សុន្ទរកថា និងសង្កថា សម្តេចតេជោ ហ៊ុន សែន ក្នុងទិវាវប្បធម៌ជាតិ ៣ មីនា លើកទី ១៩ និងពិធីបិទមហោស្រពសិល្បៈយុវជនទូទាំងប្រទេស

ថ្ងៃនេះ ខ្ញុំ និងភរិយាពិតជាមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងពិធីអបអរសាទរ ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី ១៩ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» និងពិធីបិទមហោស្រព សិល្បៈយុវជនទូទាំង​ប្រ​ទេសលើកទី ៣ នាឱកាសនេះ។ ទិវាវប្បធម៌ជាតិ ៣ មីនា គឺជាទិវាដ៏មានសារសំខាន់របស់ជាតិ ដែលត្រូវ​បាន​ប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្នុងន័យបំផុសមនសិការ និងស្មារតីស្រឡាញ់សម្បត្តិវប្បធម៌ជាតិដ៏​សម្បូរបែប​របស់ខ្មែរយើង ឱ្យជ្រាបចូលក្នុងស្រទាប់ប្រជាជាតិខែ្មរគ្រប់មជ្ឈដ្ឋាន ទាំងនៅក្នុង និងក្រៅប្រទេស ពិសេស​ក្មួយៗ​​យុវជនដែលជាអ្នកបន្តវេនក្នុងកិច្ចអភិរក្ស និងអភិវឌ្ឍសម្បត្តិវប្បធម៌ជាតិ។ ការប្រារព្ធទិវានេះគឺជា ចលករ​មួយ​ជំរុញលើកទឹកចិត្តដល់ក្រសួង ស្ថាប័ន វិស័យឯកជន អង្គការសង្គមស៊ីវិល បងប្អូនជនរួមជាតិ រួមគ្នាផ្សព្វ​ផ្សាយ និងបញ្ជ្រាបអំពីសិល្បៈវប្បធម៌ជាតិ បង្កើនការចូលរួមថែរក្សាការពារសម្បត្តិវប្បធម៌ខ្មែរ ដែលជា​អត្ត​សញ្ញាណ​ជាតិ​ប្រកប​ដោយកិត្យានុភាព និងភាពថ្លៃថ្នូរ។ ដូចបានបានគូសបញ្ជាក់មុននេះថា ទិវាវប្បធម៌ជាតិ ៣ មីនា ឆ្នាំនេះ គឺនៅតែរក្សាប្រធានបទ «យុវជន​ដើម្បី​វប្ប​ធម៌ជាតិ» ដូចឆ្នាំមុនៗដែរ ក្នុងគោលបំណងជំរុញឱ្យយុវជន ដែលជាអ្នកបន្តវេនបានចូលរួមដោយ​ផ្ទាល់កាន់​តែស៊ី​ជម្រៅ និងកាន់ថែមទៀត ក្នុងការអភិរក្ស និងអភិវឌ្ឍសិល្បៈវប្បធម៌ជាតិ។ បនែ្ថមលើសកម្មភាពមហោ​ស្រព​សិល្បៈយុវជនទូទាំងប្រទេស ដែលបានប្រារព្ធ និងត្រូវបិទនាពេលនេះ ខ្ញុំក៏សូមថ្លែងនូវការ​គាំទ្រចំពោះ​ការ​រៀបចំឱ្យយុវជន…