ថ្ងៃនេះ ខ្ញុំរីករាយ ដែលបានមកចូលរួមសាជាថ្មីម្តងទៀត ដើម្បីប្រគល់សញ្ញាបត្រជូននិស្សិត ចំនួន ៣.១៥០ នាក់ នៅវិទ្យាស្ថានវ៉ាន់ដា។ សូមអភ័យទោស ចំពោះការលើកពេលព្រឹកមកកាន់ពេលល្ងាច ហើយខ្ញុំគិតថា នៅដំណាក់កាលក្រោយៗទៀត នៅវិទ្យាស្ថានមួយចំនួន ប្រហែលជាយើងលើកពេលមកចែកជូនសញ្ញា បត្រនៅពេលល្ងាច ព្រោះថាពេលព្រឹក និងពេលល្ងាច មិនមានអីខុសគ្នាទេ ក្នុងដំបូលម៉ាស៊ីនត្រជាក់ ដដែលដូចគ្នា។
កាលពីសម័យដើម សម័យដែលយើងជួលរោងការ សម្រាប់ការចែកសញ្ញាបត្រនៅវិទ្យាស្ថានជាតិគ្រប់គ្រង នោះ គឺវាលំបាកបន្តិច ជួនកាលវាភ្លៀង ជួនកាលវាក្តៅ ប៉ុន្តែនេះ ទោះបីព្រឹកក៏នៅតែប៉ុណ្ណឹង ថ្ងៃត្រង់ក៏ នៅតែប៉ុណ្ណឹង ល្ងាចក៏នៅប៉ុណ្ណឹង ចែកយប់ក៏នៅតែប៉ុណ្ណឹង។ ប៉ុន្តែ ការលំបាកបន្តិច លំបាកនៅត្រង់ថា ក្រុមគ្រួសារដែលជូនមកអបអរសាទរ ដែលខ្ញុំឃើញនៅខាងក្រៅអម្បាញ់មិញ ប្រហែលជាក្តៅបន្តិច បើប្រៀបធៀបទៅពេលព្រឹក។ ប៉ុន្តែ យ៉ាងណាក៏ដោយ ដោយសារតែកម្មវិធីរបស់ខ្ញុំវាច្រើនពេក ច្រើនហួស ជួនកាលអ្នកដែលស្នើសុំកម្មវិធីឲ្យស្រូត ហើយក៏យើងជៀសវាមិនបាន គេដាក់មកយឺតពេល ចុងកម្មវិធីមួយប្រឹបទៅ ដល់កម្មវិធីនោះមកក្រោយ មិនដឹងធ្វើម៉េច មានតែយកមកពេលល្ងាច។ ម្យ៉ាងទៀត អាទិត្យនេះ ក៏ដូចជាអាទិត្យមុន មានរួចហើយ ក្នុង ៦ ថ្ងៃ នៃថ្ងៃការងារនេះ មានសុន្ទរកថារហូត ថ្ងៃនេះព្រឹកមួយ ល្ងាចមួយ ស្អែកមួយទៀត បន្តរហូតប៉ុន្មានថ្ងៃជាប់។
តែយ៉ាងណាក៏ដោយ យើងទោះព្រឹក ឬល្ងាច យើងមិនសំខាន់ សំខាន់ត្រង់ថា យើងបានមកជួបជុំគ្នា និងទទួលយកសញ្ញាបត្រ ដែលសង្គមជាតិទាំងមូលប្រកាសទទួលធនធានមនុស្ស ដែលបណ្តុះបណ្តាលនៅវិទ្យាស្ថានវ៉ាន់ដា។ ខ្ញុំសូមអរគុណជាមួយនឹងរបាយការណ៍របស់ លោកបណ្ឌិត ហេង វ៉ាន់ដា ដែលបានលើកឡើង អំពីមោទនភាពនៃវិទ្យាស្ថាននេះ ក៏ដូចជាការលើកឡើងទាក់ទងនឹងការបណ្តុះបណ្តាលទាំងឡាយ។ យើងនៅចាំបានថា ពីមុននេះ វិទ្យាស្ថាននេះហៅថា វិទ្យាស្ថានវ៉ាន់ដាគណនេយ្យ។ ខ្ញុំពេលនោះក៏មិនដឹងទេ ស្មានតែរបស់ ញឹម វណ្ណដា។ កាលហ្នឹងឮគេផ្សាយពាណិជ្ជកម្ម វ៉ាន់ដាគណនេយ្យ (គិត)ថារបស់ ញឹម វណ្ណដា ទេដឹង?
ក្នុងចំណោមនិស្សិត ចំនួន ៣.១៥៦ នាក់ ទទួលសញ្ញាបត្រនៅថ្ងៃនេះ ភាគច្រើនជាស្ត្រី
ខ្ញុំសូមចូលរួមអបអរសាទរ ជាមួយនឹងវឌ្ឍនភាពនៃវិទ្យាស្ថាននេះ បន្ទាប់ពីក្លាយទៅជាវិទ្យាស្ថានដែលមាន កម្រិតសាកលវិទ្យាល័យ ដែលទទួលការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ ខ្ពស់។ ថ្ងៃនេះ គឺបរិញ្ញាបត្ររង ចំនួន ៥៣៦ នាក់, បរិញ្ញាបត្រ ២.៥១២ នាក់ និងបរិញ្ញាបត្រជាន់ខ្ពស់ ១០២ នាក់ ហើយភាគច្រើន គឺជាស្ត្រីតែម្តង គឺចំនួន ៣.១៥៦ នាក់នេះ គឺមានស្ត្រីរហូតទៅដល់ ២.៦៩៩ នាក់ ស្មើនឹង ៨៥,៥៩ ភាគរយ។ មានន័យថា ផ្នែកខាងគណនេយ្យ គេចូលចិត្តឲ្យនារីៗកាន់ បើអ្នកគេត្រូវការអ្នកធ្វើការងារ ពួកវិនិយោគិន អ្នកជំនួញនានា គេចូលចិត្តឲ្យនារីៗកាន់លុយ។ ប៉ុន្តែ នៅក្នុងនេះ ក៏យើងឃើញថាមានចំនួន ៣២,៥ ភាគរយ (ធ្វើ)អាជីវកម្មផ្ទាល់ខ្លួន …។ កម្រិត បរិញ្ញាបត្រ ៨៥,៨៧ ភាគរយ និងកម្រិតបរិញ្ញាជាន់ខ្ពស់ ១០០ ភាគរយ ដែលមានការងារធ្វើ។ ក្នុងចំណោមនោះ ក៏មាន ៣២,៥ ភាគរយ ដែលធ្វើអាជីវកម្មផ្ទាល់ខ្លួន។ ចំណុចនេះ អាចបង្ហាញឲ្យឃើញថា ជួនកាលអ្នករកស៊ី ប៉ុន្តែ គេត្រូវការបណ្តុះបណ្តាលខ្លួនគេផ្ទាល់ ឬបណ្តុះបណ្តាលខ្លួនកូន ឬក៏ចៅរបស់អ្នកជំនួញនោះ អ្នករកស៊ីនោះ ដើម្បីមករៀនសូត្រទាក់ទងជាមួយកិច្ចការគណនេយ្យ ឬកិច្ចការទាំងឡាយ ដែលជាតម្រូវការនៃមុខរបររបស់គេ។
