តាមទម្លាប់ កាត់ឫសសីមាតែពីរវត្តទេក្នុងមួយឆ្នាំ
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមជាមួយព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ ព្រះអង្គ ចូលរួមជាមួយសម្ដេច ឯកឧត្តម លោកជំទាវ និងបងប្អូនជនរួមជាតិ ដើម្បីកាត់ឫសសីមាជាកិច្ចបង្ហើយបុណ្យនៅព្រះវិហារថ្មី នៅវត្តសិរីសាគរ ហៅវត្តកំពង់ត្របែក ដែលមានអាយុកាលចំនួន ១៥៩ ឆ្នាំរួចទៅហើយ។ ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ ថ្លែងអំណរព្រះគុណចំពោះព្រះតេជព្រះគុណ ព្រះចៅអធិការ ក៏ដូចជាព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ គណៈកម្មាធិការអាចារ្យវត្ត និងពុទ្ធបរិស័ទ ជាពិសេសគឺសប្បុរសជននានា ដែលបានផ្ដល់កិត្តិយសអោយខ្ញុំព្រះករុណាខ្ញុំ កាត់ឫសសីមានៅថ្ងៃនេះ។
តាមទម្លាប់ឆ្នាំនេះ គឺខ្ញុំព្រះករុណាខ្ញុំ ក៏ដូចជាឆ្នាំទៅដែរ គឺកាត់ឫសសីមាតែពីរវត្តទេក្នុងមួយឆ្នាំ ដោយសារពេលវេលាមានកម្រិត អញ្ចឹងទេឆ្នាំទៅ កាត់(ឫសសីមាបាន)ពីរវត្តដែរ៖ កាត់មួយនៅខេត្តព្រៃវែង នៅវត្តឥន្ទមុនី ហៅវត្តព្រៃជ្រាំង។ ហើយឆ្នាំនេះ កាត់(ឫសសីមា)វត្តមួយនៅភ្នំពេញ វត្តព្រែកប្រា និងវត្តមួយទៀត គឺវត្តនេះ។ ហើយសូមអភ័យទោសពីព្រះតេជព្រះគុណ ព្រះសង្ឃនៅតាមទីអារាមនានា ដែលបានអញ្ជើញខ្ញុំព្រះករុណាខ្ញុំ ទៅកាត់ឫសសីមា ក៏ប៉ុន្តែខ្ញុំព្រះករុណាខ្ញុំ ក៏បានអោយតំណាងទៅកាត់ឫសសីមា(ជំនួស) ក្នុងហ្នឹងក៏មានវត្ត ខ្លះនៅក្នុងខេត្តព្រៃវែងនេះ (ដែល)សម្ដេចក្រឡាហោម ស ខេង ក៏បានទទួលបន្ទុកកាត់ឫសសីមា(ជំនួសខ្ញុំ)។
៧ មករា ១៩៧៩ បានរំដោះប្រទេសអោយមានសនិ្ដភាព និងគ្រប់សាសនាទាំងអស់
ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ ដើម្បីថ្លែងជូននូវការកោតសរសើរចំពោះការខិតខំទាំងអស់របស់ព្រះតេជ ព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ក៏ដូចជាចៅអធិការគ្រប់ជំនាន់ និងពុទ្ធបរិស័ទចំណុះជើងវត្ត ដែលបានខិតខំ កសាងនូវទីអារាមនេះឡើង។ ទីអារាមនៅទូទាំងប្រទេសរបស់យើង បើទោះបីជាមានវ័យចំណាស់ប៉ុណ្ណា ក៏ដោយ ដែលកើតមុនឆ្នាំ ១៩៧០ ត្រូវបានបំផ្លិចបំផ្លាញដោយសង្រ្គាម និងដោយរបប ប៉ុល ពត។ វិស័យ សាសនាទាំងអស់ មិនថាព្រះពុទ្ធសាសនាទេ អ៊ីស្លាមសាសនា គ្រិស្តសាសនា និងសាសនាដទៃទៀត សុទ្ធតែ ត្រូវបានបំផ្លាញឫសគល់នៅក្នុងដំណាក់កាលនៃសម័យ ប៉ុល ពត។ ប៉ុន្តែចាប់តាំងពីពេលដែលយើងរំដោះ នៅឆ្នាំ ១៩៧៩ គណបក្សប្រជាជនកម្ពុជា រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅពេលនោះ បានអនុញ្ញាត ផ្ដល់ឱកាសអោយប្រជាជនមានជំនឿឡើងវិញ ទៅតាមអ្វីដែលជាចំណង់ចំណូលចិត្តរបស់ប្រជាជន ដែលពួក គេចង់ជឿ។
ចាប់ពីពេលនោះមក មកដល់ពេលនេះ មានរយៈពេល ៣៨ ឆ្នាំជាងហើយ យើងបានខិតខំរួមគ្នាពីរជំនាន់ ពីដំ ណាក់កាលមួយទៅកាន់ដំណាក់កាលមួយ ដែលធ្វើអោយមានការផ្លាស់ប្ដូរយ៉ាងជ្រាលជ្រៅនៅក្នុងសង្គមជាតិ របស់យើង។ តម្រូវការធ្វើបុណ្យធ្វើទានរបស់ប្រជាពលរដ្ឋរបស់យើង ដែលមុននោះ មិនត្រឹមតែមិនបានធ្វើ បុណ្យទេ ក៏ប៉ុន្តែទីអារាមទាំងឡាយត្រូវបានបំផ្លាញ ព្រះសង្ឃធ្វើ(គេ)ធ្វើគត់ ឬចាប់ផ្សឹក ក៏ប៉ុន្តែក្រោយថ្ងៃរំដោះ រហូតមកដល់ពេលនេះ យើងមានឱកាសដើម្បីនឹងធ្វើបុណ្យធ្វើទានទៅតាមប្រពៃណីរបស់យើង។ យើងបាន កសាងទីអារាមនៅទូទាំងព្រះរាជាណាចក្រកម្ពុជា រហូតទៅដល់(ចំនួន)ជាង ៤.០០០ វត្ត ហើយដែលមានព្រះ សង្ឃរហូតដល់ជាង ៥០.០០០ អង្គ។ ជាមួយនឹងព្រះវិហារសាសនាអ៊ីស្លាម គ្រឹស្ត និងផ្នែកដទៃទៀត ក៏បាន កើតឡើងជាបន្តបន្ទាប់ ហើយក៏មានសុខដុមភាវូបនីយកម្មនៅក្នុងនេះផងដែរ។ អម្បាញ់មិញ ខ្ញុំព្រះករុណាខ្ញុំ ក៏បានជួបជាមួយនឹងបងប្អូនអ៊ីស្លាមមួយចំនួន ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ដែលជាការទទួលដ៏រាក់ទាក់មួយ សម្រាប់ខ្ញុំព្រះករុណាខ្ញុំ ក៏ដូចជា ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំនៃគណបក្សប្រជាជន ដែលបានចូលរួមនៅក្នុងឱកាសនេះ។
ខួបលើកទី ១៩ នៃមរណកាលអ្នកម្ដាយ
អរព្រះគុណណាស់ចំពោះការដឹកនាំរបស់ព្រះតេជព្រះគុណព្រះសង្ឃ ជាពិសេសគឺអរគុណអ្នកដែលបានចូល រួមកសាងនូវទីអារាមនេះ ដែលក្នុងនោះមានឯកឧត្តម ឈឹម សារ៉េត និងលោកជំទាវ ដែលបានរួមចំណែក ច្រើននៅក្នុងការកសាងនៅថ្ងៃនេះ។ ច្បាស់ណាស់ថា ព្រះតេជព្រះគុណមានការបិណ្ឌបាត តាមលាយលក្ខណ៍ អក្សរ ផ្ញើទៅខ្ញុំព្រះករុណាខ្ញុំថា នៅជំពាក់ប្រាក់គេដែរ។ ច្បាស់ណាស់ថា នឹងមានការលៃលកនៅពេលបន្ដិច ទៀត … អរគុណជាមួយនឹងការចូលរួមទាំងអស់របស់សម្ដេច ឯកឧត្តម លោកជំទាវ និងបងប្អូនជនរួមជាតិទាំងអស់ ដែលបានចូលរួមកាន់អង្គនៅថ្ងៃនេះ។ ការចូលរួមទាំងអស់គ្នានៅថ្ងៃនេះ សង្ឃឹមថា យើងអនុមោទនាយកមគ្គផលទាំងអស់គ្នា មិនថាអ្នកដែលបានកាន់អង្គ ឬកាន់តាមរោងទិសនានា មិនថាអ្នកដែលបានមកចូលរួមនោះទេ គឺអ្នកដែលមានចិត្តសទ្ធាជ្រះថ្លាត្រេកអរជាមួយនឹងអំពើបុណ្យ ដែលយើងបានរួមគ្នាកសាងនៅទីនេះ ក៏សុទ្ធតែទទួលមគ្គផលរៀងៗខ្លួន។
