ថ្ងៃនេះ ខ្ញុំ និងភរិយាពិតជាមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងពិធីអបអរសាទរ ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី ១៩ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» និងពិធីបិទមហោស្រព សិល្បៈយុវជនទូទាំងប្រទេសលើកទី ៣ នាឱកាសនេះ។ ទិវាវប្បធម៌ជាតិ ៣ មីនា គឺជាទិវាដ៏មានសារសំខាន់របស់ជាតិ ដែលត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្នុងន័យបំផុសមនសិការ និងស្មារតីស្រឡាញ់សម្បត្តិវប្បធម៌ជាតិដ៏សម្បូរបែបរបស់ខ្មែរយើង ឱ្យជ្រាបចូលក្នុងស្រទាប់ប្រជាជាតិខែ្មរគ្រប់មជ្ឈដ្ឋាន ទាំងនៅក្នុង និងក្រៅប្រទេស ពិសេសក្មួយៗយុវជនដែលជាអ្នកបន្តវេនក្នុងកិច្ចអភិរក្ស និងអភិវឌ្ឍសម្បត្តិវប្បធម៌ជាតិ។ ការប្រារព្ធទិវានេះគឺជា ចលករមួយជំរុញលើកទឹកចិត្តដល់ក្រសួង ស្ថាប័ន វិស័យឯកជន អង្គការសង្គមស៊ីវិល បងប្អូនជនរួមជាតិ រួមគ្នាផ្សព្វផ្សាយ និងបញ្ជ្រាបអំពីសិល្បៈវប្បធម៌ជាតិ បង្កើនការចូលរួមថែរក្សាការពារសម្បត្តិវប្បធម៌ខ្មែរ ដែលជាអត្តសញ្ញាណជាតិប្រកបដោយកិត្យានុភាព និងភាពថ្លៃថ្នូរ។
ដូចបានបានគូសបញ្ជាក់មុននេះថា ទិវាវប្បធម៌ជាតិ ៣ មីនា ឆ្នាំនេះ គឺនៅតែរក្សាប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដូចឆ្នាំមុនៗដែរ ក្នុងគោលបំណងជំរុញឱ្យយុវជន ដែលជាអ្នកបន្តវេនបានចូលរួមដោយផ្ទាល់កាន់តែស៊ីជម្រៅ និងកាន់ថែមទៀត ក្នុងការអភិរក្ស និងអភិវឌ្ឍសិល្បៈវប្បធម៌ជាតិ។ បនែ្ថមលើសកម្មភាពមហោស្រពសិល្បៈយុវជនទូទាំងប្រទេស ដែលបានប្រារព្ធ និងត្រូវបិទនាពេលនេះ ខ្ញុំក៏សូមថ្លែងនូវការគាំទ្រចំពោះការរៀបចំឱ្យយុវជន ដែលជាសិស្សថ្នាក់មធ្យមសិក្សា និងនិស្សិតថ្នាក់ឧត្តមសិក្សា ក្នុងរាជធានីភ្នំពេញ ចូលរួមក្នុងកម្មវិធីប្រឡងគំនូរ និងកម្មវិធីប្រឡង រូបភាពវីដេអូអប់រំខ្នាតខ្លី ដើម្បីប្រកួតប្រជែងសមត្ថភាពយល់ដឹងរបស់យុវជនលើវិស័យវប្បធម៌នេះ។
ក្នុងស្មារតីនេះ ខ្ញុំមានជំនឿថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនឹងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំយុវជន និងកីឡា ដើម្បីរិះរកនូវគ្រប់វិធីសាស្ត្របញ្ចូលចំណេះដឹងស្តីពីសិល្បៈ វប្បធម៌ទៅក្នុងកម្មវិធីសិក្សាឱ្យជ្រាបចូលដល់ស្រទាប់យុវជន ដែលជាកម្លាំងសកម្មរបស់សង្គម ជាអ្នកបន្តវេន មានស្មារតីស្រឡាញ់ និងដក់ជាប់ក្នុងឤរម្មណ៍របស់ពួកគេ ក្នុងន័យ « អប់រំដើម្បីវប្បធម៌ » និង «វប្បធម៌ដើម្បីអប់រំ »។
ឯកឧត្តម លោកជំទាវ លោក លោកស្រី សិល្បករ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្ស-និស្សិត!
