់ប្រាក់រៀលច្រើន អញ្ចឹងឥឡូវអត្រាប្តូរប្រាក់នៅក្នុងទីផ្សារ គឺនៅជុំវិញ ៤.០០០ (រៀល)។ មានថ្ងៃខ្លះធ្លាក់ក្រោម ៤.០០០ (រៀល)ទៅទៀត។ ដល់ទៅខែ ឧសភា មិនអាចរង់ចាំដល់ថ្ងៃ ២៣ បានទេ ត្រូវបើកក្នុងសប្តាហ៍ទី ៣ វិញ ព្រោះលុយបើកពីមុនចូលឆ្នាំចាយអស់ …។
ឥឡូវ ខ្ញុំនិយាយអំពីបញ្ហាមន្រ្តីរាជការស៊ីវិល និងឡើងទៅដល់ ៨៥៣.៥០០ រៀល ។ អញ្ចឹង មន្រ្តីរាជការស៊ីវិល សុំមេត្តាកុំច្រណែនជាមួយគ្រូ។ ឥឡូវ និយាយពីគ្រូបង្រៀន។ គ្រូបង្រៀនកាលពីឆ្នាំទៅនេះ មានប្រាក់បៀវត្សរ៍ ចំនួន ៨០០.៥០០ រៀល ដល់មកខែ មករា កន្លងទៅនេះ ឡើង ៨៥០.៣៥០ រៀល។ ហ្នឹងនិយាយទាបបំផុត ខ្ញុំអត់និយាយអាខ្ពស់។ ដល់ទៅដល់ខែ មេសា ខាងមុខនេះ នឹងឡើងទៅដល់ ៩៥៣.៥០០ រៀល។ នេះជាចំនួនទឹកប្រាក់មួយដែលមានការខិតខំ។ អញ្ចឹង ឡើងដល់ទៅ បើគិតទៅសរុបជាង ១៥ ម៉ឺនរៀល មិនទាន់គិតប្រាក់តំបន់ ប្រាក់តំបន់នៅមាន ៨ ម៉ឺន ១០ ម៉ឺន និង ១២ ម៉ឺន។ ខ្ញុំសូមអបអរសាទរ អរគុណ និងកោតសរសើរ ចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលធ្វើកិច្ចការនេះបានល្អ។ ខ្ញុំទៅគ្រប់កន្លែង ដំបូងខ្ញុំសួរអារឿងហ្នឹងតែម្តង។ បើកប្រាក់ខែទាន់ទេ។ (ថា)ទាន់។ បានសេចក្តីថាបើកតាមធនាគារ។ ខ្ញុំសុំមើលទាំងប័ណ្ណបើកប្រាក់ហ្នឹងទៀត ទៅដល់ធនាគារមានលុយឬអត់ ថាមាន ឥឡូវហ្នឹង។
ចំពោះកម្លាំងប្រដាប់អាវុធវិញ គឺនគរបាលជាតិ ពលបាលត្រី ឡើងទៅ ៩៣៧,៩៧៧ រៀល បើគិតរបបអង្ករ។ ដល់ទៅខាងកងទ័ពពលទោដែលទាបជាងគេ ៨៨០,៩៧៧ រៀល ដោយមិនគិតរបបអង្ករ ព្រោះរបបអង្ករមិនអាចឲ្យលុយទៅទិញអង្ករបានទេ។ កងទ័ពរាយប៉ាយអត់ជុំគ្នាមិនបានទេ។ អាហ្នឹង គិតអង្ករផ្សេង ដឹងតែលុយនេះយកទៅផ្ទះ។ អញ្ចឹងទេ គ្រូពេទ្យក៏ដូចគ្នា ប្រាក់ខែគ្រូពេទ្យ និងគ្រូបង្រៀនដូចគ្នា។ ដូច្នេះហើយបានជាយើងមានតម្រូវការទាក់ទិននឹងការប្រមូលចំណូល ទាក់ទងជាមួយនឹងការរៀបចំតម្លើងបៀវត្សរ៍យ៉ាងណា ដើម្បីជៀសវាងកុំឲ្យមានអតិផរណា។ ខ្ញុំសូមជម្រាបថា នាយករដ្ឋមន្ត្រីដែលលំបាកជាងគេ គឺនាយករដ្ឋមន្ត្រីអត់សាច់ប្រាក់។ នេះជាបញ្ហាធំ។ អត់សាច់ប្រាក់ មានលុយ មានលិខិតបើកប្រាក់ ប៉ុន្តែ ទៅដល់អត់មានប្រាក់បើកធ្វើម៉េច? អាហ្នឹងហើយដែលនាយករដ្ឋមន្ត្រីពិបាកជាងគេនោះ ហើយនាយករដ្ឋមន្ត្រីដែលសប្បាយចិត្តជាងគេ គឺនាយករដ្ឋមន្ត្រីមានសាច់ប្រាក់ មិនមែននាយករដ្ឋមន្ត្រីកាន់ខ្លួនឯងទេ ប៉ុន្តែរតនាគារមានសាច់ប្រាក់ ហើយរតនាគារបានបញ្ជូនទៅតាមបណ្តាសាខាធនាគារ ដែលលោកគ្រូ អ្នកគ្រូមន្ត្រីរាជការកម្លាំងប្រដាប់អាវុធរបស់យើង ជាអ្នកបើកនៅកន្លែងហ្នឹង។
គរុកោសល្យនៅតាមភូមិភាគបច្ចុប្បន្នឈានដល់ ១២+៤
