- ឯកឧត្តម ឤម៉េត សេដ ហាសានី ដាសហ្វា (Ahmed Said Hassani DJAFFAR) អនុប្រធានាធិបតី នៃប្រទេសកូមូរ៉ូស
- ឯកឧត្តម វ៉ាង ស៊ូវិន (Wang Shouwen) អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសាធារណរដ្ឋប្រជាមានិតចិន
- លោក ដេវតី ស្សាក (David Shark) អគ្គនាយករង នៃអង្គការពាណិជ្ជកម្មពិភពលោក
- ឯកឧត្តម លោកជំទាវ លោក លោកស្រី អង្គពិធីទាំងមូល !
ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងពិធីបើក កិច្ចប្រជុំតុមូលចិនលើកទី ៥ ដែលបាន ប្រារព្ធ ធ្វើយ៉ាងឱឡារិក នៅក្នុងទឹកដីខេត្តសៀមរាបយើងនេះ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមអរគុណដល់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់ការគាំទ្រផែ្នកហិរញ្ញវត្ថុ និងលេខាធិការដ្ឋាននៃអង្គការពាណិជ្ជ កម្មពិភពលោក ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំតុ មូលនេះ។
ដោយសារកិច្ចប្រជុំតុមូលនេះ នឹងពិភាក្សាអំពីការចរចារបស់ប្រទេសអភិវឌ្ឍន៍តិចតួច ដើម្បីចូលជាសមាជិក អង្គការពាណិជ្ជកម្មពិភពលោក ការផ្តល់បទពិសោធន៍ឱ្យគ្នាទៅវិញទៅមក អំពីការរៀបចំគោលនយោបាយ អភិវឌ្ឍន៍ក្រោយក្លាយជាសមាជិក និងការរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រសម្រាប់ជាឧត្តមប្រយោជន៍ របស់ប្រទេសអភិវឌ្ឍន៍តិចតួច ដែលគួរទទួលបានពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី ១១ គ្រោងធ្វើនៅថ្ងៃទី ១១ ដល់ ១៤ ខែ ធ្នូ ឆ្នាំ ២០១៧ នៅទីក្រុងប៊ូណូស្សារ៉េស ប្រទេសឤហ្សង់ទីន ខ្ញុំសូមលើកឡើងនូវ បទ ពិសោធន៍ មួយចំនួនទាក់ទងនឹងការងារ ដែលកម្ពុជាបានរែកពន្ធ ក្នុងការធ្វើសមាហរណកម្មខ្លួនទៅក្នុងតំបន់ និងក្នុងអង្គ ការពាណិជ្ជកម្មពិភពលោក។
ជារួម កម្ពុជាបានចាប់ផ្តើមកសាងប្រទេស និងអភិវឌ្ឍសេដ្ឋកិច្ចពីគំនរផេះផង់ និងពីបាទដៃទទេ ចាប់ពីឆ្នាំ ១៩៧៩ ហើយបានវិវឌ្ឍជាបន្តបន្ទាប់ ក្នុងនោះកំណើនសេដ្ឋកិច្ចគិតជាមធ្យមក្នុងរង្វង់ ៧,៧% ចន្លោះពីឆ្នាំ ១៩៩៤ ដល់ឆ្នាំ ២០១៤។ ចំណូលរបស់ប្រជាជន ម្នាក់ៗបានកើនឡើងពី ២២៩ ដុល្លារ ក្នុងឆ្នាំ ១៩៩៣ ដល់ប្រមាណ ១.២១៥ ដុល្លារឤមេរិក ក្នុងឆ្នាំ ២០១៥។ ក្នុងឆ្នាំ ២០១៦ កំណើនសេដ្ឋកិច្ចកម្ពុជា សម្រេចបានក្នុងរង្វង់ ៧,១% ហើយចំណូលរបស់ប្រជាជនម្នាក់ៗបានកើនដល់ប្រមាណជាង ១.៣០០ ដុល្លារ ឤមេរិក ដោយបានផ្លាស់ប្តូរស្ថានភាព និងឋានៈកម្ពុជា ពីប្រទេសមួយក្នុងចំណោមប្រទេសក្រីក្រមកជាប្រ ទេសដែលមានចំណូលមធ្យមកម្រិតទាប។ បន្ទាប់ពីកម្ពុជាមានសុខសន្តិភាពពេញលេញ ស្ថិរភាពសង្គម បរិស្ថានធុរកិច្ចអំណោយផល និងមានសក្តានុពលរីកលូតលាស់ ក្នុង ខែ មេសា ឆ្នាំ ១៩៩៩ កម្ពុជាបានចូល ជាសមាជិកអាស៊ាន និងបានក្លាយជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ក្នុងខែ តុលា ឆ្នាំ ២០០៤។
តាមរយៈការផ្សារភ្ជាប់គ្នានូវគោលនយោបាយអភិវឌ្ឍន៍ជាតិ ជាមួយនឹងគោលនយោបាយអភិវឌ្ឍន៍ក្នុងតំបន់ និងអន្តរជាតិ កម្ពុជាកាន់តែផ្លាស់ប្តូរមុខមាត់ និងកំពុងរៀបចំខ្លួន ដើម្បីក្លាយទៅជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់នាពេលខាងមុខ។ ក្នុងស្មារតីចែករំលែកបទពិសោធន៍ការធ្វើសមាហរណកម្ម ក្នុងតំបន់ និងអង្គការ ពាណិជ្ជកម្មពិភពលោក ខ្ញុំសូមគូររំលេចនូវការងារសំខាន់ៗ ដែលកម្ពុជាបានរៀបចំ និងអនុវត្តកន្លងមក ក្នុង នោះ រួមមាន៖
