FN ៖ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧នេះ សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) និង គម្រោងខ្សែរសង្វាក់កសិកម្មកម្ពុជា (CAVAC) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការប្រើប្រាស់ថ្នាំគីមីកសិកម្ម ទ្រីហ្ស៊ីក្លាហ្សូល (TRICYCLAZOLE) នៅក្នុងការដាំដុះស្រូវ ដើម្បីត្រៀមរកដំណោះស្រាយថ្មី សម្រាប់និរន្តរភាពកសិកម្មដំណាំស្រូវនិងការនាំចេញអង្ករទៅកាន់ទីផ្សារអឺរ៉ុប។
សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា សហភាពអឺរ៉ុបនឹងបញ្ឈប់រាល់ការនាំចូលអង្ករដែលមានកាកសំណល់ ទ្រីហ្ស៊ីក្លាហ្សូល (TRICYCLAZOLE) ដែលមានកម្រិតលើស ០.០១មីលីក្រាម (ដែលពីមុនកម្រិតមិនលើស០.១មីលីក្រាម ក្នុង១គីឡូក្រាម) ចាប់ពីដើមខែកក្កដាឆ្នាំ២០១៧។ កាកសំណល់ថ្នាំកសិកម្ម ទ្រីហ្ស៊ីក្លាហ្សូល (TRICYCLAZOLE) ជាថ្នាំមានប្រសិទ្ធភាពបំផុតក្នុងការសម្លាប់ជម្ងឺប្លាស់ (Blast) ក្នុងដំណាំស្រូវ ហើយ ក៏ជាថ្នាំដែលមានតម្លៃទាបសម្រាប់ការប្រើប្រាស់ដែរ។
សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងទៀតថា សិក្ខាសាលារួមគ្នានេះ ដោយមានការចូលរួមពីមន្ត្រី ពាក់ព័ន្ធជាច្រើន រួមមាន តំណាងពីសហភាពអឺរ៉ុប ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និង នេសាទ តំណាងក្រសួងពាណិជ្ជកម្ម ក្រុមហ៊ុននាំចេញអង្ករ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និង តំណាងក្រុមហ៊ុនលក់ជីកសិកម្មជាច្រើនទៀត ត្រូវបានកំណត់រកដំណោះស្រាយសមស្របដើម្បីបញ្ជៀសផល់ប៉ះពាល់កិត្តិយសទីផ្សារអង្ករកម្ពុជា។
កិច្ចពិភាក្សាជាង៣ម៉ោងនៅរសៀលនេះ បានលើកឡើងនូវចំណុចជាច្រើននិង ឧបសគ្គជាច្រើនកើតចេញពីការប្រើប្រាស់ ថ្នាំផ្សិត ទ្រីហ្ស៊ីក្លាហ្សូល (TRICYCLAZOLE)ដែលពិភពលោកកំពុងតែប្រុងប្រយ័ត្នខ្ពស់ ដោយសារការបារម្ភលើផលប៉ះពាល់សុខភាព។
បន្ទាប់ពីការពិភាក្សាយ៉ាងផុលផុស មន្ត្រីជំនាញមកពីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទ បានលើកទឹកចិត្តឲ្យក្រុមហ៊ុន នាំចេញនិងរោងម៉ាស៊ីនកិនស្រូវនៅក្នុងស្រុកអនុវត្តកសិកម្មតាមកិច្ចសន្យា ដែលងាយស្រួលដល់ការគ្រប់គ្រង និង ជៀសវាងបានការប្រប្រាស់ ថ្នាំផ្សិត ទ្រីហ្ស៊ីក្លាហ្សូល (TRICYCLAZOLE) នាំឲ្យប៉ះពាល់ទីផ្សារនាំចេញ ក្នុងករណីទិញពីប្រភព មិនច្បាស់លាស់ រួចកិនកែច្នៃ ហើយនាំចេញទៅកាន់ទីផ្សារអឺរ៉ុបដោយមានផ្ទុកកាកសំណល់នោះ។
លោក នង វាសនា អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និង ជាតំណាងសហព័ន្ធស្រូវអង្ករកម្ពុជា ស្នើឲ្យជួបប្រជុំជាថ្មី និងឲ្យបានឆាប់ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងឡាយដែលកើតចេញពីការប្រើប្រាស់ថ្នាំផ្សិត ទ្រីហ្ស៊ីក្លាហ្សូល (TRICYCLAZOLE)។
លោក បានលើកឡើងថា ការជួបប្រជុំគឺដើម្បីឈានទៅដំណោះស្រាយរកផលិតផលថ្មី សម្រាប់ប្រើប្រាស់ក្នុងការងារ កសិកម្មនៅពេលអនាគត។
ជាចុងក្រោយ អ្នកចូលរួមអង្គសិក្ខាសាលា បានសំណូមពរដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ ចូលរួមសហការនិងផ្សព្វផ្សាយ ពីផលប៉ះពាល់នៃការប្រើថ្នាំផ្សិត ទ្រីហ្ស៊ីក្លាហ្សូល (TRICYCLAZOLE)៕