សារសម្លេង សម្តេចតេជោ​ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋឱ្យរួមគ្នាអនុវត្តន៍វិធានសុខាភិបាលការពារជំងឺកូវីដ-១៩ ពេលអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី ៥

ខ្ញុំព្រះករុណាខ្ញុំ​ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ទៅបោះឆ្នោត កុំភ្លេចប្រើអាល់កុលលាងដៃ រក្សាគំលាត និងពាក់ម៉ាស ថ្ងៃនេះ ជាថ្ងៃហែក្បូនចុងក្រោយ សម្រាប់ការឃោសនា(រកសម្លេងឆ្នោត) ជ្រើសរើស(ក្រុមប្រឹក្សា)ឃុំ/សង្កាត់ អាណត្តិទី ៥។ បន្ទាប់ទៅគឺជាថ្ងៃស្ងប់ស្ងាត់ បន្ថែមទៅដោយសារាចររបស់ខ្ញុំព្រះករុណាខ្ញុំ អំពាវនាវកុំឱ្យសេពគ្រឿងស្រវឹងនិងលក់គ្រឿងស្រវឹងនៅថ្ងៃបោះឆ្នោត។ ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ ដើម្បីទូលប្រគេននិងអំពាវនាវ ចំពោះបងប្អូនជនរួមជាតិ បើទោះបីថា កូវីដ-១៩ ត្រូវបានថមថយ និងអវត្តមានពីប្រទេសរបស់យើងជិត ១ ខែ ទៅហើយក្តី នៅពេលអញ្ជើញទៅបោះឆ្នោត សូមបងប្អូនជនរួមជាតិមេត្តាកុំភ្លេចយកអាល់កុលលាងដៃទៅជាមួយ​ បើអាចធ្វើបាន(សូមកុំភ្លេច)ពាក់ម៉ាសនិងរក្សាគម្លាតឱ្យបានល្អ ដើម្បីចៀសវាងនូវហានិភ័យកើតឡើងនៅថ្ងៃបោះឆ្នោត ដែលអាចនាំទៅដល់ការឆ្លងឡើងវិញ។ អាល់កុល គឺមានភាពចាំបាច់ ដើម្បីឱ្យបងប្អូនអាចលាងដៃក្រោយពេលបោះឆ្នោតរួច នៅក្រោយពេលដែលយើងកាន់ក្រដាស(សន្លឹកឆ្នោត) (ព្រោះ)យើងមិនដឹងថានៅលើក្រដាសនោះវាមានអ្វីនៅលើនោះ(ទេ)។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ច្បាស់ជាមានវិធានការការពារសុវត្ថិភាព ក៏ប៉ុន្តែយ៉ាងណាក៏ដោយ យើងត្រូវតែគិតអំពីសុវត្ថិភាពផ្ទាល់ខ្លួន។ ពិតមែនតែកាតព្វកិច្ចពាក់ម៉ាសត្រូវបានលើកលែង ប៉ុន្តែបើសិនជាយើងពាក់ម៉ាសក៏ជាការល្អ ហើយការរក្សាគម្លាតពីចន្លោះមួយទៅចន្លោះមួយក៏គួរតែត្រូវបានធ្វើ។ ថ្ងៃស្អែក គឺជាថ្ងៃប្រមូលផ្តុំប្រជាពលរដ្ឋនៅទូទាំងប្រទេសសម្រាប់អ្នកដែលគ្រប់អាយុបោះឆ្នោត។ ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ អរគុណចំពោះក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី​ ៤ កន្លងទៅ ដែលនឹងត្រូវផុតអាណត្តិនៅប៉ុន្មានថ្ងៃខាងមុខនេះ។…

សេចក្តីដកស្រង់សង្កថា សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិត នៃវិទ្យាស្ថានវ៉ាន់ដា

ថ្ងៃនេះ ខ្ញុំរីករាយ ដែលបានមកចូលរួមសាជាថ្មីម្តងទៀត ដើម្បីប្រគល់សញ្ញាបត្រជូននិស្សិត ចំនួន ៣.១៥០ នាក់ នៅវិទ្យាស្ថានវ៉ាន់ដា។ សូមអភ័យទោស ចំពោះការលើកពេលព្រឹកមកកាន់ពេលល្ងាច ហើយខ្ញុំគិតថា នៅដំណាក់កាលក្រោយៗទៀត នៅវិទ្យាស្ថានមួយចំនួន ប្រហែលជាយើងលើកពេលមកចែកជូនសញ្ញា បត្រនៅពេលល្ងាច ព្រោះថាពេលព្រឹក និងពេលល្ងាច មិនមានអីខុសគ្នាទេ ក្នុងដំបូលម៉ាស៊ីនត្រជាក់ ដដែលដូចគ្នា។ កាលពីសម័យដើម សម័យដែលយើងជួលរោងការ សម្រាប់ការចែកសញ្ញាបត្រនៅវិទ្យាស្ថានជាតិគ្រប់គ្រង នោះ គឺវាលំបាកបន្តិច ជួនកាលវាភ្លៀង ជួនកាលវាក្តៅ ប៉ុន្តែនេះ ទោះបីព្រឹកក៏នៅតែប៉ុណ្ណឹង ថ្ងៃត្រង់ក៏ នៅតែប៉ុណ្ណឹង ល្ងាចក៏នៅប៉ុណ្ណឹង ចែកយប់ក៏នៅតែប៉ុណ្ណឹង។ ប៉ុន្តែ ការលំបាកបន្តិច លំបាកនៅត្រង់ថា ក្រុមគ្រួសារដែលជូនមកអបអរសាទរ ដែលខ្ញុំឃើញនៅខាងក្រៅអម្បាញ់មិញ ប្រហែលជាក្តៅបន្តិច បើ​ប្រៀប​ធៀបទៅពេលព្រឹក។ ប៉ុន្តែ យ៉ាងណាក៏ដោយ ដោយសារតែកម្មវិធីរបស់ខ្ញុំវាច្រើនពេក ច្រើនហួស ជួន​កាលអ្នកដែលស្នើសុំកម្មវិធីឲ្យស្រូត ហើយក៏យើងជៀសវាមិនបាន គេដាក់មកយឺតពេល ចុងកម្មវិធីមួយ​ប្រឹបទៅ ដល់កម្មវិធីនោះមកក្រោយ មិនដឹងធ្វើម៉េច មានតែយកមកពេលល្ងាច។ ម្យ៉ាងទៀត អាទិត្យនេះ ក៏ដូចជាអាទិត្យមុន មានរួចហើយ…