ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយដោយបានមកចូលរួមនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ ២០១៦ និងលើកទិសដៅការងារឆ្នាំ ២០១៧ របស់ក្រសួងមហាផ្ទៃនាឱកាសនេះ។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អាជ្ញាធរ រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ត្រីរាជការស៊ីវិល កងកម្លាំងនគរបាលជាតិ ក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងរួមគ្នាសម្រេចបាននូវសមិទ្ធផលនានាជាច្រើន ជូនប្រទេសជាតិ និងប្រជាជន ពិសេសការថែរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងការចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ទោះបីជាស្ថានភាពក្នុងតំបន់ និងពិភពលោកបាន និងកំពុងជួបប្រទះនូវបញ្ហាប្រឈមជាច្រើន និងក្នុងផ្ទៃក្នុងជាតិ មានក្រុមជ្រុលនិយមមួយចំនួនបានខិតខំរិះរកគ្រប់វិធីប៉ុនប៉ងបង្កឱ្យមានចលាចលវឹកវរក្នុងសង្គម និងការឃោសនាបំប៉ោងសភាពការណ៍ បំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិថា កម្ពុជាកំពុងមានអស្ថិរភាពនយោបាយយ៉ាងណាក្តី ប៉ុន្តែពួកគេមិនឤចសម្រេចបាននូវឧបាយកលនេះឡើយ។
ជារួម កម្ពុជាកំពុងទទួលបាននូវការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ដែលការណ៍នេះបានធ្វើឱ្យកម្ពុជាយើងកំពុងដើរតួនាទីយ៉ាងសកម្មទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ។ ជាក់ស្តែង ក្នុងឆ្នាំ ២០១៦ កំណើនសេដ្ឋកិច្ចកម្ពុជាសម្រេចបានក្នុងរង្វង់ ៧,១% ហើយផលិតផលក្នុងស្រុកសរុបគិតជាមធ្យមសម្រាប់មនុស្សម្នាក់ៗ កើនពី ៧៦០ ដុល្លារ ក្នុងឆ្នាំ ២០០៨ ដល់ ប្រមាណជាង ១៣០០ ដុល្លារឤមេរិក ក្នុងឆ្នាំ ២០១៦ ដោយបានផ្លាស់ប្តូរស្ថានភាព និងឋានៈកម្ពុជា ពីប្រទេសមួយក្នុងចំណោមប្រទេសក្រីក្រ មកជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប។
លើមូលដ្ឋាននៃការរីកចម្រើននេះ បានបង្កលទ្ធភាពដល់រាជរដ្ឋាភិបាល ក្នុងការដំឡើងបៀវត្សជូនមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និវត្តជន ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ មេភូមិ និងជំនួយការមេភូមិ ពីមួយឆ្នាំទៅមួយឆ្នាំ ការកាត់បន្ថយតម្លៃប្រើប្រាស់អគ្គិសនីជូនប្រជាជន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការបង្កើតធនធាន ដើម្បីវិនិយោគលើវិស័យអាទិភាពនានា ការបង្កើនធនធានហិរញ្ញវត្ថុដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេស ឃុំ សង្កាត់ ដើម្បីលើកកម្ពស់ការអភិវឌ្ឍនៅមូលដ្ឋាន ការផ្តល់ជូនប្រជាជនដោយឥតគិតថ្លៃនូវសេវាចុះបញ្ជីកំណើត ចុះបញ្ជីអាពាហ៍ពិពាហ៍ លិខិតមរណភាព សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ល។
ទន្ទឹមនេះ ការងារពាក់ព័ន្ធសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈក្នុងសង្គមទាំងមូលក្នុងឆ្នាំ ២០១៦ កន្លងទៅនេះ ទោះបីជាបទល្មើសព្រហ្មទណ្ឌមានការកើនឡើងបន្តិច ដោយសារការកើនឡើង នៃបទល្មើសមជ្ឈឹម ប៉ុន្តែបទឧក្រិដ្ឋបានថយចុះ ៥% ហើយលទ្ធផល នៃការបង្ក្រាបទទួលបានអត្រាកម្រិតខ្ពស់ ៨២% នៃបទល្មើសសរុបទូទាំងប្រទេស ដែលបង្ហាញពីសមត្ថភាពរបស់កម្លាំងអនុវត្តច្បាប់កាន់តែត្រូវបានលើកកម្ពស់។
ជាមួយនេះ សភាពការណ៍នៅតាមតំបន់ព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាងមានសភាពស្ងប់ស្ងាត់ ហើយកងកម្លាំងនគរបាលជាតិបានសហការជាមួយកងយោធពលខេមរភូមិន្ទ ខិតខំប្រឹងប្រែងរក្សាការពារបូរណភាពទឹកដី អធិបតេយ្យជាតិ ការគ្រប់គ្រង ការចេញចូលឆ្លងកាត់ព្រំដែន ការរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅតាមតំបន់ព្រំដែន និងការប្រឹងប្រែងអភិវឌ្ឍនៅតាមតំបន់ព្រំដែន ដើម្បីបន្តពង្រឹងព្រំដែនកម្ពុជាជាមួយប្រទេសជិតខាងជាតំបន់ព្រំដែនសន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។
ថ្មីៗនេះ យើងបានដាក់ចេញនូវយុទ្ធនាការបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសសំខាន់ៗ ដែលបាន និងកំពុងអនុវត្តព្រមៗគ្នានៅទូទាំងប្រទេស រួមមានការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ល្បែងស៊ីសងខុសច្បាប់ បទល្មើសព្រៃឈើ និងធនធានធម្មជាតិ អំពើប្លន់ប្រដាប់ឤវុធ បទល្មើសនេសាទ និងការរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដោយមានការគាំទ្រ ការចូលរួមពីប្រជាជន អ្នកពាក់ព័ន្ធនានា សម្រេចបានលទ្ធផលគួរឲ្យកោតសរសើរ។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ទាំងនគរបាលជាតិ និងរដ្ឋបាលស៊ីវិលនៃក្រសួងមហាផ្ទៃ អាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាក់ស្តែងចាប់ពីការបើកយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ មកទល់ថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០១៧ នេះ កងកម្លាំងមានសមត្ថកិច្ចបានបង្ក្រាបជាង ១.៦៦០ ករណី ដកហូតគ្រឿងញៀនខុសច្បាប់បានជាង ១៤ គីឡូក្រាម សរុបគិតរួមទាំងប្រតិបត្តិការក្នុងឆ្នាំ ២០១៦ មានគ្រឿងញៀនប្រមាណជាង ១៩៤ គីឡូក្រាម ត្រូវបានដកហូត និងមានជនល្មើសប្រមាណជាង ១៣.៩០០ នាក់ ត្រូវបានឃាត់ខ្លួន។ហាផ្ទៃ អាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាក់ស្តែងចាប់ពីការបើកយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់មក