អបអរចំពោះនិស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ
ខ្ញុំសូមអរគុណចំពោះវិទ្យាស្ថាន ដែលបានផ្តល់ជាបន្តបន្ទាប់នូវអាហារូបករណ៍ឲ្យខ្ញុំ និងភរិយា ដើម្បីចែកជូននិស្សិតដែលមានការលំបាក ហើយក្នុងនោះ ថ្ងៃនេះ ក៏មានមួយចំនួនដែលមកទទួលសញ្ញាបត្រនៅទីនេះផងដែរ។ ខ្ញុំសូមយកឱកាសនេះ ដើម្បីអបអរសាទរចំពោះជ័យលាភីទាំងអស់ ដែលបានទទួលសញ្ញាបត្រនៅថ្ងៃនេះ នៅទីនេះគ្រប់កម្រិត ដែលជាការខិតខំមួយរបស់ខ្លួនផ្ទាល់ របស់ក្រុមគ្រួសាររបស់យើង ដែលនៅខាងក្រៅអម្បាញ់មិញ។ ខ្ញុំមើលឃើញ មើលដឹង មើលយល់អំពីការរីករាយរបស់ពួកគាត់ ក្នុងហ្នឹងមានក្មួយស្រីម្នាក់មានផ្ទៃពោះផង ប្រហែលជាក្នុងចំណោមហ្នឹង (ប្តី)គឺនិស្សិតបុរសណាមួយនោះ គឺមានកូននៅក្នុងពោះ មិនដឹងថាកូនទី ១ ឬកូនទីប៉ុន្មានទេ? ប៉ុន្តែយ៉ាងណាក៏ដោយ ចំណុចនេះបានឆ្លុះបញ្ចាំងថា ភរិយារបស់យើងបានប្រឹងប្រែង ដើម្បីយើងមានលទ្ធភាពមករៀនសូត្រនៅទីនេះ ឪពុកម្តាយយើង បងប្អូនយើង ភរិយាយើង ប្តីយើង សុទ្ធតែបានខិតខំរួមចំណែក ដើម្បីមកឲ្យយើងបានរៀនសូត្រនៅទីនេះ។ អ្នកទាំងនោះ ពិតជាមានមោទនភាពចំពោះយើង ហើយពួកគាត់សប្បាយរីករាយ ថែមទាំងមិនបានសម្រក់ទឹកភ្នែកចំពោះមុខការខុសឆ្គងណាមួយរបស់និស្សិតយើង ដែលស្ថិតនៅក្នុងគ្រួសារទេ។ ដូច្នេះ ខ្ញុំក៏សូមចូលរួមជាមួយនឹងមាតាបិតា អាណាព្យាបាល អបអរសាទរជាមួយជ័យលាភី ដែលទទួលសញ្ញាបត្រថ្ងៃនេះ។
ការរៀនសូត្រ គឺគ្មានដែនកំណត់
… សូមផ្តាំផ្ញើថា សូមយកបន្តការខិតខំបន្តទៅទៀតក្នុងការរៀនសូត្រ។ រៀនអស់មួយជីវិត មិនអាចរស់ត្រឹមប៉ុណ្ណឹងទេ សភាពការណ៍ចេះតែវិវឌ្ឍទៅមុខ មិនអាចថា ឬអ្នកធ្វើការធម្មតាទេ សូម្បីតែធ្វើមេដឹកនាំ បើសិនជាខ្លួនប្រហែស កុំថាឡើយដល់រាប់ឆ្នាំ សូម្បីតែពីរអាទិត្យ ឬក៏ពីរថ្ងៃ សភាពការណ៍វាវិវឌ្ឍលឿនពេក យើងមិនអាចតាមទាន់នូវសភាពការណ៍នោះ ក្លាយជាមនុស្សអភិរក្ស។ តែចូលក្នុងកម្រិតអភិរក្សហើយ ច្បាស់ណាស់ គឺមិនខុសពីការដុំថ្មសង្កត់ពីលើពន្លកដែលទើបដុះ។ នេះហើយជាជំងឺអភិរក្ស នេះហើយជា មហន្តរាយ នៃក្រុមអភិរក្សនិយម ដែលបង្កើតជាឧបសគ្គដែលពន្លកដែលត្រូវដុះចេញមក។ និយាយយ៉ាង ដូច្នេះ គឺទាមទារចង់ឲ្យមនុស្សទាំងអស់ មិនថាចាស់ ឬក្មេងទេ មិនថានៅក្នុងមុខតំណែងណាមួយទេ ត្រូវតែបន្តការខិតខំស្រាវជ្រាវរៀនសូត្រជាបន្ត ដើម្បីដើរឲ្យទាន់ជាមួយនឹងសភាពការណ៍របស់យើង។
សង្ឃឹមឆ្នាំនេះ និងឆ្នាំក្រោយ សេដ្ឋកិច្ចបន្តក្នុងរង្វង់ ៧ ភាគរយ
នៅក្នុងវិទ្យាស្ថានវ៉ាន់ដានេះ ភាគច្រើនទទួលបន្ទុកទាក់ទងជាមួយនឹងការងារសេដ្ឋកិច្ច ការងារគណនេយ្យ (និង)ហិរញ្ញវត្ថុ ធនាគារអីជាដើម មានទាក់ទងច្រើនរឿង។ សេដ្ឋកិច្ចគ្រាន់តែបញ្ហាទាក់ទងនឹងពន្ធដារ ទាក់ទងគណនេយ្យ ទាក់ទងសវនកម្ម ហើយសវនកម្មហ្នឹងភាគច្រើនជាឯកទេសសវនកម្ម ទៅលើបញ្ហាទាក់ទងជាមួយនឹងហិរញ្ញវត្ថុនោះឯង។ សូម្បីតែខាងផ្នែកភាសាអង់គ្លេស ក៏អង់គ្លេសជាមួយនឹងបញ្ហាសេដ្ឋកិច្ចទៀត។ លោកជំទាវ សោម គឹមសួរ បើសិនជាត្រូវការសវនកម្មអីរើសចេញពីនេះ ព្រោះខាងណេះគេរៀនខាងសវនកម្ម។ ប្រសិនបើត្រូវការ។ ខាងក្រសួងអធិការកិច្ច ប្រសិនបើត្រូវការពីខាងហ្នឹងក៏មាន។ ប៉ុន្តែ ដាក់ប្រឡងឲ្យបានត្រឹមត្រូវ។ ព្រោះយើងមានការងារចេះតែទៅមុខ ប្រឹងប្រែងបន្តការខិតខំ ដើម្បីធ្វើឲ្យប្រទេសរីកចម្រើន។ គ្មានការរីកចម្រើនណាមួយដែលខ្វះការចូលរួម។ ស្ថានភាពសេដ្ឋកិច្ចរបស់យើងកាលពីឆ្នាំកន្លងផុតទៅនេះ គឺបានកំណើនក្នុងរង្វង់ ៧,១ ភាគរយ ពីរឆ្នាំជាប់ៗគ្នា។ មុននោះយើងបានត្រឹមតែ ៧ ភាគរយទេ ដោយសារកសិកម្មរបស់យើងរាងធ្លាក់ចុះបន្តិច។ ប៉ុន្តែ កសិកម្មឆ្នាំ ២០១៦ កន្លងផុតទៅនេះ អាចចាត់ទុកថា ជាកសិកម្មដែលទទួលផលល្អ ដែលយើងមានអតិរេកស្រូវច្រើនជាងពេលមុន ហើយដែលធ្វើឲ្យកំណើនរបស់យើងឡើងទៅដល់ទៅ ៧,១ ភាគរយ។ សង្ឃឹមថា ឆ្នាំនេះ និងឆ្នាំក្រោយនៅបន្តក្នុងរង្វង់ ៧ ភាគរយ។ នេះជាអត្រាមិនធម្មតា ដែលប្រទេសនៅក្នុងតំបន់គឺនៅសល់ប្រទេសកម្ពុជាមួយ ដែលមានអត្រាលូតលាស់ក្នុងកម្រិត ៧ ភាគរយ។
គ្មានសង្គ្រាមកើតឡើងប្រទេសជាតិឈានទៅរកភាពរីកចម្រើន
យើងបន្តការខិតខំទាំងអស់គ្នា ដើម្បីនាំមកនូវវឌ្ឍនភាពសម្រាប់ប្រទេសផង សម្រាប់ក្រុមគ្រួសារផង។ រឿងនេះ ទំនាក់ទំនងគ្នានេះមិនដាច់ទេ រវាងប្រទេសជាមួយនឹងជីវភាពផ្ទាល់របស់គ្រួសារ (និង)របស់សហគមន៍។ យើងពិនិត្យអញ្ចេះទៅចុះ បើប្រទេសវាកើតសង្គ្រាម សួរថា អ្នកទាំងអស់គ្នាមានលទ្ធភាព ដើម្បីនឹងអភិវឌ្ឍក្រុមគ្រួសារទេ? វាពិតជាគ្មានទេ កុំថាឡើយមានលទ្ធភាពរៀនសូត្រយ៉ាងដូច្នេះ។ សម័យដើមនៅពេលដែលប្រទេសរបស់យើងមានសង្គ្រាមនោះ តើយើងលំបាកប៉ុណ្ណា? ថ្ងៃមុនខ្ញុំចូលមក ខ្ញុំបង្ហោះអញ្ចឹង ទៅ មានអ្នកចូលមកថា អតីតកាលក្លាយទៅជារឿងស្អីទៅហើយ? សុំនាំគ្នាគិតអនាគត បានខ្ញុំក៏ឆ្លើយទៅវិញថា ក្មួយគិតឲ្យច្បាស់ អតីតកាលហ្នឹងហើយដែលនាំឲ្យក្មួយមកកាន់បច្ចុប្បន្នកាលនេះ ហើយប្រសិនបើក្មួយភ្លេចអតីតកាល ការដែលម្តាយរបស់ក្មួយបង្កើតក្មួយមកក៏ជារឿងអតីតកាលដែរ។ ហើយបើសិនក្មួយភ្លេចអតីតកាល វាមិនខុសពីភ្លេចម៉ែខ្លួនឯងទេ …។ អារឿងហ្នឹងវាសុទ្ធតែដៀមដាម ប៉ុន្តែ មនុស្សណាក៏ដោយដែលភ្លេចអតីតកាល វាជាមនុស្សប្រភេទនៃតិរច្ឆាន អត់មានស្គាល់ម៉ែឪវាទេ …។ មនុស្សយើងឥឡូវ ក្មួយៗ ប្អូនៗ បើកើតមិនទាន់ពេលមុនទេ សួរជីដូនជីតា សួរឪពុកម្តាយរបស់ខ្លួន រត់នឹងគ្រាប់បែកប៉ុណ្ណា? គ្រាប់បែកអាមេរិកាំង ឪពុកម្តាយ ឬជីដូនជីតារបស់ខ្លួនវេទនាប៉ុណ្ណាទៅ? ជំនាន់ ប៉ុល ពត វេទនាប៉ុណ្ណាទៅ? នៅពេលដែលប្រទេសនៅសេសសល់សង្គ្រាម។
កម្ពុជាមួយតំបន់ត្រួតត្រាច្រើន ទៅជាកម្ពុជាមួយតំបន់ត្រួតត្រាមួយ
កាលពីពេលមុនយើងប្រឹងណាស់ ដើម្បីឲ្យប្រទេសនេះមានសុខសន្តិភាព។ ឥឡូវនេះ ផែនដីខ្មែរទាំងមូល គ្របដណ្តប់ដោយសន្តិភាព ដោយគ្មានតំបន់អបគមន៍ដូចពេលមុនទេ។ ចំណុចនេះ មិនងាយរកទេ ហើយ អ្នកខ្លះគិតតែនិយាយរឿងបំបែកបំបាក់ និយាយពីរឿងលាបពណ៌ ដែលខ្ញុំសុំបញ្ជាក់ជូនថា (ដោយ)តម្លៃណាក៏ដោយ គឺអត់(អោយធ្វើបាន)ទេ។ សូមបញ្ជាក់ជូន។ ព្រោះលំបាកណាស់ ទម្រាំមានសន្តិភាពដូចសព្វថ្ងៃនេះ។ ដែនដីកម្ពុជាមានតំបន់ត្រួតត្រាច្រើន មិនតិចជាងពីរក្នុងពេលតែមួយ។ នៅពេលអតីតកាល មុនឆ្នាំ ១៩៩៨ មើលរឿងសាមកុកនៅប្រទេសចិន ក៏ប៉ុន្តែកុំភ្លេចសាមកុកនៅស្រុកខ្មែរ កើតនៅក្នុងដំណាក់កាលក្រោយ។ ពញាយ៉ាត រឿងមួយហើយ។ ដំណាក់កាល ព្រះស្រីរាជា ព្រះអង្គគ្រងរាជ្យ មានការសាងតំបន់ធម្មរាជា គ្រប់គ្រងតំបន់ចតុមុខ ផ្សារភ្ជាប់ទៅនឹងបាទី សំរោងទង និងតំបន់ដទៃទៀត។ មានតំបន់ក្រោមព្រះមហាក្សត្រគ្រប់គ្រង ដែលព្រះរាជទាយាទមិនឲ្យចូលទីក្រុងរបស់ធម្មព្រះរាជា គឺនៅកំពង់ត្រឡាច រលាផ្អៀរ ពោធិសាត់ បាត់ដំបង អីតែម្ខាងទៅ ហើយតំបន់សុរិយោទ័យ គ្រប់គ្រងទៅម្ខាងទៅ ហ្នឹងក៏សាមកុក។ ដល់ក្រោយមកមានព្រះរាជាទិសខាងកើត និងព្រះរាជាទិសខាងលិច រវាងព្រះអង្គចន្ទរាជា ជាមួយនឹង ហ្លួងព្រះស្តេចកន …។
