ថ្ងៃនេះ ខ្ញុំរីករាយ ដែលបានមកចូលរួម ដើម្បីសម្ពោធដាក់អោយប្រើប្រាស់ នូវសមិទ្ធផលបន្ថែមទៀត នៅក្រុមហ៊ុនស្រាបៀរកម្ពុជា ដែលមានឈ្មោះថា CBL (Cambodia Brewery Limited) ហើយសូមថ្លែងនូវ អំណរគុណចំពោះរបាយការណ៍ ដែលបានលើកឡើងដោយ ឯកឧត្តម សាន់ ស៊ូអេ ដែលតំណាងអោយ ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ និងសូមថ្លែងអំណរគុណចំពោះ លោក Frans Eusman ប្រធានក្រុមហ៊ុន Heineken ប្រចំាអាស៊ីប៉ាស៊ីហ្វិច ដែលបានធ្វើបាយការណ៍អំម្បាញ់មិញនេះ។ ថ្ងៃនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សូមធ្វើការកោតសរសើនូវការខិតខំប្រឹងប្រែងក្នុងរយៈកាលជាង ២០ ឆ្នំាផុតទៅ។ ពិតហើយ ដូចលោក Frans Eusman បានលើកឡើងអំម្បាញ់មិញ។ កាលពីជាង ២០ ឆ្នំាមុន តាមខ្ញុំដឹង យើងសម្ពោធក្នុងពេលល្ងាច ខ្ញុំជាមួយ សម្តេចក្រុមព្រះ នរោត្តម រណរិទ្ធ បានរួមគ្នាជាមួយ ឯកឧត្តម ហ្គោ ចុកតុង (អតីតនាយករដ្ឋមន្ត្រីសិង្ហបុរី) មកសម្ពោធនៅទីនេះ នៅក្នុងខែ វិច្ឆិកា។ ពេលនោះ ខ្ញុំនៅចំាបានថា យើងធាតុអាកាសត្រជាក់គួរសម …។
ប្រែក្លាយតំបន់បោះបង់ចូល អោយក្លាយជាតំបន់ឧស្សាហកម្ម
ខ្ញុំសូមយកឱកាសនេះ ដើម្បីសម្តែងជូន លោក Frans Eusman ផងដែរ ដែលបានមានភាពប្រាកដប្រជាជាមួយដៃគូក្នុងស្រុក គឺនាងតូច ឈុន លាង ក៏ដូចជា លោកឧកញ៉ា សំអាង ដែលដៃគូទំាងពីរនេះបានមានការប្រឹងប្រែងយ៉ាងខ្លំាង ដើម្បីធ្វើអោយមានវឌ្ឍនភាពក្នុងការកសាងនៅតំបន់នេះ។ អតីតកាល នេះគឺជាតំបន់ដែលបោះបង់ចោលទំនេរ ប៉ុន្តែពេលនេះ មិនមែនជាតំបន់បោះបង់ចោលទំនេរទៀតទេ តែវាក្លាយជាតំបន់ឧស្សាហកម្ម និងតំបន់ដែលប្រជាជនមានការរស់នៅ។ ពីមុននេះគេហៅថារបោះអង្កាញ់ៗ។ បើនិយាយអោយពិតទៅ … និយាយអាថ៌កំបាំងបន្តិចទៅចុះ ពីដើមមានគម្រោងយកទីស្នាក់ការធំរបស់គណ បក្សប្រជាជន យកមករៀបចំនៅរបោះអង្កាញ់នេះ ដើម្បីដំឡើងវិទ្យុស្អីៗហ្នឹង ត្រៀមបម្រុងទុក ព្រោះពេល នោះជាសម័យសង្គ្រាម។ ក៏ប៉ុន្តែ មិននឹកស្មានថា ឯងទៅធ្វើសម្ងាត់ វាទៅចាក់ផ្លូវអោយពេញតែហ្នឹង។ បើអញ្ចឹងទេបង្វែរទិស មិនទៅជាតំបន់សុវត្ថិភាពសម្រាប់មេដឹកនំាធ្វើការ វាទៅជាតំបន់រោងចក្រទៅវិញ។ អត់មានទាស់ខុសអីទេ អាហ្នឹងគេហៅថា ហេងឡើងវិញ។
គេឌឺអោយសម្តេចថាជាសង្គមស៊ីផឹក
អរគុណណាស់ ជាមួយនឹងការខិតខំប្រឹងប្រែងទំាងអស់នេះ ហើយយើងអម្បាញ់មិញ គ្រាន់តែឮថាបីលានលីត្រក្នុងមួយឆ្នំា អញ្ចឹង កម្ពុជាបច្ចុប្បន្នត្រូវផឹកប៉ុន្មានលានលីត្រទៅ? រោងចក្រនេះមួយ បីលានលីត្រ, នៅរោងចក្រស្រាបៀរកម្ពុជា, ស្រាបៀរអង្គរ, ស្រាបៀរលីអូ …។ ប៉ុណ្ណឹងហើយនៅនំាចូលច្រើនទៀត អញ្ចឹង ត្រូវ(ការ)ប៉ុន្មានទៅ? រហូតទៅដល់មានអ្នកខ្លះ គេឌឺអោយខ្ញុំអញ្ចេះ ថាជាសង្គមស៊ីផឹក។ យើងផឹកស្រាបៀរ ស្រាអីច្រើនពេក គេឌឺអោយខ្ញុំទៀត។ បានខ្ញុំឆ្លើយត្រឡប់ទៅវិញ ថាទំាងអាឡឺម៉ង់ ទំាងអ៊ីតាលី ទំាងបារំាង អាហ្នឹងសុទ្ធតែសង្គមស៊ីផឹក នំាចេញតែគ្រឿងស្រវឹងហ្នឹង។ យើងពិនិត្យមើល អោយតែលើយន្តហោះប៉ុន្មាន គឺស្រាបារំាងទំាងអស់។ បារំាងពូកែរឿងស្រាហ្នឹងតើ រួចអាទឹកអេវីយ៉ង់ ហើយស្អីៗហ្នឹង ចុះបើគេផលិតមក គេយកទៅណា? គេយកទៅស៊ី គេយកទៅផឹក គេយកទៅស្លៀកពាក់ …។
យើងពិនិត្យមើលដោយខ្វះការយកចិត្តទុកដាក់អារឿងស៊ីផឹកហ្នឹងហើយ បានជានៅអតីតកាល នៅទីក្រុងម៉ូស្គូ ដើម្បីទិញរបស់បានត្រូវតកន្ទុយគ្នា។ ហ្នឹងហើយជាតម្រូវការនៃការផ្គត់ផ្គង់ ខ្វះការយកចិត្តទុកដាក់។ បើនិយាយពីអតីតសូវៀតពីដើម ហោះឡើងទៅលើអវកាសដំបូង គឺសូវៀត ហើយគ្រឿងចក្រធុនធ្ងន់ គឺសូវៀតធ្វើទាំងអស់ ប៉ុន្តែដល់សូវៀតខ្វះស្អី? គឺសូវៀតខ្វះគ្រឿងផឹក អញ្ចឹងបានជាសូវៀតតម្រូវធ្វើការកែទម្រង់ទៅជាសេដ្ឋកិច្ចទីផ្សារដូចរាល់ថ្ងៃ។ គេត្រូវការស៊ី គេត្រូវការផឹក ហើយមិនអោយគ្នាស៊ី មិនអោយគ្នាផឹក គេផលិតធ្វើអី?