ដោយឡែក ការអនុវត្តកម្មវិធីកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្រសួងមហាផ្ទៃបានសហការជាមួយក្រសួង ស្ថាប័ននានា ក្រោមការសម្របសម្រួលរបស់គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ·ជ·អ·ប) បានខិតខំជំរុញកិច្ចដំណើរការកែទម្រង់នេះ ឱ្យឈានចូលក្នុងដំណាក់កាលដ៏ស៊ីជម្រៅនោះគឺ ការផ្ទេរមុខងារ និងធនធាន ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។ តាមរយៈនេះ តម្រូវឱ្យក្រសួង ស្ថាប័ននីមួយៗ ត្រូវធ្វើការផ្ទេរមុខងារ និងធនធានយ៉ាងហោចឱ្យបានមួយទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។ ជាលទ្ធផល រហូតមកទល់ពេលនេះមាន ក្រសួង ស្ថាប័ន ចំនួន ១៤ បាន និងកំពុងដំណើរការផ្ទេរមុខងារ និងធនធាន និងបានធ្វើសំណើផ្ទេរមុខងារ និងធនធាន ជាបន្តបន្ទាប់ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាជនតាមមូលដ្ឋាននីមួយៗ។
ជារួម ដើម្បីបង្កបរិយាកាសអំណោយផលឈានឆ្ពោះទៅ សម្រេចបាននូវគោលបំណង និងគោលដៅនៃកម្មវិធីកែទម្រង់ដ៏ស៊ីជម្រៅរបស់កម្ពុជា និងដើម្បីបង្កបរិយាកាសល្អប្រសើរ ដល់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឤណត្តិទី ៤ នាថ្ងៃទី ៤ ខែ មិថុនា ខាងមុខនេះ ឱ្យប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានសុវត្ថិភាព ក៏ដូចជាផ្តល់ភាពអនុគ្រោះសម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ យើងត្រូវបន្តប្តេជ្ញាចិត្តខិតខំរួមគ្នាសម្រេចឱ្យបាននូវទិសដៅជាយុទ្ធសាស្ត្រសំខាន់ៗចំនួន ៣ ក្នុងនោះមាន៖
ទីមួយ បន្តថែរក្សាឱ្យបានដាច់ខាតនូវសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សំដៅបង្កលក្ខណសម្បត្តិអនុគ្រោះដល់ការរីកចម្រើនរឹងមាំបន្ថែមទៀត នូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការបន្តអភិវឌ្ឍសង្គម-សេដ្ឋកិច្ចលើគ្រប់វិស័យ។
ទីពីរ បន្តជំរុញការអនុវត្តឱ្យបានកាន់តែខ្លាំងក្លា និងកាន់តែសកម្មថែមទៀតនូវកម្មវិធីកែទម្រង់នានា ក្នុងនោះ រួមទាំងការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សំដៅពង្រឹងសមត្ថភាព ស្ថាប័ន សមត្ថភាពមន្ត្រីរាជការ ដើម្បីប្រសិទ្ធភាពការងារ និងបង្កើតកាលានុវត្តភាពថ្មីៗបន្ថែមទៀត សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច។
ទីបី ខិតខំប្រមូលផ្តុំបង្កើនប្រសិទ្ធភាពការផ្តល់សេវាសាធារណៈ ការផ្តល់ផលប្រយោជន៍នានាពីការអភិវឌ្ឍ ការផ្តល់កិច្ចគាំពារសង្គមប្រកបដោយសមធម៌ និងការខិតខំដោះស្រាយសំណូមពរចាំបាច់នានារបស់ប្រជាជនសំដៅលើកកម្ពស់ការចូលរួមរបស់ប្រជាជនលើកិច្ចការគ្រប់វិស័យក្នុងសង្គម។
ផ្អែកលើទិសដៅជាយុទ្ធសាស្ត្រទាំងបីខាងលើនេះ និងទិសដៅការងារឆ្នាំ ២០១៧ របស់ក្រសួងមហាផ្ទៃ ខ្ញុំសូមគូសបញ្ជាក់នូវការងារសំខាន់ៗមួយចំនួន ដែលត្រូវបន្តយកចិត្តទុកដាក់អនុវត្ត ដូចខាងក្រោម៖
ទី ១ ត្រូវបន្តបង្កើនការយកចិត្តទុកដាក់ និងលើកកម្ពស់ការថែរក្សាសន្តិសុខជាតិ និងសុវត្ថិភាពក្នុងសង្គមទាំងមូល ដោយត្រូវខិតខំបង្ការ ទប់ស្កាត់នូវសកម្មភាពភេរវកម្ម និងវិច្ឆេទកម្មនានា ដែលមានអង្គការចាត់តាំងតាមគ្រប់រូបភាព។ ត្រូវពង្រឹងគ្រប់វិធានការ ដើម្បីបង្ការ ទប់ស្កាត់នូវគ្រប់សកម្មភាពឧបាយកលនានា ដែលប៉ុនប៉ងបង្កឲ្យមានអំពើហិង្សា ភាពចលាចល ភាពវឹកវរក្នុងសង្គម និងបន្តទប់ស្កាត់ការប៉ុនប៉ងប្រើប្រាស់ទឹកដីកម្ពុជា ដើម្បីប្រឆាំងប្រទេសណាមួយ ហើយត្រូវរួមការពារឲ្យបានដាច់ខាតនូវបូរណភាពទឹកដី និងអធិបតេយ្យជាតិ ដោយខិតខំបន្តថែរក្សា ពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង សំដៅកសាងតំបន់ព្រំដែនកម្ពុជាជាមួយប្រទេសជិតខាង ជាព្រំដែនសុខសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។
(ចាប់ផ្ដើមសេចក្ដីអធិប្បាយ)
អភិវឌ្ឍប្រទេសមួយបាន ត្រូវរក្សាបាននូវស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច
ចំណុចនេះ ខ្ញុំនៅតែបន្តការរំលឹកថា ដើម្បីការអភិវឌ្ឍប្រទេសមួយបាន បញ្ហាធំជាងគេដែលត្រូវតែយកមកដាក់នៅគ្រប់ពេលវេលា នៃការអភិវឌ្ឍនោះ គឺម្ខាងរក្សានូវស្ថិរភាពនយោបាយ និងម្ខាងទៀតត្រូវរក្សានូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ ចំណុចពីរនេះ ជាចំណងទាក់ទងវិចារវិទ្យាមិនអាចខ្វះគ្នាបានទេ។ យើងមិនផ្ដល់ឱកាសអោយអ្នកណាមួយបំផ្លាញសុខសន្ដិភាពដោយយើងធ្វើមិនដឹងមិនឮទេ។ យើងត្រូវតែឆ្លើយតបហ្មត់ចត់ ទោះបីដោយសកម្មភាពបែបណាក៏ដោយ ត្រូវតែធ្វើសកម្មភាពដើម្បីធានានូវសុវត្ថិភាពនៅក្នុងប្រទេសរបស់យើង មិនអនុញ្ញាតអោយពួកភេរវកម្មធ្វើសកម្មភាពលើទឹកដីរបស់យើង ដែលជាការបំផ្លិចបំផ្លាញនាំទៅដល់ការភ័យខ្លាច និងការបំផ្លិចបំផ្លាញឈានទៅបំផ្លាញ ជាពិសេសក្នុងហ្នឹងរាប់ទាំងវិស័យទេសចរណ៍។