មុនឆ្នាំ ១៩៧០ វាមានខ្មែរក្រហម វាមានខ្មែរខៀវ មានខ្មែរស វាមានខ្មែរស៊ីជម្ពូ មិនដឹងខ្មែរស្អីខ្លះ នៅអោយ ពេញព្រៃហ្នឹងទៅ។ ១៩៧០-១៩៧៥ បែងចែកតំបន់ ២ រវាងតំបន់ទីក្រុងគ្រប់គ្រងដោយ លន់ នល់ និង តំបន់ជនបទ ដែលគ្រប់គ្រងដឹកនាំដោយចលនាតស៊ូ ដឹកនាំដោយ សម្តេចព្រះនរោត្តម សីហនុ ១៩៧៩ គឺខ្មែរក្រហម គ្រប់គ្រងជារបបប្រល័យពូជសាសន៍។ ក៏ប៉ុន្តែ ខ្មែរក្រហមខ្លាំងប៉ុណ្ណឹង ក៏នៅមិនអាចត្រួតត្រា ទឹកដីបានទាំងអស់ដែរ ព្រោះមានតំបន់តស៊ូដាច់ដោយដុំ ដើម្បីវ៉ៃខ្មែរក្រហម។ ឆ្នាំ ១៩៧៩-១៩៩៣ យើង មានតំបន់ត្រួតត្រា ៤ រដ្ឋកម្ពុជានៅទីក្រុងភ្នំពេញ ក្រុមខ្មែរក្រហម ក្រុមរណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរ ក្រុមហ្វ៊ុនស៊ិនប៉ិច។ ឆ្នាំ ១៩៩៣-១៩៩៨ ប្រទេសកម្ពុជាមួយតំបន់ត្រួតត្រា ២ ទៀត រវាងរាជរដ្ឋាបាល ទីក្រុងភ្នំពេញ ជាមួយកម្ពុជាប្រជាធិបតេយ្យ ដែលមានទីតាំងនៅអន្លង់វែង និងគ្រប់គ្រងតាមទីតាំងកម្ពុជា-ថៃ និងតំបន់ស្បែកខ្លាមួយចំនួននៅក្នុងប្រទេស។ តើនេះវាលំបាកប៉ុណ្ណា? យើងសាជាថ្មីម្តងទៀត ខ្ញុំយកជីវិតខ្ញុំធ្វើដើមទុន ចូលទៅតំបន់បងប្អូនទាំងនោះ។ បើខ្ញុំមិនចូលទៅ តើគេជឿទុកចិត្តយ៉ាងម៉េចបាន? អញ្ចឹងទេ ដោយសារការលះបង់នោះហើយ ដែលនាំទៅដល់យើងឯកភាពជាតិរហូតមកដល់ថ្ងៃនេះ។
ដំណើរ ៥ ពាន់គីឡូម៉ែត្រ តាមរថយន្ត មើលការអភិវឌ្ឍរបស់ប្រទេសជាតិ
ខ្ញុំបានធ្វើដំណើរបូកសរុបទាំងអស់ចំនួនជាង ៥.០០០ គីឡូម៉ែត្រ ដោយរថយន្ត។ ខ្ញុំបានទៅស្គាល់កន្លែង ទាំងអស់នោះ ហើយដោយគ្មានបានឲ្យដំណឹងជាមុន ព្រោះត្រូវធ្វើដំណើរដោយរបៀបនេះ។ មានពេលមួយ ខ្ញុំបានធ្វើដំណើរពីស្ទឹងត្រែង។ ព្រលឹមឡើងនៅស្ទឹងត្រែងបានប្រាប់ថា ចេញដំណើរតាមផ្លូវលេខ ៩ មានមួយចំនួនចាំខ្ញុំនៅក្រចេះ នឹកស្មានថាខ្ញុំពីស្ទឹងត្រែងមកក្រចេះ។ មានអីឆ្លងទន្លេមេគង្គឡើងតាមផ្លូវជាតិលេខ ៩ ទៅធ្លាយព្រះវិហារ ចេញពីព្រះវិហារចូលកំពង់ធំ។ អញ្ចឹងទៅតាមផ្លូវដែលយើងកសាងថ្មីៗបន្ថែមទៀត។ យើងបានមើលទាំងសន្តិភាព ដែលជាតំបន់ធ្លាប់ប្រយុទ្ធកាលពីពេលមុន យើងបានមើលសមិទ្ធផលជាហេដ្ឋារចនាសម្ព័ន្ធផង។
ការប្រមាថមិនអាចទទួលយកបាន នៃមេដឹកនាំបក្សប្រឆាំង
… អ្នកខ្លះថា មកពីខ្មែរចេះតែទាស់គ្នា អ្នកនយោបាយខ្មែរចេះតែទាស់គ្នា ប៉ុន្តែ ខ្ញុំសូមជម្រាបថា ខ្ញុំអត់ទាស់ជាមួយអ្នកណាទេ គេបង្កជម្លោះ វ៉ៃខ្ញុំមិនអោយខ្ញុំឆ្លើយម៉េចបាន។ ខ្ញុំសូមបញ្ជាក់សាជាថ្មី អ្នកដែលចោទប្រពន្ធខ្ញុំថា ជាប្រពន្ធរបស់មេដឹកនំារបស់វៀតណាម ចោទថាកូនខ្ញុំ ហ៊ុន ម៉ាណែត ជាកូនរបស់មេដឹកនំា ឡេ ដឹកថូ អ្នកមិនរួចខ្លួនទេ។ មិនរួចខ្លួនទំាងបុគ្គល មិនរួចខ្លួនទំាងបក្សរបស់អ្នកឯង បើអ្នកឯងមិនធ្វើសកម្មភាពណាមួយអោយខ្ញុំពេញចិត្ត ព្រោះនេះជាការប្រមាថធ្ងន់បំផុតដែលខ្ញុំមិនអាចទទួលយកបាន។ (ដែល)បែកធ្លាយសម្លេងប៉ុន្មានថ្ងៃ នោះហើយដែលជាការវ៉ៃមួយដៃឆ្វេង(របស់) ហ៊ុន សែន តែនៅមួយដៃស្តំាអត់ទាន់វ៉ៃទេ។ សូមអ្នកឯងស្តាប់អោយបាន។ អ្នកឯងត្រូវយល់ការឈឺចាប់របស់ប្តី ក្នុងពេលដែលភរិយាជាប់នៅក្នុងរបបប្រល័យពូជសាសន៍ មិនដឹងថាស្លាប់ មិនដឹងថារស់ផង។ ថ្ងៃ ២៤ ខែ កុម្ភៈ ហើយ ទើបខ្ញុំមានជោគវាសនា ដើម្បីនឹងជួបប្រពន្ធកូនខ្ញុំឡើងវិញ។ ភរិយារបស់ខ្ញុំ និងកូន ត្រូវលាក់ខ្លួនសិន ព្រោះសភាពការណ៍វាច្របូកច្របល់។ មកដេករើសកួរស្រូវនៅវាលសួង ត្បូងឃ្មុំ ចម្រៀងទុកស្រីប្តីព្រាត់ បញ្ជាក់ច្បាស់ណាស់។