ជាការពិត រាជរដ្ឋាភិបាលតែងតែគាំទ្រ និងបានផ្តល់ឤទិភាពខ្ពស់លើការងារវប្បធម៌នេះដោយចាត់ទុកថាវប្បធម៌ គឺជាព្រលឹងជាតិ និងជាអត្តសញ្ញាណខ្មែរដែលមានតម្លៃមហាសាលពុំឤចកាត់ថ្លៃបាន ព្រមទាំងជាមូល ដ្ឋានគ្រឹះក្នុងការផ្សះផ្សារសង្គម ធ្វើឱ្យប្រជាជនខ្មែរចេះរួមរស់ជាមួយគ្នា ប្រកបដោយភាពសុខដុមរមនាគ្មានការរើសអើង។ តាមរយៈនេះ វិស័យវប្បធម៌ជាតិបានរីកសាយទៅគ្រប់តំបន់នៃព្រះរាជាណាចក្រកម្ពុជា និងរីក ចម្រើនឡើងជាលំដាប់។
ជាក់ស្តែង សម្បត្តិបេតិកភណ្ឌវប្បធម៌ទាំងរូបី និងអរូបីរបស់ជាតិយើង ត្រូវបានពិភពលោកទទួលស្គាល់ និងដាក់បញ្ជូលជាបេតិកភណ្ឌពិភពលោក និងបេតិកភណ្ឌវប្បធមអរូបីនៃមនុស្សជាតិ ដូចជារមណីយដ្ឋានអង្គរ ប្រាសាទព្រះវិហារ របាំព្រះរាជទ្រព្យ ល្ខោនស្រមោលស្បែកធំ ល្បែងទាញព្រ័ត្រ និងចាប៉ីដងវែង ហើយយើងក៏បាន និងកំពុងរៀបចំឯកសារ ដើម្បីស្នើសុំដាក់បញ្ចូលសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិមួយចំនួនទៀត ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ឬបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ជាបន្តបន្ទាប់ទៀត។ ដូច្នេះ យើងទាំងអស់គ្នាត្រូវផ្តោតការយកចិត្តទុកដាក់ដោយមិនត្រឹមតែលើការថែរក្សា ការពារ និងអភិរក្ស ឱ្យបានគង់វង្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវរួមគ្នាបន្តលើកតម្កើង និងអភិវឌ្ឍសម្បត្តិវប្បធម៌ទាំងអស់នោះ ឱ្យកាន់តែមានជីវិតរស់រវើកថែមទៀតផង។
ជាមួយនេះ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះមហោស្រពសិល្បៈយុវជនទូទាំងប្រទេសលើកទី ៣ នេះ ដែលយើងសម្រិតសម្រាំងជ្រើសរើសបានក្រុមសិល្បៈយុវជនជ័យលាភីទាំងផ្នែករបាំ និងឈុតល្ខោនអប់រំ ដែលជាការរួមចំណែកបន្តលើកស្ទួយសិល្បៈវប្បធម៌ជាតិពីសំណាក់យុវសិស្ស និស្សិតយើងប្រកបដោយស្មារតីស្រឡាញ់ រួមគ្នាថែរក្សាការពារ អភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌវប្បធម៌របស់ជាតិ។ លើសពីនេះ លទ្ធផលដែលទទួលបាននៅថ្ងៃនេះ គឺមានអត្ថន័យមិនត្រឹមតែជាការផ្តល់នូវពានរង្វាន់ជូនជ័យលាភីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញនូវការខិតខំអភិរក្ស និងបង្កើតស្នាដៃថ្មីៗនៃទម្រង់សិល្បៈរបាំ និងឈុតល្ខោនអប់រំតាមវប្បធម៌ខ្មែរទៀតផង។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមផ្តល់នូវអនុសាសន៍មួយចំនួន ពាក់ព័ន្ធនឹងវិស័យវប្បធម៌ ក្នុងគោលបំណងបណ្តុះសេចក្តីស្រឡាញ់ និងឆន្ទៈថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌវប្បធម៌ជាតិ ដូចតទៅ៖
ទី ១ កម្លាំងយុវជន គឺជាកម្លាំងសកម្មរបស់សង្គមជាតិ ដែលចាំបាច់ត្រូវយកចិត្តទុកដាក់ខ្ពស់ និងគិតគូរឱ្យបានត្រឹមត្រូវ ហ្មត់ចត់ តាមរយៈការផ្ទេរមរតកពីអ្នកជំនាន់មុនឱ្យអ្នកបន្តវេន ហើយឤចទទួលយកបានដោយមោទនភាព។ ជារួមទាំងអ្នកជំនាន់មុន និងអ្នកជំនាន់ក្រោយ ត្រូវធ្វើការឱ្យស៊ីចង្វាក់គ្នា ទាំងការផ្ទេរ និងការទទួលយកសំដៅរួមគ្នាថែរក្សា ការពារអត្តសញ្ញាណវប្បធម៌ជាតិ ឱ្យបានគង់វង្សស្ថិតស្ថេរជាអមតៈ។
(ចាប់ផ្តើមធ្វើអត្ថាធិប្បាយ)