១. ក្នុងឆ្នាំ ២០១០ កម្ពុជាបានដាក់ចេញនូវ គោលនយោបាយជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ ដោយបានកំណត់យុទ្ធសាស្ត្រចម្បងចំនួន ៣ គឺ ការបង្កើនផលិតភាព ការធ្វើពិពិធភាវូបនីយកម្ម កសិកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម ឬការប្រែក្លាយពីកសិកម្មចិញ្ចឹមឆ្នាំង ទៅជាកសិកម្មសម្រាប់ពាណិជ្ជកម្ម។
២. ក្នុងឆ្នាំ ២០១៥ កម្ពុជាក៏បានដាកចេញផងដែរនូវគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា ២០១៥-២០២៥ ដែលជាយុទ្ធសាស្ត្រកំណើនថ្មី ក្នុងការបង្កើនតម្លៃមូលដ្ឋានផលិតកម្មខ្ពស់មួយ ការធ្វើសមាហរណ កម្មខ្សែចង្វាក់តម្លៃក្នុងតំបន់ និងពិភពលោក ពិសេសការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស។
៣. កម្ពុជាក៏បានរៀបចំឯកសារវិភាគអំពី យុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម នៅក្នុងឆ្នាំ ២០០៣ និង បានធ្វើបច្ចុប្បន្នភាព នៅឆ្នាំ ២០១៤ ក្នុងគោលបំណងកំណត់យុទ្ធសាស្ត្រវិស័យឤទិភាព និងភាពប្រកួតប្រ ជែងរបស់កម្ពុជា។
៤. ក្នុងវិស័យទេសចរណ៍ កម្ពុជាបានប្រកាន់យកគោលនយោបាយបើកចំហជើងមេឃ ដែលជាយុទ្ធ សាស្ត្រ មួយបើកចំហវិស័យឤកាសចរណ៍ និងទាក់ទាញទេសចរណ៍ក្នុងតំបន់ និងពិភពលោក។
៥. កម្ពុជាក៏បានអនុវត្តគោលនយោបាយការផ្សារភ្ជាប់ស្តង់ដារការងារអន្តរជាតិ ជាមួយនឹងផលិតកម្មវិស័យ កាត់ដេរ ដែលបានផ្តល់ជំនឿទុកចិត្តពីអ្នកបញ្ជាទិញ និងប្រទេសនាំចូល ធ្វើឲ្យការនាំចេញសម្លៀកបំពាក់ និង វាយនភ័ណ្ឌមានកំណើនខ្ពស់ ព្រមទាំងបង្កើតការងារដោយផ្ទាល់ជូនដល់កម្មករប្រមាណជាង ៨០ ម៉ឺននាក់។
៦. កម្ពុជាបានរៀបចំ វេទិការវាងរដ្ឋាភិបាល និងវិស័យឯកជន ក្នុងគោលបំណងផ្លាស់ប្តូរទស្សនៈ យោបល់ រវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីរកដំណោះស្រាយរាល់បញ្ហាទាក់ទងនឹងពាណិជ្ជកម្ម និងវិនិយោគ ដូចដែលកម្ពុជាបានចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចជាតិ។
៧. កម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ១ នៅឆ្នាំ ២០០៤ និងដំណាក់កាលទី ២ ឆ្នាំ ២០០៨ ហើយយុទ្ធសាស្ត្រទាំងពីរនេះផ្តោតសំខាន់លើការលើកស្ទួយវិស័យកសិកម្ម ការពង្រឹងអភិបាល កិច្ចល្អ ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស ការអភិ វឌ្ឍវិស័យឯកជន ដោយទទួលជោគជ័យទាំងពីរដំណាក់កាល។ បច្ចុប្បន្ន កម្ពុជាកំពុងអនុវត្តយុទ្ធសាស្រ្ត ចតុ កោណ ដំណាក់កាលទី ៣ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាពក្នុងនោះ រាជរដ្ឋាភិបាលបានកំ ណត់វិស័យឤទិភាពបួន៖ (១) ការអភិវឌ្ឍធនធានមនុស្ស ដែលនឹងធានាបានការប្រកួតប្រជែងក្នុងទីផ្សារពល កម្ម (២) ការបន្តវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ និងការកែលម្អថែមទៀតនូវកិច្ចសម្រួលពា ណិជ្ជកម្ម (៣) ការបន្តអភិវឌ្ឍន៍ និងបង្កើនតម្លៃបន្ថែម នៃវិស័យកសិកម្ម (៤) ការពង្រឹងអភិបាលកិច្ចល្អ និង សមត្ថភាពនៃស្ថាប័នរដ្ឋ សំដៅបង្កើនប្រសិទ្ធភាពនៃសេវាសាធារណៈ និងកែលម្អបរិយាកាសវិនិយោគ។