… ខ្ញុំសូមប្រកាសជាសាធារណៈ ម៉ៅ មុនីវណ្ណ ដែលជាតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ បានវ៉ៃ បញ្ចូនមកខ្ញុំ ហើយខ្ញុំនឹងអោយផ្សាយល្ងាចនេះតែម្តង នៅ WhatsApp អំពីបញ្ហា ម៉ៅ មុនីវណ្ណ បញ្ជាក់។ … ម៉ៅ មុនីវណ្ណ បានវ៉ៃមកអោយខ្ញុំកាលពីពេលនោះថា លោកពូ ខ្ញុំស្តាប់ សម រង្ស៊ី ផ្ទាល់ក្នុងអង្គប្រជុំ រួចហើយបានគេអោយគ្នាគេធ្វើ។ ខ្ញុំមិនយោគយល់ទេ ខ្ញុំមិនអនុញ្ញាតទេ ព្រោះរឿងនេះជាការប្រមាថធ្ងន់ធ្ងរក្នុងជីវិតរបស់ខ្ញុំ។ ឥឡូវខ្ញុំអោយបញ្ជូនមកទំាងអស់នូវសារឆ្លងឆ្លើយ រវាង សម រង្ស៊ី ជាមួយនឹងខ្ញុំ។ បើមានការចំបាច់ ខ្ញុំបង្ហោះទំាងអស់។ ព្រឹកមិញខ្ញុំនិយាយ។ ឥឡូវល្ងាចនេះ បន្តិចទៀតខ្ញុំនឹងអោយ Fresh News ផ្សាយពី ម៉ៅ មុនីវណ្ណ បានវ៉ៃមកអោយខ្ញុំ ថា “លោកពូ ខ្ញុំស្តាប់ សម រង្ស៊ី ជាអ្នកនិយាយក្នុងអង្គប្រជុំតែម្តង”។ អញ្ចឹង រឿងហ្នឹងហើយដែលខ្ញុំមិនអត់ឱន មិនអាចយោគយល់។ ឥឡូវបើអ្នកឯងចិត្តសឿង អ្នកឯងដេញ ម៉ៅ មុនីវណ្ណ ចេញពីបក្ស។ ម៉ៅ មុនីវណ្ណ ពីម្សិលមិញមកទារអំាងប៉ាវពីខ្ញុំទៀត ប្រាប់ទៅក្មួយមិនទាន់មានអំាងប៉ាវទេ។ ថាលោកពូ ជំពាក់អំាងប៉ាវធំ។ អត់ទេ និយាយគ្នាអោយស្រួល។
ការបែកគ្នា សម្តេចតេជោ និងសម រង្ស៊ី
… អ្នកឯងបង្កហេតុរបៀបនេះ។ ទាស់គ្នារឿងនយោបាយរឿងមួយ ប៉ុន្តែរឿងគ្រួសារសុខៗ មើលខ្ញុំគ្រាន់តែនិយាយអញ្ចេះដើម្បីអោយវាអស់ចម្ងល់ថា ម៉េចខ្ញុំ និង រង្ស៊ី វាបែកគ្នា? តាមពិតខ្ញុំបានធ្វើកិច្ចការច្រើន សម្រាប់ រង្ស៊ី ម្តងហើយម្តងទៀត ទោះបីថា រង្ស៊ី បានប្រើពាក្យថា “មានស៊ីអត់សែន មានសែនអត់ស៊ី”។ តើនៅចំាទេ យុទ្ធនាការបោះឆ្នោតឆ្នំា ២០០៣? រង្ស៊ី ជាអ្នកដាក់ចេញនូវយុទ្ធសាស្ត្រ មានសែនអត់ស៊ី មានស៊ីអត់សែន។ ច្បាស់ហើយ នយោបាយនេះ អត់ទាន់កែនៅឡើយទេ។ ឥឡូវវាត្រូវហើយ វាមានតែសែន វាអត់ស៊ីទេ ព្រោះវាទៅបាត់ទៅហើយ។ ហ្នឹងនយោបាយអ្នកឯងតើ! មិនមែននយោបាយខ្ញុំឯណា? គេបន្តនយោបាយបែបនេះតទៅទៀត។ ឆ្នំា ២០០៨ ខ្លួនឯងជាអ្នកមានសុជីវធម៌ណាស់ អ្នកប៉ុន្មាននាក់ដទៃទៀតចំាអោយបាន។ អ្នកឯងនិយាយថា ខ្ញុំនិយាយអគុណធម៌ និយាយគ្មានសីលធម៌ និយាយគ្មានសុជីវធម៌។ ខ្ញុំសូមតំាងជាសំណួរថា នៅពេលដែល រង្ស៊ី ចុះពីឡាន ឃើញរូបថត សម្តេច ហេង សំរិន, សម្តេច ជា ស៊ីម និងខ្ញុំ ថាចោរលួចជាតិៗ អាកណ្តាលខូចជាងគេ។ ហ្នឹងគុណធម៌ និងសុជីវធម៌ជាអ្នកនយោបាយទេ? ជាគុណធម៌ទេ? ខ្ញុំបានលើកលែងទោសអោយ សម រង្ស៊ី សូមព្រះរាជទានទោស ចំថ្ងៃឪពុកខ្ញុំមរណកាល ដើម្បីនឹងអោយ សម រង្ស៊ី ចូលស្រុក ខិតខំធ្វើការជាមួយគ្នា ជាដៃគូសន្ទនា។ គិតជាមួយគ្នាអញ្ចេះ ស៊ីបាយជាមួយគ្នានៅកំាបូឌីយ៉ាណា ក្រោយតែពីទៅអង្គរសង្គ្រាន … ទៅជួបគ្នានៅម៉ាឡេទៀត។