អ្នកនៅក្នុងប្រទេសក៏ត្រូវតែយល់ថា អ្នកឯងត្រូវគោរពច្បាប់របស់ប្រទេស ត្រូវតែចូលរួមការពារនូវសុខសន្ដិភាពរបស់ប្រទេស ហើយយើងមិនបណ្ដោយអោយអ្នកណាមួយ ទោះបីអ្នកឯងជ្រកក្រោមលទ្ធិប្រជាធិបតេយ្យ ឬសិទ្ធិមនុស្ស ឬបក្សនយោបាយណាក៏ដោយ ក្រោមហេតុផលនោះដើម្បីបំផ្លាញសន្ដិសុខជាតិរបស់យើងនោះទេ។ ជាមួយគ្នានោះដែរ នេះក៏ជាមូលដ្ឋាន ម្ខាងគឺរក្សានូវសន្ដិភាព ស្ថិរភាពនយោបាយ និងម្ខាងទៀតគឺស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដែលធ្វើម៉េចជំរុញកំណើននេះ អោយស្ថិតស្ថេរ ៧% នៃគោលដៅនៃកំណើន(សេដ្ឋកិច្ច) បូកជាមួយនឹងការកែទម្រង់ផ្សេងៗទៀត ក្នុងនោះមានការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងរដ្ឋបាលសាធារណៈ ដែលពីមួយឆ្នាំទៅមួយឆ្នាំ ការទាមទារកាន់តែច្រើនទៅៗ នូវចំនួនការចំណាយលើបន្ទុកបុគ្គលិក ក្នុងហ្នឹង ការចំណាយលើបន្ទុកបុគ្គលិកនេះ ទាមទារអោយយើងត្រូវខិតខំរក្សាតម្លៃអត្រាប្ដូរប្រាក់ និងខិតខំរក្សាកម្រិតអតិផរណាអោយវានៅថេរក្រោម ៥%។
នេះជាចំណុចដែលយើងចង់បាន។ បើសិនយើងរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចមិនបានទេ ច្បាស់ណាស់ថា គឺការដំឡើងបៀវត្សគ្មានន័យអីទាំងអស់។ ដូច្នេះ ត្រូវតែបង្កើនបៀវត្ស ហើយរក្សាកម្លាំងទិញ នៃប្រាក់បៀវត្សដែលត្រូវបានបង្កើនជូនមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាកម្មករ កម្មការិនីរបស់យើង មកដល់ពេលនេះ គេកំពុងតែអនុវត្តនូវបៀវត្សអប្បបរមា ១៥៣ ដុល្លារសហរដ្ឋអាមេរិក បូកបន្ថែមដោយអត្ថប្រយោជន៍ដទៃទៀត មិនតិចជាង ១៧០-១៨០ ដុល្លារសហរដ្ឋអាមេរិកនោះទេ។ នេះជាចំណុចដែលខ្ញុំសុំរំលឹកថា យើងទាំងអស់គ្នាត្រូវធ្វើកិច្ចការងារនេះដោយពេញលេញ។
(បញ្ចប់សេចក្ដីអធិប្បាយ)
ទី ២ ត្រូវបន្តលើកកម្ពស់កិច្ចសហប្រតិបតិ្តការរួមគ្នាជាប់ជាប្រចាំ និងព្រមៗគ្នានៅទូទាំងប្រទេស នូវយុទ្ធនាការបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើសនានា ឲ្យបានកាន់តែសកម្មផុលផុស និងមានប្រសិទ្ធភាពខ្ពស់ថែមទៀត។ ជាមួយនេះ ត្រូវបន្តអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ឲ្យបានកាន់តែខ្លាំងក្លា និងត្រូវលើកកម្ពស់ការអប់រំ ផ្សព្វផ្សាយ ជំរុញឲ្យមានការចូលរួមពីប្រជាជន វិស័យឯកជន សង្គមស៊ីវិល ព្រះសង្ឃ អង្គការសាសនា និងក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងត្រូវបង្កើនកិច្ចសហប្រតិបត្តិការឲ្យបានល្អ និងជាប្រចាំជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក ដើម្បីរួមគ្នាស្វែងរកមេក្លោងជួញដូរ ចែកចាយគ្រឿងញៀន សំដៅគាស់រំលើងដល់ឫសគល់នៃបទល្មើសគ្រឿងញៀន។
(ចាប់ផ្ដើមសេចក្ដីអធិប្បាយ)
គ្រប់មជ្ឈដ្ឋាន ពិសេសគ្រួសារ អាណាព្យាបាល ចូលរួមអប់រំ/កំចាត់គ្រឿងញៀន ឧក្រិដ្ឋកម្មក្នុងតំបន់ និងឆ្លងដែន
ក្នុងចំណុចនេះ ខ្ញុំសុំកោតសរសើរជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់ ក្រោមការដឹកនាំរបស់សម្ដេច ក្រឡាហោម ដែលបានអនុវត្តនូវយុទ្ធនាការទ្រង់ទ្រាយធំ ដែលមិនធ្លាប់មានពីមុនមក ទៅលើការប្រយុទ្ធប្រឆាំងជាមួយនឹងគ្រឿងញៀននេះ។ ហើយតាមរយៈនៃការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀននេះ យើងឃើញថា អំពើលួចប្លន់ប្រដាប់អាវុធក៏បានថយចុះនៅក្នុងកាលៈទេសៈ នៃពេលវេលាដែលយើងអនុវត្តនេះដែរ ព្រោះថាសំណុំគ្រឿងញៀន សំណុំចោរប្លន់ប្រដាប់អាវុធនេះ វាទៅជាមួយគ្នា។ ប៉ុន្តែយើងក៏ត្រូវដឹងថា ប្រតិបត្តិការទៅលើកម្លាំងតែមួយមុខគត់ ដើម្បីបង្ក្រាបតាមរយៈកម្លាំង និងតាមរយៈប្រព័ន្ធតុលាការវាមិនគ្រប់ទេ ការចាំបាច់របស់យើងត្រូវមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ ពីសំណាក់គ្រប់តួអង្គពាក់ព័ន្ធ មានវិស័យឯកជន សង្គមស៊ីវិល ព្រះសង្ឃ អង្គការសាសនា និងស្ថាប័នទាំងអស់និយាយរួម ហើយជាពិសេសក្រុមគ្រួសារជាអ្នកដើរតួនាទីសំខាន់ណាស់ក្នុងពេលនេះ។
នៅពេលដែលយុទ្ធនាការកំពុងតែបន្ត វិធីដែលល្អ ឪពុកម្ដាយដឹងច្បាស់ណាស់ ក្រុមគ្រួសារដឹងច្បាស់ គឺអប់រំកូនកុំអោយទៅណា ក្រែងគេចាប់ចូលទៅជុំរុំ។ ជុំរុំហ្នឹងរឿងមួយហើយ គេមិនមែនយល់ទៅដាក់គុកទេ យកទៅបន្សាបគ្រឿងញៀន ដែលជាបញ្ហាប្រឈមធំនៅទីកន្លែងដាក់(អ្នកញៀនគ្រឿងញៀន)សព្វថ្ងៃរបស់យើង ប៉ុន្តែបើសិនជាក្រុមគ្រួសារនីមួយៗ អប់រំកូនចៅកុំអោយដើរ ហើយបន្សាបគ្រឿងញៀននៅផ្ទះ ខ្ញុំគិតថា ចំនួនអ្នកដែលធ្វើសកម្មភាពជក់គ្រឿងញៀននៅខាងក្រៅ គឺនឹងកាត់បន្ថយដែរ។ អញ្ចឹងសុំអំពាវនាវចំពោះប្រជាពលរដ្ឋ មាតាបិតា អាណាព្យាបាល គឺខិតខំអប់រំកូនចៅ ដើម្បីអោយពួកគេនៅហ្នឹងផ្ទះ ហើយបន្សាបគ្រឿងញៀននៅផ្ទះ ប្រសើរជាងត្រូវ(ចាប់)ទៅប្រមូលផ្ដុំ និងមានពេលខ្លះគេចូលទៅមន្ទីរឃុំឃាំងទៀតផង។
នេះជាចំណុចដែលខ្ញុំសូមអំពាវនាវជាបន្ត ហើយយើងក៏ធ្វើការជាមួយបណ្ដាប្រទេសក្នុងតំបន់ដែរ នៅពេលដែលយើងមានទស្សនកិច្ចនៃបណ្ដាប្រទេសនានា ឬយើងចេញទៅក្រៅប្រទេស ស្វែងរកកិច្ចសហប្រតិបត្តិការជាមួយប្រទេសដែលមានការពាក់ព័ន្ធជាមួយយើង ដើម្បីប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។