ខ្ញុំព្រះករុណាខ្ញុំ សូមអភ័យទោសដោយសារតែថ្ងៃនេះ គឺជាថ្ងៃខួបលើកទី ១៩ នៃមរណភាពម្ដាយរបស់ខ្ញុំ ព្រះករុណាខ្ញុំ ហើយជារឿងមួយដែលចំឡែកណាស់ សម្រាប់ខ្ញុំព្រះករុណាខ្ញុំ តែងតែសម្រាករហូតដល់ម៉ោង ៤-៥ ឬរហូតដល់ម៉ោង ៦ ឯណោះ។ ប៉ុន្តែយប់មិញនេះ គឺថាក្រោកមុនម៉ោង ៣។ ហាក់បីដូចជាបានរំលឹកដាស់តឿនខ្ញុំព្រះករុណាខ្ញុំ។ ព្រោះម្ដាយរបស់ខ្ញុំព្រះករុណាខ្ញុំ បានទទួលមរណភាពនៅក្នុងអំឡុងក្រោយម៉ោង ៣ បន្ដិច មានតែភរិយាខ្ញុំព្រះករុណាខ្ញុំទេ ដែលកត់ទុក។ អញ្ចឹងហាក់ដូចជាមានការដាស់ប្រាប់អោយភ្ញាក់តែម្ដង។ តាំងពីយប់មិញ មុនម៉ោង ៣ មក គឺមិនបានសម្រាកទេ។ អញ្ចឹងទេ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ក៏មានទុក្ខ ប៉ុន្តែបានកូន បានប្អូន បានក្មួយ បានចៅ គេទៅធ្វើបុណ្យនៅឯចេតិយឯណោះ។ ចំខួប ១៩ ឆ្នាំ នៅថ្ងៃទី ១០ ខែ មីនា ឆ្នាំ ១៩៩៨ រហូតមកដល់ពេលនេះ នៅថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០១៧ ដូច្នេះមានន័យថា ១៩ ឆ្នាំតែម្ដង ដែលត្រូវធ្វើបុណ្យនៅឯទីក្រុងភ្នំពេញ។
ចំណងទាក់ទងបេះមិនដាច់ រវាង អាណាចក្រ និងពុទ្ធចក្រ
ខ្ញុំព្រះករុណាខ្ញុំ ក៏សុំថា មិននិយាយអ្វីច្រើន ក្រៅតែពីទាក់ទងជាមួយនឹងព្រះពុទ្ធសាសនា និងសាសនាដែល យើងរួមគ្នាកសាង។ ខ្ញុំព្រះករុណាខ្ញុំ សុំស្នើថា លោកនាយកវិទ្យាល័យកំពង់ត្របែក លោកនាយកអនុវិទ្យាល័យកំពង់ត្របែក លោកនាយកបឋមសិក្សាកំពង់ត្របែក អាចមានវត្តមាននៅក្បែរនេះ ដើម្បីយើងជជែកគ្នាពីការរៀបចំលើបញ្ហាសិក្សាធិការ។ ពិតហើយ អាណាចក្រ និងពុទ្ធចក្រ ពិតជាមានចំណែក ចំណងទាក់ទងគ្នាបេះមិនដាច់ទេព្រះតេជព្រះគុណ។ នៅពេលដែលអាណាចក្រជួបគ្រោះច្របូកច្របល់ហើយ ពុទ្ធចក្រគឺមិនអាចរស់រានបានទេ។ រឿងនេះហើយ ដែលខ្ញុំព្រះករុណាខ្ញុំ និយាយម្ដងហើយម្ដងទៀត គឺបញ្ហាសុខសន្ដិភាព ត្រូវការពារអោយបាន បើការពារមិនបាន កុំនិយាយដល់ប្រជាធិបតេយ្យ ហើយកុំនិយាយដល់សិទ្ធិមនុស្ស និងកុំនិយាយដល់អ្វីទាក់ទងនឹងការអភិវឌ្ឍ។ យើងពិសោធន៍ ឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៧៥ និងឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ ហើយ មិនត្រឹមតែមិនបានកសាងទេ ប៉ុន្តែត្រូវបានបំផ្លាញដល់ឫសគល់តែម្ដង ទាំងវិស័យពុទ្ធចក្រ ទាំងវិស័យអាណាចក្រ ដោយសារអាណាចក្រដឹកនាំវាមិនត្រូវ។ អញ្ចឹងទេ ប្រទេសមួយចាំបាច់ណាស់ ត្រូវការនូវសន្ដិភាព ទើបមានការអភិវឌ្ឍ។