… យើងត្រូវខិតខំបន្តរួមគ្នា ដើម្បីដោះស្រាយ ហើយទៅខាងមុខ យើងនឹងឈានបន្ត ដើម្បីពង្រឹងគុណភាពនៃសាលាគរុកោសល្យទៅតាមភូមិភាគ និងទៅតាមខេត្ត ដែលទិសដៅរបស់ក្រសួងអប់រំខាងមុខនេះ គឺថា គរុកោសល្យនៅតាមភូមិភាគ ១២+៤ អញ្ចឹងស្មើនឹងបរិញ្ញាដដែល។ ប៉ុន្តែ រយៈពេលកន្លងទៅនេះ ក្នុងពេលដែលខ្ញុំធ្វើដំណើរចុះតាមខេត្ត ខ្ញុំឃើញថា បញ្ហាផ្ទះគ្រូ និងផ្ទះសិស្សនៅតាមវិទ្យាល័យ ក៏ជាចំណោទ ដែលកន្លងទៅនេះ មិនដឹងថាអម្បាញ់មិញ គឺរាប់ទាំងចំនួនផ្ទះគ្រូឬអត់ទេ? អត់ទេ ផ្ទះគ្រូដូចជាច្រើនណាស់ ព្រោះធ្វើច្រើនដែរ។ ព្រោះគ្រូទៅពីចម្ងាយ។ អញ្ចឹង គ្រប់កន្លែងដូចជាវិទ្យាល័យ ដូចជាបានផ្តល់ផ្ទះគ្រូ ៥៩ ខ្នង ស្មើនឹង ៦២០ បន្ទប់ សុទ្ធតែ ២ ជាន់ទាំងអស់ ប៉ុន្តែ ប្រាប់ឲ្យហើយថា បើសិស្ស ឬក៏គ្រូ បើនៅលីវ គ្រូស្រី កូនសិស្សស្រីនៅលើ កូនសិស្សប្រុសនៅក្រោម គ្រូប្រុសនៅក្រោម …។ មានរឿងមួយខ្ញុំសូមកោតសរសើ ឥឡូវគ្រូគេយកគ្នាធ្វើគ្រូតែម្តង។ ទៅតាមសាលានិយាយពីពោះធំសុទ្ធតែគ្រូ ហើយសុទ្ធតែជូនថវិកាសម្រាប់ឆ្លងទន្លេ ដល់សួរថាប្តីធ្វើអី? ធ្វើគ្រូ។
ក្របខណ្ឌគោលនយោបាយឃុំមួយអនុវិទ្យាល័យមួយ ស្រុកមួយវិទ្យាល័យច្រើន
… ចំណុចអស់ទាំងនេះហើយ ដែលខ្ញុំយល់ថា អ្វីដែលជាការប៉ងប្រាថ្នាក្នុងជីវិតរបស់ខ្ញុំ ដែលខ្ញុំបាននិយាយថា មិនទុកឲ្យក្មេងជំនាន់ក្រោយមានភ័ព្វវាសនាដូចខ្ញុំ។ នៅគ្រាន់តែខ្ញុំអាយុ ១៤ ឆ្នាំ ខ្ញុំធ្វើចំណាកស្រុកបែកពីឪពុកម្តាយដោយសារការខ្វះសាលារៀន។ អញ្ចឹងទេ បានជាយើងត្រូវប្រឹងប្រែង ដើម្បីបញ្ចុះសាលារៀនទៅកាន់មូលដ្ឋាន ហើយយើងដាក់ចេញនូវក្របខណ្ឌគោលនយោបាយ ឃុំមួយអនុវិទ្យាល័យមួយយ៉ាងតិច ស្រុកមួយវិទ្យាល័យច្រើន។ មួយរត់មិនរួចទេ។ តាំងពីព្រះវិហារ មកឧត្តរមានជ័យ ហើយចាប់ពីបន្ទាយមានជ័យ កាត់បាត់ដំបង មកដល់ប៉ៃលិន ខ្ញុំជួយរៀបចំភូមិសាស្ត្រសិក្សាពីមណ្ឌលគីរី ទៅកាន់រតនគីរី ពីរតនគីរីចុះមកស្ទឹងត្រែង ហើយបកត្រឡប់ពីស្ទឹងត្រែង ឡើងទៅព្រះវិហារវិញ។
ខ្ញុំក៏ជួយរៀបចំភូមិសាស្ត្រសិក្សានៅទីនោះ តាមរយៈពិនិត្យមើលកន្លែងខ្លះ តម្លើងពីបឋមទៅអនុវិទ្យាល័យ កន្លែងខ្លះតម្លើងពីអនុវិទ្យាល័យឲ្យទៅជាវិទ្យាល័យ ដើម្បីកាត់បន្ថយការធ្វើដំណើររបស់សិស្ស ហើយជាពិសេសសិស្សស្ត្រីតែម្តង ដើម្បីយើងបង្កើនចំនួនស្ត្រីឲ្យរៀនចប់ថ្នាក់វិទ្យាល័យ។ អបអរសាទរ ដែលកន្លងទៅនេះ កំណែទម្រង់វិស័យអប់រំបានទទួលផល ហើយផលនេះ បានមកពីណា? វាចេញមកពីណា? មិនមែនគ្រាន់តែរដ្ឋមន្រ្តីអប់រំម្នាក់ឯងស្រែក ហើយខ្វះការចូលរួមពីសាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និងតួអង្គពាក់ព័ន្ធ (ទទួលបាន)ជោគជ័យនោះទេ វា(ត្រូវ)មានការចូលរួមគ្រប់តួអង្គទាំងអស់នៅក្នុងសង្គម។ ខ្ញុំអំពាវនាវអោយបន្ត។ ដោយសារថ្ងៃស្អែកក៏ជាថ្ងៃត្រូវបិទសន្និបាតក្រសួង អប់រំ យុវជន និងកីឡា ទុកអាហ្នឹងនិយាយស្អែក។ ពីថ្ងៃនេះទៅដល់ចូលឆ្នាំខ្មែរ ត្រូវការនិយាយប្រហែលជាច្រើន។
