FN ៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងឲ្យដឹងថា យោងតាមរបាយការណ៍របស់លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា វិស័យអប់រំនៅកម្ពុជា មានការរីកចម្រើនគួរជាទីមោទនៈ ពោលគឺសាលាមត្តេយ្យសិក្សា សាលាចំណេះទូទៅ គ្រឹះស្ថានឧត្តមសិក្សា និងចំនួនសិស្ស-និស្សិតគ្រប់ភូមិសិក្សាទាំងផ្នែកសាធារណៈ និងផ្នែកឯកជន មានការរីកចម្រើនជាបន្តបន្ទាប់ គួរឱ្យកត់សម្គាល់។
តែយ៉ាងនេះក្តីលោកស្រី ម៉ែន សំអនថា «បើទោះជាក្រសួងអប់រំ យុវជន និងកីឡាសម្រេចបានសមិទ្ធផលធំៗជាច្រើន គួរឱ្យកត់សម្គាល់ក្តី ក៏ក្រសួងនៅមានបញ្ហាប្រឈម មួយចំនួនដែលត្រូវដោះស្រាយជាបន្តបន្ទាប់ និងជាប្រចាំពិសេសនៅក្នុងដំណាក់កាលកំណែទម្រង់ស៊ីជម្រៅ រយៈពេលបីឆ្នាំ ចុងក្រោយនេះ»។ ការប្រឈមទាំងនោះរួមមាន គុណភាពអប់រំ គុណភាពគ្រូ តុល្យភាពរវាងថ្នាក់រៀន និងចំនួនសិស្សដែចេះតែកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ និងភាពស៊ីសង្វាក់គ្នារវាងការអប់រំ ការបណ្តុះបណ្តាល និងទីផ្សារការងារ។
ជាមួយគ្នានោះលោកស្រី ម៉ែន សំអន បានឲ្យដឹងទៀតថា រាជរដ្ឋាភិបាល បាននិងកំពុងខិតខំប្រឹងប្រែង យ៉ាងសកម្មក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត អប់រំ និងការបង្កើត សាលារៀនឲ្យបានច្រើនថែមទៀត ដែលជាការវិនិយោគរយៈពេលវែង ដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋទាំងអស់ សំដៅ រួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ និងលុបបំបាត់នូវវដ្តនៃភាពក្រីក្រ តាមរយៈការផ្ដល់ឱកាសទទួលបាន សេវាអប់រំ និងចំណេះដឹង ដល់ប្រជាជនទូទៅទាំងអស់គ្នា។
កន្លងមកនេះសាលារៀន ត្រូវបានសាងសង់គ្រប់ច្រកល្ហក រហូតដល់ភូមិដាច់ស្រយាល ក្នុងគោលដៅបង្ខិតសាលារៀន ឱ្យទៅជិតលំនៅឋានរបស់ប្រជាពលរដ្ឋ ដើម្បីភាពងាយស្រួលថែមទៀត ដល់កូនចៅប្រជាជន ក្នុងការសិក្សាជាពិសេស សម្រាប់សិស្សនារី។ លោកស្រី ម៉ែន សំអន បានថ្លែងបែបនេះ ខណៈលោកស្រីចូលរួមនៅក្នុងពិធីបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០១៥-២០១៦ និងលើកទិសដៅសម្រាប់ឆ្នាំសិក្សា ២០១៦-២០១៧ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧។ នៅក្នុងពិធីបើកនេះ ក៏មានការអញ្ជើញចូលរួមពីលោក ហង់ ជួន ណារ៉ុន និងសមាជិក សមាជិកានៃអង្គសន្និបាតទាំងមូលយ៉ាងច្រើនកុះករ។
បន្ថែមពីលើនេះឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន បានផ្តល់គំនិមួយចំនួន ដើម្បីរួមចំណែកដល់កិច្ចពិភាក្សា របស់អង្គសន្និបាតចំនួន៨ចំណុចសំខាន់ៗរួមមាន៖
ទី១៖ អង្គសន្និបាតគួរផ្ដោតការពិភាក្សា ដើម្បីស្វែងរកវិធីសាស្រ្ត និងដំណោះស្រាយឱ្យកាន់តែប្រសើរឡើង សំដៅសម្រេចបាន គោលដៅអប់រំជាតិ និងគោលដៅអប់រំសកលឆ្នាំ២០៣០ ដែលតម្រូវឱ្យប្រទេសនីមួយៗធានាឲ្យ មានការអប់រំ ប្រកបដោយ គុណភាព សមធម៌ និងបរិយាប័ន ហើយធានាឱ្យមានការសិក្សាមួយជីវិត សម្រាប់ទាំងអស់គ្នា។