ផ្ដល់បទពិសោធន៍នយោបាយឈ្នះ-ឈ្នះ ដល់មីយ៉ាន់ម៉ា និងប្រទេសដទៃទៀត
ខ្ញុំព្រះករុណាខ្ញុំ ទើបជួបអគ្គបញ្ជាការកងទ័ពរបស់មីយ៉ាន់ម៉ា កាលពីប៉ុន្មានថ្ងៃមុននេះ។ នៅក្នុងជំនួបនៃការ ពិភាក្សានោះ គេបានស្វះស្វែងដកពិសោធន៍ពីគ្នាទៅវិញទៅមក ហើយជាពិសេស ខាងមីយ៉ាន់ម៉ា គឺទទួល យល់ដឹងអំពីបញ្ហាទាក់ទិនជាមួយនឹងជោគជ័យនៃនយោបាយឈ្នះ-ឈ្នះរបស់កម្ពុជា។ មីយ៉ាន់ម៉ាមានបំណងនឹងដកពិសោធន៍អំពីនយោបាយឈ្នះ-ឈ្នះរបស់កម្ពុជា។ ដោយសារឥឡូវនេះ មីយ៉ាន់ម៉ាមាន ៨ ក្រុម បាន ចូលរួមក្នុងបទឈប់បាញ់ នៅសល់ ៧ ក្រុម ផ្សេងទៀត ដែលមិនទាន់ចូលរួម ហើយក្នុងបទឈប់បាញ់នៃ ៨ ក្រុមនោះ ក៏មិនទាន់នឹងនរនៅឡើយទេ។ អញ្ចឹងបានជាខ្ញុំព្រះករុណាខ្ញុំ ក៏ចង់បញ្ជូនមនុស្ស ២-៣ នាក់ ដែលជាសហការីរបស់ខ្ញុំព្រះករុណាខ្ញុំ ដែលធ្លាប់បានរួមចំណែកនៅក្នុងការអនុវត្តនូវនយោបាយឈ្នះ-ឈ្នះ ទៅសិក្សាអំពីមីយ៉ាន់ម៉ា អំពីបទពិសោធន៍នៅទីនោះ ហើយតាមរយៈនោះ យើងក៏អាចប្រឹក្សាយោបល់។ មិនមែនធ្វើជាគ្រូទេ ប៉ុន្តែយើងអាចប្រឹក្សាយោបល់ទាក់ទងជាមួយនឹងថា របៀបរកសន្ដិភាព ដើម្បីបញ្ចប់ជម្លោះប្រដាប់អាវុធ តើគួរធ្វើរបៀបម៉េច?
យើងគ្រាន់តែអាចផ្ដល់នូវបទពិសោធន៍របស់យើង។ យើងធ្លាប់បានផ្ដល់នូវបទពិសោធន៍នេះ ជូនចំពោះប្រទេសនេប៉ាល់ ទាក់ទងនឹងបញ្ហាបទឈប់បាញ់ ការរំសាយ និងការគ្រប់គ្រងកម្លាំងប្រដាប់អាវុធ បន្ទាប់ពីមានការបោះឆ្នោត។ កម្ពុជាមានបទពិសោធន៍សម្បូរបែប ហើយអាចចាត់ទុកថាជាបទពិសោធន៍ដ៏ល្អ ដែល(ឈាន)ពីប្រទេសមួយមានតំបន់ត្រួតត្រាច្រើន មានកម្លាំងប្រដាប់អាវុធច្រើន ទៅជាប្រទេសមួយ ដែលមានតំបន់ត្រួតត្រាតែមួយ និងកងកម្លាំងប្រដាប់អាវុធតែមួយ។ នេះជារឿងអច្ឆរិយៈរបស់ព្រះរាជាណាចក្រកម្ពុជា ដែលនៅលើពិភពលោកនេះ នូវស្ថានភាពបែបនេះ មិនទាន់មានច្រើនទេ។ ប្រទេសសិរីលង្កា ប្រើប្រាស់នូវកម្លាំងប្រដាប់អាវុធវាយផ្ដាច់ទាំងស្រុងនូវកម្លាំងឧទ្ទាមតែម្ដង មិនមែនជាការអនុវត្តនូវនយោបាយឈ្នះ-ឈ្នះទេ។ នៅហ្វីលីពីន កំពុងតែមានការបែងចែកនូវកោះមីនដាណាវ និងឥឡូវពួក Abu Sayyaf ចូលជាមួយពួក ISIS ទៀត … រឿងរ៉ាវមិនធម្មតាពេកទេ។ ប៉ុន្តែនៅកម្ពុជាយើង ដែលពីសម័យហែកហួរដោយសង្គ្រាម យើងមានលទ្ធភាពកសាងសន្តិភាព។