ខ្ញុំធ្វើអស់ហើយ ខ្ញុំហ៊ានហៅខ្មែរក្រហមចេញពីព្រៃ ម៉េចខ្ញុំទៅធ្វើបាបអ្នកនេះ? ប៉ុន្តែរឿងរ៉ាវ គឺវាដូច្នេះឯង។ គេថា ខ្ញុំខ្លាចគេ។ សូមផ្តំា កុំថា រង្ស៊ី មួយ ១០០ រង្ស៊ី … ក៏ ហ៊ុន សែន មិនខ្លាចដែរ? សូមផ្តំាទៅលោកឯង។ ខ្ញុំមិនដែលចេះខ្លាចអ្នកណាទេ។ មួយជីវិតរបស់ ហ៊ុន សែន នេះ ខ្ញុំមិនចាត់ទុកអ្នកណាជាអ្នកណានោះទេ លោកឯងហៅកូនមកស៊ីបាយ វ៉ៃ SMS មកអោយខ្ញុំ ថាឥឡូវកូនខ្ញុំបានមកដល់ តើធ្វើយ៉ាងម៉េចសម្តេច? ខ្ញុំថា យកល្អយើងជួបជុំហូបបាយជាមួយគ្នា អោយកូនយើងទំាងអស់គ្នាជួបជុំគ្នាវាម្តងទៅ។ កូន រង្ស៊ី មកពីស្វ៊ីសមួយ ពីរនាក់ប្តីប្រពន្ធ មកពីអាមេរិកមួយ ជាកូនស្រីពៅ។ នៅសល់កូនស្រីមួយគ្នាមានផ្ទៃពោះ ខ្ញុំអត់បន្ទោសកូនរបស់ រង្ស៊ី ទេ។ ខ្ញុំអត់បន្ទោសទេ។ ឯខ្ញុំបានកូនសឹងតែទំាងអស់ ព្រោះវាជុំគ្នា។ មិនគួរចេញពីស្រុកខ្មែរទៅដល់ស្រុកបារំាង ទៅធ្វើសម្ភាសន៍ថា លោក ហ៊ុន សែន ដឹងខ្លួនថាចាញ់ហើយបានជាអោយកូនគាត់ស្គាល់កូនខ្ញុំ។ ក្នុងឋានៈខ្ញុំ ជានាយករដ្ឋមន្ត្រីក្នុងតំណែង និងក្នុងតំណែងបក្សឈ្នះឆ្នោតជារៀងរហូតមក … សុំទោសខ្ញុំថ្ងៃ ២៩ ខែ កញ្ញា (ដល់) ថ្ងៃ ១០ ខែ តុលា ទៅជេរខ្ញុំនៅ Tokyo …។
កឹម សុខា ឡើងជាប្រធានបក្សសង្គ្រោះជាតិ គឺជាផែនការរបស់សម្តេច
មានមកទំាងអស់ហើយ ចេញមកហើយ ថ្ងៃប៉ុន្មានៗ ខូចអីខូចម្ល៉េះ? តែចំាបាច់បញ្ចេញទំាងអស់ហ្នឹង។ ល្ងាចនេះ បញ្ចេញសារមួយ Fresh News មាននៅក្នុងនោះស្រាប់ហើយ ខ្ញុំអោយទៅ Fresh News ប៉ុន្មានថ្ងៃមុន ដើម្បីអោយឃើញថា រឿងស្អី។ តែរឿងធំជាងគេ គឺរឿងឲ្យអាម៉ីអាថោងធ្វើ ប៉ុន្តែអាមេអ្នកថា។ អញ្ចឹង បើសិនជាមិនដោះស្រាយបញ្ហាទេ គឺអ្នកឯងនៅមានបញ្ហា។ ខ្ញុំអត់ទាស់ជាមួយអ្នកណាទេ ប៉ុន្តែ បើអ្នកឯងហ៊ានលេង ខ្ញុំក៏ហ៊ានលេងដែរ។ ខ្ញុំអត់មានបង្កហេតុទេ។ ព្រឹកមិញបានជាជ្រុលនិយាយបន្តិចទៅហើយ និយាយឲ្យហើយ។ ខ្ញុំនិយាយជាមួយ កឹម សុខា និយាយមែន។ ហើយផែនការរៀបចំឲ្យ កឹម សុខា ឡើងកាន់បក្ស។ និយាយឲ្យត្រង់អញ្ចឹងតែម្តង។ អារឿងវិសោធនកម្មច្បាប់បក្សនយោបាយ។ អញ្ចឹងទេ វាមានសល់កន្លែងអី? ឆ្នាំ ២០១៨ ច្បាប់គេឲ្យតែ ៩០ ថ្ងៃ (ត្រូវ)រើស អញ្ចឹងមិនរើសឲ្យលឿន។ កុំចង់លេងជាមួយ តេជោ វើយ … ធ្វើអីក៏មិនបានដែរ។ ហើយសញ្ញាបត្រអ្នករៀនស្រុកខ្មែរអត់មានតម្លៃទាំងអស់។ នៅចាំបានទេ ឆ្នាំទៅគេប្រកាស(ថា) សញ្ញាបត្រនៅកម្ពុជាអត់តម្លៃ អញ្ចឹងទេ អ្នកទាំងអស់(គ្នា)រៀននៅស្រុកខ្មែរវាអត់មានតម្លៃអីទេ។
“ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ” ជាភាសាមើលងាយទៅដល់មេឃុំទាំងឡាយ
ឥឡូវ មិនទាន់បានអីផង ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ។ ចាំមើលៗបេក្ខជនមេឃុំបម្រើរាស្ត្រ វាប៉ុណ្ណាវា? ឥឡូវ ខ្ញុំសុំផ្តាំទៅ នៅកំបូលកំពុងមានបញ្ហា? កុំថាគេមិនដឹងខ្លួនឯងនៅឯណាអីឯណានោះ។ អានេះនៅកំបូល អានេះនៅសៀមរាប នៅអាមណ្ឌលគិរី …។ ដល់ម៉ោងនេះហើយរញ៉េរញ៉ៃពេញទឹកពេញដី។ ម្សិលមិញ មានដុតស្លាក(គណបក្ស)ពេញទឹកពេញដី អាហ្នឹងស្តាប់បក្ស ឬមិនស្តាប់បក្ស? ហើយរឿងហ្នឹងវាយ៉ាងម៉េច? មិនទាន់បានអីផង បង្អាប់គេទៅហើយ។ ភាសាហ្នឹងភាសាវ៉ៃគេ។ ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ អាមេឃុំបម្រើបក្សរាល់ថ្ងៃ ក្រែងមេឃុំរបស់គណបក្សប្រជាជនអី? អ្នកឯងចាប់វ៉ៃគេពីឥឡូវទៅហើយ? មិនទាន់បានអីផង។ វាបង្កហេតុអញ្ចឹងបានវាមិនសុខ។ ទេ បើត្រូវញ៉ោះ ក៏ញ៉ោះដែរ …។
អំពី Page ឈ្មោះ សីហា ដែលមានសមត្ថភាពអាចស្តាប់បានការសន្ទនា រវាងសម្តេច និង កឹម សុខា