ផ្ដល់ថវិកាដល់ការជប់លៀង និងទៅអង្គរវត្ត ដល់លោកគ្រូ អ្នកគ្រូ
… សម្រាប់លោកគ្រូ អ្នកគ្រូនៅទីនេះ គឺល្ងាចនេះនឹងមានការជប់លៀង។ ជាធម្មតាទៅហើយ យើងផ្ទះក្បែរគ្នា ល្ងាចនេះនឹងមានការជប់លៀង ហើយថ្ងៃទី ២៤ ដល់ថ្ងៃទី ២៧ គឺទៅអង្គរវត្ត។ ល្ងាចនេះជប់លៀង ចំណាយ ៤៤ លានរៀលជាង ហើយទៅអង្គរវត្ត(ត្រូវចំណាយ) ១២២ លានរៀល។ សរុបទាំងអស់ ១៦៧ លានរៀល ដែលផ្ដល់ជូនសម្រាប់ជប់លៀង និងការទៅអង្គរវត្ត។ ហ្នឹងជាទម្លាប់ហើយ។ ឥឡូវចុះទៅតាមខេត្ត គរុសិស្ស ពេលដែលគាត់ជួប បើគរុសិស្សនៅខាងមាត់សមុទ្រគាត់ទារទៅអង្គរវត្ត។ ដល់គរុសិស្សនៅខាងកំពង់ចាម ខាងព្រៃវែង គាត់ទារទៅសមុទ្រ។ អ្នកខាងក្រុងព្រះសីហនុ (ត្រូវ)ដឹកតាមយន្តហោះ ព្រោះយើងមានព្រលានយន្តហោះនៅក្រុងព្រះសីហនុ។ អញ្ចឹង ទាំងគ្រូបឋមអនុវត្ត និងគរុសិស្ស គឺជិះយន្ដហោះទៅអង្គរវត្ត អត់មានជិះឡានទេ។ ប៉ុន្តែនេះកុំទារជិះយន្តហោះអី ទៅតាមឡានទៅ …។ សង្ឃឹមថាឆ្នាំនេះ ការចូលឆ្នាំ ក៏ខ្ញុំសូមអំពាវនាវចំពោះកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំការពារនូវសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ ពិសេស អំពាវនាវចំពោះប្រជាពលរដ្ឋធ្វើការបើកបរធានាធ្វើយ៉ាងណាដើម្បីចៀសវាងនូវគ្រោះថ្នាក់។
Ganzberg ឧបត្ថម្ភសំបុត្រឡានក្រុង ៥០០០ និងឡានក្រុងរាជធានីភ្នំពេញ មិនយកប្រាក់ ៥ ថ្ងៃ ចូលឆ្នាំខ្មែរ
… ក្រុមហ៊ុន Ganzberg គាត់ជួលឡាន ១០០ សម្រាប់ការផ្ដល់សំបុត្រអោយមនុស្សជិះ ដូចជា ៥.០០០ នាក់។ ឥឡូវនេះ ឯកឧត្តម អភិបាលរាជធានីភ្នំពេញ ប៉ា សុជាតិវង្ស ប្រកាសថា ក្នុងរយៈពេល ៥ ថ្ងៃ រថយន្តនៅក្នុងក្រុងភ្នំពេញនេះចំនួន ៥៧ គ្រឿង ដែលកំពុងតែរត់តាមខ្សែនៅទីក្រុងភ្នំពេញនេះ អត់យកលុយតែម្ដង។ អញ្ចឹង សូមប្រជាពលរដ្ឋដែលអត់ចេញទៅតាមខេត្ត មកចូលរួមជិះឡានហ្នឹងដើរមើលក្រុង ព្រោះអ្នកខ្លះគេអត់ទៅតាមខេត្ត ដល់អត់ទៅតាមខេត្តទេ មកជិះមើលក្រុងទៅ។ ជិះពីខ្សែមួយទៅខ្សែមួយ ជិះអោយគ្រប់។ រួចចូលសម្រាក ងើបពីសម្រាក ឡើងមក ជិះទៀត ព្រោះជិះអត់យកលុយ។ អញ្ចឹងទេ ក៏ជាការបង្កើននូវការសប្បាយរីករាយ សម្រាប់អ្នកទៅតាមខេត្តផង និងនៅទីក្រុងដែលមិនទៅណាផង។ ហើយអ្នកជនបទដែលចូលមកលេងនៅទីក្រុង ក៏មកដល់ជិះឡានក្រុងមិនយកលុយ។
ឆ្លើយតបអត្ថបទ Cambodia Daily ថា «ការងាររបស់លោក សុខ អាន ត្រូវបានប្រគល់អោយ ប៊ិន ឈិន»