បក្សនយោបាយដឹកនាំត្រឹមត្រូវ, ជំនឿ និងជីវភាពប្រជាពលរដ្ឋ
តាមរយៈសន្តិភាពនោះហើយ ផ្តល់ឱកាសឲ្យព្រះតេជព្រះគុណ ឲ្យខាងសាសនិកឥស្លាម ឲ្យគ្រិស្តសាសនា និងសាសនាដទៃទៀត មានលទ្ធភាពអភិវឌ្ឍឡើង។ តាមរយៈភាពត្រឹមត្រូវនៃការដឹកនាំអាណាចក្រ គឺបក្សនយោបាយដឹកនាំត្រឹមត្រូវ ទើបបង្កើតឲ្យមានស្ថានភាពបែបនេះ។ បញ្ហាស្ថិតនៅត្រង់ថា តើដំបូងបំផុតបក្សនយោបាយដែលដឹកនាំរដ្ឋនោះ រាជរដ្ឋាភិបាលនោះ ផ្តល់លទ្ធភាពប៉ុណ្ណាឲ្យប្រជាពលរដ្ឋ សម្រាប់ជំនឿរបស់ពួកគាត់។ នៅប្រទេសខ្លះ បើកព្រះពុទ្ធ ប៉ុន្តែមិនបើកឲ្យឥស្លាម មិនបើកឲ្យគ្រិស្តទេ។ នៅប្រទេសខ្លះ បើកឲ្យគ្រិស្ត ប៉ុន្តែមិនបើកឲ្យព្រះពុទ្ធ ឬឥស្លាមទេ។ កន្លែងខ្លះបើកឲ្យឥស្លាម ប៉ុន្តែមិនបើកឲ្យព្រះពុទ្ធ ឬគ្រិស្តទេ។ ទាំងនេះ គឺសុទ្ធតែជាចំណុចដែលមានការទាក់ទងគ្នា។
មួយផ្នែកទៀត គឺស្ថិតនៅត្រង់ថា តើជំនឿរបស់ប្រជាពលរដ្ឋរបស់យើងទៅលើសាសនាប៉ុណ្ណា? នេះសុទ្ធតែជាម៉ែត្រវាស់នៃការរីកចម្រើនក្នុងវិស័យសាសនា។ បើប្រជាជននៅតែជឿ ថ្ងៃហ្នឹងមានបុណ្យមានទាន ហើយក៏ មិនដឹងថាមានល្ខោនអត់? ម្យ៉ាងទៀត ជីវិភាពរបស់ប្រជាពលរដ្ឋ ក៏ជាម៉ែត្រវាស់ស្ទង់នៃការកសាងទីអារាមនានាផងដែរ។ បើជីវភាពរបស់ប្រជាពលរដ្ឋលំបាក មិនត្រឹមតែគ្មានឱកាស ដើម្បីកសាងនូវព្រះវិហារដ៏ស្អាត និងសេនាសនៈសម្រាប់ជាការគោរពបូជារបស់ប្រជាពលរដ្ឋនោះទេ ប៉ុន្តែសូម្បីតែចង្ហាន់ក៏ពិបាកដែរ។
ប្រវត្តិទាក់ទងនឹងស្រុកកំពង់ត្របែក
ខ្ញុំព្រះករុណាខ្ញុំ នៅចាំថា នៅកំពង់ត្របែកនេះ គឺខ្ញុំព្រះករុណាខ្ញុំ មកក្រោយពេលដែលទទួលការបោះឆ្នោតទុកចិត្តឲ្យធ្វើជានាយករដ្ឋមន្ត្រី។ កាលពេលនោះហៅថា ប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី បង ហេង សំរិន ប្រធានក្រុមប្រឹក្សារដ្ឋ ខ្ញុំប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី គឺនាយករដ្ឋមន្ត្រីនេះឯង។ ខ្ញុំព្រះករុណាខ្ញុំ បានចុះមកស្រុកកំពង់ត្របែកនេះ ក្នុងពេលដែល ឯកឧត្តម ស្បោង សារ៉ាត់ ធ្វើអភិបាលស្រុកកាលពេលនោះ។ នៅកន្លែងនេះហើយ ដែលបានដាក់ចេញនូវទ្រឹស្តីមួយប្រើប្រាស់មកដល់បច្ចុប្បន្ន «មិនត្រូវទុកឲ្យប្រជាជនណាម្នាក់អត់ឃ្លាន ដែលយើងមិនបានដឹង ហើយមិនបានដោះស្រាយ»។ នេះជាទ្រឹស្តីដែលក្រោយពីខ្ញុំព្រះករុណាខ្ញុំ ចូលកាន់តំណែងជានាយករដ្ឋមន្ត្រីតែប៉ុន្មានថ្ងៃជាផ្លូវការ។ នៅឆ្នាំ ១៩៨៤ ពេលនោះឯកឧត្តម ជាម យៀប នៅធ្វើអភិបាលខេត្ត។ ខ្ញុំព្រះករុណាខ្ញុំ សម្តេច ជា ស៊ីម បង ចាន់ ស៊ី មកជាមួយគ្នា ជិះអូប័រមកអ្នកលឿង។ កាលហ្នឹងមួយចំហៀងខាងមាត់ទន្លេ គឺទប់ជំនន់ ដល់ទៅខាងលើនេះរាំងស្ងួត។ អញ្ចឹងទេ ពេលដែលមានការបោះឆ្នោតនៅក្នុងសភានោះ ខ្ញុំព្រះករុណាខ្ញុំ បាននិយាយថាទេវតាកំពុងសាកល្បងខ្ញុំ …។
រដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់លើបញ្ហាស្រូវ
… និយាយអំពីពេលនោះ អ្វីជាការលំបាកបំផុតរបស់យើងគឺខ្វះអង្ករ ប៉ុន្តែ អម្បាញ់មិញអភិបាលខេត្ត ជា សុមេធី បានធ្វើរបាយការណ៍អំពីអតិរេក ការសល់ស្រូវនៅក្នុងខេត្តព្រៃវែងរបស់យើងនេះ។ ឆ្នាំនេះ យើងសល់ស្រូវប្រមាណជា ៥ លានតោន។ ប៉ុន្តែវាលំបាកណាស់នៅទីផ្សារខាងក្រៅ ទីផ្សារខាងក្នុង។ លំបាកត្រង់ថា ថៃគាត់សល់ជាង ១០ លានតោន វៀតណាមនាំចេញធ្លាក់ចុះក៏ច្រើន ប្រទេសនានាគឺផលិតដូចៗគ្នា ឥណ្ឌារាប់សិបលានតោននោះ។ ដល់វាប្រហែលៗ គ្នាអញ្ចឹងទៅ ចំនួនអ្នកទទួលទាន គឺគាត់ទទួលទានថ្លៃថោកដែរទៅ។ អញ្ចឹងទេ បានជាបញ្ហារបស់យើងចោទឡើងនៅក្នុងប្រទេសរបស់យើងតម្លៃស្រូវទាប។ រឿងនេះ គឺជារឿងដែលយើងកំពុងយកចិត្តទុកដាក់។
នៅស្រុកយើងប៉ុណ្ណឹងហើយ ខ្ញុំព្រះករុណាខ្ញុំ ទៅប្រជុំនៅឯប្រទេសស្វ៊ីស នៅវេទិកាសេដ្ឋកិច្ចពិភពលោក បែរជាគេនិយាយថាតម្លៃស្បៀងខ្ពស់ណាស់។ ខ្ញុំស្រែកថា អ្នកឯងនិយាយថាខ្ពស់ តែខ្ញុំនិយាយនៅនេះ គឺទាបមិនរួចថ្លៃដើម។ គេទាមទារថា សូមបន្ទាបផលិតស្បៀង កាត់បន្ថយតម្លៃស្បៀង។ ឯពួកអ្នកផលិតស្បៀងទាមទារថា អ្នកឯងត្រូវទម្លាក់តម្លៃ ទី ១, ទី ២ ថ្នាំពេទ្យ ឬគ្រឿងចាក់ អ្នកឯងទម្លាក់ថ្លៃឲ្យអស់មក។ យើងលក់ស្រូវថោកទៅទិញថ្នាំពេទ្យថ្លៃ។ រឿងទាស់គ្នាត្រង់ហ្នឹង។ នៅលើពិភពលោក មានការប្រកួតប្រជែង។ ប្រទេសនានាសុទ្ធតែប្រកួតប្រជែង កម្ពុជាក៏ផលិតស្រូវ វៀតណាមក៏ផលិតស្រូវ ថៃក៏ផលិតស្រូវ ឡាវក៏ផលិតស្រូវ មីយ៉ាន់ម៉ាក៏ផលិតស្រូវ។ ដល់ទីចុងបំផុត អ្នកណាក៏ស្រូវ។ ប្រទេសដែលត្រូវការទិញស្រូវ បង្អាប់បណ្តោយ។ ពិបាកដែរ នៅពេលដែលតម្លៃស្រូវចុះថ្លៃ កសិករផលិតស្រូវថាថោក ប៉ុន្តែដល់ពេលតម្លៃស្រូវកើនឡើង អ្នកផ្សារទិញអង្ករថាថ្លៃពេក។