ទី២៖ ដោយទំនាក់ទំនងនិងកិច្ចសហការរវាងលោកគ្រូ អ្នកគ្រូ និងមាតាបិតា អាណាព្យាបាល គ្រួសារសិស្ស-និស្សិត សហគមន៍ ដៃគូអភិវឌ្ឍន៍ និងអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ មានឥទ្ធិពលជាវិជ្ជមានទៅលើការសិក្សាអប់រំ ការណែនាំកែលម្អ និងការទប់ស្កាត់កុំឱ្យកុមារ និងយុវជនធ្លាក់ ក្នុងអំពើអសកម្មណាមួយជាយថាហេតុ អង្គសន្និបាតគួររិះរកយន្តការនានា ដើម្បីលើកកម្ពស់នូវកិច្ចសហការទាំងនេះ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។
ទី៣៖ គុណភាពអប់រំត្រូវកើតចេញពីសមត្ថភាព និងកិច្ចខិតខំប្រឹងប្រែងរបស់សិស្ស-និស្សិត និងគ្រូបង្រៀន។ ដូច្នេះយើងគួរយកចិត្តទុកដាក់ លើកកម្ពស់ និងអភិវឌ្ឍសមត្ថភាពរបស់បុគ្គលិកសិក្សា បង្កើនប្រសិទ្ធភាពការងារវិក្រឹតការគ្រូបង្រៀនគ្រប់កម្រិត និងការពង្រាយគ្រូឱ្យបានសមស្របតាមស្ថានភាពជាក់ស្ដែងរបស់មូលដ្ឋាន ជាពិសេសការរិះរកមធ្យោបាយនានា ក្នុងការលើកទឹកចិត្តគ្រូបង្រៀននៅតំបន់ដាច់ស្រយាល និងតំបន់ជួបការលំបាក ព្រមទាំងបង្កើនការងារអធិការកិច្ច និងវាយតម្លៃនៅតាមសាលារៀន និងគ្រឹះស្ថានសិក្សាទាំងអស់ ទាំងផ្នែកសាធារណៈ និងផ្នែកឯកជន។
ទី៤៖ គួរបន្តធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សា សៀវភៅសិក្សា ឧបករណ៍សម្ភារបច្ចេកទេសបង្រៀន រៀន និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ឱ្យស្របតាមតម្រូវការជាក់ស្ដែងនៃការរីកចម្រើន របស់វិស័យអប់រំនៅគ្រប់កម្រិតចាប់ពីមត្តេយ្យសិក្សារហូតដល់ឧត្តមសិក្សា។
ទី៥៖ ក្រៅពីការងារអប់រំ អង្គសន្និបាតគួរយកចិត្តទុកដាក់ពិភាក្សាលើការអភិវឌ្ឍយុវជន និងកីឡា ដែលជាសមាសភាគដ៏សំខាន់ ក្នុងចំណោមសមាសភាគអប់រំទាំងប្រាំ គឺការអប់រំសីលធម៌ ការអប់រំបញ្ញា ការអប់រំកាយ ការអប់រំពលកម្ម និង ការអប់រំសោភ័ណ ដើម្បីសម្រេចឱ្យបាន «កូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ» ដែលជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។ ចំពោះវិស័យកីឡា គួរបន្តខិតខំរៀបចំ កីឡាដ្ឋាន និងលើកកម្ពស់ការអនុវត្តកម្មវិធីអប់រំកាយ និងការហ្វឹកហាត់កីឡា នៅតាមគ្រឹះស្ថានសិក្សានានា និងជំរុញការប្រកួតកីឡាសិស្ស-និស្សិត និងកីឡាមហាជនឱ្យបានទូលំទូលាយ និងជាប្រចាំ។
ទី៦៖ ដោយសារចំណេះដឹង ដែលពាក់ព័ន្ធនឹងបំណិនជីវិត មានសារៈសំខាន់ក្នុងជីវិត រស់នៅប្រចាំថ្ងៃក្នុងសង្គម អង្គសន្និបាតគួរពិភាក្សារិះរកមធ្យោបាយ និងវិធីសាស្រ្តសំដៅលើកកម្ពស់ការបង្រៀន និងការរៀនមុខវិជ្ជាបំណិនជីវិតនេះ នៅតាមសាលារៀនចំណេះទូទៅ និងថ្នាក់ក្រៅប្រព័ន្ធសម្រាប់យុវជនបាត់បង់ឱកាស។
ទី៧៖ ចំពោះគ្រឹះស្ថានឧត្តមសិក្សា គួរជំរុញថែមទៀតការចូលរៀនមុខវិជ្ជាវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម សិល្បៈឆ្នៃប្រឌិត និងគណិតវិទ្យា និងលើកកម្ពស់ការសិក្សាស្រាវជ្រាវប្រកបដោយគុណភាពខ្ពស់ ដើម្បីបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលក្នុងការបង្រៀន និងការផ្សារភ្ជាប់ទ្រឹស្តីនៅនឹងការអនុវត្តជាក់ស្តែង ហើយលទ្ធផលនៃការស្រាវជ្រាវត្រូវលើកទឹកចិត្ត ឱ្យបោះពុម្ពក្នុងទិនានុប្បវត្តិវិទ្យាសាស្រ្ត ជាពិសេស ទិនានុប្បវត្តិវិទ្យាសាស្រ្តក្នុងតំបន់ និងអន្តរជាតិ។