ការពិតទៅ ខ្ញុំអត់ចង់និយាយទាក់ទិននឹងរឿងរឿងនយោបាយទេ។ វាច្រើនណាស់ទៅហើយ។ ប៉ុន្តែ បើ មិននិយាយ វានៅតែមានការភាន់ច្រឡំ។ ថ្ងៃនេះ Cambodia Daily បានចុះផ្សាយថា «មិនមានអ្វីថ្មីឡើយ ខណៈការងារទាំងអស់របស់ លោក សុខ អាន ត្រូវបានប្រគល់អោយ លោក ប៊ិន ឈិន»។ ហើយបានដកស្រង់សំដីរបស់ ឯកឧត្តម ផៃ ស៊ីផាន។ ខ្ញុំមិនដឹងថា ឯកឧត្តម ផៃ ស៊ីផាន បានពីត្រង់ណាមក? អញ្ចឹងបានថា ធ្វើអ្នកនាំពាក្យកុំចង់ល្បី។ មេស៊ីសងនៅនេះ។ ខ្ញុំសូមជម្រាបថា ពេលដែលសម្ដេចវិបុលបញ្ញា សុខ អាន មរណភាព ខ្ញុំនៅទីនោះ ខ្ញុំហើយអ្នកស្រែកពុទ្ធោ ៣ ដង នៅដំណាក់កាលចុងក្រោយ នៅវេលាម៉ោង ៧:៣២ នាទី ម៉ោងប៉េកាំង ត្រូវនឹងម៉ោង ៦:៣២ នាទី (ម៉ោងនៅកម្ពុជា)។ រដ្ឋមន្រ្តីនានាមិនបានដឹង រាប់ទាំងការធ្វើអត្ថាធិប្បាយខុសនូវព័ត៌មានមួយចំនួន ដែលថា សុខ អាន នៅកាន់ផ្នែកនេះ ផ្នែកនោះ កំណែទម្រង់រដ្ឋបាលសាធារណៈស្អីៗហ្នឹង។
ខ្ញុំសូមជម្រាប គណៈកម្មការកំណែទម្រង់រដ្ឋដែលមានខ្ញុំជាប្រធាន ត្រូវបានរំសាយចោល។ ក្នុងហ្នឹងកំណែទម្រង់រដ្ឋបាលសាធារណៈ និយាយរួម គឺរំសាយចោលទាំងអស់ ទាំងផ្នែកកែទម្រង់ច្បាប់ និងតុលាការ (គឺ)ប្រគល់ទៅអោយក្រសួងយុត្តិធម៌តាំងពីដើមអាណត្តិ។ កំណែទម្រង់រដ្ឋបាលត្រូវដំឡើងរដ្ឋលេខាធិការមុខងារសាធារណៈ ទៅជាក្រសួងមុខងារសាធារណៈ។ កំណែទម្រង់ទាក់ទងជាមួយនឹងកម្លាំងប្រដាប់អាវុធ ត្រូវប្រគល់ទៅអោយតាមផ្នែកអស់ហើយ។ ឥឡូវនេះ ខ្លួនខ្ញុំបានអោយក្រុមស្រាវជ្រាវមួយ ដើម្បីសិក្សា។ ពេលមកដល់ ខ្ញុំបានចុះហត្ថលេខា ដើម្បីប្រគល់ការងារឲ្យ ឯកឧត្តម ប៊ិន ឈិន ដើម្បីបញ្ចប់នូវស្ថានភាព ប៉ាន់ចុះប៉ាន់ឡើង ប៉ុន្តែមិននឹកដល់សោះថា មន្ត្រីរបស់យើងធ្វើឲ្យមានការភ័ន្តច្រឡំ។ ឥឡូវ ខ្ញុំសុំបញ្ជាក់តែម្តង ដើម្បីកុំឲ្យវាពិបាក វានៅសល់តែការចេញសេចក្តីសម្រេច ព្រោះធម្មតាវាត្រូវមានការបែងចែកភារកិច្ចប្រគល់ការងារឲ្យឧបនាយករដ្ឋមន្ត្រី និងទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសតែប៉ុណ្ណោះ។ វាត្រូវមានអាហ្នឹង។ បើកែមនុស្ស វាត្រូវកែសេចក្តីសម្រេចហ្នឹង។ មួយទៀត ទាក់ទងទៅហ្នឹងលិខិតបទដ្ឋាន(គតិយុត្តិ) បន្ទាប់ពីការកែអានោះហើយ លិខិតបទដ្ឋានមួយត្រូវចេញជាព្រះរាជក្រឹត្យ ឬជាអនុក្រឹត្យ។
អាជ្ញាធរអប្សរា, អាជ្ញាធរព្រះវិហារ, គណៈកម្មាការជាតិយូណេស្កូកម្ពុជា និងគណៈកម្មការជាតិបេតិកភណ្ឌ ពិភពលោក ប្រគល់ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ
ឥឡូវ ខ្ញុំសុំនិយាយកិច្ចការទាក់ទងនឹងការកាត់ទោសខ្មែរក្រហម។ ក្រុមការងារនៅដដែល បង្កើនមនុស្សខ្លះ។ ហ្នឹងឯកឧត្តម ប៊ិន ឈិន ទទួលការងារនេះជំនួសសម្តេចវិបុលបញ្ញា សុខ អាន។ ការងារនេះ ជាការងារអន្តរវិស័យមួយ ហើយដែលទំនាក់ទំនងរវាងកម្ពុជា ជាមួយនិងអង្គការសហប្រជាជាតិ។ សម្រាប់អាជ្ញាធរអប្សរា ដោយសារវាស្ថិតនៅក្នុងក្របខណ្ឌទាក់ទងជាមួយនឹងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ចឹងត្រូវប្រគល់អាជ្ញាធរអប្សរាឲ្យទៅនៅក្រោមការគ្រប់គ្រងរបស់ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ ហើយប្រធានអាជ្ញាធរអប្សរា គឺលោកជំទាវ ភឿង សកុណា។ មេមិនទាន់ស៊ីសងផង ចេញរួចទៅហើយ? រឿងហ្នឹងអាចធ្វើទៅរួច? ដែលខ្ញុំនិយាយដោយត្រង់ចុះ គុណសម្បត្តិច្រើនហើយ ក៏ប៉ុន្តែគុណវិបត្តិធ្វើឲ្យមានរឿង …។
សម្រាប់អាជ្ញាធរព្រះវិហារ គឺមានប្រធានរួចហើយ គឺឯកឧត្តម ជុច ភឿន ប៉ុន្តែ មុននេះវានៅចំណុះទីស្តីការ គណៈរដ្ឋមន្ត្រី។ ឥឡូវ ដើម្បីសង្គតភាពរវាងអាជ្ញាធរអប្សរា និងរមណីយដ្ឋានធម្មជាតិនៃប្រាសាទព្រះវិហារ គឺប្រគល់នូវគ្រឹះស្ថាននេះទៅឲ្យក្រសួង វប្បធម៌ និងវិចិត្រសិល្បៈទៀត ដើម្បីឲ្យគេគ្រប់គ្រងមុខងារនេះរបស់ ពួកគេ។ អញ្ចឹងទេ យោងទៅលើការធ្វើបែបនេះ ត្រូវកែនូវព្រះរាជក្រឹត្យមួយ និងកែអនុក្រឹត្យមួយ។ រឿងវាត្រូវធ្វើអញ្ចឹង។ មិនមែននិយាយឲ្យរួចផុតតែពីមាត់ទេ។ កិច្ចការរដ្ឋ។ ពីមុនវានៅក្រោមការគ្រប់គ្រង(របស់ទីស្តីការគណៈរដ្ឋមន្ត្រី)។ ទីស្តីការគណៈរដ្ឋមន្ត្រីជាអាណាប័ក។ ឥឡូវយើងផ្ទេរទៅឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្វើអាណាប័ក។ ពីមុនចេញស្អី ត្រូវចេញអាហ្នឹង ទាំងព្រះរាជក្រឹត្យ និងអនុក្រឹត្យ រួចហើយទម្លាក់លុយទៅក្រសួងផងដែរ មិនមែនទម្លាក់(លុយ)ទៅទីស្តីការគណៈរដ្ឋមន្ត្រីទៀតទេ។ ខ្ញុំប្រកាសតែម្តងទៅ កុំឲ្យវាពិបាក …។
គណៈកម្មការជាតិយូណេស្កូកម្ពុជា និងគណៈកម្មការជាតិបេតិកភណ្ឌពិភពលោក ត្រូវប្រគល់ទៅឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គ្រប់គ្រងដែរ ព្រោះអាហ្នឹងវាទាក់ទងហ្នឹងកិច្ចការរបស់ក្រសួងហ្នឹង ហើយ ឥឡូវស្ថាប័នហ្នឹងអាចទទួលខុសត្រូវបានហើយ។ អញ្ចឹង ត្រូវកែអនុក្រឹត្យ ថ្ងៃទី ២៩ កក្កដា ២០០៩ ទៀត ស្តីពីការបង្កើតគណៈកម្មការជាតិបេតិកភណ្ឌ។
គណៈកម្មការគ្រប់គ្រងផ្លូវដែក ឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន គ្រប់គ្រង / ក្រុមប្រឹក្សាគណៈវិស្វកម្ម ប្រគល់ទៅឲ្យក្រសួងការងារ និងបណ្តុះវិជ្ជាជីវៈ