… សូមមេត្តាយោគយល់ចំពោះរាជរដ្ឋាភិបាល (ដែលមានការ)លំបាកនៅក្នុងដង្កាប់តែម្តង។ ហើយគេអ្នកបោកប្រាស់ ក្នុងកន្លះម៉ោង គេរកស៊ីបោកប្រាស់បាន ២ កន្លែង។ ចូលទៅក្នុងផ្សារ សួរថាអង្ករមួយគីឡូប៉ុន្មាន? អ្នកលក់ថា ២០០០ រៀល។ អញ្ចឹងទេ គេស្រែកភ្លាមថាថ្លៃណាស់ ងាប់ហើយ បើសិនជាខ្ញុំឈ្នះ បក្សខ្ញុំឈ្នះ ខ្ញុំធ្វើនាយករដ្ឋមន្ត្រី ខ្ញុំធ្វើឲ្យចុះនៅ ១៥០០ រៀល។ គេថាឲ្យចុះថ្លៃ អាហ្នឹងគេចូលតាមផ្សារ។ គេនិយាយមុខអ្នកទិញ ព្រោះគេដឹងអ្នកហ្នឹងអត់ផលិតស្រូវ។ ដល់ចេញផុតពីផ្សារ យើងឧទាហរណ៍ថាផ្សារកអណ្តើកចុះ គេចុះទៅវាលស្រែម្តង សួរថា ស្រូវមួយគីឡូប៉ុន្មាន? មួយគីឡូ ៨០០ រៀល។ ថោកណាស់ៗ មិនរួចថ្លៃដើមទេ បើសិនជាបក្សខ្ញុំឈ្នះ ខ្ញុំធ្វើនាយករដ្ឋមន្ត្រី ខ្ញុំធ្វើឲ្យឡើងមួយគីឡូ ១៥០០ រៀល …។
… បានសេចក្តីថា អ្នកភូត វាភូតបានកន្លះម៉ោង ២ កន្លែង ហើយអ្នកដែលទទួលការញុះញង់ភូតហ្នឹង ក៏ចេះតែចាំជឿដែរ។ បើគេបោកបានមួយដង អ្នកភូតគឺជាអ្នកខុស យើងគឺជាអ្នកអត់ខុសទេ ព្រោះគេមកភូត។ ភូតបានលើកទី ២ អ្នកភូតខុស យើងអត់ទាន់ខុសទេ ប៉ុន្តែដល់គេភូតបានលើកទី ៣ បានសេចក្តីថា អ្នកភូត អត់ខុសទេ យើងល្ងង់ឲ្យគេភូតបាន ៣ ដង។ អញ្ចឹងទេ តិចទៀត ការសន្យាមកដល់ហើយ គ្រប់រឿងគ្រប់រ៉ាវហើយ។ វាឆ្ងាញ់ត្រង់អ្នកជិះកង់ ទៅសន្យាថា បើខ្ញុំឈ្នះ ខ្ញុំទិញម៉ូតូឲ្យជិះ។ ប៉ុន្តែខ្លួនឯងជិះកង់សោះ។ មានធុនថា បើសិនជាខ្ញុំឈ្នះ ខ្ញុំធ្វើផ្ទះក្បឿងឲុ្យគ្រប់ៗគ្នា ប៉ុន្តែខ្លួនវានៅផ្ទះស្បូវ។ ធុនហ្នឹងជឿបានអត់។
នេះជាស្ថានភាពមួយដែលខ្ញុំព្រះករុណាខ្ញុំ និយាយរំលឹក។ អញ្ចឹងបញ្ហាសន្តិភាពសម្រាប់ប្រទេសរបស់យើង គឺមានតម្រូវការធំណាស់ដើម្បីការពារវា បើប្រៀបធៀបជាមួយនឹងប្រទេសនៅលើពិភពលោក ដែលមានជម្លោះគ្រប់ទីកន្លែង។ … ឥឡូវអាមេរិកចាំស្តាប់ទូរស័ព្ទ និងចាប់យកការបញ្ជូនសារតាម WhatsApp អី … និយាយរួម គេយកតាមផ្កាយរណប វាអត់ពិបាកទេ។ ហើយម្យ៉ាងទៀត ប្រដាប់ហ្នឹងបើចង់ឲ្យបាត់ វាទាល់តែប្រទេសមហាអំណាច ឈប់ផលិតគ្រឿងហ្នឹង ផលិតយកមកស្តាប់យើង។ ឥឡូវហ្នឹង ៧០% នៃទូរស័ព្ទទាំងអស់ គឺគេចាប់យក ប៉ុន្តែស្រុកយើងនេះ នៅពេលដែលបែកធ្លាយស្អីៗ (គេថា)ខុសច្បាប់ទាំងអស់ (តែ)អត់មានអ្នកណាហ៊ានជេរអាមេរិក ជេរពួក CIA ថាខុសច្បាប់។ CIA ស្តាប់ទាំងពួកមេដឹកនាំពួកនៅអឺរ៉ុបនិយាយគ្នាផង និយាយរួមយើងផ្ញើសារ មិនដឹងថ្ងៃណា CIA គេបញ្ចេញរបស់យើងដែលទាក់ទងគ្នា …។
