សង្កថា សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី វត្តសិរីសាគរ (ហៅវត្តកំពង់ត្រ បែក) ឃុំ-ស្រុកកំពង់ត្របែក

តាមទម្លាប់ កាត់ឫសសីមាតែពីរវត្តទេក្នុងមួយឆ្នាំ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមជាមួយព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ ព្រះអង្គ ចូលរួមជាមួយសម្ដេច ឯកឧត្តម លោកជំទាវ និងបងប្អូនជនរួមជាតិ ដើម្បីកាត់ឫសសីមាជាកិច្ច​​បង្ហើយបុណ្យនៅព្រះវិហារថ្មី នៅវត្តសិរីសាគរ ហៅវត្តកំពង់ត្របែក ដែលមានអាយុកាលចំនួន ១៥៩ ឆ្នាំរួច​ទៅហើយ។ ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ ថ្លែងអំណរព្រះគុណចំពោះព្រះតេជព្រះគុណ ព្រះចៅអធិការ ក៏ដូចជា​ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ គណៈកម្មាធិការអាចារ្យវត្ត និងពុទ្ធបរិស័ទ ជាពិសេសគឺសប្បុរសជននានា ដែល​បានផ្ដល់កិត្តិយសអោយខ្ញុំព្រះករុណាខ្ញុំ កាត់ឫសសីមានៅថ្ងៃនេះ។ តាមទម្លាប់ឆ្នាំនេះ គឺខ្ញុំព្រះករុណាខ្ញុំ ក៏ដូចជាឆ្នាំទៅដែរ គឺកាត់ឫសសីមាតែពីរវត្តទេក្នុងមួយឆ្នាំ ដោយសារ​ពេលវេលាមានកម្រិត អញ្ចឹងទេឆ្នាំទៅ កាត់(ឫសសីមាបាន)ពីរវត្តដែរ៖ កាត់មួយនៅខេត្តព្រៃវែង នៅវត្តឥន្ទមុនី ហៅវត្តព្រៃជ្រាំង។ ហើយឆ្នាំនេះ កាត់(ឫសសីមា)វត្តមួយនៅភ្នំពេញ វត្តព្រែកប្រា និងវត្តមួយទៀត គឺវត្ត​នេះ។ ហើយសូមអភ័យទោសពីព្រះតេជព្រះគុណ ព្រះសង្ឃនៅតាមទីអារាមនានា ដែលបានអញ្ជើញខ្ញុំព្រះ​ករុណាខ្ញុំ ទៅកាត់ឫសសីមា ក៏ប៉ុន្តែខ្ញុំព្រះករុណាខ្ញុំ ក៏បានអោយតំណាងទៅកាត់ឫសសីមា(ជំនួស) ក្នុងហ្នឹងក៏មានវត្ត ខ្លះនៅក្នុងខេត្តព្រៃវែងនេះ (ដែល)សម្ដេចក្រឡាហោម ស ខេង ក៏បានទទួលបន្ទុកកាត់ឫសសីមា(ជំនួសខ្ញុំ)។…