ចំពោះគណៈកម្មការគ្រប់គ្រងផ្លូវដែក ក៏ត្រូវប្រគល់ទៅឲ្យ ឯកឧត្តម ស៊ុន ចាន់ថុល។ ចំពោះក្រុមប្រឹក្សា គណៈវិស្វកម្ម ដែលមុននេះ ដែលជាទូទៅ គឺថានាយករដ្ឋមន្ត្រីជាប្រធានកិត្តិយស ហើយកន្លងទៅខ្ញុំបានប្រគល់ឲ្យសម្តេចវិបុលបញ្ញា (សុខ អាន) គ្រប់គ្រង។ ដោយសារគណៈវិស្វកម្មនេះ វាជាសំណុំបញ្ហា មិនមែនគ្រាន់តែរឿងឧស្សាហកម្ម ឬរឿងរ៉ែ និងថាមពល ឬរឿងសំណង់ទេ វាទាក់ទងរឿងរួម បើអញ្ចឹងត្រូវប្រគល់វាមកឲ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈវិញ។ អញ្ចឹង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវទទួលខុសត្រូវទៅលើរឿងនេះ ព្រោះត្រូវមើលទាំងអស់ក្នុងផ្នែកវិស្វកម្ម។ អញ្ចឹង ត្រូវកែអនុក្រឹត្យទៀត។
កាយប្ញទ្ធិកម្ពុជា ប្រគល់ទៅឲ្យក្រសួង អប់រំ យុវជន និងកីឡា គ្រប់គ្រង, សុំសារព័ត៌មានកែតម្រូវឡើងវិញ ព័ត៌មានពាក់ព័ន្ធនឹងមុខដំណែងដែល ឯកឧត្តម ប៊ិន ឈិន ត្រូវកាន់ការ
… កាយប្ញទ្ធិ កន្លងទៅនេះ ឧប(នាយករដ្ឋមន្ត្រី) សុខ អាន ជាប្រធាន។ ឥឡូវត្រូវប្រគល់មកឲ្យ ឯកឧត្តម ហង់ ជួនណារ៉ុន ជាប្រធាន។ ឥឡូវប្រធានហើយ កន្លងទៅមិនជាអនុប្រធាន? ឥឡូវ ឡើងធ្វើជាប្រធានទៅ។ អានេះផ្លូវការវានៅឯណេះ។ ខ្ញុំបាននិយាយហើយថា ធ្វើ(ជា)អ្នកនាំពាក្យក្តី ធ្វើ(ជា) អ្នកកាសែតក្តី ធ្វើ(ជា)អ្នកអត្ថាធិប្បាយក្តី កុំជោរ កុំធ្វើឯងជាអ្នកចេះគ្រប់រឿង។ ថ្ងៃជួបអ្នកកាសែតសួរ(ខៀវ) កាញារឹទ្ធិ មើល? ខ្ញុំមិនថាអាហ្នឹង? ខ្ញុំថា ធ្វើអត្ថាធិប្បាយកុំជោរ ហើយកុំធ្វើ(ជា)តុលាការកាត់ក្តី កុំធ្វើជាអ្នកវិភាគអី កាត់ក្តីអីនៅក្នុងរឿងហ្នឹង។ មិនអញ្ចឹង? យកមកចាក់ឡើងវិញទៅមើល? អ្នកវិភាគតាមទូរទស្សន៍ខ្លះ ខ្លួនឯងធ្វើដូចជាចៅក្រមកាត់ក្តីអញ្ចឹង។ អានេះឈ្នះ អានេះចាញ់ អានេះខុស អានេះត្រូវ ចៅហ្វាយខេត្តខុស ចៅហ្វាយខេត្តត្រូវ។ … នៅរង់ចាំតែសេចក្តីសម្រេច និងកែលិខិតបទដ្ឋាន(គតិយុត្តិ)តែប៉ុណ្ណោះ សុំ Cambodia Daily និងសារព័ត៌មានដទៃកែតម្រូវឡើងវិញ។
ថ្ងៃក្រោយត្រូវតែប្រយ័ត្ន ត្រូវរកការបញ្ជាក់។ សូម្បីតែឧប(នាយករដ្ឋមន្ត្រី)នានា អត់ទាន់មានឧប(នាយករដ្ឋមន្ត្រី)ណាដឹងទេ? ព្រោះកិច្ចការហ្នឹងជាកិច្ចការរបស់ខ្ញុំ។ ជួនកាលខ្ញុំត្រូវពិចារណាថែមបន្តិចទៀត តើត្រូវធ្វើយ៉ាងម៉េចអីយ៉ាងម៉េច? ត្រូវបន្ថែម ត្រូវបន្ថយ ត្រូវយ៉ាងម៉េចអីយ៉ាងម៉េច? អញ្ចឹង សូមមេត្តាអស់លោករដ្ឋមន្ត្រីនានា មិនថារដ្ឋមន្ត្រី មិនថាអ្នកណាទេ កិច្ចការរបស់នាយករដ្ឋមន្ត្រី ទុកឲ្យនាយករដ្ឋមន្ត្រីធ្វើសិន រួចហើយចាំនាំពាក្យក្រោយទៅបានទេ? ឬក៏ចង់ឲ្យនាយករដ្ឋមន្ត្រីធ្វើតាមខ្លួន? នេះជាកំហុសឆ្គងមួយ។ នៅទីនេះ កាយប្ញទ្ធិធ្លាប់ទម្លាក់ថវិកាទៅឲ្យទីស្តីការគណៈរដ្ឋមន្ត្រី ឥឡូវកាយប្ញទ្ធិត្រូវទម្លាក់ថវិកាមកក្រសួងអប់រំ (យុវជន និងកីឡា)។ តែកាលណាលោកឯងធ្វើ(ជា)ប្រធានហើយ គ្រប់គ្រងអង្គការហ្នឹងហើយ ត្រូវបញ្ជូនលុយហ្នឹងចុះមកក្រសួង អប់រំ (យុវជន និងកីឡា)។ អាជ្ញាធរអប្សរា និងអាជ្ញាធរព្រះវិហារ ត្រូវបញ្ជូនលុយទៅក្រសួង វប្បធម៌ អាហ្នឹងវាទៅតាមគ្នាអញ្ចឹង។