(បញ្ចប់សេចក្ដីអធិប្បាយ)
ទី ៣ ត្រូវបង្កើនការគ្រប់គ្រងជនបរទេស និងពង្រឹងការគ្រប់គ្រងច្រកចេញចូល ពង្រឹងការគ្រប់គ្រង ការឆ្លងកាត់ខុសច្បាប់តាមបន្ទាត់ព្រំដែននានា ដើម្បីចូលរួមបង្ការ ទប់ស្កាត់ និងបង្រ្កាបបណ្តាញភេរវកម្មនានា បទល្មើស ឧក្រិដ្ឋកម្មឆ្លងកាត់ព្រំដែនគ្រប់ប្រភេទ ដោយត្រូវលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសក្នុងតំបន់ ក្រៅតំបន់ និងអង្គការអន្តរជាតិនានា។
(ចាប់ផ្ដើមសេចក្ដីអធិប្បាយ)
កោតសរសើរដល់សមត្ថកិច្ចនៅព្រលានយន្តហោះ
នៅទីនេះ ខ្ញុំក៏សូមកោតសរសើរជាមួយនឹងសមត្ថកិច្ចរបស់យើងនៅតាមព្រលានយន្តហោះ។ ខ្ញុំមិននិយាយចំប្រទេសណាទេ ប៉ុន្តែគ្រឿងញៀនចេញពីប្រទេសនៅតំបន់អាមេរិកឡាទីន ហើយឆ្លងកាត់ប៉ុន្មានព្រលានយន្តហោះហើយ បែរជាចាប់អត់បាន ហើយមកចាប់បាននៅកម្ពុជា។ គឺជារឿងគួរអោយឆ្ងល់ខ្លាំងណាស់។ យើងចាប់បានប្រមាណជា ៣ ទៅ ៤ ដងរូចទៅហើយ ដែលឆ្លងកាត់មកដល់កម្ពុជា ចាប់នៅសៀមរាបក៏មាន ចាប់នៅភ្នំពេញក៏មាន ហើយចេញពីអាមេរិកឡាទីន ពីប្រេស៊ីល ពីម៉ិចសិច ឆ្លងកាត់មក ហើយព្រលានហោះជាច្រើនគេរកមិនឃើញ។ មកឃើញនៅទឹកដីកម្ពុជានេះវិញ។ នេះគឺជារឿងមួយដែលអាចវាយតម្លៃបានថា កន្លែងទាំងនោះប្រហែលជាមានការធ្វេសប្រហែស។ យើងមិនវាយតម្លៃខ្ពស់ពេកទៅលើសមត្ថភាពរបស់មន្រ្តីយើងទេ ក៏ប៉ុន្តែបើមន្រ្តីយើងប្រហែសទៀត អាហ្នឹងវាទៅទៀត ហើយសូម្បីតែរឿងភ្លុកដំរី កុយរមាស មកចាប់បាននៅស្រុកខ្មែរ។
ឯកភាពតាមសំណើរបស់ក្រសួងបរិស្ថាន ទុក ភ្លុកដំរី កុយរមាស តាំងពិព័រណ៍
ថ្ងៃមុន ដូចជាក្រសួងបរិស្ថានអ្នកស្នើសុំថា ទុកអាហ្នឹង(ដើម្បីដាក់)តាំងពិព័រណ៍។ ខាងអាមេរិក អ្នកស្នើអោយកម្ទេចចោល។ ទេអានេះមិនមែនភារកិច្ចអាមេរិកមកនៅស្រុកខ្មែរទេ។ អាមេរិកគ្មានសិទ្ធិទេ។ ខ្មែរទុកអាហ្នឹងតាំងពិព័រណ៍ ព្រោះភ្លុកដំរីខ្លះមកពីអាហ្វ្រិកខាងត្បូង ហើយរឿងអីបានត្រូវកម្ទេចចោល ដូចជាបំបាត់ភស្ដុតាងចោលអញ្ចឹង។ អញ្ចឹងយើងដាក់តាំងពិព័រណ៍មួយ មានតាំងពីប្លុកដំរី កុយរមាស។ ឮថា អាមេរិកចង់អោយយើងកម្ទេចចោល។ អត់ទេ។ អាមេរិកគ្មានសិទ្ធិបញ្ជារដ្ឋបាលខ្មែរទេ។ ខ្ញុំឯកភាពអោយរក្សាទុក ហើយតាំងពិព័រណ៍តែម្ដងអោយឃើញថា អាហ្នឹងមកតាំងពីអាហ្វ្រិកខាងត្បូង មកចាប់បាននៅកម្ពុជា។ គេចោះបញ្ចូលទៅក្នុងឈើហ៊ុប បានគេដឹកមក រួចដឹកមកតាំងពីអាហ្វ្រិក ហើយមកចាប់បាននៅកម្ពុជា។ អាហ្នឹងខ្ញុំសុំសរសើរដោយស្មោះចំពោះមន្រ្តីរបស់យើង។ យើងមិនមែនអួតពីសមត្ថភាពអីទេ តែអានេះកម្លាំងចិត្តតែម្ដង បច្ចេកទេសរបស់យើងគ្មាន scanner អីហ្នឹងគេទេ។ ស្រុកគេមាន scanner គេ scan មិនឃើញ ឯយើងវាអត់ scanner បែរជាឃើញ។
ប៉ុន្តែ ខ្ញុំមិនដឹងថា អាមេរិកមួយណាទេ តែអាមេរិកស្នើអោយបំផ្លាញចោល។ ខ្ញុំថាអត់ ហើយឃើញសំណើមកថា សុំរក្សាទុក។ សុំរក្សាទុក ហើយតាំងពិព័រណ៍។ នេះជារបស់កម្រ ហើយរបស់វាជិតដាច់ពូជនៅក្នុងប្រទេសអាហ្វ្រិកទៀតផង។ ហើយប្រទេសនានាចង់មកខ្ចីយកទៅតាំងពិព័រណ៍ អាចដែរ ផ្ដល់អោយគេយកទៅតាំងពិព័រណ៍ អោយគេឃើញកុយរមាសមកពីប្រទេសនេះ ភ្លុកដំរីមកពីប្រទេសនោះ។ កម្ពុជាអ្នកចាប់បាន ព្រោះអ្នកឯងរត់ពន្ធ។
(បញ្ចប់សេចក្ដីអធិប្បាយ)
ទី ៤ ត្រូវបន្តខិតខំផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ តាមគំរូថ្មីជូនប្រជាពលរដ្ឋ ដែលនៅសេសសល់ឲ្យបានគ្រប់ៗគ្នា សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃស្របតាមច្បាប់ និងសម្រាប់ជាឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោត។ ទន្ទឹមនឹងនេះ ត្រូវតាមដានត្រួតពិនិត្យជាប្រចាំនូវការផ្តល់សេវាចុះបញ្ជីកំណើត អាពាហ៍ពិពាហ៍ មរណភាព សៀភៅគ្រួសារ សៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដោយត្រូវធានាផ្តល់សេវាទាំងនេះឲ្យបានឆាប់រហ័ស និងមិនមានការបង់កម្រៃ។
(ចាប់ផ្ដើមសេចក្ដីអធិប្បាយ)
មន្រ្តីមូលដ្ឋានត្រូវតាមដាន តើមានអ្នកយកកម្រៃលើឯកសារ ដែលរាជរដ្ឋាភិបាលដាក់មិនអោយបង់កម្រៃ?
យើងត្រូវដឹងថា (ឯកសារ)ច្រើនមុខណាស់ដែលយើងបានលុបចោលនៅការបង់កម្រៃ ប៉ុន្តែយើងត្រូវមានការតាមដានអោយបានច្បាស់ តើអ្នកទាំងនោះបានធ្វើឬអត់? ដូចជាអត្តសញ្ញាណប័ណ្ណមិនមែនបម្រើគ្រាន់តែត្រឹមការបោះឆ្នោតទេ អត្តសញ្ញាណប័ណ្ណវាមានផលប្រយោជន៍ខ្លាំងណាស់ ដែលយើងតម្រូវធ្វើតាំងពីអាយុ ១៥ ឆ្នាំឡើង។ អញ្ចឹងទេ កាលមុននេះ ដើម្បីទទួលក្នុងពេលដែលរដ្ឋមានការលំបាក រដ្ឋក៏បានអំពាវនាវអោយប្រជាជនបង់ប្រាក់ចំនួន ១០.០០០ រៀល សម្រាប់អត្តសញ្ញាណប័ណ្ណមួយសន្លឹក។ ប៉ុន្តែក្រោយមកនេះ យើងបានលុបចោលនូវការយកសេវានេះ ទាំងបញ្ហាសំបុត្របញ្ជីជាតិ តាំងពីសំបុត្រមរណភាព អាពាហ៍ពិពាហ៍ សំបុត្រកំណើត សៀវភៅគ្រួសារស្អីៗនេះ យើងបានលុបចោល លុបចោលរហូតទៅដល់ ២០ មុខប្លាយ ហើយត្រូវតាមមើលអាហ្នឹង។
ថ្នាក់ក្រោមជាតិត្រូវតាមដាន តើមានអ្នកនៅតែយកភាស៊ីលើការលក់តាមកញ្ច្រែង/ល្អីទៀត?