ចំណុចនេះ ខ្ញុំគួរតែបញ្ជាក់ជូនបន្តិច ដំបូង ខ្ញុំសូមសម្តែងនូវការកោតសរសើរចំពោះក្មួយៗទាំងអស់ ដែលបានចូលរួមក្នុងទិវាមហោស្រពលើកនេះ ក៏ដូចជាលើកមុនៗដែរ ហើយយើងឃើញថា សន្ទុះ និងរបៀបនៃការតាក់តែងនិពន្ធ ក៏ដូចជាការសម្តែង ក៏ចេះតែមានការរីកចម្រើនឡើង ហើយជាពិសេស អ្វីដែលសំខាន់ គឺចាក់ចូលទៅក្នុងសកម្មភាពរបស់យុវជនតែម្តង។ មួយផ្នែកទៀត ទាក់ទងជាមួយនឹងការផ្ទេរមរតក ជាមួយនឹងអ្នកជំនាន់មុន ទៅកាន់អ្នកបន្តវេន យើងមានវិធីជាច្រើនដើម្បីផ្ទេរ តាមរបៀបនៃការចូលរួមចំណែក គឺកម្មវិធីនេះ កម្មវិធីនោះ ហើយតម្រង់ផ្លូវ។ ប៉ុន្តែ អ្វីដែលជាការដែលយើងត្រូវគិត គឺការបណ្តុះបណ្តាលធនធានមនុស្សរបស់យើងបន្ថែមទៀត។
គម្រោងសាងសង់សាកលវិទ្យាល័យវិចិត្រសិល្បៈមួយឲ្យធំ
រយៈពេលកន្លងទៅនេះ ខ្ញុំជាមួយនិងឯកឧត្តម ប៉ា សុជាតិវង្ស និងលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តី ក៏បានគិតគូរថា នឹងរៀបចំសាកលវិទ្យាល័យថ្មីមួយ នៅលើទឹកដីទំហំ ៣ ហិកតា នៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារថ្មីជាមួយនឹងទឹកប្រាក់ជំហានដំបូង ១២ លានដុល្លារសហរដ្ឋអាមេរិក ហើយបូកទឹកដីមជ្ឈមណ្ឌលវប្បធម៌ គឺសរុបដី ៤ ហិកតា។ ឥឡូវសំខាន់គឺ ការរៀបចំធ្វើយ៉ាងណា ដើម្បីដំណើរការចេញដំណើរទឹកប្រាក់ ១២ លានដុល្លារសហរដ្ឋអាមេរិកឲ្យបានឆាប់តាមតែអាចធ្វើទៅបាន។ ជាមួយនោះ ត្រូវឡើងជាគម្រោង យើងអាចមួយជំហានម្តងៗ ដើម្បីរុញគម្រោងនេះឲ្យទៅមុខ។ ខ្ញុំគិតថា មិត្តភក្តិបរទេសមួយចំនួន អាចនឹងរួមចំណែកនៅក្នុងការកសាង។ ខ្ញុំអាចនឹងទទួលបន្ទុកលើបញ្ហានេះ ដើរសុំមិត្តភក្តិបរទេស អគ្គរដ្ឋទូតបារាំងនៅទីនេះស្រាប់ហើយ ជួយ(ផង)។ យើងខ្ញុំនឹងធ្វើសាកលវិទ្យាល័យវិចិត្រសិល្បៈមួយឲ្យធំ ឲ្យស្អាត នៅក្នុងដំណាក់កាលនេះ។ យើងត្រូវចាប់ផ្តើមពីដី ៤ ហិកតា ប៉ុន្តែ ១ ហិកតា សម្រាប់មជ្ឈមណ្ឌលវប្បធម៌ ទាក់ទិនជាមួយនឹងរោងសៀកស្អីៗ សកម្មភាពវប្បធម៌កម្សាន្តហ្នឹង។ ប៉ុន្តែ សាកលវិទ្យាល័យ ១ ដែលមានផ្ទៃដី ៣ ហិកតា ជាមួយនឹងដើមទុនជំហានដំបូង ដែលរាជរដ្ឋាភិបាលផ្តល់ គឺ ១២ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីការកសាងនេះ។ ខ្ញុំសូមផ្តាំកុំភ្លេចឲ្យសោះ អន្តេវាសិកសម្រាប់សិស្ស ព្រោះវាលំបាក មកពីខេត្តអីគ្នាគ្មានលទ្ធភាពទេ។ ត្រូវរៀបចំ Master Plan ផែនការមេ នៅក្នុងហ្នឹង ក៏ត្រូវរៀបចំផ្នែកមួយសម្រាប់អន្តេវាសិកនិស្សិត ជាពិសេសនិស្សិតជានារីតែម្តង។
យកចិត្តទុកដាក់ដល់ធនធានមនុស្សវប្បធម៌ និងសិល្បៈ
នេះជាចំណុចដែលខ្ញុំសូមបញ្ជាក់ថា យើងនឹងមានសាកលវិទ្យាល័យមួយថ្មី ហើយសង្ឃឹមថា កុំរង់ចាំដល់ ៣ ឆ្នាំ អ្វីដែលសំខាន់គឺធ្វើឲ្យបានស្រូត ហើយដំណើរការ។ លទ្ធភាពថ្ងៃក្រោយ គឺយើងពង្រីកកាន់តែធំ ព្រោះថា រឿងទាក់ទិនជាមួយនឹងធនធានមនុស្សនេះ បើគ្មានធនធានមនុស្ស យើងក៏មិនអាចធ្វើអីកើតដែរ។ ក្នុងហ្នឹង ធនធានក្នុងវិស័យសិល្បៈ ខ្ញុំក៏បាននិយាយជាមួយរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈថា ឲ្យយកចិត្តទុកដាក់មើលផង ប្រយ័ត្នដាច់ពូជ។ ដាច់ពូជយ៉ាងម៉េច? បានសេចក្តីថា អ្នកចាស់ស្លាប់ ឬចូលនិវត្តន៍ទៅ រើសថ្មីវាអត់មាន អញ្ចឹងត្រូវតែឲ្យក្របខណ្ឌខ្លះមកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយវាមានច្រើនទម្រង់ណាស់ ក្នុងវិស័យវប្បធម៌ និងសិល្បៈនេះ តាំងពីរបាំ ចម្រៀង សូនរូប តាំងពីបញ្ហាអភិរក្សអង្គរស្អីៗច្រើំនណាស់។