រាជរដ្ឋាភិបាលគ្មានគោលនយោបាយរើសអើងអ្នកវិនិយោគទេ
ខ្ញុំសូមអរគុណណាស់ សង្ឃឹមថា អ្នកទាំងអស់គ្នានឹងបន្តការវិនិយោគនៅទីនេះតទៅទៀត ហើយអ្វីដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាល យើងមិនបានធ្វើការរើសអើងណាមួយអំពីសហគ្រាសមកពីក្រៅស្រុក និងសហគ្រាសក្នុងស្រុកគេ។ លើការជាក់ស្ដែង សព្វថ្ងៃនេះ កំពុងមានអ្នកវិនិយោគនៅក្នុងស្រុក និងអ្នកវិនិយោគនៅក្រៅស្រុក ក៏ប៉ុន្តែ ពិពិធកម្មស្មើភាពទាំងអស់។ នេះជាចំណុចពិសេស ដែលយើងខ្ញុំអនុវត្តទូទៅដោយគ្មានការរើសអើង។ បន្ថែមលើនោះ គឺដៃគូមកពីក្រៅប្រទេស អនុញ្ញាតអោយមានការវិនិយោគ ១០០ ភាគរយ។ ប៉ុន្តែយ៉ាងណាក៏ដោយ នៅក្នុងដំណាក់កាលដំបូងនៃរោងចក្រនេះ បានចាប់ផ្ដើមតាំងពីការចែកចាយស្រាបៀរ Heineken .. ហើយរឿងនេះ ខ្ញុំក្ដាប់តាំងពីដើមទី ព្រោះវាកើតនៅក្នុងដំណាក់កាលដែល ហ៊ុន សែន ធ្វើនាយករដ្ឋមន្រ្តី តាំងពីឆ្នាំ ១៩៨៥ រហូតមក។
អំពីអ្នកលួចចូលទៅកែប្រវត្តិរូបសម្តេច
… ហើយថែមទាំងជូនពរ ៦៦ ចូលដល់ ៦៧ ឆ្នាំ។ កុំអាលអីត្រឹម ៦៥ ចូលដល់ ៦៦ ឆ្នាំបានហើយ ខាតមួយឆ្នាំ។ ស្ដាយដែរ មនុស្សកើតឆ្នាំ ១៩៥២ សោះ វាទៅជាចេញឆ្នាំ ១៩៥១ ឯណាណោះ។ ប៉ុន្តែកាលហ្នឹងអញ្ចេះ ពេលហ្នឹងក្មេងពេក។ (ខ្ញុំ)ធ្វើរដ្ឋមន្រ្តីការបរទេសក្នុងវ័យ ២៧ ឆ្នាំ បើអញ្ចឹងប្រឹងដំឡើងមួយឆ្នាំ ដល់ចាស់ទៅ ប្រឹងទាញអោយវាចុះមកវិញមួយឆ្នាំ។ ប៉ុន្តែទាញវាមិនចុះ។ នៅក្នុងប្រវត្តិរូប មានរឿងអាក្រក់មួយ។ វាអញ្ចេះ ខ្ញុំនិយាយលេងបន្តិចទៅចុះ ប៉ុន្តែសុំកុំប្រមាថ។ ថ្ងៃមុននេះ វាលួចចូលកែប្រវត្តិរូបខ្ញុំនៅក្នុងហ្នឹងបានប៉ុន្មាននាទី។ វាកែថា ហ៊ុន ម៉ាណែត ជាកូនចិញ្ចឹមរបស់លោក ហ៊ុន សែន ដែលជាកូនរបស់លោក ឡេ ដឹកថូ ជាមួយនឹង ប៊ុន រ៉ានី។ វាចូលកែត្រង់ហ្នឹង។ បានថា ពួកអាចង្រៃនេះ មិនបានទេ។ វាចូលកែបានប៉ុន្មាននាទី។ Edgar អគ្គរដ្ឋទូតអឺរ៉ុប កុំចេះតែទទឹងទិស អាពួកនេះនិយាយអង់គ្លេសជាមួយលោកឯងល្អ ប៉ុន្តែដល់ពេលនិយាយខ្មែរ គឺអាក្រក់ណាស់។ ជ្រៀតចូលកែប្រវត្តិរូបនៅក្នុងហ្នឹង។ ធម្មតាគេមានប្រវត្តិរូប យើងចូលកែបាន ប៉ុន្តែដល់វាកែ វាទៅកែប្រវត្តិរូបរបស់ ហ៊ុន ម៉ាណែត រួចយើងមើលទាន់ តាមទាន់ យើងកែត្រឡប់មកវិញបាន ប៉ុន្តែថ្ងៃក្រោយវាកែទៀត។ វាធ្វើអញ្ចឹងៗ លោកគិតមើល។ អាហ្នឹងខ្ញុំមិនចង់និយាយអោយល្អក់អីនៅក្នុងហ្នឹងទេ ប៉ុន្តែ វាហួសហេតុពេក …។
អរគុណក្រុមហ៊ុន CBL ដែលបានដាក់ជាពាក្យស្លោក បើស្រវឹង កុំបើកបរ
… សូមអរគុណចំពោះក្រុមហ៊ុន CBL ដែលបានដាក់ជាពាក្យស្លោក បើស្រវឹង កុំបើកបរ។ ហើយនេះ ជាទ្រឹស្ដីរបស់ ហ៊ុន សែន ហើយពាក្យដែលថា បើស្រវឹង កុំបើកបរ, បើបើកបរ កុំស្រវឹង អាហ្នឹងទ្រឹស្ដីមួយទៅ។ ថ្ងៃនេះ ថ្ងៃស្អែក កុំអោយមានគ្រោះថ្នាក់ចរាចរណ៍។ ទ្រឹស្ដីរបស់ខ្ញុំមានច្រើនណាស់ ក៏ប៉ុន្តែ បញ្ហាសំខាន់ គឺយើងត្រូវមានការទទួលខុសត្រូវមួយ ធ្វើយ៉ាងម៉េចកុំអោយបញ្ហាការផឹកស្រវឹងរបស់យើងនេះ ក្លាយទៅជាគ្រោះថ្នាក់ចរាចរណ៍។ នៅលើពិភពលោក សុទ្ធតែមានគ្រឿងស្រវឹងទាំងអស់ ហើយគ្រឿងស្រវឹងហ្នឹង វាមិនមែនទើបនឹងកើតជំនាន់ ហ៊ុន សែន ធ្វើនាយករដ្ឋមន្រ្តីឯណា។ បើនៅអឺរ៉ុបវិញ អាហ្នឹងកើតតាំងពីជំនាន់ ១០០០ ឬ ២០០០ ឆ្នាំ មុខឯណោះ។ គ្រឿងស្រវឹងហ្នឹងដូចជាវ័យចំណាស់ជាងគេ។ យ៉ាងណាក៏ដោយ ថ្ងៃនេះ ខ្ញុំមិនយកឱកាសដើម្បីហ្នឹងនិយាយច្រើនពេកទេ ប៉ុន្តែសូមអរគុណ និងកោតសរសើរចំពោះការខិតខំទាំងអស់។ បន្ដិចទៀតថានឹងទៅមើលដើមឈើដែលខ្ញុំដាំ។ ហើយ បើគិតតាំងពីពេលនោះ មកដល់ពេលនេះ គឺជាង ២០ ឆ្នាំបន្ដិច បានសេចក្ដីថា បើនិយាយពីមនុស្ស គឺពេញកំលោះតែម្ដង។
ថវិកាអភិវឌ្ឍមួយចំនួន បានពីការបង់ពន្ធលើផលិតផលស្រា និងស្រាបៀរ
ក្នុងមួយឆ្នាំ ទៅលើការបង់ពន្ធ(លើស្រាបៀរ)ជាង ១០០ លានដុល្លារសហរដ្ឋអាមេរិក នេះក៏ជាផ្នែកមួយនៃចំណូលលើថវិការបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ។ សង្ឃឹមថា បណ្ដាដៃគូទាំងអស់ ការចូលរួមទាំងអស់នៃបណ្ដាក្រុមហ៊ុនដែលវិនិយោគនៅកម្ពុជា ក៏ដូចជាក្រុមហ៊ុនដែលទាក់ទងនឹងការផលិតភេសជ្ជៈនៅកម្ពុជាទាំងអស់ ទាំងស្រា ទាំងស្រាបៀរ និងផ្នែកផ្សេងៗទៀត គឺមានការទទួលខុសត្រូវចំពោះបញ្ហាទាំងឡាយដែលទាក់ទងជាមួយនឹងការអភិវឌ្ឍនៃព្រះរាជាណាចក្រកម្ពុជា។ កាលពីមុននាំចូល គេថាយើងនាំចូលច្រើន។ ដល់ឥឡូវផលិតនៅកម្ពុជា គេថាផលិតច្រើនពេក ទៅជា សង្គមផឹកស៊ី …។ ខ្ញុំនៅចាំបាន ពេលដែលខ្ញុំធ្វើជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស ខ្ញុំទៅទស្សនកិច្ចនៅឆេកូ កាលហ្នឹងឆេកូស្លូវ៉ាគី អត់ទាន់ចែកទៅជាឆេកូ និងស្លូវ៉ាគីទេ។ ខ្ញុំទៅទស្សនកិច្ចនៅប្រាគ ពេលហ្នឹងរដ្ឋមន្ត្រីការបរទេសរបស់ឆេកូស្លូវ៉ាគីជប់លៀងឲ្យខ្ញុំ រួចហើយគាត់ប្រឹងអួតថា ស្រាបៀរឆេកូឆ្ងាញ់ជាងគេនៅអឺរ៉ុប ឆ្ងាញ់ជាងគេនៅលើពិភពលោក។ ឯកឧត្តមយល់ថាម៉េច? ខ្ញុំថា ដើម្បីឲ្យខ្ញុំដឹងថា ឆ្ងាញ់ឬមិនឆ្ងាញ់ ទាល់តែឲ្យខ្ញុំផឹកពីរឆ្នាំសិន ចាំខ្ញុំផ្តល់នូវចម្លើយ(តាម)ក្រោយ។ ដល់ចេញពិតប្រាកដមក ដល់ប៊ែរឡាំង ពេលហ្នឹងនៅជញ្ជាំងប៊ែរឡាំងនៅឡើយទេ នៅអាល្លឺម៉ង់ អាល្លឺម៉ង់ខាងកើត និងអាល្លឺម៉ង់ខាងលិច រដ្ឋមន្ត្រីការបរទេសរបស់ អាល្លឺម៉ង់ឈ្មោះ អូស្កាហ្វីសឺ គាត់ថា ស្រាបៀរអាល្លឺម៉ង់ជាស្រាបៀរដែលឆ្ងាញ់ជាងគេលើពិភពលោក ឯកឧត្តមយល់ថាអញ្ចឹងទេ? ខ្ញុំថា ដើម្បីឲ្យខ្ញុំផ្តល់ចម្លើយបានថា ឆ្ងាញ់ឬមិនឆ្ងាញ់ សុំឲ្យខ្ញុំផឹកពីរឆ្នាំសិន ដូចគ្នា ព្រោះការពិតខ្ញុំអត់ចេះផឹកស្រាបៀរទេ រួចគេថា ខ្ញុំហ្នឹងផឹកស្រាបៀរបានវាដុះពោះ មិនមែនមកពីអាហ្នឹងទេ …។
ខ្ញុំប៉ុណ្ណឹងទៅចុះ។ មិនភ្លេចអរគុណ ចំពោះការចូលរួមនូវព្រឹត្តិការណ៍នានា តាមរយៈការផ្តល់ជំនួយមនុស្សធម៌ សម្រាប់ពលរដ្ឋកម្ពុជាទៅលើបញ្ហាទឹកស្អាត បញ្ហាជួសជុលសាលារៀន បញ្ហាទាក់ទងនឹងកាកបាទក្រហមកម្ពុជា ក៏ដូចជាសកម្មភាពកីឡា។ អញ្ចេះ សុំលោកប្រធាន ឥឡូវសកម្មភាពកីឡាមានច្រើនណាស់ ជាកីឡាបាល់ទាត់ ជាកីឡាបាល់ទះ ឥឡូវហ្នឹងកម្ពុជាកំពុងតែខិតខំជម្រុញវិស័យកីឡា ដើម្បីឈានទៅស៊ីហ្គេម ឆ្នាំ ២០២៣។ អញ្ចឹង ដល់ពេលមានព្រឹត្តិការណ៍កីឡា សុំជួយធ្វើ Sponsor ផង៕