មួយទៀត ទាក់ទងជាមួយនឹងបញ្ហាផ្សារ ត្រូវតាមមើលផង អស់លោកនៅខេត្ត នៅថ្នាក់ក្រោមជាតិ។ លុបចោលនូវការយកភាស៊ីលើការលក់តាមកញ្ច្រែង ល្អីស្អីៗនេះ ក្រែងលោយើងលុបតែខាងលើ អាក្រោមវាអត់លុប តាមមើលអាហ្នឹង។ ភារកិច្ចរបស់អស់លោកអោយធ្វើអាជ្ញាធរថ្នាក់ក្រោមជាតិហ្នឹង អោយមើលអាហ្នឹង មើលផង ដើម្បីអោយប្រជាពលរដ្ឋគាត់លក់ដូរតិចតួចនេះ តាមកញ្រ្ចែង តាមល្អី ជាពិសេសអ្វីដែលជារបស់គាត់។ ជួនកាលត្រកួនគាត់ដាំខ្លួនគាត់ ព្រលឹមឡើងគាត់បេះ គាត់យកមកដាក់លក់។ ជួនកាលត្រសក់របស់គាត់ ត្រឡាចរបស់គាត់ៗ យកមកលក់ រួចយើងទៅយកភាស៊ីពីគាត់ដែរ។ អញ្ចឹងគ្រាន់តែអាហ្នឹង វាច្រើនណាស់ ប៉ុន្តែយើងត្រូវតាមមើលពិតប្រាកដ ធ្វើម៉េចធ្វើអោយបានដល់ប្រជាពលរដ្ឋ។
(បញ្ចប់សេចក្ដីអធិប្បាយ)
ទី ៥ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ត្រូវខិតខំបន្តផ្តោតការយកចិត្តទុកដាក់ដឹកនាំ និងសម្របសម្រួលជាមួយក្រសួងស្ថាប័ននានា ដើម្បីធានាឱ្យមានការបន្តផ្ទេរមុខងារ និងធនធាន រួមមានធនធានមនុស្ស និងធនធានហិរញ្ញវត្ថុសមស្របទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសរដ្ឋបាលថ្នាក់ក្រុង ស្រុក ដែលនៅជាប់ផ្ទាល់ជាមួយរដ្ឋបាលមូលដ្ឋានឃុំ សង្កាត់ ដែលជាការបង្ខិតប្រព័ន្ធគ្រប់គ្រងរដ្ឋបាលរបស់យើងឱ្យកៀកជិតជាមួយនឹងប្រជាជន។
(ចាប់ផ្ដើមសេចក្ដីអធិប្បាយ)
បន្តផ្ទេរមុខងារ ធនធានទៅថ្នាក់ក្រោមជាតិ រៀបចំទម្រង់បែងចែកចង្កោមផ្ដល់សេវាឆាប់រហ័សដល់ប្រជាពលរដ្ឋ
ខ្ញុំនៅតែបន្ដអំពាវនាវអោយក្រសួង បណ្ដារដ្ឋមន្រ្តីនៅទីនេះ បន្តការផ្ទេរមុខងារ ផ្ទេរធនធានទៅថ្នាក់ក្រោមជាតិ។ អត់ត្រូវមកនៅកកស្ទះនៅខាងលើនេះទេ។ នេះគ្រាន់តែជាការបន្តនិយាយ មិនមែនចាប់ផ្ដើមទេ។ ប៉ុន្តែមានរឿងមួយ ដែលខ្ញុំបានពិភាក្សាជាមួយនឹងសម្ដេចក្រឡាហោម ហើយថ្ងៃមុន ខ្ញុំក៏បាននិយាយនៅក្នុងពេលប្រជុំក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី អំពីបញ្ហារចនាសម្ព័ន្ធនៅថ្នាក់ស្រុក។ បើទុករបៀបនេះ គឺធ្វើការអត់ចេញទេ អស់លោកជាស្ថាប័ននានា មានខ្សែបណ្ដាញពីថ្នាក់ជាតិដែលមានថ្នាក់អគ្គនាយក ថ្នាក់នាយកដ្ឋាន និងថ្នាក់ក្រោមជាតិ គឺមានមន្ទីរ ហើយថ្នាក់ស្រុក គឺមានថ្នាក់ការិយាល័យ ប៉ុន្តែមន្រ្តីរបស់អស់លោកមានម្នាក់ ពីរនាក់ មានបីនាក់។ ធ្វើស្អី(ទាន់ពេល) ធ្វើវាមិនចេញទេ។ អញ្ចឹងខ្ញុំស្នើអោយសម្ដេចក្រឡាហោម ពិភាក្សាជាមួយនឹងក្រសួងមុខងារសាធារណៈ ជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាចយើងរៀបចំទម្រង់យ៉ាងដូច្នេះ បែងចែកជាផែន។
ឧទារហណ៍ថា មានប៉ុន្មានផែន ដោយឡែក ផែនសន្ដិសុខ និងផែនយោធា គឺមិនអាចចូលគ្នាទេ ទុកដោយឡែកជាខ្សែបណ្ដាញ ជាចង្កោម ស្ថិតនៅក្នុងរចនាសម្ព័ន្ធដដែល។ ខ្ញុំលើកឧទាហរណ៍អញ្ចេះថា ចង្កោមផលិតកម្ម មានស្អីខ្លះ? មានកសិកម្ម មានអភិវឌ្ឍន៍ជនបទ មានបរិស្ថាន មានឧស្សាហកម្ម មានរ៉ែ និងថាមពល ដែលទាក់ទងជាមួយនឹងបញ្ហាផលិតកម្ម អោយវាទៅមួយចង្កោមទៅ រួចហើយចង្កោមស្អីទៀតទាក់ទងជាមួយនឹងបញ្ហាសេវា ស្អីខ្លះ? ក្នុងហ្នឹងមានតាំងពីបញ្ហាដែនដី បញ្ហាស្អីៗផ្សេងទៀត យើងដាក់វាជាចង្កោមអញ្ចឹងទៅ អាហ្នឹងបានមានមន្រ្តីធ្វើការ។ រួចហើយអ្នកបញ្ជាផ្ទាល់ គឺរដ្ឋបាលថ្នាក់ស្រុកនោះឯង។ កិច្ចការនារីអាចនៅក្នុងចង្កោមសង្គមកិច្ច។ (មាន)សង្គមកិច្ច អតីតយុទ្ធជន ការងារ ស្អីៗហ្នឹង រៀបចំជាចង្កោមអញ្ចឹង អាហ្នឹងបានមានកន្លែង និងមានមន្រ្តីធ្វើការ។ អញ្ចឹងរាល់ថ្ងៃអត់មានមន្រ្តី អត់មានកម្លាំងទៅធ្វើទៅរួចទេ។
អញ្ចឹងការឯកភាពគ្នាបែបនេះ រៀបចំចងក្រងអោយស្រូតទៅ ដើម្បីអោយដំណើរការវាទៅមុខ ហើយរុញទម្លាក់ថវិកាទៅ ព្រោះពីមុននេះ ថ្នាក់ស្រុកជាថ្នាក់លើរបស់មូលដ្ឋាន ប៉ុន្តែថ្នាក់ស្រុកគ្មានថវិកាទេ ក្រោយមកយើងបង្កើតអោយថ្នាក់ស្រុកមានថវិកា។ មុននោះ ថវិការបស់យើងមានថ្នាក់ឃុំ ខេត្ត និងជាតិ ឥឡូវយើងមានថ្នាក់ជាតិ ខេត្ត ស្រុក និងឃុំ។ អញ្ចឹងទេ មានថវិកាហើយ ក៏ប៉ុន្តែអនុវត្តថវិការបៀបណាទៅ បើមួយការិយាល័យមានពីរនាក់ ហើយបន្ដិចទៀតគាត់ចូលនិវត្តន៍ទៅ អស់រលីងតែម្ដង។ ទទេស្អាត។ ការិយាល័យសាធារណការ អស់រលីងបណ្ដោយ គ្មានមនុស្ស។ អញ្ចឹងទេ បានជាយើងរៀបចំជាចង្កោមទៅវិញ។
(បញ្ចប់សេចក្ដីអធិប្បាយ)
ទី ៦ នៅថ្ងៃទី ៤ ខែ មិថុនា ខាងមុខនេះ ប្រទេសយើងនឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ឤណត្តិ ទី ៤ ដែលរៀបចំធ្វើឡើងស្របតាមឤណត្តិកំណត់ក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។ ដូច្នេះការងារ ជាឤទិភាព គឺត្រូវខិតខំរួមគ្នាគាំទ្រដល់កិច្ចដំណើរការបោះឆ្នោតនេះឱ្យប្រព្រឹត្តទៅក្នុងលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានសុវត្ថិភាព ដើរទន្ទឹមនឹងការលើកកម្ពស់ការគោរពឱ្យបានត្រឹមត្រូវ នូវច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ដើម្បីធានាលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា។