(ចប់ការធ្វើអត្ថាធិប្បាយ)
ទី ២ រៀងរាល់មហោស្រពសិល្បៈនីមួយៗត្រូវចេះចម្រាញ់ យកទាំងខ្លឹមសារ និងរូបភាពដ៏សម្បូរបែបមកបង្ហាញឱ្យមានភាពទាក់ទាញ និងសមស្របតាមបរិការណ៍សង្គម ដោយឈរលើមូលដ្ឋាន អភិរក្ស ដើម្បីអភិវឌ្ឍ និងអភិវឌ្ឍលើមូលដ្ឋានអភិរក្ស ពោលគឺ រក្សាចាស់បង្កើតថ្មី ប៉ុន្តែថ្មីត្រូវបំពាក់ដោយអត្តសញ្ញាណជាតិ។
(ចាប់ផ្តើមធ្វើអត្ថាធិប្បាយ)
រាល់ការចេញទៅសំដែងនៅកន្លែងដទៃ ត្រូវបំពាក់អត្តសញ្ញាណជាតិ
ចំណុចនេះ គឺជាចំណុចដែលគួរតែត្រូវបានបញ្ជាក់ឲ្យបានច្បាស់ថា បើយើងនៅតែច្រំដែល គឺវានៅតែដដែលហ្នឹង។ វាតែងមានការវិវឌ្ឍរបស់វា។ ប៉ុន្តែ ការវិវឌ្ឍណាក៏ដោយ ត្រូវតែបំពាក់អត្តសញ្ញាណជាតិឲ្យបាន រាប់ទាំងក្មួយៗ ដែលជាសិល្បករ សិល្បការិនី ដែលចេញទៅសម្តែងតាមការប្រគុំតន្រ្តីនានា តែងមានក្រុមរាំរបស់ខ្លួន ហើយក្រុមរាំនោះ ប្រសិនបើមិនមានបំពាក់នូវអត្តសញ្ញាណជាតិរបស់ខ្លួនខ្លះ អាចនឹងត្រូវគេប្តឹងពីប្រទេសក្រៅមកថា លួចកម្មសិទ្ធិបញ្ញាគេទៅទៀត។ ដូច្នេះ ដើម្បីធានា ម្ខាងបំពាក់អត្តសញ្ញាណជាតិ និងម្ខាងទៀតកម្មសិទ្ធិបញ្ញា ដើម្បីចៀសវាងនូវការដែលគេប្តឹងពីក្រៅប្រទេសមកថា លួចក្បាច់រាំរបស់គេមកនោះ យើងត្រូវមានអ្វីចំណាំ។ បំពាក់នូវអត្តសញ្ញាណមួយ នៅក្នុងចំណោមនៃក្រុមក្មួយៗសិល្បករ/ការិនី ដែលចេញទៅសម្តែងតាមស្ថានីយទូរទស្សន៍នានា នៅតាមបណ្តាខេត្ត ឬក៏តាមកន្លែងសម្តែងនានាផងដែរ។
(ចប់ការធ្វើអត្ថាធិប្បាយ)
ទី ៣ ជនជាតិកម្ពុជាជាពូជអ្នកកសាង ជាពូជអ្នកច្នៃប្រឌិត បង្កើតថ្មី ក្នុងទម្រង់រចនាបទថ្មីរបស់ខ្មែរ ហេតុនេះយើងត្រូវខិតខំបណ្តុះនូវគ្រាប់ពូជនេះ ឱ្យបានរីកសាយភាយកាន់តែច្រើនឡើង ពិសេសការបង្កើតស្នាដៃថ្មីដែលជាស្នាដៃរបស់ខ្មែរយើងផ្ទាល់ ចៀសវាងការលួចចម្លងទាំងដុលពីបរទេស ដែលជាភាពឤប់ឱន ប៉ះពាល់ដល់កិត្យានុភាពជាតិ។ ម៉្យាងទៀត បរិស្ថានវប្បធម៌ក្នុងចរន្ត សកលភាវូបនីយកម្មក្នុងសម័យបច្ចុប្បន្ន ដែលកំពុងហូរចូលយ៉ាងគំហុកពីគ្រប់ទិសទី ឤចជះឥទ្ធិពលអវិជ្ជមានមកលើស្រទាប់យុវវ័យយើង ដូច្នេះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្ថាប័នពាក់ព័ន្ធ ត្រូវតែយកចិត្តទុកដាក់តាមដាន និងមានវិធានការទប់ស្កាត់ ឱ្យមានប្រសិទ្ធភាពខ្ពស់។
ចំណងទាក់ទងរវាងទី ២ ដែលខ្ញុំលើកឡើងអម្បាញ់មិញ និងចំណុចទី ៣ ហ្នឹង វាមានពាក់ព័ន្ធជាមួយគ្នា អំពី អត្តសញ្ញាណរបស់យើង។
ទី ៤ ត្រូវយកចិត្តទុកដាក់សិក្សាស្រាវជ្រាវឱ្យបានទូលំទូលាយ ស៊ីជម្រៅអំពីវប្បធម៌នានានៅកម្ពុជា ពិសេសេ វប្បធម៌ជនជាតិភាគតិច ដើម្បីប្រមូលចងក្រងទុកជាសម្បត្តិវប្បធម៌មួយរបស់កម្ពុជាឱ្យស័ក្តិសមជា «ព្រះរាជាណាចក្រនៃវប្បធម៌» ជាសួនច្បារចម្រុះពណ៌។