រាជបណ្ឌិតសភា និងអាកាសចរណ៍ស៊ីវិល នៅក្រោមចំណុះទីស្តីកាគណៈរដ្ឋមន្ត្រីដដែល/សាលាភូមិន្ទរដ្ឋ បាល ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងមុខងារសាធារណៈ/សាលាវិជ្ជាជីវៈតុលាការ ស្ថិតក្រោមការគ្រប់ គ្រងរបស់ក្រសួងយុត្តិធម៌
… នៅមានអាការធ្វើអត្ថាធិប្បាយខុសថា សម្តេច(វិបុលបញ្ញា) សុខ អាន នៅគ្រប់គ្រង់ការងារកែទម្រង់រដ្ឋ កែទម្រង់រដ្ឋបាលសាធារណៈស្អីៗហ្នឹង។ រាជបណ្ឌិតសភា និងអាកាសចរណ៍ស៊ីវិល នៅចំណុះទីស្តីការគណៈរដ្ឋមន្ត្រី អត់មានការផ្លាស់ប្តូរទេ។ ប៉ុន្តែ សាលាភូមិន្ទរដ្ឋបាល ត្រូវនៅក្រោមការគ្រប់គ្រងរបស់ក្រសួងមុខងារសាធារណៈហើយ។ ឯសាលាវិជ្ជាជីវៈតុលាការ នៅក្រោមការគ្រប់គ្រងរបស់ក្រសួងយុត្តិធម៌ទៅ។ មានអីទៀត? អញ្ចឹងបានថា មានពេលខ្លះ មិនមែនអ្នកសារព័ត៌មានខុសទេ ប៉ុន្តែ យើងអ្នកផ្តល់ព័ត៌មានឲ្យគេខុស។ រួចអ្នកមានចេតនាអាក្រក់ ក៏ពង្រីកថែមទៅ។ អត់មានដូរអីទាំងអស់។ វាទៅជាឆ្កួតអស់អញ្ចឹងទៅ …។ ការពិតខ្ញុំអត់ចង់និយាយច្រើនទេ ព្រោះហត់ណាស់ទៅហើយៗ មិនមែនបន់ឲ្យសម្តេច(វិបុលបញ្ញា) សុខ អាន មរណៈភាព ដើម្បីនឹងកែដែរ?
… បានពិភាក្សាគ្នាមួយជំហានហើយ។ គ្រោងនឹងយកកិច្ចការដែលទាក់ទងនឹងស្ថាប័នណា ឲ្យស្ថាប័នហ្នឹងទទួលខុសត្រូវតាំងពីមុនគាត់ឈឺឯណោះ … ឯកឧត្តម ប៊ិន ឈិន បានដឹងរឿងមួយចំនួនទៅហើយ។ ខ្ញុំបានពិគ្រោះជាមួយគាត់ តើអ្នកណាឲ្យទៅណាអីឯណា? ប៉ុន្តែ គ្រាន់តែ ឯកឧត្តម ប៊ិន ឈិន គាត់ថា រឿងគណៈវិស្វកម្មឲ្យទៅក្រសួងដែនដី(នគរូបនីយកម្ម និងសំណង់) ប៉ុន្តែ ដល់ខ្ញុំមើលចុះមើលឡើង ក្រសួងរៀបចំដែនដី(នគរូបនីយកម្ម និងសំណង់) គឺត្រូវតែវិស័យវិស្វករសំណង់ទេ ប៉ុន្តែ មិនមែនត្រូវវិស្វករខាងអគ្គិសនី ឬវិស្វករខាងរ៉ែទេ។ អញ្ចឹង យកមកខាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ វិញសមស្របជាង។ អ្នកបោះមេនៅឯណេះសោះ ស្រាប់តែចេញទៅឯណាពេញទឹកពេញដីអស់រលីង។ អញ្ចឹង បង្ខំចិត្តត្រូវតែនិយាយ … បើមិននិយាយនៅតែឲ្យគេច្រឡំ(រាជ)រដ្ឋាភិបាល …។
ថ្ងៃទី ០១ មេសា ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នឹងងទទួលបានអត្ថប្រយោជន៍ច្រើន