(ចាប់ផ្ដើមសេចក្ដីអធិប្បាយ)
ការបោះឆ្នោតខាងពេលមុខ ត្រូវធានាសុវត្តិភាព សេរីភាព យុត្តិធម៌ ត្រឹមត្រូវ និងទទួលយកបាន
ចំណុចនេះ យើងត្រូវផ្តល់សារៈសំខាន់ថា នៅកម្ពុជាគឺបោះឆ្នោតទៀងទាត់តាមការកំណត់ មានអ្នកខ្លះគេថាយើងលុបចោលការបោះឆ្នោត។ លុបចោលការបោះឆ្នោតអី បើនាយករដ្ឋមន្រ្តីប្រកាសកាលបរិច្ឆេទសម្រាប់ការបោះឆ្នោតនៅថ្ងៃទី ៤ ខែ មិថុនា រួចឯងទៅប្រកាសថាលោក ហ៊ុន សែន មិនចង់បោះឆ្នោត។ ចុះបើ ហ៊ុន សែន អ្នកប្រកាសកាលបរិច្ឆេទបោះឆ្នោតហើយ លោកឯងនិយាយថាម៉េច។ (មិន)មួលបង្កាច់គេ? នែ! អាមួលបង្កាច់ហ្នឹងណាចេះរួចខ្លួន អាងខ្លួននៅក្រៅប្រទេស។ និយាយឲ្យវាច្បាស់មើល។
រឿងនោះជារឿងមួយតែរឿងធំជាងគេត្រូវតែប្រតិបត្តិការនៃការបោះឆ្នោតឲ្យបាន ដើម្បីធានានូវដំណើរការនៃប្រជាធិបតេយ្យ សម្រាប់ប្រទេសកម្ពុជារបស់យើង ដែលយើងមានបោះឆ្នោតសកល និងបោះឆ្នោតអសកល បោះឆ្នោតសកល គឺបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំនេះឯង គឺសកលមួយ ប៉ុន្តែសកលសម្រាប់មូលដ្ឋាន តែមូលដ្ឋាននេះ វាក៏ជាមូលដ្ឋានសម្រាប់បោះឆ្នោត ជាអង្គបោះឆ្នោតសម្រាប់ជ្រើសរើសព្រឹទ្ធសភា និងជ្រើសរើសក្រុមប្រឹក្សា ខេត្តរាជធានី ស្រុក ខណ្ឌ ផងដែរ។ ជាអង្គបោះឆ្នោត និងការបោះឆ្នោតមួយទៀត គឺការបោះឆ្នោតសកល សម្រាប់សភាជាតិ យើងបន្តដំណើរការប្រជាធិបតេយ្យរបស់យើង។
បើមានចលនាទម្លាក់ផ្លាកគណបក្ស កុំមកបន្ទោសបក្សដទៃ
ខ្ញុំក៏សុំយកឱកាសនេះ បញ្ជាក់ថា ខ្ញុំក្តាប់បាននូវជម្លោះផ្ទៃក្នុងដ៏ខ្លាំងក្លានៃបក្សនយោបាយខ្លះ អំពីលំដាប់លេខរៀង។ ម៉ោងនេះ មានកន្លែងខ្លះ កំពុងបោះឆ្នោតប្រទាញប្រទង់។ អញ្ចឹងទេ អ្នកដែលមិនបានឈរលេខមួយ ឬមិនពេញចិត្តនឹងមានចលនាទម្លាក់ផ្លាកគណបក្សគ្រវាត់ចោល ដូច្នេះ កុំបន្ទោសរដ្ឋបាល កុំបន្ទោសគណបក្សដទៃ ខ្លួនឯងវាមិនបានការ ជម្លោះហែកហួរគ្នានៅគ្រប់ទីកន្លែង។ ឥឡូវដំណោះស្រាយចុងក្រោយគឺថ្នាក់លើបញ្ជាថា បើអ្នកឯងមិនព្រមលេខរៀងហ្នឹងទេ ត្រូវបោះឆ្នោត។ ដល់បោះឆ្នោត អង្គបោះឆ្នោត វាអត់សុក្រឹត។ អ្នកភូមិវាហ្នឹងមកច្រើន អញ្ចឹងបានលេខមួយទៅ អាអ្នកលេខមួយ ធ្លាក់ដល់លេខ ៥ ទៅ។ ដល់អញ្ចឹងអត់បានឈរ តម្រូវទម្លាក់ផ្លាកគ្រវាត់ចោល ហើយមកចោទរដ្ឋាភិបាល។ អត់បានទេអាហ្នឹង។ សូមបញ្ជាក់ជូនឲ្យហើយ ហើយថ្ងៃមុននោះឡើងមកពីកំពង់សោមមកបាន ៥២ នាក់ មកធ្វើបាតុកម្មដល់ភ្នំពេញ … សុំផ្តាំទុកឲ្យហើយ តិចថាលោក ហ៊ុន សែន និយាយខុស ព្រោះរឿងនេះមានគ្រប់ទីកន្លែងទាំងអស់ ហើយកុំមកចោទប្រកាន់ឲ្យគណបក្សនេះ គណបក្សនោះ រដ្ឋាភិបាលរុញឲ្យធ្វើ។ អត់ទេ។ អ្នកឯងទាស់គ្នាឯងសោះហ្នឹង។ វាមិនមែនស្រួលទេ ពីដើមនោះវាមាន ២០ នាក់ សម្រាប់ឈរឈ្មោះ។ ឥឡូវហ្នឹង គេទុកតែ ១០ នាក់ទេ គេទៅផាត់អា ១០ នាក់នោះគ្រវាត់ចោល ហើយក្នុងអា ១០ នាក់នៅសល់ហ្នឹងក៏ដណ្តើមអានេះលេខមួយ អានេះលេខពីរ មិនសុខចិត្តទេ (ទារតែពីនៅ)ខាងលើគេ សម្រេចឲ្យបោះឆ្នោត ហើយបោះឆ្នោតហ្នឹងគឺមានសូកប៉ាន់នៅកន្លែងហ្នុង រើសអានេះទៅច្រើន អានោះទៅតិច រឿងហ្នឹងវាអញ្ចឹង …។
អរគុណក្រុមហ៊ុនទូរស័ព្ទចល័ត ក្នុងយុទ្ធនាការផ្សព្វផ្សាយ មីក្រូហិរញ្ញវត្ថុជារបស់ឯកជន មិនមែនជារបស់រដ្ឋទេ
ខ្ញុំក៏សុំយកឱកាសនេះ ថ្លែងសាជាថ្មីម្តងទៀត ខ្ញុំអរគុណជាមួយនឹងបណ្តាប្រព័ន្ធផ្សព្វផ្សាយទាំងអស់ គេបានផ្សព្វផ្សាយហើយតាមសំណូមពរ។ ឥឡូវហ្នឹងគឺថា Smart បានមួយលានពីរសែន Metfone បានពីរលាន Mobitel បានមួយលានកន្លះ។ អញ្ចឹងហៅទូរស័ព្ទទៅ មានការឆ្លើយមកថា មីក្រូហិរញ្ញវត្ថុជារបស់ឯកជន មិនមែនជារបស់រដ្ឋទេ។ មានកន្លែងខ្លះគេច្នៃថែមទៀតថា សូមបងប្អូនកុំយល់ច្រឡំ។ ច្នៃទៅ។
មីក្រូហិរញ្ញវត្ថុក៏ផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ
និយាយរួម ខ្ញុំមិនបានជំទាស់មិនអោយមានមីក្រូហិរញ្ញវត្ថុទេ។ ការពិតមីក្រូហិរញ្ញវត្ថុ បើចេះធ្វើអោយត្រូវ គឺវាមានផលចំណេញសម្រាប់ប្រជាពលរដ្ឋខ្លាំងណាស់ ដោយសារប្រជាពលរដ្ឋគាត់ខ្វះទុន អញ្ចឹងមីក្រូហិរញ្ញវត្ថុត្រូវការបញ្ជូនទុននេះទៅអោយប្រជាពលរដ្ឋខ្ចី។ រាជរដ្ឋាភិបាលតែងមានសំណូមពរអោយមីក្រូហិរញ្ញវត្ថុផ្ដល់នូវការយោគយល់តាមរយៈនៃការទម្លាក់អត្រាការប្រាក់ចុះ។ ពេលមានបញ្ហាគ្រោះមហន្តរាយ គ្រោះធម្មជាតិម្ដងៗ យើងតែងតែស្នើសុំអោយម្ចាស់មីក្រូហិរញ្ញវត្ថុផ្ដល់នូវការយោគយល់ចំពោះប្រជាពលរដ្ឋ តាមរយៈការពន្យាររយៈពេលសង ហើយរហូតទៅដល់ការបន្ធូរបន្ថយការប្រាក់សម្រាប់តំបន់រងគ្រោះ ដល់អ្នករងគ្រោះ។