ទី ៥ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវផ្សព្វផ្សាយ និងបង្ហាញខ្លឹមសារអំពីការងារវប្បធម៌ កាលបរិច្ឆេទនានា ដូចជា ទិវាវប្បធម៌ កាលបរិច្ឆេទនៃការបញ្ចូលរមណីយដ្ឋានតំបន់អង្គរ ប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក របាំព្រះរាជទ្រព្យ ល្ខោនស្រមោលស្បែកធំ ល្បែងទាញព្រ័ត្រ ចាប៉ីដងវែង ជាបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ តាមរយៈបណ្តាញសារព័ត៌មាន និងប្រតិទិនជាដើម។
(ចាប់ផ្តើមធ្វើអត្ថាធិប្បាយ)
បោះប្រក្រតិទិន និងក្របសៀវភៅ ដោយដាក់ព្រឹត្តិការណ៍ជាតិ
ចំណុចនេះ ខ្ញុំគិតថា យើងត្រូវសហការគ្នាជាចង្កោម គ្រាន់តែយើងបោះប្រក្រតិទិន ព្រោះមានផ្នែកជាច្រើនដែលបោះប្រក្រតិទិន ដូចជាក្រសួងវប្បធម៌ ឬក៏ក្រសួងទេសចរណ៍ គេមានរបស់គេ ឬក៏ក្រុមហ៊ុនខ្លះ ជាក្រុមហ៊ុនទេសចរណ៍ ជាក្រុមហ៊ុនស្អីៗហ្នឹង គប្បីសហការគ្នា ដើម្បីឲ្យពលរដ្ឋរបស់យើងបានចាំ អ្នកខ្លះចាំហើយ ប៉ុន្តែវាភ្លេច។ ឧទាហរណ៍ សព្វថ្ងៃយើងបោះ ថ្ងៃនេះថ្ងៃសីល ថ្ងៃនេះថ្ងៃមាឃបូជា ថ្ងៃនេះ ថ្ងៃពិសាខបូជា យើងគ្រាន់តែថែមទៅថាថ្ងៃទី ៧ កក្កដា ២០០៨ ថ្ងៃដាក់បញ្ជូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក …។ ហ្នឹងក៏ជារបៀបសហការមួយនៅក្នុងការឲ្យចងចាំ។ ចំណុចអស់ទាំងនេះ ត្រូវកត់ត្រាចូល ដែលយើងអាច សូម្បីតែការបោះសៀវភៅសម្រាប់ក្មេងរៀន ក៏យើងអាចធ្វើបានដែរ។ ខ្ញុំទៅណា ខ្ញុំតែងចែកសៀវភៅ អញ្ចឹងទេ ក៏គួរតែខុទ្ទកាល័យរបស់ខ្ញុំដែលទទួលបន្ទុកចែកសៀវភៅនេះ ដាក់វាប៉ុន្មានចំណុចលើក្របសៀវភៅ។ មានទាស់ខុសអី។ដាក់ទៅ អង្គរចូលថ្ងៃនេះ ឆ្នាំនេះ ស្អីទៀត ចូលដាក់ឲ្យពេញហ្នឹង។ ដល់ពេលឃើញក្របសៀវភៅហ្នឹង ក្មេងចាំតែម្តង។ មានរឿងច្រើនណាស់ដែលយើងអាចធ្វើជាមួយគ្នា។ កុំធ្វើដាច់ដោយឡែក យើងត្រូវចងក្រងទៅជាការងារជាក្រុម។ បណ្តាញសារព័ត៌មាននានាក៏អាចជួយរួមចំណែកដែរ។
(ចប់ការធ្វើអត្ថាធិប្បាយ)
ទី ៦ ក្រសួងគួរពិនិត្យលទ្ធភាពដើម្បីរៀបចំការផលិត ផ្សព្វផ្សាយនូវតន្ត្រី និងចម្រៀងវប្បធម៌ ដែលមានចរិតស្នេហាជាតិ សេ្នហាទឹកដីព្រៃព្រឹក្សា ធម្មជាតិខ្មែរ ប្រទេសខែ្មរ និងភាពល្អប្រសើរ នៃទំនៀមទម្លាប់ប្រពៃណីខ្មែរ ៘ ដើម្បីអប់រំស្មារតីកូនខ្មែរឱ្យចេះស្រឡាញ់ ចេះអភិរក្សសម្បត្តិ វប្បធម៌ជាតិ និងស្មារតីពលីកម្ម ក្នុងការថែរក្សា ការពារជាតិ មាតុភូមិយើង។
(ចាប់ផ្តើមធ្វើអត្ថាធិប្បាយ)
ភាពសំបូរបែបនៃចម្រៀង, អ្នកសិល្បៈទាំងអស់ត្រូវចេះគ្រប់ទម្រង់
ចំណុចនេះ ខ្ញុំចង់និយាយពីចំណុចទាក់ទិនជាមួយនឹងបញ្ហាចម្រៀង។ ក្នុងប្រហែលជាប៉ុន្មានខែនេះ ខ្ញុំវក់នឹងដោនឡូដចម្រៀងចូលក្នុងទូរស័ព្ទរបស់ខ្លួនឯងផង ដោនឡូតឲ្យប្រពន្ធទៀត។ ប៉ុន្តែវាប្រទាក់ចម្រៀងមួយនោះ ដែលថ្ងៃ ៧ ខែ មករា កន្លងទៅនេះ ក្មួយ ម៉េង កែវពេជ្ជតា យកមកច្រៀងឡើងវិញ។ ច្រៀងនៅហ្នឹង តាំងពីអាយុ ១១ ឆ្នាំ «ពុកអើយវិលវិញ»។ តាំងពីសន្និបាតលើកទី ៥ នៃគណបក្សប្រជាជន ។ អញ្ចឹងបទចម្រៀងនោះ អ្នកបងចន្ធី រដ្ឋលេខាធិការក្រសួងព័ត៌មានជាអ្នកនិពន្ធ ហើយត្រូវបាន ម៉េង កែវពេជ្ជតា អាយុ ១១ ឆ្នាំនៅពេលនោះ ជាអ្នកច្រៀង។ យើងមើលសម័យនោះ យើងមានតែប៉ុណ្ណឹង ដែលក្មេងបច្ចុប្បន្នអាចមានលទ្ធភាពចម្រៀង សម្លៀកបំពាក់វាស្អាត ប៉ុន្តែសម័យនោះ គ្នាបានអាវសឡើងច្រៀង។ ដល់ថ្ងៃ ៧ មករា កន្លងទៅ យកចម្រៀងហ្នឹងមកច្រៀងឡើងវិញ ចាក់តាមទូរទស្សន៍ ខ្ញុំអត់បានមើលតាមទូរទស្សន៍ទេ ប៉ុន្តែមកដោនឡូដ។ កាលហ្នឹងយើងកំពុងអំពាវនាវឲ្យមានការបទឈប់បាញ់ស្អីៗហ្នឹង ដើម្បីរកសន្តិភាព។
