ថ្ងៃ ២៤ កុម្ភ: ឆ្នាំ ២០១៧ ខាងមុខនេះ ជាខួបលើកទី ៣៨ នៃថ្ងៃដែលខ្ញុំបានជួបភរិយា និងកូនខ្ញុំឡើងវិញ បន្ទាប់ពីការបែកគ្នាដោយការឈឺចាប់ជាមួយទឹកភ្នែករាប់លានដំណក់នាថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ១៩៧៧។ ជាពេលវេលាដ៏លំបាកក្នុងការសម្រេចចិត្ត ម្ខាងគឺប្រជាជនរាប់លាននាក់ដែលត្រូវពួក ប៉ុល ពត កាប់សម្លាប់ ម្ខាងទៀតគឺភរិយាដ៏កំសត់រស់នៅម្នាក់ឯងជាមួយកូនក្នុងផ្ទៃជាង ៥ ខែ។ (ខ្ញុំសរសេរផ្សព្វផ្សាយខ្លះរួចមក ហើយ)នៅត្រង់វគ្គព្រាត់គ្នានេះ។
ថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ ប្រជាជនស្ទើរទូទាំងប្រទេសសប្បាយរីករាយ បន្ទាប់ពីបានរំដោះចេញពីរបបប្រល័យ ពូជសាសន៍ ប៉ុល ពត។ ខ្លួនខ្ញុំពិតមែនតែរីករាយ ប៉ុន្តែការគ្មានព័ត៌មានពីភរិយា(នៅរស់ ឬស្លាប់) ធ្វើឱ្យខ្ញុំបន្ត ស្រក់ទឹកភ្នែកមិនឈប់។ ៤៧ ថ្ងៃ ដែលភរិយាខ្ញុំសម្ងំលាក់ខ្លួនដើម្បីសុវត្ថិភាព ជាពេលវេលាទុក្ខព្រួយរបស់ខ្ញុំ។ ថ្ងៃ ២៤ កុម្ភ: ឆ្នាំ ១៩៧៩ ពេលបានជួបជុំគ្នាឡើងវិញ យើងពិតជាសប្បាយចិត្តខ្លាំងណាស់ តែមិននឹកស្មាន ថា ម៉ាណែត ដែលមិនស្គាល់ឪពុក រារាំងខ្ញុំ និងភរិយាខ្ញុំមិនឱ្យនៅក្បែរគ្នារហូតដល់ ២ ខែទៀត។
ខ្ញុំពិតជាតក់ស្លុតនៅពេល ម៉ាណែត ហៅខ្ញុំថាពូ និងបណ្តេញខ្ញុំចេញពីម្តាយគេរយ:ពេល ២ ខែ។ រៀងរាល់ យប់ ខ្ញុំត្រូវរង់ចាំ ម៉ាណែត គេងលក់សិន ទើបហ៊ានទៅសំរាកជាមួយម្តាយគេ។ នេះហើយជារសជាតិ នៃការ និរាសព្រាត់ប្រាស់ដោយសារសង្គ្រាម។ រឿងរបស់ខ្ញុំ គឺជារឿងតូចមួយក្នុងចំណោមរឿង ដែលបានកើតឡើង សំរាប់ប្រជាជនកម្ពុជានាដំណាក់កាលសង្គ្រាម និងរបប ប៉ុល ពត។
ទោះពេលវេលាបានកន្លងហួសរាប់សិបឆ្នាំហើយក្តី តែនៅពេលដែលខ្ញុំនឹកឃើញដល់រឿងកូនទី ១ ស្លាប់ និង ការបែកគ្នារហូតកូនមិនស្គាល់ឪពុក ទឹកភ្នែកខ្ញុំនៅតែបន្តហូរមកដោយមិនដឹងខ្លួន។ ដោយតម្លៃណាក៏ដោយ ត្រូវការពារសន្តិភាពឱ្យបាន និងមិនត្រូវអត់ឱនឲ្យអ្នកណាក៏ដោយដែលបំផ្លាញសន្តិភាព និងបង្កឱ្យមាន ចលាចល៕