ក្នុងនាមជាសមាជិកឤស៊ាន កម្ពុជាបានចូលរួមបង្កើតសហគមន៍សេដ្ឋកិច្ចឤស៊ានកាលពីចុងឆ្នាំ ២០១៥ ព្រមទាំងបាន ចូលរួមយ៉ាងសកម្មក្នុងការធ្វើសេរីភាវូបនីយកម្មជាមួយនឹងដៃគូរបស់ឤស៊ានទាំង ៦ រួមមាន ប្រ ទេសចិន ជប៉ុន កូរ៉េ ឥណ្ឌា អូស្ត្រាលី ណូវែលហ្សែឡង់។ ជាមួយនេះ កម្ពុជាក៏កំពុងដើរតួនាទីយ៉ាងសកម្ម ក្នុង ការជំរុញការចរចាបង្កើតតំបន់ពាណិជ្ជកម្មសេរីដ៏ធំមួយដែលមាន ១៦ ប្រទេស ហៅថា ភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ ដែលត្រូវបានគ្រោងចុះហត្ថលេខាក្នុងឆ្នាំ ២០១៧ នេះ សំដៅពង្រីកទីផ្សារទំនិញ និងសេវា ទាក់ទាញវិនិយោគទុនបរទេស ព្រមទាំងបង្កើនភាពប្រកួតប្រជែង បង្កើនតម្លៃបន្ថែមឱ្យបានច្រើនទៅ ក្នុងខ្សែសង្វាក់ផលិតកម្មសម្រាប់ផលិតផលដែលផលិតនៅក្នុងតំបន់។
ជារួម កម្ពុជាឤចក្លាយជាសមាជិកអង្គការពាណិជ្ជកម្ម ពិភពលោកដោយទទួលបានជោគជ័យ តាមរយៈការ ចរចាទេ្វភាគី និងពហុភាគីអស់រយៈពេល ៥ ឆ្នាំ ជាមួយនឹងបណ្តាប្រទេសអភិវឌ្ឍខ្ពស់ ដែលការចរចានេះ បានតម្រូវឱ្យកម្ពុជាបង់តម្លៃ និងបើកចំហវិស័យជាច្រើន ជាពិសេសពាណិជ្ជកម្មផ្នែកទំនិញ សេវាកម្ម វិនិយោគ ព្រមទាំងត្រូវធ្វើការកែទម្រង់រចនាសម្ព័ន្ធស្ថាប័ន ច្បាប់ និងលិខិតបទដ្ឋានជាច្រើនទៀតផង។ ហើយការចរចា ដោយជោគជ័យនេះ ឤចសម្រេចទៅបាន ក៏ដោយសារតែឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និង ការ ចូលរួមយ៉ាងសកម្មពីគ្រប់ក្រសួង ស្ថាប័ន ពីប្រជាជន និងពីវិស័យឯកជននៅកម្ពុជាផងដែរ។
[ចាប់ផ្តើមអត្ថាធិប្បាយ]
វិធីសាស្រ្តកម្ពុជាចូល WTO គឺធ្វើសកម្មភាពព្រមៗគ្នា ជាយន្តការឯកភាព
អនុញ្ញាតឲ្យខ្ញុំយកឱកាសនេះ ដើម្បីចែករំលែកនូវបទពិសោធន៍បន្ថែមទៀត ទៅលើវិធីសាស្រ្ត និងការរៀបចំ យន្តការនៃការចរចាសម្រាប់ការចូលអង្គការពាណិជ្ជកម្មពិភពលោក។ ថ្ងៃនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី ចម ប្រ សិទ្ធ ដែលកាលមុននេះ ជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ពេលនេះ ជារដ្ឋមន្រ្តីក្រសួងសិប្បកម្ម និងឧស្សាហកម្ម គឺជាប្រធានក្រុមនៃការចរចារបស់កម្ពុជា។ ខ្ញុំចាត់ទុកថា ពេលនោះ យើងបានរៀបចំតាមរបៀបមួយដូចជា រដ្ឋា ភិបាលស្ទួនដូច្នោះដែរ មិនអាចត្រឹមតែរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មមួយគ្រប់គ្រាន់ទេ ក៏ប៉ុន្តែ យើងត្រូវធ្វើសកម្ម ភាពព្រមៗគ្នា ជាយន្តការឯកភាពមួយ ហើយដែលនឹងត្រូវដាក់ឆ្លងគណៈរដ្ឋមន្រ្តីគ្រប់ពេល។ ខ្ញុំអាចជម្រាបជូនបានថា សំណួរជាច្រើនដាក់មកដល់កម្ពុជា ដើម្បីឲ្យកម្ពុជាឆ្លើយតប។ ក្នុងជាង ១០០ សំណួរ ដែលយើងបានឆ្លើយទៅរួចហើយនោះ គឺនឹងមានសំណួរប្រមាណជាពាក់កណ្តាលត្រឡប់មកវិញ។ ប៉ុន្តែ មានប្រទេសខ្លះ គេដាក់សំណួរ ២០០ ដល់ឆ្លើយសំណួរ ២០០ ទៅ គេដាក់មកវិញ ៤០០ ថែមទៀត។ នេះជាបទពិសោធន៍ ដែលយើងខ្ញុំធ្លាប់ជួបប្រទះ។