ឃើញចម្រៀងអស់ទាំងនេះ យើងនឹកឃើញអតីតកាលដ៏ឈឺចាប់របស់យើង។ ប៉ុន្តែយើងមានភ័ព្វសំណាងដែលបានមកជួបជុំគ្នា ដោយមិនមានការបែងចែករើសអើងតំបន់អនុគមន៍នានានោះទេ។ អញ្ចឹងទេ ចំណុចទាំងនេះ គឺវាពាក់ព័ន្ធជាមួយនឹងអតីតកាលដែលឆ្លងកាត់បាត់បង់ហើយ។ យើងងើបឈរឡើងវិញ ប៉ុន្តែអ្វីដែលខ្ញុំចង់និយាយនៅពេលនេះ គឺចង់សំដៅទៅដល់ក្មួយៗ ជាយុវសិល្បករ សិល្បការិនី។ ថ្ងៃនេះ ក្មួយ ឱក សុគន្ធកញ្ញា ក៏ដូចជា ឆន សុវណ្ណរាជ មកច្រៀងនៅទីនេះ គឺបើយើងនិយាយអំពីសម្លេងរបស់ក្មួយៗ ពិតជាខ្លាំង ប៉ុន្តែពូគ្រាន់តែចង់មានយោបល់អញ្ចេះ ប្រសិនបើយើងចេះតែមួយទម្រង់ គឺប្រហែលជាមានការលំបាក ពេលក្រោយ។ សម្លេងក្មួយៗដែលឆ្លងកាត់នូវការប្រឡង គឺខ្លាំងណាស់។ ប៉ុន្តែ អ្វីដែលគួរឲ្យចាប់អារម្មណ៍ ទាំងអ្នកដែលមានសម្លេងច្រៀងតាមបែបបុរាណ បែបប្រពៃណី ទាំងអ្នកតាមបែបសម័យ គួរតែត្រូវហ្វឹកហាត់ទាំងសងខាង ទើបយើងអាចក្លាយទៅជាមនុស្សម្នាក់ដែលអាចទ្រទ្រង់បាននូវច្រើនទម្រង់។
យើងពិនិត្យមើលអញ្ចេះ អ្នកចម្រៀងដែលល្បីៗពីដើម ដូចជា ស៊ិន ស៊ីសាមុត គាត់មិនមែនចេះច្រៀងតែមួយទម្រង់ទេ។ តាមប្រវត្តិរបស់អធិរាជសម្លេងមាស ស៊ិន ស៊ីសាមុត គឺគាត់ច្រៀងមហោរីទេតើពីដើម បន្ទាប់ទៅបានគាត់ចេញមកច្រៀងសម័យ។ អញ្ចឹងគាត់ច្រៀងបាន ភ្លេងការក៏គាត់ច្រៀងបាន អីក៏គាត់ច្រៀងបាន។ ចង់សំដៅទៅក្មួយៗ ដែលគាត់មានសម្លេងល្អ។ គ្រាន់តែឃើញក្មួយៗ លោត ពូហត់ជួសទៅហើយ។ ហ្នឹងពេលដែលក្មួយលោតបាន។ តែដល់ពេលក្មួយលោតលែងបាន អ្នកណាជួលក្មួយទៅទៀត។ អញ្ចឹងត្រូវចាប់ផ្តើមមានទម្រង់មួយផ្សេងទៀត ដែលមិនមែនទម្រង់លោតនោះ។ អញ្ចឹងបើយោងទៅលើសម្លេងក្មួយៗ អាចច្រៀងបានគ្រប់ទម្រង់។
យើងពិនិត្យមើលអ្នកដែលល្បីពីដើម មានទាំង ស៊ិន ស៊ីសាមុត មានទាំង សុះ ម៉ាច ក្រោយមកមាន កែវ សារ៉ាត់ នេះក៏ច្រៀងបានបុរាណ ប្រពៃណី ហើយច្រៀងបានតាមបែបមហោរី ហើយច្រៀងតាមសម័យ។ ខាងស្រ្តីដូចជា រស់ សេរីសុទ្ធា ស្អីៗគាត់ច្រៀងបាន។ ប៉ុន្តែដល់មកសម័យយើងនេះ បើនិយាយពីខាងបុរស លោក សារិន គាត់ចាស់ហើយ តែគាត់បាសាក់ក៏បាន មហោរីក៏បាន ប្រពៃណីក៏បាន គាត់ចង់ច្រៀងសម័យក៏គាត់ច្រៀងបាន។ សួស សងវាចារ មួយក៏គាត់អាចទៅរួចទាំងអស់ គ្រប់ប្រភេទនៃទម្រង់ បាសាក់ក៏បាន ប្រពៃណីក៏បាន អីក៏បាន។ អៀង ស៊ីធុល យើងមើលគាត់ច្រៀងចម្រៀង បើដោនឡូត វាយតែ អៀង ស៊ីធុល ភ្លាមចេញតែចម្រៀងបុរាណមកតែម្តង ប៉ុន្តែកុំភ្លេចថា ដឹកប្រពន្ធទៅរាំក៏ អៀង ស៊ីធុល។ បានសេចក្តី គាត់មិនមែនច្រៀងបានតែភ្លេងការ ឬបទកាត់ខាន់ស្លាអីផ្សេងទេ។ ណូយ វ៉ាន់ណេត គាត់ក៏ច្រៀងអញ្ចឹងបាន។ នៅមានមួយចំនួនទៀត ខ្ញុំរៀបរាប់ឈ្មោះមិនអស់ ប៉ុន្តែយើងឃើញខាងស្ត្រីវិញ ហ៊ឹម ស៊ីវន ម៉េង កែវពេជ្ជតា មាស សុខសោភា កែវ ច័ន្ទសម្ផស្ស សុទ្ធតែពួកច្រៀងតាមភ្លេងការក៏បានស្អីក៏បាន។ គួរតែត្រូវបានកែសម្រួលឲ្យចេះច្រើនទម្រង់ ល្អជាងចេះតែមួយទម្រង់ ឯអ្នកដែលចេះភ្លេងការក៏គួរតែត្រូវចេះច្រៀងបទសម័យ …។
អាចារ្យចេះគ្រប់មុខ មានទីផ្សារ