… ការពិតទៅខ្ញុំមិនគួរមកនិយាយទេ ព្រោះវាហត់ណាស់ទៅហើយ ប៉ុន្តែដោយសារវាមានចម្ងល់ម្តងហើយម្តងទៀត។ ចម្ងល់ចូលចុះចូលឡើង បន្តិចទៀតអាច Fresh News ផ្សាយ ព្រោះអត់ដឹង Page សីហា វានៅឯណាផង? Page សីហា ហ្នឹងវាធ្លាយ។ ឥឡូវ ខ្ញុំអត់ផ្សាយ Page សីហា ទេ ព្រោះខ្ញុំអត់ស្គាល់វា មិនដឹងវានៅឯណា? មុខវាយ៉ាងម៉េច សីហា ហ្នឹង? វាចាប់បានទាំងសម្លេងឯងប៉ុណ្ណឹង គ្រាន់បើចេះចាប់សម្លេងខ្ញុំ ជាមួយនឹង ឯកឧត្តម កឹម សុខា បាន។ ព្រោះអាម៉ាស៊ីនធុនហ្នឹងមានតែអាមេរិក អ៊ីស្រាអ៊ែល អាល្លឺម៉ង់ និងអាចមានប្រទេសអឺរ៉ុបមួយចំនួនទៀត។ អាម៉ាស៊ីនធុនហ្នឹងហើយ ដែលចារកម្មអាមេរិក (លួច)ស្តាប់ អង់ជីឡា ម៉ាកែល (Angela Merkel) របស់អាល្លឺម៉ង់ និង(លួច)ស្តាប់មេដឹកនាំអឺរ៉ុបមួយចំនួន។ ខ្មែរយើងគ្មានសមត្ថភាពលួចស្តាប់អាហ្នឹងទេ។ អញ្ចឹងជាអ្នកណា? … ស្គាល់អា Fresh News ឲ្យផ្សាយខ្លឹមសារ ម៉ៅ មុនីវណ្ណ ចង្អុលចំឈ្មោះ ម៉ៅ មុនីវណ្ណ ឲ្យ ម៉ៅ មុនីវណ្ណ ចេញមកបដិសេធ បើ ម៉ៅ មុនីវណ្ណ ហ៊ាន ខ្ញុំនឹងផ្សាយទាំងអស់នូវសារឆ្លងឆ្លើយ ម៉ៅ មុនីវណ្ណ និងខ្ញុំ។ … នៅក្នុងម៉ាស៊ីននេះ ត្រូវស្តុក(ទុក) ៥ កន្លែង … ក្រែងលោដូរទូរស័ព្ទទៅ ឬក៏គេ Hack ចូលទូរស័ព្ទចូលអី។ ទុកផ្សេង ព្រោះធម្មតា វាមានអាខ្លះស្តុកតែប៉ុន្មានថ្ងៃ គឺវាចេញ (ហើយ)មានអាខ្លះទុកបានយូរ។ ប៉ុន្តែ យើងយកទៅស្តុកទុក នៅកន្លែងមួយវាមានសុវត្ថិភាពជាង … (ម្យ៉ាងទៀត)កុំឲ្យគាត់និយាយម្តងអញ្ចេះម្តងអញ្ចុះ។
រួមគ្នាថែររក្សាសន្តិភាព ស្ថេរភាពនយោបាយ ដើម្បីប្រទេសមានការអភិវឌ្ឍប្រកបដោយចីរភាព
សុំអំពាវនាវឲ្យបន្តការខិតខំទាំងអស់គ្នា ដើម្បីធ្វើឲ្យប្រទេសមួយនេះមានសន្តិភាព មានស្ថេរភាពនយោ បាយ និងមានការអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងហ្នឹងកំណើនសេដ្ឋកិច្ចដែលយើងត្រូវការ គឺមិនតិចជាង នៅក្នុងរង្វង់ ៧ ភាគរយ។ ទម្លាក់អត្រា នៃភាពក្រីក្រក្នុងមួយឆ្នាំឲ្យបាន ១ ភាគរយ។ ឥឡូវយើងកំពុងឈរ ជើងនៅក្នុងដំណាក់កាល នៃប្រទេសដែលមានចំណូលមធ្យមកម្រិតទាប និងឈានទៅជាប្រទេសដែល មានមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។
បក្សខ្លួនឯងបែកបាក់ មកចោទថាគេបំបែក?
… គេសប្បាយចង់ងាប់ ឯងបង្កើតតែរឿង? ហើយដល់ពេលគេដាក់ទៅវិញ ចុះកម្លាំងដៃរបស់ តេជោ មាន ទៅស្រាលឯណា? ដាក់មួយម៉ាំងខ្ទាតទៅបាត់ហើយ។ តែគេកែបទបញ្ជាផ្ទៃក្នុងប្រការ ៤៨ លោកឯងចូល ឬមិនចូល គេកែបានអស់រលីង? ហ្នឹងប្រជាធិបតេយ្យវាស្ថិតនៅលើសម្លេងភាគច្រើន តែគេអនុម័តយ៉ាងម៉េច គឺទៅអញ្ចឹងហើយ លោកឯងហ៊ានប្រថុយសាករារាំងទៅមើល? បើមិនរឿង? ច្បាប់ស្តីពីបក្សនយោបាយ បើលោកឯងមិនគោរពតាម បក្សនោះរលាយ។ វាមានរឿងតែអញ្ចឹង។ ដូច្នេះ សុំកុំភ័ន្តច្រឡំ ហើយយើងខិតខំ(ធ្វើ)ការងាររបស់យើង។ តែខ្ញុំត្រូវចេះការពារខ្លួន ចំពោះមុខការចោទប្រកាន់ទាំងអស់ វាចេញមកអាហ្នឹងសុទ្ធតែក្លែងក្លាយអញ្ចេះអញ្ចុះ។ ហ៊ុន សែន ខ្លាចហើយ? បំបែកបំបាក់។ អូ! កឹម សុខា និយាយជាមួយខ្ញុំហ្នឹង (ឬដែលថា)ខ្ញុំបំបែកបំបាក់? លោកឯងចង់បែកក៏បែកទៅ លោកឯងចង់នៅក៏នៅទៅ រឿងរបស់លោកឯងតើ! ប៉ុន្តែចរិតពួកឯងវាអញ្ចឹង។ ឥឡូវ ដូចនៅកំបូលកំពុងតែមានបញ្ហា អ្នកណាទៅបំបែក? ក្រែងលោកឯងមិនត្រូវគ្នាតើ លោកឯងមកបន្ទោសខ្ញុំ? និយាយជូនសារទៅមុន ហើយកុំណា ពាក្យដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ។ ចាំមើលអាមេឃុំបម្រើរាស្ត្រមុខវាយ៉ាងម៉េច?