ប៉ុន្តែ ករណីកម្ពុជាដែលសម្រេចជោគជ័យ មិនមែនគ្រាន់តែជាការឆ្លើយតបជាលាយលក្ខណ៍អក្សរ ឬពាក្យសម្តីទេ ក៏ប៉ុន្តែជាការឆ្លើយតបរបស់យើងខ្ញុំ ដែលជោគជ័យបំផុត គឺសុគតភាពរវាងក្របខណ្ឌគោលនយោបាយទៅខាងក្រៅ ជាមួយនឹងការអនុវត្តពិតប្រាកដនៅខាងក្នុង។ ឧទាហរណ៍៖ ប្រទេសមួយចំនួនបានដាក់ជាសំណួរថា តើកម្ពុជាបានធ្វើសេរីភាវូបនីយកម្មលើបញ្ហាវិស័យអប់រំដល់ណាហើយ? តាមពិត ប្រទេសដែលចោទជាសំណួរមកកាន់កម្ពុជានោះ មិនទាន់ទាំងបានអនុវត្តនូវសេរីភាវូបនីយកម្មលើវិស័យអប់រំដូចជាកម្ពុជាផងនោះទេ។ ក៏ប៉ុន្តែ ដោយការគោរពចំពោះវិធាននៃអង្គការពាណិជ្ជកម្មពិភពលោក យើងខ្ញុំត្រូវតែផ្តល់នូវចម្លើយជាក់លាក់។
យុទ្ធសាស្រ្តប្រើឱកាសនៃការចូល WTO ជម្រុញកំណែទម្រង់ផ្ទៃក្នុង
បញ្ហារបស់យើងខ្ញុំនៅទីនេះ ខ្ញុំអាចនិយាយបានថា ជាក្របខណ្ឌយុទ្ធសាស្រ្តរបស់ខ្ញុំតែម្តង នោះនៅត្រង់ថា ប្រើប្រាស់ឱកាសនៃការចូលរួមនៅក្នុងអង្គការពាណិជ្ជកម្មពិភពលោកដើម្បីជម្រុញកំណែទម្រង់ផ្ទៃក្នុងឯណេះវិញ។ នេះជាចំណុចពិសេសរបស់កម្ពុជា។ ខ្ញុំអាចនិយាយបានថា នៅថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ១៩៩៨ ការប្រជុំគណៈរដ្ឋមន្រ្តីលើកដំបូង បន្ទាប់ពីការបោះឆ្នោតអាណត្តិទី ២ ខ្ញុំបានដាក់ចេញនូវយុទ្ធសាស្រ្តត្រីកោណ ដែលមុំទី ១ នៃយុទ្ធសាស្រ្តត្រីកោណ គឺការធ្វើសន្តិភាវូបនីយកម្មផ្ទៃក្នុង។ ខ្ញុំសូមជម្រាបជូនឯកឧត្តម លោកជំទាវ ដែលជាមិត្តភក្តិមកកាន់ទីនេះថា នៅប្រទេសយើងខ្ញុំបានកសាងពីបាតដៃទទេ។ នៅសៀមរាបនេះ យើងខ្ញុំចាប់ផ្តើមពីសណ្ឋាគារចាស់ៗ ២ ប៉ុណ្ណោះ ប៉ុន្តែ ឥឡូវនេះ យើងមានរាប់រយសណ្ឋាគារ ដែលអាចទទួលភ្ញៀវដល់ទៅរាប់លាននាក់ មកទស្សនកិច្ចក្នុងរយៈពេល ១ ឆ្នាំៗ។ យើងចេញពីសូន្យទេសចរ មកកាន់ជាង ៤,៥ លាននាក់ នៃទេសចរ។ ដោយសារតែ(ប្រទេសមាន)សង្គ្រាមហែកហួរ ដូច្នេះហើយបានជាយើងខ្ញុំតម្រូវធ្វើសន្តិភាវូបនីយកម្មផ្ទៃក្នុង នេះជាមុំទី ១ នៃយុទ្ធសាស្រ្តត្រីកោណ។
ឯមុំទី ២ គឺធ្វើសមាហរណកម្មឆាប់បំផុតទៅក្នុងសហគមន៍អន្តរជាតិ ក្នុងហ្នឹង រាប់ទាំងការចូលរួមអាស៊ាន ឆ្នាំ ១៩៩៩, ការបន្តចូលអាស៊ី-អឺរ៉ុប, ការចរចាយ៉ាងស្វិតស្វាញដើម្បីចូលទៅក្នុងក្របខណ្ឌនៃអង្គការពាណិជ្ជកម្មពិភពលោក និងការចូលរួមក្នុងវេទិកាអន្តរជាតិដទៃទៀត ជាអាទិភាពនៃនយោបាយការបរទេសរបស់កម្ពុជា។
ឯមុំទី ៣ នៃយុទ្ធសាស្រ្តត្រីកោណ គឺផ្អែកលើកត្តាអនុគ្រោះផ្ទៃក្នុង និងកត្តាអនុគ្រោះនៃអន្តរជាតិនេះ ដើម្បីប្រមូលការខិតខំ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គម កាត់បន្ថយភាពក្រីក្រ។ ដូច្នេះហើយ យើងខ្ញុំត្រូវមានវិធីសាស្រ្ត ប្រើប្រាស់នូវការពង្រឹងផ្ទៃក្នុង ដើម្បីចូលខ្លួនទៅក្នុងសហគមន៍អន្តរជាតិ។ ប៉ុន្តែ ក៏ប្រើប្រាស់នូវការចូលរួមជាមួយនឹងសហគមន៍អន្តរជាតិ ដើម្បីជម្រុញមកកំណែទម្រង់ផ្ទៃក្នុងវិញ ព្រោះយើងក៏ត្រូវតែនិយាយគ្នានៅក្នុងផ្ទៃក្នុងរបស់យើងឲ្យបានច្បាស់ថា បើសិនជាយើងមិនកែទម្រង់បែបនេះទេ យើងមិនអាចក្លាយខ្លួនទៅជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកបានទេ។ ដូច្នេះ នោះហើយជាជោគជ័យ ដែលយើងខ្ញុំទទួលបានជាមួយនឹងការចូលរួមគ្រប់តួអង្គពាក់ព័ន្ធទាំងអស់។
