សុន្ទរកថា និងការដកស្រង់សេចក្ដីអធិប្បាយ ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១៦ និងលើកទិសដៅការងារឆ្នាំ ២០១៧ របស់ក្រសួងមហាផ្ទៃ

ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយដោយបានមកចូលរួមនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ ២០១៦ និង​លើក​ទិសដៅការងារឆ្នាំ ២០១៧ របស់ក្រសួងមហាផ្ទៃនាឱកាសនេះ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អាជ្ញា​ធរ រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ត្រីរាជការស៊ីវិល កងកម្លាំងនគរបាលជាតិ ក្រសួង ស្ថាប័ន និងដៃគូ​ពាក់​ព័ន្ធ​ទាំង​អស់ដែលបានខិតខំប្រឹងប្រែងរួមគ្នាសម្រេចបាននូវសមិទ្ធផលនានាជាច្រើន ជូនប្រទេសជាតិ និងប្រជា​ជន ពិសេសការថែរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ព្រម​ទាំង​​ការចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ទោះបីជាស្ថានភាពក្នុងតំបន់ និងពិភពលោកបាន និងកំពុងជួប​ប្រ​ទះ​នូវ​បញ្ហាប្រឈមជាច្រើន និងក្នុងផ្ទៃក្នុងជាតិ មានក្រុមជ្រុលនិយមមួយចំនួនបានខិតខំរិះរកគ្រប់វិធី​ប៉ុនប៉ងបង្ក​ឱ្យ​មានចលាចលវឹកវរក្នុងសង្គម និងការឃោសនាបំប៉ោងសភាពការណ៍ បំភ័ន្តសាធារណមតិជាតិ និងអន្តរ​ជាតិ​ថា កម្ពុជាកំពុងមានអស្ថិរភាពនយោបាយយ៉ាងណាក្តី ប៉ុន្តែពួកគេមិនឤចសម្រេចបាននូវឧបាយកល​នេះ​ឡើយ។ ជារួម កម្ពុជាកំពុងទទួលបាននូវការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ដែលការណ៍នេះបានធ្វើឱ្យកម្ពុជា​យើងកំពុងដើរតួនាទីយ៉ាងសកម្មទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ។ ជាក់ស្តែង ក្នុងឆ្នាំ ២០១៦ កំណើន​សេដ្ឋ​កិច្ចកម្ពុជាសម្រេចបានក្នុងរង្វង់ ៧,១% ហើយផលិតផលក្នុងស្រុកសរុបគិតជាមធ្យមសម្រាប់មនុស្ស​ម្នាក់​ៗ កើនពី ៧៦០ ដុល្លារ ក្នុងឆ្នាំ ២០០៨ ដល់ ប្រមាណជាង ១៣០០ ដុល្លារឤមេរិក ក្នុងឆ្នាំ ២០១៦ ដោយ​បានផ្លាស់ប្តូរស្ថានភាព…