មកពីបក្សនយោបាយពន្យល់ ដែលធ្វើអោយប្រជាពលរដ្ឋយល់ច្រឡំថា មីក្រូហិរញ្ញវត្ថុ ជារបស់រដ្ឋ
… ម្សិលមិញ ខ្ញុំមើលបទសម្ភាសន៍របស់ CNC នៅក្នុងកម្មវិធីក្រោយម៉ោង ៨ គឺមានបទសម្ភាសន៍មួយរវាងអគ្គលេខា ឬនាយកប្រតិបត្តិ នៃមីក្រូហិរញ្ញវត្ថុមួយ ដែលខាងពិធីករបានសួរមកចំពោះអ្នកដែលទៅឆ្លើយសំណួរថា តើមូលហេតុអ្វីបានច្រឡំ? ក្នុងចំណោមកត្តាមួយចំនួន ក្នុងហ្នឹងគាត់សង្កត់ធ្ងន់ថា មកពីអ្នកនយោបាយ ដែលទៅពន្យល់ថា បើគាត់ឈ្នះ គាត់នឹងលុបចោលបំណុល។ អញ្ចឹងបានសេចក្ដីថា ម្ចាស់មីក្រូហិរញ្ញវត្ថុខ្លួនឯង គាត់បានទទួលស្គាល់ថា ពួកអ្នកនយោបាយ អ្នកធ្វើរឿងហ្នឹង ហើយម្យ៉ាងទៀត (ការប្រើ)ពាក្យអង្គការៗ។ បងប្អូនមីក្រូហិរញ្ញវត្ថុភាគច្រើន (ត្រូវបានគេហៅថា)អង្គការ។ ដល់អង្គការហ្នឹងវាជាប់ពីសម័យ ប៉ុល ពត មក អង្គការ គឺរដ្ឋ។ បូកបន្ថែមដោយអ្នកនយោបាយទៅខ្សឹបថា ខ្ចីៗទៅ បើខ្ញុំឈ្នះ ខ្ញុំលុបចោលបំណុល។
សូមជួយពន្យល់ប្រជាពលរដ្ឋថា ខ្ចីលុយពីមីក្រូហិរញ្ញវត្ថុ មិនមែនជាលុយរដ្ឋទេ និងត្រួតពិនិត្យមុនអោយខ្ចី
អញ្ចឹងបានយើងត្រូវធ្វើយុទ្ធនាការ ហើយអរគុណជាមួយនឹងបណ្ដាមីក្រូហិរញ្ញវត្ថុដែលបានធ្វើការកែនូវ logo របស់ខ្លួន។ ហើយសូមអំពាវនាវអោយមីក្រូហិរញ្ញវត្ថុទាំងអស់ មេត្តាជួយពន្យល់ប្រជាពលរដ្ឋតែម្ដង ប្រាប់ថា លោកពូមកខ្ចីខ្ញុំ សុំកុំច្រឡំថា ខ្ចីលុយពីក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុរបស់ខ្ញុំថាជារបស់រដ្ឋអោយសោះ គឺ(លុយ)របស់ឯកជនទេ។ សុំអោយជួយពន្យល់ត្រង់ហ្នឹង។ រឿងនេះ ខ្ញុំបាននិយាយពេលដែលខ្ញុំកាត់ឫសសីមានៅវត្តព្រែកប្រា សូមអោយជួយពន្យល់អាហ្នឹង ហើយគ្រប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុត្រូវដាក់ពាក្យថា (របស់)ឯកជន នៅហ្នឹង ដើម្បីកុំអោយប្រជាជនភ័ន្តច្រឡំ បើមិនអញ្ចឹងអាងថាលុយរដ្ឋៗ ឮថា រដ្ឋស្រួលតែម្ដង។ ព្រោះអញ្ចេះ បើគាត់បានខ្ចីដល់ដៃហើយ មិនបាច់បោះឆ្នោតអោយទេ អោយធ្លាក់តែម្ដងទៅ ស្រណុកអ្នកថ្មីមកកាត់(បំណុល)ចោល។ ខ្ញុំនៅតែបន្តនិយាយថា បើចង់លុបបំណុលនេះ វាទាល់តែធ្វើបដិវត្តន៍មួយ រំលំចោលរបបរាជានិយម លុបចោលច្បាប់ទាំងអស់ ហើយប្រកាសថា ក្រោមអំណាចអីមួយអញ្ចឹងទៅ ដែលមិនមែនជាអំណាចដែលធ្លាប់មានពីមុន។ អាហ្នឹងជាចំណុចគ្រោះថ្នាក់របស់ប្រទេស។
ម្យ៉ាងទៀត ខ្ញុំក៏អំពាវនាវចំពោះមីក្រូហិរញ្ញវត្ថុទាំងអស់ មេត្តាអនុវត្តទៅតាមការណែនាំរបស់ធនាគារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពាក់ព័ន្ធនឹងការត្រួតពិនិត្យមុនពេលអោយខ្ចី។ តើយកលុយនេះទៅធ្វើអ្វី? ហើយធ្វើនោះ មានសមត្ថភាពសងវិញឬអត់? យើងនៅចាំទេ ពេលវិបត្តិសេដ្ឋកិច្ច-ហិរញ្ញវត្ថុ ដែលយើងទ្រទ្រង់បាន យើងម្ចាស់ការមុន ទុនបម្រុងកាតព្វកិច្ចរបស់ធនាគារត្រឹមតែ ៨% យើងរុញឡើងទៅដល់ ១៦% ភា្លម ដើម្បីធានាថា ធនាគារទាំងអស់ត្រូវតែមានសាច់ប្រាក់បើក នៅពេលដែលអតិថិជនដែលមានប្រាក់បញ្ញើត្រូវការដកលុយ។ អាហ្នឹងទីមួយ។ ទីពីរ ពីការខ្ចីសម្រាប់ទិញអចលនវត្ថុ អោយតែ ១៥% ទេ។ មិនមែនបានសេចក្ដីថា ផ្ទះហ្នឹងមួយតម្លៃ ១ លានដុល្លារ អោយខ្ចីស្មើនឹង ១ លានដុល្លារទេ អោយតែ ១៥ ម៉ឺនដុល្លារទេ គឺ ១៥%។ វិបត្តិហិរញ្ញវត្ថុ និងសេដ្ឋកិច្ចពិភពលោកដំបូង ចាប់ផ្ដើមពីអ្វី? ចាប់ផ្ដើមពីកម្ចីអោយខ្ចីទិញអចលនទ្រព្យហ្នឹងឯង។ ប្រទេសនីមួយៗ គេមាននយោបាយរបស់គេ គេមានវិធីទប់ទល់របស់គេ។
អញ្ចឹង សូមបន្ដជាមួយនឹងការខិតខំអប់រំប្រជាពលរដ្ឋ ហើយមីក្រូហិរញ្ញវត្ថុខ្លួនឯង ត្រូវជួយប្រជាពលរដ្ឋតាមរយៈបន្ធូរបន្ថយអត្រាការប្រាក់ តាមរយៈការយោគយល់ចំពោះតំបន់តែមានគ្រោះ(ធម្មជាតិ) តាមរយៈនៃការពន្យល់ប្រជាពលរដ្ឋអោយយល់ថា លោកពូ អ្នកមីង មកខ្ចីលុយខ្ញុំ មិនមែនប្រាក់របស់រដ្ឋទេ ហើយលោកពូ អ្នកមីងគិតអោយច្បាស់ ពេលដែលយកលុយទៅ ត្រូវសងត្រឡប់មកខ្ញុំវិញទាំងការទាំងដើម តើលោកពូ អ្នកមីង មានលទ្ធភាពដើម្បីនឹងសងទេ ដែលមកខ្ចីខ្ញុំនេះ។ យើងធ្វើយ៉ាងដូច្នេះ ទើបប្រជាពលរដ្ឋរបស់យើងមានដើមទុនរកស៊ី ហើយរកស៊ីបានដោយមិនខ្ចីលុយយកទៅធ្វើភាពហ៊ឺហា។ ទិញម៉ូតូ ក៏ទៅខ្ចី ហើយយកមកជិះលេង។ បើម៉ូតូហ្នឹង គាត់(យកមក)រកស៊ីឌុបអីទៅ វាបានចំណូល ឬគាត់ដឹកអីវ៉ាន់ ឬសម្រាប់ដឹកផលិតផលរបស់គាត់យកមកលក់នៅតាមទីផ្សារ អាចហ្នឹងមានលុយសងគេវិញ ប៉ុន្តែនេះមកទិញ(យកមកជិះ)សង្ហា។ មានកន្លែងខ្លះទិញរហូតដល់កូនចៅជិះប្រណាំងគ្នាលេងទៅទៀត។ ដល់ទៅជំពាក់ មកថាជំពាក់រដ្ឋ។ ដល់គេទៅរឹបអូស ថារដ្ឋរឹបអូសផ្ទះ(គាត់)គ្មានមេត្តា។ បូកបក្សប្រឆាំង(និយាយទៀត) ទៅបណ្ដោយ។
បក្សនយោបាយឃោសនា មីក្រូហិរញ្ញវត្ថុជារបស់រដ្ឋ ឬបើឈ្នះមិនអោយសងឬសងជំនួស នឹងចាប់នៅនឹងកន្លែង