សំណួរជាច្រើនបានដាក់ ហើយយើងខ្ញុំមិនមែនគ្រាន់តែធ្វើរួចហើយ ចូលរួចហើយ ទុកចោលទេ ១០ ឆ្នាំក្រោយបន្ទាប់ពីការចូល យើងខ្ញុំត្រូវពិនិត្យនូវវឌ្ឍនភាពទាំងឡាយ តើយើងខ្ញុំដើរទៅមុខ ឬដើរថយក្រោយ? ព្រោះបើមិនដូច្នោះ យើងគ្រាន់តែចូលអង្គការពាណិជ្ជកម្មរួចហើយ គឺវាជាការរួច។ នេះវាមិនមែនដូច្នោះទេ យើងត្រូវទទួលឲ្យបានច្រើនបំផុតពីផលប្រយោជន៍ នៃការចូលអង្គការពាណិជ្ជកម្មពិភពលោក។
នយោបាយបែរមុខទៅខាងក្រៅ រក្សាទីផ្សារចាស់ និងស្វែងរកទីផ្សារថ្មី
នៅទីនេះ ខ្ញុំក៏សូមអំពាវនាវចំពោះលោកអគ្គនាយករង នៃអង្គការពាណិជ្ជកម្មពិភពលោក និងបណ្តាប្រទេសដែលជាសមាជិកចាស់ នៃអង្គការពាណិជ្ជកម្មពិភពលោក គប្បីមានការយោគយល់ និងអធ្យាស្រ័យចំពោះប្រទេសជាសមាជិក ដែល(ជា)ប្រទេសអភិវឌ្ឍន៍តិចតួច កំពុងសុំចូលអង្គការពាណិជ្ជកម្មពិភពលោក។ កម្ពុជាមានបទពិសោធន៍រួចស្រេចទៅហើយ។ កាលពីពេលមុន មានប្រទេសមួយចំនួនមិនទាន់ជឿជាក់លើសមត្ថភាពពិតប្រាកដរបស់កម្ពុជាទេ។ ប៉ុន្តែ បន្ទាប់ពីបានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក កម្ពុជាបានបង្ហាញតួនាទី។ ការរីកចម្រើននៅក្នុងប្រទេស ផ្សារភ្ជាប់ខ្លួនជាមួយនឹងសមាហរណកម្មខាងក្រៅ ដែល ឯកឧត្តម អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាមានិតចិនបានលើកឡើងអម្បាញ់មិញ ទំហំពាណិជ្ជកម្មដែលយើងខ្ញុំនាំចេញបច្ចុប្បន្ននេះ គឺមានទំហំធំ បើប្រៀបធៀបទៅនឹងរយៈពេលដែលមិនទាន់ចូល(អង្គការពាណិជ្ជកម្មពិភពលោក)។ ឥឡូវ ពេលនេះ យើងខ្ញុំកំពុងតែអនុវត្តនូវនយោបាយបែរមុខទៅខាងក្រៅ រក្សាទីផ្សារចាស់ និងស្វែងរកទីផ្សារថ្មី។
សូមសមាជិក WTO ចាស់ អនុគ្រោះដល់អ្នកសុំចូលថ្មី
បន្ថែមលើនោះ កម្ពុជាទទួលបាននូវកិត្តិយសធ្វើជាអ្នកសម្របសម្រួល នៃបណ្តាប្រទេសដែលមានការអភិវឌ្ឍតិចតួច។ ខ្ញុំអំពាវនាវចំពោះប្រទេសដែលជាសមាជិកចាស់ ផ្តល់ភាពអនុគ្រោះសម្រាប់អ្នកដែលសុំចូលថ្មី។ ខ្ញុំបានធ្វើដំណើរទៅ ទីម័រលេស្ត ដើម្បីពិនិត្យមើលនូវស្ថានភាព ទីម័រលេស្ត។ ថ្ងៃនេះ លោកជំទាវ អគ្គរដ្ឋទូត ទីម័រលេស្ត ក៏មកកាន់ទីនេះដែរ។ ពេលនោះ ខ្ញុំអាចនិយាយបានថា ទីម័រលេស្ត បច្ចុប្បន្ននេះ ស្ថានភាពប្រសើរជាងពេលកម្ពុជាចូល WTO។ ហេតុអ្វីបានជាយើងត្រូវរាំងស្ទះ ទីម័រលេស្ត មិនឲ្យចូល? នេះគឺជាចំណុចដែលខ្ញុំចង់និយាយថា សុំអ្នកដែលបានធ្វើដំណើរទៅមុន យោគយល់ចំពោះអ្នកដែលធ្វើដំណើរតាមក្រោយ ព្រោះនេះជាបទពិសោធន៍របស់កម្ពុជា ដែលមុននេះ គេមានការទុកចិត្តមិនច្រើនប៉ុន្មានទេ ចំពោះសមត្ថភាពយើងខ្ញុំ។ ប៉ុន្តែ ឥឡូវ យើងខ្ញុំអាចធ្វើបាន ហើយខ្ញុំជឿជាក់ថា ទីម័រលេស្ត អាចធ្វើបាន …។ លទ្ធភាពរបស់ ទីម័រលេស្ត គឺមានច្រើន ហើយប្រទេសមួយចំនួនដែលចូលរួមប្រជុំនៅទីនេះ ខ្ញុំក៏ធ្លាប់ទៅដែរ ដូចជា São Tomé and Príncipe ដួចជា Ethiopia និងប្រទេសមួយចំនួនផ្សេងទៀត កាលពីជាង ៣០ ឆ្នាំមុននោះ ពេលដែលខ្ញុំនៅធ្វើជាឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីការបរទេស …។ ខ្ញុំគិតថា យើងស្ថិតនៅក្នុងស្ថានភាពប្រហាក់ប្រហែលគ្នា។ និយាយដោយខ្លី សុំអនុញ្ញាតឲ្យ(ប្រទេសទាំងនោះ)លោតចូលទៅក្នុងទឹក … បើមិនព្រមឲ្យលោតទៅក្នុងទឹកផង ធ្វើម៉េចថា ចេះហែលទឹកទៅកើត? ចំណុចនេះជាបទពិសោធន៍មួយ ហើយយើងក៏អំពាវនាវចំពោះប្រទេសអ្នកមានទាំងឡាយ ផ្តល់នូវការយោគយល់។