ទី៨៖ ដោយការអប់រំ គឺជាការវិនិយោគរយៈពេលវែង និងមានវិសាលភាពធំធេង ខ្ញុំសូមអំពាវនាវឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើការកៀរគរហិរញ្ញប្បទាន ការជំរុញកំណែទម្រង់អភិបាលកិច្ចក្នុងវិស័យអប់រំឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ការផ្សារភ្ជាប់ការ អប់រំទៅនឹងការអភិវឌ្ឍ និងការជំរុញវិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍។
ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន នៅក្នុងពិធីនោះ បានអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីទទួលខុសត្រូវគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ បុគ្គលិកសិក្សាទាំងអស់ ព្រមទាំងអ្នកពាក់ព័ន្ធទាំងឡាយ បន្តចូលរួមចំណែក និងបន្តការគាំទ្របន្ថែមទៀត ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់វិស័យអប់រំ តាមសសរស្តម្ភ៥ រួមមាន៖ ការអនុវត្តផែនការសកម្មភាពគោលនយោបាយគ្រូបង្រៀន, ការពិនិត្យឡើងវិញនូវកម្មវិធីសិក្សាសៀវភៅសិក្សាគោល និងការកែលម្អបរិស្ថានសិក្សា, ការដាក់ឱ្យអនុវត្តអធិការកិច្ច, ការពង្រឹងការវាយតម្លៃសិក្សាតាមរយៈការប្រឡង ការធ្វើតេស្តវាយតម្លៃថ្នាក់ជាតិ ថ្នាក់តំបន់ និងអន្តរជាតិ, ការកែទម្រង់ឧត្តមសិក្សា។
ជាមួយគ្នានោះដែរលោកស្រី ម៉ែន សំអន ក៏បានថ្លែងអំណរគុណ និងសូមកោតសរសើរចំពោះថ្នាក់ដឹកនាំ ក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីទទួលខុសត្រូវគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ បុគ្គលិកសិក្សាទាំងអស់ ព្រមទាំង អ្នកពាក់ព័ន្ធ ទាំងឡាយនៃក្រសួង ស្ថាប័ន អាជ្ញាធរ ពាក់ព័ន្ធ ផ្នែកឯកជន និងបណ្ដាដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបាន រួមចំណែកសម្រេចបាននូវសមិទ្ធផល ក្នុងឆ្នាំសិក្សា២០១៥-២០១៦ និងបានចូលរួមអនុវត្តកំណែទម្រង់ និងយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់គុណភាពអប់រំ នៅកម្ពុជាតាមរយៈការខិតខំប្រឹងប្រែងបង្ហាត់បង្រៀន ស្រាវជ្រាវការផ្តល់កិច្ចសហការជិតស្និទ្ធ និងការចូលរួមយ៉ាងសកម្មបំពេញការងារក្នុងឆ្នាំសិក្សាកន្លងទៅនេះ ប្រកបដោយជោគជ័យ។
លោកស្រី ម៉ែន សំអន សម្តែងការជឿជាក់ថា អង្គសន្និបាតនឹងដំណើរការយ៉ាងសកម្មក្នុងកិច្ចពិភាក្សា និងលើកជា មតិយោបល់ ដើម្បីប្រមូល បាននូវធាតុចូលល្អៗ និងបង្កើតបានជាទិសដៅ សម្រាប់អនុវត្តក្នុងបណ្តាឆ្នាំខាងមុខ។ លោកស្រី ថែ្លងថា អង្គសន្និបាតនឹងទទួលបានលទ្ធផលល្អ ជាពិសេសនឹងទទួលបានអនុសាសន៍ ណែនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីបិទសន្និបាតនេះ៕