ឥឡូវដោះស្រាយបញ្ហាព្រះពុទ្ធសាសនាឲ្យហើយសិន។ ព្រះតេជព្រះគុណបិណ្ឌបាត្រ ២៨ ៥១២ ដុល្លារ នេះជាលិខិតរបស់ព្រះតេជព្រះគុណ ប្រាជ្ញ សុខន។ អញ្ចឹងទេ ថ្ងៃនេះមានការរៀបចំប្រគេនព្រះតេជព្រះគុណតាមរយៈឧបាសិកា មឿង ហន ចំនួន ១ ម៉ឺនដុល្លារ ឯកឧត្តម ឈឹម សារ៉េត ឧបត្ថម្ភ ២ ម៉ឺនដុល្លារ សរុបទាំងអស់ ៣ ម៉ឺន ដើម្បីព្រះតេជព្រះគុណយកសងគេ។ ក្រៅពីនោះព្រះតេជព្រះគុណនៅខ្វះខ្លោងទ្វារធំមួយ សប្បុរសជនដែលទទួលជួយសាងសង់ក្លោងទ្វារនេះមាន ឧបាសិកា មឿង ហន ១ ម៉ឺនដុល្លារ និងឧបាសិកា ប៉ក់ ហ៊ុយ ចំនួន ១ ម៉ឺនដុល្លារ សរុប ២ ម៉ឺនដុល្លារទៀត។ ខ្ញុំព្រះករុណាខ្ញុំ ដឹងណាស់ ដឹងថាតែមក ត្រូវសងបំណុលជួស ព្រោះគ្មានវត្តណាមួយមិនជំពាក់បំណុលគេទេ …។
តម្លើងបឋមសិក្សាកំពង់ត្របែកជាអនុវិទ្យាល័យ, អនុវិទ្យាល័យ ជាវិទ្យាល័យ
សូមបកពីខាងពុទ្ធចក្រ មកអាណាចក្រដោយមានតម្រូវការដូចគ្នា។ … អម្បាញ់មិញហោះមើលដូចសុទ្ធតែទឹក! ប៉ុន្តែបើយើងលប់ដើម្បីធានាសុវត្ថិភាពសិស្សផង និងយកទីធ្លាហាត់កីឡាផង។ បើខ្ញុំលើកជាគំនិតអញ្ចេះ យើងកសាង ហើយលើកបឋមនេះជាអនុវិទ្យាល័យ ព្រមឬមិនព្រម? ដើម្បីឲ្យក្មេងនៅហ្នឹងរៀនចប់បឋមនៅហ្នឹងចូលអនុវិទ្យាល័យនៅហ្នឹងតែម្តង។ អញ្ចឹងយើងសម្រេចចាក់ដី ដើម្បីធានាសុវត្ថិភាពសិស្សតូចៗ និងយកទីធ្លារៀបចំ(កន្លែងហាត់)កីឡា …។
សូមអញ្ជើញលោកនាយកសាលាអនុវិទ្យាល័យកំពង់ត្របែក។ ដោយយោងទៅលើភូមិសាស្ត្រសិក្សាអនុវិទ្យាល័យកំពង់ត្របែកនេះ អាចស្រូបសិស្សពីឈើកាច់របស់ស្រុកបាភ្នំ ស្រុកព្រះស្តេច ឥឡូវ ខ្ញុំបបួលអញ្ចេះ តម្លើងអនុវិទ្យាល័យកំពង់ត្របែកឲ្យទៅជាវិទ្យាល័យមួយទៀត តើព្រមឬអត់? បងប្អូនដែលមានកូនចៅរៀននៅទីនេះព្រម ឬអត់? ក្មេងដែលចប់អនុវិទ្យាល័យហើយ មិនបាច់ទៅណាទេ រៀននៅហ្នឹងតែម្តង … នេះដាក់សម្រាប់ ៥០ ឆ្នាំក្រោយ … លឺថាដីធំ។ អញ្ចឹងត្រូវធ្វើតារាងបាល់ទាត់បាល់ទះ បាល់បោះ ហើយនិងអត្តពលកម្ម។ កន្លែងអនុវិទ្យាល័យអម្បាញ់មិញដែលតម្លើងទៅជាវិទ្យាល័យ ក៏អាចធ្វើបានដែរ។ ធ្វើស្តង់ដារតែមួយ។ យើងឈានទៅ(ធ្វើម្ចាស់ផ្ទះ)ស៊ីហ្គេម ២០២៣។
… សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធទាំងអស់ សូមឲ្យលោកយាយ លោកតា ញាតិញោម ជនរួមជាតិ ជួបប្រទះទៅនឹងពុទ្ធពរទាំង ៤ ប្រការ សម្រាប់ឆ្លងពីឆ្នាំវកអដ្ឋស័ក ព.ស ២៥៦០ ទៅឆ្នាំរកា នប្តស័ក ព.ស ២៥៦១ ដែលនឹងឈានមកដល់នៅខែក្រោយនេះហើយ។ ថ្ងៃនេះ ១៣ កើត ខែ ផល្គុន អញ្ចឹង ១៥ កើត ខែ ចេត្រ គឺដល់ពេលដែលយើងចូលឆ្នាំហើយ …៕