ប្រទេសអភិវឌ្ឍន៍តិចតួច គោរពវិធានរបស់ WTO ខ្លាំងជាងប្រទេសអភិវឌ្ឍន៍ផង
បើនិយាយពីលក្ខខណ្ឌនៃការអនុវត្តវិញ និយាយតែមួយបែបទៅ ប្រទេសអភិវឌ្ឍន៍តិចតួច ហើយដែលចូលក្នុងអង្គការពាណិជ្ជកម្មពិភពលោក គោរពវិធានពាណិជ្ជកម្មពិភពលោកជាងប្រទេសអភិវឌ្ឍន៍ទៅទៀត។ ដូចជាបញ្ហាការមិនឧបត្ថម្ភទុនទៅលើវិស័យកសិកម្ម តើមានប្រទេសណាដែលគោរពជាងប្រទេសដែលអភិវឌ្ឍន៍តិចតួច ឬដែលប្រទេសកំពុងអភិវឌ្ឍន៍។ ប្រទេសអ្នកមានគឺឧបត្ថម្ភទុនសំបើមណាស់ ដែលធ្វើឲ្យប្រទេសកំពុងអភិវឌ្ឍន៍ពិបាកនាំចូលទៅកាន់ទីផ្សាររបស់ប្រទេសអ្នកមាន។ ពួកអ្នកមានវិញទេ ដែលបំពានលើវិធានការនៃអង្គការពាណិជ្ជកម្មពិភពលោក។ សុំអគ្គនាយករងនៃអង្គការពាណិជ្ជកម្មពិភពលោក កុំទិតៀនតែអ្នកក្រ គួរទិតៀនអ្នកមានផង។ គាត់ធ្វើអី គាត់លក់តំលៃ(ថ្លៃ) គាត់ផ្តាច់មុខ គាត់ទាមទារនេះ គាត់ទាមទារនោះ គាត់ទាមទារបាន។ ការសម្រួលពាណិជ្ជកម្ម វាអត់ចំណុះលើប្រទេសកំពុងអភិវឌ្ឍន៍ទេ វាចំណុះលើប្រទេសអ្នកមាន។
ប្រទេសអ្នកមាន ជួនកាលគាត់យកសមានចិត្ត ដើម្បីយើងគាំទ្រខាងនយោបាយចំពោះរឿងអ្វីមួយសម្រាប់គាត់។ គាត់ថាឲ្យចូល។ ប៉ុន្តែ គាត់ដាក់តែបន្តិច គាត់ធ្វើបារាស់ឲ្យយើងហើយ នោះគ្រាន់តែបញ្ហាភូតគាមអនាម័យ ឬចត្តាឡីស័ក ស្តង់ដារម្ហូបអាហារ … ឲ្យក៏ដូចជាមិនឲ្យ។ បានសេចក្តីថា ទំនិញរបស់យើងអត់គ្រប់លក្ខខណ្ឌដើម្បីចូលទីផ្សារគាត់ទាំងអស់។ ក៏ប៉ុន្តែ យើងក៏មិនត្រូវថានាំទំនិញដែលខ្វះគុណភាពសម្រាប់ទីផ្សារទាំងឡាយនោះទេ។
ពិភពលោកបើកចំហ ចំណុះគ្នា ត្រូវការគ្នាទៅវិញទៅមក មិនបែងចែក
ដូច្នេះ ទាំងអស់គ្នា ពិភពលោកត្រូវតែដើរទៅជាមួយគ្នា មិនអាចមានពិភពលោកបែងចែក ហើយដែលទុកឲ្យអ្នកក្រ នៅបន្តក្រ និងទទួលនូវផលវិបាក ដោយសារទទួលការរារាំងពីប្រទេសអ្នកមាននោះទេ។ ខ្ញុំមិនជឿថានយោបាយគាំពារនិយម អាចមានជោគជ័យទៅរួចទេ។ នៅ World Economic Forum នៅ Davos មុនពេលប្រធានាធិបតី Donald Trump ចូលកាន់តំណែង ត្រឹមតែ ២ ម៉ោង ប៉ុណ្ណោះ ខ្ញុំបាននិយាយទៅកាន់អង្គប្រជុំថា ខ្ញុំមិនជឿថានយោបាយគាំពារនិយមរបស់អនាគតប្រធានាធិបតី Donald Trump ដែលជិតចូលកាន់តំណែងទទួលជោគជ័យបាននោះទេ។ ខ្ញុំលើកឧទាហរណ៍៖ បង្ខំឲ្យបណ្តាអ្នកផលិតរថយន្តរបស់អាមេរិក ទៅផលិតក្នុងស្រុកអាមេរិក ហើយហាមឃាត់ការនាំរថយន្តពីជប៉ុន ពីអាល្លឺម៉ង់ ពីអង់គ្លេស ពីស៊ុយអែត និងពីប្រទេសផ្សេងៗចូលទៅក្នុងអាមេរិក។ ចុះបើប្រជាជនអាមេរិក មិនព្រមប្រើរថយន្តរបស់អាមេរិកផលិតខ្លួនឯង តើដោះស្រាយយ៉ាងម៉េច? អញ្ចឹងមានតែបង្ខំ បើបង្ខំអាហ្នឹងគេហៅស្អី តើវាជាសេដ្ឋកិច្ចទីផ្សារ ឬសេដ្ឋកិច្ចចាប់បង្ខំ? ខ្ញុំគិតថា នៅលើពិភពលោកមានតែប្រទេសមួយគត់ ដែលបង្ខំឲ្យប្រជាជនប្រើរបស់ខ្លួននោះ តែខ្ញុំមិនចាំបាច់និយាយចំឈ្មោះប្រទេសណានោះទេ។