អ្វីដែលខ្ញុំបាននិយាយតាំងពីមុននោះ គឺល្អហើយ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ក៏បានជួយ ហើយជាពិសេសដំណាក់កាលវិបត្តិអាចារ្យ។ ឥឡូវអាចារ្យបានដោះស្រាយហើយៗ អាចារ្យដែលមានទីផ្សារគឺអាចារ្យចេះគ្រប់ មុខ។ សូម្បីអាចារ្យ បើអាចារ្យចេះតែមួយមុខ គឺអាចារ្យអត់ទីផ្សារ។ ឧទាហរណ៍ អាចារ្យហ្នឹងចេះកាន់តែវេលាការ។ អញ្ចឹងបើវេលាការ គាត់ត្រូវប៉ាន់តែខែគេការ អត់ការគឺគាត់ដាច់អាជីពតែម្តង។ ប៉ុន្តែអាចារ្យចេះគ្រប់មុខ បុណ្យខ្មោចក៏អាចារ្យ បុណ្យបច្ច័យបួនក៏អាចារ្យ សង្ឃទានក៏អាចារ្យ ចេះទាំងអស់។ ប៉ុន្តែគេអ្នកប្រកាន់ ប្រកាន់ហើយ អាចារ្យដុតខ្មោចមកកាន់វេលាការ។ អាហ្នឹងបញ្ហាទំនៀមទម្លាប់ខ្មែរ។ អញ្ចឹងបានថ្ងៃមុន ខ្ញុំមកសំណេះសំណាលនៅហ្នឹង ហើយរឿងវិបត្តិអាចារ្យ។ វិបត្តិមែន។ អាចារ្យខ្លះគាត់ត្រូវកាត់សក់ឲ្យគេឲ្យលឿន នឹងអាលគាត់ទៅកាត់សក់ឲ្យគេកន្លែងមួយទៀត។ ខ្វះអាចារ្យ។ ប្រទេសរបស់យើងកាន់តែមានការរីកចម្រើនទៅ ការធ្វើបុណ្យធ្វើទានក៏កាន់តែមានច្រើន តម្រូវការអាចារ្យ និងតម្រូវការសិល្បៈគឺកាន់តែច្រើន។
សិល្បៈត្រូវមានភាពសម្បូណ៌បែប
អញ្ចឹងទេ ក្នុងសិល្បៈ យើងត្រូវមានភាពសំបូរបែបមួយ ក្នុងម្នាក់ដែលអាចដើរតួអង្គច្រើន ជាតម្រូវការនៅក្នុងវិស័យសិល្បៈរបស់យើង។ នេះជាការលើកឡើងនូវគំនិតមួយក្នុងចំណោមគំនិតនៅលើបញ្ហាសិល្បៈ។ តាណៃ ដើរជាមួយខ្ញុំមិនជាច្រើនប៉ុន្មានទេ។ អ្នកដែលដើរជាមួយខ្ញុំច្រើន តាឈួន។ តាឈួន ធ្លាក់ទៅសម្រាកដល់ផ្ទះជីដូនជីតារបស់ខ្ញុំឯណោះ។ និយាយបើកវង្វង់ក្រចកបន្ដិច និយាយពីរឿង តាឈួន៖ បង អ៊ុក សុផា គាត់ដឹងរឿងតាឈួន ទៅដល់កាណូតបុកច្រាំង។ ផ្ទះខ្ញុំពីដើម។ ឥឡូវជិតបាក់ហើយ។ ផ្ទះជីដូនជីតារបស់ខ្ញុំបាក់ចូលទន្លេបាត់ហើយ។ កាណូតបុកច្រាំងទៅ ចាប់ផ្ដើមនាំគ្នាចុះ។ ដឹកដៃតាឈួនចុះកាណូត រួចត្រូវឡើងច្រាំង គាត់ឡើងច្រាំងទៅ។ អ្នកដឹកដៃ គឺដឹកដៃច្រឡំ ហើយចេះតែដើរតាមទៅឡើងទៅលើ។ (ប៉ុន្តែ)តាឈួន នៅមាត់ទឹកឯណោះ។ តាឈួន ទៅដេកនៅផ្ទះជីដូនជីតារបស់ខ្ញុំ តាំងពីឆ្នាំ ១៩៨១។ មិនមែនរឿងលេងទេ បានថា យើងកម្សត់កម្រជាមួយគ្នា។
យើងធ្វើតាំងពីជំនាន់សិល្បៈកំពង់ធំ យើងឧស្សាហ៍និយាយតាំងពី តាផុន នៅដឹកនាំសិល្បៈនៅកំពង់ធំ មុនមកធ្វើរដ្ឋមន្រ្តីវប្បធម៌នេះ។ ប៉ុន្តែ តាផុន មរណកាលទៅហើយ គួរអោយសោកស្ដាយ។ ពីដើម សិល្បៈរបស់យើង ត្រូវពាក់អាវុធ ហើយអត់ហ៊ានលេងពេលយប់ទេ ហ៊ានលេងតែពេលថ្ងៃ ព្រោះខ្មែរក្រហមបំផ្លាញពេលយប់។ ដល់ពេលថ្ងៃ គឺថា ខ្មែរក្រហមចូលមកទៀត យក្សចុះកាន់កាំភ្លើងរត់ចូលលេណដ្ឋាន ដើម្បីការពារខ្លួនពីខ្មែរក្រហម។ ប៉ុន្តែ ឥឡូវនេះ ក្មួយៗទៅសឹងគ្រប់កន្លែង។ ពូមើលទៅមនុស្សច្រើន។ សម័យដើម អត់មានពេលអញ្ចឹងទេក្មួយអើយ។ ពេលលេងហ្នឹង ភ្នែកនៅហ្នឹងកញ្ចឹងក រួចអត់មានអគ្គិសនីអីអញ្ចឹងទេ មានចង្កៀងលេងទៅ។
ធ្លាប់ជាអ្នកដឹកនាំល្ខោននិយាយកាលពីដើម