នៅតែប៉ុន្មានថ្ងៃទៀតទេ ចូលដល់ថ្ងៃ(ទី) ០១ ខែ មេសាហើយ។ ថ្ងៃ(ទី) ០១ ខែ មេសា គឺមានសារសំខាន់ច្រើនណាស់។ ថ្ងៃ(ទី) ០១ ខែ មេសា នៃការបញ្ចុះអត្រាការប្រាក់មីក្រូហិរញ្ញវត្ថុ ដែលសព្វថ្ងៃកំពុងតែអនុវត្តលើ ២៥ ភាគរយ មកនៅ ១៨ ភាគរយ។ ជាការសម្រួលឲ្យប្រជាពលរដ្ឋដែលខ្វះខាតទុន។ ធនាគារជាតិនឹងខិតខំធ្វើលើកិច្ចការងារនេះជាមួយក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្តុ ប៉ុន្តែ មានគណបក្សនយោបាយមួយអំពាវនាវឲ្យ(ការប្រាក់)ឡើងដល់ ២២ ភាគរយវិញ។ មានបក្សនយោបាយមួយចេញសេចក្តីថ្លែងការណ៍អញ្ចេះទៅទៀត។ មានអ្នកកេងចំណេញថា អាហ្នឹងជាយោបល់គេ(កាលពី)២ ឆ្នាំមុន ឯណោះ។ នៅដើមពោធិ៍ណាទៅនៅដើមពោធិ៍ហ្នឹងទៅវិញទៅវើយ។ ខ្ញុំពិគ្រោះយោបល់ចុះឡើង រួចហើយវ៉ៃបញ្ជូលទៅក្នុងបណ្តាញនៃមេដឹកនាំទាំងអស់។
ថ្ងៃ(ទី) ០១ ខែ មេសា ខាងមុខនេះ តម្លៃអគ្គិសនី សម្រាប់អ្នកប្រើប្រាស់ក្រោម ៥០ គីឡូវ៉ាត់ម៉ោង ក្នុងមួយ ខែ ដែលពេលនេះ ប្រើត្រឹមកម្រិត ៧០០ ឬ ៨០០ (រៀល) វាត្រូវចុះមកនៅ ៦១០ (រៀល) អ្នកដែលតជាមួយ បណ្តាញជាតិ។ ឯអ្នកដែលប្រើក្រោម ១០ គីឡូវ៉ាត់ និងមកនៅ ៤៨០ រៀល។ សម្រាប់អ្នកប្រើប្រាស់លើស ៥០ គីឡូវ៉ាត់ម៉ោង ដែលតជាមួយបណ្តាញជាតិ ដែលមុននេះប្រើ ១.០០០ រៀល ឬ ៩០០ រៀល និងចុះមក នៅ ៧៧០ រៀល។ អ្នកមិនភ្ជាប់ជាមួយបណ្តាញជាតិ ក៏ត្រូវចុះមកនៅ ៧៩០ (រៀល) ខុសគ្នា ២០ រៀល។ ឯសម្រាប់អ្នក(ប្រើ)ក្រោម ៥០ គីឡូវ៉ាត់ និង(ប្រើ)ក្រោម ១០ គីឡូវ៉ាត់ គឺតម្លៃដូចគ្នា។ ចំពោះវិស័យឯកជន ដែលដាក់នៅតាមក្រុមឆ្ងាយៗ ដែលមិនភ្ជាប់នូវបណ្តាញជាតិរដ្ឋបាលក្រោមជាតិ ក៏ដូចជា ផ្នែកអគ្គិសនី បន្តការចរចាឲ្យបញ្ចុះថ្លៃ។
ក្នុងពេលដែលអគ្គិសនីចុះថ្លៃ យើងក៏អំពាវនាវចំពោះទឹក ក៏ត្រូវរត់ចុះថ្លៃដែរ។ ក្រសួងអាណាប័ក ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ត្រូវធ្វើការជាមួយក្រុមហ៊ុនទឹក ដើម្បីរកវិធីឲ្យចុះតាមតម្លៃភ្លើងដែរ។ តិច ឬច្រើន (ត្រូវចុះ)ឲ្យបានតិចតួចដែរ ព្រោះអគ្គិសនីប៉ុណ្ណេះ ក៏វានៅតែប៉ុណ្ណឹង។ ទន្ទឹមអគ្គិសនី ឬអត្រាការប្រាក់អីចុះ ប្រាក់ខែគឺឡើង។ ដូច្នេះ នេះគឺជាសភាព(ការណ៍)មួយ ដែលយើងទទួលផលទាំងអស់គ្នា ហើយរីករាយ ទាំងអស់គ្នាសម្រាប់ការចូលឆ្នាំ។ ឆ្នាំខាងមុខនេះ យើងចូលឆ្នាំរកា។ ឆ្នាំនេះឆ្នាំ វក អដ្ឋស័ក ព.ស ២៥៦០ ចូលទៅឆ្នាំ រកា នព្វស័ក ព.ស ២៥៦១ ខ្ញុំនឹងមានចៅប្រុស ២ នាក់ កើតឆ្នាំរកា។ ឥឡូវ ហ្នឹងវាលើសក្រុមផង។ ចៅប្រុស ១០ នាក់ហើយ ហើយថែមចៅប្រុស ២ នាក់ទៀត …។
អរគុណណាស់ ថ្ងៃនេះបានជួបជុំគ្នា ហើយជាមួយនឹងការអបអរសាទរជាមួយនឹងវឌ្ឍនភាព ក៏ដូចជា អបអរសាទរជាមួយនឹងនិស្សិតទាំងអស់ លោកគ្រូ អ្នកគ្រូ ដែលត្រូវចេញទៅបង្រៀន ក៏ដូចជា មន្ត្រីដែលចេញទៅធ្វើការ សូមជូនពរសុំសមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