អញ្ចឹង ខ្ញុំគិតថា ពិភពលោកបើកចំហ ពិភពលោកចំណុះឲ្យគ្នាទៅវិញទៅមក ពិភពលោកត្រូវការគ្នាទៅវិញទៅមក។ ក៏មានការលើកឡើងអញ្ចេះទៅទៀត ដែលខ្ញុំប្រាប់ថាលោកសាស្រ្តាចារ្យ! លោកសូមកុំទៅបង្រៀននិស្សិតបែបនេះ។ គាត់បាននិយាយថា នៅពេលខាងមុខ អាមេរិក និងចិន នឹងវ៉ៃគ្នា ហើយដាក់អាស៊ានឲ្យទៅជាតំបន់ដែលមានគ្រោះថ្នាក់។ ពេលហ្នឹង មានការធ្វើអត្ថាធិប្បាយបន្តៗទៅទៀតថា ដំរីជល់គ្នា នឹងធ្វើឲ្យងាប់ស្រមោចសង្អារ។ បានខ្ញុំនិយាយទៅកាន់សាស្រ្តាចារ្យ ដែលជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យមួយ ខ្ញុំថា លោកសាស្រ្តាចារ្យ មិនគួរបង្រៀននិស្សិតឲ្យយល់បែបនេះទេ។ ខ្ញុំមិនជឿថា អាមេរិក និងចិន វ៉ៃគ្នាទេ ប្រទេសទាំងពីរនឹងមានយន្តការសម្របសម្រួល ព្រោះប្រទេសទាំងពីរមានផលប្រយោជន៍បំពេញឲ្យគ្នាទៅវិញទៅមក។ ប្រសិនបើអាមេរិកចង់ធ្វើសង្រ្គាម ក៏ចិនមិនធ្វើជាមួយដែរ។ ដូច្នេះចិននៅតែជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាស៊ាន។ អញ្ចឹងទេ ការពិតរយៈពេលមិនដល់ ១០០ ថ្ងៃនេះ ទំនាក់ទំនងពាណិជ្ជកម្មរវាងអាមេរិក និងចិន នៅតែទំនាក់ទំនងពាណិជ្ជកម្មដែលល្អ រាប់ទាំងការចុះហត្ថលេខាថ្មីៗ រវាងអាមេរិក និងចិន លើបញ្ហាវិនិយោគមួយចំនួន។ ដូច្នេះមិនទាន់មានបញ្ហាអីទេ។ Donald Trump គាត់ឃោសនាតែអញ្ចឹង តែទំនិញវាត្រូវតែទៅមករកគ្នា។ តាមដែលខ្ញុំដឹង ប្រជាជនចិនទៅអាមេរិកមួយថ្ងៃ ១ ម៉ឺន ៥ ពាន់នាក់ និងប្រជាជនអាមេរិកមកកាន់ប្រទេសចិន ១ ម៉ឺន ៥ ពាន់នាក់ក្នុង ១ ថ្ងៃ។ ដូច្នេះ អ្នកទាំងពីរអាចទាស់គ្នាបានទេ? អត់ទេ។ ហ្នឹងមួយ។
អាស៊ានមានតួនាទីជាអ្នកសម្របសម្រួល / TPP ងាប់ជាការល្អ ព្រោះមានចរិតបំបែកអាស៊ាន
មួយទៀត ខ្ញុំបានប្រាប់ថា អាស៊ាន និងសមាជិកអាស៊ាន មិនត្រូវទុកខ្លួនធ្វើជាស្មៅសម្រាប់ដំរីជាន់ទេ … ព្រោះអាស៊ានជាតួអង្គដែលធ្វើការសម្របសម្រួល រាប់ទាំងនៅពេលដែលប្រជុំអាស៊ានម្តងៗ ទាំងមហាអំណាចចិន ទាំងមហាអំណាចអាមេរិក មកចូលរួមប្រជុំ រាប់ទាំងប្រជុំនៅកម្ពុជា នៅឆ្នាំ ២០១២ រឿងអីដែលទុកឲ្យចិន និងអាមេរិកវ៉ៃគ្នា ទៅជាគ្រោះថ្នាក់ដល់អាស៊ាន។ តាមពិតអាស៊ានត្រូវដើរតួនាទីជាអ្នកសម្របសម្រួលទៅវិញ។ ឥឡូវ យើងកំពុងតែដើរតួនាទីដើម្បីសម្របសម្រួល មិនមែនអ្នកទាំងពីរខ្វះសមត្ថភាពទេ ក៏ប៉ុន្តែ បានសេចក្តីថា បើនិយាយអំពីបញ្ហាទាក់ទិនទៅនឹងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ចុះហត្ថលេខានៅភ្នំពេញ ឆ្នាំ ២០១២ រួមមានអាស៊ាន ១០ និងដៃគូ ៦ មាន ចិន កូរ៉េខាងត្បូង ជប៉ុន ឥណ្ឌា អូស្រ្តាលី និងនូវែលហ្សេឡង់។ ខ្ញុំសុំនិយាយដោយត្រង់ថា ខ្ញុំចង់ឲ្យ TPP វាងាប់។ មូលហេតុអីបានជាខ្ញុំចង់ឲ្យវាងាប់? ព្រោះវាមានចរិតបំបែកអាស៊ាន។ អាស៊ានមាន ១០ (ប្រទេស) ម៉េចយកតែ ៤? ប៉ុន្តែ ឥឡូវ ប្រធានាធិបតី Donald Trump បានចុះហត្ថលេខាដកខ្លួនហើយ។ អញ្ចឹងទេ សុំទោសប្រទេសមួយចំនួន ដែលបម្រុងនឹងក្លាយទៅជាសមាជិកភាពជាដៃគូអន្តរប៉ាស៊ីហ្វិកនេះ សូមមេត្តាយោគយល់។ ខ្ញុំនិយាយដោយត្រង់ ព្រោះបើសិនជាយកអាស៊ានទាំង ១០ ចូលទៅវាមានអីខុស? ចាំបាច់យកតែ ៤ ចូល ទុក ៦ នៅក្រៅ ដូច្នេះ វាជាការបែងចែកមួយ។ ប៉ុន្តែ ខ្ញុំស្រឡាញ់ពេញចិត្ត និងខិតខំរួមចំណែកជាមួយបណ្តាប្រទេសទាំងអស់ ដើម្បីធ្វើឲ្យជោគជ័យនូវ ASEM គឺភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរបស់តំបន់ ដែលបានចុះហត្ថលេខានៅភ្នំពេញ មិនមែនដោយសារចុះហត្ថលេខានៅភ្នំពេញ ក្នុងឋានៈដែលខ្ញុំធ្វើជាប្រធានអាស៊ាននោះទេ ក៏ប៉ុន្តែ វាជាផ្នែកដ៏សំខាន់នៃសេដ្ឋកិច្ច នៃការទំនាក់ទំនងក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ៕