ខ្ញុំនៅស្រណោះ ជំនាន់ខ្ញុំ។ ល្ខោននិយាយអម្បាញ់មិញនេះ ជំនាញខ្ញុំតើ។ ខ្ញុំនេះ ជាស្នងការនយោបាយ អញ្ចឹងត្រូវនិពន្ធរឿងខ្លួនឯង ដឹកនាំរឿងខ្លួនឯង ដើរតួឯកខ្លួនឯងទៀត។ ល្ខោននិយាយហ្នឹង ជំនាន់កាលអាយុ ១៩-២០-២១ ឆ្នាំ។ ប៉ុន្តែដល់ឡើងជាបញ្ជាការកងវរសេនាតូច ឈប់ដើរតួហើយ។ ទៅកន្លែងណាបង្ហាត់កូនគេនៅកន្លែងហ្នឹង ព្រោះយើងមានតែប្រុសៗ ប៉ុន្តែពួកខ្ញុំនេះ មានក្រុមភ្លេងសម័យមួយក្រុម បុរាណមួយក្រុម បាល់ទាត់មួយក្រុម បាល់ទះមួយក្រុម ក្នុងមួយអង្គភាពរបស់ខ្ញុំ។ បាល់ទះទៅណា អាចទៅប្រកួតនៅហ្នឹងបាន បាល់ទាត់ក៏ប្រកួត ហើយសិល្បៈមានអ្នកចម្រៀងអីត្រឹមត្រូវ ប៉ុន្តែយើងខ្វះតួស្រី អញ្ចឹងត្រូវទៅសុំកូនក្រមុំគេយកមកបង្ហាត់។ កន្លែងខ្លះបាន(ដុត)ចន្លុះ កន្លែងខ្លះបានចង្កៀង រួចហើយកំពុងតែលេងៗ យន្តហោះនោះវាមក ក៏ពន្លត់ចង្កៀងចោល រត់បែកអ្នកមើលដោយអ្នកមើលទៅ ហើយតួប្រុសអត់រត់ទៅណាទេ សំខាន់បំផុតបាត់តួស្រី ដល់អញ្ចឹងមិនដឹងធ្វើម៉េច … សុំបញ្ចប់ប៉ុណ្ណឹង ចាំស្អែកចាំលេងតទៅទៀត។ ដល់ស្អែកឡើងមិនតឯណា លេងពីដើមឡើងវិញ។
រៀនមិនចេះពីរយ៉ាង ទ្រ និងចងក្រវ៉ាត់ក
មានអ្នកចូលមក comment ពេលខ្ញុំសួរថា បើមានអ្នកណាបង្រៀនខ្ញុំចេះកូតទ្របាន ខ្ញុំអោយមួយ ១០.០០០ ដុល្លារ។ គ្រាន់តែអ្នកចូលមក comment ក្នុងហ្វេសប៊ុករបស់ខ្ញុំ ថាអ្នកនេះអាចបង្រៀនបាន។ ខ្ញុំសូមប្រាប់ទៅវិញថា ខ្ញុំរៀនមិនចេះទេ ទោះបីគ្រូហ្នឹងពូកែប៉ុណ្ណា ក៏ខ្ញុំនៅតែមិនចេះដែរ។ ទីមួយ មិនចេះកូតទ្រ អាហ្នឹងគឺមិនចេះតែម្ដង។ ទីពីរ ចងក្រវ៉ាត់ក មិនចេះទេ។ តិចរាល់ថ្ងៃ ខ្ញុំធ្វើអ្នកការទូតអី ឃើញក្រវ៉ាត់កមាំទាំ មិនមែនខ្ញុំចងខ្លួនឯងទេ។ រៀនមិនចេះតែម្ដងអាហ្នឹង។ ប៉ុន្តែរឿងភ្លេង ទះស្គរក៏មិនត្រូវ បើតែងចម្រៀងតែងបានភ្លាម។ វិលត្រឡប់មកវិញ សុំអោយអ្នកចម្រៀងបញ្ចូលគ្នា ខាងអ្នកចេះសម័យ ហៅថា សម័យថ្មី ហ្វឹកហាត់ខាងផ្នែកដែលទាក់ទងជាមួយនឹងប្រពៃណី ឬក៏បទមនោសញ្ចេតនាស្អីៗ។ អាហ្នឹងវាមិនពិបាកទេ ព្រោះសំឡេងរបស់ក្មួយៗជាន់ក្រោយខ្លាំងណាស់ តាមរយៈប្រឡង The Voice និង Cambodia Idol ស្អីៗ។
(ចប់ការធ្វើអត្ថាធិប្បាយ)
មុននឹងបញ្ចប់ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ ដែលក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈសម្រេចបាន និងសូមលើកទឹកចិត្តចំពោះមរតកមនុស្សរស់ សិល្បករចាស់ទុំ ជាព្រឹទ្ធាចារ្យ និងជាវរៈសិល្បករ ក៏ដូចជាមន្ត្រីរាជការ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី ដែលបានខិតខំប្រឹងប្រែង រួមចំណែកយ៉ាងរស់រវើកក្នុងការអភិរក្ស និងអភិវឌ្ឍសិល្បៈវប្បធម៌ ខ្មែរយើងឱ្យបានស្ថិតស្ថិរគង់វង្ស។ ទន្ទឹមនេះ ខ្ញុំក៏សូមកោតសរសើរ ចំពោះមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរបស់រាជធានីខេត្ត រួមជាមួយ នឹងក្រុមសិល្បៈយុវជនថ្នាក់មធ្យមសិក្សាមកពីរាជធានី ខេត្តទាំង ២៥ និង ក្រុមសិល្បៈយុវជនថ្នាក់ឧត្តមសិក្សាមកពីសាកលវិទ្យាល័យ ទាំង ១២ ក្នុងរាជធានីភ្នំពេញ ដែលបានខិតខំយ៉ាងសស្រាក់សស្រាំ លើការអភិវឌ្ឍសិល្បៈវប្បធម៌ខ្មែរ
ជាទីបញ្ចប់ ខ្ញុំ និងភរិយាសូមជូនពរឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ព្រឹទ្ធាចារ្យ វីរៈសិល្បករ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី សិស្ស និស្សិតទាំងអស់សូមប្រកបដោយពុទ្ធពរទាំង ៤ ប្រការ ឤយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