បើគ្មានគោលនយោបាយត្រឹមត្រូវ មិនអាចនៅបម្រើប្រជាជនបានដល់ទៅ ៣៨ ឆ្នាំនោះទេ
៣៨ ឆ្នាំ នៃការបម្រើប្រជាជន បើមិនមានគោលនយោបាយត្រឹមត្រូវ សួរថាបានឬទេ? ក្នុងវិស័យអប់រំនេះ បើគោលនយោបាយរបស់គណបក្សកាន់អំណាចមិនបើកទូលាយ ឲ្យវិស័យឯកជនចូលរួមដើម្បីវិនិយោគលើវិស័យធនធានមនុស្ស តើមានលទ្ធភាពទេ? គ្រឹះស្ថានឯកជនទាំងប៉ុន្មាននេះ។ មួយឆ្នាំយើងជួបម្តងជាមួយវិស័យឯកជននេះ កាលពីឆ្នាំទៅ ជួបមានបញ្ហាបន្តិច តែឆ្នាំនេះជួបក៏បានច្រើនដែរ។ អ្វីៗនឹងបន្តនិរន្តរភាព តាំងពីភាពអនុគ្រោះខាងពន្ធដារស្អីៗនេះ អានោះហើយជាការបង្កលក្ខណៈឲ្យសាលា តែផលប្រយោជន៍របស់វាបានដល់កូនសិស្សនោះ មិនមែនបានត្រឹមលោក ហេង វ៉ាន់ដា ឬលោកស្រី (ទេព) កូឡាប នេះឯណា? ដល់ទៅបាននៅសាលា វាមិនបានទៅកូនសិស្សដែរ ឧទាហរណ៍ កូនសិស្សត្រូវបង់តម្លៃបន្ថែមថា ២០ ដុល្លារ ដល់ពេលយើងអនុគ្រោះទៅ ២០ ដុល្លារនោះ កូនសិស្សមិនបាច់ត្រូវបង់ឯណា វាមិនដដែល …។ ធ្វើតាំងពីបាតដៃទទេ រហូតដល់ប៉ុណ្ណេះ បើគ្មានគោលនយោបាយបើអនុញ្ញាតឲ្យមានការសាងសង់ ឲ្យមានការវិនិយោគទេ តើមានអាហ្នឹងអង្គុយទេ? អាហ្នឹងនិយាយឲ្យពិត ខ្លួនឯងមិនទាំងទាន់បានអំណាចផង គំរាមគេចុះ គំរាមគេឡើង…។
ស្ទះចរាចរណ៍ កុំជេរ ហ៊ុន សែន/ក្បួនភូតរបស់គេ រឿងថ្លៃស្រូវអង្ករ
ពាក្យថាឈ្នះហ្នឹង លឺតាំងពី ១៩៩៨ ធ្លាក់ដល់ជិត ២០១៨ ហើយ ២០ ឆ្នាំ ក្រោយ ឃើញនៅតែប៉ុណ្ណឹង វាអត់ទៅណាវា។ ប៉ុន្តែ ប្រទេសជាតិវាចេះតែទៅមុខ ឥឡូវហ្នឹងគឺថាបន្តិចងាកជាប់ឡានៗ ហើយសូមអង្វរករអ្នកដែលជាប់ឡានជាប់ម៉ូតូ កុំជេរ ហ៊ុន សែន ណា។ ឥឡូវ ជួយគិតមើល បើទុកឲ្យប្រជាជនក្រអត់កង់ អត់ម៉ូតូ អត់ឡានជិះ ប្រជាជនជេរថា ហ៊ុន សែន អន់។ ដល់ទៅមានការអភិវឌ្ឍ ប្រជាជនមានប្រាក់ចំណូល ទិញកង់ ម៉ូតូ ឡានជិះ ផ្លូវវាចង្អៀត ជេរ ហ៊ុន សែន ទៀត។ អញ្ចឹងបាន ហ៊ុន សែន ចេះតែដើរទៅរកគេឯងផង លុយខ្លួនឯងផង ដើម្បីនឹងពង្រីកផ្លូវ រឿងវាអញ្ចឹង។ ទីចុងបំផុត គេយកចំណេញរហូត ស្រូវឡើងថ្លៃ វាថា ស្រូវថ្លៃណាស់ ស្រូវចុះថ្លៃ វាថាស្រូវថោកណាស់ ចូលផ្សារ វាសួរអង្ករមួយគីឡូប៉ុន្មាន? ២ ពាន់រៀល។ អូយ ងាប់ហើយ ថ្លៃណាស់ បើបក្សខ្ញុំឈ្នះ ខ្ញុំធ្វើនាយករដ្ឋមន្រ្តី ឲ្យនៅតែ ១៥០០ ទេ ដល់ពេលចេញពីផ្សារ ចូលទៅស្រែ វាសួរស្រូវមួយគីឡូប៉ុន្មាន? ៨០០ រៀល។ អូយ ថោកណាស់ៗ មិនរួចថ្លៃដើមទេ បើសិនបក្សខ្ញុំឈ្នះ ខ្ញុំធ្វើនាយករដ្ឋមន្រ្តី ឲ្យឡើង ១២០០ រៀល។ មួយភ្លែត វាស៊ីបានពីរដង ស៊ីអ្នកផ្សារម្តង ទៅស៊ីអ្នកស្រែម្តងទៀត។ ក្រុមគេនេះវើយ ម្យ៉ាងដែរ ប៉ុន្តែ ភូតច្រើន ច្រើនចាញ់អាត្មា គឺវាអញ្ចឹងឯង។ អត់ទាន់ជាប់ទេ មិនមែនរឿងខ្ញុំជាប់ហើយ នៅឡើយស្រណោះអីទេណា អត់ទាន់ជាប់ទេ នៅមានភាគបន្ត បើសិនជាអ្នកឯងចង់បន្ត ខ្ញុំបន្តជាមួយ…៕