[ចប់ការអត្ថាធិប្បាយ]ទៅវិញទៅមកព្ញុំំបាច់និយាយចំឈ្មោះិច្ចចាប់បង្ខំ? ខ្ញុំគិតថា នៅ លទ្ធភាពរសចំពោះសមត្ថភាពយើងខ្ញុំ កម្មយកម្ម
ទាក់ទងនឹងការធ្វើសេរីភាវូនីយកម្មសេដ្ឋកិច្ចនៅក្នុងក្របខណ្ឌសកលលោក កម្ពុជាក៏បានដើតួនាទីយ៉ាងសកម្មក្នុងការជំរុញឱ្យប្រទេសជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ផ្តល់ភាពអនុគ្រោះពន្ធគយ និងមិនជាប់កូតា សម្រួលដល់វិធានប្រភពដើមទំនិញ ផ្តល់ភាពអនុគ្រោះក្នុងវិស័យសេវា ព្រមទាំងផ្តល់ជំនួយឱ្យបានច្រើន ដល់ប្រទេសអភិវឌ្ឍន៍តិចតួច។ ទន្ទឹមនេះ កាតព្វកិច្ចចំពោះមុខសម្រាប់យើងទាំងអស់គ្នា ក្នុងនាមជាប្រទេសអភិវឌ្ឍន៍តិចតួច គឺត្រូវធ្វើឱ្យការចរចាសម្រេចបានជោគជ័យក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី ១១ នៃអង្គការពាណិជ្ជកម្មពិភពលោក គ្រោងធ្វើនៅថ្ងៃទី ១១ ដល់ ១៤ ខែ ធ្នូ ឆ្នាំ ២០១៧ នៅទីក្រុងប៊ូណូស្សារ៉េស ប្រទេស ឤហ្សង់ទីន ដែលលទ្ធផលនោះត្រូវតែបម្រើផលប្រយោជន៍ដល់ប្រទេសអភិវឌ្ឍន៍តិចតួចទាំងអស់ រួមទាំងប្រទេសដែលកំពុងចរចាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកផងដែរ។
ដើម្បីរួមចំណែកក្នុងគោលដៅនេះកាលពីថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៧ ទោះបីកម្ពុជាកំពុងមមាញឹកក្នុងការអនុវត្តកម្មវិធីការកែទម្រង់ និងការអភិវឌ្ឍជាតិ ព្រមទាំងការចរចាថ្នាក់តំបន់ជាច្រើនក៏ដោយ ក៏កម្ពុជាស្ម័គ្រចិត្តទទួលយកតួនាទីជាប្រធានសម្របសម្រួលក្រុមប្រទេសអភិវឌ្ឍន៍តិចតួច។ ក្នុងឋានៈនេះ កម្ពុជានឹងខិតខំធ្វើការសម្របសម្រួលជាមួយប្រទេសអភិវឌ្ឍន៍តិចតួច និងប្រទេសកំពុងអភិវឌ្ឍន៍ ដែលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកទាំងអស់ ដើម្បីជំរុញកិច្ចចរចានានា ដែលនឹងបម្រើឱ្យផលប្រយោជន៍ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវដល់តំណាងប្រទេសអភិវឌ្ឍន៍តិចតួចទាំងអស់ សូមចូលរួមដោយសកម្ម ដើម្បីដោះស្រាយបញ្ហានានាទាក់ទងនឹងការគាំពារកសិកម្មក្នុងស្រុក ការឧបត្ថម្ភទុនលើវិស័យជលផល ការស្តុកទុកស្បៀងបម្រុង ដើម្បីធានាសន្តិសុខស្បៀង ការធ្វើពាណិជ្ជកម្ម និងបរិស្ថានជាដើម ឱ្យបានចប់សព្វគ្រប់ មុនកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី ១១ នៅប្រទេសឤហ្សង់ទីន។
ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា កម្លាំងសាមគ្គី និងឆន្ទៈរួមរបស់ប្រទេសអភិវឌ្ឍន៍តិចតួចនឹងរួមចំណែកយ៉ាងសំខាន់ដល់ការសម្រេចជោគជ័យនៃសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី ១១ ដែលគ្រោងធ្វើនៅពេលខាងមុខ នៅទីក្រុងប៊ូណូស្សារ៉េស ប្រទេសឤហ្សង់ទីន។
ជាទីបញ្ចប់ ខ្ញុំសូមជូនពរដល់សមាជិកសមាជិកា នៃកិច្ចប្រជុំតុមូលលើកទី ៥ នេះ ឱ្យទទួលបាននូវការស្នាក់នៅប្រកបដោយផាសុខភាព និងទទួលបានលទ្ធផលផ្លែផ្កាពីកិច្ចពិភាក្សារបស់ខ្លួន ក្នុងរយៈពេល ៣ ថៃ នៅទីក្រុងសៀមរាប នៃព្រះរាជាណាចក្រកម្ពុជាយើងនេះ។
ខ្ញុំសូមប្រកាសបើកកិច្ចប្រជុំតុមូលចិនលើកទី ៥ ក្រោមក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោកចាប់ពីពេលនេះតទៅ។ សូមអរគុណ។