… យើងចាប់នៅហ្នឹងកន្លែងតែម្ដង និយាយអោយច្បាស់។ បក្សប្រឆាំងកុំរើសដាក់ខ្លួន បក្សក្រៅរដ្ឋាភិបាលមិនមែនមានតែមួយទេ។ មានច្រើន។ អ្នកណាទៅនិយាយថា ខ្ញុំឈ្នះ ខ្ញុំមិនអោយសងទេ។ ខ្ញុំសងជួស។ ចាប់នៅហ្នឹងកន្លែងមើល៎។ យកឡើងតុលាការ។ ហ្នឹងគឺជាការបំពានលើផ្លូវច្បាប់។ អ្នកឯងមានសិទ្ធិអ្វីមកសន្យារបៀបហ្នឹង។ មានច្បាប់កន្លែងណាមួយដែលចងថា ជំពាក់គេហើយមិនសង។ មានទេ? ប៉ុន្តែជាទូទៅ ប៉ុន្មានថ្ងៃនេះ មានការខិតខំច្រើន គ្រប់ស្ថានីយវិទ្យុ ទូរទស្សន៍ផ្សាយ។ វាមិនគ្រប់ទំាងអស់ទេ អ្នកដែលគេចង់ចំណេញ គេនៅតែខំលាក់ខំបំាង ព្រោះគេគិតថា ស៊ីនឹងអាហ្នឹង។ ពីមុនគេស៊ីនឹងផ្សារដែរ ដល់ចេញសារាចរផ្សារមួយទៅ លក់តកូនតចៅ … រឿងផ្សារក៏ត្រូវនិយាយគ្នាអោយច្បាស់ដែរ ចប់កុងត្រាវិនិយោគហើយ តទៅទៀត បានសេចក្តីថា គាត់មានសិទ្ធិលក់នៅកន្លែងហ្នឹង លក់តកូនតចៅតជំនាន់ បន្ថែមលើនោះគាត់មានសិទ្ធិលក់សិទ្ធិ។ ម៉េចបានមានសិទ្ធិលក់សិទ្ធិ? ខ្ញុំជាអ្នកលក់ដូរម្នាក់ បន្ទាប់ទៅខ្ញុំអោយកូនខ្ញុំលក់។ សិទ្ធិខ្ញុំត្រូវប្រគល់ទៅអោយកូនខ្ញុំ ប៉ុន្តែ កូនខ្ញុំវាមានសិទ្ធិលក់សិទ្ធិអោយអ្នកដទៃទៀត ព្រោះកូនខ្ញុំមិនចង់លក់ដូរទៀតទេ ចង់ទៅធ្វើចំការ។ អញ្ចឹងវាលក់តូបនេះទៅអោយអ្នកដទៃទៀត វាយកចំណេញប៉ុន្មានពាន់ដុល្លារទៅធ្វើចំការទៅ អ្នកចូលមកថ្មីនេះលក់បន្តទៀតទៅ។ ដល់ពេលណារកស៊ីមានបានទៅ អញមិនចង់លក់តូបទេ អញចង់លក់នៅតាមផ្ទះម្តង អញលក់អោយគេទៀតទៅ មានទាស់ខុសអីអាហ្នឹង។ អញ្ចឹងរឿងផ្សារ បក្សប្រឆំាងរកស៊ីលែងកើតហើយ ពីមុនសុទ្ធតែខ្សឹប បង្កើតរឿងទៅខ្សឹប ផ្សារនេះអាណត្តិអស់ត្រឹមនេះ គេដើរបំផុសទៅ។ យើងដើរបក់ផ្សែងតាមរហូត។
អត់ទេ។ អត់មានអាណត្តិទេ។ រាប់ទំាងផ្សារខ្ញុំធ្វើអោយ មានផ្សារក្រចេះ ផ្សារកំពង់ធំស្អីៗ ប៉ុន្មានផ្សារហ្នឹង ផ្សារកំពង់សោម ផ្សារពោធិ៍សាត់ … ក្រុមមួយខ្សឹប យើងដើរបក់ផ្សែងពីក្រោយ។ ដល់មួយក្រុមទៀតថា មានអាណត្តិ បើបោះអោយ អត់អោយមានអាណត្តិទេ។ ឥឡូវដាក់ផំាងមួយទៅ អស់អាលីង ទៅលេងសារាចរមួយ ហើយយកទៅបិទតាមតូបប្រជាជន។ បិទទៅបិទតាមតូប Photocopy អោយគាត់គ្រប់ៗគ្នាអញ្ចឹងទៅ … រួច ហើយ បើគេទៅឃោសនាទៀត មើល(ឯកសារ)នេះ មានត្រាបោះនៅនោះ។ ដេញទាន់ជាន់កែង ព្រោះខ្មែរគេថា ដេញទាន់កុំជាន់កែង។ ខ្មែរដេញទាន់មិនជាន់កែងមិនរាង។
ការបោះឆ្នោតខាងពេលមុខ ត្រូវធានាសុវត្តិភាព សេរីភាព យុត្តិធម៌ ត្រឹមត្រូវ និងទទួលយកបាន
អញ្ចឹងបានខ្ញុំសុំស្នើទៅអស់លោក បន្តការខិតខំ ហើយធ្វើម៉េចការបោះឆ្នោត នៅថ្ងៃទី ៤ ខែ មិថុនា ឆ្នំា ២០១៧ ត្រូវតែជាការបោះឆ្នោតដ៏ត្រឹមត្រូវមួយ ហើយហើយធានាសុវត្តិភាពសម្រាប់បេក្ខជនទំាងអស់ នៃបណ្ដាបក្សណាក៏ដោយ ត្រូវធានាសុវត្តិភាពកន្លែងនេះអោយបានច្បាស់ ព្រោះយើងជាអាជ្ញាធរ។ ម៉្យាងទៀត ព្រឹកមិញនេះ ខ្ញុំក៏បានចុះហត្ថលេខាឯកភាព ជាមួយនឹងការស្នើសុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត តាមរយៈក្រសួងមុខងារសាធារណៈ ស្តីអំពីការរក្សាអត្ថប្រយោជន៍ផ្សេងៗ នៃមន្ត្រីជាប់កិច្ចសន្យារបស់គណៈកម្មាធិការជាតិរៀបចំបោះឆ្នោត។ ដូច្នេះមន្ត្រីដែលធ្វើការនៅខាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជាមន្ត្រីជាប់កិច្ចសន្យានោះ ត្រូវបានរក្សាទុកអត្ថប្រយោជន៍ទំាងអស់ ដូចជាមន្ត្រីខាងផ្នែកក្របខណ្ឌដូចគ្នាដែរ។ វាមានការពាក់ព័ន្ធគ្នា។ កុំថាឯករាជ្យ បើឯករាជ្យកុំយកលុយរដ្ឋាភិបាល អាហ្នឹងបានវាឯករាជ្យ។ វាឯករាជ្យមុខងារ។ … រដ្ឋាភិបាលអ្នកចេញលុយតើ វាមានការពាក់ព័ន្ធគ្នា ប៉ុន្តែរឿងបោះឆ្នោតបែបណា សន្លឹកឆ្នោតបែបណា អីបែបណា គឺរឿងគណៈកម្មាធិការជាតិរៀបចំបោះឆ្នោត។ ឯងខាងយើងទទួលបន្ទុកខាងសន្តិសុខ និងផ្តល់លុយកាក់អោយគ្រប់គ្រាន់ សម្រាប់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ អញ្ចឹងត្រូវតែធានាការបោះឆ្នោតនេះ រឿងឈ្នះ ឬមិនឈ្នះ គឺជារឿងបក្សនយោបាយ តែយើងក្នុងឋានៈជារាជរដ្ឋាភិបាល ត្រូវមានការទទួលខុសត្រូវ លើបរិយាកាសទំាងមូលនៃការបោះឆ្នោត ដើម្បីអោយការបោះឆ្នោតប្រព្រឹត្តទៅមានសុវត្ថិភាព សេរីភាព យុត្តិធម៌ ត្រឹមត្រូវ និងទទួលយកបាន។
(បញ្ចប់សេចក្ដីអធិប្បាយ)
ជាថ្មីម្តងទៀត ខ្ញុំសង្ឃឹមថា អង្គសន្និបាតទាំងមូលនឹងខិតខំ ប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឱ្យសម្រេចបានលទ្ធផលល្អប្រសើរ ប្រកបដោយប្រសិទ្ធភាព ស្របតាមទិសដៅការងារឆ្នាំ ២០១៧ នេះ។ នៅទីបញ្ចប់ ជាមួយនឹងការប្រកាសបិទសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ ២០១៦ និងលើកទិសដៅការងារ ឆ្នាំ ២០១៧ របស់ក្រសួងមហាផ្ទៃនាពេលនេះ ខ្ញុំសូមជូនពរសម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីទាំងអស់ សូមប្រកបដោយ ពុទ្ធពរទាំងបួនប្រការ ឤយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